២០១៩
ភាពទៀងត្រង់​ដ៏​ផ្អែម​ល្ហែម
ខែ មេសា ឆ្នាំ ២០១៩


ភាពទៀងត្រង់​ដ៏​ផ្អែម​ល្ហែម

អ្នក​និពន្ធ​រស់​នៅ​ក្នុង​រដ្ឋ​ខូឡូរ៉ាដូ ស.រ.អា. ។

« ប្រព្រឹត្ត​សេចក្តី​ល្អ​តែ​ប៉ុណ្ណោះ » ( កូរិនថូស​ទី ២ ១៣:៧ ) ។

រូបភាព
Sweet Honesty

ម៉ាក់​បាន​និយាយ​ថា « ម៉ាក់​ត្រូវការ​កូន​មើល​ថែ​ប្អូន ។ ប៉ា​របស់​កូន និង​ម៉ាក់​នឹង​ទៅ​ជួយ​មនុស្ស​ម្នាក់​ដែល​ឈឺ » ។

ខ្ញុំ​បាន​ងើយ​មុខមើល​គាត់​ពេល​កំពុង​ជូល​កម្រាល​ឥដ្ឋ​ផ្ទះ​តូច​របស់​យើង ហើយ​ងក់​ក្បាល ។ ម៉ាក់​គឺជា​ប្រធាន​សមាគមន៍​សង្គ្រោះ ហើយ​ជារឿយៗ​គាត់​បាន​ទៅ​សួរសុខទុក្ខ​បងប្អូន​ស្រី​នៅក្នុង​វួដ​របស់យើង ។

ម៉ាក់​បាន​និយាយ​ទាំង​ថើប​សក់​ក្បាល​ខ្ញុំ​ថា « អរគុណ​អាលីន ។ ចន​កំពុង​គេង ។ ហើយ​មាន​ម្សៅ​ធ្វើ​នំបុ័ង​នៅលើ​តុ ។ សុំ​កុំ​ប៉ះពាល់​វា » ។

ខ្ញុំ​បាន​មើល​ម៉ាក់ និង​ប៉ាតាម​មាត់​ទ្វារ ពេល​ពួកគេ​ជិះ​រទេះ​មាន​ដំបូង​ទៅ​តាម​ផ្លូវ​ដី​ហុយ ។ ខ្ញុំ​មាន​អារម្មណ៍​មោទនភាព​ដែល​ម៉ាក់​បានទុក​ចិត្ត​ខ្ញុំ ។

ពេល​ខ្ញុំ​បោស​សម្អាត​ផ្ទះ​បាយ ខ្ញុំ​បាន​ឈប់ ហើយ​មើល​ទៅ​ម្សៅ​ធ្វើ​នំបុ័ង​នោះ ។ ខ្ញុំ​ពុំ​អាច​ទ្រាំ​នឹង​រង់ចាំ​ឲ្យ​ម៉ាក់​ធ្វើ​នំបុ័ង​យប់​នេះ​ឡើយ ។ ជាទូទៅ យើង​បរិភោគ​នំបុ័ង​ស្រស់ៗ​ជាមួយ​ដំណាប់​​ដែល​យើង​ធ្វើ ។ ប៉ុន្តែ​យើង​បាន​អស់​ដំណាប់​បី​ខែមក​ហើយ ។

ដំណាប់ ! គំនិត​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឃ្លាន​អ្វី​មួយ​ផ្អែមៗ ។ ខ្ញុំ​បាន​ក្រឡេក​មើល​ទៅ​ក្រឡ​ស្ករ​ដែល​នៅលើ​ធ្នើរ​ខ្ពស់ ។ ខ្ញុំ​ដឹង​ថា ម៉ាក់​បាន​ទុក​វា​ដើម្បី​ធ្វើ​ដំណាប់​​បន្ថែម​ទៀត ។

ប៉ុន្តែ​ពេល​ណា​ខ្ញុំ​គិត​អំពី​ស្ករ នោះ​ខ្ញុំ​កាន់តែ​ឃ្លាន ។ ទីបំផុត ខ្ញុំ​បាន​ទាញ​កៅអី​ដាក់​ឡើង​លើ​តុ ហើយ​ឈោង​យក​វា ។ ម្រាម​ដៃ​របស់​ខ្ញុំ​ស្ទើរ​តែ​ប៉ះ​ក្រឡ​ស្ករ​នោះ ។ ខ្ញុំ​​បាន​ទាញ​វា​មកក្បែរ​គែម​ធ្នើរ ។…

បន្ទាប់​មក ក្រឡ​នោះ​បាន​រអិល​ធ្លាក់​ចុះពី​ធ្នើរ ។ ខ្ញុំ​បាន​ព្យាយាម​ចាប់​វា ប៉ុន្តែ​វា​បាន​ធ្លាក់​ឭ​សំឡេង​យ៉ាង​ខ្លាំង​នៅ​ចំ​កណ្តាល​ម្សៅ​ធ្វើ​នំបុ័ង ។ ស្ករ​បាន​ខ្ចាយ​ពេញ​លើ​នំបុ័ង និង​តុ ព្រមទាំង​លើ​កម្រាល​ឥដ្ឋ​ផងដែរ ។

ខ្ញុំ​បាន​ស្រែក « អូ៎ អត់​ទេ ! » វា​បាន​ធ្វើ​ឲ្យ​ប្អូន​ប្រុស​ខ្ញុំ​ភ្ញាក់ ។ គាត់​បាន​ចាប់ផ្តើម​យំ ។ ខ្ញុំ ក៏​ចង់​យំ​ដែរ ។ តើ​ម៉ាក់​នឹង​និយាយ​ដូចម្តេច​អំពី​ភាព​រញ៉េរញ៉ៃ​នេះ ?

បន្ទាប់​ពី​ខ្ញុំ​បាន​លួង​ចន​ហើយ ខ្ញុំ​បាន​ខំ​សម្អាត​ស្ករ​ដែល​ខ្ចាយ​នោះ ។ ខ្ញុំ​បាន​ទាញ​ក្រឡ​នោះ​ចេញពី​ម្សៅ ហើយ​លាង​សម្អាត​វា ។ ខ្ញុំ​បាន​បោស​ម្អាត​ស្ករ​ចេញពី​តុ និង​កម្រាល​ឥដ្ឋ ។ ប៉ុន្តែ​ខ្ញុំ​ពុំ​អាច​ធ្វើ​អ្វី​មួយ​ដើម្បី​យក​ស្ករ​ចេញពី​ម្សៅ​បាន​ឡើយ ។

ខ្ញុំ​បាន​គិត​ពី​ការទុក​ក្រឡ​ស្ករ​ទៅលើ​ធ្នើរ​វិញ ។ ប្រហែល​ជា​ម៉ាក់​មិន​ចាំ​ថា អស់​ស្ករ​ទេ ។ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា ធ្វើ​បែប​នេះ​ពុំ​ត្រូវ​ទេ ។ ដូច្នេះ​ខ្ញុំ​បាន​ទុក​ក្រឡ​នេះ​នៅលើ​តុ ហើយ​រង់ចាំ​រហូត​ដល់​ម៉ាក់ និង​ប៉ា​ត្រឡប់​មក​ផ្ទះ​វិញ ។

ពេល​ពួកគាត់​មក​ដល់​ផ្ទះ ម៉ាក់​បាន​ឃើញ​ក្រឡ​ស្ករ​ភ្លាម ។

ខ្ញុំ​បាន​ដក​ដង្ហើម​ធំ ។ « កូន​គ្រាន់តែ​ចង់​ភ្លក់​រសជាតិ​ស្ករ ! តែ​កូន​បាន​ប៉ះ​ក្រឡ​ស្ករ​ធ្លាក់​ចុះពី​ធ្នើរ ។ កូន​បាន​ព្យាយាម​សម្អាត​វា ប៉ុន្តែ​កូន​ពុំ​អាច​យក​ស្ករ​ចេញពី​ម្សៅ​ធ្វើ​នំបុ័ង​បាន​ទេ » ។ ខ្ញុំ​បាន​និយាយ​យ៉ាង​លឿន ខណៈ​ដែល​ខ្ញុំ​ឱន​មុខ​ចុះ​ទៅ​កម្រាល​ឥដ្ឋ ។

ម៉ាក់​បាន​នៅ​ស្ងៀម​មួយ​សន្ទុះ ។

ខ្ញុំ​បាន​និយាយ​ខ្សឹបៗ​ថា « ឲ្យ​កូន​សុំទោស » ។

ម៉ាក់​បាន​ដក​ដង្ហើម​ធំ ។ គាត់​បាន​និយាយ​ថា « អញ្ជឹង​ម៉ាក់​គិត​ថា នំបុ័ង​នឹង​មាន​រសជាតិ​ផ្អែម​ខ្លាំង​ហើយ​យប់​នេះ ។ ខ្ញុំ​បាន​ងើយ​មើល​ទៅ​គាត់ ។ គាត់​បាន​ញញឹម​បន្តិច​ដាក់​ខ្ញុំ ។ « អរគុណ​ដែល​កូន​បាន​ប្រាប់​នូវ​អ្វី​ដែល​បាន​កើត​ឡើង ។

ពេល​យើង​បរិភោគ​នំបុ័ង​ផ្អែម​នា​យប់​នោះ ម៉ាក់ និងប៉ា ព្រមទាំង​ខ្ញុំ​បាន​និយាយ​គ្នា​អំពី​ភាព​ទៀងត្រង់ ។

ប៉ា​បាន​និយាយ​ថា « យើង​ទាំងអស់​គ្នា​ធ្វើ​ខុស​ច្រើន​នៅក្នុង​ជីវិត ។ ប៉ុន្តែ​ពេល​យើង​មាន​ចិត្ត​ទៀងត្រង់ ហើយ​ព្យាយាម​ប្រែចិត្ត នោះ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​សព្វ​ព្រះទ័យ ។ យើង​នឹង​មាន​ពរជា​និច្ច​សម្រាប់​ការ​មាន​ចិត្ត​ទៀងត្រង់—ទោះបី​វា​ហាក់ដូចជា​លំបាក​នៅ​ពេល​ដំបូង​ក្តី » ។

ខ្ញុំ​នៅតែ​ស្តាយ ដែល​ខ្ញុំ​បាន​ធ្វើ​ឲ្យ​កំពប់​ស្ករ ។ ខ្ញុំ​បាន​ដឹង​ថា យើង​ប្រហែល​ជា​គ្មាន​ដំណាប់​​ច្រើន​ទេ​នា​ឆ្នាំ​នេះ ដោយសារ​តែ​កំហុស​របស់​ខ្ញុំ ។ ប៉ុន្តែ​ខ្ញុំ​រីករាយ ដែល​ខ្ញុំ​បាន​និយាយ​ការពិត ។ នោះ​គឺជា​អារម្មណ៍​ដ៏ផ្អែម​ល្អែម​មួយ ដែល​ទោះ​ជា​មាន​ស្ករ​ប៉ុន្មាន​ក៏​មិន​អាច​ធ្វើ​ឲ្យ​វា​ផ្អែម​ដូច​នេះ​ឡើយ ។