២០១៩
អាវ​ធំ​ដែល​បាត់
ខែ មេសា ឆ្នាំ ២០១៩


អាវ​ធំ​ដែល​បាត់

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ អៃអូវ៉ា ស.រ.អា. ។

« យើង​ជា​ព្រះ​អម្ចាស់​នឹង​អត់​ទោស​ដល់​អ្នក​ណា ដែល​យើង​នឹង​អត់​ទោស ប៉ុន្តែ​រីឯ​អ្នក​វិញ​គឺ​តម្រូវ​ឲ្យ​អត់​ទោស​ដល់​មនុស្ស​ទាំងអស់ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៤:១០ ) ។

រូបភាព
The Missing Coat

ប្រាដ​បាន​និយាយ​ថា « ម៉ាក់ ខ្ញុំ​បាត់​អាវ​ធំ​ខ្ញុំ​ហើយ ! វា​ដល់​ពេល​ចេញ​ពី​ព្រះវិហារ​ត្រឡប់​ទៅ​ផ្ទះ​វិញ ប៉ុន្តែ​ប្រាដ​ពុំ​អាច​រក​ឃើញ​អាវ​ធំ​គាត់​នៅលើ​ស្មា​ព្យួរ​អាវ​ឡើយ ។

ម្ដាយ​បាន​សួរ តើ​កូន​ប្រាកដ​ទេ​ថា កូន​ពិត​ជា​បាន​ព្យួរ​វា​នៅ​ទី​នេះ ? »

« បាទ ។ ខ្ញុំ​បាន​ព្យួរ​វា​នៅ​ទីនេះ » ។ អាវ​ធំ​របស់​ប្រាដ​គឺ​ពណ៌​ខៀវ និង​ក្រហម​ស្រស់ ។ វា​មិន​គួរ​នឹង​បាត់​ទេ ។

ប៉ា​បាន​និយាយ​ថា « ប្រហែល​ជា​មាន​គេ​ប្ដូរ​កន្លែង​វា​ហើយ ។ តោះ​រកមើល​ជុំ​វិញ​អគារ » ។

ម៉ាក់ ប៉ា និង ប្រាដ បាន​បំបែក​ផ្លូវ​គ្នា​ដើរ​ពិនិត្យ​មើល​បន្ទប់​ផ្សេងៗ ។ ពួកគេ​បាន​រកមើល​នៅក្នុង​ប្រអប់​ដាក់​ឥវ៉ាន់​រើស​បាន នៅក្នុង​សាលា​ជំនុំ នៅក្នុង​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​របស់​ប្រាដ នៅក្នុង​ថ្នាក់​អង្គការ​បឋម​សិក្សា និង​រក​នៅ​លើ​ស្មា​ព្យួរ​អាវ​នីមួយៗ ។ ពួកគេ​ថែមទាំង​រកមើល​វា​នៅក្នុង​បន្ទប់​ទឹក​ទៀត​ផង ប៉ុន្តែ​ពួកគេ​រក​វា​ពុំ​ឃើញ​ឡើយ ។

ប៉ា​បាន​និយាយ​ថា « ប្រហែល​ជា​នរណា​ម្នាក់​បាន​យក​វា​ច្រឡំ​ហើយ ។ ប៉ា​ប្រាកដ​ក្នុង​ចិត្ត​ថា ពួកគេ​នឹង​យក​វា​ត្រឡប់​មក​វិញ​នៅ​សប្តាហ៍​ក្រោយ ពេល​គេ​ដឹង​ថា វា​មិនមែន​ជា​របស់​ពួកគេ » ។

ម៉ាក់​បាន​និយាយ​ថា « អំឡុងពេល​នេះ កូន​អាច​ពាក់​អាវ​ធំ​ចាស់​របស់​កូន​បាន » ។

ប្រាដ​បាន​ធ្វើ​មុខ​ក្រញ៉ូវ ។ គាត់​មិន​ចូលចិត្ត​អាវ​ធំ​ចាស់​របស់​គាត់​ទេ ។ វា​ស្តើង ហើរ​ពណ៌ ហើយ​តូច​ពេក​សម្រាប់​គាត់ ។ គាត់​ស្រឡាញ់​អាវ​ធំ​ពណ៌​ក្រហម និង​ខៀវ​ថ្មី​របស់​គាត់ ដែល​ធ្វើ​ឲ្យ​គាត់​មើល​ទៅ​ដូចជា​វីរៈបុរស​ម្នាក់ ។

ប្រាដ​បាន​គិត​ថា « ប្រហែល​ជា​គេ​បាន​ឃើញ​ថា អាវធំ​របស់ខ្ញុំ​ស្អាត ហើយ​គេ​បាន​លួច​វា » ។ តើ​រឿង​នោះ​អាច​កើតឡើង​នៅ​ព្រះវិហារ​យ៉ាង​ដូចម្ដេច ? គេ​ស្មាន​ថា មនុស្ស​គ្រប់​រូប​នៅ​ទីនោះ​មាន​ភាព​ទៀងត្រង់ ។ ប្រាដ​ពុំ​អនុញ្ញាត​ឲ្យ​ចោរ​ម្នាក់​នោះ​អាច​យក​អាវ​ធំ​នោះ​ឡើយ ។ គាត់​មាន​ផែនការ​មួយ ។ នៅ​សប្តាហ៍​បន្ទាប់ គាត់​ពិនិត្យ​មើល​យ៉ាង​យកចិត្ត​ទុកដាក់​ថា តើ​នរណា​ពាក់​អាវ​ធំ​របស់​គាត់ ។ ពេលនោះ​គាត់​នឹង​យក​វា​ត្រឡប់​មក​វិញ ហើយ​ស្រែកថា « ឈប់​ភ្លាម​ទៅ​អា​ចោរ ! » ពួកគេ​នឹង​សោកស្តាយ​ដែល​ពួកគេ​បាន​លួច​វា​ទៅ ។

ប្រាដ​មិន​អាច​រង់ចាំ​ដល់​ថ្ងៃ​អាទិត្យ​ដើម្បី​អនុវត្ត​តាម​ផែនការ​គាត់​ឡើយ ។ ប៉ុន្តែ​នៅ​សប្តាហ៍​បន្ទាប់ អាកាសធាតុ​ក្តៅ​ដែល​មិន​គួរ​ពាក់​អាវ​ធំ​ឡើយ ហើយ​នៅ​សប្តាហ៍​បន្ទាប់​អាកាសធាតុ​ក៏​ក្តៅ​ផងដែរ ។

នៅ​ថ្ងៃ​អាទិត្យ​បន្ទាប់​មក​ទៀត ប្រាដ​បាន​មើល​ក្មេង​ប្រុស​ទាំងអស់​ក្នុង​ថ្នាក់​អង្គការ​បឋម​សិក្សា​ដោយ​ការសង្ស័យ ។ តើ​ក្មេង​ប្រុស​ខ្ពស់​ម្នាក់​នោះ​ឬ​គឺជា​ចោរ ? ឬ​ប្រហែល​ជា​ក្មេង​ស្រី​នោះ​ទេ​ដឹង ? គាត់​មាន​អារម្មណ៍​ថា គាត់​មិន​អាច​ទុកចិត្ត​នរណា​ឡើយ ។ ប្រាដ​អត់​ចូលចិត្ត​អារម្មណ៍​បែប​នោះទេ ។

បន្ទាប់​ពី​ចប់​ម៉ោង​នៅ​ព្រះវិហារ ប្រាដ​បាន​ប្រញាប់​ទៅ​ជុំ​វិញ​អគារ ដោយ​មើល​ក្រុមគ្រួសារ​ផ្សេងៗ​ពាក់​អាវ​ធំ​របស់​ពួកគេ ។ ប៉ុន្តែ​គាត់​ពុំ​ឃើញ​អាវ​ធំ​របស់​គាត់​នៅ​កន្លែង​ណា​ទេ ។ គាត់​ថែម​ទាំង​បាន​ពិនិត្យ​មើល​ប្រអប់ដាក់​ឥវ៉ាន​រើស​បាន​ទៀត …ប៉ុន្តែ​អត់​ឃើញ​អាវ​ធំ​គាត់​ទេ ។ តើ​វា​នៅ​ឯ​ណា​ទៅ ?

នៅ​តាម​ផ្លូវ​ទៅ​ផ្ទះ​វិញ ប្រាដ​បាន​គិត​ឃើញ​ផែនការ​ថ្មី​មួយ​ទៀត ។ គាត់​បាន​អធិស្ឋាន ។ គាត់​បាន​ដឹង​ថា ព្រះវរបិតា​សួគ៌​រក​ឃើញ​វត្ថុ​ដែល​បាត់ ។ នៅ​យប់​នោះ ប្រាដ​បាន​អធិស្ឋាន ហើយ​និយាយ​ថា « ឱ​ព្រះវរបិតាសួគ៌​អើយ សូម​ប្រាប់​ទូល​បង្គំ​ថា តើ​នរណា​បាន​យក​អាវ​ធំ​របស់​ទូលបង្គំ ។ ទូល​បង្គំ​ចង់​បាន​វា​ត្រឡប់​មក​វិញ » ។

ប្រាដ​បាន​រង់ចាំ​មើល​ក្រែង​មាន​ឈ្មោះ ឬ​មុខ​របស់​ចោរ​ផុស​ឡើង​ក្នុង​ចិត្ត​គាត់ ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ គាត់​បាន​ចាប់ផ្តើម​គិត​អំពី​មិត្ត​គាត់ម្នាក់​ឈ្មោះ​ខាល ។ ប្រាដ​តែងតែ​អង្គុយ​នៅក្បែរ​ខាល​នៅ​ក្នុង​ថ្នាក់​អង្គការ​បឋម​សិក្សា ។ ពួកគេ​និយាយ​រឿង​កំប្លែង និង​សើច​ច្រើន​ជាមួយ​គ្នា ។ ប៉ុន្តែ​ខាល​ពុំ​បាន​មក​ព្រះវិហារ​ពីរបី​សប្តាហ៍​ហើយ ។ ប្រាដ​បាន​នឹក​គាត់ ។

តើ​មាន​អ្វី​កើត​ឡើង​ទៅ បើ ខាល បាន​យក​អាវ​ធំ​របស់​គាត់​នោះ ? ប្រហែល​ជា​ខាល​ខ្លាច​អត់​ហ៊ាន​មក​ព្រះវិហារ​ឥឡូវ​នេះ ដោយសារ​គាត់​បាន​គិត​ថា ប្រាដ​ពុំ​ធ្វើ​មិត្ត​នឹង​គាត់​ទៀត​ទេ ។ ប្រាដ​ចង់​ឲ្យ​ខាល​មក​ព្រះវិហារ​វិញ​ម្តង​ទៀត ។ ប្រសិនបើ​ខាល​បាន​យក​អាវ​ធំ​គាត់​មែន នោះ​ប្រាដ​បាន​សម្រេច​ចិត្ត​ថា គាត់​នឹង​ពុំស្រែក​ដាក់​ខាល​ទេ ។ គាត់​នឹង​អភ័យទោស​ឲ្យ​ខាល ។

ប្រាដ​បាន​ឡើង​លើ​គ្រែ ដោយ​មាន​អារម្មណ៍​ល្អ​ជាង​មុន ។

នៅ​ថ្ងៃ​អាទិត្យ​បន្ទាប់​ក្នុង​ថ្នាក់​អង្គការ​បឋម​សិក្សា ខាល​ពុំ​បាន​នៅក្នុង​ថ្នាក់​ទេ ប៉ុន្តែ​មាន​ក្មេង​ប្រុស​ថ្មី ម្នាក់​នៅក្នុង​ថ្នាក់​បឋម​សិក្សា ។ គាត់​ពាក់​ក្រវ៉ាត់​ក​ក្រហម​ឆ្នូត​ខៀវ ។

ដោយ​អង្គុយ​នៅ​ក្បែរ​ក្មេង​ប្រុស​ថ្មី​នោះ ប្រាដ​បាន​និយាយ​ថា « ក្រវ៉ាត់​ក​ស្អាត​ណាស់ ។ វា​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​ដូចជា​វីរៈបុរស​អញ្ចឹង ។

ក្មេងប្រុស​នោះបាន​ញញឹម ។

ប្រាដ​បាន​ញញឹម​ផងដែរ ។ គាត់​ឈប់​រកមើល​ចោរ​ទៀត​ហើយ ។ គាត់​រកមើល​មិត្តភក្តិ​វិញ​ម្តង ។