២០១៩
សួស្ដី​មកពី​ប្រទេស​អេស្តូនី
ខែ មេសា ឆ្នាំ ២០១៩


សួស្ដី​មកពី ប្រទេស​អេស្តូនី !

ពួក​យើង​ឈ្មោះ ម៉ាហ្គោ និង ប៉ោឡូ ។ ឆ្នាំ​នេះ​យើង​​ធ្វើ​ដំណើរ​ជុំ​វិញ​ពិភពលោក​ដើម្បី​រៀន​អំពី​បុត្រាបុត្រី​របស់​ព្រះ ។ សូម​ចូលរួម​ជាមួយ​ពួកយើង ពេល​យើង​ទៅ​លេង​ប្រទេស​អេស្តូនី !

រូបភាព
Hello from Estonia

ប្រទេស​អេស្តូនី​ស្ថិត​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ភាគ​ខាង​ជើង ។ ​ប្រទេស​នេះ​មាន​កោះ​ជាង ២០០០ កោះ ។ ប្រជាជន​ចំនួន​ប្រមាណ​ជា ១.៣ លាន​នាក់ រស់នៅ​ក្នុង​ប្រទេស​អេស្តូនី ។

នេះ​គឺជា​របៀប​​និយាយ​ថា « សួស្តី » ​ជា​ភាសា​អេស្តូនី Tere!ហើយ​នេះ​ជា​របៀប​ដែល​អ្នក​ហៅ​ឈ្មោះសាសនាចក្រ ៖ Viimse Aja Pühade Jeesuse Kristuse Kirik

នេះ​ជា​ទីក្រុង​ថាលីន រដ្ឋធានី​ប្រទេស​អេស្តូនី ។ វា​មាន​អាយុកាល​ប្រហែល​ជា ៨០០ ឆ្នាំ​ហើយ ។ ប្រទេស​អេស្តូនី​មាន​កន្លែង​ធម្មជាតិ​ជាច្រើន ដូចជា​ព្រៃឈើ និង​វាល​ល្បាប់ ។ តាមពិត​ទៅ ជាង​ពាក់​កណ្តាល​នៃ​ប្រទេស​អេស្តូនី​គឺ​គ្រប​ដណ្ដប់​ដោយ​ព្រៃឈើ ។ ប្រជាជន​ជាច្រើន​នាក់​នៅក្នុង​ប្រទេស​អេស្តូនី ចូលចិត្ត​ចំណាយ​ពេល​វេលា​នៅក្នុង​ធម្មជាតិ ។

តើ​នៅ​ប្រទេស​អេស្តូនី​គេ​បរិភោគ​អ្វី​សម្រាប់​អាហារ​ពេល​ល្ងាច ? ប្រហែល​ជា​សាច់​ជ្រូក ឬ​ផ្អក​ត្រី​ជាមួយ​ដំឡូង​បារាំង ស្ពៃ​ក្តោប គ្រីម​ជូរ និង​នំបុ័ង​ខ្មៅ ។ នោះ​គេ​ហៅ​ថា នំសាំងវិច​ស្ព្រាត ។

តើ​អ្នក​ចូលចិត្ត​ច្រៀង​នៅក្នុង​ថ្នាក់​អង្គការ​បឋម​សិក្សា​ទេ ? រៀងរាល់ប្រាំ​ឆ្នាំ​ម្តង ប្រជាជន​អេស្តូនី​ជួបជុំ​គ្នា​នៅ​ក្នុង​ពិធី​បុណ្យ​ដ៏​ធំមួយ ដើម្បីសាទរ​ដល់​ប្រទេស​របស់​គេ​ជាមួយ​នឹង​ការច្រៀង និង​ការរាំ ។

សាសនាចក្រ​នៅ​ក្នុង​ប្រទេស​អេស្តូនី​តូច ប៉ុន្តែ​មាន​ភាព​រឹងមាំ ។ មាន​សមាជិក​សាសនាចក្រ​ប្រមាណ​ជា​មួយ​ពាន់​នាក់ ។ ព្រះវិហារ​បរិសុទ្ធ​ដែល​នៅ​ជិតពួកគេ​បំផុត​នោះ​គឺ​នៅ ហែលស៊ីនគី ហ្វាំងឡង់ ។

សូម​ជួប​ជាមួយ​បងប្អូន​ស្រី​ពីរ​នាក់​មក​ពី​ប្រទេសអេស្តូនី !

នាយប់មួយ ពេល​ខ្ញុំ​ចង់​ចូល​ដេក ខ្ញុំ​បាន​បាត់​តុកត្តា​ខ្លា​ឃ្មុំ​របស់​ខ្ញុំ ។ ខ្ញុំ​បាន​រកមើល​វា ប៉ុន្តែ​ខ្ញុំ​រកមិន​ឃើញ​ទេ ។ ខ្ញុំ​បាន​អធិស្ឋាន ។ បន្ទាប់​មក​ ខ្ញុំ​បាន​រកឃើញ​តុកត្តា​ខ្លា​ឃ្មុំ​របស់​ខ្ញុំ​វិញ ហើយ​ខ្ញុំ​​មាន​សុបិន​ល្អ ។

បាយ​អែន​កា ជេ អាយុ ៧ ឆ្នាំ

គ្រួសារ​យើង​ចូលចិត្ត​បម្រើ​មនុស្ស​ដទៃ ។ ការបម្រើ​ជួយ​យើង​ឲ្យ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​បាន​ប្រទាន​អារម្មណ៍​ដ៏​កក់​ក្តៅ​នៃ​ភាព​សុខសាន្ត​ដល់​យើង ។ ប្អូនស្រី​របស់ខ្ញុំ និង​ខ្ញុំ​បាន​ធ្វើអំណោយ​ឲ្យ​មនុស្ស​ដទៃ ដោយសារ​យើង​ចង់​ឲ្យ​ពួកគេ​ទទួល​អារម្មណ៍​នៃ​ក្តីស្រឡាញ់ ។

ភីប៊ី ជេ អាយុ ១០ ឆ្នាំ

សូម​អរគុណសម្រាប់​មក​ការទស្សនា​ប្រទេស​អេស្តូនី​ជាមួយ​ពួកយើង ។ ជួប​គ្នា​ពេល​ក្រោយ​ទៀត !