បណ្ណាល័យ
មេរៀន​ទី ៩ ថ្ងៃ​ទី ៤ ៖ លូកា ៣-៤


មេរៀន​ទី ៩ ៖ ថ្ងៃ​ទី ៤

លូកា ៣-៤

សេចក្តីផ្តើម

យ៉ូហាន​បាទីស្ទ​បាន​ផ្សាយ​អំពី​ការ​ប្រែចិត្ត ហើយ​បាន​ថ្លែង​ទីបន្ទាល់​អំពី​ការ​យាងមក​របស់​ព្រះមែស៊ី ។ ព្រះយេស៊ូវ​គ្រីស្ទ បាន​ទទួល​បុណ្យ​ជ្រមុជទឹក ដោយ​យ៉ូហាន រួច​ហើយ​បាន​តមអាហារ​នៅក្នុង​ទីរហោស្ថាន​អស់​រយៈពេល ៤០ ថ្ងៃ ។ បន្ទាប់ពី​ធ្វើដំណើរ​ទៅកាន់​ស្រុក​កាលីឡេ ព្រះយេស៊ូវ​បាន​ប្រកាស​ដល់​ប្រជាជន​នៅ​ស្រុក​ណាសារ៉ែត​ថា ទ្រង់គឺជា​ព្រះមែស៊ី ។ មនុស្ស​នៅ​ស្រុក​ណាសារ៉ែត បាន​បដិសេធ​ទ្រង់ ហើយ​ទ្រង់​បាន​ទៅស្រុក​កាពើណិម ជា​កន្លែង​ដែល​ទ្រង់​បាន​ព្យាបាល​មនុស្ស​ឈឺ និង​បណ្ដេញ​អារក្ស​ចេញ ។

លូកា ៣:១-២២

យ៉ូហានបាទីស្ទ​ព្យាករ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ

សូម​រិះគិត​មួយ​សន្ទុះ​ចំពោះ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​ធ្លាប់​ត្រូវបាន​គេ​ចំអន់ ឬ ចំអក​ដាក់​អ្នក ដោយសារតែ​អ្នក​គឺ​ជា​សមាជិក​នៃ​សាសនាចក្រ​ឬ​ទេ ?

  • តើ​មាន​នរណា​ម្នាក់​ធ្លាប់​សើច​ចំអក ឬ ជំទាស់​អ្វី​ដែល​អ្នក​ជឿ ឬ បទដ្ឋាន​ដែល​អ្នក​ព្យាយាម​រស់នៅតាម​ដែរ​ឬ​ទេ ?

  • តើ​មាន​ពិធីជប់លៀង ឬ ការជួបជុំ​ដែល​អ្នក​មិនត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម ឬ កន្លែង​ដែល​អ្នកមាន​អារម្មណ៍​មិន​ស្រណុក​ស្រួល ដោយ​សារតែ​ជំនឿ​របស់​អ្នក​ដែរ​ឬទេ ?​

នៅពេល​អ្នក​សិក្សា លូកា ៣:១–២២សូម​រកមើល​សេចក្តីពិត​ដែល​អាច​ពន្យល់ មូលហេតុ​ដែល​អស់​អ្នក​ដែល​រស់នៅ​តាម​ដំណឹង​ល្អ អាច​មាន​អារម្មណ៍​នៅដាច់​តែ​ឯង​ពី​មនុស្ស​ដទៃទៀត​នា​ពេល​នានា ។

នៅ​ក្រោម​ក្រឹត្យវិន័យ​លោក​ម៉ូសេ អ្នក​កាន់​តំណែង​ជា​អធិបតី​នៃ​បព្វជិតភាព​អើរ៉ុន ត្រូវបាន​ហៅ​ថា​ជា​សង្ឃ​ជាន់​ខ្ពស់ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មក​ដល់​ជំនាន់​នៃ​ការ​បម្រើ​របស់​ព្រះអង្គ​សង្គ្រោះ តំណែង​នៃ​សង្ឃជាន់ខ្ពស់​ត្រូវ​បាន​បាត់បង់ ។ សង្ឃ​ជាន់ខ្ពស់​ក៏​ជា​ប្រមុខ​នយោបាយ​នៃ​ប្រទេស​ជាតិ​ផងដែរ ប៉ុន្តែ​អ្នក​កាន់​តំណែង​នោះ​ពុំ​ត្រូវបាន​ជ្រើសរើស​ដោយ​ព្រះ​នៅពេល​នោះឡើយ ។ ពួកគេ​ត្រូវ​បាន​ជ្រើសរើស​ដោយ​មនុស្ស​ដូចជា ហេរ៉ូឌ និង​មន្ត្រី​ជនជាតិ​រ៉ូម​ផ្សេងទៀត ( សូមមើល Bible Dictionary « High Priest ») ។

សូមមើល លូកា ៣:២–៦ដោយ​រកមើល​ក្នុង ខ ២ ថា​ព្រះ​បាន​មាន​បន្ទូល​ទៅ​កាន់​នរណា ជំនួស​ឲ្យ​ពួក​សង្ឃ​ជាន់ខ្ពស់ ។

សូម​សង្ខេប​ពី​អ្វី​ដែល​យ៉ូហាន បាទីស្ទ​កំពុង​បង្រៀន​ប្រជាជន​នៅក្នុង លូកា ៣:៣–៦ ។ ( សម្រាប់​ជំនួយ​បន្ថែម​អំពី​អ្វី​ដែល​យ៉ូហាន​កំពុង​បង្រៀន សូម​អាន ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ លូកា ៣:៤-១១ [ នៅក្នុង​ឧបសម្ព័ន្ធ​ព្រះគម្ពីរ​ប៊ីប​ ] ) ។

នៅក្នុង​ជំនាន់​របស់​យ៉ូហាន មនុស្ស​មួយ​ចំនួន​ជឿ​ថា ដោយសារ​តែ​ពួកគេ​ជា​កូនចៅ​របស់​អ័ប្រាហាំ នោះ​ពួកគេ​ល្អ​ជាង​ពួក​សាសន៍​ដទៃ ឬ ថា​ព្រះ​បាន​ស្រឡាញ់​ពួកគេ​ជាង​ពួក​ដែល​ពុំមែនជា​ពួកអ៊ីស្រាអែល ( សូមមើល លូកា ៣:៨ លេខយោង ) ។ ស្ថានភាព​នេះ​អាច​ដូច​ជា​មនុស្ស​បច្ចុប្បន្ន​នេះ ដោយ​គិត​ថា​ពួកគេ​នឹង​ទៅ​នគរ​ឋានសួគ៌​បាន​យ៉ាង​ងាយ ដោយសារ​ពួកគេ​ជាសមាជិកនៃ​សាសនាចក្រ ។

សូម​អាន លូកា ៣:៧-៩ដោយ​រកមើល​អ្វី​ដែល​យ៉ូហាន បាន​បង្រៀន​ថា ពួកសាសន៍​យូដា​ចាំបាច់​ត្រូវ​ធ្វើ​ដើម្បី​ទទួល​បាន​សេចក្តី​សង្គ្រោះ ។ ( នៅក្នុង ខ ទី៩ ផ្លែ គឺ​ជា​និមិត្តរូប​មួយ​នៃ​លទ្ធផល​នៃ​ជម្រើស​ដែល​យើង​ជ្រើសរើស ) ។

សូម​កត់ចំណាំ​នៅក្នុង ខទី ៩ តើ​អ្វីខ្លះ​នឹង​កើត​ឡើង​ចំពោះ​អ្នក​ទាំងឡាយ​ដែល​ពុំ​នាំ​មកនូវ « ផល​ល្អ » ឬ រស់នៅ​ដោយ​សុចរិត​នោះ ។

នៅក្នុង លូកា ៣:១០-១៥ យើង​អានថា​យ៉ូហាន បាន​បង្រៀន​ដល់​ក្រុម​ប្រជាជាតិ​យូដា​ជាក់​លាក់ អំពី​របៀប​ដែល​ពួកគេ​អាច​នាំមក​នូវ​ផលល្អ​នោះ តាមរយៈ​ការរស់នៅ​ដោយ​សុចរិត ។ ការ​បម្រើ​របស់​យ៉ូហាន គឺ​គួរ​ឲ្យ​សរសើរ​ណាស់ ហើយ​មនុស្ស​មួយ​ចំនួន​បាន​គិត​ថា គាត់​ប្រហែល​ជា​ព្រះមែ​ស៊ី​ហើយ​មើលទៅ ។

សូម​អាន លូកា ៣:១៦-១៧ដោយ​រកមើល​អ្វី​ដែល​យ៉ូហាន​បាន​ថ្លែង​ថា​ព្រះ​មែស៊ីនឹង​ធ្វើ ពេល​ទ្រង់​យាង​មក​ ។

ឃ្លា « នឹង​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​និង​ភ្លើង​វិញ » ( លូកា ៣:១៦) សំដៅ​ទៅលើ​ឥទ្ធិពល​នៃ​ការធ្វើ​ឲ្យ​បរិសុទ្ធ និង​ការញែក​ចេញ​ជា​បរិសុទ្ធ នៃ​ការទទួល​យក​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀន ៖ « មនុស្ស​ម្នាក់​ត្រូវតែ​កើត​អំពីទឹក ហើយ​អំពី​ព្រះវិញ្ញាណ ដើម្បី​អាច​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន​ទេ » (ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស៊្មីធ [ ឆ្នាំ ២០០៧ ] ទំព័រ ៩០) ។

ដើម្បី​យល់​ពី លូកា ៣:១៧បន្ថែម​ទៀត វា​មាន​ប្រយោជន៍​ក្នុង​ការ​យល់​អំពី​ការញែក​ចេញ​រវាង ស្រូវ ចេញ​ពី​អង្កាម ។

រូបភាព
ការ​ញែក​ស្រូវ​ចេញ​ពី​អង្គាម

កសិករ​ជនជាតិ​អារ៉ាប់​ញែក​ស្រូវ​ចេញ​ពី​អង្កាម

បន្ទាប់ពី​ស្រូវ​ត្រូវ​បាន​ច្រូតកាត់ និង​បែន​រួច​ហើយ ( នៅពេល​ដែល​គ្រាប់​ស្រូវ​បោក​ចេញ​ពី​កណ្ដាប់ ) នោះ​កសិករ​នឹងអុំ​គ្រាប់ស្រូវ​នោះ ។ ការ​អុំ​ស្រូវ​គឺ​ជា​វិធី​ពី​បុរាណ​ដែល​ប្រើ​ដើម្បី​ញែក​គ្រាប់​ស្រូវ​ចេញ​ពី​អង្កាម ( សំបក​ខាង​ក្រៅ ) និង​សំបក​ស្រូវ ។ ការ​អុំ​ស្រូវ​នឹង​ប្រើ​នូវ​ប៉ែល ឬ​រនាស់​ឈើ​ដែល​ហៅ​ថា​អុំ ដើម្បី​បោះស្រូវ​ដែល​បែន​ហើយ​ទៅលើ​ខ្យល់ ។​ បន្ទាប់​មក​ខ្យល់​នឹង​បក់ផាត់​អ្វី​ដែល​ស្រាលៗ គឺ​អង្កាម​ដែល​គេ​មិន​ចង់​បាន​នោះ​ចេញ ហើយ​គ្រាប់ស្រូវ​ដែលធ្ងន់​នឹង​ធ្លាក់ចុះ​លើ​កន្លែង​ដែល​បែន​នោះ ។

នៅក្នុង​ការប្រដូច​របស់​យ៉ូហាន តើ​ស្រូវ​អាច​តំណាង​ឲ្យ​អ្វី ?

តើ​អង្កាម​អាច​តំណាង​ឲ្យ​អ្វី ?

គោលការណ៍​សំខាន់​មួយ ដែល​បាន​បង្រៀននៅក្នុង លូកា ៣:១៦–១៧ គឺ​ថា ព្រះយេស៊ូវគ្រីស្ទ ញែក​មនុស្ស​សុចរិត​ចេញ​ពី​មនុស្ស​ទុច្ចរិត ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ទោះ​បីជាមាន​ការ​ញែក​មនុស្ស​ល្អ​ចេញ​ពី​មនុស្ស​អាក្រក់​នៅទីបំផុត នឹង​កើត​មាន​នៅ​ថ្ងៃ​ជំនុំជំរះក្ដី តើ​ការធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ និងការ​រស់នៅ​តាម​ដំណឹងល្អ​របស់​ទ្រង់ បណ្ដាល​ឲ្យ​ពួកសិស្ស​របស់​ទ្រង់​ត្រូវ​បាន​ញែក​ចេញពី​មនុស្ស​ទុច្ចរិត​ក្នុងពេល​នេះ​តាម​របៀប​ណា ?

    2. ហេតុ​អ្វី​យើង​ត្រូវតែ​យល់​ថា នៅពេល​យើង​ព្យាយាម​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ ហើយ​រស់នៅ​តាម​ដំណឹង​ល្អ​របស់​ទ្រង់ នោះ​យើង​អាច​មាន​អារម្មណ៍ ឬ គិត​ថា​ត្រូវបាន​ញែក​ចេញ​ពី​មនុស្ស​ដទៃ ?

លូកា ៣:១៨–២២ កត់​ត្រា​ថា​ព្រះយេស៊ូវ បាន​យាងមក​ទទួល​បុណ្យ​ជ្រមុជទឹក​ដោយ​យ៉ូហាន​បាទីស្ទ ( សូមមើល​ផងដែរ ម៉ាថាយ ៣:១៣–១៧) ។ ក្រោយ​មក​ទៀត​ស្ដេច​ហេរ៉ូឌ​បាន​ចាប់ យ៉ូហាន បាទីស្ទ ដាក់គុក ។

លូកា ៣:២៣-៣៨

តំណ​ពូជពង្ស​របស់​ព្រះយេស៊ូវ​ត្រូវ​បាន​ចែង​ប្រាប់

នៅក្នុង លូកា ៣:២៣–៣៨លូកា​បាន​ដាក់​បញ្ចូល​នូវ​ពង្សាវតា​របស់​ព្រះយេស៊ូវ ដែល​ផ្តល់​នូវ​តំណពូជ​ផ្ទាល់ ឬ សាច់​ញាត្តិ​ផ្ទាល់​របស់​ព្រះយេស៊ូវ ។ លោក​ក៏​បាន​ថ្លែង​ទីបន្ទាល់ថា យ៉ូសែប​តាម « ការគិត​ស្មាន » ( មិន​ដឹង​ច្បាស់ ) គឺ​ជា​ឪពុក​របស់ព្រះយេស៊ូវ (លូកា ៣:២៣) ។

លូកា ៤:១-១៣

ព្រះយេស៊ូវ​ត្រូវ​បាន​ល្បួង​ដោយ​សាតាំង​នៅក្នុង​ទីរហោស្ថាន

លូកា ៤:១–១៣ មាន​នូវ​ដំណើរ​រឿង​មួយ​អំពី​ការតម​អាហារ​របស់ព្រះយេស៊ូវ​អស់​រយៈពេល ៤០ ថ្ងៃ​នៅក្នុង​ទីហោរស្ថាន និងការ​បដិសេធ​នឹងការ​ល្បួង​របស់សាតាំង ( សូមមើល​ផងដែរ ម៉ាថាយ ៤:១–១១) ។

លូកា ៤:១៤-៣០

ព្រះយេស៊ូវគ្រីស្ទ​ប្រកាស​ថា ទ្រង់​គឺ​ជា​ព្រះមែស៊ី

សូម​ពិចារណា​អំពី​ពាក្យ​ដូចត​ទៅនេះ ៖ ចិត្ត​សង្រេង ត្រូវគេ​ជិះជាន់ ចាប់​ជា​ឈ្លើយ មនុស្ស​ទ័លក្រ និង មនុស្ស​ខ្វាក់ ។ តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​ពាក្យ​មួយ ឬ ច្រើនជាង​នេះ អាច​នឹង​ពិពណ៌នា​ថា​តើ​អ្នក​មាន​អារម្មណ៍​បែប​ណា​ចំពោះ​ខ្លួនឯង ? នៅពេល​អ្នក​សិក្សា លូកា ៤:១៤-៣០សូម​រកមើល​ពាក្យ​នានា​ដែល​បង្រៀន​អ្នក​ថា​តើ​ព្រះយេស៊ូវ​ត្រូវបាន​បញ្ចូន​ទៅ​ព្យាបាល​ដល់​អ្នក​មាន​ចិត្ត​សង្រេង និង រំដោះ​ដល់​ពួក​ឈ្លើយ​តាម​របៀប​ណា ។

នៅក្នុង លូកា ៤:១៤-១៧ យើង​អាន​ថា បន្ទាប់ពី​ព្រះយេស៊ូវ​ត្រឡប់​មកពី​តមអាហារ ហើយ​ដោយ​ត្រូវបាន​ល្បួង​ដោយ​សាតាំង​នៅ​ទីរហោស្ថាន នោះ​ទ្រង់​បាន​ចាប់​ផ្ដើម​ផ្សាយ​នៅក្នុង​សាលាជំនុំ​នៅស្រុក​កាលីឡេ ។ មិនយូរ​ប៉ុន្មាន ទ្រង់​ត្រឡប់​ទៅកាន់​ស្រុក​កំណើត​របស់​ទ្រង់​វិញ​គឺ​ណាសារ៉ែត ។ ខណៈ​នៅទីនោះ ទ្រង់​បានគង់​នៅក្នុង​សាលាជំនុំ​មួយ ដើម្បី​អាន​គម្ពីរ​អេសាយ ដែល​បាន​ព្យាករ​ទាក់ទង​នឹង​បេសកកម្ម​ដ៏​ទេវភាព​របស់​ព្រះមែស៊ី ។

សូម​អាន លូកា ៤:១៨-២០ដោយ​រក​មើល​អ្វី​ដែល​អេសាយ​បានព្យាករ​ថា​ព្រះ​មែស៊ីនឹង​ធ្វើ​សម្រាប់​មនុស្ស ។ អ្នក​អាច​គូស​ចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។

សូម​អាន ម៉ាកុស ៤:២១ដោយ​រកមើលអ្វី​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​អំពី​វគ្គ​បទគម្ពីរ ដែល​ទ្រង់​បាន​អាន ។

ដោយ​មាន​បន្ទូល​ថា ការព្យាករ​របស់​អេសាយ​ត្រូវបាន​បំពេញ នោះ​ព្រះយេស៊ូវ​បាន​ប្រកាស​ថា​ទ្រង់​គឺ​ជា​ព្រះមែស៊ី​ដែល​បាន​និយាយ​នៅក្នុង​ការព្យាករ​នោះ​ហើយ ។ សូម​គិត​ពី​ការសរសេរ​គោលលទ្ធិ​ដូចត​ទៅនេះ ដាក់​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ៖ ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​បញ្ជូន​មក​ដើម្បី​ព្យាបាល​ដល់​អ្នក​ដែល​មាន​ចិត្ត​សង្រេង ហើយ​រំដោះ​អស់​អ្នក​ដែល​ជាប់​ឃុំឃាំង​ខាង​វិញ្ញាណ ។

តាម​អ្វី​ដែល​អ្នក​ដឹង​អំពី​ការបម្រើ​របស់​ព្រះអង្គ​សង្គ្រោះ តើ​ទ្រង់​បាន​ធ្វើ​អ្វី​ខ្លះ​ដែល​វា​បា​ន​បំពេញ​ការព្យាករ​នេះ ?

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​បទពិសោធន៍​អ្វីខ្លះ​ដែល​អ្នក​បាន​ឃើញ ដែល​បង្ហាញ​អ្នកថា ព្រះយេស៊ូវ​គ្រីស្ទ បន្ដ​ព្យាបាល និង រំដោះ​យើង​នៅក្នុង​សម័យ​បច្ចុប្បន្ន​នេះ ?

សូម​អាន លូកា ៤:២២ដោយ​រកមើល​របៀប​ដែល​មនុស្ស​នៅ​ស្រុក​ណាសារ៉ែត បាន​មាន​ប្រតិកម្ម​ចំពោះ​ការ​ប្រកាស​ដ៏​ត្រង់ៗ​របស់​ទ្រង់​ថា ទ្រង់​គឺ​ជា​ព្រះមែស៊ី​ដែល​គេ​បាន​ទន្ទឹង​រង់ចាំ​ជា​យូរ​មកនោះ ។

នៅក្នុង លូកា ៤:២៣ យើង​អាន​ថា ព្រះយេស៊ូវ​បាន​ដឹង​ថា​ប្រជាជន​នៅ​ស្រុក​ណាសារ៉ែត នឹង​ផ្ចាញ់ផ្ចាល​ទ្រង់​ដើម្បី​ឲ្យ​ទ្រង់​បង្ហាញ​ដល់គេ​ថា​ទ្រង់​គឺ​ជា​ព្រះមែស៊ី ដោយការ​ធ្វើ​អព្ភូតហេតុ​ទាំងឡាយ ដែល​ទ្រង់​បាន​ធ្វើ​នៅ​ស្រុក​កាពើណិម​ឡើង​វិញ ។ ព្រះយេស៊ូវ​បាន​ឆ្លើយ​តប​ដោយ​សូត្រ​ដំណើរ​រឿង​ពីរ​ចេញ​ពី​ព្រះគម្ពីរ ដើម្បី​បង្រៀន​ពួកគេ​នូវ​គោលការណ៍​អំពី​សេចក្តី​ជំនឿ ។

រូបភាព
អេលីយ៉ា ស្ត្រី​មេម៉ាយ​នៅ​សារិបតា និង កូនប្រុស​របស់​នាង

អេលីយ៉ា ស្ត្រី​មេម៉ាយ​នៅ​សារិបតា និង កូនប្រុស​របស់​នាង

សូម​អាន លូកា ៤:២៤-២៧ដោយ​រកមើល​ដំណើរ​រឿង​ពីរ​ដែល​ព្រះយេស៊ូវ​បាន​និទាន​ប្រាប់ ។ អ្នក​អាច​អាន​សង្ខេប​ពី​ដំណើរ​រឿង​នៃ អេលីយ៉ា និង​ស្ត្រី​មេម៉ាយ​នៅ​ឯ សារិបតា នៅក្នុង ពង្សាវតារក្សត្រទី ១ ១៧:១–១៦ ដំណើរ​រឿង​នៃ ណាម៉ាន់ និង អេលីសេ​នៅក្នុង ពង្សាវតារក្សត្រ​ទី ២ ៥:១–១៤។ សូម​ផ្តោត​ចិត្ត​ទុកដាក់​លើ​អ្វី​ដែល​ស្ត្រី​មេម៉ាយ និង ណាម៉ាន់​បាន​ធ្វើ​ដើម្បី​បង្ហាញ​សេចក្តីជំនឿ​របស់​ខ្លួន ។

តើ​ស្ត្រី​មេម៉ាយ​នៃ​សារិបតា និង ណាម៉ាន់ បាន​បង្ហាញ​ពី​សេចក្ដីជំនឿ​ដោយ​របៀប​ណា​ខ្លះ​ ?

វា​សំខាន់​ដើម្បី​ដឹង​ថា ព្យាការី​គម្ពីរ​សញ្ញា​ចាស់​នោះ​គឺ​អេលីយ៉ាស់ ( អេលីយ៉ា ) និង អេលីសេ ( អេលីស្សា ) ទាំង​ពីរ​នាក់​បាន​ធ្វើ​អព្ភូតហេតុ​ដល់​មនុស្ស​ដែល​ពុំមែន​ជា​សាសន៍​អ៊ីស្រាអែល ( ពួក​សាសន៍​ដទៃ ) ។ ព្រះយេស៊ូវ​កំពុង​បង្រៀន​ដល់​អស់​អ្នក​ដែល​នៅ​ស្រុក​ណាសារ៉ែត​ថា ទោះបី​ជា​មាន​ស្ត្រី​មេម៉ាយ និង មនុស្ស​ឃ្លង់​នៅ​ក្នុង​ចំណោម​សាសន៍​អ៊ីស្រាអែល​ក្តី នោះ​សាសន៍​ដទៃ​ពីរ​នាក់​នោះ អាច​ដក​បទពិសោធន៍​នូវ​អព្ភូតហេតុ ដោយសារ​ពួកគេ​មាន​សេចក្តី​ជំនឿ ហើយ​បាន​ទទួល​ព្យាការី​របស់​ព្រះ ។

ដោយសារ​មនុស្ស​ជាច្រើន​មក​ពី​ស្រុក​ណាសារ៉ែត​ខ្វះ​ជំនឿ​លើ​ទ្រង់ នោះ​ព្រះយេស៊ូវ​បាន​សម្តែង​អព្ភូតហេតុ​តិចតួច​ប៉ុណ្ណោះ​នៅទីនោះ ( សូមមើល ម៉ាថាយ ១៣:៥៤–៥៨, ម៉ាកុស ៦:១–៦) ។ យើង​អាច​រៀន​អំពី​គោលការណ៍​មួយ​អំពី​សេចក្តី​ជំនឿ​នៅពេល​យើង ធ្វើ​ផ្ទុយ ទៅនឹង​មនុស្ស​នៅ​ស្រុក​ណាសារ៉ែត ជាមួយ​នឹង​ស្ត្រី​មេម៉ាយ និង​ណាម៉ាន់ ៖ នៅពេល​យើង​បង្ហាញ​សេចក្ដីជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​អាច​មើល​ឃើញ​អព្ភូតហេតុ​កើតឡើង​ជាច្រើន។

រូបភាព
ណាម៉ាន់ និង អ្នក​បម្រើ​របស់​អេលីយ៉ា

ណាម៉ាន់ និង អ្នក​បម្រើ​របស់​អេលីយ៉ា

  1. នៅក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​របៀប​នានា​ដែល​យើង​អាច​បង្ហាញ​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ ថា​ជា​ព្រះអង្គសង្គ្រោះ​របស់​យើង ។ សូម​អាន លូកា ៤:១៨ឡើង​វិញ ហើយ​ពិចារណា​ពី​របៀប​នានា ដែល​អ្នក​ត្រូវការ​ដើម្បី​បង្ហាញ​សេចក្តីជំនឿ​លើ​ព្រះ​យេស៊ូវគ្រីស្ទ ដើម្បី​ឲ្យ​អ្នក​អាច​ទទួល​បាន​ពរជ័យ​ដែល​បាន​សរសេរ​នៅ​ក្នុង​នោះ ។

សូម​អាន លូកា ៤:២៨-៣០ដោយ​រកមើល​របៀប​ដែល​អស់​អ្នក​ដែល​នៅ​ក្នុង​សាលាប្រជុំ​ឆ្លើយ​តប​ចំពោះ​អ្វី​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល ។

សូម​ពិចារណា​ពី​របៀប​ដែល​ដំណើរ​រឿង​នេះ បង្ហាញ​ពីរបៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ បាន​ញែក​ពួក​មនុស្ស​អាក្រក់​ចេញ​ពី​មនុស្ស​សុចរិត ( សូមមើល លូកា ៣:១៧) ។

លូកា ៤:៣១-៤៤

ព្រះយេស៊ូវ​បាន​បណ្តេញ​អារក្ស ហើយ​បាន​ព្យាបាល​អ្នក​ឈឺ

សូម​អាន លូកា ៤:៣១-៤៤ដោយ​រកមើល​ថា​តើ​ប្រជាជន​នៅ​ក្រុង កាពើណិម​បាន​ឆ្លើយតប ខុស​គ្នា​ពី​អ្វី​ដែល​អស់​អ្នក​នៅ​ស្រុក​ណាសារ៉ែត​បាន​ឆ្លើយ​តប ។

តើ​ដំណើរ​រឿង​ទាំងនេះ​បង្ហាញ​អំពី​គោលការណ៍​ដែល​ថា នៅពេល​យើង​បង្ហាញ​សេចក្ដីជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវ នោះ​យើង​នឹង​ទទួល​បាន​ពរជ័យ​របស់​ទ្រង់​ដោយ​របៀប​ណា ?

  1. សូម​បញ្ចប់​ការសិក្សា​របស់​អ្នក​ថ្ងៃ​នេះ ដោយ​សរសេរ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ថា​ជា​អង្គសង្គ្រោះ និង ពរជ័យ​នានា​ដែល​អ្នក​បាន​ទទួល​នៅពេល​អ្នក​បាន​បង្ហាញ​សេចក្តីជំនឿ​លើ​ទ្រង់ នៅក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

  2. សូម​សរសេរ​ឃ្លា​ដែល​នៅ​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា លូកា ៣–៤ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖