២០១៩
ការធ្វើ​ឲ្យ​វា​ក្លាយ​ជា​វិវរណៈ​ផ្ទាល់ខ្លួន
ខែ មេសា ឆ្នាំ ២០១៩


យុវមជ្ឈិមវ័យ

ការធ្វើ​ឲ្យ​វា​ក្លាយ​ជា វិវរណៈ​ផ្ទាល់ខ្លួន

តើ​អ្នក​ស្គាល់​ពី​ភាពខុស​គ្នា​រវាង​វិវរណៈ និង​គំនិត​ផ្ទាល់​ខ្លួន​របស់​អ្នក​ដែរ​ឬ​ទេ ?

រូបភាព
woman reading book

រូបភាព​ដោយ ប្រាយអិន ឃើស្ស៊ីនីក

យើង​រស់​នៅ​ក្នុង​ពិភព​​មួយ​នៃ​ឱកាស​ជា​ច្រើន ។ យើង​មាន​សេរីភាព​ដើម្បី​ជ្រើសរើស​មុខ​របរ​​ សាលារៀន ស្វាមី ឬ​ភរិយា កន្លែង​ផ្ទាល់​ខ្លួន​យើងដែល​យើង​ចង់​រស់នៅ និង​អ្វីៗជា​ច្រើន​ទៀត ។ វា​ពិតជាពរជ័យ​ក្នុង​ជំនាន់​របស់យើង ។ ប៉ុន្តែ​ម្យ៉ាង​វិញទៀត វា​ធ្វើ​ឲ្យ​ការជ្រើសរើស​ទាំង​នេះ​កាន់តែ​ពិបាក ដោយសារ​វា​ពិបាក​ដើម្បី​ធ្វើ​ការសម្រេច​ចិត្ត ពេល​មាន​ផ្លូវ និង​ឱកាស​ជាច្រើន​ដែល​នឹង​ដឹកនាំ​យើង​ទៅ​រក​រឿង​ល្អៗ ។ តើ​យើង​ជ្រើសរើស​ត្រឹមត្រូវ​ដូចម្តេច ពេល​មាន​ឱកាស​ជាច្រើន​​ដែល​ល្អៗ​នោះ ? ពេល​អ្នក​មាន​អារម្មណ៍​ថា វង្វេង ឬ​ភាន់​ច្រឡំ​នៅក្នុង​ការសម្រេច​ចិត្ត​នានា សូម​ដឹងថា ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ដឹកនាំ​អ្នក ។ អ្នក​អាច​ជ្រើសរើស​​ផ្លូវ​ត្រឹមត្រូវ ហើយ​ទទួល​ចម្លើយ​ដែល​អ្នក​កំពុង​ស្វែងរក ប្រសិនបើ​អ្នក​ធ្វើ​តាម​សំឡេង​ទ្រង់ ។ ចូរ​ទទួល​ស្គាល់​របៀប​ដែល​ទ្រង់​មាន​បន្ទូល​មក​កាន់​អ្នក ចូរ​ទុកចិត្ត​ទ្រង់ ចូរ​ធ្វើ​តាម​ព្យាការី ចូរ​មាន​ចិត្ត​អត់ធ្មត់ ចូរ​មាន​ភាពសុទិដ្ឋិនិយម និង​មាន​សេចក្តីជំនឿ ហើយ​ទីបំផុត​អ្នក​នឹង​ត្រូវ​បាន​ដឹកនាំ​ទៅរក​ទិសដៅ​ត្រឹមត្រូវ ។

—វីរ៉ា វ៉ាស្សឆិន​កូ ទីក្រុង គីអីវ ប្រទេស​អ៊ុយក្រែន

ពេញ​មួយ​ជីវិត​ខ្ញុំ ខ្ញុំ​បាន​ឃើញ​របៀប​ដែល​ព្រះអម្ចាស់​បាន​ដឹកនាំ​ខ្ញុំ ហើយ​ខ្ញុំ​ទទួល​ស្គាល់​ថា អ្វីៗ​ទាំងអស់​ដែល​ខ្ញុំ​សម្រេច​​បាន​គឺ​ដោយសារ​ទ្រង់ និង​ការណែនាំ​របស់​ទ្រង់ ។ ទោះបីនៅក្នុង​គ្រា​ដែល​ខ្ញុំ​គិតថា ខ្ញុំ​ដើរតែ​ឯង​ក្តី នៅទីបំផុត ទ្រង់​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ដឹង ហើយ​ទទួល​អារម្មណ៍​ថា ទ្រង់គង់​នៅ​ទីនោះ​ជាមួយ​ខ្ញុំ​ជានិច្ច ។ នោះជា​មូលហេតុ​ដែល​ខ្ញុំ​បាន​ធ្វើ​ការសម្រេច​ចិត្ត​ដើម្បី​បន្ត​ឆ្ពោះ​ទៅមុខ​ដោយ​សេចក្តីជំនឿ​ជានិច្ច ទោះបី​ពេល​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ធ្វើ​កិច្ចការ​នោះ​តែ​ឯង​ក្តី ។ សម្រាប់​ខ្ញុំ ផ្លូវ​របស់​ខ្ញុំ​ពុំ​ច្បាស់​លាស់ជានិច្ច​នោះទេ ហើយ​ខ្ញុំ​ពុំ​អាច​ឃើញ​អ្វី​ដែល​ទន្ទឹង​រង់ចាំ​ខ្ញុំ​នា​ពេល​អនាគត​ឡើយ ប៉ុន្តែ​ខ្ញុំបោះជំហាន​ទៅមុខ​ដោយ​សេចក្តីជំនឿ​ជានិច្ច ហើយ​បន្ទាប់​មក ខ្ញុំ​បាន​ចាប់ផ្តើម​ឃើញ​ពន្លឺ ហើយ​ទទួលស្គាល់​ព្រះចេស្តា​របស់​ព្រះ​នៅក្នុង​ជីវិត​ខ្ញុំ ។ ខ្ញុំ​ដឹង​ថា ព្រះវរបិតា​សួគ៌​របស់​យើង និង​ព្រះបុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ​ស្រឡាញ់​ពួកយើង ហើយពួកទ្រង់​​មាន​ព្រះទ័យ​ដឹកនាំ​យើង ប៉ុន្តែ​ពួក​ទ្រង់​ក៏​រំពឹង​ឲ្យ​យើង​ដាក់​សេចក្តីជំនឿ​របស់​យើង​លើ​ពួកទ្រង់ ហើយ​ធ្វើ​សកម្មភាព ពេល​យើង​ទទួល​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ ។—

អ៊ីន​ហីរ៉ា មេចាយ សាធារណរដ្ឋ ដូមីនីហ្គែន

ពេល​ខ្ញុំ​កាន់តែ​ធំ នោះ​ខ្ញុំ​ត្រូវតែ​រៀន​ភាសា​នៃ​ព្រះវិញ្ញាណ ។ ព្រះវិញ្ញាណ​មាន​បន្ទូល​ម​កកាន់​ខ្ញុំ​តាមរយៈ​គំនិត​សាមញ្ញៗ ។ វា​ត្រូវ​ការការអនុវត្ត​ដើម្បី​ឲ្យ​វាស៊ាំ ប៉ុន្តែ​ជាទូទៅ​ព្រះវិញ្ញាណ​យាង​មក​រក​ខ្ញុំ​នៅកន្លែង​ស្ងាត់ ដូចជា​ពេល​ខ្ញុំ​បើក​ឡាន​ទៅ​ធ្វើ​ការជាដើម ។ ខ្ញុំ​ដឹង​ថា វា​ពុំមែន​ជា​គំនិត​ខ្ញុំ​ទេ​ដោយសារ​​ជារឿយៗ ព្រះវិញ្ញាណ​បាន​យាង​ចូល​មក សូម្បី​តែ​ពេល​ខ្ញុំ​ពុំ​បាន​គិត​ពី​ប្រធានបទ​ផង​នោះ ។

—ក្លារីសា មែ ថេលើរ រដ្ឋ​យូថាហ៍ ស. រ. អា.

ខ្ញុំ​គិត​ថា ក្បួន​ដ៏​អស្ចារ្យ​បំផុត​មួយ​​ដែ​ល​យើង​ត្រូវ​ចេះ​ឲ្យ​ស្ទាត់​នោះ​គឺ សមត្ថភាព​ដើម្បី​ទទួលស្គាល់​ការខ្សឹប​ប្រាប់​ដ៏​ស្រទន់​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ការសិក្សា​ព្រះគម្ពីរ​ដោយ​ព្យាយាម​បាន​ជំរុញ​ខ្ញុំ​ឲ្យ​ចេះ​ស្ទាត់​ក្នុង​រឿង​នេះ ។ ខ្ញុំ​ជឿ​ជានិច្ច​ថា អ្នក​ដែល​​ព្យាយាម​រក​​ដោយ​ឧស្សាហ៍​នឹង​ឃើញ ហើយ​ការ​អាថ៌កំបាំង​ទាំង​ឡាយ​នៃ​ព្រះ​នឹង​បាន​បើក​បង្ហាញ​ដល់​គេ​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ( សូមមើល នីហ្វៃ​ទី ១ ១០:១៩ ) ។ ម៉្យាង​វិញ​ទៀត ប្រសិនបើ​ខ្ញុំ​ចង់​ទទួលស្គាល់​ព្រះវិញ្ញាណ នោះ​ខ្ញុំ​ពុំ​អាច​បណ្តោយ​ខ្លួន​ខ្ញុំ​ទៅក្នុង​គំនិត​ឥត​ប្រយោជន៍ ឬ​កង្វល់​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ​ឡើយ ផ្ទុយ​ទៅ​វិញ ខ្ញុំ​ត្រូវ​ចុះ​ប្រឡូក​ការងារ ហើយ​បំភ្លេច​ខ្លួន​របស់ខ្ញុំ ។ នេះ​គឺជា​គ្រា​ដែល​ខ្ញុំ​អាច​នឹង​ទទួល​ស្គាល់​ព្រះវិញ្ញាណ ដោយសារ​ខ្ញុំ​ត្រៀម​ខ្លួន​សម្រាប់​រឿង​នោះ ! ដូច​ទៅ​នឹង​កប៉ាល់​ដែល​មិន​អាច​ធ្វើ​ដំណើរ​​ដោយ​ងាយ​ស្រួល​កាត់​ព្យុះ​ដែរ នោះ​យើង​ពុំ​អាច​ស្តាប់​ឮ​ព្រះវិញ្ញាណ​ឡើយ ប្រសិនបើ​យើង​ផ្តោត​ទៅលើ​កង្វល់​នៃ​ជីវិត​ដែល​ហួស​ពី​ការគ្រប់គ្រង​របស់​យើង​នោះ ។—

អែលម៉ាញូអែល ប៊នហ្គ្រេត ដកបី ទីក្រុង​អាក្រា ប្រទេស​ហ្គាណា

រូបភាព
couple

នៅក្នុង​គ្រួសារ​តូច​របស់​យើង យើង​ទទួល​ស្គាល់​ព្រះវិញ្ញាណ ដោយសារ​ភាព​សុខសាន្ត​ដែល​យើង​ទទួល ជាពិសេស​​ស្វាមី​របស់​ខ្ញុំ និង​ខ្ញុំ​រួមគ្នា​ក្នុងនាម​ជា​គូស្វាមី​ភរិយា ។ ពេលវាជាគំនិត​ផ្ទាល់​របស់យើង យើង​ពុំ​មាន​អារម្មណ៍​ថា វា​​ជា​រឿង​ត្រឹមត្រូវ​ទាំងស្រុង​ទេ—វា​មាន​ការសង្ស័យ ឬ​ភាពភ័យ​ខ្លាច​ជានិច្ច ។ ប៉ុន្តែ​នៅពេល​វា​ជា​វិវរណៈ យើង​មាន​អារម្មណ៍​សុខសាន្ត​ជានិច្ច ទោះបើ​យើង​ព្យាយាម​ដោះសារ ហើយ​អ្វីៗ​ហាក់ដូចជា​ពុំ​យល់​ច្រើន​នា​គ្រា​ដំបូង​ក្តី ។ ពេល​យើង​ធ្វើ​តាម​វិវរណៈ​ដោយ​ជោគជ័យ នោះ​យើង​ឃើញ​អ្វីៗ​រីកចម្រើន​យ៉ាង​រលូន ហើយ​អ្វីៗ​គ្រប់​យ៉ាង​ដំណើរ​ការ​ល្អ​ជានិច្ច ។ នោះ​ជា​ពេល​ដែល​យើង​មើល​មុខ​គ្នា ហើយ​និយាយ​ថា « អូ៎ ឥឡូវ​នេះ​យើង​យល់​ហើយ ! »

—ម៉ារីយ៉ាណា រដ្ឋ​យូថាហ៍ ស.រ.អា.

ទោះបី​យើង​ទាំងអស់​គ្នា​អាច​ទទួល​វិវរណៈ​ផ្ទាល់​ខ្លួន​ក្នុង​របៀប​ផ្សេងៗ​ក្តី អ្វី​មួយ​ដែល​ឥតសង្ស័យ​ពិតប្រាកដ​នោះ​គឺ ៖ ព្រះ​មានបន្ទូល​មក​កាន់​យើង​ជារឿយៗ ។ យើង​ត្រូវមាន​ឆន្ទៈ​​ខិតខំ​បង្កើត​សមត្ថភាព​យើង ដើម្បី​ទទួល​ស្គាល់ និង​ស្តាប់​សំឡេង​របស់ទ្រង់ ។ ដូច​ប្រធាន រ័សុល អិម ណិលសុន បាន​ប្រឹក្សា​ថា ៖ « សូម​អធិស្ឋាន​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ​អំពី​កង្វល់ ការ​ភ័យខ្លាច ភាព​ទន់​ខ្សោយ​របស់​បងប្អូន—ពិត​ណាស់ ជា​បំណង​ប្រាថ្នា​នៅ​ក្នុង​ដួង​ចិត្ត​របស់​អ្នក ។ បន្ទាប់​មក ចូរ​ស្តាប់ ! សូម​សរសេរ​គំនិត​ដែល​កើត​មាន​ក្នុង​គំនិត​របស់​បងប្អូន ។ សូម​កត់​ត្រា​អារម្មណ៍​របស់​បងប្អូន ហើយ​ធ្វើ​សកម្មភាព​តាម​អ្វី​ដែល​បងប្អូន​ត្រូវបាន​បំផុស​គំនិត​ឲ្យ​ធ្វើ ។ កាល​អ្នក​ធ្វើ​ដំណើរ​ការ​នេះ​ម្ដង​ហើយ​ម្ដង​ទៀត​រៀង​រាល់​ថ្ងៃ រាល់​ខែ រាល់​ឆ្នាំ បងប្អូន​នឹង ‹ រីកចម្រើន​នៅ​ក្នុង​គោលការណ៍​នៃ​វិវរណៈ › » ( « Revelation for the Church, Revelation for Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៥ ) ។