២០១៩
តើ​ពររបស់លោកអយ្យកោ​អាច​ជួយ​ខ្ញុំ​ឲ្យ​ធ្វើការ​សម្រេចចិត្ត​ដោយ​របៀប​ណា ?
ខែ មេសា ឆ្នាំ ២០១៩


សំណួរ និង​ចម្លើយ

« តើ​ពររបស់លោកអយ្យកោ​អាច​ជួយ​ខ្ញុំ​ឲ្យ​ធ្វើការ​សម្រេចចិត្ត​ដោយ​របៀប​ណា ? »

រូបភាព
girl walking

លីអាហូណា​ផ្ទាល់​ខ្លួន​របស់​យើង

ពររបស់លោកអយ្យកោ​គឺជា​មធ្យោបាយ​មួយ ដែល​ព្រះវរបិតាសួគ៌​ជួយ​យើង​ឲ្យ​ដឹង​ពី​ជីវិត​មុន​ឆាក​ជីវិត​នេះ ជីវិត​រមែង​ស្លាប់ និង​អត្តសញ្ញាណ​ដ៏​អស់កល្ប​ជានិច្ច​របស់​យើង ។ តាមរយៈ​ការដឹង​អំពី​សេចក្តីពិត​ពិសេស​ទាំង​បីនេះ​អំពី​ខ្លួន​យើង នោះ​វា​ជួយ​យើង​ឲ្យ​ធ្វើ​តាម​ផែនការ​ព្រះ​ដែល​បាន​រៀបចំ​សម្រាប់​យើង ។ យើង​ដឹង​ថា​ យើង​ជានរណា ហេតុអ្វី​យើង​នៅទីនេះ និង​ទីកន្លែង​ដែល​យើង​នឹង​ទៅ ។ ដូចជា​លីអាហូណា​ដែល​បាន​ដំណើរ​ការ​ស្រប​តាម​សេចក្តីជំនឿ និង​ភាពឧស្សាហ៍​ព្យាយាម​របស់​នីហ្វៃ និង​គ្រួសារ​លោក​ក្នុង​ការ​ធ្វើ​តាម​ការបង្ហាញ​របស់​វា​ដែរ ( សូមមើល នីហ្វៃ​ទី ១ ១៦:២៨ ) នោះ​យើង​ក៏​អាច​មាន​ចិត្ត​ស្មោះត្រង់ និង​ឧស្សាហ៍​ព្យាយាម​ក្នុង​ការធ្វើ​តាម​លីអាហូណា​ផ្ទាល់​ខ្លួន​យើង និង​ការបង្ហាញ​របស់​វា ដែល​នឹង​ដឹកនាំ​យើង​ឲ្យ​ឆ្ពោះ​ទៅ​រក​​សក្តានុពល​នៃ​ភាពជាព្រះ​របស់​យើង ។

អែលឌើរ យូថៃ អាយុ ២០ ឆ្នាំ បេសកកម្ម​ អាហ្សង់ទីន សាលតា

ទស្សនវិស័យ​អស់កល្ប​ជានិច្ច

ពេល​ណា​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា គ្មាន​តម្រុយ​អ្វី​សោះ​ក្នុង​ការសម្រេច​ចិត្ត នោះ​ខ្ញុំ​​បើក​ពររបស់លោកអយ្យកោ​ខ្ញុំ ហើយ​ពិចារណា​វិវរណៈ​មក​ពីព្រះ​នៅក្នុង​​នោះ ។ ហើយ​ក្រោយ​មក​ការសម្រេច​ចិត្ត​គឺ​មាន​ភាព​ងាយស្រួល ។ វា​ពុំ​គ្រាន់តែ​ជួយ​ខ្ញុំ​ឲ្យ​ស៊ូទ្រាំ​នឹង​ជីវិត​លើ​ផែនដី​របស់​ខ្ញុំ​ និង​ទទួល​បាន​ពរជ័យ​ដែល​បាន​សន្យា​នោះ​ទេ វា​ថែមទាំង​រំឭក​ខ្ញុំ​អំពី​ការរៀប​ចំ​ខ្លួន​ខ្ញុំ ឲ្យ​មាន​ភាព​ស័ក្តិសម​ចូល​នគរ​របស់​ទ្រង់​នៅ​ថ្ងៃ​ខាង​មុខ​ផងដែរ ។ វា​​ជួយ​ខ្ញុំ​ឲ្យ​បន្ត​បង្កើន​សេចក្តីជំនឿ ទុកចិត្ត​លើ​​ព្រះទ័យ​របស់​ព្រះអម្ចាស់ ហើយ​រស់នៅ​ជាមួយ​ទស្សនវិស័យ​អស់កល្ប​ជានិច្ច​មួយ ។

អាបេហ្គែល អេហ្វ អាយុ ១៨ ឆ្នាំ ទីក្រុង​កាហ្គាយ៉ាន វ៉ាលី ប្រទេស​ហ្វីលីពីន

ការទូន្មាន​សួគ៌ា

ពររបស់លោកអយ្យកោ​ផ្តល់​ការទូន្មាន​ពី​ព្រះវរបិតាសួគ៌​​របស់​ខ្ញុំ ។ ប្រសិនបើ​ខ្ញុំ​ធ្វើ​តាម​ការទូន្មាន​នោះ ខ្ញុំ​ដឹង​ថា ខ្ញុំ​នឹង​ទទួល​វិវរណៈ​ស្តីពី​ការសម្រេច​ចិត្ត​ដែល​ខ្ញុំ​ត្រូវ​ធ្វើ ។ ទ្រង់​ឆ្លើយ​សំណួរ​​មួយ​ចំនួន​របស់​ខ្ញុំ ពីមុន​ខ្ញុំ​សួរ​សំណួរ​នោះ​ទៅទៀត ។

កាមី អេច អាយុ ១៦ ឆ្នាំ រដ្ឋ​យូថាហ៍ ស.រ.អា

សូម​ស្ដាប់​ព្រះវិញ្ញាណ

ប្រសិនបើ​អ្នក​កំពុង​ស្វែងរក​ការលួងលោម និង​ការណែនាំ ឬ​ស្វែងរក​ចម្លើយ​​ចំពោះ​សំណួរ​​ក្នុង​គ្រា​អាសន្ន អ្នក​អាច​អធិស្ឋាន​ដោយ​ស្មោះសរ​អំពី​វា ហើយ​អាន​ពររបស់លោកអយ្យកោ​របស់​អ្នក ដោយស្មោះ​អស់​ពី​ចិត្ត អំឡុងពេល​ស្តាប់​តាម​ព្រះវិញ្ញាណ​នោះ ។ ការស្រាវជ្រាវ​បទគម្ពីរ​ក៏​មាន​ប្រយោជន៍​ផងដែរ ។ ខ្ញុំ​ជឿ​ថា ប្រសិនបើ​អ្នក​ធ្វើ​បែប​នេះ​ដោយ​សេចក្តីជំនឿ​ពិត នោះ​ព្រះអម្ចាស់​នឹង​ឆ្លើយ​តប​ដល់​អ្នក​តាម​ពេលវេលា និង​តាម​របៀប​ដ៏​ល្អ​បំផុត​របស់​ទ្រង់ ។

ខេស្សៀ ប៊ី អាយុ ១៥ ឆ្នាំ រដ្ឋ ហាវ៉ៃ ស.រ.អា.

ពរជ័យ​ដែល​បាន​សន្យា

ពររបស់លោកអយ្យកោ​ប្រាប់​យើង​នូវ​អ្វី​ដែល​ព្រះ​សព្វ​ព្រះទ័យ​​ដើម្បី​ប្រទាន​ពរ​ដល់យើង ។ ទ្រង់​ប្រទាន​ដល់​យើង​នូវ​ការព្រមាន និង​ពន្យល់​របៀប​ដែល​យើង​អាច​ក្លាយ​កាន់​តែ​ដូចជា​ទ្រង់ ។ ពេល​យើង​ដឹង​​អ្វី​ដែល​ព្រះវរបិតា​សួគ៌​រៀបចំនៅ​ក្នុង​ឃ្លាំង​​សម្រាប់​យើង​ និង​របៀប​ទទួល​បាន​វា នោះ​យើង​ជ្រើសរើស ហើយ​ធ្វើ​សកម្មភាព​ស្រប​តាមការដែល​យើង​ទទួល​វា ។

ហាន់ធើរ អេច អាយុ ១៨ ឆ្នាំ រដ្ឋ​យូថាហ៍ ស.រ.អា