២០១៩
ការសម្រេច​ចិត្ត ៖ សិទ្ធិ​ជ្រើសរើស ទល់​នឹង វិវរណៈ
ខែ មេសា ឆ្នាំ ២០១៩


យុវមជ្ឈិមវ័យ

ការសម្រេច​ចិត្ត ៖ សិទ្ធិ​ជ្រើសរើស ទល់​នឹង វិវរណៈ

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​យូថាហ៍ ស.រ.អា. ។

ពេល​មាន​ការសម្រេច​ចិត្ត​ធំៗ តើ​យើង​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះ​​ឲ្យ​ប្រាប់​យើង​នូវ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ខ្លាំង​ប៉ុណ្ណា ?

រូបភាព
woman standing in front of river

រចនា​រូបភាព​ដោយ ដេវីឌ ហ្គ្រីន

រៀងរាល់ថ្ងៃ យើងម្នាក់ៗ​​ប្រឈម​មុខ​នឹងការសម្រេច​ចិត្ត ។ ការសម្រេច​ចិត្ត​ខ្លះ​វា​ជា​រឿង​ធម្មតា ដូចជា « តើ​ខ្ញុំ​គួរ​ស្លៀកពាក់​អ្វី ? » « តើ​ខ្ញុំ​គួរ​បរិភោគ​អ្វី​សម្រាប់​អាហារ​ថ្ងៃ​ត្រង់ ? » « តើ​វា​ដល់​ពេល​ត្រូវ​ទិញ​ឡាន​ថ្មី ឬ​​ក៏​ខ្ញុំ​អាច​​នៅ​ទ្រាំ​ប្រើ​ឡាន​ចាស់​នេះ​បន្តិច​ទៀត​សិន ? » ប៉ុន្តែ​​ជារឿយៗ យើង​ជួប​នឹង​ការសម្រេច​ចិត្ត​ធំៗ—« តើ​ខ្ញុំ​គួរតែ​ត្រឡប់​ទៅ​រៀន​វិញ​ដែរ​ឬ​ទេ ? » « តើ​ខ្ញុំ​គួរតែ​ទទួល​យក​ការងារ​នេះ​ដែរ​ឬ​ទេ ? » « តើ​ខ្ញុំ​គួរ​តែ​ប្តូរ​ទៅ​រស់នៅ​ទីក្រុង​ថ្មី​ដែរ​ឬ​ទេ ? » « តើ​ខ្ញុំ​គួរតែ​ទិញ​ផ្ទះ​ដែរ​ឬទេ ? » « តើ​ខ្ញុំ​គួរតែ​ណាត់​ដើរ​លេង​ជាគូ​នឹង​បុគ្គល​នេះដែរ​​ឬ​ទេ ? » « តើ​ខ្ញុំ​គួរតែរៀបការ​ជាមួយ​បុគ្គល​នេះដែរ​​ឬ​ទេ ? » ជាដើម ។

ពេល​ជួប​នឹង​ការ​សម្រេច​ចិត្ត​ធំៗ យើង​មាន​ទំនោរ—ដោយ​សមរម្យ—ប្រើ​ពេល​ច្រើន​​ដើម្បី​ធ្វើ​ការសម្រេច​ចិត្ត ។ យើង​ធ្វើ​តាម​ការទូន្មាន​ដែល​អូលីវើរ ខៅឌើរី បាន​ទទួល​នៅក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៩:៨–៩ ដែល​ព្រះអម្ចាស់​មាន​បន្ទូល​ថា ៖

« ប៉ុន្តែ​មើល​ចុះ យើង​ប្រាប់​អ្នក​ថា អ្នក​ត្រូវ​សិក្សា​ក្នុង​គំនិត​របស់​អ្នក រួច​ហើយ អ្នក​ត្រូវ​សូម​ដល់​យើង បើ​សិន​ជា​ការណ៍​នោះ​ត្រឹមត្រូវ ហើយ​បើ​សិន​ជា​ត្រឹមត្រូវ នោះ​យើង​នឹង​បណ្ដាល​ឲ្យ​ទ្រូង​របស់​អ្នក​ខ្មួលខ្មាញ់​ខាង​ក្នុង ហេតុដូច្នោះហើយ អ្នក​នឹង​មាន​អារម្មណ៍​ថា ការណ៍​នោះ​ត្រឹមត្រូវ ។

ប៉ុន្តែ​បើសិនជា​ការណ៍​នោះ​មិន​ត្រឹមត្រូវ​វិញ នោះ​អ្នក​នឹង​ពុំ​មាន​អារម្មណ៍​យ៉ាង​ដូច្នោះ​ឡើយ ប៉ុន្តែ​អ្នក​នឹង​អាប់​គំនិត ដែល​នឹង​បណ្ដាល​ឲ្យ​អ្នក​ភ្លេច​នូវ​អ្វី​ដែល​ខុស » ។

ទោះបី​នេះ​គឺពិត​ជា​ការទូន្មាន​ល្អក្តី ពេល​មាន​ការសម្រេច​ចិត្ត​ធំៗ​កើត​ឡើង ជួនកាល​យើង​ពឹងផ្អែក​​ច្រើន​បន្តិច​ទៅលើផ្នែក​​ដែល​ព្រះ​មានបន្ទូល​ប្រាប់យើង​នូវ​អ្វី​ដែល​ត្រឹមត្រូវ ហើយ​មិន​ពឹងផ្អែក​ច្រើន​ល្មម​ទៅលើ​ផ្នែក​ដែល​ទ្រង់ប្រាប់​យើង​ឲ្យ​សិក្សា​វា​នៅក្នុង​គំនិត​យើង ។ យើង​បែរ​ជា​ផ្តោត​ចិត្ត​ខ្លាំង​ទៅលើ​ការទន្ទឹង​ចាំ​ព្រះ ឲ្យ​បញ្ជាក់​ការសម្រេច​ចិត្ត​យើង ដែល​យើង​បាន​ឲ្យ​ឱកាស​ដ៏អស្ចារ្យរំលង​ចេញពី​យើង​ទៅ ។ យើង​​ថែមទាំង​ទទួល​ស្គាល់​តួនាទី​នៃ​សិទ្ធិ​ជ្រើសរើស ប៉ុន្តែ​យើង​ភ័យ​ខ្លាច​នឹង​ការសម្រេច​ចិត្ត​ដែល​អាច​ទាញ​យើង​ចេញ​ពី​ផ្លូវ​នៃ « ផែនការ » ដែល​បាន​​តាំងចិត្ត​ជាមុន ហើយ​បញ្ចប់​ដោយ​ការសន្មត​ថា អ្វី​ៗ​ផ្សេង​ទៀត​ក្រៅ​ពី​ការបណ្ដាល​ឲ្យ​ទ្រូង​ខ្មួលខ្មាញ់​ ឬ​សំឡេង​ចេញ​ពី​ស្ថានសួគ៌​នោះ​មានន័យ​ថា ការសម្រេច​ចិត្ត​របស់​យើង​គឺ​ខុស ។ សម្រាប់យើងជា​ច្រើន​នាក់ ភាពតានតឹង​ដែល​ពុំ​អាច​ថ្លែង​បាន​រវាង​សិទ្ធិជ្រើសរើស និង​វិវរណៈ​ផ្ទាល់​ខ្លួន​ដឹកនាំ​ទៅរក​សំណួរ​​សំខាន់​មួយ ៖ តើ​ព្រះ​មាន​តួនាទីអ្វី​នៅក្នុង​ការជួយ​យើង​ឲ្យ​ធ្វើ​ការសម្រេច​ចិត្ត ?

តួនាទី​របស់​ព្រះ​ក្នុងការ​សម្រេច​ចិត្ត​របស់​យើង

ប្រហែល​សំណួរ​នេះ​គឺត្រូវ​​​ឆ្លើយ​បាន​​ល្អ​បំផុត​ តាមរយៈ​រឿង​របស់​បង​ប្រុស​យ៉ារេឌ ? មាន​លំនាំ​ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ស្តីពី​ការរីកចម្រើន​នៅក្នុង​រឿង​នេះ ដែល​បង្រៀន​យើង​អំពី​របៀប​ដែល​ព្រះ​រំពឹង​ទុក​ឲ្យ​យើង​ធ្វើ​ការសម្រេច​ចិត្ត ។ បន្ទាប់ពី​បានបំភាន់ភាសា​​នៅប៉ម​បាបិល​មក យ៉ារេឌ​សូម​ឲ្យ​បងប្រុស​របស់​លោក​ទូល​សួរ​ព្រះអម្ចាស់​ថា តើ​ពួកគេ​គួរ​ចាកចេញ​ពី​ដែនដី​ដែរ​ឬទេ ហើយ​បើ​ត្រូវ​ចាកចេញ​មែន តើ​ពួកគេ​គួរតែ​ទៅ​ទីណា ( សូមមើល អេធើរ ១:៣៦–៤៣ ) ។ បងប្រុស​របស់​យ៉ារេឌ​បាន​អធិស្ឋាន​ ហើយ​ព្រះអម្ចាស់​បាន​​ដឹកនាំ​ពួកគេ​ទៅ​ឆ្នេរ​សមុទ្រ ។ ពេល​ពួកគេ​ធ្វើ​ដំណើរ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ទៅកាន់​ពួកគេ​ពី​លើ​ពពក ហើយ​បាន​ដឹកនាំ​ពួកគេ​​គ្រប់​ជំហាន​នៃ​ការធ្វើ​ដំណើរ​របស់​ពួកគេ ។ ទីបំផុត​ពួកគេ​បាន​ទៅ​ដល់​ឆ្នេរ​សមុទ្រ​ជាកន្លែង​ដែល​ពួកគេ​​បាន​ស្នាក់នៅ​អស់​ជាច្រើន​ឆ្នាំ ។

នៅ​ចុង​ឆ្នាំ​ទី​បួន ព្រះ​បាន​ប្រាប់​បងប្រុស​របស់​យ៉ារេឌ​ឲ្យ​សាងសង់​ភេត្រា ដើម្បី​ត្រៀម​ខ្លួន​ឆ្លង​កាត់​មហា​សមុទ្រ ។ ពេល​បងប្រុស​របស់​យ៉ារេឌ​ដឹង​ថា ភេត្រា​ទាំង​នោះ​នឹង​​គ្មាន​ខ្យល់ នោះ​លោក​ធ្វើ​តាម​លំនាំដដែល ​ដោយ​ទៅ​រក​ព្រះ​ដើម្បី​ទូល​សូម​អ្វី​ដែល​លោកគួរធ្វើ ។ ដូច​បាន​រំពឹង​ទុក ព្រះអម្ចាស់​​ឆ្លើយ​តប ដោយ​​ប្រទាន​ការណែនាំលម្អិត​ដល់លោក ឲ្យ​ចោះ​រន្ធ​នៅ​ផ្នែក​ខាង​លើ និង​បាត​ភេត្រា​ទាំង​នោះ ។ សូម​កត់សម្គាល់​ពី​លំនាំ​នៃ​វិវរណៈ​កន្លង​មក ៖ ព្រះ​ប្រទាន​ផែនការ​ដល់​ពួកគេ ពួកគេ​សួរ​សំណួរ​អំពី​របៀប​ដើម្បី​បំពេញ​ផែនការ​នោះ ហើយ​ព្រះ​ឆ្លើយ​តប​នូវ​ចម្លើយ​ដ៏លម្អិត និង​ច្បាស់​លាស់ ។

ប៉ុន្តែ​បន្ទាប់​ពី​លោក​បាន​ចោះរន្ធ​នៅ​ក្នុ​ងភេត្រា​ហើយ​នោះ បងប្រុស​របស់​យ៉ារេឌ​ដឹង​ថា ភេត្រា​​នឹង​គ្មាន​​ពន្លឺ​ទេ ។ ជា​ថ្មី​ម្តង​ទៀត លោក​បាន​ទូល​សួរ​ព្រះ​ថា តើលោក​គួរតែ​ធ្វើ​ដូចម្ដេច ។ ប៉ុន្តែ​ជំនួស​ឲ្យ​ការ​ផ្តល់​ចម្លើយ ព្រះ​បានសួរ​ថា « តើ​អ្នក​ចង់​ឲ្យ​យើង​ធ្វើ​អ្វី ដើម្បី​ឲ្យ​អ្នក​មាន​ពន្លឺ​នៅក្នុង​ភេត្រា​ទាំងឡាយ​របស់​អ្នក ? » ( អេធើរ ២:២៣ ) ។ ជាជាង​ការ​ប្រទាននូវ​ការណែនាំ​លម្អិត​ដូច​ទ្រង់​បាន​ធ្វើ​កាល​ពីមុន នៅ​គ្រា​នេះ​ព្រះអម្ចាស់​រង់ចាំ​ឲ្យ​បងប្រុស​យ៉ារេឌ​សម្រេច​ចិត្ត​ធ្វើ​កិច្ចការ​នោះ ។

ចម្លើយ​បែប​នេះ​ពី​ព្រះអម្ចាស់​ ប្រហែល​ជា​ពិបាក​យល់​បំផុត ពេល​ព្យាយាម​ធ្វើ​ការសម្រេច​ចិត្ត​មួយ ។ យើង​ត្រូវបា​ន​បង្រៀន​ឲ្យ​អធិស្ឋាន ហើយ​រង់ចាំ​ទទួល​ចម្លើយ ដូច្នេះ​ជាទូទៅ យើង​បារម្ភពេល​យើង​​អត់​ទទួល​ចម្លើយ ។ ជារឿយៗ យើង​ឆ្ងល់​ថា តើ​ការខ្វះ​ចម្លើយ​ច្បាស់លាស់​ស្មើ​នឹង « អាប់​គំនិត » បង្ហាញ​ថា​ជម្រើស​របស់​ខុស​ឬ ។ មាន​គ្រា​ផ្សេង​ទៀត យើង​ឆ្ងល់​ថា តើ​​វា​មាន​ន័យ​ថា យើង​ពុំ​សុចរិត​ល្មម​ដើម្បី​ស្តាប់​ចម្លើយ ឬ​តើយើង​ពុំ​បាន​សូម​ដោយ « ចិត្ត​ស្មោះសរ​ » ឬ ( សូមមើល មរ៉ូណៃ ១០:៤ ) ។ ប៉ុន្តែ​មាន​ជម្រើស​ទី​បី ដែល​ជួនកាល​យើង​ពុំ​ពិចារណា—ប្រហែល​ដូច​ជា​បងប្រុស​របស់​យ៉ារេឌ ព្រះ​ទន្ទឹង​រង់ចាំ​ឲ្យ យើង ធ្វើ​ការសម្រេច​ចិត្ត ផ្ទាល់ ដោយ​ខ្លួន​ឯង ។

កា​រធ្វើការ​សម្រេចចិត្ត

ថ្មីៗ​នេះ ខ្ញុំ​បាន​ជួប​នឹង​ស្ថានភាព​មួយ​ដែល​ជា​ឧបសគ្គ​រាំង​ផ្លូវ​ខ្ញុំ​ឲ្យ​គិត​អំពី​សិទ្ធិ​ជ្រើសរើស និង​វិវរណៈ​ផ្ទាល់ខ្លួន ។ ពេល​ខ្ញុំ​ជិត​បញ្ចប់​ការសិក្សា មាន​គេ​ផ្តល់​ការងារ​ផ្សេងៗ​មួយ​ចំនួន​ដល់​ខ្ញុំ​នៅក្នុង​ទីក្រុងផ្សេងៗ ហើយ​ខ្ញុំ​ពុំ​អាច​សម្រេច​ចិត្ត​ថា ត្រូវ​យក​មួយ​ណា​ទេ ។ ដូច​ជា​បងប្រុស​របស់​យ៉ារេឌ​ដែរ ខ្ញុំ​បាន​ជួប​នូវ​គ្រា​ជា​ច្រើន​ ដែល​ខ្ញុំ​បាន​អធិស្ឋាន​អំពី​ការសម្រេច​ចិត្ត​ធំៗ ហើយ​ព្រះ​បាន​ឆ្លើយ​តប​ជាមួយ​នឹង​ចម្លើយ​ដ៏​ច្បាស់លាស់ ។ ដោយ​ពឹង​ផ្អែក​លើ​បទពិសោធន៍​ពីមុនៗ ខ្ញុំ​បាន​ចាប់ផ្តើម​អធិស្ឋាន ហើយ​ទូលសូម​ព្រះ​ឲ្យ​ជួយ​ខ្ញុំ​សម្រេច​ចិត្ត​ថា តើ​ការងារ​មួយ​ណា​ដែលខ្ញុំ​គួរតែ​យក ។ ខ្ញុំ​ក៏​កំពុង​ធ្វើ​ផ្នែក​របស់​ខ្ញុំ តាមរយៈ​ការរៀន​អំពី​ឱកាស​ការងារ​នីមួយៗ ហើយ​ប្រឹក្សា​ជាមួយ​មនុស្ស​ជា​ច្រើន ។ ប៉ុន្តែ​មិន​ថា ខ្ញុំ​បាន​អធិស្ឋាន ឬ​តម​អាហារ​ច្រើន​ប៉ុណ្ណា​ទេ ស្ថានសួគ៌​ហាក់ដូចជា​ស្ងប់ស្ងាត់ ហើយ​ខ្ញុំ​ពុំ​បាន​ទទួល​ចម្លើយ​ឡើយ ។

រូបភាព
two different cities

ថ្ងៃ​ផុត​កំណត់​ធ្វើ​ការសម្រេច​ចិត្ត​ជិត​មក​ដល់ ហើយ​ខ្ញុំ​បាន​ចាប់ផ្តើម​ភ័យ ។ ប្រាកដ​ណាស់ ព្រះអម្ចាស់​ត្រូវតែ​ខ្វល់ខ្វាយ​នឹង​ការសម្រេច​ចិត្ត​បែប​​នេះ​ ហេតុអ្វី​ទ្រង់​ពុំ​ឆ្លើយ​តប ? ប្រហែល​ជា​ទ្រង់​ពុំ​ខ្វល់ខ្វាយ​អំពី​មុខរបរ​ណា​មួយ​ដែល​ខ្ញុំ​ជ្រើសរើស​ឡើយ ប៉ុន្តែ​ទ្រង់​ត្រូវ​ខ្វល់​ថា តើ​ខ្ញុំ​ត្រូវ​ប្តូរ​ទៅរស់នៅ​ទីក្រុង​ណាមួយ ដោយសារ​វា​នឹង​ជះ​ឥទ្ធិពល​លើ​ជីវិត​ខ្ញុំ ។ ព្រះអម្ចាស់​ខ្វល់​ព្រះទ័យ​នឹង​ការសម្រេច​ចិត្តរបស់ខ្ញុំ​ជានិច្ច​កាល​ពី​អតីតកាល ហេតុអ្វី​ទ្រង់​មិន​ខ្វល់​ព្រះទ័យ​នឹង​ការសម្រេច​ចិត្ត​​របស់​ខ្ញុំ​លើក​នេះ ?

មិន​ថា ខ្ញុំ​ខំប្រឹ​ង​បែប​ណា​ទេ ខ្ញុំ​ពុំ​បាន​ទទួល​ចម្លើយ​ឡើយ ។ ខ្ញុំ​បាន​ចាប់​ផ្តើម​ឆ្ងល់ថា តើ​ខ្ញុំ​​បាន​ចេញ​ឆ្ងាយ​ពី​ព្រះ​ឬ បាន​ជា​ខ្ញុំ​ពុំ​ឮ​ចម្លើយ​ទ្រង់​ដូច្នេះ ។ ខ្ញុំ​ក៏​ឆ្ងល់​ផងដែរ​ថា តើ​ខ្ញុំ​ពុំ​អាច​ឮ​ចម្លើយ​ទ្រង់ ដោយសារ​ខ្ញុំ​មិន​ ចង់ ឮ​ចម្លើយ​ឬ ។ ទីបំផុត នៅ​មួយ​ថ្ងៃមុន​ដល់​ថ្ងៃ​កំណត់ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​បាន​សម្រេច​ចិត្ត​ហើយ ដូច្នេះ​ខ្ញុំ​បាន​ប្រើ​ការវិនិច្ឆ័យ​របស់​ខ្ញុំ ហើយ​ធ្វើ​ការសម្រេច​ចិត្ត ។ នា​យប់​នោះ ខ្ញុំ​អធិស្ឋាន​យ៉ាង​សាមញ្ញ ដោយ​ទូលសូម​ទ្រង់​ឲ្យ​ប្រាប់​ខ្ញុំ ប្រសិនបើ​ចម្លើយ​របស់​ខ្ញុំ​ខុស ។ នៅ​តែ​គ្មាន​ចម្លើយ​កើត​ឡើង​ឡើយ ដូច្នេះ​ខ្ញុំ​បាន​បន្ត​ឆ្ពោះ​ទៅមុខ ហើយ​ទទួល​យក​ការងារ​នោះ ។

បីបួន​ខែ​ក្រោយ​មក ខ្ញុំ​នៅ​តែ​មាន​មន្ទិល​សង្ស័យ​អំពី​ការសម្រេច​ចិត្ត​របស់​ខ្ញុំ ដូច្នេះ​ខ្ញុំ​បាន​សូម​ការប្រសិទ្ធពរ​បព្វជិតភាព​ដើម្បី​ទទួល​ការបញ្ជាក់ ។ នៅក្នុង​ការប្រសិទ្ធពរ​នោះ ខ្ញុំ​ត្រូវបាន​ប្រាប់​ថា ខ្ញុំ​ពុំ​បាន​ទទួលចម្លើយ​ចំពោះ​ការអធិស្ឋាន​​ខ្ញុំ​ទេ ដោយសារ​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​នឹង​ការសម្រេច​ចិត្ត​ដែល​ខ្ញុំ​បាន​ធ្វើ ។ ពរជ័យ​នេះ​ពង្រឹង​​ដល់​ការទូន្មាន​ពីមុន​ដែល​បាន​ផ្តល់​ដល់​ខ្ញុំ​តាមរយៈ​ប្រធាន​បេសកកម្ម​ខ្ញុំ ដែល​បាន​ប្រាប់​ខ្ញុំ​ថា ជារឿយៗ វា​មិន​សំខាន់​ថា យើង​សម្រេច​ចិត្ត​ធ្វើ​អ្វី​នោះ​ទេ ។ ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​យើង​រៀន​អំពី​របៀប​ដើម្បី​ពឹង​ផ្អែក​លើ​ខ្លួន​ឯង ហើយ​សម្រេច​ចិត្ត​​ពី​របៀប​ដែល​ជីវិត​យើង​ត្រូវ​រស់នៅ ។ ប្រធាន​បេសកកម្ម​របស់​ខ្ញុំ​ក៏​បាន​រំឭក​ខ្ញុំដែរថា ព្រះ​ជា​ព្រះវរបិតាសួគ៌​របស់​យើង ពុំ​​ដាក់​ទោស​យើង ហើយ​យក​ឱកាស​នានា​ដែល​បាន​សន្យា​ចេញ​ពី​យើង​ទេ ប្រសិនបើ​យើង​មាន​ចិត្ត​ស្មោះ ដោយ​ព្យាយាម​ចង់​ដឹង​អ្វី​ដែល​ត្រូវ​ធ្វើ​នោះ ។

បងប្រុស​យ៉ារេឌ​ទំនង​ជា​​ត្រូវបាន​ផ្តល់​យោបល់​ឲ្យ​ស្ទើរ​តែ​គ្រប់ដំណោះស្រាយ​ទាំងអស់ ដើម្បី​បំភ្លឺ​ភេត្រា​ទាំង​នោះ ហើយ​ព្រះអម្ចាស់​​​យល់​ស្រប​នឹង​រឿង​នោះ ។ ចំណុច​នៃ​បទពិសោធន៍​នោះ​គឺ​ពុំគ្រាន់តែ​សម្រាប់​បងប្រុស​យ៉ារេឌ​​ពង្រឹង​សេចក្តីជំនឿ​របស់​លោក​​ទេ លោក​​ថែម​ទាំង​បាន​រៀន​ពី​របៀប​ធ្វើ​ការសម្រេច​ចិត្ត​ផងដែរ ។

អនុវត្ត​សិទ្ធិ​ជ្រើសរើស

រូបភាព
different paths

ចេញ​ពី​ទស្សន​វិស័យ​អស់កល្ប​មួយ ការអនុវត្ត​សិទ្ធិ​ជ្រើសរើស​គឺជា​ធាតុ​ចាំបាច់​មួយ​ដើម្បី​រីកចម្រើន​ផ្ទាល់​ខ្លួន ។ បើ​គ្មាន​សិទ្ធិ​ជ្រើសរើស​ទេ​នោះ យើង​ពុំ​អាច​ធ្វើ​ការសម្រេ​ច​ចិត្ត​​ដែល​នឹង​ជួយ​យើង​ឲ្យ​សម្រេច​បាន​សក្ដានុពល​ដ៏​ពេញ​លេញ​របស់​យើង​ឡើយ ។ ដូចជា​អ្វីៗ​ផ្សេង​ទៀត​នៅក្នុង​ដំណឹងល្អ ការរីកចម្រើន​កើត​ឡើង « មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ » ( នីហ្វៃ​ទី ២ ២៨:៣០ ) ។ ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ក្លាយ​ជា​មនុស្ស​មាន​ការរៀបចំ ពុំមែន​ជា​មនុស្ស​ខ្លាច​មិន​ហ៊ាន​អនុវត្ត​នោះ​ទេ ហើយ​ទ្រង់​រំពឹង​ឲ្យ​យើង​ប្រើប្រាស់​សិទ្ធិ​ជ្រើសរើស​របស់​យើង​ដើម្បី​រស់នៅ​​ឲ្យ​បាន​ល្អ​បំផុត​តាម​ដែល​យើង​អាច​ធ្វើ​បាន ។

ពេល​យើង​រៀន​ស្វែងរក​តុល្យភាព​រវាង​សិទ្ធិ​ជ្រើសរើស និង​វិវរណៈ​ហើយ​ នោះ​យើង​អាច​ដកពិសោធន៍​ការរីកចម្រើន​ខាង​វិញ្ញាណ​យ៉ាង​ពិត​ប្រាកដ​ ។ នេះ​គឺជា​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​បងប្រុស​យ៉ារេឌ ។ បន្ទាប់​ពី​គិត​អំពី​រឿង​នោះ​មក លោក​បាន​ធ្វើការ​រំលាយ​ក្រួស ១៦ ដុំ ចេញ​ពី​ថ្ម ហើយ​សូម​ឲ្យ​ព្រះ​ពាល់​ក្រួស​ទាំង​នោះ ហើយ​ធ្វើ​ឲ្យ​វា​មាន​ពន្លឺ​ឡើង ( សូមមើល អេធើរ ៣:១–៥ ) ។ លើកនេះ ពេល​ព្រះ​បាន​ឆ្លើយ​តប អ្វីៗគ្រប់​យ៉ាង​បាន​ផ្លាស់ប្តូរ ។ ជាជាង​ការឮ​សំឡេង​របស់ព្រះ​នៅលើ​ពពក បងប្រុស​យ៉ារេឌ​បាន ឃើញ ព្រះអម្ចាស់​ដោយ​ផ្ទាល់ ​ដែល​ពុំ​គ្រាន់តែ​បង្ហាញ​ព្រះកាយ​ទ្រង់​ប៉ុណ្ណោះ​ទេ ទ្រង់​ថែម​ទាំង​បង្ហាញ​បងប្រុស​យ៉ារេឌ​នូវ​ការនិមិត្ត​ដ៏​អស្ចារ្យ​អំពី​ពិភពលោក និង​អ្វីៗ​គ្រប់យ៉ាង​ដែល​នឹង​កើត​ឡើង ( សូមមើល អេធើរ ៣:៦–២៦ ) ។ វា​អាច​ថា បងប្រុស​យ៉ារេឌ​ពុំ​បាន​រៀបចំ​ខ្លួន​ខាង​វិញ្ញាណ​​ដើម្បី​ទទួល​ការនិមិត្ត​នោះ​ឡើយ ប្រសិនបើ​លោក​ពុំ​បាន​ទទួល​បទពិសោធន៍​នៃ​ការរីកចម្រើន​ផ្ទាល់​ខ្លួន​​ជា​មុន​ដំបូង​សិន ដែល​កើត​មក​ពី​ការសម្រេច​ចិត្ត​ផ្ទាល់​ខ្លួន​លោក​នោះ ។

ពេល​យើង​ធ្វើ​ការសម្រេច​ចិត្ត យើង​ត្រូវ​ប្រាកដ​ថា ធ្វើ​តាម​ការទន្មាន​របស់​អាលម៉ាឲ្យ « ប្រឹក្សា​ជាមួយ​​នឹងព្រះអម្ចាស់​នូវ​គ្រប់​កិច្ចការ [ របស់យើង ] ( អាលម៉ា ៣៧:៣៧ ) ។ ពេល​ព្រះអម្ចាស់​ត្រូវ​ការ​យើង​ឲ្យ​ធ្វើ​ការសម្រេច​ចិត្ត​ជាក់លាក់​មួយ ទ្រង់​នឹង​អនុញ្ញាត​ឲ្យ​យើង​ដឹង និង​ជួយ​រារាំង​យើង​ពី​ការវង្វេង​ផ្លូវ ។ ប៉ុន្តែ​យើង​ក៏​ត្រូវ​រៀបចំ​ខ្លួន​ដើម្បី​ឈរ​យ៉ាង​រឹងប៉ឹង ហើយ​បន្ត​ឆ្ពោះ​ទៅមុខ​ដោយ​សេចក្តីជំនឿ ទោះបី​មាន ឬ​គ្មាន​ចម្លើយ​កើត​ឡើង​ក្តី ។ ដរាប​ណា​យើង​រក្សា​សេចក្តីសញ្ញា​របស់​យើង ហើយ​បន្ត​នៅ​ស្មោះត្រង់​ចំពោះ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ទទួល​អារម្មណ៍​នៃ​ទំនុក​ចិត្ត​ក្នុង​ការសម្រេច​ចិត្ត​ដ៏​សុចរិត​របស់​យើង និង​ភាព​សុខសាន្ត​ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ជាមួយ​នឹង​កិច្ចខិតខំ​របស់យើង ។