គោលលទ្ធិគ្រឹះ
គោលលទ្ធិគ្រឹះគួរតែត្រូវបានបង្ហាញទាំងនៅក្នុងថ្នាក់សិក្ខាសាលានិង ថ្នាក់វិទ្យាស្ថាន ។ គ្រូបង្រៀនត្រូវជួយសិស្សឲ្យស្គាល់ យល់ ជឿ ពន្យល់ ហើយអនុវត្តគោលលទ្ធិគ្រឹះនៃដំណឹងល្អទាំងនេះ ។ ការធ្វើដូច្នោះនឹងជួយសិស្សពង្រឹងទីបន្ទាល់ ហើយបង្កើនអំណរគុណរបស់ពួកគេ ចំពោះដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដែលបានស្តារឡើងវិញ ។ ការសិក្សាគោលលទ្ធិគ្រឹះទាំងនេះ ក៏នឹងជួយសិស្សឲ្យរៀបចំបានកាន់តែប្រសើរ ដើម្បីបង្រៀនពីសារសំខាន់នៃសេចក្តីពិតទាំងនេះដល់អ្នកដទៃទៀតផងដែរ ។
ភាគច្រើននៃវគ្គចំណេះចំណានខគម្ពីរទាំង ១០០ ដែលបានជ្រើសរើសដោយថ្នាក់សិក្ខាសាលា និង វិទ្យាស្ថានសាសនា គឺត្រូវបានជ្រើសរើស ដើម្បីជា ជំនួយដល់ការយល់ដឹងរបស់សិស្សអំពីគោលលទ្ធិគ្រឹះ ។ សេចក្តីយោងបទគម្ពីរភាគច្រើនដែលមានក្នុងឯកសារនេះ គឺសំដៅលើវគ្គចំណេះចំណានខគម្ពីរ ។ វគ្គចំណេះចំណានខគម្ពីរទាំងនេះត្រូវបានដាក់បញ្ចូលដើម្បីបង្ហាញពីរបៀបដែលខគម្ពីរទាំងនោះទាក់ទងទៅនឹងគោលលទ្ធិគ្រឹះ ។
១. ក្រុមព្រះ
មានតួអង្គបីអង្គ ដែលមានរូបអង្គដាច់ ដោយ ឡែកពីគ្នានៅក្នុងក្រុមព្រះ ៖ ព្រះ ជា ព្រះវរបិតាដ៏អស់ កល្ប ព្រះរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ និង ព្រះវិញ្ញាណបរិសុទ្ធ ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ៖ ១:១៥—២០) ។ ព្រះវរបិតា និង ព្រះរាជបុត្រាមានរូបកាយជាសាច់ និង ឆ្អឹង ហើយព្រះវិញ្ញាណបរិសុទ្ធគឺជាតួអង្គនៃវិញ្ញាណ ( សូមមើល គ. និង ស. ១៣០:២២–២៣ ) ។ ទ្រង់ទាំងបីអង្គមានព្រះរាជបំណង និង គោលលទ្ធិតែមួយ ។ ទ្រង់ទាំងបីអង្គរួមសាមគ្គីគ្នាយ៉ាងល្អឥតខ្ចោះក្នុងការនាំមកនូវផែនការនៃសេចក្តីសង្រ្គោះដ៏ទេវភាពរបស់ព្រះវរបិតា ។
ព្រះជាព្រះវរបិតា
ព្រះវរបិតាគឺជាអង្គគ្រប់គ្រងដ៏ខ្ពស់បំផុតនៃសាកលលោក ។ ទ្រង់គឺជាបិតានៃវិញ្ញាណរបស់យើង ( សូមមើល ហេព្រើរ ១២:៩) ។ ទ្រង់ល្អឥតខ្ចោះ មានគ្រប់ទាំងព្រះចេស្តា និងត្រាស់ដឹងគ្រប់ការណ៍ទាំងអស់ ។ ទ្រង់ក៏ជាព្រះនៃក្តីមេត្តាករុណា សណ្តោសប្រណី និង សប្បុរសដ៏ឥតខ្ចោះផងដែរ ។
ព្រះយេស៊ូវគ្រីស្ទ
ព្រះយេស៊ូវគ្រីស្ទគឺជាបុត្រច្បងរបស់ព្រះវរបិតាខាងវិញ្ញាណ ហើយជាបុត្របង្កើតតែមួយគត់របស់ព្រះវរបិតាខាងសាច់ឈាម ។ ទ្រង់គឺជាព្រះយេហូវ៉ានៃព្រះគម្ពីរសញ្ញាចាស់ និង ជាព្រះមែស៊ីនៃគម្ពីរសញ្ញាថ្មី ។
ព្រះយេស៊ូវគ្រីស្ទបានរស់នៅក្នុងជីវិតដែលគ្មានអំពើបាប និង បានធ្វើដង្វាយធួនដ៏ល្អឥតខ្ចោះសម្រាប់អំពើបាបរបស់មនុស្សលោកទាំងអស់ ( សូមមើល អាលម៉ា ៧:១១–១៣ ) ។ ជីវិតរបស់ទ្រង់គឺជាគំរូដ៏ឥតខ្ចោះអំពីរបៀបដែលមនុស្សទាំងអស់គួររស់នៅតាម ( សូមមើល យ៉ូហាន ១៤:៦, នីហ្វៃទី ៣ ១២:៤៨ ) ។ ទ្រង់គឺជាមនុស្សដំបូងគេបង្អស់ដែលបានរស់ឡើងវិញនៅលើផែនដីនេះ ( សូមមើល កូរិនថូសទី ១ ១៥:២០–២២ ) ។ ទ្រង់នឹងយាងមកម្តងទៀតដោយព្រះចេស្តា និង សិរីល្អ ហើយនឹងគ្រងរាជ្យលើផែនដីនេះក្នុងអំឡុងពេលនៃសហស្សវត្សរ៍ ។
ការអធិស្ឋាន ពរជ័យ និង ពិធីបរិសុទ្ធនៃបព្វជិតភាពទាំងអស់ គប្បីត្រូវបានធ្វើឡើងនៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ( សូមមើល នីហ្វៃទី ៣ ១៨:១៥, ២០–២១ ) ។
ខគម្ពីរយោងដែលទាក់ទង ៖ ហេលេមិន ៥:១២; គ. និង ស. ១៩:២៣, គ. និង ស. ៧៦:២២–២៤
ព្រះវិញ្ញាណបរិសុទ្ធ
ព្រះវិញ្ញាណបរិសុទ្ធគឺជាសមាជិកទីបីនៃក្រុមព្រះ ។ ទ្រង់គឺជាតួអង្គនៃវិញ្ញាណគ្មានរូបកាយជាសាច់ និង ឆ្អឹងទេ ។ ជាទូទៅទ្រង់ត្រូវបានគេស្គាល់ថាជាព្រះវិញ្ញាណ ជាព្រះវិញ្ញាណបរិសុទ្ធ ជាព្រះវិញ្ញាណនៃព្រះ ជាព្រះវិញ្ញាណនៃព្រះអម្ចាស់ និង ជាអង្គជាជំនួយ ។
ព្រះវិញ្ញាណបរិសុទ្ធថ្លែងទីបន្ទាល់អំពីព្រះវរបិតា និង ព្រះរាជបុត្រា សម្តែងសេចក្តីពិតនៃការណ៍គ្រប់យ៉ាង និង ញែកអ្នកទាំងឡាយណាដែលបានប្រែចិត្ត ហើយទទួលបុណ្យជ្រមុជទឹកឲ្យបានបរិសុទ្ធ ( សូមមើល មរ៉ូណៃ ១០:៤–៥ ) ។
ខគម្ពីរយោងដែលទាក់ទង ៖ កាឡាទី ៥:២២–២៣; គ. និង ស. ៨:២–៣
២. ផែនការនៃសេចក្តីសង្គ្រោះ
នៅក្នុងជីវិតមុនផែនដីនេះ ព្រះវរបិតាបានបង្ហាញផែនការមួយ ដើម្បីជួយយើងឲ្យប្រែក្លាយទៅដូចជាទ្រង់ និង ទទួលបានជីវិតអមត និង ជីវិតដ៏នៅអស់កល្បជានិច្ច ( សូមមើល ម៉ូសេ ១:៣៩ ) ។ ព្រះគម្ពីរជាច្រើនបាននិយាយអំពីផែនការនេះថា ជាផែនការនៃសេចក្តីសង្រ្គោះ ផែនការនៃសុភមង្គលដ៏មហិមា ផែនការនៃការប្រោសលោះ និង ផែនការនៃក្តីមេត្តាករុណា ។
ផែនការនៃសេចក្តីសង្រ្គោះរួមមាន ការបង្កបង្កើត ការធ្លាក់ ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ព្រមទាំងក្រឹត្យវិន័យពិធីបរិសុទ្ធ និង គោលលទ្ធិទាំងអស់នៃដំណឹងល្អ ។ សិទ្ធិជ្រើសរើសខាងសីលធម៌—គឺជាលទ្ធភាពដើម្បីជ្រើសរើស និង ប្រព្រឹត្តចំពោះខ្លួនយើងផ្ទាល់— គឺជាផ្នែកដ៏សំខាន់នៅក្នុងផែនការរបស់ព្រះវរបិតាផងដែរ ( សូមមើល នីហ្វៃទី ២ ២:២៧ ) ។ ដោយសារផែនការនេះ យើងអាចត្រូវបានធ្វើឲ្យល្អឥតខ្ចោះតាមរយៈដង្វាយធួន ទទួលបានអំណរដ៏ពេញលេញ ហើយរស់នៅជារៀងរហូតនៅក្នុងវត្តមានព្រះ ( សូមមើល នីហ្វៃទី ៣ ១២:៤៨) ។ ទំនាក់ទំនងគ្រួសាររបស់យើងអាចមានរហូតដល់អស់កល្បជានិច្ច ។
ខគម្ពីរយោងដែលទាក់ទង ៖ យ៉ូហាន ១៧:៣; គ. និង ស. ៥៨:២៧
ជីវិតមុនឆាកជីវិតនេះ
ពីមុនយើងបានកើតមកលើផែនដីនេះ យើងបានរស់នៅក្នុងវត្តមាននៃព្រះវរបិតាសួគ៌របស់យើងក្នុងនាមជាកូនចៅវិញ្ញាណរបស់ទ្រង់ ( សូមមើល អ័ប្រាហាំ ៣:២២–២៣ ) ។ នៅក្នុងជីវិតមុនផែនដី យើងបានចូលរួមនៅក្នុងក្រុមប្រឹក្សាមួយជាមួយនឹងកូនចៅវិញ្ញាណផ្សេងទៀតរបស់ព្រះវរបិតាសួគ៌ ។ ក្នុងអំឡុងពេលប្រជុំក្រុមប្រឹក្សានោះ ព្រះវរបិតាសួគ៌បានបង្ហាញផែនការរបស់ទ្រង់ដល់យើង ហើយពីមុនជីវិតលើផែនដីនេះ ព្រះយេស៊ូវគ្រីស្ទបានធ្វើសេចក្តីសញ្ញាដើម្បីធ្វើជាអង្គសង្រ្គោះ ។
យើងបានប្រើប្រាស់សិទ្ធិជ្រើសរើសរបស់យើង ដើម្បីធ្វើតាមផែនការព្រះវរបិតាសួគ៌ ។ យើងបានរៀបចំខ្លួនដើម្បីមកកាន់ផែនដីនេះ ជាទីកន្លែងដែលយើងអាចបន្តរីកចម្រើន ។
អស់អ្នកណាដែលបានធ្វើតាមព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទត្រូវបានអនុញ្ញាតឲ្យមកកាន់ផែនដី ដើម្បីទទួលបទពិសោធន៍នៃជីវិតរមែងស្លាប់ និង ហើយរីកចម្រើនទៅរកជីវិតដ៏នៅអស់កល្បជានិច្ច ។ លូស៊ីហ្វើរ ជាកូនវិញ្ញាណនៃព្រះម្នាក់ទៀតដែលបានបះបោរប្រឆាំងនឹងផែនការនេះ ។ វាបានក្លាយទៅជាសាតាំង ហើយវា និង ពួកពលបរិវាររបស់វាត្រូវបានបណ្តេញចេញពីស្ថានសួគ៌ ហើយមិនបានទទួលឯកសិទ្ធិនៃការទទួលបានរូបកាយ និង បទពិសោធន៍នៃជីវិតរមែងស្លាប់ឡើយ ។
ខគម្ពីរយោងដែលទាក់ទង ៖ យេរេមា ១:៤–៥
ការបង្កបង្កើត
ព្រះយេស៊ូវគ្រីស្ទបានបង្កើតស្ថានសួគ៌ និង ផែនដីក្រោមការដឹកនាំរបស់ព្រះវរបិតា ។ ផែនដីមិនមែនបង្កើតឡើងពីភាពទទេនោះទេ គឺវាត្រូវបានបង្កើតឡើងពីអ្វីៗដែលមានរួចហើយ ។ ព្រះយេស៊ូវបានបង្កើតពិភពដ៏ច្រើនឥតគណនា ( សូមមើល គ. និង ស. ៧៦:២២–២៤) ។
ការបង្កើតផែនដីគឺជាផ្នែកមួយដ៏សំខាន់នៃផែនការរបស់ព្រះ ។ ផែនដីផ្តល់ឲ្យយើងនូវកន្លែងដែលយើងអាចទទួលរូបកាយ ត្រូវបានសាកល្បង និង ពិសោធន៍ ហើយអភិវឌ្ឍឥរិយាបទដ៏ទេវភាព ។
យើងត្រូវតែប្រើប្រាស់ធនធានផែនដីដោយឈ្លាសវៃ សុភវិនិច្ឆ័យ និង អំណរគុណ ( សូមមើល គ. និង ស. ៧៨:១៩ ) ។
អ័ដាមគឺជាមនុស្សដំបូងគេដែលត្រូវបានបង្កើតនៅលើផែនដីនេះ ។ ព្រះបានបង្កើត អ័ដាម និង អេវ៉ា តាមរូបរាងរបស់អង្គទ្រង់ផ្ទាល់ ។ គ្រប់មនុស្សលោកទាំងអស់—ទាំងប្រុស ទាំងស្រី—ត្រូវបានបង្កើតតាមរូបរាងរបស់ព្រះ ( សូមមើល លោកុប្បត្តិ ១:២៦–២៧ ) ។
ការធ្លាក់
នៅក្នុងសួនច្បារអេដែន ព្រះបានបញ្ជាដល់អ័ដាម និង អេវ៉ា ថាមិនត្រូវបរិភោគផ្លែឈើដឹងខុស និង ត្រូវឡើយ ព្រោះលទ្ធផលនៃការធ្វើដូច្នោះគឺត្រូវស្លាប់ខាងវិញ្ញាណ និង ខាងរូបកាយ ។ សេចក្តីស្លាប់ខាងវិញ្ញាណគឺជាការបែកចេញពីព្រះ ។ សេចក្តីស្លាប់ខាងរូបកាយគឺជាការបែកចេញរវាងវិញ្ញាណ និងរូបកាយរមែងស្លាប់ ។ ដោយសារតែ អ័ដាម និង អេវ៉ា បានរំលងបញ្ញត្តិរបស់ព្រះ ពួកគេត្រូវបានបណ្តេញចេញពីវត្តមានរបស់ទ្រង់ ហើយបានប្រែជាមានជីវិតរមែងស្លាប់ ។ ការរំលងរបស់ អ័ដាម និង អេវ៉ា ព្រមទាំងលទ្ធផលនៃការផ្លាស់ប្តូរដែល ពួកគេបានដកពិសោធន៍ រួមទាំងសេចក្តីស្លាប់ខាងវិញ្ញាណ និង សេចក្តីស្លាប់ខាងរូបកាយគឺត្រូវបានហៅថាការធ្លាក់ ។
ដោយសារលទ្ធផលនៃការធ្លាក់ នោះអ័ដាម និង អេវ៉ា ព្រមទាំងពូជពង្សរបស់ពួកគេអាចទទួលបាននូវភាពរីករាយ និង ទុក្ខព្រួយ ដឹងខុស និង ត្រូវ ហើយមានកូនចៅបាន ( សូមមើល នីហ្វៃទី ២ ២:២៥) ។ ក្នុងនាមជាកូនចៅរបស់អ័ដាម និង អេវ៉ា នោះយើងទទួលបាននូវលក្ខខណ្ឌនៃការធ្លាក់ អំឡុងពេលនៃជីវិតរមែងស្លាប់នេះ ។ យើងត្រូវបានបែកចេញពីវត្តមាននៃព្រះអម្ចាស់ ហើយត្រូវស្លាប់ខាងរូបកាយ ។ យើងក៏ត្រូវបានសាកល្បងដោយភាពលំបាកនៃជីវិត និង ការល្បួងនៃមារសត្រូវផងដែរ ។ ( សូមមើល ម៉ូសាយ ៣:១៩ ) ។
ការធ្លាក់គឺជាផ្នែកមួយដ៏សំខាន់នៃផែនការសង្រ្គោះរបស់ព្រះវរបិតាសួគ៌ទាំងមូល ។ វាមានទិសដៅពីរ—ចុះក្រោម និង ទៅមុខ ។ ក្រៅពីនាំឲ្យមានការស្លាប់ខាងរូបកាយ និង វិញ្ញាណ ការធ្លាក់បានផ្តល់ឲ្យយើងនូវឱកាសដើម្បីកើតមកលើផែនដីនេះដើម្បីរៀន និង រីកចម្រើន ។
ជីវិតរមែងស្លាប់
ជីវិតរមែងស្លាប់គឺជាពេលវេលានៃការរៀនសូត្រ ជាពេលដែលយើងអាចរៀបចំសម្រាប់ជីវិតដ៏នៅអស់កល្ប និង ដើម្បីបង្ហាញថា យើងនឹងប្រើប្រាស់សិទ្ធិជ្រើសរើសរបស់យើង ដើម្បីធ្វើអ្វីៗទាំងអស់ដែលព្រះអម្ចាស់បានបញ្ជា ។ ក្នុងអំឡុងពេលនៃជីវិតរមែងស្លាប់នេះ យើងត្រូវតែស្រឡាញ់ និង បម្រើគ្នាទៅវិញទៅមក ( សូមមើល ម៉ូសាយ ២:១៧, មរ៉ូណៃ ៧:៤៥, ៤៧–៤៨) ។
នៅក្នុងជីវិតរមែងស្លាប់ វិញ្ញាណរបស់យើងត្រូវបានរួមគ្នាជាមួយនឹងរូបកាយរបស់យើង ដោយផ្តល់ឱកាសឲ្យយើងដើម្បីរីកចម្រើន និង អភិវឌ្ឍតាមវិធីជាច្រើនដែលមិនអាចកើតមានបាននៅក្នុងជីវិតមុនផែនដី ។ រូបកាយរបស់យើងគឺជាផ្នែកមួយដ៏សំខាន់នៃផែនការនៃសេចក្តីសង្រ្គោះ ហើយរូបកាយនេះគួរតែត្រូវបានគោរពដោយយកចិត្តទុកដាក់ ជាអំណោយមួយមកពីព្រះវរបិតាសួគ៌របស់យើង ( សូមមើល កូរិនថូសទី ១ ៦:១៩–២០) ។
ខគម្ពីរយោងដែលទាក់ទង ៖ យ៉ូស្វេ ២៤:១៥; ម៉ាថាយ ២២:៣៦–៣៩, នីហ្វៃទី ២ ២៨:៧–៩, អាលម៉ា ៤១:១០, គ. និង ស. ៥៨:២៧
ជីវិតក្រោយសេចក្តីស្លាប់
នៅពេលយើងស្លាប់ វិញ្ញាណរបស់យើងចូលទៅក្នុងពិភពវិញ្ញាណ ហើយរង់ចាំការរស់ឡើងវិញ ។ វិញ្ញាណនៃពួកសុចរិតត្រូវបានទទួលស្ថានភាពនៃសុភមង្គល ដែលត្រូវបានហៅថាស្ថានបរមសុខ ។ មានពួកអ្នកស្មោះត្រង់ជាច្រើននឹងផ្សាយដំណឹងល្អ ទៅកាន់អ្នកទាំងនោះនៅក្នុងស្ថានឃុំព្រលឹង ។
ស្ថានឃុំព្រលឹងគឺជាកន្លែងបណ្តោះអាសន្ននៅក្នុងពិភពក្រោយពីជីវិតរមែងស្លាប់ សម្រាប់អ្នកទាំងឡាយណាដែលស្លាប់ទៅដោយមិនបានដឹងពីសេចក្តីពិត និង សម្រាប់អ្នកទាំងឡាយណាដែលមិនគោរពប្រតិបត្តិនៅក្នុងជីវិតរមែងស្លាប់ ។ នៅទីនោះវិញ្ញាណទាំងឡាយត្រូវបានបង្រៀនដំណឹងល្អ ហើយមានឱកាសដើម្បីប្រែចិត្ត និង ទទួលពិធីបរិសុទ្ធនៃសេចក្តីសង្រ្គោះ ដែលបានធ្វើឡើងសម្រាប់ពួកគេនៅក្នុងព្រះវិហារបរិសុទ្ធ ( សូមមើល ពេត្រុសទី ១ ៤:៦) ។ អ្នកទាំងឡាយណាដែលទទួលយកដំណឹងល្អ នឹងរស់នៅក្នុងស្ថានបរមសុខរហូតដល់ការរស់ឡើងវិញ ។
ការរស់ឡើងវិញគឺជាការរួមបញ្ចូលគ្នាវិញនៃរូបកាយជាវិញ្ញាណរបស់យើង ជាមួយនឹងរូបកាយជាសាច់ និង ឆ្អឹងរបស់យើង ( សូមមើល លូកា ២៤:៣៦–៣៩ ) ។ បន្ទាប់ពីការរស់ឡើងវិញ វិញ្ញាណ និង រូបកាយនឹងមិនបែកចេញពីគ្នាជាថ្មីម្តងទៀតឡើយ ហើយយើងនឹងក្លាយទៅជាអមត ។ មនុស្សគ្រប់រូបកើតមកលើផែនដីនឹងត្រូវបានរស់ឡើងវិញ ពីព្រោះព្រះយេស៊ូវគ្រីស្ទបានយកឈ្នះលើសេចក្តីស្លាប់ ( សូមមើល កូរិនថូសទី ១ ១៥:២០–២២) ។ ពួកសុចរិតនឹងរស់ឡើងវិញមុនពួកទុច្ចរិត ហើយនឹងបានរស់ឡើងវិញនៅក្នុងដំណើររស់ឡើងវិញទីមួយ ។
សេចក្ដីជំនុំជម្រះចុងក្រោយ នឹងកើតឡើងបន្ទាប់ពីការរស់ឡើងវិញ ។ ព្រះយេស៊ូវគ្រីស្ទនឹងកាត់សេចក្តីមនុស្សគ្រប់រូប ដើម្បីសម្រេចពីសិរីល្អដ៏អស់កល្បដែលបុគ្គលនោះនឹងទទួល ។ សេចក្ដីជំនុំជម្រះនេះនឹងផ្អែកទៅលើការគោរពប្រតិបត្តិរបស់បុគ្គលម្នាក់ៗតាមព្រះបញ្ញត្តិរបស់ព្រះ ( សូមមើល វិវរណៈ ២០:១២, ម៉ូសាយ ៤:៣០) ។
មាននគរនៃសិរីល្អបី ( សូមមើល កូរិនថូសទី ១ ១៥:៤០–៤២) ។ នគរដែលខ្ពស់ជាងគេនោះគឺ នគរសេឡេស្ទាល ។ អ្នកទាំងឡាយណាដែលមានសេចក្តីក្លាហាន ក្នុងការថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ និង គោរពប្រតិបត្តិតាមគោលការណ៍ទាំងឡាយនៃដំណឹងល្អ នឹងរស់នៅក្នុងនគរសេឡេស្ទាលក្នុងវត្តមាននៃព្រះវរបិតា និង ព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ( សូមមើល គ. និង ស. ១៣១:១–៤) ។
នគរទីពីរនៃនគរសិរីល្អទាំងបីគឺនគរទេរេសទ្រាល ។ អ្នកទាំងឡាយណាដែលរស់នៅក្នុងនគរនេះគឺជាបុរស និង ស្រ្តីណាដែលរស់នៅដោយសុចរិតទៀងត្រង់ គ្មានសេចក្តីក្លាហានក្នុងការថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវ ។
នគរទេឡេស្ទាលគឺជានគរដែលទាបបំផុតក្នុងចំណោមនគរនៃសិរីល្អទាំងបី ។ អ្នកទាំងឡាយណាដែលទទួលបាននគរនេះគឺជាអស់អ្នកដែលជ្រើសរើសសេចក្តីទុច្ចរិតជាជាងជ្រើសរើសសេចក្តីសុចរិត កាលរស់នៅក្នុងជីវិតរមែងស្លាប់របស់ពួកគេ ។ បុគ្គលទាំងនេះនឹងទទួលសិរីល្អរបស់ពួកគេបន្ទាប់ពីត្រូវបានសង្រ្គោះពីស្ថានឃុំព្រលឹង ។
ខគម្ពីរយោងដែលទាក់ទង ៖ យ៉ូហាន ១៧:៣
៣. ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ
ដើម្បីធ្វើឲ្យធួនគឺការរងទារុណកម្មនៃអំពើបាប ហេតុដូច្នេះហើយនាំឲ្យមានការដកឥទ្ធិពលនៃអំពីបាបចេញពីអ្នកប្រែចិត្តពីអំពើបាប ហើយអនុញ្ញាតឲ្យបុគ្គលនោះបានស្រុះស្រួលជាមួយនឹងព្រះ ។ មានតែព្រះយេស៊ូវគ្រីស្ទមួយអង្គគត់ ដែលមានសមត្ថភាពធ្វើដង្វាយធួនដ៏ឥតខ្ចោះសម្រាប់មនុស្សលោកទាំងអស់ ។ ដង្វាយធួនរបស់ទ្រង់គឺរួមមាន ការរងទុក្ខរបស់ទ្រង់ក្នុងសួនច្បារគែតសេម៉ានី សម្រាប់អំពើបាបនៃមនុស្សលោកទាំងអស់ ការបង្ហូរព្រះលោហិតរបស់ទ្រង់ ការរងការឈឺចាប់ និង ការសុគតរបស់ទ្រង់នៅលើឈើឆ្កាង ព្រមទាំង ការរស់ឡើងវិញពីផ្នូររបស់ទ្រង់ ( សូមមើល លូកា ២៤:៣៦–៣៩, គ. និង ស. ១៩:១៦–១៩ ) ។ ព្រះអង្គសង្រ្គោះមានសមត្ថភាពដើម្បីធ្វើដង្វាយធួននេះ ពីព្រោះទ្រង់បានរក្សាអង្គទ្រង់ពីអំពើបាប ហើយ មានអំណាចឈ្នះលើសេចក្តីស្លាប់ ។ ដោយសារទ្រង់មានមាតាដែលមានជីវិតរមែងស្លាប់ នោះទ្រង់ទទួលមរតកនៃសេចក្តីស្លាប់ ។ ដោយសារទ្រង់មានបិតាដែលមានព្រះជន្មអមត នោះទ្រង់មានអំណាចដើម្បីនឹងយកជីវិតទ្រង់មកវិញម្តងទៀត ។
តាមរយៈព្រះគុណ នោះដង្វាយធួនរបស់ព្រះអង្គសង្រ្គោះធ្វើឲ្យមនុស្សទាំងអស់នឹងរស់ឡើងវិញ ហើយទទួលបានអមតភាព ។ ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទក៏អាចធ្វើឲ្យយើងទទួលបានជីវិតអស់កល្បផងដែរ ( សូមមើល មរ៉ូណៃ ៧:៤១ ) ។ ដើម្បីទទួលបានអំណោយទាននេះ យើងត្រូវតែរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ដែលរួមមាន ការមានសេចក្តីជំនឿលើទ្រង់ ការប្រែចិត្តពីអំពើបាបរបស់យើង ការទទួលបុណ្យជ្រមុជទឹក ការទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ និង ប្រកាន់ខ្ជាប់ដោយស្មោះត្រង់រហូតដល់ទីបំផុត ( សូមមើល យ៉ូហាន ៣:៥ ) ។
ក្នុងផ្នែកនៃដង្វាយធួនរបស់ទ្រង់ នោះព្រះយេស៊ូវគ្រីស្ទ មិនត្រឹមតែរងទុក្ខសម្រាប់អំពើបាបរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកមកដាក់លើខ្លួនព្រះអង្គនូវការឈឺចាប់ ជំងឺ និង រោគាទាំងឡាយរបស់មនុស្សទៀតផង ( សូមមើល អាលម៉ា ៧:១១–១៣ ) ។ ទ្រង់យល់អំពីការឈឺចាប់របស់យើង ពីព្រោះទ្រង់បានទទួលនូវបទពិសោធន៍នៃការឈឺចាប់នោះ ។ ព្រះគុណ ឬ អំណាចដែលអាចធ្វើទៅបានរបស់ទ្រង់ ពង្រឹងយើងដើម្បីទ្រាំទ្រនឹងបន្ទុកទាំងឡាយ ហើយសម្រេចបាននូវកិច្ចការនានា ដែលយើងមិនអាចធ្វើដោយខ្លួនយើងផ្ទាល់ ( សូមមើល ម៉ាថាយ ១១:២៨–៣០, ភីលីព ៤:១៣, អេធើរ ១២:២៧ ) ។
ខគម្ពីរយោងដែលទាក់ទង ៖ យ៉ូហាន ៣:៥, កិច្ចការ ៣:១៩–២១
សេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ
សេចក្តីជំនឿគឺជា « សេចក្តីសង្ឃឹមទៅលើអ្វីៗដែលមើលមិនឃើញ ហើយដែលពិត » ( អាលម៉ា ៣២:២១ សូមមើលផងដែរ អេធើរ ១២:៦ ) ។ វាជាអំណោយទានពីព្រះ ។
សេចក្តីជំនឿត្រូវតែផ្តោតទៅលើព្រះយេស៊ូវគ្រីស្ទ ដើម្បីឲ្យសេចក្តីជំនឿដឹកនាំបុគ្គលនោះទៅរកសេចក្តីសង្រ្គោះ ។ ការមានសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទមានន័យថា ការពឹងផ្អែកទាំងស្រុងទៅលើទ្រង់ និង ទុកចិត្តលើដង្វាយធួន អំណាច និង សេចក្តីស្រឡាញ់ដ៏គ្មានដែនកំណត់របស់ទ្រង់ ។ វារួមមានទាំងការជឿលើការបង្រៀនរបស់ទ្រង់ និង ការជឿដែលសូម្បីតែយើងមិនយល់ពីអ្វីៗទាំងអស់ដែលទ្រង់ធ្វើក៏ដោយ ( សូមមើល សុភាសិត ៣:៥–៦, គ. និង ស. ៦:៣៦ ) ។
សេចក្តីជំនឿត្រូវបង្ហាញតាមរបៀបដែលយើងរស់នៅជាជាងសេចក្តីជំនឿដែលគ្មានការប្រព្រឹត្តិ ( សូមមើល យ៉ាកុប ២:១៧–១៨ ) ។ សេចក្តីជំនឿអាចរីកចម្រើនឡើង នៅពេលយើងអធិស្ឋាន សិក្សាព្រះគម្ពីរ និង គោរពប្រតិបត្តិតាមព្រះបញ្ញត្តិទាំងឡាយរបស់ព្រះ ។
ពួកបរិសុទ្ធថ្ងៃចុងក្រោយក៏មានសេចក្តីជំនឿលើព្រះវរបិតា ព្រះវិញ្ញាណបរិសុទ្ធ និង អំណាចបព្វជិតភាព ព្រមទាំងចំណុចសំខាន់ៗដទៃទៀតនៃដំណឹងល្អដែលបានស្តារឡើងវិញផងដែរ ។ សេចក្តីជំនឿជួយយើងទទួលបាននូវការព្យាបាលខាងវិញ្ញាណ និង ខាងរូបកាយ ដើម្បីឈានទៅមុខ ប្រឈមមុខនឹងការលំបាករបស់យើង និង យកឈ្នះទៅលើសេចក្តីល្បួង ( សូមមើល នីហ្វៃទី ២ ៣១:១៩–២០) ។ ព្រះអម្ចាស់នឹងសម្តែងអព្ភូតហេតុដ៏អស្ចារ្យនៅក្នុងជីវិតរបស់យើងស្របតាមសេចក្តីជំនឿរបស់យើង ។
តាមរយៈសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ នោះបុគ្គលម្នាក់អាចទទួលបាននូវការផ្តាច់បាប ហើយនៅទីបំផុតអាចនឹងរស់នៅក្នុងវត្តមានរបស់ព្រះ ។
ខគម្ពីរយោងដែលទាក់ទង ៖ ម៉ាថាយ ១១:២៨–៣០
ការប្រែចិត្ត
ការប្រែចិត្តគឺជាការផ្លាស់ប្តូរនៃគំនិត និង ចិត្តដែលផ្តល់ទិដ្ឋភាពថ្មីដល់យើងអំពីព្រះ អំពីខ្លួនយើងផ្ទាល់ និង ពិភពលោកនេះ ។ វារួមមានការបែរចេញពីអំពើបាប ហើយបែរទៅរកព្រះដើម្បីទទួលបានការអត់ទោស ។ សេចក្តីស្រឡាញ់ចំពោះព្រះ និង បំណងប្រាថ្នាដ៏ពិតប្រាកដដើម្បីគោរពតាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ជំរុញឲ្យយើងប្រែចិត្ត ។
អំពីបាបរបស់យើងធ្វើឲ្យយើងមិនស្អាតស្អំ—មិនសក្តិសមដើម្បីត្រឡប់ទៅ និង រស់នៅក្នុងវត្តមាននៃព្រះវរបិតាសួគ៌របស់យើងវិញ ។ តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ នោះព្រះវរបិតាដែលគង់នៅឋានសួគ៌របស់យើង បានប្រទានវីធីតែមួយនេះគត់ដល់យើង ដើម្បីទទួលបានការអភ័យបាប ( សូមមើល អេសាយ ១:១៨ ) ។
ការប្រែចិត្តរួមមានទាំងអារម្មណ៍នៃការសោកស្តាយសម្រាប់ការប្រព្រឹត្តអំពើបាប សារភាពទៅកាន់ព្រះវរបិតាសួគ៌របស់យើង និង ទៅកាន់អ្នកដទៃទៀតដែលចាំបាច់ លះបង់ចោលអំពើបាប ព្យាយាមស្តារឡើងវិញតាមដែលអាចធ្វើទៅបានចំពោះអ្វីៗ ដែលបានខូចខាតដោយសារអំពើបាបរបស់នរណាម្នាក់ និង រស់នៅដោយគោរពតាមព្រះបញ្ញត្តិរបស់ព្រះ ( សូមមើល គ. និង ស. ៥៨:៤២–៤៣ ) ។
ខគម្ពីរយោងដែលទាក់ទង ៖ អេសាយ ៥៣:៣–៥, យ៉ូហាន ១៤:៦, នីហ្វៃទី ២ ២៥:២៣, ២៦, គ. និង ស. ១៨:១០–១១, គ. និង ស. ១៩:២៣, គ. និង ស. ៧៦:៤០–៤១
៤. គ្រាកាន់កាប់ត្រួតត្រា ការក្បត់សាសនា និង ការស្តារឡើងវិញ
គ្រាកាន់កាប់ត្រួតត្រា
គ្រាកាន់កាប់ត្រួតត្រា គឺជាអំឡុងពេលដែលព្រះអម្ចាស់ត្រាស់សម្តែងគោលលទ្ធិ ពិធីបរិសុទ្ធនានា និង បព្វជិតភាពរបស់ទ្រង់ ។ យ៉ាងហោចណាស់ វាគឺជាអំឡុងពេលមួយដែល ព្រះអម្ចាស់មានអ្នកបម្រើដែលបានទទួលសិទ្ធិអំណាចម្នាក់នៅលើផែនដី កាន់បព្វជិតភាពបរិសុទ្ធ និង ជាអ្នកដែលមានការអនុញ្ញាតពីព្រះដើម្បីចែកចាយដំណឹងល្អ ហើយចាត់ចែងពិធីបរិសុទ្ធដែលមានក្នុងដំណឹងល្អ ។ សព្វថ្ងៃនេះយើងកំពុងរស់នៅក្នុងគ្រាកាន់កាប់ត្រួត្រាចុងក្រោយ—ជាគ្រាកាន់កាប់ត្រួតត្រាដែលពេញកំណត់ ដែលបានចាប់ផ្តើមជាមួយនឹងវិវរណៈនៃដំណឹងល្អទៅកាន់ យ៉ូសែប ស្ម៊ីធ ។
គ្រាកាន់កាប់ត្រួតត្រាមុនៗត្រូវបានគេស្គាល់ថា ជាគ្រាកាន់កាប់ត្រួតត្រាជាមួយ អ័ដាម ណូអេ អ័ប្រាហាំ ម៉ូសេ និង ព្រះយេស៊ូវគ្រីស្ទ ។ លើសពីនេះ មានគ្រាកាន់កាប់ត្រួតត្រាដទៃផ្សេងទៀតជាច្រើន រួមមានទាំងគ្រាកាន់កាប់ត្រួតត្រាក្នុងចំណោមសាសន៍នីហ្វៃ និង សាសន៍យ៉ារ៉េឌ ។ ផែនការនៃសេចក្តីសង្រ្គោះ និង ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ត្រូវបានបើកសម្តែង និង បង្រៀននៅក្នុងគ្រប់គ្រាកាន់កាប់ត្រួតត្រាទាំងអស់ ។
ការក្បត់សាសនា
នៅពេលមនុស្សបែរចេញពីគោលការណ៍នៃដំណឹងល្អ និង គ្មានកូនសោបព្វជិតភាព នោះពួកគេស្ថិតនៅក្នុងការក្បត់សាសនា ។
អំឡុងពេលទាំងឡាយ នៃការក្បត់សាសនាទូទៅបានកើតឡើងពេញអស់ទាំងប្រវត្តិសាស្ត្រនៃពិភពលោក ។ ឧទាហរណ៍មួយគឺការក្បត់សាសនាដ៏ធំ ដែលបានកើតឡើងបន្ទាប់ពីព្រះអង្គសង្គ្រោះបានស្ថាបនាសាសនាចក្ររបស់ទ្រង់ ( សូមមើល ថែស្សាឡូនីចទី ២ ២:១–៣) ។ បន្ទាប់ពីការស្លាប់នៃពួកសាវករបស់ព្រះអង្គសង្រ្គោះ គោលការណ៍ទាំងឡាយនៃដំណឹងល្អត្រូវបានខូចបង់ ហើយមានការផ្លាស់ប្តូរដោយគ្មានការអនុញ្ញាតបានកើតឡើងនៅក្នុងអង្គការសាសនាចក្រ និង ពិធីបរិសុទ្ធទាំងឡាយនៃបព្វជិតភាព ។ ដោយសារការរីករាលដាលនៃភាពទុច្ចរិតនោះ ព្រះអម្ចាស់បានដកយកសិទ្ធិអំណាច និង កូនសោទាំងឡាយនៃបព្វជិតភាពពីផែនដី ។
ក្នុងអំឡុងពេលនៃការក្បត់សាសនាដ៏ធំនេះ នោះមនុស្សគ្មានការដឹកនាំពីព្រះតាមរយៈព្យាការីនៅរស់នោះទេ ។ មានព្រះវិហារជាច្រើនត្រូវបានស្ថាបនាឡើង ប៉ុន្តែពួកគេគ្មានសិទ្ធិអំណាចដើម្បីប្រគល់អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ឬ ធ្វើពិធីបរិសុទ្ធនៃបព្វជិតភាពផ្សេងៗទៀតបានឡើយ ។ ផ្នែកមួយចំនួននៃព្រះគម្ពីរបរិសុទ្ធត្រូវបានខូច និង បាត់បង់ ហើយមនុស្សលែងមានភាពត្រឹមត្រូវនៃការយល់ដឹងពីព្រះទៀតហើយ ។
ការក្បត់សាសនានេះបានកើតឡើងរហូតដល់ពេលព្រះវរបិតាសួគ៌ និង ព្រះរាជបុត្រាសំណព្វទ្រង់បានយាងមកជួប យ៉ូសែប ស្ម៊ីធ និង បានចាប់ផ្តើមការស្តារភាពពេញលេញនៃដំណឹងល្អឡើងវិញ ។
ការស្តារឡើងវិញ
ការស្តារឡើងវិញគឺជាការស្ថាបនាឡើងវិញរបស់ព្រះនូវសេចក្តីពិត និង ពិធីបរិសុទ្ធនៃដំណឹងល្អរបស់ទ្រង់ក្នុងចំណោមកូនចៅរបស់ទ្រង់នៅលើផែនដី ( សូមមើល កិច្ចការ ៣:១៩–២១ ) ។
នៅក្នុងការរៀបចំសម្រាប់ការស្តារឡើងវិញ ព្រះអម្ចាស់បានលើកពួកមនុស្សសុចរិតឡើងក្នុងអំឡុងពេលមួយដែលគេហៅថា ការសាងឡើងវិញ ។ ពួកគេមានបំណងដើម្បីបែរទៅរកគោលលទ្ធិ ការអនុវត្ត និង ការរៀបចំសាសនាទៅតាមរបៀបដែលព្រះអង្គសង្រ្គោះបានស្ថាបនាឡើង ។ ទោះជាយ៉ាងនោះក្តី ពួកគេពុំមានបព្វជិតភាព ឬ ភាពពេញលេញនៃដំណឹងល្អទេ ។
ការស្តារឡើងវិញបានចាប់ផ្តើមនៅក្នុងឆ្នាំ១៨២០ នៅពេលព្រះជាព្រះវរបិតា និង ព្រះរាជបុត្រាទ្រង់ គឺ ព្រះយេស៊ូវគ្រីស្ទបានបង្ហាញអង្គទ្រង់ដល់ យ៉ូសែប ស្ម៊ីធ ក្នុងការឆ្លើយតបចំពោះការអធិស្ឋានរបស់លោក ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៥–២០ ) ។ ព្រឹត្តិការណ៍សំខាន់ៗមួយចំនួននៃការស្តារឡើងវិញ គឺការបកប្រែព្រះគម្ពីរមរមន ការស្តារឡើងវិញនៃបព្វជិតភាពអើរ៉ុន និង មិលគីស្សាដែក និង ការរៀបចំសាសនាចក្រនៅថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨៣០ ។
បព្វជិតភាពអើរ៉ុនត្រូវបានស្តារឡើងវិញដល់យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី ដោយ យ៉ូហាន បាទីស្ទ នៅថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ១៨២៩ ។ បព្វជិតភាពមិលគីស្សាដែក និង កូនសោទាំងឡាយនៃនគរត្រូវបានស្តារឡើងវិញនៅក្នុងឆ្នាំ ១៨២៩ នៅពេលដែលសាវក ពេត្រុស យ៉ាកុប និង យ៉ូហាន បានប្រគល់កូនសោទាំងនោះដល់ យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី ។
ភាពពេញលេញនៃដំណឹងល្អត្រូវបានស្តារឡើងវិញ ហើយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយគឺជា « សាសនាចក្រតែមួយដែលពិត ហើយសកម្មនៅលើផ្ទៃផែនដីទាំងមូល » (គ. និង ស. ១:៣០ ) ។ នៅទីបំផុត សាសនាចក្រនឹងមានពាសពេញលើផ្ទៃផែនដី ហើយឈរឡើងជារៀងរហូត ។
ខគម្ពីរយោងដែលទាក់ទង ៖ អេសាយ ២៩:១៣–១៤, អេសេគាល ៣៧:១៥–១៧, អេភេសូរ ៤:១១–១៤, យ៉ាកុប ១:៥–៦
៥. ព្យាការី និង វិវរណៈ
ព្យាការីគឺជាមនុស្សម្នាក់ដែលត្រូវបានហៅដោយព្រះ ដើម្បីនិយាយជំនួសទ្រង់ ( សូមមើល អេម៉ុស ៣:៧) ។ ពួកព្យាការីថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ និង បង្រៀនដំណឹងល្អរបស់ទ្រង់ ។ ពួកលោកបង្ហាញឲ្យស្គាល់នូវព្រះហឫទ័យ និង ចរិតលក្ខណៈពិតរបស់ព្រះ ។ ពួកលោកប្រាប់អំពីអំពើបាប និង ព្រមានអំពីវិបាកនៃអំពើបាប ។ ជួនកាល ពួកលោកបានព្យាករពីព្រឹត្តិការណ៍នាពេលអនាគត ( សូមមើល គ. និង ស. ១:៣៧–៣៨) ។ ការបង្រៀនជាច្រើនរបស់ព្យាការីគឺមាននៅក្នុងព្រះគម្ពីរនានា ។ នៅពេលយើងសិក្សាប្រសាសន៍របស់ព្យាការី យើងអាចរៀនសេចក្តីពិត និង ទទួលបានការណែនាំ ( សូមមើល នីហ្វៃទី ២ ៣២:៣) ។
យើងគាំទ្រប្រធានសាសនាចក្រជា ព្យាការី អ្នកមើលឆុត និង អ្នកទទួលវិវរណៈ និង ជាមនុស្សតែម្នាក់គត់នៅលើផែនដីនេះ ដែលទទួលវិវរណៈដើម្បីដឹកនាំសាសនាចក្រទាំងមូល ។ យើងក៏គាំទ្រដល់ទីប្រឹក្សាទាំងឡាយនៅក្នុងគណៈប្រធានទីមួយ និង សមាជិកក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ជាព្យាការី អ្នកមើលឆុត និង អ្នកទទួលវិវរណៈផងដែរ ។
វិវរណៈគឺជាទំនាក់ទំនងរវាងព្រះទៅកាន់កូនចៅរបស់ទ្រង់ ។ នៅពេលព្រះអម្ចាស់បើកសម្តែងព្រះឆន្ទៈរបស់ទ្រង់ចំពោះសាសនាចក្រ នោះទ្រង់មានព្រះបន្ទូលតាមរយៈព្យាការីរបស់ទ្រង់ ។ ព្រះគម្ពីរនានា—ព្រះគម្ពីរបរិសុទ្ធ ព្រះគម្ពីរមរមន គោលលទ្ធិ និង សេចក្តីសញ្ញា និង មុក្តាដ៏មានតម្លៃមហិមា—មាននូវវិវរណៈទាំងឡាយដែលបានផ្តល់តាមរយៈព្យាការីពីបុរាណ និង ព្យាការីថ្ងៃចុងក្រោយ ។ ប្រធានសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយគឺជាព្យាការីរបស់ព្រះនៅលើផែនដីសព្វថ្ងៃនេះ ។
បុគ្គលម្នាក់ៗអាចទទួលវិវរណៈដើម្បី ជួយពួកគេបំពេញសេចក្តីត្រូវការ ការទទួលខុសត្រូវ និង សំណួរជាក់លាក់នានា ហើយជួយពង្រឹងទីបន្ទាល់របស់ពួកគេ ។ វិវរណៈដែលកើតមានចំពោះពួកអ្នកដឹកនាំ និង សមាជិកសាសនាចក្រភាគច្រើនកើតឡើងតាមរយៈការបំផុស និង គំនិតទាំងឡាយដែលបានមកពីព្រះវិញ្ញាណបរិសុទ្ធ ។ ព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលទៅកាន់គំនិត និង ដួងចិត្តរបស់យើងជាសំឡេងដ៏តូចរហៀង ( សូមមើល គ. និង ស. ៨:២–៣ ) ។ វិវរណៈអាចកើតមានតាមរយៈការនិមិត្ត សុបិន និង ការយាងមកជួបពីពួកទេវតាផងដែរ ។
ខគម្ពីរយោងដែលទាក់ទង ៖ ទំនុកតម្កើង ១១៩:១០៥, អេភេសូរ ៤:១១–១៤, ធីម៉ូថេទី ២ ៣:១៥–១៧, យ៉ាកុប ១:៥–៦, មរ៉ូណៃ ១០:៤–៥
៦. បព្វជិតភាព និង កូនសោនៃបព្វជិតភាព
បព្វជិតភាពគឺជាអំណាច និង ជាសិទ្ធិអំណាចដ៏អស់កល្បរបស់ព្រះ ។ តាមរយៈបព្វជិតភាព ព្រះបានបង្កើត និង គ្រប់គ្រងស្ថានសួគ៌ ព្រមទាំងផែនដី ។ តាមរយៈអំណាចនេះ នោះទ្រង់បានប្រោសលោះ និង តម្កើងកូនចៅរបស់ទ្រង់ ដើម្បីនាំឲ្យមាន « អមតភាព និង ជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស » (ម៉ូសេ ១:៣៩) ។
ព្រះប្រទានសិទ្ធិអំណាចបព្វជិតភាព ដល់បុរសជាសមាជិកនៃសាសនាចក្រដែលសក្តិសម ដូច្នេះពួកគេអាចធ្វើកិច្ចការក្នុងនាមរបស់ទ្រង់ សម្រាប់សេចក្តីសង្រ្គោះដល់កូនចៅទ្រង់ ។ កូនសោនៃបព្វជិតភាពគឺជាសិទ្ធិនៃគណៈប្រធាន ឬ ជាអំណាចដែលត្រូវបានផ្តល់ឲ្យដល់ពួកបុរសដោយព្រះដើម្បីគ្រប់គ្រង និង ដឹកនាំនគរព្រះនៅលើផែនដី ( សូមមើល ម៉ាថាយ ១៦:១៥–១៩) ។ តាមរយៈកូនសោទាំងនេះ អ្នកកាន់បព្វជិតភាពអាចទទួលបានការអនុញ្ញាតដើម្បីផ្សាយដំណឹងល្អ និង ចាត់ចែងពិធីបរិសុទ្ធទាំងឡាយនៃសេចក្តីសង្រ្គោះ ។ ចំពោះអស់អ្នកទាំងឡាយណាដែលបម្រើនៅក្នុងសាសនាចក្រ គឺត្រូវបានហៅក្រោមការដឹកនាំនៃបុគ្គលម្នាក់ដែលកាន់កូនសោបព្វជិតភាព ។ ដូច្នេះ ពួកគេមានសិទ្ធិទទួលបានអំណាចដែលចាំបាច់ដើម្បីបម្រើ និង បំពេញការទទួលខុសត្រូវទាំងឡាយនៃការហៅរបស់ពួកគេ ។
ខគម្ពីរយោងដែលទាក់ទង ៖ គ. និង ស. ១២១:៣៦, ៤១–៤២
បព្វជិតភាពអើរ៉ុន
ជាទូទៅបព្វជិតភាពអើរ៉ុនត្រូវបានហៅថាជាបព្វជិតភាពបម្រុង ។ មុខតំណែងនៃបព្វជិតភាពអើរ៉ុនមាន ឌីកុន គ្រូ សង្ឃ និង ប៊ីស្សព ។ នៅក្នុងសាសនាចក្រសព្វថ្ងៃនេះ សមាជិកប្រុសៗដែលសក្តិសមអាចចាប់ផ្តើមទទួលបព្វជិតភាពអើរ៉ុននៅអាយុ ១២ឆ្នាំ ។
បព្វជិតភាពអើរ៉ុន « កាន់កូនសោទាំងឡាយអំពីការបម្រើនៃពួកទេវតា និង អំពីដំណឹងល្អនៃការប្រែចិត្ត និង អំពីបុណ្យជ្រមុជទឹក » ( គ. និង ស. ១៣:១ ) ។
បព្វជិតភាពមិលគីស្សាដែក
បព្វជិតភាពមិលគីស្សាដែកជាបព្វជិតភាពខ្ពស់ជាង ឬ ធំជាង និង ដើម្បីចាត់ចែងការណ៍ទាំងឡាយខាងវិញ្ញាណ ( សូមមើល គ. និង ស. ១០៧:៨ ) ។ បព្វជិតភាពដ៏ប្រសើរជាងនេះត្រូវបានផ្តល់ឲ្យដល់អ័ដាម ហើយមាននៅលើផែនដីនៅពេលណាដែលព្រះអម្ចាស់បានបើកសម្តែងដំណឹងល្អរបស់ទ្រង់ ។
ដំបូងបព្វជិតភាពនេះត្រូវបានហៅថាជា « បព្វជិតភាពដ៏បរិសុទ្ធ តាមរបៀបនៃព្រះរាជបុត្រានៃព្រះ »( គ. និង ស. ១០៧:៣ ) ។ ក្រោយមកបព្វជិតភាពនេះត្រូវបានស្គាល់ថា បព្វជិតភាពមិលគីស្សាដែក ដែលដាក់ឈ្មោះតាមសង្ឃជាន់ខ្ពស់ដ៏អស្ចារ្យម្នាក់ ដែលបានរស់នៅក្នុងអំឡុងពេលនៃជំនាន់ព្យាការីអ័ប្រាហាំ ។
នៅក្នុងបព្វជិតភាពមិលគីស្សាដែកមានមុខតំណែងដូចជា អែលឌើរ សង្ឃជាន់ខ្ពស់ លោកអយ្យកោ ពួកចិតសិបនាក់ និង សាវក ។ ប្រធាននៃបព្វជិតភាពមិលគីស្សាដែកគឺជាប្រធានសាសនាចក្រ ។
ខគម្ពីរយោងដែលទាក់ទង ៖ អេភេសូរ ៤:១១–១៤
៧. ពិធីបរិសុទ្ធ និង សេចក្តីសញ្ញា
ពិធីបរិសុទ្ធ
នៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ពិធីបរិសុទ្ធគឺពិសិដ្ឋ ហើយជាពិធីផ្លូវការដែលមានអត្ថន័យខាងវិញ្ញាណ ។ ពិធីបរិសុទ្ធនីមួយៗត្រូវបានបង្កើតឡើងដោយព្រះ ដើម្បីបង្រៀនសេចក្តីពិតខាងវិញ្ញាណ ។ ពិធីបរិសុទ្ធនៃសេចក្តីសង្រ្គោះត្រូវបានធ្វើឡើងដោយសិទ្ធិអំណាចនៃបព្វជិតភាព និង ក្រោមការដឹកនាំនៃអ្នកទាំងឡាយណាដែលកាន់កូនសោបព្វជិតភាព ។ ពិធីបរិសុទ្ធមួយចំនួន គឺសំខាន់ចំពោះភាពតម្កើងឡើង និង ត្រូវបានគេហៅថាជាពិធីបរិសុទ្ធសម្រាប់សេចក្តីសង្រ្គោះ ។
ពិធីបរិសុទ្ធសម្រាប់សេចក្តីសង្រ្គោះដំបូងគេនៃដំណឹងល្អគឺ ពិធីបុណ្យជ្រមុជទឹកដោយការជ្រមុជទៅក្នុងទឹកដោយអ្នកមានសិទ្ធិអំណាច ។ បុណ្យជ្រមុជទឹកគឺចាំបាច់ សម្រាប់បុគ្គលម្នាក់ៗ ដើម្បីក្លាយជាសមាជិកនៃសាសនាចក្រ ដើម្បីចូលទៅក្នុងនគរសេឡេស្ទាល ( សូមមើល យ៉ូហាន ៣:៥) ។
ពាក្យថា បុណ្យជ្រមុជទឹក មកពីភាសាក្រិច មានន័យថា ជ្រលក់ ឬ ជ្រមុជ ។ ការជ្រមុជគឺជានិមិត្តរូបនៃសេចក្តីស្លាប់នៃជីវិតដែលមានអំពើបាបរបស់មនុស្សម្នាក់ និង កើតជាថ្មីក្នុងជីវិតខាងវិញ្ញាណ ដែលបានឧទ្ទិសដល់ការបម្រើព្រះ និង កូនចៅរបស់ទ្រង់ ។ វាក៏ជានិមិត្តរូបនៃសេចក្តីស្លាប់ និង ការរស់ឡើងវិញផងដែរ ។
បន្ទាប់ពីមនុស្សម្នាក់បានជ្រមុជទឹក នោះអ្នកកាន់បព្វជិតភាពមិលគីស្សាដែកម្នាក់ ឬ ច្រើននាក់ដាក់ដៃលើក្បាលបុគ្គលនោះ ហើយបញ្ជាក់គាត់ថាជាសមាជិកនៃសាសនាចក្រ ។ ជាផ្នែកនៃពិធីបរិសុទ្ធនេះ បុគ្គលនោះត្រូវបានផ្តល់អំណោយទានជាព្រះវិញ្ញាណបរិសុទ្ធឲ្យ ដែលហៅថាពិធីបញ្ជាក់ ។
អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធគឺខុសពីព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ ។ ពីមុនការជ្រមុជទឹក បុគ្គលម្នាក់អាចទទួលអារម្មណ៍ពីព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធម្តងម្កាល ហើយតាមរយៈព្រះចេស្តានេះ បុគ្គលម្នាក់នោះអាចទទួលទីបន្ទាល់នៃសេចក្តីពិតមួយ ( សូមមើល មរ៉ូណៃ ១០:៤–៥ ) ។ ប្រសិនបើបុគ្គលនោះរក្សាព្រះបញ្ញត្តិទាំងឡាយ បន្ទាប់ពីទទួលបានអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ បុគ្គលនោះមានសិទ្ធិដើម្បីមានភាពជាដៃគូដ៏ជាប់លាប់របស់ទ្រង់ ។
ពិធីបរិសុទ្ធសម្រាប់សេចក្តីសង្រ្គោះផ្សេងទៀតរួមមាន ការតែងតាំងបព្វជិតភាពមិលគីស្សាដែក ( សម្រាប់បុរស ) អំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ និង អាពាហ៍ពិពាហ៍នៃការផ្សារភ្ជាប់ ( សូមមើល គ. និង ស. ១៣១:១–៤ ) ។ គ្រប់ពិធីបរិសុទ្ធសម្រាប់សេចក្តីសង្រ្គោះនៃបព្វជិតភាពគឺមានសេចក្តីសញ្ញា ។ នៅក្នុងព្រះវិហារបរិសុទ្ធ ពិធីបរិសុទ្ធសម្រាប់សេចក្តីសង្រ្គោះអាចនឹងត្រូវបានធ្វើឡើងជំនួសមរណជន ។ ពិធីបរិសុទ្ធជំនួសអាចមានប្រសិទ្ធភាព លុះត្រាតែបុគ្គលដែលបានស្លាប់នោះទទួលពិធីទាំងនេះនៅក្នុងពិភពវិញ្ញាណ ហើយគោរពសេចក្តីសញ្ញាដែលមានជាបពាក់ព័ន្ធតែប៉ុណ្ណោះ ។
ពិធីបរិសុទ្ធដទៃទៀតដូចជា ការប្រសិទ្ធពរអ្នកឈឺ និង ការដាក់ឈ្មោះ ព្រមទាំង ការប្រសិទ្ធពរកុមារ ក៏ជាកិច្ចការសំខាន់ផងដែរសម្រាប់ការអភិវឌ្ឍន៍ខាងវិញ្ញាណរបស់យើង ។
ខគម្ពីរយោងដែលទាក់ទង ៖ កិច្ចការ ២:៣៦–៣៨
សេចក្តីសញ្ញា
សេចក្តីសញ្ញាគឺជាកិច្ចព្រមព្រៀងពិសិដ្ឋមួយរវាងព្រះ និង មនុស្ស ។ ព្រះប្រទានលក្ខខណ្ឌទាំងឡាយសម្រាប់សេចក្តីសញ្ញា ហើយយើងយល់ព្រមដើម្បីធ្វើនូវអ្វីដែលទ្រង់ប្រាប់ឲ្យយើងធ្វើ បន្ទាប់មកព្រះសន្យាប្រទានពរជ័យជាក់លាក់មួយចំនួនដល់យើង ចំពោះការគោរពប្រិតបត្តិរបស់យើង ( សូមមើល គ. និង ស. ៨២:១០) ។
រាល់ពិធីបរិសុទ្ធសម្រាប់សេចក្តីសង្រ្គោះនៃបព្វជិតភាព គឺរួមមានសេចក្តីសញ្ញា ។ យើងចុះសេចក្តីសញ្ញាជាមួយនឹងព្រះអម្ចាស់នៅពេលធ្វើបុណ្យជ្រមុជទឹក និង រំឭកសេចក្តីសញ្ញាទាំងនោះ ដោយការទទួលទានសាក្រាម៉ង់ ។ បងប្អូនប្រុសដែលទទួលបព្វជិតភាពមិលគីស្សាដែក ចូលទៅក្នុងសម្បថ និង សេចក្តីសញ្ញានៃបព្វជិតភាព ។ យើងបានធ្វើសេចក្តីសញ្ញាបន្ថែមទៀតនៅក្នុងព្រះវិហារបរិសុទ្ធ ។
ខគម្ពីរយោងដែលទាក់ទង ៖ និក្ខមនំ ១៩:៥–៦, ទំនុកតម្កើង ២៤:៣–៤, នីហ្វៃទី ២ ៣១:១៩–២០, គ. និង ស. ២៥:១៣
៨. អាពាហ៍ពិពាហ៍ និង គ្រួសារ
អាពាហ៍ពិពាហ៍រវាងបុរស និង ស្រ្តី គឺត្រូវបានតែងតាំងឡើងដោយព្រះ ហើយគ្រួសារគឺជាផ្នែកសំខាន់ចំពោះផែនការនៃសេចក្តីសង្រ្គោះ និង សុភមង្គលរបស់យើង ។ សុភមង្គលនៅក្នុងជីវិតគ្រួសារអាចកើតមានឡើងបាន នៅពេលធ្វើតាមការបង្រៀនរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។
អំណាចដ៏ពិសិដ្ឋនៃការបង្កើតកូនចៅ ប្រើបានសម្រាប់តែប្រុស និង ស្រីដែលបានរៀបអាពាហ៍ពិពាហ៍ពេញច្បាប់ជាប្តីប្រពន្ធតែប៉ុណ្ណោះ ។ ឪពុកម្តាយត្រូវបង្កើតកូន ឲ្យចម្រើនជាច្រើនឡើងឲ្យមានពេញពាសលើផែនដី ចិញ្ចឹមបីបាច់កូនចៅរបស់ពួកគេដោយសេចក្តីស្រឡាញ់ និង សេចក្តីសុចរិត ហើយផ្តល់នូវសេចក្តីត្រូវការខាងរូបកាយ និង ខាងវិញ្ញាណដល់កូនចៅរបស់ពួកគេ ។
ស្វាមី និង ភរិយាមាននូវការទទួលខុសត្រូវដ៏ឱឡារិកដើម្បីស្រឡាញ់ និង ថែរក្សាគ្នាទៅវិញទៅមក ។ ឪពុកជាអ្នកដឹកនាំក្រុមគ្រួសាររបស់ពួកគេ ដោយសេចក្តីស្រឡាញ់ និង សេចក្តីសុចរិត និង ផ្តល់នូវសេចក្តីត្រូវការចាំបាច់សម្រាប់ជីវិត ។ ម្តាយមានភារកិច្ចសំខាន់ ដើម្បីថែរក្សាបីបាច់កូនចៅរបស់ខ្លួន ។ នៅក្នុងការទទួលខុសត្រូវដ៏ពិសិដ្ឋទាំងនេះឪពុក និង ម្តាយ មានកាតព្វកិច្ច ដើម្បីជួយគ្នាទៅវិញទៅមកជាដៃគូស្មើគ្នា ។
ផែនការនៃសុភមង្គលដ៏ទេវភាពនេះផ្តល់លទ្ធភាពដល់ទំនាក់ទំនងក្រុមគ្រួសារចេះតែបន្តមានហួសពីសេចក្តីស្លាប់ ។ ផែនដីត្រូវបានបង្តើតឡើង ហើយដំណឹងល្អត្រូវបានបើកសម្តែង ដូច្នេះក្រុមគ្រួសារត្រូវបានបង្កើតឡើង ត្រូវបានផ្សារភ្ជាប់ និង ត្រូវបានតម្កើងឡើងដ៏អស់កល្បជានិច្ច ។ ( កែសម្រួលពី « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » Ensign ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ សូមមើលផងដែរនៅគេហទំព័រ LDS.org/topics/family-proclamation) ។
ខគម្ពីរយោងដែលទាក់ទង ៖ លោកុប្បត្តិ ២:២៤, ទំនុកតម្កើង ១២៧:៣, ម៉ាឡាគី ៤:៥–៦, គ. និង ស. ១៣១:១–៤
៩. បទបញ្ញត្តិ
បទបញ្ញត្តិគឺជាក្រឹត្យវិន័យ និងជាតម្រូវការដែលព្រះបានប្រទានដល់មនុស្សលោក ។ យើងបង្ហាញសេចក្តីស្រឡាញ់របស់យើងចំពោះទ្រង់ ដោយការគោរពតាមបទបញ្ញត្តិរបស់ទ្រង់ ( សូមមើល យ៉ូហាន ១៤:១៥) ។ ការរក្សានូវបទបញ្ញត្តិទាំងឡាយនឹងនាំមកនូវពរជ័យពីព្រះអម្ចាស់ ( សូមមើល គ. និង ស. ៨២:១០) ។
បទបញ្ញត្តិគ្រឹះពីរដ៏សំខាន់បំផុតគឺ « ស្រឡាញ់ព្រះអម្ចាស់ជាព្រះនៃឯងឲ្យអស់ពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង ។ … ហើយ… ស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង » (ម៉ាថាយ ២២:៣៦–៣៩) ។
ក្រឹត្យវិន័យទាំងដប់ប្រការគឺជាផ្នែកមួយដ៏សំខាន់នៃដំណឹងល្អ ហើយជាគោលការណ៍ដ៏នៅអស់កល្បដែលចាំបាច់សម្រាប់ភាពតម្កើងឡើងរបស់យើង ( សូមមើល និក្ខមនំ ២០:៣–១៧ ) ។ ព្រះម្ចាស់បានបង្ហាញក្រឹត្យវិន័យទាំងនោះដល់ ម៉ូសេ កាលពីសម័យបុរាណ ហើយបានលើកឡើងម្តងទៀតនៅក្នុងវិវរណៈថ្ងៃចុងក្រោយ ។
បទបញ្ញត្តិផ្សេងទៀត រួមមាន ការអធិស្ឋានប្រចាំថ្ងៃ ( សូមមើល នីហ្វៃទី ២ ៣២:៨–៩) ការបង្រៀនដំណឹងល្អដល់អ្នកដទៃ ( សូមមើល ម៉ាថាយ ២៨:១៩–២០) ការកាន់តាមច្បាប់ព្រហ្មចារីយភាព ( សូមមើល គ. និង ស. ៤៦:៣៣) ការបង់ដង្វាយមួយភាគដប់ពេញលេញ ( សូមមើល ម៉ាឡាគី ៣:៨–១០) ការតមអាហារ ( សូមមើល អេសាយ ៥៨:៦–៧) ការអភ័យទោសដល់អ្នកដទៃ ( សូមមើល គ. និង ស. ៦៤:៩–១១) ការមានវិញ្ញាណនៃសេចក្ដីអំណរគុណ ( សូមមើល គ. និង ស. ៧៨:១៩) និង ការធ្វើតាមពាក្យសម្តី នៃប្រាជ្ញាវាងវៃ ( សូមមើល គ. និង ស. ៨៩:១៨–២១) ។
ខគម្ពីរយោងដែលទាក់ទង ៖ លោកុប្បត្តិ ៣៩:៩, អេសាយ ៥៨:១៣–១៤, នីហ្វៃទី ១ ៣:៧, ម៉ូសាយ ៤:៣០, អាលម៉ា ៣៧:៣៥, អាលម៉ា ៣៩:៩, គ. និង ស. ១៨:១៥–១៦, គ. និង ស. ៨៨:១២៤
សម្រាប់ព័ត៌មានបន្ថែមអំពីប្រធានបទទាំងនេះ សូមចូលទៅគេហទំព័រ LDS.orgការបង្រៀន, ប្រធានបទនៃដំណឹងល្អ ឬ សូមមើល ពិតចំពោះសេចក្ដីជំនឿ ៖ ឯកសារយោងនៃដំណឹងល្អ ( ឆ្នាំ ២០០៤ ) ។