២០១៩
ការស្វែងរក​ភាពសុខសាន្ត​សម្រាប់​ខ្លួន​ឯង និង​មនុស្ស​ដទៃ​នៅក្នុង​គ្រា​លំបាក
ខែ មេសា ឆ្នាំ ២០១៩


ការស្វែងរក​ភាពសុខសាន្ត សម្រាប់​ខ្លួន​ឯង និង​មនុស្ស​ដទៃ​នៅក្នុង​គ្រា​លំបាក

នេះ​គឺជា​របៀប​ប្រាំ​បី​យ៉ាង​ដើម្បី​ជួយ​អ្នក និង​មនុស្ស​ដទៃ​ឲ្យ​ទទួល​អារម្មណ៍​សុខសាន្ត ពេល​ជីវិត​ជួប​ការលំបាក ។

រូបភាព
hands letting birds go

រូបភាព​នៅ​ផ្ទៃ​ខាង​ក្រោយ និង​រចនា​រូបភាព​មក​ពី Getty Images

ជួនកាល​ជីវិតមាន​ភាពវឹកវរ និង​ភាន់ច្រឡំ ។ អ្នក​អាច​បារម្ភ​អំពី​បញ្ហា​គ្រួសារ បញ្ហា​សុខភាព បញ្ហា​នៅ​សាលា​រៀន ឬ​ព្រឹត្តិការណ៍​ច្របូកច្របល់​រាប់​មិន​អស់​នៅក្នុង​ពិភពលោក​សព្វ​ថ្ងៃនេះ ។ តើ​យើង​អាច​​ស្វែងរក​ភាពសុខសាន្ត​ផ្ទាល់​ខ្លួន​ក្នុង​ពិភពលោក​ដ៏​ច្របូកច្របល់​​ដោយ​របៀប​ណា ? ទោះបី​​ការខ្វះ​ភាពសុខសាន្ត​របស់​អ្នកកើត​មក​ពីព្រឹត្តិការណ៍​នានា​ហួស​ពី​សមត្ថភាព​ដែល​អ្នក​អាច​គ្រប់គ្រង​បាន​ ឬ​កើត​ចេញ​ពី​អ្វីៗ​ដែល​អ្នក​អាច​ជះ​ឥទ្ធិពល និង​ផ្លាស់ប្តូរ​បាន​ក្តី នេះ​គឺជា​​យោបល់​មួយ​ចំនួន​ដើម្បី​ជួយ​អ្នក​ឲ្យ​ស្វែងរក​ភាពសុខសាន្ត​ក្នុង​ចិត្ត​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ ។

របៀប ៤ យ៉ាង​ដើម្បី​​ស្វែងរក​ភាព​សុខសាន្ត​សម្រាប់​ខ្លួន​​ឯង

  1. ផ្ដោត​ទៅលើ​​ភាព​អស់កល្ប​ជានិច្ច

    វា​ពិបាក​ដើម្បី​ទទួល​អារម្មណ៍​នៃ​ភាព​សុខសាន្ត​ពេល​អ្នក​ផ្តោត​ទៅលើ​ក្តីបារម្ភ​រយៈពេល​ខ្លី ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ផ្តោត​ទៅលើ​ទស្សន​ដ៏​ធំទូលាយ​គឺ​​ផែនការ​នៃសុភមង្គល​របស់​ព្រះ នោះ​អ្នក​អាចរកឃើញ​ភាព​សុខសាន្ត​​នៅក្នុង​ការដឹង​ថា អ្វី​ដែល​ឈឺ​ចាប់ក្នុង​ពេល​នេះ វា​មិននៅ​យូរ​អង្វែង​ឡើយ ។ ឧទាហរណ៍ ព្រះវិហារបរិសុទ្ធ​ជួយ​យើង​ឲ្យ​ផ្តោត​ទៅលើ​ភាពអស់កល្ប​ជានិច្ច ។ ប្រធាន ហ្គរដុន ប៊ី. ហ៊ិងគ្លី ( ១៩១០–២០០៨ ) បាន​មាន​ប្រសាសន៍​ថា នៅក្នុង​ព្រះវិហារ​បរិសុទ្ធ « អ្នក​នឹង​​ស្គាល់​ភាពសុខសាន្ត​ដែល​អ្នកនឹង​មិន​អាច​រកឃើញ​នៅ​កន្លែង​ណា​ទៀត​ឡើយ » ។

  2. ចូរ​កុំ​បារម្ភ​នូវ​អ្វី​ដែល​អ្នក​ពុំ​អាច​គ្រប់គ្រង​បាន

    ពេល​មាន​អ្វី​មួយ​ដែល​អ្នក​ពុំ​អាច​គ្រប់គ្រងបាន ដែល​​ដក​យក​ភាពសុខសាន្ត​របស់​យើង វា​ល្បួង​យើង​ឲ្យ​មាន​អារម្មណ៍​អស់សង្ឃឹម ឬ​ខឹង​សម្បារ ។ ប៉ុន្តែ​វា​ពុំ​ជួយ​ឡើយ ដែល​យើង​ផ្តោត​លើ​រឿង​ដែល​យើង​ពុំ​អាច​ផ្លាស់ប្តូរ​បាន​នោះ ។ ផ្ទុយទៅវិញ សូម​ខិត​ជិត​ព្រះអង្គសង្គ្រោះ ដើម្បី​ស្វែងរក​ភាពសុខសាន្ត​ក្នុង​ចិត្ត ទោះបី​​អ្នក​មាន​អារម្មណ៍​ថា ជីវិត​នេះហាក់ដូចជា​អយុត្តិធម៌​ក្ដី ។ ទ្រង់​បាន​សន្យា​បញ្ជូន​អង្គ​ជា​ជំនួយ​មក​គឺ​ព្រះវិញ្ញាណ​បរិសុទ្ធ ( សូមមើល យ៉ូហាន ១៤:២៦–២៧ ) ។

  3. អភ័យទោស​អ្នក​ដទៃ

    ជារឿយៗ រឿង​លំបាក​បំផុត​ដើម្បី​ឈប់​បារម្ភ​​នោះ​គឺ ភាពអវិជ្ជមាន​ដែល​អ្នក​ទទួល​ពេល​នរណា​ម្នាក់ធ្វើខុស​នឹង​អ្នក ។ ប៉ុន្តែ អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា ៖ « យើង​នឹង​ទទួល​អំណរ​នៃ​ការអភ័យទោស​នៅក្នុង​ជីវិត​យើង​ផ្ទាល់ នៅពេល​យើង​កំពុង​បង្ហាញនូវ​អំណរ​នោះដោយ​សេរី​ដល់​អ្នកដទៃ ។… ជាលទ្ធផល ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​នឹង​បំពេញ​ព្រលឹង​របស់​យើង​ដោយ​អំណរ ជាមួយ​នឹង​ភាពសុខសាន្ត​នៃសតិសម្ប​ជញ្ញៈ​មក​ពី​ព្រះ ( សូមមើល ម៉ូសាយ ៤:២–៣ ) » ។ ការងាកបែរ​ទៅ​រក​ព្រះអង្គសង្គ្រោះ​អាច​ជួយ​អ្នក​មាន​អារម្មណ៍​រួច​ពី​បន្ទុក​ផ្លូវ​ចិត្ត ហើយ​ពោរពេញ​ដោយ​ភាពសុខសាន្ត ។

  4. ប្រែចិត្ត ហើយ​ពឹង​ផ្អែក​លើ​ព្រះគ្រីស្ទ

    មិន​ថា​មាន​អ្វី​ផ្សេង​ទៀត​ដំណើរ​ការ​ល្អ​នៅក្នុង​ជីវិត​របស់​អ្នក​ទេ ការរែក​បន្ទុក​នៃ​អំពើ​បាប​នឹង​ប្លន់​ភាព​សុខសាន្ត​ពី​អ្នក​ជានិច្ច ។ ជួនកាល​យើង​ត្រូវការ​ប៊ីស្សព​របស់​យើង​ជួយ​យើង​ឲ្យ​ប្រែចិត្ត​ពេញលេញ​ទាំងស្រុង ។ ប៉ុន្តែ​យើង​ទាំងអស់​គ្នា​ត្រូវ​ប្រែចិត្ត​ជា​ទៀងទាត់ តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​ប្រែ​ជា​ស្អាត​ស្អំនូវ​រឿង​គ្រប់​យ៉ាង​ដែល​រារាំង​យើង​ពី​ការប្រែ​កាន់តែ​ដូច​ទ្រង់ ។

របៀប ៤ យ៉ាង​ដើម្បីជួយ​មនុស្ស​ដទៃ​ស្វែងរក​ភាព​សុខសាន្ត

  1. ចែកចាយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ

    ដូចជា​យើង​អាច​ស្វែងរក​ភាពសុខសាន្ត​សម្រាប់​ខ្លួន​ឯង ដោយ​ផ្តោត​លើ​ព្រះអង្គសង្គ្រោះ នោះ​យើង​អាច​ចង្អុល​បង្ហាញ​មនុស្ស​ដទៃ​ឲ្យ​ទៅកាន់​ទ្រង់ ថាទ្រង់​ជា « ម្ចាស់​នៃ​សេចក្ដី​សុខសាន្ត » ( ម៉ូសាយ ១៥:១៨ ) ។ ឧទាហរណ៍ សូម​ព្យាយាម​ចែកចាយ​បទគម្ពីរ ឬ​ពាក្យ​ដក​ស្រង់​មួយ​មកពី​​សន្និសីទ​ទូទៅ ដែល​ជួយ​អ្នក​រៀន​បន្ថែម​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

  2. ចូរ​ធ្វើ​ជា​អ្នក​ផ្សះផ្សា​គេ

    សូម​ជួយ​មិត្តភក្តិ ឬ​បងប្អូន​បង្កើត​របស់​អ្នក​ដោះស្រាយ​ជម្លោះ ។ ដូចជា​ពួក​សាសន៍ អាន់តៃ នីហ្វៃ លីហៃ ក្នុង​គម្ពីរ​អាលម៉ា នោះ​យើង​អាច​កប់​អាវុធ​ពិជ័យ​សង្គ្រាម​របស់​យើង—អាវុធ​នានា​ដូចជា ការនិយាយ​ដើម​គេ, ការស្វែងរក​ការសងសឹក ឬ​ភាព​អាត្មានិយម—ហើយ​ដូរ​វា​យក​ឧបករណ៍​នានា​នៃ​ភាពសុខសាន្ត ៖ គឺ​ការនិយាយ​ដោយ​ក្តីសប្បុរស ការគោរព​បទបញ្ញត្តិ​ព្រះ និង​ការអត់ទោស​ឲ្យ​មនុស្ស​ដទៃ ( សូមមើល អាលម៉ា ២៤:១៩ ) ។

  3. ចូរ​ធ្វើ​ជា​អ្នក​ស្តាប់​ល្អម្នាក់

    ជួនកាល​មនុស្ស​ដែល​កំពុង​ជួប​ការលំបាក​ត្រូវតែ​និយាយ​បើក​ចំហរ​អំពី​គំនិត និង​អារម្មណ៍​របស់​ពួកគេ ជំនួស​ឲ្យ​​ទុក​វា​នៅក្នុង​ចិត្ត ។ យើង​ពុំ​មែន​ដោះស្រាយ​បញ្ហា​ឲ្យពួកគេ​ទេ ប៉ុន្តែ​យើង​អាច​ស្តាប់​យ៉ាង​សាមញ្ញ​នូវ​កង្វល់​របស់ពួកគេ ហើយ​ផ្តល់​ការគាំទ្រ បង្ហាញ​សេចក្តីស្រឡាញ់ និង​ការយល់​ចិត្ត​ដូចជា​ព្រះយេស៊ូវគ្រីស្ទ ។

  4. ផ្តល់ការងារ​បម្រើ​ដល់​អស់​អ្នក​ដែល​នៅ​ក្នុង​វួដ និង​សហគមន៍​របស់​អ្នក

    អ្នក​អាច​ស្ម័គ្រ​ចិត្ត​ធ្វើ​ការ​នៅ​ការិយាល័យ​អ្នក​គ្មាន​ផ្ទះ​សម្បែង ធ្វើ​ជា​មិត្ត​អប់រំមិត្ត ឬ​យក​នំ​ទៅ​ឲ្យ​គ្រួសារ​ថ្មី​មួយ​នៅ​ជិត​ខាង​អ្នក ។ ជួយ​មនុស្ស​ឲ្យ​រកឃើញភាព​សុខសាន្ត​នៅក្នុង​កិច្ចការ​តូច​តាច ។ ការមាន​កន្លែង​មួយ​ជាប់លាប់​ដើម្បី​បរិភោគ និង​ស្នាក់នៅ ធ្វើ​ជា​អ្នក​ផ្តល់​ប្រឹក្សា​ដែល​អាច​ទុកចិត្ត​បាន ឬ​ការបញ្ជាក់​តូច​មួយ​ដែល​ថា ការយកចិត្ត​ទុកដាក់​របស់​បុគ្គល​ម្នាក់​​អាច​ជះ​ឥទ្ធិពល​ដ៏​ខ្លាំង ។

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​​នូវ​ពាក្យ​លួងលោម​ទាំង​នេះ​ដល់​អស់​អ្នក​ដែល​ពុះពារ​ស្វែងរក​ភាពសុខសាន្ត​ថា ៖ « ខ្ញុំ​ទុក​សេចក្តី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្តី​សុខ​សាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ នោះ​មិន​មែន​ដូច​ជា​លោកីយ៍​ឲ្យ​ទេ ។ កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ ឬ​ភ័យ​ឡើយ » ( យ៉ូហាន ១៤:២៧ ) ។ ប្រសិនបើ​​យើង​នាំ​ខ្លួន​យើង និង​មនុស្ស​ដទៃ​ខិត​កាន់តែ​ជិត​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​រកឃើញ​ភាព​សុខសាន្ត ទោះបី​ពេល​ជីវិត​ជួប​ការលំបាក​ក្តី ។

កំណត់​ចំណាំ

  1. ហ្គរដុន ប៊ី ហ៊ិងគ្លី នៅក្នុង « Rejoice in the Blessings of the Temple » Liahona ខែ ធ្នូ ឆ្នាំ ២០០២ ទំព័រ ៣៣ ។

  2. ឌៀថើរ អេស្វ អុជដូហ្វ « Point of Safe Return » Liahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ១០១ ។