២០១៩
នៅក្នុង​គ្រា​នៃ​ការបាក់​ទឹកចិត្ត សូម​ចងចាំ​អំពី​ស្ត្រីមេម៉ាយ​នៃ​ស្រុក​ណាអ៊ីន
ខែ មេសា ឆ្នាំ ២០១៩


នៅក្នុង​គ្រា​នៃ​ការបាក់​ទឹកចិត្ត សូម​ចងចាំ​អំពី ស្ត្រីមេម៉ាយ​នៃ​ស្រុក​ណាអ៊ីន

ជាពិសេស ពេល​យើង​មាន​អារម្មណ៍​ថា គេបំភ្លេច​យើង ឬ​ព្រងើយ​កន្តើយ​ដាក់​យើង យើងត្រូវ​តែ​ចងចាំ​ថា ៖ ព្រះយេស៊ូវ​បាន​យាង​ទៅ​ប្រទាន​ជំនួយ​ដល់​​ស្ត្រីមេម៉ាយ​ម្នាក់​ក្នុង​គ្រា​ដែល​នាង​មាន​អាសន្ន ហើយ​​ទ្រង់​ក៏​នឹង​យាង​មក​ជួយ​យើង​ផងដែរ ។

រូបភាព
the widow of Nain

ជួនកាល​នៅក្នុង​គ្រា​នៃ​ភាព​មួយថ្ងៃ​កាត់​មួយ​ថ្ងៃកោ​នៃ​ជីវិត យើង​អាច​មាន​អារម្មណ៍​ថា ព្រះ​ពុំ​សូវ​សកម្ម​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់យើង​ឡើយ ។ លំនាំ​របស់យើង​ហាក់ដូចជា​នឿយណាយ និង​គួរ​ឲ្យ​ធុញទ្រាន់ ។ គ្មាន​ការផ្លាស់ប្តូរ​ច្រើន​ឡើយ ហើយ​ជួនកាល​វា​ពិបាក​រកឃើញ​ចំណុច​មួយ​ដែល​ព្រះ​បាន​ធ្វើ​អន្តរាគមន៍​ដោយ​ផ្ទាល់​នៅក្នុង​ស្ថានភាព​​របស់យើង ។ នៅពេល​ណា​ដែល​ខ្ញុំ​មាន​អារម្មណ៍​​​ថា ជីវិត​​ខ្ញុំ​ផ្ទាល់​​គ្មាន​អ្វី​សំខាន់ ជារឿយៗ​ខ្ញុំ​គិត​អំពី​ស្ត្រី​ម្នាក់​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ដែល​អាច​មាន​អារម្មណ៍​បែប​នេះ ។ នៅក្នុង​ព្រះគម្ពីរ​ពុំ​បាន​បង្ហាញ​ឈ្មោះ​របស់​គាត់​ទេ ប៉ុន្តែ​យើង​ស្គាល់​គាត់​ដោយ​សាមញ្ញ​តាមរយៈ​ឈ្មោះ​ភូមិ​​របស់​គាត់ និង​ស្ថានភាព​អាពាហ៍ពិពាហ៍​របស់​គាត់ ។

ស្ត្រី​នោះ​គឺជា​ស្ត្រីមេម៉ាយ​នៃ​ស្រុក​ណាអ៊ីន ហើយ​មាន​តែ​លូកា​តែ​ប៉ុណ្ណោះ​ដែល​កត់ត្រា​អំពី​ដំណើរ​រឿង​​ដ៏​អស្ចារ្យ​របស់​គាត់ ។ សម្រាប់​ខ្ញុំ ស្ត្រី​នោះ​​តំណាង​ឲ្យ​ភាព​ដ៏​ចាំបាច់​នៃ​ការងារ​បម្រើ​ផ្ទាល់​ខ្លួន​របស់​ព្រះអង្គសង្គ្រោះ និង​របៀប​ដែល​ទ្រង់​បាន​ឈោង​ទៅ​ជួយ​អ្នក​បាក់​ទឹកចិត្ត ជា​មនុស្ស​ទូទៅ​នៅក្នុង​សង្គម​របស់​ទ្រង់ ។ ដំណើរ​រឿង​នោះ​ប្រាប់​យ៉ាង​ច្បាស់​ថា តើ​ព្រះ​ជ្រាប​ដឹង និង​ខ្វល់​ព្រះទ័យ​ពី​យើង​ដែរ​ឬ​អត់ ។

សេចក្តីសង្ខេប​ខ្លី​មួយ​អំពី​អព្ភូតហេតុ​មក​ពី​លូកា​ជំពូក​ទី ៧ បង្ហាញ​​​​ថា ព្រះយេស៊ូវ​បានយាងទៅ​ទាន់​ ក្បួនដង្ហែ​សព​យក​ទៅ​បញ្ចុះ​មួយ ហើយ​បាន​ប្រោស​យុវជន​ម្នាក់​ឲ្យ​រស់​រាន​មាន​ជីវិត​ឡើង​វិញ​ប្រកប​ដោយ​អព្ភូតហេតុ ។​ ប៉ុន្តែ​មាន​ចំណុច​ជា​ច្រើន​ទៀត​​ដែល​ត្រូវ​យល់​អំពី​រឿង​នេះ ។ ដូចជា​អព្ភូតហេតុ​ទាំង​អស់​ដែរ ​ការយល់​ពី​បរិបទ​នៃ​ព្រឹត្តិការណ៍​នេះ​គឺជា​រឿង​សំខាន់ ជាពិសេស​ជាមួយ​នឹង​​អព្ភូតហេតុ​នេះ ។ ដោយ​បាន​បង្រៀន​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ នៅ​មជ្ឈមណ្ឌល​ទីក្រុង​យេរូសាឡិម នោះ​ខ្ញុំ​នឹង​ចែកចាយ​ជាមួយ​អ្នក​នូវ​ការយល់​ដឹង​​ផ្ទាល់​ខ្លួន​មួយ​ចំនួន​អំពី​អព្ភូតហេតុ​នេះ ។

ណាអ៊ីន​គឺជា​ភូមិ​ស្រុក​ស្រែ​តូច​មួយ​នៅ​ជំនាន់​ព្រះយេស៊ូវ ដែល​មាន​ទីតាំង​នៅ​ជាប់​នឹង​ភ្នំម៉ូរេ ដែល​​ជា​ព្រំ​ដែន​នៅ​ផ្នែក​ខាង​កើត​នៃ​ជ្រលង​ភ្នំ​ជេស្ស្រីល ។ ភូមិ​នោះ​នៅ​ដាច់​ស្រយាល​ពី​គេ ។ មាន​តែ​ផ្លូវ​មួយ​គត់​ដែល​អាច​នាំ​ទៅ​ដល់​ភូមិ​នោះ​បាន ។ នៅ​ជំនាន់​របស់​ព្រះយេស៊ូវ ភូមិ​នេះ​មាន​ទំហំ​តូច ហើយ​​ក្រខ្សត់ ហើយ​វា​នៅតែ​មាន​សភាព​ដូចនេះ​​តាំង​ពី​គ្រា​នោះ​មក ។ នៅ​គ្រា​ជា​ច្រើន​នៅក្នុង​ប្រវត្តិ​សាស្ត្រ​ ទីក្រុង​នេះ​​មាន​ផ្ទះ ៣៤ ខ្នង និង មាន​ប្រជាជន​តែ ១៨៩ នាក់​ប៉ុណ្ណោះ ។ សព្វ​ថ្ងៃ​នេះ ភូមិ​នេះ​មាន​ប្រជាជន​រស់នៅ​ប្រហែល ១៥០០ នាក់ ។

លូកា​បាន​ចាប់ផ្តើម​ដំណើរ​រឿង​របស់​លោក ដោយ​កត់សម្គាល់​ថា ព្រះយេស៊ូវ​នៅ​ក្រុង​កាពើណិម​មួយ​ថ្ងៃ​មុន ហើយ​បាន​ព្យាបាល​​​បាវ​របស់​មេទ័ព ( សូមមើល លូកា ៧:១–១០ ) ។ បន្ទាប់​មក យើង​រៀន​ថា « ដល់​ថ្ងៃ​ក្រោយ​មក » ( ខ​ទី ១១ ការ​គូស​បញ្ជាក់​បាន​បន្ថែម ) ព្រះអង្គ​សង្គ្រោះ​បាន​យាង​ចូល​ទៅ​ទីក្រុង​មួយ​ហៅ​ថា​ណាអ៊ីន ដោយ​មាន​សិស្ស​មួយ​ក្រុម​ធំ​ទៅ​ជាមួយ​ផងដែរ ។ ព្រឹត្តិការណ៍​​តាម​លំដាប់លំដោយ​នេះ​គឺ​សំខាន់​ណាស់ ។ ក្រុង​កាពើណិម​មាន​ទីតាំង​នៅ​ភាគ​ខាង​ជើង​នៃ​ឆ្នេរ​សមុទ្រ​កាលីឡេ ​មាន​កម្ពស់ ១៨៣ ម៉ែត្រ​ក្រោម​រយៈកម្ពស់​ទឹក​សមុទ្រ ។ ណាអ៊ីន​មាន​ចម្ងាយ ៤៨ គីឡូម៉ែត្រ នៅ​​​ទិសនីរតី​នៃ​ក្រុង​​កាពើណិម ដែល​មាន​កម្ពស់ ២១៣ ម៉ែត្រ​លើ​រយៈកម្ពស់​ទឹក​សមុទ្រ ដែល​តម្រូវ​ឲ្យ​មាន​ការឡើង​ទួល​ដ៏​លំបាក​ទៅ​កាន់​ភូមិ​ណាអ៊ីន ។ ដើម្បី​ដើរ​ពី​ក្រុង​​កាពើណិម​ទៅ​ភូមិ​ណាអ៊ីន យ៉ាង​ហោច​ណាស់​​ត្រូវ​ចំណាយ​ពេល​ពី​មួយ ឬ​ពីរ​ថ្ងៃ ។ ថ្មីៗ​នេះ ក្រុម​សិស្ស​យុវវ័យ​នៅ​មជ្ឈមណ្ឌល ប៊ី. វ៉ា. យូ. យេរូសាឡិម ត្រូវ​ចំណាយ​ពេល ១០ ម៉ោង ដើម្បី​ដើរ​លើ​ផ្លូវ​នេះ​ដែល​បាន​ចាក់​សាប​ហើយ ។ នេះ​មាន​ន័យ​ថា ព្រះយេស៊ូវ​ប្រហែល​ជា​បាន​ក្រោក​ពី​ព្រលឹម​អុល ឬ​ប្រហែល​ជា​យាង​ដើរ​អំឡុងពេល​យប់ ដើម្បី​ទៅ​ឲ្យ​ទាន់​​ក្បួន​ដង្ហែ​សព​យក​ទៅ​បញ្ចុះ​នោះ « នៅ​ថ្ងៃ​បន្ទាប់ » ។

រូបភាព
map of Galilee

ពេល​ព្រះគ្រីស្ទ​យាង​ទៅ​ដល់​ទីក្រុង បន្ទាប់​ពី​ការធ្វើ​ដំណើរ​ដ៏ឆ្ងាយ យុវជន​ម្នាក់​មាន​អាយុ​ប្រហែល​ជា ២០ ឆ្នាំ​ជាង  ត្រូវបាន​គេសែង​នៅលើបន្ទះ​ក្តារ​សព​មួយ ។ លូកា​ប្រាប់​យើង​ថា យុវជន​នេះ​គឺជា​កូនប្រុស​តែ​ម្នាក់​គត់​របស់​ស្ត្រី​មេម៉ាយ​ម្នាក់ ហើយ​អ្នក​ប្រាជ្ញ​មួយ​ចំនួន​បកប្រែ​អត្ថបទ​ភាសា​ក្រិក​ដើម្បី​បញ្ជាក់​ថា ស្ត្រី​នោះ​គ្មាន​កូន​ណា​ផ្សេង​​ទៀត​ទេ ។ អ្នក​ភូមិ​មួយ​ក្រុម​ធំ​បាន​ហែរហម​គាត់​នៅក្នុង​គ្រា​ដ៏​សោកនាដកម្ម​នៃ​អពមង្គល​បំផុត​ក្នុង​គ្រួសារ​នេះ ។

ប្រាកដ​ណាស់ មរណភាព​របស់កូន​ប្រុស​ម្នាក់​គឺជា​សោកនាដកម្ម​មួយ​សម្រាប់​ម្តាយ​ម្នាក់ ប៉ុន្តែ​សូមពិចារណា​អំពី​ផល​វិបាក​សម្រាប់​ស្ត្រី​មេម៉ាយ​នេះ ។ តើ​វា​មាន​សភាព​បែប​ណា​ទាំង​ក្នុង​ផ្នែក​សង្គម ខាង​វិញ្ញាណ និង​ហិរញ្ញវត្ថុ ដែល​ស្ត្រី​មេម៉ាយ​ម្នាក់​គ្មាន​​អ្នក​ស្នង​មរតក​នៅក្នុង​ពួកសាសន៍​អ៊ីស្រាអែល​ជំនាន់​បុរាណ​នោះ ? នៅក្នុង​វប្បធម៌​​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់ គេ​ជឿ​ថា ពេល​ស្វាមី​ស្លាប់​ពីមុន​​ចាស់ជរា វា​ជា​ទីសម្គាល់​មួយ​ស្តីពី​ការជំនុំជម្រះ​របស់​ព្រះ​ទៅលើ​អំពើ​បាប ។ ដូច្នេះហើយ មាន​មនុស្ស​មួយ​ចំនួន​ជឿ​ថា ព្រះ​​បាន​ដាក់​ទារុណកម្ម​លើ​ស្ត្រី​មេម៉ាយ​ដែល​នៅរស់រាន​មាន​ជីវិត​នេះ ។ នៅក្នុង​គម្ពីរ​នាងរស់ ពេល​ណាអូមី​ក្លាយ​ជា​ស្ត្រី​មេម៉ាយ​ទាំង​វ័យ​ក្មេង គាត់​បាន​សោកសៅ « លើស​ពី​អ្វីៗ​ទាំងអស់ ព្រះអម្ចាស់​បាន​ធ្វើ​បន្ទាល់​ទាស់​នឹង​ខ្ញុំ ហើយ​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះចេស្តា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ខូច​ចិត្ត »​ ( នាងរស់ ១:២១ កំណែ International Standard ) ។

ពុំ​គ្រាន់តែ​មាន​ការឈឺចាប់​ខាង​វិញ្ញាណ និង​ផ្លូវ​ចិត្ត​ប៉ុណ្ណោះ​ទេ ស្ត្រីមេម៉ាយ​នៃ​ស្រុក​ណាអ៊ីន​ក៏​ជួប​នឹងការវិនាស​ហិចហោច​ហិរញ្ញវត្ថុ​​—ដែល​អាច​ប្រឈម​មុខ​នឹង​ភាពអត់ឃ្លាន​ផងដែរ ។ តាមរយៈ​ការរៀបការ ស្ត្រី​ម្នាក់​ត្រូវបាន​ចាត់​ឲ្យ​ទទួល​បាន​ហិរញ្ញវត្ថុ​ខាង​គ្រួសារ​របស់​ស្វាមី​នាង ។ ប្រសិនបើ​ស្វាមី​នោះ​ស្លាប់ នោះ​គេ​ត្រូវ​ផ្ទេរ​ឲ្យ​ទៅ​កូនប្រុស​ដែល​មានអំណាចកូនច្បង​របស់​នាង ។ ឥឡូវ​នេះ កូនប្រុស​ដែល​មាន​អំណាច​កូន​ច្បង​របស់​ស្ត្រី​មេម៉ាយ​នេះ​បាន​ស្លាប់ នោះ​ស្ត្រី​មេម៉ាយ​នេះ​ពុំ​​ទទួល​បាន​ហិរញ្ញវត្ថុ​អ្វី​ឡើយ ។ ប្រសិនបើ​កូន​ប្រុស​គាត់​មាន​អាយុ ២០ ឆ្នាំ​ជាង នោះ​ស្ត្រី​មេម៉ាយ​នេះប្រហែល​ជា​មាន​អាយុ​ពាក់​កណ្តាល​អាយុ​ស្ត្រី រស់នៅក្នុង​ភូមិ​ស្រុកស្រែ​តូច​មួយ​ដែល​នៅ​ដាច់​ស្រយាល​ពី​គេ ហើយ​ឥឡូវ​នេះ​​​ឃើញ​ថា ខ្លួន​គាត់​គ្មាន​សល់​អ្វី​សោះ​ទាំង​ខាង​វិញ្ញាណ សង្គម និង​ហិរញ្ញវត្ថុ ។

រូបភាព
widow of Nain with the Savior

ប្រាកដ​ណាស់ នៅក្នុង​រយៈពេល​ដ៏​ខ្លី ពេល​អ្នក​ភូមិ​បាន​សែង​សព​​កូន​ប្រុស​របស់​ស្ត្រី​នេះ​យក​ទៅ​បញ្ចុះ ព្រះយេស៊ូវ​បាន​ជួប​នឹង​​ក្បួនដង្ហែ​សព ហើយ​មាន « ព្រះហឫទ័យ​ក្តួល​អាណិតអាសូរ​ដល់​គាត់​ណាស់ » ( លូកា ៧:១៣ ) ។ ប្រាកដ​ណាស់ នេះ​អាច​ជាការវាយ​តម្លៃ​ទាប​បំផុត​របស់​លូកា ។ យ៉ាង​ហោច​ណាស់ ព្រះយេស៊ូវ​បាន​ដឹង​ពី​ស្ថានភាព​អស់​សង្ឃឹម​ដ៏​ខ្លាំង​បំផុត​នៃ​ស្ត្រី​មេម៉ាយ​នេះ ។ ប្រហែល​ជា​គាត់​បាន​ចំណាយ​ពេល​មួយ​យប់​​ដេក​លើ​កម្រាល​ដី​ផ្ទះ​គាត់ ទូល​អង្វរ​ព្រះវរបិតាសួគ៌​ចង់​ដឹង​ពី​មូលហេតុ ។ ប្រហែល​ជា​គាត់​បាន​សួរ​សំណួរ​ដោយ​បើក​ចំហរ​ពី​មូលហេតុ​ដែល​ទ្រង់ តម្រូវ​ឲ្យ​គាត់​រស់នៅតបន្ត​ទៀត​នៅលើ​ផែនដី​នេះ​ធ្វើ​អ្វី ។ ឬ​ប្រហែល​គាត់​មាន​អារម្មណ៍​​ភ័យ​ខ្លាច​នឹងការ​បន្ត​នៅ​ឯកោ​ដែល​គាត់​នឹង​ជួប​ប្រទះ ។ យើង​ពុំ​ដឹង​ទេ ។ ប៉ុន្តែ​យើង​ដឹង​ថា ព្រះអង្គ​សង្គ្រោះ​ជ្រើស​ចាកចេញពី​​ក្រុង​​កាពើណិម​​ភ្លាម ដែល​អាច​តម្រូវ​ឲ្យ​ទ្រង់​ធ្វើ​ដំណើរ​ទាំង​យប់ ដើម្បី​ទៅ​ឲ្យ​ទាន់​ក្បួន​ដង្ហែ​សព​យក​ទៅ​បញ្ចុះ ពីមុន​ពួកគេ​ដាក់​សព​នោះ​ទៅក្នុង​ដី ។

មែន​ហើយ ពេល​ទ្រង់​បាន​ឃើញ​ទឹក​ភ្នែក​ដក់​នៅ​មុខ​គាត់ ពេលស្ត្រី​នោះ​ដើរ​ពី​ក្រោយ​ក្បួន​ដង្ហែ​សព ព្រះយេស៊ូវ​មាន​ព្រះទ័យ​ក្តួល​អាណិតអាសូរ​ដល់​ស្ត្រី​នេះ—ប៉ុន្តែ​វា​បង្ហាញ​ថា សេចក្តីអាណិតអាសូរ​របស់​ទ្រង់​កើត​មក​ពី​ព្រះទ័យ​ដែល​ទ្រង់​បាន​មាន​យូរ​មក​ហើយ ពីមុន​​ទ្រង់ « បាន » ទៅ​ទាន់​ក្បួន​ដង្ហែ​សព​យក​ទៅ​បញ្ចុះ​នោះ ។ ទ្រង់​បាន​យាងទៅដល់​ទីនោះតែម្តង នៅ​គ្រា​ដែល​ស្ត្រី​នោះ​ត្រូវការ ។

ព្រះយេស៊ូវ​បាន​ប្រាប់​ស្ត្រី​មេម៉ាយ​នោះ « កុំ​ឲ្យ​យំ » ( ខ​ទី ១៣ ) ។ ដោយ​ពុំ​ខ្លាច​ពី​ក្បួនរិត៍​មិន​ស្អាតស្អំ នោះ​ទ្រង់ « បាន​ពាល់​ក្តារមឈូស » ហើយ​ក្បួន​ដង្ហែ « ក៏​ឈប់ » ។ បន្ទាប់​មក​ទ្រង់​បាន​ត្រាស់​បង្គាប់​ថា « អ្នក​កំឡោះ​អើយ ខ្ញុំ​បង្គាប់​អ្នក​ថា ចូរ​ក្រោក​ឡើង

រូបភាព
widow with son

អ្នក​ដែល​ស្លាប់​នោះ ក៏​ក្រោក​ឡើង​អង្គុយ ហើយ​ចាប់​តាំង​និយាយ ។ រួច [ ព្រះយេស៊ូវ ] ប្រគល់​ដល់​ម្តាយ​វិញ ( ខ​ទី ១៤–១៥ ) ។ ជា​ធម្មតា​ទេ ហ្វូង​អ្នក​ភូមិ និង​អ្នក​ដើរ​តាម​ព្រះយេស៊ូវ​ប្រាកដ​ជា​បាន​ភ្ញាក់ផ្អើល ខណៈ​ដែល​ទុក្ខសោក​របស់​ពួកគេ​បាន​បែរ​ទៅរក​អំណរ​ដ៏​បរិសុទ្ធ ។ ពួកគេ​ទាំងអស់​គ្នា « បាន​សរសើរ​តម្កើង​ដល់​ព្រះ ដោយ​ពាក្យ​ថា មាន​ហោរា​មួយ​ធំ​បាន​កើត​ឡើង​ក្នុង​ពួក​យើង » ( ខ​ទី ១៦ ) ។ ប៉ុន្តែ​អព្ភូតហេត​នេះ​ក៏​បាន​សង្គ្រោះ​ព្រលឹង​មួយ​ដែល​អស់​សង្ឃឹម ។ ព្រះយេស៊ូវ​បាន​ជ្រាប​ថា មាន​អ្វី​មួយ​មិន​ប្រក្រតី​បាន​កើត​ឡើង​ចំពោះ​ស្ត្រី​នេះ—ជាបុគ្គល​ម្នាក់​ដែល​ត្រូវបាន​គេ​ចាត់ទុកមិន​សូវ​សំខាន់​នៅក្នុង​វប្បធម៌​របស់​ពួកគេ ។ ស្ថានភាព​របស់​គាត់​​ត្រូវការយក​ចិត្ត​ទុក​ដាក់​ពី​ទ្រង់​ភ្លាម ទោះបីជា​ទ្រង់​បាន​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ដើម្បី​ទៅ​ដល់​ទីនោះ​ចំពេល​នោះតែ​ម្តង ។ ទ្រង់​ជ្រាប​ដឹង​ពី​ស្ថានភាព​អស់សង្ឃឹម​របស់​គាត់ ហើយ​ទ្រង់​បាន​យាង​ទៅ​យ៉ាង​លឿន ។ ប្រធាន ថូម៉ាស អេស ម៉នសុន ( ១៩២៧–២០១៨ ) បាន​ថ្លែង​ពី​សេចក្តីពិត​ដែល​ពុំ​អាច​បដិសេធ « ថ្ងៃ​មួយ ពេល​យើង​មើល​ទៅ​ព្រឹត្តិការណ៍​ដែល​ហាក់ដូចជា​ចៃដន្យ​ក្នុង​ជីវិត​យើង យើង​នឹង​ទទួលស្គាល់​ថា ព្រឹត្តិការណ៍​ទាំងនោះ​មិន​ដូចជា​ចៃដន្យ​ទៀត​ឡើយ » ។

ឥឡូវ​នេះ វា​ត្រូវតែ​ក្លាយ​ជា​ដំណើរ​រឿងកាន់តែ​អស្ចារ្យ​ក្នុង​ព្រះគម្ពីរ​ប៊ីប​ចំពោះ​យើង គឺ​លើក​ស្ទួយ​ចិត្ត​យើង​ដូច​ព្រឹត្តិការណ៍​នេះ ។ វា​បញ្ជាក់​​យ៉ាង​ច្បាស់​ថា ព្រះយេស៊ូវ​បាន​ដឹង​អំពី​ស្ត្រី​មេម៉ាយ​​ក្រខ្សត់ ដែល​គេបំភ្លេច​ចោល និង​ទុរគត៌​នេះ ។ ជាពិសេស ពេល​យើង​មាន​អារម្មណ៍​ថា គេបំភ្លេច​យើង ឬ​ព្រងើយ​កន្តើយ​ដាក់​យើង ឬ​យើង​ពុំ​សូវ​សំខាន់ យើងត្រូវ​តែ​ចងចាំ​ថា ៖ ព្រះយេស៊ូវ​បាន​យាង​ទៅ​ប្រទាន​ជំនួយ​ដល់​​ស្ត្រីមេម៉ាយ​ម្នាក់​ក្នុង​គ្រា​ដែល​នាង​មាន​អាសន្ន ហើយ​​ទ្រង់​ក៏​នឹង​យាង​មក​ជួយ​យើង​ផងដែរ ។ លើ​សពី​នេះ​ទៀត មេរៀន​ទីពីរ​ដែលយើង​អាច​ទទួល​បាន​ពី​គំរូ​របស់​ព្រះអង្គសង្គ្រោះ​យើង​គឺ សារៈសំខាន់​នៃ​ការឈោង​ទៅ​ផ្តល់​ពរ​ដល់​មនុស្ស​ដទៃ​ដែល​នៅ​ជុំវិញ​យើង ។ មនុស្ស​ជាច្រើន​ដែល​យើង​ស្គាល់​​នឹង​បាក់​ទឹកចិត្ត​យូរ​ម្តងៗ ។ ប្រសិនបើ​អ្នក​អាច​ប្រាប់​ពួកគេ​អំពី « បងស្រី​ណាអ៊ីន » និង​របៀប​ដែល​ព្រះអម្ចាស់​ជ្រាប​ដឹង​ច្បាស់​ពី​ការបាក់​ទឹកចិត្ត និង​វិបត្តិ​ផ្ទាល់​ខ្លួន​ដ៏​ធំ​របស់​គាត់ នោះ​វា​អាច​ប្រែ​យប់​ឲ្យ​ទៅ​ជា​ថ្ងៃ​បាន ។ សូម​ចាំ​ពី​ការអង្កេត​ដ៏​រំជួលចិត្ត​មួយ​របស់ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ១៨៩៥–១៩៨៥ ) ៖ « ព្រះ​ស្គាល់​យើង ហើយ​ទ្រង់​មើល​ថែ​យើង ។ ប៉ុន្ដែ​ជា​ធម្មតា​ទ្រង់​ធ្វើ​ដូច​នោះ​តាមរយៈ​មនុស្ស​ផ្សេង​ទៀត​ដែល​បំពេញ​តម្រូវការ​របស់​យើង » ។

រូបភាព
widow hugging her son

សម្រាប់​ខ្ញុំ​អំឡុង​ពេល​ទ្រង់​គង់​នៅលើ​ផែនដី ក្នុង​ចំណោម​អព្ភូតហេតុ​ទាំងអស់​របស់​ព្រះយេស៊ូវ មាន​អព្ភូតហេតុ​មួយ​ចំនួន​គឺ​ទន់ភ្លន់ និង​មាន​ចិត្ត​អាណិតអាសូរ​ដូចជា​ការប្រទាន​ការងារ​បម្រើ​របស់​ទ្រង់​ដល់ស្ត្រីមេម៉ាយ​នៃ​ស្រុក​ណាអ៊ីន ។ វា​រំឭក​យើង​ថា យើង​សំខាន់​ចំពោះ​ទ្រង់ ហើយ​ថា​ទ្រង់​មិន​ដែល​បំភ្លេច​យើង​ឡើយ ។ យើង​ពុំ​អាច​បំភ្លេច​រឿង​នោះ​បាន​ឡើយ ។

កំណត់​ចំណាំ

  1. សូមមើល E. Mills Census of Palestine 1931: Population of Villages, Towns, and Administrative Areas ( ឆ្នាំ ១៩៣២ ) ទំព័រ ៧៥ ។

  2. សូមមើល S. Kent Brown The Testimony of Luke ( ឆ្នាំ ២០១៥ ) ទំព័រ ៣៦៤ ។

  3. សូមមើល Brown The Testimony of Luke ទំព័រ ៣៦៥ ។

  4. សូមមើល Brown The Testimony of Luke ទំព័រ ៣៦៥ ។

  5. នៅក្នុង​អេសាយ ៥៤:៤ ព្រះអម្ចាស់​ប្រាប់​ស្ត្រី​មេម៉ាយ​សាសន៍​អ៊ីស្រាអែល​ថា ស្ត្រី​នោះ​នឹង « មិន​នឹក​ចាំ​ពី​សេចក្តី​ដែល​គេ​ត្មះតិះដៀល​នៃការបោះបង់ [ របស់​គាត់ ] ​ត​ទៅ​ទៀត​ដែរ » ( ការបកប្រែ​ថ្មី​នៃ​ភាសា​អង់គ្លេស ) ។

  6. សូមមើល Brown The Testimony of Luke ទំព័រ ៣៦៥ ។

  7. ថូម៉ាស អេស ម៉នសុន នៅក្នុង យ៉ូសែប ប៊ី វ៉ឺតលីន « Lessons Learned in the Journey of Life » Liahona ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ៣៨ ។

  8. Teachings of Presidents of the Church: Spencer W. Kimball ( ឆ្នាំ ២០០៦ ) ទំព័រ ៨២ ។