២០១៩
ការដោះស្រាយ​ជាមួយ​នឹង​សោកនាដកម្ម
ខែ មេសា ឆ្នាំ ២០១៩


ការបង្រៀន​យុវវ័យ និង​កុមារ​តូចៗ

ការដោះស្រាយ​ជាមួយ​នឹង​សោកនាដកម្ម

រូបភាព
icons

មិន​យូរ​មិន​ឆាប់ កុមារ​នឹង​ជួប​នូវ​សោកនាដកម្ម ទោះបី​វា​នៅ​ជិត​ផ្ទះ ឬ​នៅ​ឆ្ងាយ​ពី​ផ្ទះ​ក្តី ។ ប៉ុន្តែ « ទោះបីជា​ពេល​ដែល​ពិភពលោក​ស្ថិត​នៅ​ក្នុង​ភាពចលាចល​នៅ​ជុំវិញ​ខ្លួន​អ្នក​ក្ដី ក៏​អ្នក​អាច​ទទួលបាន​ពរជ័យ​នៃ​ភាពសុខសាន្ត​នៅ​ក្នុង​ចិត្ត​ដែរ » ។ នេះ​ជា​របៀប​មួយ​ចំនួន​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ជួយ​កុមារ​ឲ្យ​ទទួល​ភាព​សុខសាន្ត​នោះ ។

ស្ថេរភាព

នៅពេល​សោកនាដ​កម្ម​អ្វី​មួយកើត​ឡើង កុមារ​អាច​មាន​អារម្មណ៍​ថា ជីវិតរបស់​ពួកគេ​ដូចជា​ពុំ​មាន​តុល្យភាព​ទេ ។ ចូរ​ធ្វើ​ជាគំរូ​នៃ​ភាព​ខ្ជាប់ខ្ជួនដល់​ពួកគេ ។ ចូរ​និយាយ​ដោយ​រម្ងាប់​អារម្មណ៍ និង​ដោយ​ទំនុកចិត្ត​អំពី​បញ្ហា​នោះ ។ ចូរ​បន្ត​ធ្វើ​កិច្ចការ​ដែល​អ្នក​ធ្វើ​តាមដែលអាច​ធ្វើទៅបាន ។ ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​អ្នក​ដើម្បី​ធ្វើ​រាត្រីជួបជុំ​ក្រុម​គ្រួសារ សិក្សា​ព្រះគម្ពីរ អធិស្ឋាន និង​ទម្លាប់​ផ្សេង​ទៀត​ជាមួយ​គ្រួសារ ។ យូរៗ​ទៅ កុមារ​អាច​រៀន​ថា ទោះបី​ពេល​ជីវិត​របស់​ពួកគេ​មាន​ការរំខាន​ក្តី ដំណឹង​ល្អ​នាំ​មក​នូវ​ទស្សនវិស័យ ហើយ​ជីវិត​នៅតែ​បន្ត​ទៅមុខ ។

ការគោរព

បង្ហាញ​ការ​គោរព​ដល់​ផ្លូវអារម្មណ៍​របស់​កុមារ ។ សូម​ស្តាប់​កុមារ ហើយ​ទទួល​ស្គាល់​អារម្មណ៍​ពួកគេ ។ សូមបង្ហាញ​ពួកគេ​ថា អ្នក​កំពុង​ចាត់ទុក​កង្វល់​របស់​ពួកគេ​ជារឿង​សំខាន់ ។ កុំ​បង្ខំពួកគេ​ឲ្យ​និយាយ ប្រសិនបើ​ពួកគេ​ត្រូវការ​ពេលវេលា ប៉ុន្តែ​​ទុក​ឲ្យ​ពួកគេ​ដឹង​ថា អ្នក​មាន​ពេល​ ពេល​ពួកគេ​ត្រៀ​ម​ខ្លួន​រួចរាល់​ដើម្បី​និយាយ ។ សូម​ឆ្លើយ​សំណួរ​ដោយ​ស្មោះត្រង់ តាម​របៀប​ដែល​ពួកគេ​យល់​បាន ។ សូម​ឲ្យ​កុមារ​ដឹង​ថា ពួកគេ​អាច​និយាយ​​ជាមួយ​អ្នក​ជានិច្ច​អំពី​ការភ័យ​ខ្លាច និង​ក្តីបារម្ភ​របស់​ពួកគេ ។

ការណែនាំ

កូន​របស់​អ្នក​អាច​សួរ​ថា « ហេតុអ្វី​ព្រះ​ទុក​ឲ្យ​រឿង​អាក្រក់​កើត​ឡើង ? » សូម​ពន្យល់​ថា ទាំង​គ្រា​ល្អ និង​គ្រា​អាក្រក់​គឺជា​ផ្នែក​មួយ​នៃ​ជីវិត​របស់យើង ហើយ​ជា​ផ្នែក​មួយ​នៃ​ផែនការ​អស់កល្ប​របស់​ព្រះ ។ ទ្រង់​អនុញ្ញាត​ឲ្យ​មនុស្ស​ម្នាក់​ធ្វើ​ការជ្រើសរើស​រៀងៗ​ខ្លួន ហើយ​ជួនកាល​មនុស្ស​ជ្រើសរើស​មិន​ល្អ ដែល​បណ្តាល​ឲ្យ​មាន​ការរងទុក្ខ ។ ជួនកាល សោកនាដកម្ម​ពុំមែន​ជា​កំហុស​របស់​បុគ្គល​ណា​ឡើយ ប៉ុន្តែ​វា​ជា​ផ្នែ​ក​រ​បស់​ធម្មជាតិ ។ មិន​ថា​មាន​អ្វីកើត​ឡើង​ទេ ព្រះវរបិតា​សួគ៌​តែង​គង់​នៅ​ទី​នោះ​​សម្រាប់​យើង​ជានិច្ច ។ ជាមួយ​នឹង​ជំនួយ​របស់​ទ្រង់ យើង​អាច​រៀន និង​រីកចម្រើន សូម្បី​តែ​បទពិសោធន៍​នោះ​ឈឺ​ចាប់ក្តី ។ យើង​អាច​ងាក​ទៅ​រក​ទ្រង់​ដើម្បី​ស្វែងរក​ភាព​សុខសាន្ត ។

ភាព​ក្លាហាន

សូម​បង្ហាញ​កុមារ​ថា ពួកគេ​មាន​អំណាច​ដើម្បី​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​មួយ តាមរយៈ​ការផ្តល់​​របៀប​មួយ​​​​ដើម្បី​ឲ្យ​ពួកគេ​ជួយ ។ ឧទាហរណ៍ ពួកគេ​អាច​ប្រមូល​ការបរិច្ចាគ​សម្រាប់​ជន​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ ទៅសួរសុខទុក្ខ​មិត្តភក្តិ​ដែល​មាន​ជំងឺ ឬ​រង​របួស​នៅ​មន្ទីរ​ពេទ្យ លួងលោម​នរណា​ម្នាក់​ដែល​កំពុង​បាត់បង់​សមាជិក​គ្រួសារ ឬ​អធិស្ឋាន​សម្រាប់​អ្នក​ដែល​កំពុង​ជួប​ការលំបាក ។​ យើងពុំ​អាច​ជួសជុល​អ្វី​គ្រប់យ៉ាង​ឡើយ ប៉ុន្តែ​យើង​មាន​សមត្ថភាព​ដើម្បី​ធ្វើ​កិច្ចការ​បាន​ច្រើន ហើយ « យើង​ធ្វើ​ការ​សម្រាប់​ភាពសុខសាន្ត ពេល​យើង​ជួយ​រំសាយ​ទុក្ខ​របស់​មនុស្ស​ម្នាក់​ទៀត » ។

លួងលោម

សូម​រំឭក​កូន​របស់​អ្នក​ថា ព្រះ​ស្រឡាញ់​ពួកគេ ហើយ​​អ្នក​ក៏​ស្រឡាញ់​ពួកគេ​ដែរ ។ កុំ​សន្យា​កុហក​ថា គ្មាន​អ្វី​អាក្រក់​នឹង​កើត​ឡើង​ចំពោះពួកគេ​ឡើយ ប៉ុន្តែ​សូម​អះអាង​ពួកគេ​ថា ពួកគេ​​មាន​សុវត្ថិភាព​ក្នុង​ពេល​នេះ ហើយ​​អ្នកនឹង​ធ្វើ​អស់​ពី​សមត្ថភាព​ដើម្បី​ការពារ​ពួកគេ ។ សូម​ធានា​អះអាង​នឹង​ពួកគេ​ថា ព្រះវរបិតាសួគ៌​នឹង​ជួយ​​ពួកគេ​ឲ្យ​រួច​ផុត​ពី​ការសាកល្បង​ដែល​កើត​មាន​នៅក្នុង​ជីវិត​ពួកគេ ។

ពេល​អ្នក​ឃើញ​ថា អ្នក​​កើត​ទុក្ខ​ដោយសារ​តែ​សេចក្តីវេទនា​នោះ សូម​ចាំ​ថា នៅទីបំផុត សេចក្តីល្អ​នឹង​មាន​ជ័យជម្នះ​លើ​សេចក្តីអាក្រក់ ។ ប្រធាន ថូម៉ាស អេស ម៉នសុន ( ១៩២៧–២០១៨ ) បាន​បង្រៀន​ថា « យើង​កំពុង​ធ្វើ​សង្គ្រាម​ជាមួយ​អំពើ​បាប…ប៉ុន្តែ​យើង​ពុំ​ត្រូវ​អស់​សង្ឃឹមឡើយ ។ វា​គឺ​ជា​សង្គ្រាម​​ដែល​យើង​អាច ហើយ​នឹង​ឈ្នះ​បាន ។ ព្រះ​វរបិតា​គង់​នៅស្ថាន​សួគ៌​របស់​យើង​បាន​ប្រទាន​ដល់​យើង​នូវ​ឧបករណ៍​ទាំង​ឡាយ​ដែល​យើង​ត្រូវ​ការ ដើម្បី​អាច​ឈ្នះ​បាន ។ ទ្រង់​គង់​នៅ​ឯ​ចង្កូត​នាវា ។ យើង​ពុំ​ត្រូវ​ខ្លាច​ឡើយ » ។

កំណត់​ចំណាំ

  1. « ភាពសុខសាន្ត » Gospel Topics topics.lds.org ។

  2. « ភាពសុខសាន្ត » Gospel Topics ។

  3. ថូម៉ាស អេស ម៉នសុន « Looking Back and Moving Forward » Liahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៩០ ។