២០១៩
« នេះ​ហើយ​គឺជា​ជីវិត ! »
ខែ មេសា ឆ្នាំ ២០១៩


« នេះ​ហើយ​គឺជា​ជីវិត ! »

រីឆាត ជេ អែនឌើរសុន រដ្ឋ យូថាហ៍ សហរដ្ឋអាមេរិក

រូបភាព
man working on car

រចនា​រូបភាព​ដោយ ចន ខាឈីក

បន្ទាប់​ពី​ការសម្ភាស​ជា​ច្រើន​ក្នុង​នាម​ជា​ប៊ីស្សព ខ្ញុំ​បាន​មក​ដល់​ផ្ទះពេលយប់​ជ្រៅ​នា​រដូវ​រងារ​មួយ ។ ខ្ញុំ​អស់​កម្លាំង​ខ្លាំង​ណាស់ ។ សម្ពាធ​ការងារ​រយៈពេល​ជា​ច្រើន​សប្តាហ៍ និង​ការទទួលខុសត្រូវ​ក្នុង​គ្រួសារ និង​សាសនាចក្រ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ពុំ​អាច​ធ្វើ​រឿង​គ្រប់​យ៉ាង​ដែល​ខ្ញុំ​ត្រូវបាន​សុំ​ឲ្យ​ធ្វើ​ទេ ។

នា​ល្ងាច​នោះ ខ្ញុំ​ត្រូវ​តែ​ជួសជុល​ឡាន​របស់​ខ្ញុំ ដើម្បី​ខ្ញុំ​អាច​ទៅ​ធ្វើ​ការ​បាននៅ​ព្រឹក​បន្ទាប់ ។ ពេល​ខ្ញុំ​ពាក់​អាវ​ក្រៅ​របស់ខ្ញុំ នោះ​ខ្ញុំ​បាន​ប្តូរ​តួនាទី​ខ្ញុំ​ពីប៊ីស្សព​ទៅ​ជា​ជាង​មេកានិច​វិញ ។ ខ្ញុំ​បាន​តម្រេក​ខ្លួន​លើ​កម្រាល​ហ្គារ៉ាស​ឡាន​ដ៏​ត្រជាក់​ក្រោម​ឡាន ដើម្បី​ជួសជុល ។ ហេតុអ្វី​ខ្ញុំ​ត្រូវ​រងារ អស់កម្លាំង ហើយ​ឈឺ​ក្រញរដៃ បន្ទាប់​ពី​ខ្ញុំ​បាន​ធ្វើ​ការ​យ៉ាង​ខ្លាំង​នៅ​ថ្ងៃ​នោះ​ទៀត​ដូច្នេះ ? ខ្ញុំ​បាន​បាត់បង់​ការអត់ធ្មត់ ហើយ​ចាប់ផ្តើម​​​យំ ដោយ​ទូលការអធិស្ឋាន​ទៅ​កាន់​ព្រះវរបិតាសួគ៌ ។

« តើ​វា​អាច​ទៅរួច​ទេ ប្រសិនបើ​ទ្រង់​អាច​ជួយ​ខ្ញុំ​តែ​បន្តិច​នោះ ? » ខ្ញុំ​បាន​និយាយ​ថា « ខ្ញុំ​កំពុង​ព្យាយាម​អស់ពីសមត្ថភាព​របស់​ខ្ញុំ​ដើម្បី​ធ្វើ​ជា​ឪពុក ស្វាមី និង​ប៊ីស្សព​ល្អ​ម្នាក់ ហើយ​រស់នៅ​តាម​បទបញ្ញត្តិ ។ តើ​ខ្ញុំ​នឹង​មិន​បម្រើ​បាន​ប្រសើរ​ជាង​នេះ​ទេឬ ប្រសិនបើ​ខ្ញុំ​សម្រាក​ខ្លះ​នោះ ? សូម​ជួយ​ទូលបង្គំ​ធ្វើ​ការ​ឲ្យ​រួច ដើម្បី​ទូលបង្គំ​អាច​ចូលដេក » ។

រំពេច​នោះ ពាក្យ​​ដ៏​ច្បាស់លាស់​បាន​ផុស​ឡើង​ក្នុង​គំនិត​ខ្ញុំ ៖ « នេះ​ហើយ​គឺជា​ជីវិត ! »

ខ្ញុំ​បាន​តប​ថា « ស្អីគេ ? »

ខ្ញុំ​បានឮ​ពាក្យ​នោះ​​ម្ដង​ទៀត ៖ « នេះ​ហើយ​គឺជា​ជីវិត ! »

ការយល់​ដឹង​បាន​ចាប់ផ្តើម​មាន​ក្នុង​គំនិត និង​ចិត្ត​ខ្ញុំ ពេល​​ខ្ញុំ​បាន​ស្តាប់​ឮពាក្យ​នោះជា​លើកទី​បី ៖ « នេះ​ហើយ​គឺជា​ជីវិត ! » ពាក្យ​ទាំង​នេះ​ពាំនាំ​នូវ​សារលិខិត​មួយ​មក​ក្នុង​វិញ្ញាណ​ខ្ញុំ ។ « នេះ » គឺ​ជា​ជីវិត​រមែង​ស្លាប់ ហើយ​ខ្ញុំ​បាន​ជួប​នូវ​គ្រា​នៃ​ការរីកចម្រើន​ដែល​បាន​រៀបចំ​ឡើង ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​ក្លាយ​ជា​អ្វី​ដែល​ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​ប្រែក្លាយ ។ ព្រះវិញ្ញាណ​ទំនង​ជា​មាន​បន្ទូល​មក​ខ្ញុំ​ថា « តើ​អ្នក​រំពឹង​ថា ដំណើរ​លើ​ផែនដី​នេះ​គ្មាន​ឧបសគ្គ​ឬ ? » ពេល​ខ្ញុំ​ក្រោក​ចេញ​ពី​កម្រាល​ស៊ីម៉ងតិ៍​ដ៏​ត្រជាក់​នោះ ខ្ញុំ​ពុំ​មែន​ជា​មនុស្ស​ដូច​មុន​ទៀត​ឡើយ ។

ដោយ​ផ្អែក​ទៅលើ​របៀប​ដែល​យើង​ឆ្លើយ​តប​ទៅ​នឹង​ការសាកល្បង​នានា នោះ​យើង​អាច​ចាត់ទុក​ការសាកល្បង​ថា​ជា អំណោយ​​មក​ពី​ព្រះវរបិតា​ជាទីស្រឡាញ់​របស់​យើង​ដែល​គង់​នៅ​ឋានសួគ៌ ។ ទ្រង់​ប្រទាន​ឱកាស​ឲ្យ​យើង​ប្រឈម​មុខ​នឹង​ការសាកល្បង​នានា ដើម្បី​យើង​អាច​រៀន​បែរ​ទៅ​រក​ទ្រង់ ។ នៅពេល​យើង​​ធ្វើ​ដូច្នោះ យើង​មាន​ពរ​ដោយ​ការរៀនសូត្រ និង​ការរីកចម្រើន​ខាង​វិញ្ញាណ ។

ពាក្យ​ទាំង​នោះ​ដែល​ផុស​ឡើ​ងក្នុង​គំនិត​ខ្ញុំ​អំឡុង​ពេល​យប់​ដ៏​រងារ​នៅលើ​កម្រាល​ស៊ីម៉ង់តិ៍​​នៅ​ហ្គារ៉ាស​ឡាន​របស់​ខ្ញុំ បាន​ផ្តល់​ពរ​ដល់​ខ្ញុំ​អស់រយៈពេល​ជាង ៣៥ ឆ្នាំ​ហើយ ។ ខ្ញុំ​បាន​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​យល់​ថា ខ្ញុំ​ពុំ​បាន​ខ្ជះខ្ជាយ​នឹង​ការសាកល្បង​ដែល​ខ្ញុំបាន​ទទួល​នោះ​ទេ ។ ខ្ញុំ​ឃើញ​ថា ការសាកល្បង​គឺជា​ឱកាស​ដើម្បី​រៀនអ្វី​ដែល​ខ្ញុំ​ពុំ​ធ្លាប់​រៀន​តាម​របៀប​មួ​យ​ផ្សេង​ទៀត ។