២០១៩
មេរៀន​បី​ស្តីពី សេចក្តីស្រឡាញ់ អំណរ និង​ភាព​សុខសាន្ដ
ខែ មេសា ឆ្នាំ ២០១៩


មេរៀន​បី​ស្តីពី សេចក្តីស្រឡាញ់ អំណរ និង​ភាព​សុខសាន្ដ

ដកស្រង់​ចេញ​មកពី​សុន្ទរកថា​ការប្រជុំ​ធម្មនិដ្ឋាន « Happiness, Deceit, and Small Things » ដែល​បាន​ថ្លែង​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ នៅថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០១៧ ។

ការធ្វើ​តាម​ជំហាន​ទាំង​បី​នេះ​អាច​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ដ៏​ធំ​នៅក្នុង​ជីវិត​របស់​អ្នក ហើយ​ជួយ​អ្នក​ឲ្យ​ទទួល​អារម្មណ៍​នៃ​ផលផ្លែ​នៃ​ព្រះវិញ្ញាណ ។

រូបភាព
bowl of fruit

កាល​ខ្ញុំ​រៀន​នៅ​មហា​វិទ្យាល័យ នោះ​ខ្ញុំ​បាន​គិត​​ច្រើន​ពី​អនាគត​ខ្ញុំ ។ ពេល​ខ្ញុំ​ឈាន​ដល់​ពេល​អនាគត—មាន​ន័យ​ថា ជីវិត​បន្ទាប់​ពី​មហាវិទ្យាល័យ—ខ្ញុំ​បាន​រៀន​​មេរៀន​បី​សំខាន់ៗ​ដែល​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​មាន​ការផ្លាស់ប្តូរ​យ៉ាង​ធំ ។ ខ្ញុំ​ចង់​ចែកចាយ​មេរៀន​ទាំង​នេះ​ជាមួយ​អ្នក ដោយ​សង្ឃឹម​ថា អ្នក​ពុំ​រៀន​វា​យូរ​ដូច​ខ្ញុំ​ឡើយ ពេល​អ្នក​រៀន​អំពី​មេរៀន​ទាំង​នេះ ។ មេរៀន​ទាំងនេះ​អាច​ជួយ​អ្នក​ឲ្យ​រកឃើញ​អំណរ​ដ៏​ប្រសើរ​នៅក្នុង​ជីវិត—ហើយ​ទីបំផុត​ទទួល​បាន​ភាពតម្កើង​ឡើង​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​របស់យើង ។

១. ស្វែងរក​សុភមង្គល ភាពសុខសាន្ត និង​ព្រះវិញ្ញាណ​បរិសុទ្ធ

ខ្ញុំ​បាន​ជួបមេលីនដា​​ភរិយា​ខ្ញុំ អំឡុង​​ឆ្នាំ​ទី​ពីរ​នៃ​មហាវិទ្យាល័យ ប្រហែល​ជា​ប្រាំ​មួយ​ខែ​បន្ទាប់​ពី​ខ្ញុំ​បាន​ត្រឡប់​ពី​បេសកកម្ម​របស់​ខ្ញុំ​វិញ ។ ខ្ញុំ​បាន​ដឹងភ្លាម​ថា ខ្ញុំចង់​រៀបការ​នឹង​នាង ។ ប៉ុន្តែមេលីនដាពុំ​មាន​បទពិសោធន៍​ដូច​នោះទេ ។ គាត់​ពុំ​បាន​ដឹង​ឡើយ រហូត​ដល់​ប្រាំ​ឆ្នាំ​ក្រោយ​មក​ទើប​គាត់​ទទួល​ចម្លើយ​ថា វា​នឹង « ល្អ » ប្រសិនបើ​គាត់​រៀប​ការ​នឹង​ខ្ញុំ ។

អំឡុងពេល​ប្រាំ​ឆ្នាំ​នោះ ខ្ញុំ​មាន​ការសាកល្បង​​ដ៏​លំបាក​មួយ​ក្នុង​ជីវិត​ខ្ញុំ ។ ខ្ញុំ​បាន​ស្គាល់​មនុស្ស​ដែល​ខ្ញុំ​ត្រូវ​រៀបការ​ជាមួយ ហើយ​ព្រះវិញ្ញាណ​បាន​ជំរុញ​ចិត្ត​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​​ហាក់ដូចជា​ពុំ​អាច​ឈោង​ទៅ​សម្រេច​បាន​គោលដៅ​នោះ​ឡើយ ។

មិនយូរ​ប៉ុន្មាន​ក្រោយពី​ខ្ញុំ​បាន​បញ្ចប់​ការសិក្សា មេលីនដា​បាន​សម្រេច​ចិត្ត​ទៅ​បម្រើ​បេសកកម្ម—ខ្ញុំ​ជឿ​ថា នោះ​គឺជា​ផ្នែក​មួយ​នៃ​ការជំរុញ​ចិត្ត​របស់​នាង​​​ដើម្បីទៅ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ ។ មាន​គ្រា​ជាច្រើន​អំឡុងបេសកកម្ម​របស់​នាង ពេល​ខ្ញុំ​រងទុក្ខ ដោយសារ​ខ្ញុំ​បាន​ផ្តោត​ទៅលើ​អ្វី​ដែល​ខ្ញុំ​គ្មាន ។ ប៉ុន្តែ ខ្ញុំ​បាន​សិក្សា​ព្រះគម្ពីរ និង​អធិស្ឋាន​រៀងរាល់​ថ្ងៃ បម្រើ​នៅក្នុង​សាសនាចក្រ ហើយ​ព្យាយាម​ធ្វើ​កិច្ចការ​ដែល​បាន​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ចូល​មក​ក្នុង​ជីវិត​ខ្ញុំ ។

នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ស្រាងៗ​ដ៏​ត្រជាក់​មួយ​នៅ​ទីក្រុងមីនេប៉ូលីស រដ្ឋ​មីណេសូតា ស.រ.អា. អំឡុងពេល​ខ្ញុំ​កំពុង​បើក​ឡាន​ទៅ​ការប្រជុំ​សាសនាចក្រ ខ្ញុំ​បាន​គិត​ថា « តាម​ពិត ខ្ញុំ​ត្រូវ​រងទុក្ខ​ខ្លាំង​នៅពេល​នេះ ។ រឿង​គ្រប់​យ៉ាង​ពុំ​បាន​កើត​ឡើង​ដូច​អ្វី​ដែល​ចិត្ត​ខ្ញុំ​ចង់​បាន​ឡើយ ។ ប៉ុន្តែ​ខ្ញុំ​ពុំ​រងទុក្ខ​នោះទេ ។ ខ្ញុំ​មាន​អារម្មណ៍​រីករាយ​ដែល​មិនគួរ​ឲ្យ​ជឿ ។

ឥឡូវ​តើ​ខ្ញុំ​អាច​រីករាយ​ដូចម្តេច​កើត បើ​ខ្ញុំ​កំពុង​ឆ្លង​កាត់​​ការសាកល្បង​ដ៏​លំបាក​​មួយ​នោះ ?

ចម្លើយ​ត្រូវបាន​រកឃើញ​នៅក្នុង កាឡាទី ៥:២២–២៣ ៖ « ផលផ្លែនៃព្រះវិញ្ញាណនោះគឺសេចក្តីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត និង​ដឹងខ្នាត » ។

ដោយសារ​ខ្ញុំ​បាន​ធ្វើ​កិច្ចការ​ដែល​យាង​ព្រះវិញ្ញាណ​មក​ក្នុង​ជីវិត​ខ្ញុំ នោះ​ខ្ញុំ​បាន​ទទួល​សេចក្តីស្រឡាញ់​របស់​ព្រះ ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​នៃ​អំណរ និងភាព​សុខសាន្ត ។ ខ្ញុំ​អាច​រងទុក្ខ​បាន​យូរ ហើយ​នៅតែ​មាន​ចិត្ត​រីករាយ ។

ការមាន​សេចក្តីស្រឡាញ់ អំណរ និង​ភាពសុខសាន្ត​នៅក្នុង​ជីវិត​យើង គ្រួសារ​យើង និង​អាពាហ៍ពិពាហ៍​យើង ពុំ​កើត​ឡើង​ពី​ការមាន​ផ្ទះ​ធំ ឡាន​ស្អាត សម្លៀកបំពាក់​ម៉ូដ​ថ្មីៗ ជោគជ័យ​ក្នុង​មុខរបរ ឬ​អ្វីៗ​ផ្សេងៗ​ទៀត​ដែល​លោកិយ​នេះ​និយាយ​ថា​ជា​សុភមង្គល​ឡើយ ។ ប្រាកដណាស់ ដោយសារ​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់ អំណរ និង​ភាព​សុខសាន្ត​កើត​ចេញ​ពី​ព្រះវិញ្ញាណ ការទទួល​នូវ​អារម្មណ៍​ទាំង​នេះ​ពុំ​ទាក់ទងនឹង​កាលៈទេសៈ​ខាង​សាច់ឈាម​របស់យើង​ទាល់តែសោះ ។

សូម​យល់​ថា ខ្ញុំ​ពុំ​មែន​និយាយ​ថា យើង​នឹង​រីករាយ​ជានិច្ច ឬ​កាលៈទេសៈ​ខាង​សាច់​ឈាម​របស់យើង​ពុំ​ប៉ះពាល់​ដល់​សុភមង្គល​របស់យើង​នោះទេ ។ ប្រាកដ​ណាស់ ប្រសិនបើ​យើង​ពុំ​ភ្លក់​ភាពជូរចត់​ទេ នោះ​យើង​ពុំ​អាច​ដឹង​រសជាតិ​ផ្អែម​ឡើយ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២៩:៣៩ សូមមើល​ផងដែរ ម៉ូសេ ៦:៥៥ ) ។

ខ្ញុំ​​ត្រូវតែ​ជួប​នូវ​ឧបសគ្គ​នៅ​ក្នុង​ជីវិត ។ លើស​ពី​នោះទៀត លក្ខខណ្ឌ​ខាង​សាច់ឈាម និង​ផ្លូវ​ចិត្ត​មួយ​ចំនួន អាច​បណ្តាល​ឲ្យ​យើង​មាន​ការរងទុក្ខ​ដ៏​ធំ ហើយ​ធ្វើ​ឲ្យ​វាលំបាក​ខ្លាំង​សម្រាប់​យើង​ក្នុង​ការ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ។ ប៉ុន្តែ​ប្រសិនបើ​យើង​ព្យាយាម​ធ្វើ​ឲ្យ​មាន​ព្រះវិញ្ញាណ​នៅក្នុង​ជីវិត​យើង ហើយ​ទុកចិត្ត​លើ​ព្រះ ជាទូទៅយើង​អាច​មាន​ភាពរីករាយ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ចេញពី​បទពិសោធន៍​ផ្ទាល់​ថា រឿង​នេះ​ជា​ការពិត ។ ដោយសារ​បទពិសោធន៍​ខ្ញុំ​អំឡុងពេល​មេលីនដា​នៅ​បម្រើ​បេសកកម្ម នោះ​ខ្ញុំ​បាន​កត់សម្គាល់​ឃើញ​ថា ប្រសិនបើ​ខ្ញុំ​ធ្វើ​កិច្ចការ​នានា ដែល​យាង​ព្រះវិញ្ញាណ​មក​ក្នុង​ជីវិត​ខ្ញុំ រួមមាន​ការជ្រើស​ជឿ​ និង​ទទួល​យក​​ថា រឿង​នោះ​នឹង​ដំណើរ​តាម​ព្រះទ័យ​របស់​ព្រះ ជាទូទៅ​ខ្ញុំ​មាន​ភាព​រីករាយ ( សូមមើល យ៉ាកុប ៣:២ ) ។

២. កុំ​ជឿ​លើ​អារម្មណ៍​ក្លែងក្លាយ

រូបភាព
bowl of fake fruit

សាតាំង​ផ្តល់​​ជម្រើសក្លែងក្លាយ​ផ្សេង​ៗ​ស្រដៀង​ទៅ​នឹង​អ្វីៗ​ទាំងអស់​ដែល​ព្រះ​បាន​ធ្វើ ក្នុង​គោលបំណង​ដើម្បី​បំភាន់ និង​បោកបញ្ឆោត​យើង ។ ទោះជា​ការប៉ុនប៉ង​របស់​សាតាំង​ដើម្បី​បញ្ចុះបញ្ចូល​យើង​ក្តី ផ្ទុយ​ទៅ​វិញ​ព្រះអង្គសង្គ្រោះ​បង្រៀន​យើង​ថា « ដើម​ដែល​អាក្រក់ [ ពុំ ] អាច​នឹង​បញ្ចេញ​ផល​ល្អ​បាន » ( នីហ្វៃ​ទី ៣ ១៤:១៨ ) ។ ដោយសារ​សាតាំង​គឺជា​ដើម​ដែល​អាក្រក់ នោះ​វា​ពុំ​អាច​ធ្វើ​ឲ្យ​យើង​ទទួល​អារម្មណ៍​នៃ « សេចក្តីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត [ និង ] ដឹងខ្នាត » ឡើយ ( កាឡាទី ៥:២២–២៣ ) ។ ផ្ទុយ​ទៅវិញ សាតាំង​ចង់​ធ្វើ​ឲ្យ​យើង​រងទុក្ខ ( សូមមើល នីហ្វៃ​ទី ២ ២:២៧ ) ។

ដូច្នេះ​តើ​សាតាំង​ធ្វើ​អ្វីខ្លះ ? វា​ព្យាយាម​បោកបញ្ឆោត​យើង ។

មិត្ត​ភក្ដិម្នាក់​របស់​ខ្ញុំ​គឺជា​អ្នក​ជម្រើស​ម្នាក់​ត្រូវបាន​វា​បោកបញ្ឆោត ។ មិត្ត​ភក្ដិ​របស់​ខ្ញុំ​បាន​បម្រើ​បេសកកម្ម ហើយ​គាត់​គឺជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​ឆ្នើមមួយ​រូប ។ ពេល​គាត់​ត្រឡប់ពីបេសកកម្ម​គាត់​ទៅ​ផ្ទះវិញ គាត់​មាន​បំណង​ធ្វើ​កិច្ចការ​តូចៗ​ទាំងអស់ ដែល​ធ្វើ​ឲ្យ​គាត់​មាន​ព្រះវិញ្ញាណ​ចូល​មក​គង់​ក្នុង​ជីវិត​គាត់ ហើយ​បាន​ពង្រឹង​គាត់​ក្នុង​បេសកកម្ម ។ ហើយ​គាត់​បាន​ធ្វើ​កិច្ចការ​នោះមួយ​រយៈ ។

ប៉ុន្តែ គាត់​បាន​ឃើញ​មិត្តភក្តិជាច្រើន​ដែល​ជា​អ្នក​ត្រឡប់​ពី​បេសកកម្ម មក​ព្រះវិហារ​​រៀងរាល់​ថ្ងៃ​អាទិត្យ ប៉ុន្តែ​នៅ​ក្រៅ​ព្រះវិហារ​ពួកគេ​រស់នៅ​តាម​របៀប​លោកិយ ។ ពួកគេ​ហាក់ដូចជា​រីករាយ ។ ពួកគេ​ធ្វើ​រឿង « សប្បាយ » ។ ហើយ​បែបផែន​នៃ​ជីវិត​របស់​ពួកគេ​ហាក់ដូចជា​ពុំ​តម្រូវ​ឲ្យ​ខិតខំ​ច្រើន​ដូច​ជីវិត​របស់​គាត់​ឡើយ ។

គាត់​បាន​ឈប់​ធ្វើ​កិច្ចការ​តូចៗ​ទាំង​នោះបន្តិចម្តងៗ ​ដែល​ជាកិច្ចកា​នាំ​កម្លាំង​ខាង​វិញ្ញាណ​ដល់​គាត់នៅពេល​បម្រើ​បេសកកម្ម ។ គាត់​នៅតែ​មាន​ទីបន្ទាល់ ប៉ុន្តែ​គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​បាន​គិត​ថា « ប្រសិនបើ​ខ្ញុំ​នៅតែ​ចូលរួម​ការប្រជុំ​ព្រះវិហារ នោះ​ខ្ញុំ​មិន​អី​ទេ—ខ្ញុំ​មាន​សុវត្ថិភាព​ហើយ » ។ ប៉ុន្តែ​គាត់​បាន​និយាយ​ថា « ខ្ញុំ​បាន​អសកម្មខាង​វិញ្ញាណ​ហើយ » ។ ពេល​គាត់​បាន​រស់នៅ​ដូច​មនុស្ស​លោកិយ​រស់នៅ គាត់​បាន​ជ្រើស​ធ្វើ​ជម្រើស​មិន​ល្អ​មួយ ហើយ​នាំ​ទៅធ្វើជម្រើស​មិន​ល្អ​បន្ត​ទៀត ហើយ​មិន​យូរ​ប៉ុន្មាន​ក្រោយ​មក​គាត់​បាន​មាន​ទម្ងន់ ។

ទីបំផុត ជម្រើស​មិន​សុចរិត​របស់​គាត់​​បាន​ផ្តល់​​លទ្ធផល​ដល់​គាត់ ។ គាត់​ពុំ​សប្បាយ​រីករាយ​ឡើយ ហើយ​គាត់​បាន​ដឹង​រឿង​នោះ ។ សំណាងល្អ មិត្ត​ភក្ដិ​របស់​ខ្ញុំ​បាន​ទទួលស្គាល់​ថា គាត់​បាន​ចាញ់ការបោក​បញ្ឆោត ហើយ​គាត់​​បាន​ប្រែចិត្ត ។

រឿង​របស់​គាត់​គូស​បញ្ជាក់​ថា សូម្បី​តែ​យើង​ដែល​ជា​មនុស្ស​ល្អ​បំផុត​​ក៏​អាច​ចាញ់​ការបោក​បញ្ឆោត​ដែរ ។ លើស​ពីនោះទៀត រឿង​របស់គាត់​ចង្អុល​បង្ហាញ​ថា យើង​ត្រូវតែ​​ការពារ​ខ្លួន​ជានិច្ច​ទាស់​នឹង​ការបោ​ក​បញ្ឆោត ។​ យើង​សម្រេច​កិច្ចការ​នេះ តាមរយៈ​ការ​​ធ្វើ​កិច្ចការ​តូចៗ​ដែល​យាង​ព្រះវិញ្ញាណ​មក​ក្នុង​ជីវិត​​យើង ។

ខ្ញុំ​រីករាយ​ដើម្បី​ប្រាប់​ថា សព្វថ្ងៃ​នេះ​មិត្តភក្តិ​របស់​ខ្ញុំ​មាន​ភាព​រីករាយ គាត់​កំពុង​ព្យាយាម​គោរព​បទបញ្ញត្តិ ហើយ​សកម្ម​ក្នុង​ដំណឹងល្អ​ទាំង​ខាង​សាច់​ឈាម និង​ខាង​វិញ្ញាណ ។

ការបោក​បញ្ឆោត​របស់​សាតាំង​កើតឡើង​តាម​របៀប​ជា​ច្រើន ។ ខ្ញុំ​​នឹង​លើក​ឡើង​តែ​ពីរបី​ប៉ុណ្ណោះ ។

សាតាំង​ព្យាយាម​បញ្ចុះបញ្ចូល​យើង​ឲ្យ​ដាក់​អាទិភាព​ខាង​សាច់ឈាម​ជាង​​រឿង​ខាង​វិញ្ញាណ ។ យើង​អាច​ប្រាប់​ថា តើ​អាទិភាព​របស់យើង​ងាកចេញ​ពី​កន្លែង តាមរយៈ​ការសម្គាល់​ពី​ភាពញឹកញាប់​ដែល​យើង​និយាយ​ថា « ខ្ញុំ​មមាញឹក​ពេក ឬ​ខ្ញុំ​នឿយហត់​ពេល​ក្នុងពេល​បច្ចុប្បន្ន ដើម្បី _________ » ។ សូម​បំពេញ​ក្នុង​ចន្លោះ ៖ ចូលរួម​ព្រះវិហារ​បរិសុទ្ធ ផ្តល់​ការងារ​បម្រើ សិក្សា និង​ពិចារណា​ព្រះគម្ពីរ បំពេញការហៅ​បម្រើ​របស់​ខ្ញុំ ឬ​សូម្បី​តែ​អធិស្ឋាន ។

ហេតុផល​មួយ​ដែល​យើង​មាន​ភាព​មមាញឹក​នោះ​គឺថា សាតាំង​បាន​ខិតខំ​បង្វែរ​អារម្មណ៍​យើង ។ វា​ប្រើ​ទូរសព្ទ​ស្មាតហ្វូត​ដែល​មាន​ក្នុង​ដៃយើង វិទ្យុ​ក្នុង​រថយន្ត​យើង ទូរទស្សន៍​នៅ​ផ្ទះ​យើង និង​កិច្ចការ​ជា​ច្រើន​ផ្សេង​ទៀត ដើម្បី​​បន្ត​បង្វែរ​អារម្មណ៍​យើង​ស្ទើរ​តែ​គ្រប់ពេល​ទាំងអស់ ។ ជាលទ្ធផល យើង​មាន​អារម្មណ៍​ថា យើង​រវល់​ជាង​ទាំង​យើង​មិន​រវល់​ផង​នោះ ។

លទ្ធផល​ផ្សេង​ទៀត​នៃ​ការបង្វែរ​អារម្មណ៍​នេះ​គឺ​ថា យើង​ពិចារណា​កាន់តែ​តិចទៅៗ ។ សាតាំង​ធ្វើ​ការ​បង្វែរ​អារម្មណ៍​យើង ដោយសារ​វា​ដឹង​ថា ការពិចារណា ជាពិសេស​ព្រះគម្ពីរ​នឹង​នាំ​ទៅ​រក​ការប្រែចិត្ត​ជឿ និង​វិវរណៈ​កាន់តែ​ប្រសើរ​ឡើង ។

ការបោកបញ្ឆោត​មួយ​ផ្សេង​ទៀត​របស់​សាតាំង​កើត​ឡើង​តាមរយៈ​គំនិត​ថា សកម្មភាព​ខាង​ក្រៅ​របស់​យើង​សំខាន់​ជាង​ការជំរុញ​ពី​ក្នុង​ចិត្ត​យើង ។ ពេលយើង​ខ្វះ​ការជំរុញ​ចិត្ត​ត្រឹមត្រូវ​ដើម្បី​ធ្វើ​កិច្ចការ​ខាង​វិញ្ញាណ នោះយើង​បរាជ័យ​ក្នុង​ការទទួល​បទពិសោធន៍​អំណរ​នៃ​ដំណឹងល្អ ។ ជា​លទ្ធផល ការរក្សា​បទបញ្ញត្តិ​ចាប់ផ្តើម​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា ដូច​ជា​បន្ទុក ហើយ​សាតាំង​ដឹង​ថា ប្រសិនបើ​វា​អាច​នាំយើង​ឲ្យ​មាន​អារម្មណ៍​បែប​នេះ នោះយើង​ទំនង​ជា​ឈប់​ធ្វើ​អ្វី​ដែល​យើង​ដឹង​ថា យើង​គប្បី​ធ្វើ​វា ។

សាតាំង​ក៏​បោក​បញ្ឆោត​យើង​ឲ្យ​ជឿ​ថា អំណរ និង​សុភមង្គល​កើត​ឡើង​ពី​ជីវិត​ងាយ​ស្រួល ឬការមាន​ភាព​សប្បាយ​រីករាយ​សាមញ្ញ​គ្រប់​ពេលវេលា ។ វា​ពុំមែន​ជា​ការពិត​ទេ ។ សេចក្តីពិត​គឺ​ថា គ្មាន​អំណរ ឬ​សុភមង្គល​ណា​ដែល​មិន​តម្រូវ​ឲ្យ​មាន​ការខិតខំ​នោះទេ ( សូមមើល នីហ្វៃ​ទី ២ ២:១១, ២៣ ) ។

ការបោក​បញ្ឆោត​ចុង​ក្រោយ​របស់​សាតាំង ដែល​ខ្ញុំ​លើក​ឡើង​នេះ​គឺ​ថា វា​ព្យាយាម​បញ្ចុះបញ្ចូល​យើង​ថា សេចក្តីទុច្ចរិត ជាមួយ​នឹង​ភាពរីករាយ​បណ្តោះអាសន្ន​របស់​វា ជា​សុភមង្គលពិត​ប្រាកដ ។ សាតាំង​ដឹងថា យ៉ាងហោច​ណាស់​នៅ​គ្រា​នោះ អារម្មណ៍ ឬ​សតិ​ពិតប្រាកដ​អាច (១) ធ្វើ​ឲ្យ​យើង​គិត​ថា យើង​កំពុង​​មាន​អារម្មណ៍​ផលផ្លែ​នៃ​ព្រះវិញ្ញាណ (២) បិទបាំង​បំណង​ប្រាថ្នា​យើង​ពី​ផលផ្លែ​ទាំង​នោះ ឬ (៣) មាន​អារម្មណ៍​​ថា អារម្មណ៍​ជំនួស​នោះ​អាច​ទទួល​យក​បាន ។

ឧទាហរណ៍ សាតាំង​អាច​ល្បួង​យើង​ឲ្យ​ស្វែងរក​សម្រេកសម្រើប​ជំនួស​ឲ្យ​សេចក្តីស្រឡាញ់ ។ វា​អាច​ទាក់ចិត្ត​យើង​ជាមួយនឹង​ក្តីរំភើប​រីករាយ​ជំនួស​ឲ្យ​អំណរ​ដ៏យូរ​អង្វែង ។ វា​ព្យាយាម​បង្វែរ​អារម្មណ៍​យើង​ជាជាង​​ផ្តល់​ភាពសុខសាន្ត​ដល់​យើង ។ វា​ចង់​ឲ្យ​យើង​មាន​ចិត្ត​ថា យើង​សុចរិត ជឿ​ស៊ុប និង​ធ្វើ​អ្វីៗ​ដែល​មនុស្ស​លោក​​មាន​អារម្មណ៍​ត្រឹមត្រូវ​បំផុត ជំនួស​ឲ្យ​ការមិន​គិត​ពី​ខ្លួន​ឯង គោរព​ប្រតិបត្តិ​​ជាប់លាប់ និង​ផ្តោត​ទៅ​លើ​រឿង​ខាង​វិញ្ញាណ​ត្រឹមត្រូវ ។ ការល្បួង​របស់​វា​អាច​បណ្តាល​​ឲ្យ​យើង​មាន​ការភាន់ច្រឡំ ដែល​ក្រោយ​មក​អាច​នាំ​យើង​ឲ្យ​គិត​ថា ការមិន​គោរព​បទបញ្ញត្តិ​នឹង​នាំ​មក​នូវ​សុភមង្គល ។

៣. ធ្វើ​កិច្ចការ​តូច​តាច

ជានិច្ចកាល កិច្ចការ​តូចតាចនាំ​ឲ្យ​មាន​ព្រះវិញ្ញាណ​ចូល​មក​ក្នុង​ជីវិត​យើង រារាំង​យើង​មិន​ឲ្យ​ចាញ់​ការបោក​បញ្ឆោត ហើយ​ទីបំផុត​ជួយ​យើង​ឲ្យ​ទទួល​កម្លាំង ដើម្បី​គោរព​បទ​បញ្ញត្តិ និង​ទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច ។ ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​គោលការណ៍​នេះ​ដល់​ពួក​អែលឌើរ​នៃ​សាសនាចក្រ​នៅ​ទីក្រុង​ខឺត​ឡង់ រដ្ឋ​ហៃអូ ថា ៖ « ហេតុដូច្នោះហើយ ចូរកុំ​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ ដ្បិត​អ្នករាល់គ្នា​កំពុង​តែ​ដាក់គ្រឹះ​នៃ​កិច្ចការ​ដ៏​ធំ ។ ហើយ​ចេញ​ពី​ការណ៍​ដ៏​តូចតាច នោះ​បណ្តាល​ឲ្យ​មាន​ការណ៏​ដ៏​ធំធេង​ឡើង » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៤:៣៣ ) ។

ហេតុអ្វី​កិច្ចការ​តូចតាច​សំខាន់​ម៉្លេះ ? នៅក្នុង​ខគម្ពីរ​បន្ទាប់ ព្រះអង្គ​សង្គ្រោះ​បាន​ពន្យល់​ថា « ព្រះ​អម្ចាស់​ទ្រង់​តម្រូវ​ចិត្ត និង​គំនិត​ដែល​ស្ម័គ្រ​តាម » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៤:៣៤ ) ។ ហេតុអ្វី​ព្រះអង្គសង្គ្រោះ​ភ្ជាប់​ការធ្វើ​កិច្ចការ​តូចតាច​ទៅ​នឹង​ចិត្ត និង​គំនិត​ដែល​ស្ម័គ្រ​តាម ? ដោយសារនៅក្នុង​​ការធ្វើ​កិច្ចការ​តូចតាច​បាន​ជាប់លាប់ នោះ​យើង​បណ្តោយ​ចិត្ត និង​គំនិត​យើង​ទៅ​តាម​ព្រះ ដែល​បន្សុទ្ធ និង​ញែក​យើង​ចេញ​ជាបរិសុទ្ធ ( សូមមើល ហេលេមិន ៣:៣៥ ) ។

ការបន្សុទ្ធ និង​ការញែកចេញ​ជា​បរិសុទ្ធ​នេះ​ផ្លាស់ប្តូរ​លក្ខណៈ​របស់យើង បន្តិច​ម្តងៗ ដើម្បី​ឲ្យ​យើង​ប្រែ​កាន់តែ​ដូច​ព្រះអង្គសង្គ្រោះ ។ ការណ៍​នេះ​ក៏​បណ្តាល​ឲ្យ​យើង​កាន់តែ​ទទួល​នូវ​ការ​បំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ធ្វើ​ឲ្យ​យើង​ទំនងជា​មិន​សូ​វ​ចាញ់​ការបោកបញ្ឆោត ។

កាល​ខ្ញុំ​នៅរៀន​វិទ្យាល័យ ឪពុក​របស់​ខ្ញុំ​បាន​បង្រៀន​ថ្នាក់​សិក្ខា​សាលា​ដល់​ខ្ញុំ​នៅក្នុង​ផ្ទះ​របស់​យើង ។ ដោយសារ​ប្រធាន​បទ​នៅ​ឆ្នាំ​នោះ​គឺជា​ព្រះគម្ពីរ​មរមន នោះ​ឪពុក​ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា យើង​នឹង​អាន​ព្រះ​គម្ពីរ​មរមន​​ជាមួយ​គ្នា ពី​មួយ​ខ​ទៅ​មួយ​ខ ហើយ​ពិភាក្សា​អំពី​អ្វី​ដែល​យើង​បាន​រៀន ។ ពេល​យើង​អាន ឪពុក​ខ្ញុំ​បាន​សួរ​សំណួរ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​គិត​អំពី​អ្វី​ដែល​យើង​បាន​អាន ហើយ​គាត់​បាន​ពន្យល់​អ្វី​ដែល​ខ្ញុំ​មិន​យល់ ។ ខ្ញុំ​នៅ​តែ​ចាំ​ពី​ការរៀន​អំពី​ព្រះអង្គសង្គ្រោះ និង​យល់​ដឹង​ថា ទ្រង់​ពិតជា​បាន​យាង​ទៅ​ជួប​ពួកសាសន៍​នីហ្វៃ ហើយ​ថា ខ្ញុំ​ពិតជា​អាច​ទទួល​ការអភ័យទោស​ពី​អំពើ​បាប​របស់​ខ្ញុំ តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ។

ការអាន​ព្រះគម្ពីរ​នៅអំឡុងពេល​នោះ​ជាមួយ​ឪពុក​ខ្ញុំ​គឺ​ជាការចាប់ផ្តើម​នៃ​គ្រឹះ​របស់​ខ្ញុំ​ក្នុង​ព្រះគម្ពីរ ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​អ្វី​មួយ​ពេល​យើង​បាន​អានព្រះគម្ពីរ ។ ហើយ​កាន់តែ​សំខាន់​នោះ​គឺថា បំណង​ប្រាថ្នា ការជំរុញ​ចិត្ត និង​ទង្វើ​របស់​ខ្ញុំ​បាន​ផ្លាស់ប្តូរ ។ ខ្ញុំ​ចង់​ក្លាយ​​ជា​មនុស្ស​ប្រសើរ​ឡើង ។ ខ្ញុំបាន​ចាប់​ផ្ដើម​​​មើលឃើញ​ពី​ចំណុច​ដែល​ខ្ញុំ​កំពុង​ចាញ់​ការបោក​បញ្ឆោត ។ ខ្ញុំ​បាន​ប្រែចិត្ត​កាន់តែ​ច្រើន ។ នៅ​ចុង​បញ្ចប់​នៃ​ឆ្នាំ​ទី​មួយ​របស់​ខ្ញុំ​នៅ​មហាវិទ្យាល័យ ខ្ញុំ​បាន​អាន​ព្រះគម្ពីរ​រៀងរាល់​ថ្ងៃ ។

នៅ​អំឡុង​ឆ្នាំ​នោះ ប្រធាន អ៊ែសរ៉ា ​ថាហ្វ​ ប៊ែនសឹន ( ១៨៩៩–១៩៩៤ ) បាន​សុំ​ឲ្យ​សមាជិក​សាសនាចក្រ​អាន​ព្រះគម្ពីរ​មរមន​ប្រចាំ​ថ្ងៃ ហើយ​អនុវត្ត​អ្វី​ដែល​ពួកគេ​បាន​រៀន ។ ដូច្នេះ​បន្ថែម​ទៅលើ​អ្វី​ផ្សេង​ទៀត​ដែល​ខ្ញុំ​កំពុង​អាន នោះ​ខ្ញុំ​អាន​យ៉ាង​ហោច​ណាស់​នូវ​អ្វី​មួយ​ពី​ព្រះគម្ពីរ​មរមន ។

រូបភាព
fruit and scriptures

នៅពេល​បម្រើ​បេសកកម្ម ខ្ញុំ​បាន​រៀន​អំពី​របៀប​សិក្សា និង​ទទួល​ទាន​ព្រះគម្ពីរ​យ៉ាង​ពិតប្រាកដ ។ ខ្ញុំ​ពុំ​គ្រាន់តែ​ទទួល​​បាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ពេល​ខ្ញុំ​អាន​ព្រះគម្ពីរ​ប៉ុណ្ណោះ​ទេ ខ្ញុំ​ថែម​ទាំង​ចាប់ផ្តើម​ទទួល​អារម្មណ៍​នៃ​អំណរ ពេល​ខ្ញុំ​ស្រាវជ្រាវ​ព្រះគម្ពីរ ដើម្បី​ស្វែងរក​ចម្លើយ​ចំពោះ​បញ្ហា​របស់​ខ្ញុំ និង​សាសនាគន់ការី​របស់​ខ្ញុំ ។

បន្ទាប់​ពី​​បេសកកម្ម ខ្ញុំ​បាន​បន្ត​ទទួល​ទាន​ព្រះគម្ពីរ​រៀងរាល់​ថ្ងៃ ។ ដោយសារ​ការអនុវត្ត​នេះ​បាន​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​មក​ក្នុង​ជីវិត​ខ្ញុំ នោះ​ខ្ញុំ​បាន​ទទួល​ការណែនាំ​ពី​ទ្រង់ ឲ្យ​ជួយ​ខ្ញុំ​ប្រើ​ពេលវេលា​របស់​ខ្ញុំ​កាន់តែ​មានប្រសិទ្ធភាព ។ ជា​លទ្ធផល ខ្ញុំ​​​ធ្វើ​បាន​កាន់តែ​ល្អ​នៅសាលា​រៀន ហើយ​ក្រោយ​មក​នៅ​ឯ​កន្លែង​ធ្វើ​ការ​ផងដែរ ។ វា​ប្រែកាន់តែ​ងាយស្រួល​ដើម្បី​ធ្វើ​ជម្រើស​ល្អ ។ ខ្ញុំ​បាន​អធិស្ឋាន​កាន់តែ​ច្រើន ហើយ​មានចិត្ត​កាន់តែ​ឧស្សាហ៍​ព្យាយាម​ក្នុង​ការបំពេញ​ការហៅ​បម្រើ​របស់​ខ្ញុំ ។ ការទទួល​ទាន​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ​ពុំ​បាន​ដោះស្រាយ​គ្រប់​បញ្ហា​របស់​ខ្ញុំ​ទេ ប៉ុន្តែ​ជីវិត​របស់​ខ្ញុំ​មាន​ភាព​កាន់តែ​ងាយ​ស្រួល ។

នៅ​ខែ សីហា ឆ្នាំ ២០០៥ ប្រធាន ហ្គរដុន ប៊ី. ហ៊ិងគ្លី ( ១៩១០–២០០៨ ) បាន​ចេញ​ការអញ្ជើញ​មួយឲ្យ​អាន ឬ​អាន​ព្រះគម្ពីរ​មរមន​ម្តង​ទៀត ពីមុន​ដាច់​ឆ្នាំ​នោះ ។ ដោយសារ​​ខ្ញុំបាន​អានព្រះគម្ពីរមរមន​​ប្រចាំថ្ងៃ នោះ​ខ្ញុំ​បាន​អាន​ដល់គម្ពីរ​អេធើរ ឬ​មរ៉ូណៃ​ទៅ​ហើយ ។ ហេតុដូច្នេះ​ហើយ ពេល​ចប់​ការអាន​នោះ​នៅ​មួយ ឬ​ពីរ​សប្តាហ៍​ក្រោយ​មក ខ្ញុំ​បាន​រាប់​ថា ខ្ញុំ​បាន​បំពេញ​ការអញ្ជើញ​របស់​ប្រធាន​ហ៊ិងគ្លី ។

ប៉ុន្តែ​ក្រោយ​មក គ្រូ​បង្រៀន​តាម​ផ្ទះ​ដ៏​ស្មោះត្រង់​បាន​មក​សួរសុខទុក្ខ​គ្រួសារ​យើង ។ គាត់​បាន​សួរ​ថា តើ​ខ្ញុំ​បាន​ធ្វើ​អ្វីហើយ​ជាមួយ​នឹង​ការអញ្ជើញ​របស់​ប្រធាន​ហ៊ិងគ្លី ។

ខ្ញុំ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​មាន​សំណាង​ល្អ​ក្នុងការ​ចាប់ផ្តើម​ព្រះគម្ពីរ​មរមន ពីមុនការអញ្ជើញ​របស់​ប្រធាន​ហ៊ិងគ្លី ។ កាល​នោះ​ដោយ​សារ​តែ​ភាពសុចរិត​ផ្ទាល់​ខ្លួន ខ្ញុំ​បាន​ប្រកាស​ថា ខ្ញុំ​បាន​បំពេញ​កិច្ចការ​នោះ​ហើយ ។

សំណាង​ល្អ គ្រូ​បង្រៀន​តាម​ផ្ទះ​របស់​ខ្ញុំ​បាន​យល់​ឃើញ​ខុស​ពី​នោះ ។​ ពេល​គាត់​បាន​កែតម្រូវ​ខ្ញុំ​ដោយ​រាបសា នោះ​ព្រះវិញ្ញាណ​បាន​ខ្សឹប​ប្រាប់​ខ្ញុំ​ថា គ្រូ​បង្រៀន​តាម​ផ្ទះ​របស់​ខ្ញុំ​ត្រូវ​ហើយ ។

ឥឡូវ​ខ្ញុំ​ត្រូវ​អាន​​គម្ពីរ​មួយ​ថ្ងៃ​ពីរ​ជំពូក​រហូត​ដល់​ចុង​ឆ្នាំ ដើម្បី​បញ្ចប់​ការអាន​របស់​ខ្ញុំ​ម្តង​ទៀត ។ ពេល​ខ្ញុំ​បាន​បង្កើន​ការអាន​ព្រះគម្ពីរ​មរមន នោះ​ខ្ញុំ​បាន​កត់សម្គាល់​ឃើញ​ថា ជីវិត​ខ្ញុំ​​កាន់តែ​ទទួល​បាន​អំណាច ។ ខ្ញុំ​មាន​អំណរ​កាន់តែ​ច្រើន ។ ខ្ញុំ​បាន​យល់​ពី​រឿង​នានា​កាន់តែ​ច្បាស់​ឡើង ។ ខ្ញុំ​បាន​ប្រែចិត្ត​កាន់តែ​ញឹកញាប់​ឡើង ។ ខ្ញុំ​ចង់​ផ្តល់​ការងារ​បម្រើ និង​សង្គ្រោះ​មនុស្ស​ដទៃ ។ ខ្ញុំ​ពុំ​សូវងាយ​នឹង​ធ្លាក់​ចូល​ទៅក្នុង​ការបោកបញ្ឆោត និង​ការល្បួង​របស់​សាតាំង ។ ខ្ញុំ​ស្រឡាញ់​ព្រះអង្គ​សង្រ្គោះ​​កាន់តែ​ខ្លាំង​ឡើយ ។

នៅ​ខែ​វិច្ឆិកា​ឆ្នាំ​នោះ ខ្ញុំ​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​ប៊ីស្សព​នៃ​វួដ​នោះ ។ ដោយ​បញ្ចប់​ការអញ្ជើញ​របស់​ប្រធាន​ហ៊ិងគ្លី បាន​រៀបចំ​ខ្ញុំ​សម្រាប់​​ការហៅ​បម្រើ​នោះ ។ ចាប់តាំង​ពី​ពេល​នោះ​មក ខ្ញុំ​បាន​កត់សម្គាល់​ថា ដរាប​ណា​ខ្ញុំ​កាន់តែ​មមាញឹក​ទោះ​នៅ​កន្លែង​ការងារ ឬ​នៅ​ព្រះវិហារក្តី ដរាប​នោះ​ខ្ញុំ​ត្រូវតែ​សិក្សា​ព្រះគម្ពីរ​កាន់តែ​ច្រើន​ជាពិសេស​ព្រះគម្ពីរ​មរមន ។

អ្នក​អាច​មាន​ពរជ័យ និង​អំណាច​ដូច​គ្នា​នេះ​នៅក្នុង​ជីវិត​អ្នក ប្រសិនបើ​អ្នក​នឹង​ទទួល​ទាន​ព្រះគម្ពីរ​រៀងរាល់​ថ្ងៃ ។ ខ្ញុំ​សូម​សន្យា​ថា ប្រសិនបើ​អ្នក​នឹង​ទទួល​ទាន​ព្រះគម្ពីរ​រៀងរាល់​ថ្ងៃ ជាពិសេស​ព្រះគម្ពីរ​មរមន នោះ​អ្នកនឹង​អញ្ជើញ​ព្រះវិញ្ញាណ​មក​ក្នុង​ជីវិត​អ្នក ហើយ​អ្នក​នឹង​អធិស្ឋាន​ជា​ប្រចាំ​ដោយ​ឯកឯង ប្រែចិត្ត​កាន់តែ​ញឹកញាប់ ហើយ​ឃើញ​ថា វា​មាន​ភាព​ងាយស្រួល​ដើម្បី​ចូលរួម​ព្រះវិហារ និង​ទទួល​ទាន​សាក្រាម៉ង់​ប្រចាំ​សប្តាហ៍​ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ពេល​អ្នក​ធ្វើ​កិច្ចការ​តូចតាច ហើយ​ទុកចិត្ត​លើ​ព្រះអម្ចាស់ នោះ​អ្នក​អាច​រកឃើញ​សេចក្តីស្រឡាញ់ អំណរ ភាពសុខសាន្ត និង​សុភមង្គល​ មិន​ថា​កាលៈទេសៈ​របស់​អ្នក​បែប​ណា​នោះ​ទេ ។ ខ្ញុំ​ក៏​សូម​ថ្លែង​ទីបន្ទាល់​ថា ការណ៍​នេះ​អាច​ធ្វើ​ទៅ​បាន​ដោយសារ​ការពលិកម្ម​របស់​ព្រះយេស៊ូវគ្រីស្ទ ។ គ្រប់​កិច្ចការ​ល្អ​ទាំងអស់​កើត​ឡើង​មក​ពី​ទ្រង់ ( សូមមើល មរ៉ូណៃ ៧:២២, ២៤ ) ។

កំណត់​ចំណាំ

  1. ពេល​យើង​មាន​​សេចក្តីជំនឿ​រឹងមាំ​លើ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ទទួលទាន​នូវ​សេចក្តីស្រឡាញ់​របស់​ព្រះ ទោះបី​យើង​មាន​កាលៈទេសៈ​បែប​ណា​ក្តី ។

  2. កំណត់ចំណាំ​សម្ភាស និង​ប្រតិប័ត្រ​ពិន្ទុ​របស់​អ្នក​និពន្ធ ។

  3. សូម​មើល អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « A Sacred Responsibility » Ensign ខែ ឧសភា ឆ្នាំ ១៩៨៦ ទំព័រ ៧៧–៧៨ សូមមើល​ផងដែរ « The Book of Mormon—Keystone of Our Religion » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៦ ទំព័រ ៤–៧ ។

  4. សូមមើល ហ្គដុន ប៊ី ហ៊ីងឃ្លី « First Presidency Message: A Testimony Vibrant and True » Ensign ខែ សីហា ឆ្នាំ ២០០៥ ទំព័រ ២–៦ ។