២០១៩
អាជីវកម្ម​កំពុង​ដំណើរការ​ល្អ
ខែ មេសា ឆ្នាំ ២០១៩


ពរជ័យ​នៃ​ភាព​ខ្លួន​ទីពឹងខ្លួន

អាជីវកម្ម​កំពុង​ដំណើរការ​ល្អ

ដោយ​អរគុណ​ចំពោះ​អ្វី​ដែល​គាត់​បាន​រៀន​នៅក្នុង​ថ្នាក់​ភាព​ខ្លួន​ទីពឹង​ខ្លួន នោះ ថេឌី រេយីស រក​ឃើញ​ឱកាស​ថ្មី​មួយ​ទៀត ទោះបី​គាត់​បាត់បង់​ឱកាស​មួយ​ក្តី ។

រូបភាព
couple preparing food

ម៉ោង ៤ ព្រឹក​នៅទីក្រុង សានតូ ដូមីងហ្គោ សាធារណៈរដ្ឋ ដូមីនីហ្គែន ហើយ ថេឌី រេយី បាន​ក្រោក​ឡើង ហើយ​កំពុង​ធ្វើ​ការ ។ គាត់​មាន​កិច្ចការ​ច្រើន​ត្រូវ​ធ្វើ​ដើម្បី​ឲ្យ​អាជីវកម្ម​របស់​គាត់​ដំណើរ​ល្អ ។ គាត់​បាន​ចាប់ផ្តើម​ចិត​ប៉េងប៉ោះ និង​នំបុ័ង​ជាចំណិតៗ ។ បន្ទាប់​មក​ គាត់​ធ្វើ​ទឹក​ជ្រលក់​ពិសេស​របស់​គាត់ ។

នៅ​ម៉ោង ៦ ព្រឹក បុគ្គលិក​ពីរ​នាក់​​បាន​មក ហើយ​ជួយ​ធ្វើ​ការគាត់ និង​ការរៀបចំ​ត្រូវ​បន្ថែម​ល្បឿន​ឡើង ។ ពេល​ម៉ោង ៨ ព្រឹក ពួកគេ​ធ្វើ​នំ​បុ័ងសាំវិច​បាន ៣០០ ខ្ចប់​ដាក់ក្នុង​កញ្ចប់​ផ្លាស្ទីក ហើយ​ដាក់វា​ក្នុង​ថង់ ។ បុគ្គលិក​ប្រាំ​មួយ​នាក់​ទៀត​បាន​មក​ដល់ ហើយ​ក្រុម​នេះ​ទាំង​មូល​បាន​ចេញ​ទៅក្រៅ​ដើម្បី​លក់ ។

ត្រឹម​ម៉ោង ៩ ព្រឹក ពួកគេ​លក់​នំបុ័ង​សាំវិច​ដាច់​ទាំងអស់ លើកលែង​តែមួយ​ចំនួនប៉ុណ្ណោះ—គឺ​នំបុ័ង​បី ឬបួន​ដែល​ថេឌី ទុក​សម្រាប់​ក្រុម​របស់​គាត់ ។

អាជីវកម្ម​នេះ​ល្អ​សម្រាប់​ថេឌី​ ។ ប៉ុន្តែ​អ្វី​គ្រប់​យ៉ាង​មិន​ស្រួល​ជានិច្ច​នោះទេ ។ ប្រាកដ​ណាស់ អស់រយៈពេល​ប្រាំឆ្នាំ​មកហើយ គាត់​ពុំ​អាច​រក​បាន​ការងារ​មាន​ស្ថេរភាព​មួយ​ក្នុង​វិជ្ជាជីវៈ​ដែល​គាត់​បាន​ជ្រើសរើស​ឡើយ—គឺ​មេធាវី ។

ដូច្នេះ តើ​ថេឌី​បាន​ធ្វើ​ការផ្លាស់ប្តូរ​​ពីការប្រឹក្សា​ដល់​អតិថិជន​មក​លក់​នំបុ័ង​សាំវិច​ដោយ​របៀប​ណា ? ប្រាកដ​ណាស់ វា​តម្រូវ​ឲ្យ​មាន​ការខិតខំ​ខ្លាំង ប៉ុន្តែ​វា​ក៏​ត្រូវ​អនុវត្ត​គោលការណ៍​ទាំង​នោះ​ដោយ​ប្រុងប្រយ័ត្ន​ ជាគោលការណ៍​ដែល​គាត់​បាន​រៀន នៅក្នុង​ថ្នាក់​​​កម្មវិធីសេវាកម្ម​ភាព​ខ្លួន​ទីពឹង​ខ្លួន​របស់​សាសនាចក្រ ។

ការបាត់បង់​ការងារ​របស់​គាត់

អស់រយៈពេល​ប្រាំឆ្នាំ ជីវិត​របស់​ថេឌី​គឺ​អស្ចារ្យ​ណាស់ ។ គាត់​មាន​ការងារ​មួយ​ល្អ​ក្នុង​នាម​ជា​មេធាវី គាត់​ទើបតែ​​​រៀបការ​​រួច ហើយ​គាត់​បាន​ជ្រមុជទឹក​ភរិយា​របស់​គាត់ ។ គាត់​និយាយ​ថា « ប៉ុន្តែយើង​មាន​ឧបសគ្គ​មួយ​ចំនួន ហើយ​ខ្ញុំ​បាន​បាត់បង់​ការងារ​របស់​ខ្ញុំ » ។

អស់រយៈពេល​បួន​ឆ្នាំ​បន្ទាប់​មក​ទៀត ថេឌី​មាន​ការលំបាក​ក្នុងការ​ស្វែងរក​ការងារ ។ « មាន​ការងារ​ច្រើន​ដែល​ខ្ញុំ​អាច​ធ្វើ​បាន ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ចង់​បង់ថ្លៃ​ឈ្នួល​ឲ្យ​ខ្ញុំ​ឡើយ ។ ខ្ញុំ​បាន​ព្យាយាម​ចាប់ផ្តើម​មុខរបរ​​ផ្សេង​ដោយ​ខ្លួន​ឯង ប៉ុន្តែ​វា​ពុំ​ដំណើរ​ការ​ទេ » ។

ស្ទេផានី​ភរិយា​របស់​គាត់​មាន​ការងារ​ល្អ​មួយ ប៉ុន្តែ​ប្រាក់​ខែ​របស់​គាត់​តែ​ឯង​ពុំ​អាច​ផ្គត់ផ្គង់​ថ្លៃ​ចាយ​វាយ​គ្រប់​ឡើយ ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក គូស្វាមី​ភរិយា​នេះ​មាន​កូន​ម្នាក់ ។ ពួកគេ​មាន​ក្តីរំភើប​ណាស់ ប៉ុន្តែ​ហិរញ្ញវត្ថុ​របស់​ពួកគេ​​មាន​កាន់តែ​តិច ។ ពួកគេ​បាន​បាត់បង់​ផ្ទះ​ ពួកគេ​ត្រូវ​លក់​ឡាន​របស់​ពួកគេ ហើយ​​ចាយប្រាក់​សន្សំ​ទាំងអស់​របស់​ពួកគេ ។ ទីបំផុត​ពួកគេ​ត្រូវ​ប្តូរ​ទៅ​នៅ​ក្នុង​ផ្ទះ​តូច​មួយ​​ដែល​ជា​របស់​ម្តាយ​ស្ទេផានី ។

ប៉ុន្តែ​ថេឌី​ពុំ​ចុះចាញ់ឡើយ ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ឱកាស​ពុំ​បាន​រំពឹង​ទុក​មួយ​បាន​បង្ហាញ​ឡើង ។

អំណាច​នៃ​ភាព​ខ្លួន​ទីពឹង​ខ្លួន

បន្ទាប់​ពី​ច្រើន​ឆ្នាំនៃ​ការលំបាក ថេឌី​បាន​ដឹង​ថា វា​ដល់​ពេល​ត្រូវ​ផ្លាស់ប្តូរ​ហើយ ។

គាត់និយាយ​ថា « ខ្ញុំ​បាន​សម្រេច​ចិត្ត​ចូលរៀន​ថ្នាក់​ភាព​ខ្លួន​ទីពឹង​ខ្លួន​​របស់​សាសនាចក្រ ។ ខ្ញុំ​បាន​ឮ​ពី​ថ្នាក់​នេះ ប៉ុន្តែ​​ខ្ញុំ​តែងតែ​គិត​ថា ថ្នាក់​ទាំង​នោះមិន​មែន​សម្រាប់ខ្ញុំ​ទេ ។ ខ្ញុំ​បាន​គិត​ថា វា​គឺជា​ការធ្វើកិច្ចការ​ដោយ​ខ្លួន​យើង ។ ថ្នាក់​រៀន​ទាំង​នោះ​គឺ​អស្ចារ្យ​ណាស់ » ។ដំបូង​ថេឌី​បាន​ចូលរួម​ក្រុម​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន

 ។ បន្ទាប់​មក គាត់​បាន​ចូលរួម​​ក្រុម ការ​ចាប់ផ្ដើម និង​ការ​ពង្រីកអាជីវកម្ម​របស់​ខ្ញុំ ។ ការពិភាក្សា​ក្នុង​ថ្នាក់​បាន​ជួយ​ថេឌី​ឲ្យ​មាន​ចំណេះដឹង​ផ្នែ​ក​អាជីវកម្ម ប៉ុន្តែ​ក៏​ជួយ​គាត់​អភិវឌ្ឍ​ផ្នែក​ខាង​វិញ្ញាណ​ផងដែរ ។

គាត់​បាន​និយាយ​ថា « ការរៀន​ថ្នាក់​ទាំង​នេះ​បាន​ផ្លាស់ប្តូរ​អ្វី​គ្រប់​យ៉ាង ។ ខ្ញុំ​បាន​សម្រេច​ចិត្ត​ធ្វើ​អ្វី​​ដែល​ពួកគេ​បាន​បង្រៀន ។ ហើយ​ហិរញ្ញវត្ថុ​របស់​ខ្ញុំ​បាន​ផ្លាស់ប្តូរ​ភ្លាមៗ ។ ខ្ញុំ​បាន​ចាប់ផ្តើម​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពេញលេញ អធិស្ឋាន​រៀងរាល់​ថ្ងៃ សិក្សា​ព្រះគម្ពីរ និង​អនុវត្ត​សេចក្តីជំនឿ ។ ហើយ​អ្វីៗ​បាន​ផ្លាស់ប្តូរ—ខ្ញុំ​បាន​ចាប់ផ្តើម​សន្សំ​ប្រាក់ ហើយ​រក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យ​បរិសុទ្ធ ។ គ្រប់គោលការណ៍​ទាំងអស់​បាន​ផ្តល់ពរ​ដល់​ខ្ញុំ » ។

នៅក្នុង​ក្រុម ការចាប់ផ្ដើម និង​ការពង្រីក​អាជីវកម្ម​របស់​ខ្ញុំ ថេឌី​បាន​រៀន​ពីរបៀប​ស្វែងរក​ផលិតផល​ដែល​មានសក្តានុពល ដែល​អាច​ផ្តល់​ប្រយោជន៍​ដល់​អតិថិជន​នៅ​កន្លែង​ដែល​គាត់​រស់នៅ ។ ពេល​គាត់​បាន​វាយ​តម្លៃ​នូវ​អ្វី​ដែល​មនុស្ស​កំពុង​ស្វែងរក នោះ​ការបំផុសគំនិត​​​បាន​ចាប់ផ្តើម​កើត​មាន​ឡើង ។ នៅក្នុង​តំបន់របស់​គាត់ មនុស្ស​ចូលចិត្តនំបុ័ង​សាំវិច​ស្រស់ៗ ប៉ុន្តែ​ពួកគេ​ក៏​ចូលចិត្ត​​បញ្ជា​ទិញ​វា—ហើយ​ដឹកវា​យកទៅឲ្យ​ពួកគេ​ផងដែរ ។

ថេឌី​និយាយ​ថា « មាន​ភោជនីដ្ឋាន​ជា​ច្រើនមាន​ទឹក​ជ្រលក់​ពិសេស​ដែល​ធ្វើឲ្យ​អាហារ​របស់​ពួកគេ​ឆ្ងាញ់ ។ ដូច្នេះ​ខ្ញុំ​បាន​ធ្វើ​ទឹក​ជ្រលក់​សាំវិច​ពិសេស​ផ្ទាល់​ខ្លួន​ខ្ញុំ » ។

ការពង្រីក​អាជីវកម្ម​របស់​​គាត់

នៅ​ថ្ងៃ​ដែល​គាត់​បើក​អាជីវកម្ម​របស់​គាត់ ថេឌី​បាន​ធ្វើ​នំបុ័ង​សាំវិច​ចំនួន ៣០ ដើម ។

គាត់​និយាយ​ថា « សាមសិប​នាទីក្រោយ​មក ខ្ញុំ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ភរិយា​ខ្ញុំ​មាន​ចិត្ត​ព្រួយ​ពេល​គាត់​ឃើញ​ខ្ញុំ​ដេក​លើ​សាឡុង ។ គាត់​បាន​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​​មក​ផ្ទះ​វិញ​ហើយ—តើ​ខ្ញុំ​មិន​ទៅលក់​នំបុ័ង​សាំវិច​ទេ​ឬ​អី ? ខ្ញុំ​បាន​លក់​វា​ដាច់​អស់ហើយ ! »

ពីរបី​សប្តាហ៍​បន្ទាប់​មក ថេឌី​បាន​ទាក់ទង​អាជីវកម្ម និង​សាលា​រៀន​ក្នុង​មូលដ្ឋាន ។ មាន​មនុស្ស​ជាច្រើន​អន្ទះសារ​ទិញនំបុ័ង​សាំវិច​របស់​គាត់ ហើយ​​អាជីវកម្ម​របស់​គាត់​បាន​រីកចម្រើនឡើង ។ គាត់​បាន​រៀន​យ៉ាង​លឿន​អំពី​របៀប​រក្សា​បន្លែ​ស្រស់​ដើម្បី​គាត់​អាច​ទុក​វា​បាន​យូរ ។ គាត់​ក៏​ដឹង​ច្បាស់​ថា តើ​ទឹក​ជ្រលក់​ពិសេស​របស់​គាត់​អាច​ទុក​បាន​យូរ​ប៉ុណ្ណា​ផងដែរ ។ គាត់​បាន​បញ្ជា​ទិញ និង​យក​នំបុ័ង​រៀងរាល់​ល្ងាច ។ គាត់​ទិញ​បន្លែ​បញ្ចុះ​តម្លៃ​នៅ​រាល់​ថ្ងៃ​សៅរ៍ ដែល​មាន​តម្លៃ​ថោក​ជាង ហើយ​អាច​ទុក​បាន​រហូត​ដល់​ថ្ងៃ​ចន្ទ ។

មិន​យូរ​ប៉ុន្មាន​ក្រោយ​មក គេ​បាន​បញ្ជា​ទិញ​នំបុ័ង​សាំវិច​ជា​ច្រើន​ប្រភេទ​ពី​គាត់ ហើយ​ទិញ​ច្រើនៗ​សម្រាប់​កម្មវិធី​ពិសេសៗ ។ គាត់​ត្រូវការ​ជំនួយ ហើយ​បាន​ចាប់ផ្តើម​ជួល​បុគ្គលិក​ឲ្យ​ធ្វើ​ការ ។

ដោយ​បង្កើត​ទំនាក់ទំនង​វិជ្ជមាន​ជាមួយ​សាលា​រៀន និង​អាជីវកម្ម​ក្នុង​មូលដ្ឋាន ថេឌី​បាន​បង្កើត​ក្រុម​អតិថិជន​ដែល​សកម្ម និង​ជាប់លាប់ ។ ក្នុង​រយៈពេល​បួន​ខែ​ គាត់​មាន​បុគ្គលិក​ប្រាំបី​នាក់ ហើយ​បាន​លក់​នំបុ័ង​សាំវិច ៣០០ ដើម​ក្នុង​មួយ​ថ្ងៃ ប្រាំថ្ងៃ​មួយ​សប្តាហ៍ ។ ក្រុម​លក់​របស់​គាត់​ពិតជា​មាន​ប្រសិទ្ធភាព​ណាស់ ពួកគេ​បាន​លក់​សាំវិច​ទាំងអស់ ទោះបី​អំឡុងពេល​រដូវ​ក្តៅ​ជាពេល​ដែល​សាលា​រៀន​សម្រាក​ក្តី ។ ឥឡូវ​នេះ​ថេឌី​ត្រៀម​ខ្លួន​ដើម្បី​ពង្រីក​អាជីវកម្ម​​ទៀត ។

ដោយសារ​គាត់​បាន​រៀន​ថ្នាក់​ភាព​ខ្លួនទីពឹង​ខ្លួន នោះ​គាត់​ត្រូវបាន​បំផុសគំនិត​ឲ្យ​កើត​មាន​គំនិត​នៃ​ការលក់​នំសាំងវិច ។ គាត់និយាយ​ថា « ដោយសារ​ការណែនាំ​នេះ​ពី​សាសនាចក្រ និង​ពរជ័យ​ដែល​ខ្ញុំ​បាន​ទទួល នោះ​ខ្ញុំ​មានទីបន្ទាល់​យ៉ាង​រឹងមាំ​អំពី​សាសនាចក្រ និង​ព្រះយេស៊ូវគ្រីស្ទ » ។