បណ្ណាល័យ
មេរៀន​ទី ៣០ ថ្ងៃទី ៤ ៖ យូដាស


មេរៀន​ទី ៣០ ៖ ថ្ងៃ​ទី ៤

យូដាស

សេចក្ដីផ្ដើម

យូដាស​ដាស់តឿន​សមាជិក​សាសនាចក្រ​ឲ្យ « ខំ​តយុទ្ធ ដើម្បី​ការពារ​សេចក្តី​ជំនឿ » ( យូដាស ១:៣ ) ទាស់​នឹង​គ្រូបង្រៀន​ក្លែងក្លាយ ។ លោក​បាន​ពិពណ៌នា​អំពី​គ្រូបង្រៀន​ក្លែងក្លាយ ហើយ​បាន​ទូន្មាន​ពួកបរិសុទ្ធ​ឲ្យ​ស្ថាបនា​ជីវិត​របស់​ពួកគេ លើ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

យូដាស ១:១-១៩

យូដាស​ដាស់តឿន​សមាជិក​សាសនាចក្រ​ឲ្យ​ខំ​តយុទ្ធ ដើម្បី​ការពារ​សេចក្តី​ជំនឿ​ទាស់​នឹង​គ្រូបង្រៀន​ក្លែងក្លាយ

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​របៀប​ផ្សេង​គ្នា​មួយ​ចំនួន ដែល​អ្នក​អាច​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​នីមួយៗ​ខាង​ក្រោម ៖

    1. នៅ​លើ​គេហទំព័រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មួយ មិត្តភក្តិ​ម្នាក់​បាន​ចុះ​ផ្សាយ​ឃ្លា​រិះគន់​ដល់ គោលជំហរ​របស់​សាសនាចក្រ​ចំពោះ​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា ។

    2. អ្នក​ជិតខាង​ម្នាក់​ដឹង​ថា អ្នក​ជា​សមាជិក​សាសនាចក្រ ។ គាត់​បាន​ប្រាប់​អ្នក​ថា គាត់​បាន​អាន​ព្រះគម្ពីរ​មរមន ហើយ​មាន​អារម្មណ៍​ថា​គឺ​ជា​អក្សរសិល្បិ៍​មួយ​ដែល​លើក​ស្ទួយ​ចិត្ត ប៉ុន្តែ​មិនមែន​ជា​ព្រះបន្ទូល​របស់​ព្រះ​ទេ ។

    3. អំឡុង​ពេល​ពិភាក្សា​មេរៀន​នៅក្នុង​ថ្នាក់​នៅ​សាលា​រៀន មាន​មនុស្ស​ម្នាក់​បាន​ប្រកែក​ថា ការមើល​ការណ៍​អាសគ្រាម​គ្មាន​គ្រោះថ្នាក់​ទេ ហើយ​ពុំ​គួរ​បំបាក់​ទឹកចិត្ត​មិន​ឲ្យ​ធ្វើ​បែប​នោះ​ឡើយ ។

សំបុត្រ​របស់​យូដាស​សរសេរ​ទៅកាន់​គ្រិស្ដសាសនិក​ស្មោះត្រង់​ដែល​បាន​សរសេរ​ឡើង​នៅ​គ្រា​ដែល​សមាជិក​សាសនាចក្រ​ជួបប្រទះ​នឹង​ការជំទាស់​យ៉ាង​ខ្លាំង ។ សូម​អាន យូដាស ១:៣–៤ ដោយ​រកមើល​អ្វី​ដែល​យូដាស បាន​លើក​ទឹកចិត្ត​ឲ្យ​សមាជិក​សាសនាចក្រ​ធ្វើ​នា​គ្រា​ជួប​នូវ​ការជំទាស់​នេះ ។

សូម​កត់សម្គាល់​ថា យូដាស​បាន​លើក​ទឹកចិត្ត​ឲ្យ​ពួកបរិសុទ្ធ « ខំ​តយុទ្ធ ដើម្បី​ការពារ​សេចក្តី​ជំនឿ » ( ខ​ទី ៣ ) ។ នេះ​មាន​ន័យ​ថា ពួកគេ​ត្រូវតែ​ការពារ បង្រៀន និង ថ្លែង​ទីបន្ទាល់​អំពី​ដំណឹងល្អ​ដោយ​ចិត្ត​ក្លាហាន ។ « ជា​មនុស្ស​ទមិល​ល្មើស » ( ខ​ទី ៤ ) ជាមួយ​នឹង​បំណង​អាក្រក់​បាន​ចូលមក​សាសនាចក្រ​ដោយ​ឆ្លាតវៃ ។ សមាជិក​សាសនាចក្រ​ទាំង​នេះ​បាន​បង្កើន​នូវ​អំពើ​ពុករលួយ ការប្រតិបត្តិ​ភាព​អសីលធម៌ ដោយ​ការ​បង្រៀន​ថា គោលលទ្ធិ​នៃ​ព្រះគុណ​បាន​អនុញ្ញាត​ឲ្យ​មាន​សេរីភាព​ទាំង​ស្រុង​ពី​អំពើ​បាប ដោយសារ​ព្រះ​នឹង​អភ័យទោស​ដោយ​ក្តី​មេត្តា ។ ពួកគេ​ក៏​បាន​បដិសេធ​សេចក្តីពិត​ជាក់លាក់​នានា អំពី​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ។

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​ចេញ​ពី​ការណែនាំ​របស់​យូដាស​គឺ​ថា ពួកសិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ គប្បី​ខំ​តយុទ្ធ​ដើម្បី​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ទាស់​នឹង​ការបង្រៀន និង ការប្រតិបត្តិ​ពុករលួយ ។

ខំ​តយុទ្ធ​ដើម្បី​ដំណឹងល្អ​ពុំ​មែន​មាន​ន័យ​ថា យើង​ឈ្លោះ​ប្រកែក​គ្នា​នៅក្នុង​វិញ្ញាណ​ឡើយ ។ យើង​គប្បី​មាន​ចិត្ត​សប្បុរស ហើយ​ក្លាហាន ប៉ុន្តែ​មិន​ប្រើ​អំណាច​ជិះជាន់​គេ​ឡើយ នៅពេល​យើង​ការពារ និង ថ្លែង​ទីបន្ទាល់​អំពី​សេចក្តីពិត ( សូមមើល អាលម៉ា ៣៨:១២, នីហ្វៃទី ៣ ១១:២៩ ) ។ ដើម្បី​ខំ​តយុទ្ធ​យ៉ាង​មាន​ប្រសិទ្ធភាព​សម្រាប់​ដំណឹងល្អ​នោះ​គឺ—ការពារ បង្រៀន និង ថ្លែងទីបន្ទាល់ —ក៏​មាន​ន័យ​ថា យើង​ត្រូវតែ​ដឹង​ពី​គោលលទ្ធិ និង គោលការណ៍​ត្រឹមត្រូវ​របស់​ដំណឹង​ល្អ​ផងដែរ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​យើង​អាច​ខំ​តយុទ្ធ​ដើម្បី​ដំណឹងល្អ ដោយ​មិន​ឈ្លោះ​ប្រកែក​យ៉ាង​ដូចម្ដេច ?

    2. សូម​រំឭក​ពី​ស្ថានភាព​ដែល​បាន​បង្ហាញ​នៅក្នុង​លំហាត់​ទី ១ ។ នៅក្នុង​ស្ថានភាព​ទាំង​នេះ និង ស្ថានភាព​ស្រដៀង​គ្នា​នេះ តើ​មាន​វិធី​ណា​ខ្លះ ដែល​យើង​អាច​ខំ​តយុទ្ធ​សម្រាប់​ដំណឹងល្អ ទាស់​នឹង​ការបង្រៀន​ក្លែងក្លាយ និង ការប្រតិបត្តិ​ពុករលួយ​នោះ ?

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ចែកចាយ​ដំណើរ​រឿង​មួយ​អំពី​យុវនារី​ម្នាក់ ដែល​ខំ​តយុទ្ធ​សម្រាប់​ដំណឹង​ល្អ ៖

រូបភាព
អែលឌើរ នែល អិល អាន់ឌើរសិន

« ថ្មីៗនេះ ខ្ញុំ​បាន​និយាយ​នឹង​ក្មេងស្រី​ថ្នាក់​ឡូរ៉ល​ម្នាក់ រស់នៅ​សហរដ្ឋ​អាមេរិក ។ ខ្ញុំ​សូម​ដកស្រង់​ពី​អ៊ីម៉ែល​របស់​នាង ៖

« ‹ កាលពី​ឆ្នាំ​មុន មិត្តភក្ដិ​របស់​ខ្ញុំ​នៅលើ​ហ្វេសប៊ុក​ខ្លះ បាន​ចាប់ផ្ដើម​ប្រកាស​ពី​គោលជំហរ​របស់​ពួកគេ​អំពី​អាពាហ៍ពិពាហ៍ ។ មនុស្ស​ជាច្រើន​ពេញចិត្ត​នឹង​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា ហើយ​ពួកយុវវ័យ​អិល. ឌី. អេស. ជាច្រើន​បាន​បង្ហាញ​ថា ពួកគេ « ចូលចិត្ត » ការចុះផ្សាយ​ទាំង​នោះ ។ ខ្ញុំ​មិន​បាន​បញ្ចេញ​មតិ​អ្វី​នោះទេ ។

« ‹ ខ្ញុំ​បាន​សម្រេចចិត្ត​ប្រកាស​ពី​ជំនឿ​ខ្ញុំ លើ​ការរៀបការ​រវាង​បុរស និង ស្ត្រី​តាម​វិធី​ដ៏​ប្រុងប្រយ័ត្ន​មួយ ។

« ‹ ដោយ​ដាក់​រូបភាព​លើ​ប្រូហ្វាល​របស់​ខ្ញុំ ខ្ញុំ​បាន​បន្ថែម​ចំណង​ជើង​ថា « ខ្ញុំ​ជឿ​លើ​អាពាហ៍ពិពាហ៍​រវាង​បុរស និង​ស្ដ្រី » ។ មិន​បាន​មួយ​សន្ទុះ​ផង ខ្ញុំ​បាន​ចាប់ផ្ដើម​ទទួល​សារ​ជាច្រើន ។ « អ្នក​អាត្មានិយម​ពេក​ហើយ » ។ « អ្នក​កំពុង​តែ​កាត់សេចក្ដី​គេ » ។ មាន​ម្នាក់ បាន​ប្រៀបធៀប​ខ្ញុំ​ទៅនឹង​ម្ចាស់​ទាសករ​ម្នាក់ ។ ហើយ​ខ្ញុំ​បាន​ទទួល​ការប្រកាស​នេះ​មក​ពី​មិត្ត​ដ៏​អស្ចារ្យ​របស់​ខ្ញុំ ដែល​ជា​សមាជិក​នៃ​សាសនាចក្រ​ដ៏​រឹងមាំ​ម្នាក់ ៖ « ឯង​ត្រូវ​រស់នៅ​តាម​សម័យកាល ។ អ្វីៗ​ប្រែប្រួល ហើយ​ឯង​ក៏​គួរតែ​ប្រែប្រួល​ដែរ » ។

នាង​បាន​ថ្លែង​ថា « ‹ ខ្ញុំ​មិន​បាន​ឈ្លោះ​តបទេ តែ​ខ្ញុំ​ក៏​មិន​បាន​ដក​យក​ពាក្យ​ខ្ញុំ​វិញ​ដែរ › ។

នាង​បាន​បញ្ចប់​ដោយ​និយាយ​ថា ‹ ពេលខ្លះ ដូចជា​ប្រធាន​ម៉នសុន បាន​មាន​ប្រសាសន៍​ថា « អ្នក​ត្រូវតែ​ឈរ​តែ​ម្នាក់​ឯង » ។ សង្ឃឹម​ថា ក្នុង​នាម​ជា​យុវវ័យ យើង​នឹង​ឈរ​ជាមួយ​នឹង​គ្នា​យ៉ាង​ពិត​ចំពោះ​ព្រះ ហើយ​ចំពោះ​ការបង្រៀន​ទាំងឡាយ​របស់​ព្យាការី​ដែល​នៅរស់​របស់​ទ្រង់ › » ( « Spiritual Whirlwinds » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១៩–២០ ) ។

សូម​គិត​ពីគ្រា​មួយ​នៅ​ពេល​អ្នក ឬ នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​បាន​ខំ​តយុទ្ធ​ដើម្បី​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ពិចារណា​ពី​អ្វី​ផ្សេង​ទៀត ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ការពារ និង គាំទ្រ​សេចក្តី​ពិត ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ទាំងឡាយ​ដែល​អ្នក​ទទួល ។

នៅក្នុង យូដាស ១:៥–៧ យូដាស​បាន​ប្រៀបធៀប​សមាជិក​ដែល​បះបោរ ទៅ​នឹង​អស់​អ្នក​ដែល​ពុំ​ស្មោះត្រង់​នៅក្នុង​ចំណោម​ពួក​សាសន៍​អ៊ីស្រាអែល​ពី​បុរាណ ដែល​ត្រូវបាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ជា​អស់​អ្នក​ដែល​បាន​បះបោរ​ប្រឆាំង​ទាស់​នឹង​ព្រះ​នៅក្នុង « សណ្ឋាន​ទីមួយ​របស់​ពួកគេ » ( យូដាស ១:៦ សូមមើល​ផងដែរ អ័ប្រាហាំ ៣:២២–២៦ ) ឬ ជីវិត​មុន​ឆាក​ជីវិត​នេះ និង មនុស្ស​ទុច្ចរិត​នៅក្នុង និង បរិវេណ​ក្រុង សូដុំម និង កូម៉ូរ៉ា​ដែល​ត្រូវបាន​បំផ្លាញ​ចោល ។

ដូច​បាន​កត់ត្រា​នៅក្នុង យូដាស ១:៨–១៦ យូដាស​បាន​ពិពណ៌នា​អំពី​បុគ្គលិក​លក្ខណៈ​ជា​ច្រើន ដែល​នឹង​ជួយ​សមាជិក​សាសនាចក្រ​ឲ្យ​ស្គាល់​ពី​អស់​អ្នក​ដែល​កំពុង​ផ្សាយ​ទស្សនៈ និង ការប្រតិបត្តិ​ពុករលួយ​នៅក្នុង​សាសនាចក្រ ។ ឧទាហរណ៍ លោក​បាន​ពិពណ៌នា​ពី​ពួកគេ​ថា​ជា « ពពក…ឥត​ទឹក ដែល​ត្រូវ​ខ្យល់​បក់​ផាត់​ទៅ​មក » និង « ជា​ដើម​ឈើ​ឥត​ផ្លែ » ( យូដាស ១:១២ ) ។ តើ​គ្រូបង្រៀន​ក្លែងក្លាយ​អាច​ដូច​ជា​ពពក​ឥត​ទឹក និង ដើម​ឈើ​ឥត​ផ្លែ​ដូចម្តេច ?

យូដាស​អាច​និយាយ​សំដៅ​លើ​ព័ត៌មាន​ដែល​មាន​នៅក្នុង​សៀវភៅ អ័ប៉ូគ្រីផា ដែល​ជា​គម្ពីរ​សន្និដ្ឋាន​នៃ​គម្ពីរ​ម៉ូសេ និង គម្ពីរ​ហេណុក​នៅក្នុង​សំបុត្រ​របស់​លោក ។ ការសន្និដាន​របស់​ម៉ូសេ​ពិពណ៌នា​អំពី « មីកែល ជា​មហា​ទេវតា … ទាំង​ប្រកែក​ជាមួយ​អារក្ស … ពី​ដំណើរ​សព​របស់​លោក​ម៉ូសេ » ( យូដាស ១:៩ ) ។ គម្ពីរ​នេះ​ប្រាប់​ជោគជ័យ​ដ៏​អស្ចារ្យ​បំផុត​របស់​មីកែល ហើយ​ថា​ម៉ូសេ​បាន​ប្រែ​រូប​នៅ​ចុងបញ្ចប់​ជីវិត​របស់​លោក ( សូមមើល អាលម៉ា ៤៥:១៩ ) ។ គម្ពីរ​ហេណុក មាន​ការព្យាករ​មួយ​ចេញ​ពី​ហេណុក​អំពី​ការយាង​មក​ជា​លើក​ទី​ពីរ ( សូម​មើល យូដាស ១:១៤–១៥) ។ ព្រះអម្ចាស់​បាន​បើក​សម្តែង​ថា មាន​អ្វីៗ​ជា​ច្រើន​នៅក្នុង​គម្ពីរ​អ័ប៉ូគ្រីផា​គឺ​ត្រឹមត្រូវ ហើយ​អស់​អ្នក​ណា​ដែល​ត្រូវបាន​បំភ្លឺ​ដោយ​ព្រះវិញ្ញាណ​អាច​ទទួល​បាន​ផលប្រយោជន៍​ពី​ការអាន​គម្ពីរ​នោះ ។ ប៉ុន្តែ​គម្ពីរ​មួយ​ចំនួន​មាន​ព័ត៌មាន​បន្ថែម​ដែល​ធ្វើ​ឲ្យ​អត្ថបទ​ដើម​របស់​វា​ពុក​រលួយ ( សូមមើល គ. និង ស. ៩១) ។ ( សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​គម្ពីរ​អ័ប៉ូគ្រីផា សូមមើល​សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « អ័ប៉ូគ្រីផា »  ) ។

សូម​អាន យូដាស ១:៨, ១០, ១៤–១៩ ដោយ​រកមើល​លក្ខណៈ​បន្ថែម​ទៀត​របស់​គ្រូបង្រៀន​ក្លែងក្លាយ ។ អ្នក​អាច​គូស​ចំណាំ ឬ កត់​ចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។ នៅក្នុង​តារាង​ដែល​មាន​ភ្ជាប់​មក​ជាមួយ សូម​បំពេញ​នៅក្នុង​ចន្លោះ ដោយ​ផ្អែក​លើ​អ្វី​ដែល​អ្នក​រៀន​នៅក្នុង​ខគម្ពីរ​ទាំង​នេះ ។ ឃ្លា​មួយ​ចំនួន​នៅក្នុង​តារាង​ត្រូវបាន​ដាក់​ឲ្យ ដើម្បី​ជួយ​អ្នក​យល់​ពី​ការសរសេរ​របស់​យូដាស ។ ( សូម​កត់ចំណាំ​ថា « នៅ​ជាន់​ក្រោយ​បង្អស់ » [ ខ​ទី ១៨ ] សំដៅ​លើ​រយៈពេល​មួយ ដែល​យូដាស​បាន​រស់នៅ ព្រមទាំង​ថ្ងៃ​ចុងក្រោយ​ដែល​យើង​រស់នៅ​ផងដែរ ) ។

លក្ខណៈ​នៃ​គ្រូបង្រៀន​ក្លែងក្លាយ

  • ធ្វើ​ឲ្យ​ខ្លួន​ស្មោកគ្រោក​ដោយ​ភាពអសីលធម៌ ( ខ​ទី ៨ )

  • មើលងាយ​ដល់​សិទ្ធិ​អំណាច និង​ ____________________ ដល់​ពួក​ប្រសើរ​ឧត្តម​ផង ឬ ថ្នាក់​ដឹកនាំ​សាសនាចក្រ ( ខ​ទី ៨ )

  • ជេរ​ប្រមាថ​ដល់​ទាំង​អ្វីៗ ដែល​គេ​មិន ____________________ ( ខ​ទី ១០ )

  • បង្ខូច​ខ្លួន​ដោយ​ការរស់នៅ​តាម​ចំណេះ​ដឹង​ខាង​សាច់​ឈាម​ដែល​ពួកគេ​មាន ( ខ​ទី ១០ )

  • ប្រព្រឹត្ត​គ្រប់​ទាំង​ការ​ទមិល​ល្មើស ( ខ​ទី ១៥ )

  • ពោល​ពាក្យ​ប្រឆាំង​ទាស់ ខ​ទី ១៥ )

  • រអ៊ូរទាំ ហើយ​ត្អូញត្អែរ ( ខ​ទី ១៦ )

  • ដើរ​តាម និង ធ្វើ​តាម ខ​ទី ១៦ )

  • មាន​អំនួត ( ខ​ទី ១៦ )

  • បង្ហាញ​ការរាប់អាន​អ្នក​ដទៃ​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន ( ខ​ទី ១៦ )

  • ____________________ សាសនាចក្រ​របស់​ព្រះអម្ចាស់ និង បទដ្ឋាន​របស់​សាសនាចក្រ ( ខ​ទី ១៨ )

  • បំបែក​ខ្លួន​ពួកគេ​ពី​ពួក​អ្នក​ជឿ ( ខ​ទី ១៩ )

  • គិត និង ធ្វើ​សកម្មភាព​តាម​វិស័យ​សាច់ឈាម ( ខ​ទី ១៩ )

  • គ្មាន ____________________ ( ខ​ទី ១៩ )

ហេតុអ្វី​វា​សំខាន់​ដើម្បី​ស្គាល់​ពី​លក្ខណៈ​របស់​គ្រូបង្រៀន​ក្លែងក្លាយ ?

មិនមែន​មនុស្ស​ណា​ដែល​មាន​លក្ខណៈ​មួយ ឬ ច្រើន​ជាង​មួយ​នៃ​លក្ខណៈ​ទាំង​នេះ​ជា​គ្រូបង្រៀន​ក្លែងក្លាយ​ឡើយ ។ ហើយ​មិនមែន​មនុស្ស​ណា​ដែល​បង្រៀន​អ្វី​ដែល​មិន​ត្រឹមត្រូវ​គឺ​ជា​គ្រូបង្រៀន​ក្លែងក្លាយ​ទេ ។ ពួកគេ​អាច​ធ្វើ​ខុស​ដោយ​មិន​ដឹង​ខ្លួន​នៅក្នុង​ការយល់ដឹង​អំពី​ប្រធាន​បទ​មួយ ។ ប៉ុន្តែ​ការស្គាល់​ពី​លក្ខណៈ​ទាំង​នេះ​អាច​ជួយ​យើង​ស្គាល់​គ្រូបង្រៀន​ក្លែងក្លាយ ដែល​មាន​បំណង​ចង់​ធ្វើ​ឲ្យ​សេចក្តី​ជំនឿ និង ការគោរព​ប្រតិបត្តិ​របស់​អ្នក​ដទៃ​ចុះ​ខ្សោយ ដោយ​ការបោក​បញ្ឆោត​ពួកគេ និង ផ្សាយ​សេចក្តី​អាក្រក់ ។

នៅក្នុង យូដាស ១:១៧ សូម​កត់សម្គាល់​ថា យូដាស​បាន​រំឭក​ពួកបរិសុទ្ធ​ថា សាវក​របស់​ព្រះអម្ចាស់​បាន​ព្រមាន​សមាជិក​សាសនាចក្រ​អំពី​គ្រូបង្រៀន​ក្លែងក្លាយ ។ ចេញ​ពី​ខគម្ពីរ​នេះ យើង​រៀន​ថា សាវក និង ព្យាការី​ព្រមាន និង ជួយ​យើង​ឲ្យ​ស្គាល់​អស់​អ្នក​ដែល​ព្យាយាម​ធ្វើ​ឲ្យ​សេចក្តី​ជំនឿ និង ការគោរពប្រតិបត្តិ​របស់​យើង​ចុះ​ខ្សោយ ។

ព្យាការី និង សាវក​សព្វ​ថ្ងៃ​នេះ​បន្ត​ព្រមាន​យើង​អំពី​គ្រូបង្រៀន​ក្លែងក្លាយ ។

រូបភាព
អែលឌើរ អិម រ័សុល បាឡឺដ

អែលឌើរ អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​ថា « ក្នុង​នាម​ជា​សាវក​របស់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ វា​គឺជា​កាតព្វកិច្ច​របស់​យើង ក្នុង​ការធ្វើ​ជា​អ្នក​យាម​នៅលើ​ប៉ម ព្រមាន​សមាជិក​សាសនាចក្រ ឲ្យ​ស្គាល់​ព្យាការី​ក្លែងក្លាយ និង គ្រូបង្រៀន​ក្លែងក្លាយ ដែល​ដេក​ចាំ​ដាក់​អន្ទាក់ ហើយ​បំផ្លាញ​សេចក្តីជំនឿ និង ទីបន្ទាល់ ។ សព្វថ្ងៃ​នេះ យើង​ព្រមាន​អ្នក​ថា មាន​ព្យាការី​ក្លែងក្លាយ និង គ្រូបង្រៀន​ក្លែងក្លាយ​កំពុង​កើន​ឡើង ហើយ​ប្រសិនបើ​យើង​ពុំ​ប្រុងប្រយ័ត្ន​ទេ នោះ​សូម្បី​តែ​អស់​អ្នក​ដែល​នៅក្នុង​ចំណោម​សមាជិក​ស្មោះត្រង់​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ នឹង​ធ្លាក់​ខ្លួន​ជា​ជន​រងគ្រោះ​ចំពោះ​ការបោក​បញ្ឆោត​របស់​ពួកវា​ដែរ » ( « Beware of False Prophets and False Teachers » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ៦២ ) ។

តើ​មាន​គ្រូបង្រៀន​ក្លែងក្លាយ ឬ ការបង្រៀន​ក្លែងក្លាយ​អ្វី​ខ្លះ​ដែល ព្យាការី និង​សាវក​សម័យ​ទំនើប​នេះ​បាន​ព្រមាន​ដល់​យើង​នោះ ?

សូម​ពិចារណា​ពី​អ្វី​ដែល​អ្នក​បាន​រៀន​ពី​សំបុត្រ​របស់​យូដាស តើ​ហេតុអ្វី​វា​សំខាន់​ដើម្បី​សិក្សា​ប្រសាសន៍​របស់​សាវក និង ព្យាការី ?

យូដាស ១:២០-២៥

យូដាស​បាន​ទូន្មាន​ពួកបរិសុទ្ធ​ឲ្យ​ស្ថាបនា​ជីវិត​របស់​ពួកគេ លើ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង ជួយ​សង្គ្រោះ​អ្នក​ដទៃ

សូម​អាន យូដាស ១:២០-២១ ដោយ​រកមើល​អ្វី​ដែល​យូដាស​បាន​ទូន្មាន​ដល់​ពួកបរិសុទ្ធ​ឲ្យ​ធ្វើ ដើម្បី​បន្ត​ស្មោះត្រង់​នឹង​សេចក្តីជំនឿ ។ ឃ្លា « អធិស្ឋាន​ដោយ​នូវ​ព្រះវិញ្ញាណ​បរិសុទ្ធ » នៅក្នុង ខ​ទី ២០ មាន​ន័យ​ថា អធិស្ឋាន​ដោយ​មាន​ជំនួយ​មក​ពី​ការបំផុស​គំនិត​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។

សូម​ប្រើ​សេចក្តី​ដែល​អ្នក​រៀន​នៅក្នុង​ខគម្ពីរ​ទាំងនេះ ដើម្បី​បំពេញ​សេចក្តីពិត​តទៅ​នេះ ៖ យើង​អាច​បន្ត​ស្មោះត្រង់​ចំពោះ​សេចក្តី​ជំនឿ​ដោយ  ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ហេតុអ្វី​ការបន្ត​នៅ​ស្មោះត្រង់​នឹង​សេចក្តីជំនឿ​មាន​តម្លៃ​សម​ទៅ​នឹង​កិច្ច​ខិតខំ​នោះ ?

    2. តើ​ការរស់នៅ​តាម​ការទូន្មាន​របស់​យូដា​បាន​ជួយ​អ្នក ឬ អ្នក​ដទៃ​ដែល​អ្នក​ស្គាល់​បន្ត​នៅ​ស្មោះត្រង់​នឹង​សេចក្តី​ជំនឿ​យ៉ាង​ដូចម្តេច ?

  2. នៅ​លើ​ក្រដាស​មួយ​សន្លឹក​ផ្សេង​ទៀត សូម​សរសេរ​របៀប​មួយ​ដែល​អ្នក​អាច​កែលម្អ​ការធ្វើ​តាម​ការទូន្មាន​របស់​យូដាស ហើយ​ដាក់​ក្រដាស​នោះ​នៅ​កន្លែង​ណា​មួយ ដែល​អ្នក​នឹង​មើល​ឃើញ​វា​ញឹកញាប់ ដែល​ជា​ការរំឭក​ដល់​អ្នក​ដើម្បី​អនុវត្ត​អ្វី​ដែល​អ្នក​បាន​សរសេរ ។ នៅពេល​អ្នក​បាន​ធ្វើ​កិច្ចការ​នេះ​ហើយ សូម​សរសេរ បាន​បញ្ចប់ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

ដូច​បាន​កត់ត្រា​នៅក្នុង យូដាស ១:២២–២៥ យូដាស​បាន​ទូន្មាន​ដល់​សមាជិក​ស្មោះត្រង់​របស់​សាសនាចក្រ​ឲ្យ​ជួយ​អ្នក​ដទៃ ដែល​មាន​ការលំបាក​ខាង​វិញ្ញាណ ប្រហែល​ជា​ដោយសារ​មក​ពី​ឥទ្ធិពល​របស់​គ្រូបង្រៀន​ក្លែងក្លាយ ។ លោក​ក៏​បាន​ថ្វាយ​ការសរសើរ​ដល់​ព្រះ​ផងដែរ ។

  1. សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា​គម្ពីរ​យូដា ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖