២០១៩
ខ្ញុំ​នឹង​ឃើញ​គាត់​ម្តង​ទៀត
ខែ មេសា ឆ្នាំ ២០១៩


ខ្ញុំ​នឹង​ឃើញ​គាត់​ម្តង​ទៀត

រូបភាព
I Will See Him Again

ខ្ញុំ​បាន​ធំ​ឡើង​នៅ​ប្រទេស​នីខារ៉ាហ្គារ ។ កាល​ខ្ញុំនៅ​តូច ខ្ញុំ​បាន​ធ្វើ​កិច្ចការ​នានា​ជាមួយ​បងប្រុស​របស់​ខ្ញុំ ។ យើង​បាន​ដើរ​ទៅ​សាលា​រៀន​ជាមួយ​គ្នា ។ យើង​បាន​ទៅ​ហាង​លក់​ទំនិញ​ជាមួយ​គ្នា ។ ពួកយើង​ទាំងអស់​គ្នា​មាន​ការផ្សងព្រេង​ផ្សេងៗ​នៅក្នុង​រាន​ហាល​ក្រោយ​ផ្ទះ​របស់​យើង ។ ពួកយើង​សប្បាយ​រីករាយ ។

ក្រោយ​មក ពេល​ខ្ញុំ​អាយុ​ប្រាំបួន​ឆ្នាំ មាន​រឿង​មួយ​ដ៏​ក្រៀម​ក្រំ​បាន​កើត​ឡើង ។ បងប្រុស​របស់​ខ្ញុំ​បាន​ស្លាប់​ដោយសារ​គ្រោះ​រញ្ជួយ​ដី ។ នៅ​គ្រា​ដំបូង វាពុំមែន​ជា​អារម្មណ៍​ពិត​ទេ​ដែល​ថា គាត់​បាន​ស្លាប់​ហើយ ។ ខ្ញុំ​ធ្លាប់​ស្រមៃ​ឃើញ​ថា គាត់​នឹង​មក​គោះ​ទ្វារ​ផ្ទះ​របស់យើង ។ គាត់​នឹង​ប្រាប់​យើង​ថា គាត់​បាន​ទៅ​ទីណា​មួយ​រយៈ ។ ខ្ញុំ​ធ្លាប់​សម្លឹង​មើល​ទ្វារ​ផ្ទះ​យើង ដោយ​បួងសួង​ឲ្យ​គាត់​មក​វិញ ។ ខ្ញុំ​ចង់​ឃើញ​គាត់​ម្តង​ទៀត​ខ្លាំង​ណាស់ ។

យូរៗទៅ ខ្ញុំ​មាន​អារម្មណ៍​ធូរ​ស្បើយ ។ ខ្ញុំ​នៅតែ​នឹក​បងប្រុស​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​អាច​មាន​អារម្មណ៍​រីករាយ​ម្តង​ទៀត ។

កាល​នោះ ខ្ញុំ​ពុំ​មែន​ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ទេ ។ ប៉ុន្តែ​ខ្ញុំ​បាន​ធំ​ឡើង ហើយ​ខ្ញុំ​បាន​រៀន​អំពី​សាសនាចក្រ ហើយ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ ថ្ងៃមួយ ពេល​ខ្ញុំ​កំពុង​លាង​ចាន ។ វា​ជា​រដូវ​កាល​បុណ្យ​អ៊ីស្ទើរ ។ ខ្ញុំ​បាន​គិត​អំពី​ការរស់​ឡើង​វិញ ហើយ​បាន​គិត​អំពី​បងប្រុស​របស់​ខ្ញុំ ។

រំពេច​នោះ អារម្មណ៍​មួយ​បាន​ផុស​ឡើង​ក្នុង​ចិត្ត​ខ្ញុំ ។ ខ្ញុំ​បាន​ចាំ​ពី​ថ្ងៃ​ដែល​ខ្ញុំ​សុបិន​ឃើញ​បងប្រុស​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ដឹង​ថា វា​ពុំមែន​ជា​រឿង​លេង​សើច​ឡើយ ! អារម្មណ៍​នោះ​កើត​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​លួងលោម​ខ្ញុំ និង​ដឹកនាំ​ខ្ញុំ ។ នៅ​ថ្ងៃ​ណា​មួយ បងប្រុស​របស់​ខ្ញុំ​នឹង​រស់ឡើង​វិញ​យ៉ាង​ពិត​ប្រាកដ ។ ហើយ​ខ្ញុំ​ពិតជា​ឃើញ​គាត់​ម្តង​ទៀត ។

ប្រសិនបើ មនុស្ស​ណា​ម្នាក់​ដែល​អ្នកស្រឡាញ់​បាន​ស្លាប់ វា​មិន​អី​ទេ​ដើម្បី​នឹក​ពួកគេ និង​មាន​អារម្មណ៍​កើត​ទុក្ខ ។ សូម​និយាយ​ជាមួយ​គ្រួសារ​របស់​អ្នក និង​មនុស្ស​ពេញវ័យ ពេល​អ្នក​មាន​អារម្មណ៍​ថា ត្រៀម​ខ្លួន​រួចរាល់ ។ សូម​អធិស្ឋាន​ទៅ​កាន់​ព្រះវរបិតាសួគ៌​អំពី​អារម្មណ៍​ដែល​អ្នក​មាន ។ ទ្រង់​អាច​ជួយ​អ្នក​ឲ្យ​ទទួល​អារម្មណ៍​នៃ​ភាព​សុខសាន្ត​ម្តង​ទៀត ។

មិន​ថា​មាន​អ្វីកើត​ឡើង​ទេ សូម​ចាំ​ថា ព្រះយេស៊ូវគ្រីស្ទ​ស្រឡាញ់​អ្នក ។ នៅ​បុណ្យ​អ៊ីស្ទើរ យើង​ចងចាំ​ពី​ការពលិកម្ម​របស់​ទ្រង់​សម្រាប់យើង ។ ដោយសារ​ទ្រង់ នោះ​យើង​ទាំងអស់​គ្នា​នឹង​រស់ឡើងវិញ ហើយ​យើង​អាច​រស់​នៅ​ជាមួយ​គ្រួសារ​យើង​ជា​រៀង​រហូត ។

ប័ណ្ណ​លួងលោម

សូម​កាត់​ប័ណ្ណ​ទាំង​នេះ ។ អ្នក​អាច​បត់​វា​ពាក់​កណ្តាល ឬ​ប្រើ​វា​ជា​វត្ថុ​ស៊ក​ចំណាំ ។ ទុក​វា​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ឬ​កន្លែង​ផ្សេង​ទៀត ដើម្បី​មើល​វា ពេល​អ្នក​មាន​អារម្មណ៍​កើត​ទុក្ខ ​ឯកោ ឬ​ភ័យ​ខ្លាច ។

« ខ្ញុំ​មិន​ចោល​អ្នក​រាល់​គ្នា​ឲ្យ​នៅ​កំព្រា​ទេ ៖ ខ្ញុំ​នឹង​មក​ឯ​អ្នក​រាល់​គ្នា​វិញ » ។

យ៉ូហាន ១៤:១៨

« ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ពី​ភ្នែក​គេ​ចេញ » ។

វិវរណៈ ២១:៤

« ចូរ​សង្ឃឹម​ឡើង ហើយ​ចូរ​កុំ​ខ្លាច​ឡើយ ដ្បិត​យើង​ជា​ព្រះ​អម្ចាស់​គង់នៅ​ជាមួយ​នឹង​អ្នក » ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៨:៦