បណ្ណាល័យ
មេរៀន​ទី ២២ ថ្ងៃ​ទី ១ ៖ កូរិនថូស ទី១ ៧-៨


មេរៀន​ទី ២២ ៖ ថ្ងៃទី ១

កូរិនថូស ទី១ ៧-៨

សេចក្ដីផ្ដើម

សាវក​ប៉ុល​បាន​ណែនាំ​សមាជិក​សាសនាចក្រ​នៅ​ក្រុង​កូរិនថូស​ទាំង​អ្នក​ដែល​រៀបការ​រួច​ផង និង​នៅ​លីវ​ផង អំពី​អាពាហ៍ពិពាហ៍ និង កិច្ចការ​ផ្សព្វផ្សាយ​សាសនា ។ នៅ​ពេល​ឆ្លើយ​សំណួរ​អំពី​ការបរិភោគ​ចំណី​អាហារ​ដែល​បាន​សែន​ដល់​រូប​សំណាក លោក​បាន​បង្រៀន​ពួក​បរិសុទ្ធ​ឲ្យ​ពិចារណា​អំពី​ឥទ្ធិពល​នៃ​ការប្រព្រឹត្ត​របស់​ខ្លួន​មាន​លើ​មនុស្ស​ដទៃ ហើយ​មាន​ឆន្ទៈ​កែប្រែ​ទង្វើ​នានា ប្រសិនបើ​ទង្វើ​ទាំងនោះ​អាច​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ទៀត​ជំពប់​ខាង​វិញ្ញាណ ។

កូរិនថូស ទី១ ៧

ប៉ុល​ទូន្មាន​សមាជិក​សាសនាចក្រ​ទាំង​អ្នក​រៀបការ​រួច​ផង និង​នៅ​លីវ​ផង អំពី​អាពាហ៍ពិពាហ៍

  1. សូម​គូរ​រូប​ខាងក្រោម​នេះ ដាក់​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ អ្នក​នឹង​សរសេរ​បញ្ចូល​បន្ថែម​នៅ​ពេល​អ្នក​សិក្សា កូរិនថូស ទី១ ៧ ។

    រូបភាព
    តារាង​អាពាហ៍ពិពាហ៍

មិន​ខុស​ពី​យើង​នោះ​ទេ សមាជិក​សាសនាចក្រ​នៅ​ក្រុង​កូរិនថូស​បាន​រស់នៅ​ក្នុង​សង្គម​មួយ​ដែល​មាន​ការភាន់ច្រឡំ ព្រមទាំង​ការខ្វែងគំនិតគ្នា​អំពី​អាពាហ៍ពិពាហ៍ និង​ការស្និទ្ធស្នាល​ខាង​រូបកាយ និង​ខាង​ផ្លូវភេទ ។ ជាមួយ​នឹង​គោលលទ្ធិ និង គោលការណ៍​នេះ ព្រមទាំង​គោលលទ្ធិ និង​គោលការណ៍​ឯទៀតៗ​ដែរ នោះ​វា​សំខាន់​ដែល​អាច​បែងចែក​ឲ្យ​ដាច់ស្រឡះ​រវាង​ជំនឿ​ដែល​ពិត និង ជំនឿខុសឆ្គង ។

នៅ​ក្នុង កូរិនថូស ទី១ ៥–៦ អ្នក​អាន​អំពី​ជំនឿ​ខុសឆ្គង​មួយ​ចំនួន​ស្ដីពី​ទំនាក់ទំនង​ផ្លូវ​ភេទ ដែល​គេ​ស្គាល់​ច្រើន​បំផុត​នៅ​ក្រុង​កូរិនថូស ។ ជំនឿ​ខុសឆ្គង​មួយ​ក្នុង​ចំណោម​នោះ​មាន​ដូច​ខាង​ក្រោម ៖ វា​អាច​ទទួលយក​បាន​ដើម្បី​មាន​ការស្និទ្ធស្នាល​ខាង​រូបកាយ​ជាមួយ​នរណាម្នាក់ ។ សូម​សរសេរ​សេចក្ដី​ថ្លែងការណ៍​នេះ​ពី​ក្រោម « ជំនឿ​ខុសឆ្គង » នៅ​ផ្នែក​ខាង​ស្ដាំ​នៃ​តារាង​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ សូម​ពិចារណា​អំពី​មូលហេតុ​ដែល​ជំនឿ​នេះ​គឺ​ខុសឆ្គង ។

សមាជិក​សាសនាចក្រ​នៅ​ក្រុង​កូរិនថូស បាន​សរសេរ​សំបុត្រ​ទៅ​សាវក​ប៉ុល​ដោយ​សុំ​សេចក្ដី​ណែនាំ​ស្ដីពី​បទដ្ឋាន​របស់​ព្រះអម្ចាស់​នៃ​ភាពបរិសុទ្ធ​ខាង​ផ្លូវ​ភេទ ។ សូម​អាន កូរិនថូស ទី១ ៧:១ ដោយ​ស្វែងរក​ថាតើ​ពួក​បរិសុទ្ធ​កូរិនថូស​បាន​សុំ​អ្វី​ពី​ប៉ុល ។

ឃ្លា « បើ​មនុស្ស​ប្រុស​មិន​ដែល​ប៉ះ​ពាល់​នឹង​ស្រី​សោះ នោះ​ល្អ​ជា​ជាង » នៅ​ក្នុង ខទី ១ ចង្អុល​បង្ហាញ​ថា ពួក​បរិសុទ្ធ​កូរិនថូស​បាន​សួរ​អំពី​ពេល និង​ថាតើ​ការស្និទ្ធស្នាល​ខាង​រូបកាយ​គឺ​ជា​ទង្វើ​សមរម្យ​ដែរ​ឬ​ទេ ។ មិនតែប៉ុណ្ណោះ មនុស្ស​ខ្លះ​ប្រហែល​ជា​បាន​សួរ​ថាតើ​អ្នក​បាន​រៀបការ​រួច​គួរតែ​មាន​ការស្និទ្ធស្នាល​ខាង​រូបកាយ​ដែរ​ឬ​ទេ ។ សូម​សរសេរ​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ពី​ក្រោម « ជំនឿ​ខុសឆ្គង » នៅ​ផ្នែក​ខាង​ឆ្វេង​នៃ​តារាង​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ ការ​ធ្វើ​ឲ្យ​មាន​ការស្និទ្ធស្នាល​ខាង​រូបកាយ មិន​ដែល​អាច​ទទួល​យក​បាន​នោះ​ទេ ទោះជា​ក្នុង​អាពាហ៍ពិពាហ៍​រួច​ក្ដី ។

ជំនឿ​ខុសឆ្គង​ទាំង​ពីរ​នេះ​ដែល​បាន​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក តំណាង​ឲ្យ​ទស្សន​ជ្រុល​និយម​ដែល​បែក​ចេញ​ពី​បទដ្ឋាន​របស់​ព្រះ​ស្ដីពី​ការស្និទ្ធស្នាល​ខាង​រូបកាយ ។

សូម​អាន កូរិនថូស ទី១ ៧:២–៣ ដោយ​ស្វែងរក​អ្វី​ដែល​ប៉ុល​បាន​បង្រៀន​ពួក​បរិសុទ្ធ​កូរិនថូស​អំពី​ការស្និទ្ធស្នាល​ខាង​រូបកាយ ។ ពាក្យ ការសហាយស្មន់ នៅ​ក្នុង ខទី ២ សំដៅ​ទៅ​លើ​ទំនាក់ទំនង​ខាង​ផ្លូវ​ភេទ​ក្រៅ​អាពាហ៍ពិពាហ៍ និង​ឃ្លា « ចិត្ត​សប្បុរស » នៅ​ក្នុង ខទី ៣ សំដៅ​ទៅ​លើ​សេចក្ដី​ស្រឡាញ់ និង​ការស្និទ្ធស្នាល​ដែល​បង្ហាញ​រវាង​ស្វាមី និង ភរិយា ។

នៅ​ក្នុង ដើម្បី​កម្លាំង​នៃ​យុវជន យើង​រៀន​ថា « ការស្និទ្ធស្នាល​ខាង​រូបកាយ​រវាង​ប្តី និង ប្រពន្ធ គឺ​មាន​ភាពស្រស់​ស្អាត ហើយ​ពិសិដ្ឋ ។ វា​ត្រូវបាន​តែងតាំង​ឡើង​ដោយ​ព្រះ​សម្រាប់​ការបង្កើត​កូនចៅ និង សម្រាប់​ការបង្ហាញ​សេចក្តី​ស្រឡាញ់​រវាង​ប្តី និង ប្រពន្ធ ។ ព្រះ​ទ្រង់​បានដាក់​បញ្ញត្តិ​ថា ភាពស្និទ្ធស្នាល​ខាង​ផ្លូវ​ភេទ​គឺ​បម្រុងទុក​សម្រាប់​អាពាហ៍ពិពាហ៍ » ( [ កូន​សៀវភៅ ឆ្នាំ ២០១១ ] ទំព័រ ៣៥ ) ។

សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ​ពី​ក្រោម « សេចក្ដីពិត ៖ » នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ ការស្និទ្ធស្នាល​ខាង​រូបកាយ​រវាង​ប្តី និង ប្រពន្ធ គឺ​ត្រូវ​បាន​តែងតាំង​ដោយព្រះ ។

ប្រធាន ប៊យដ៍ ឃេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍ ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« ព្រះបញ្ញត្តិ​ឲ្យ​បង្កើត​កូន​ជា​ច្រើន​ឡើង ហើយ​មាន​ពាសពេញ​លើ​ផែនដី​ពុំ​ដែល​លុប​ចេញ​ឡើយ ។ វា​ចាំបាច់​ចំពោះ​ផែនការ​ប្រោសលោះ ហើយ​គឺ​ជា​ប្រភព​នៃ​សុភមង្គល​របស់​មនុស្ស​លោក ។ តាមរយៈ​ការ​អនុវត្ត​ដ៏​សុចរិត​នៃ​អំណាច​នេះ នោះ​យើង​នឹង​អាច​ខិត​កាន់​តែ​ជិត​ព្រះវរបិតា​សួគ៌​យើង ហើយ​ដក​ពិសោធន៍​ភាព​ពោរពេញ​នៃ​សេចក្តី​អំណរ​គឺ​ភាពជាព្រះ ។ អំណាច​នៃ​ការបង្កើត​កូន​ពុំ​មែន​ជា​រឿង​ចៃដន្យ​ក្នុង​ផែនការ​នៃ​សុភមង្គល​ឡើយ វា​គឺ​ជា​គន្លឹះ​ឆ្ពោះ​ទៅ​រក​សុភមង្គល ។

« បំណង​ប្រាថ្នា​ចង់​បាន​ដៃគូ​ក្នុង​ចំណោម​មនុស្ស​លោក​នៅ​តែ​បន្ត ហើយ​រឹងមាំ​យ៉ាង​ខ្លាំង ។ សុភមង្គល​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ អំណរ និង ភាពតម្កើង​ឡើង​របស់​យើង​គឺ​ផ្អែក​លើ​របៀប​ដែល​យើង​ឆ្លើយ​តប​ចំពោះ​ចំណង់​ទាក់ទាញ​អារម្មណ៍​ខាង​រូបកាយ​ដែល​មាន​នេះ » ( « The Plan of Happiness » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ២៦ ) ។

ហេតុអ្វី​បាន​ជា​ការបង្កើត​កូន—ដែល​ជា​លទ្ធភាព​ដើម្បី​បង្កើត​ជីវិត​រមែងស្លាប់—មាន​សារៈសំខាន់​ដល់​ម្ល៉េះ​នៅ​ក្នុង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​កូនចៅ​ទ្រង់ ?

ដូច​មាន​កត់ត្រា​នៅ​ក្នុង កូរិនថូស ទី១ ៧:១–២៤ ប៉ុល​បាន​បង្រៀន​ថា ស្វាមី​ភរិយា​មិនគួរ​ដក​យក​មេត្រីភាព​អាពាហ៍ពិពាហ៍​ពី​គ្នា​ឡើយ លើកលែងតែ​ក្នុង​ករណី​ពិសេស កាលៈទេសៈ​បណ្ដោះអាសន្ន​ប៉ុណ្ណោះ ដែល​សមាជិក​មេម៉ាយ និង​បាន​លែងលះ​ត្រូវបាន​អនុញ្ញាត​ឲ្យ​រៀបការ​ម្ដង​ទៀត​ប្រសិនបើ​ពួកគេ​ជ្រើស​ធ្វើ​ដូច្នោះ ហើយ​ដែល​សមាជិក​សាសនាចក្រ​នឹង « នៅ​ចំពោះ​ទ្រង់ » ( កូរិនថូស ទី១ ៧:២៤ ) ដោយ​មិន​គិត​អំពី​កាលៈទេសៈ​របស់​ពួកគេ ។ ប៉ុល​ក៏​មិន​បាន​លើកទឹកចិត្ត​ឲ្យ​មាន​ការលែងលះ​ដែរ ។

មាន​សមាជិក​សាសនាចក្រ​នៅ​ក្រុង​កូរិនថូស​ដែល​មាន​ស្វាមី ឬ​ភរិយា​មិនមែន​ជា​គ្រិស្តបរិស័ទ ។ សូម​ពិចារណា​អំពី​ការលំបាក​ទាំងឡាយ ដែល​ស្វាមីភរិយា​មាន​ជំនឿ​ខុស​គ្នា​អាច​នឹង​ជួបប្រទះ ។

សូម​អាន កូរិនថូស ទី១ ៧:១២–១៧ ដោយ​ស្វែងរក​សេចក្ដីពិត​ដែល​ប៉ុល​បាន​បង្រៀន ដែល​អាច​ជួយ​ក្រុមគ្រួសារ​ដែល​មាន​សមាជិក​ខ្លះ​ជា​សមាជិក​សាសនាចក្រ ។

ខាង​ក្រោម​នេះ​គឺ​ជា​សេចក្ដីពិត​មួយ ដែល​យើង​អាច​រៀន​ចេញ​ពី​វគ្គបទគម្ពីរ​នេះ ៖ អ្នក​ដើរតាម​ដ៏​ស្មោះត្រង់​របស់​ព្រះយេស៊ូវគ្រីស្ទ មាន​ឥទ្ធិពល​ញែក​ជា​បរិសុទ្ធ​ទៅ​លើ​ក្រុមគ្រួសារ​របស់​ខ្លួន ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​ធ្លាប់​បាន​ឃើញ​គំរូ​អ្វី​ខ្លះ​នៅ​ក្នុង​សមាជិក​សាសនាចក្រ​ដែល​មាន​ឥទ្ធិពល​វិជ្ជមាន​ទៅ​លើ​សមាជិក​គ្រួសារ ដែល​មិនមែន​ជា​សមាជិក​សាសនាចក្រ ឬ​សមាជិក​មិន​សកម្ម ?

នៅ​ក្នុង កូរិនថូស ទី១ ៧:២៥–៤០ ប៉ុល​បាន​ពិភាក្សា​អំពី​គុណសម្បត្តិ និង គុណវិបត្តិ​នៃ​ការនៅ​លីវ ឬ រៀបការ​ហើយ ដែល « ត្រូវបាន​ហៅ​ឲ្យ​បម្រើ » ( ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ កូរិនថូស ទី១ ៧:២៩ [ នៅ​ក្នុង សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ] ) ឬ ត្រូវបាន​ហៅ​ឲ្យ​បម្រើ​បេសកកម្ម ។ លោក​បាន​បង្រៀន​ថា អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​មិន​ទាន់​រៀបការ ឬ​នៅ​លីវ​អាច​មាន​ស្មារតី​មូល​អំឡុង​បេសកកម្ម​ជាង​អ្នក​ផ្សេង​ទៀត​ដែល​បាន​រៀបការ​រួច ហើយ​មាន​កង្វល់​ខាង​សាច់ឈាម​ដែល​ទាក់ទង​ទៅ​នឹង​ការផ្គត់ផ្គង់​ក្រុមគ្រួសារ ។ យ៉ាង​ណា​ក៏​ដោយ លោក​ក៏​ពុំ​បាន​ហាមឃាត់​ពួកគេ​មិន​ឲ្យ​រៀបការ ឬ រៀបការ​អំឡុង​ពេល​បម្រើ​បេសកកម្ម​ដែរ ។ គំរូ​ខ្លះ​នៃ​គូស្វាមីភរិយា​ដែល​បម្រើ​សេវាកម្ម​សាសនាចក្រ​ពេញ​ម៉ោង​នា​ពេល​សព្វថ្ងៃ​នេះ គឺ​អ្នក​ផ្សព្វផ្សាយ​សាសនា​ជា​ប្ដីប្រពន្ធ ប្រធាន​បេសកកម្ម ប្រធាន​ព្រះវិហារ​បរិសុទ្ធ និង ពួក​អ្នក​មាន​សិទ្ធិអំណាច​ទូទៅ​នៃ​សាសនាចក្រ ។

កូរិនថូស ទី១ ៨

ប៉ុល​ឆ្លើយ​សំណួរ​មួយ​អំពី​ការបរិភោគ​ចំណី​អាហារ​ដែល​បាន​សែន​ដល់​រូបសំណាក

អែលឌើរ អិល ថម ភែរី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ចែកចាយ​បទពិសោធន៍​ដូច​ខាង​ក្រោម​នេះ ៖

រូបភាព
អែលឌើរ អិល ថម ភែរី

« ខ្ញុំ​បាន​ឃើញ​ថា ប្រសិនបើ​អ្នក​រស់នៅ​តាម​របៀប​ដែល​អ្នក​គួរតែ​រស់នៅ នោះ​មនុស្ស​នឹង​កត់ចំណាំ ហើយ​ស្ញប់ស្ញែង​នឹង​ជំនឿ​របស់​អ្នក ហើយ​អ្នក​ជះ​ឥទ្ធិពល​ទៅ​លើ​ជីវិត​មនុស្ស​ដទៃ ។

« ខ្ញុំ​បាន​មាន​ការងារ​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ ។ ដោយសារ​ខ្ញុំ​ធ្វើការ​នៅ​ក្នុង​ក្រុម​អ្នក​គ្រប់គ្រង វា​សំខាន់​ដែល​ខ្ញុំ​ត្រូវ​ទាក់ទង​ផ្នែក​កិច្ចការ​សង្គម​ជាមួយ​ស្ថាប័ន​អាជីវកម្ម​នានា​ក្នុង​មូលដ្ខាន ។ ការជួប​ជាមួយ​ស្ថាប័ន​ទាំងនេះ​តែងតែង​ចាប់ផ្ដើម​ដោយ​ការទទួលទាន​ស្រាក្រឡុក [ ជា​ធម្មតា​ពេល​នោះ​ជា​ពេល​ដែល​ភេសជ្ជៈ​ស្រវឹង​ត្រូវបាន​ផ្ដល់​ឲ្យ ] ។ មាន​ពេល​មួយ​ជា​ពេល​ដែល​ត្រូវ​ជួប ហើយ​ស្គាល់​មនុស្ស​ដែល​មក​ពី​ស្ថាប័ន ។ ខ្ញុំ​តែងតែ​មាន​អារម្មណ៍​មិន​ស្រណុក​ចិត្ត​ទេ​នៅ​ពេល​ដែល​ជួប​ម្ដងៗ ។ ដំបូង​ឡើយ​ខ្ញុំ​បាន​សុំ​ទឹក​ក្រូច​លាយ​ជាមួយ​ក្រូចឆ្មា ។ មិនយូរប៉ុន្មាន ខ្ញុំ​បាន​ឃើញ​ថា ទឹក​ក្រូច​លាយ​ជាមួយ​ក្រូចឆ្មា​នោះ​មើល​ទៅ​ហាក់ដូចជា​ស្រា​ដែល​មនុស្ស​ដទៃ​ទៀត​បាន​ទទួលទាន​ដែរ ។ ខ្ញុំ​ពុំ​អាច​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​បាន​ទាល់តែសោះ​ថា ខ្ញុំ​គឺ​ជា​អ្នក​មិន​ទទួលទាន​ស្រា នៅ​ពេល​ខ្ញុំ​កាន់​ទឹកក្រូច​នោះ​នៅ​ក្នុង​ដៃ » ( « The Tradition of a Balanced, Righteous Life » Ensign ខែ សីហា ឆ្នាំ ២០១១ ទំព័រ ៤៨–៤៩ ) ។

តើ​អាច​នឹង​មាន​អ្វី​កើតឡើង​ប្រសិនបើ អែលឌើរ ភែរី បាន​បន្ត​ទទួលទាន​ភេសជ្ជៈ​គ្មាន​ជាតិ​ស្រវឹង​ដែល​មើល​ទៅ​ហាក់ដូចជា​ភេសជ្ជៈ​ស្រវឹង​អំឡុង​ការជួបជុំ​នោះ ?

តើ​មាន​ស្ថានភាព​ណា​ខ្លះ ដែល​គំរូ​របស់​អ្នក​អាច​ជះ​ឥទ្ធិពល​អាក្រក់​ទៅ​លើ​មនុស្ស​ដទៃ​សូម្បី​តែ​អ្នក​មិន​បាន​ធ្វើ​អ្វី​ខុស​ឆ្គង​ផង​នោះ ?

សមាជិក​សាសនាចក្រ​នៅ​ក្រុង​កូរិនថូស​បាន​ឆ្ងល់ ថាតើ​ពួកគេ​អាច​បរិភោគ​អាហារ​ដែល​បាន​សែន​ដល់​រូបសំណាក ឬ​ព្រះ​ពួក​ផាហ្គិន​ដែរ​ឬ​ទេ ។ នៅ​ក្នុង​ចម្លើយ​តប​ទៅ​វិញ សាវក​ប៉ុល​បាន​ទទួលស្គាល់​ថា​សមាជិក​សាសនាចក្រ​អាច​គិត​ថា​នេះ​ជា​រឿង​អាច​ទទួលយក​បាន ព្រោះ​ពួកគេ​បាន​ដឹង​ថា​ព្រះ​ពួក​ផាហ្គិន​ពុំ​មាន​សោះ​ឡើយ ( សូម​មើល កូរិនថូស ទី១ ៨:៤–៦ ) ។

សូម​អាន កូរិនថូស ទី១ ៨:១ ដោយ​ស្វែងរក​អ្វី​ដែល​ប៉ុល​បាន​បង្រៀន​ពួក​បរិសុទ្ធ​កូរិនថូស ។

សូម​កត់ចំណាំ​នៅ​ក្នុង ខទី ១ អំពី​អ្វី​ដែល​អាច​កើតឡើង​ចេញ​ពី​ចំណេះដឹង និង អ្វី​ដែល​កើតឡើង​ចេញ​ពី​សេចក្ដីសប្បុរស ។ ប៉ុល​បាន​ណែនាំ​ថា សេចក្ដីសប្បុរស​នោះ ( « សេចក្ដីស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ » [ មរ៉ូណៃ ៧:៤៧ ] ដែល​មាន​សេចក្ដីស្រឡាញ់​ដោយ​មិន​គិត​ពី​ខ្លួនឯង ) មាន​សារៈសំខាន់​ខ្លាំង​ជាង ការបង្ហាញ​ចំណេះដឹង​អំពី​ក្រឹត្យវិន័យ​នៃ​អាហារ​ទៅ​ទៀត ។

សូម​អាន កូរិនថូស ទី១ ៨:៧–១១ ដោយ​ស្វែងរក​អ្វី​ដែល​ប៉ុល​បាន​បង្រៀន​អំពី​ការបរិភោគ​អាហារ ដែល​បាន​សែន​ដល់​រូបសំណាក ។ ពាក្យ ពួក​កំសោយ នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​សំដៅ​ទៅ​លើ​សមាជិក​ដែល​ទន់ខ្សោយ​ក្នុង​សេចក្ដីជំនឿ​របស់​ខ្លួន ។ ពាក្យ ចំណី​អាហារ នៅ​ក្នុង​ព្រះគម្ពីរ​ប៊ីប​ជា​ធម្មតា​មាន​ន័យ​ថា « ម្ហូបអាហារ » ។ ពាក្យ អំណាច នៅ​ក្នុង ខទី ៩ សំដៅ​ទៅ​លើ​ការពុំ​មាន​ព្រះបញ្ញត្តិ​ជាក់លាក់​ដែល​ហាមប្រាម​មិន​ឲ្យ​បរិភោគ​អាហារ​មួយ​ចំនួន ។

សូម​កត់ចំណាំ​នៅ​ក្នុង កូរិនថូស ទី១ ៨:៩ ថា ប៉ុល​បាន​ផ្ដល់​ហេតុផល​ជំរុញចិត្ត​មួយ​អំពី​មូលហេតុ​ដែល​ពួក​បរិសុទ្ធ​អាច​ជ្រើស​មិន​ទទួលទាន​ចំណីអាហារ​ដែល​បាន​សែន​ដល់​រូបសំណាក ។ តើ​ឧទាហរណ៍​អ្វី​ដែល​ប៉ុល​បាន​ផ្ដល់​ឲ្យ​នៅ​ក្នុង កូរិនថូស ទី១ ៨:១០–១១ ដែល​ប្រាប់​អំពី​ការបរិភោគ​ចំណីអាហារ​ដែល​បាន​សែន​ដល់​រូបសំណាក អាច​ជា​ថ្ម​ជំពប់ដួល ?

សូម​អាន កូរិនថូស ទី១ ៨:១២–១៣ ដោយ​ស្វែងរក​ថាតើ​ប៉ុល​បាន​បញ្ចប់​សេចក្ដី​ហាមប្រាម​របស់​លោក​យ៉ាង​ដូចម្ដេច អំពី​ការប្រព្រឹត្ត​អ្វីៗ​ដែល​អាច​ដឹកនាំ​មនុស្ស​ដទៃ​ឲ្យ​ជំពប់ដួល ។ ឃ្លា « នាំ​ឲ្យ​បង​ប្អូន​ខ្ញុំ​ជំពប់​ដួល » នៅ​ក្នុង ខទី ១៣ ក៏​អាច​បកប្រែ​ថា « នាំ​ឲ្យ​បង​ប្អូន​ខ្ញុំ​ជំពប់​ដួល [ ឬ ] រារែក​ចិត្ត » ដែរ ។

គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​ចេញ​ពី​ការបង្រៀន​របស់​ប៉ុល គឺ​ជា​សេចក្ដី​ដូច​ខាង​ក្រោម ៖ យើង​អាច​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​មនុស្ស​ដទៃ​ទៀត តាមរយៈ​ការចៀសវាង​ពី​ទង្វើ​ដែល​អាច​ដឹកនាំ​ពួកគេ​ឲ្យ​ជំពប់ដួល​ខាង​វិញ្ញាណ ។ ( អ្នក​អាច​នឹក​ចាំ​អំពី​ការសិក្សា​របស់​អ្នក​នៅ​ក្នុង រ៉ូម ១៤ ដែល​ប៉ុល​បាន​បង្រៀន​អំពី​គោលការណ៍​មួយ​ស្រដៀង​នេះ​ទៅ​ដល់​ពួក​បរិសុទ្ធ​នៅ​ក្រុង​រ៉ូម ) ។

សូម​អាន​សេចក្ដី​បញ្ចប់​នៃ​ដំណើររឿង​របស់ អែលឌើរ ភែរី អំពី​ជម្រើស​របស់​លោក​អំឡុង​ការជួបជុំ​ទទួលទាន​ស្រាក្រឡុក ៖ សូម​កត់ចំណាំ​អំពី​របៀប​ដែល​លោក​បាន​អនុវត្ត​តាម​គោលការណ៍​នេះ ៖

រូបភាព
អែលឌើរ អិល ថម ភែរី

« ខ្ញុំ​ក៏​បាន​សម្រចចិត្ត​យក​ភេសជ្ជៈ​ដែល​អាច​បង្ហាញ​ថា​ខ្ញុំ​គឺ​ជា​អ្នក​មិន​ទទួលទាន​ភេសជ្ជៈស្រវឹង ។ ខ្ញុំ​បាន​ទៅ​ឯ​អ្នក​ក្រឡុកស្រា ហើយ​បាន​សុំ​ទឹកដោះគោ​មួយ​កែវ ។ អ្នក​ក្រឡុកស្រា​នោះ​មិន​ដែល​មាន​នរណា​សុំ​អ្វី​ដូច្នោះ​នោះ​ទេ ។ គាត់​បាន​ចូល​ទៅ​ក្នុង​ផ្ទះបាយ ហើយ​រក​បាន​ទឹកដោះគោ​មួយ​កែវ​សម្រាប់​ខ្ញុំ ។ ឥឡូវ​នេះ​ខ្ញុំ​មាន​ភេសជ្ជៈ​ដែល​មើល​ទៅ​ខុស​គ្នា​ឆ្ងាយ​ពី​ភេសជ្ជៈ​ស្រវឹង ដែល​មនុស្ស​ទដៃ​ទៀត​បាន​ទទួលទាន ។ ភ្លាម​នោះ​មាន​មនុស្ស​ជាច្រើន​បាន​ចាប់អារម្មណ៍​លើ​ភេសជ្ជៈ​របស់​ខ្ញុំ ។ ពួកគេ​បាន​សើច​ចំអក​ដាក់​ភេសជ្ជៈ​របស់​ខ្ញុំ ។ ទឹកដោះគោ​របស់​ខ្ញុំ​បាន​ក្លាយ​ទៅ​ជា​ប្រធានបទ​នៃ​ការសន្ទនា​របស់​ពួកគេ ។ …

« ទឹកដោះគោ​បាន​ក្លាយ​ទៅ​ជា​ជម្រើស​នៅ​ឯ​ការជួបជុំ​ទទួលទាន​ស្រាក្រឡុក ។ មិនយូរប៉ុន្មាន​ខ្ញុំ​ត្រូវបាន​គេ​ដឹង​ថា​ជា​ពួក​មរមន ។ ការគោរព​ដែល​ខ្ញុំ​បាន​ទទួល​ពិតជា​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល គឺ​ដូចជា​ព្រឹត្តិការណ៍​ដ៏​គួរឲ្យចាប់អារម្មណ៍​មួយ​បាន​ចាប់ផ្ដើម​ដូច្នោះ​ដែរ ។ មនុស្ស​ឯ​ទៀត​ក៏​បាន​ទទួលទាន​ទឹកដោះគោ​សុទ្ធ​ដូចជា​ខ្ញុំ​ដែរ !

« ចូរ​ហ៊ាន​ធ្វើជា​មនុស្ស​ខុសប្លែក​ពី​គេ ។ ចូរ​យើង​រស់នៅ​តាម​បទដ្ឋាន​ដែល​យើង​បាន​រៀន​នៅ​ក្នុង​ដំណឹងល្អ » ( « The Tradition of a Balanced, Righteous Life » ទំព័រ ៤៩ ) ។

រូបភាព
កែវ​ទឹកដោះគោ
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​មាន​គំរូ​ណា​ខ្លះ​អំពី​របៀប​ដែល​អ្នក​អាច​បង្ហាញ​សេចក្ដីសប្បុរស​ចំពោះ​មនុស្ស​ដទៃ តាមរយៈ​ការចៀសវាង​ពី​ទង្វើ​ដែល​អាច​ដឹកនាំ​ពួកគេ​ឲ្យ​ជំពប់ដួល​ខាង​វិញ្ញាណ ?

  2. សូម​សរសេរ​ឃ្លា​ដែល​នៅ​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា កូរិនថូស ទី១ ៧-៨ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖