បណ្ណាល័យ
មេរៀន​ទី ១៥ ថ្ងៃទី ២ ៖ យ៉ូហាន ១២


មេរៀន​ទី ១៥ ៖ ថ្ងៃ​ទី ២

យ៉ូហាន ១២

សេចក្តីផ្ដើម

ម៉ារា​មក​ពី​ភូមិ បេថានី ជា​បងស្រី​របស់​ម៉ាថា និង ឡាសារ​បាន​លាប​ប្រេង​តាំង​លើ​ព្រះបាទា​របស់​ព្រះយេស៊ូវ ដែល​ជា​និមិត្ត​សញ្ញា​នៃ​ការសុគត និង ការបញ្ចុះ​សព​របស់​ទ្រង់​ដែល​នឹង​ខិត​ចូល​មក​ដល់ ។ នៅថ្ងែ​ស្អែក​ឡើង​ព្រះយេស៊ូវ​បាន​យាង​ចូល​ទៅក្នុង​ទីក្រុង​យេរូសាឡិម​ដោយ​ជោគជ័យ ហើយ​បាន​ព្យាករ​ពី​ការសុគត​របស់​ទ្រង់ ។ ទោះបី​ជា​មាន​អព្ភូតហេតុ​របស់​ទ្រង់​ក្តី មនុស្ស​មួយ​ចំនួន​ពុំ​ជឿ​ថា​ទ្រង់​គឺ​ជា​ព្រះអង្គ​សង្គ្រោះ ជា​ព្រះមែស៊ី​ដែល​បាន​សន្យា​នោះ​ឡើយ ។ ទ្រង់​បាន​បង្រៀន​ពី​លទ្ធផល​នៃ​ការជឿ និង ពុំ​ជឿ​ទៅ​លើ​ទ្រង់ ។

យ៉ូហាន ១២:១-១៩

ម៉ារា​បាន​លាប​ប្រេង​តាំង​លើ​ព្រះបាទា​របស់​ព្រះយេស៊ូវ ហើយ​ព្រះយេស៊ូវ​ធ្វើ​ការយាង​ចូល​ទៅក្នុង​ក្រុង​យេរូសាឡិម​ដោយ​ជោគជ័យ

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​គូរ​រូបភាព ឬ សរសេរ​អព្ភូតហេតុ​មួយ​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​បាន​កត់ត្រា​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ។ សូម​សញ្ជឹង​គិត​ថាតើ​ការ​ធ្វើ​ជាសាក្សី​ចំពោះ​អព្ភូតហេតុ​ដូច្នោះ អាច​ជះឥទ្ធិពល​ដល់​ជំនឿ​របស់​អ្នក​លើ​ព្រះអង្គ​សង្គ្រោះ​ខ្លាំង​ប៉ុណ្ណា ។

នៅពេល​អ្នក​សិក្សា យ៉ូហាន ១២សូម​រកមើល​របៀប​ផ្សេងៗ​គ្នា​ដែល​មនុស្ស​បាន​ឆ្លើយតប​ចំពោះ​អព្ភូតហេតុ​របស់​ព្រះអង្គ​សង្គ្រោះ ព្រមទាំង​រកមើល​សេចក្តីពិត​ដែល​អាច​ជួយ​យើង​ឲ្យ​យល់​ពី​ចម្លើយ​របស់​ពួកគេ ។

នៅក្នុង យ៉ូហាន ១២:១–៩ យើង​អាន​ថា ប្រាំមួយ​ថ្ងៃ​បន្ទាប់​ពី​បុណ្យ​រំលង នោះ​ព្រះយេស៊ូវ​បាន​សោយ​អាហារ​ពេលយប់​ជាមួយ​មិត្តភក្តិ​មួយ​ចំនួន​នៅភូមិ បេថានី ជា​ទីប្រជុំ​ជន​តូច​មួយ​នៅ​ក្រៅ​ទីក្រុង​យេរូសាឡិម ។ ម៉ារា​ជា​បងស្រី​របស់​ម៉ាថា និង ឡាសារ​បាន​លាប​ប្រេង​តាំង​លើ​ព្រះបាទា​របស់​ព្រះយេស៊ូវ ជាមួយ​នឹង​ប្រេង​ទេព្វិរូ​ដ៏​មាន​តម្លៃ ។ យូដាស-អ៊ីស្ការីយ៉ុត បាន​បដិសេធ​ការប្រើ​ប្រេង​ទេព្វិរូ​ដ៏​មាន​តម្លៃ​នេះ ដោយ​និយាយ​ថា លក់​វា​យក​ប្រាក់​ចែក​អ្នក​ក្រីក្រ​វិញ ( សូមមើល យ៉ូហាន ១២:៤–៥) ។ ប៉ុន្តែ​ក្នុង​ចិត្ត​ពិត​របស់​វា​នោះ « មិន​មែន​ដោយ​ព្រោះ​វា​យក​ចិត្ត​ទុក​ដាក់​នឹង​មនុស្ស​ក្រីក្រ​ទេ គឺ​ដោយ​ព្រោះ​វា​ជា​ចោរ វា​កាន់​ថង់​ប្រាក់ » (យ៉ូហាន ១២:៦) ។ ឃ្លា​ថា « វា​កាន់​ថង់​ប្រាក់ » សំដៅ​លើ​តួនាទី​របស់​យូដាស​ជា​អ្នក​រក្សា​ទ្រព្យ​សម្បត្តិ​នៃ​អស់​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​ជាមួយ​ព្រះអង្គ​សង្គ្រោះ ។

មនុស្ស​ជាច្រើន​បាន​ឮ​ថា​ព្រះយេស៊ូវ​គង់​នៅ​ភូមិ បេថានី ហើយ​ពួកគេ​បាន​មក​ជួប​ទ្រង់ ព្រម​ទាំង ឡាសារ​ដែល​ព្រះយេស៊ូវ​បាន​ប្រោស​ឲ្យ​គាត់​រស់​ពី​ស្លាប់​កាល​ពីពេល​មុន​នោះ ។ សូម​ចាំ​ថា ដោយសារ​ព្រះយេស៊ូវ​បាន​ប្រទាន​ជីវិត​ឲ្យ​ឡាសារ​បាន​រស់​ឡើង​វិញ នោះ​ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​បាន​ចាប់ផ្តើម​ផែនការ​ពី​របៀប​ដែល​ពួកគេ​អាច​ធ្វើ​គុត​ទ្រង់ ។

សូមអាន យ៉ូហាន ១២:១០-១១ដោយ​រកមើល​អ្វី​ដែល​ពួក​សង្គ្រាជ​ចង់​ធ្វើ​ចំពោះ​ឡាសារ ។

ហេតុអ្វី​ពួក​សង្គ្រាជ​ចង់​សម្លាប់​ឡាសារ ?

ពួក​សង្គ្រាជ​ចង់​សម្លាប់​ឡាសារ ដើម្បី​បំផ្លាញ​ភស្តុតាង​នៃ​អព្ភូតហេតុ​របស់​ព្រះអង្គ​សង្គ្រោះ ។ តើ​អ្នក​នឹង​ពិពណ៌នា​ពី​ប្រតិកម្ម​ខុសៗគ្នា​របស់​អ្នក​ដែល​បាន​ឃើញ ឬ បាន​ដឹង​ពី​ការប្រោស​ឡាសារ​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​ដោយ​របៀប​ណា ?

នៅក្នុង យ៉ូហាន ១២:១២–១៦ យើង​រៀន​ថា​នៅ​ថ្ងៃ​បន្ទាប់​ពី ម៉ារា​បាន​លាប​ប្រេង​លើ​ព្រះបាទា​របស់​ព្រះយេស៊ូវ នោះ​ទ្រង់​បាន​យាង​ចូល​ក្នុង​ក្រុង​យេរូសាឡិម​ដោយ​ជោគជ័យ ។ សូម​អាន យ៉ូហាន ១២:១៧–១៩ដោយ​រកមើល​អ្វី​ដែល​មនុស្ស​បាន​ឮ​ពី​ព្រះយេស៊ូវ​ដែល​បាន​ប្រោស​ឲ្យ​ឡាសារ​រស់​ពី​ស្លាប់​ឡើង​វិញ អំឡុង​ពេល​ការយាង​ចូល​ក្នុង​ក្រុង​យេរូសាឡិម​ដោយ​ជោគជ័យ ។

សូម​កត់ចំណាំ​នៅក្នុង ខ​ទី ១៩ នូវ​ចម្លើយ​របស់​ពួក​ផារិស៊ី ចំពោះ​អ្វី​ដែល​បាន​កើតឡើង ។ ពួកគេ​មាន​អារម្មណ៍​ថា​ការខិតខំ​របស់​ពួកគេ​ដើម្បី​រារាំង​មនុស្ស​កុំ​ឲ្យ​ដើរតាម​ព្រះយេស៊ូវ​នោះ​ពុំ​បាន​ជោគជ័យ​ឡើយ ។ តើ​អ្នក​គិត​ថា ហេតុអ្វី​មនុស្ស​មួយ​ចំនួន​ដែល​ឮ​ពី​អព្ភូតហេតុ​របស់​ព្រះយេស៊ូវ​បាន​ជឿ និង ធ្វើ​តាម​ទ្រង់ ខណៈ​ដែល​មនុស្ស​ដទៃ​ទៀត​ជ្រើស​បដិសេធ​ទ្រង់​យ៉ាង​ដូច្នេះ ?

យ៉ូហាន ១២:២០-៣៦

ព្រះយេស៊ូវ​បាន​ប្រាប់​ពី​ការសុគត​របស់​ទ្រង់

នៅក្នុង យ៉ូហាន ១២:២០–២២ យើង​រៀន​ថា « សាសន៍​ក្រេក » (យ៉ូហាន ១២:២០) ដែល​អាច​ប្រែចិត្ត​ជឿ​ជា​ពួក​យូដា ដែល​បាន​មក​ទីក្រុង​យេរូសាឡិម​ដើម្បី​ប្រតិបត្តិ​បុណ្យ​រំលង បាន​ស្នើសុំ​ជួប​ជាមួយ​ព្រះយេស៊ូវ ។ នៅពេល​ព្រះយេស៊ូវ​បាន​ត្រាស់​ដឹង​ពី​សំណើ​របស់​ពួកគេ នោះ​ទ្រង់​បាន​បង្រៀន​អំពី​ការរង​ទុក្ខ ការសុគត និង ការរស់​ឡើង​វិញ​របស់​ទ្រង់​ដែល​ឈាន​ចូល​មក​ដល់ ។

សូម​អាន យ៉ូហាន ១២:២៣–២៤ដោយ​រកមើល​អ្វី ដែល​ព្រះ​បាន​បង្រៀន​អំពី​ការសុគត​របស់​ទ្រង់ ។ អ្នក​អាច​គូស​ចំណាំ​នូវ​អ្វី​ដែល​អ្នក​រក​ឃើញ ។

ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​អំពី « គ្រាប់​ស្រូវ [ គ្រាប់​ធញ្ញជាតិ ] » ត្រូវតែ « ធ្លាក់​ចុះ​ទៅ​ដី ហើយ​ងាប់ » (យ៉ូហាន ១២:២៤) ដើម្បី​បង្កើត​ផល​ជាច្រើន​ឡើង គឺ​ជា​រឿង​ប្រៀប​ប្រដូច​ទៅ​នឹង​ជ័យជំនះ​របស់​ទ្រង់​លើ​សេចក្តី​ស្លាប់ និង អំពើ​បាប ។ ដង្វាយធួន​របស់​ទ្រង់ នឹង​ធ្វើ​ឲ្យ​មនុស្ស​ទាំងអស់​រស់​ឡើង​វិញ ហើយ​វា​នឹង​នាំ​មក​នូវ​ជីវិត​អស់​កល្ប​ជានិច្ច​ដល់​អស់​អ្នក​ដែល​មាន​សេចក្តីជំនឿ​លើ​ទ្រង់ ប្រែចិត្ត ហើយ​គោរព​តាម​ព្រះបញ្ញត្តិ​ទ្រង់ ។ នៅក្នុង យ៉ូហាន ១២:២៥-២៦ យើង​អាន​ថា​ព្រះ​អម្ចាស់​បាន​លើក​ទឹកចិត្ត​ដល់​មនុស្ស​ទាំងអស់​ឲ្យ​លះបង់​ខ្លួន​ពួកគេ​ដើម្បី​បម្រើ​ទ្រង់ ។

នៅក្នុង យ៉ូហាន ១២:២៧–៣១ យើង​រៀន​ថា ដោយ​ដឹង​ពី​ការរងទុក្ខ​ជា​ទម្ងន់​របស់​ទ្រង់​ដែល​នឹង​កើត​ឡើង នោះ​ព្រះយេស៊ូវ​បាន​តាំង​ព្រះទ័យ​បន្ត​ឆ្ពោះ​ទៅ​មុខ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ព្រះរាជ​បំណង​របស់​ទ្រង់ ។ ទ្រង់​បាន​អធិស្ឋាន​ថា ព្រះនាម​របស់​ព្រះវរបិតា​នឹង​ត្រូវបាន​សរសើរ​តម្កើង ហើយ​អស់​អ្នក​ដែល​ស្តាប់ បាន​ឮ​សំឡេង​មួយ​ដែល​ថ្លែង​ទីបន្ទាល់​ថា​ព្រះនាម​ព្រះវរបិតា​នឹង​ត្រូវបាន​សរសើរ​តម្កើង ។ សេចក្តី​ថ្លែង​របស់​ព្រះវរបិតា បាន​ឆ្លុះ​បញ្ចាំង​ពី​ទំនុក​ចិត្ត​ទាំងស្រុង​របស់​ទ្រង់​លើ​ព្រះរាជបុត្រា​របស់​ព្រះអង្គ​ដើម្បី​បំពេញ​នូវ​ដង្វាយធួន ។

សូមអាន យ៉ូហាន ១២:៣២-៣៣ដោយ​រកមើល​សេចក្តីស្លាប់​បែប​ណា​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​ព្រះបន្ទូល​អំពី​ការរងទុក្ខ និង អ្វី​ដែល​វា​ជះឥទ្ធិពល​លើ​មនុស្ស​លោក ។

បន្ទាប់​ពី​ស្តាប់​ឮ​ការបង្រៀន​របស់​ព្រះយេស៊ូវ​ហើយ ហ្វូង​មនុស្ស​បាន​សួរ ថា​នរណា​គេ​ជា « កូន​មនុស្ស » ដែល​ត្រូវ « លើក​ឡើង » (យ៉ូហាន ១២:៣៤) ។ នៅ​ក្នុង យ៉ូហាន ១២:៣៥-៣៦ យើង​រៀន​ថា​ព្រះយេស៊ូវ​បាន​ឆ្លើយតប​ដោយ​មាន​បន្ទូល​អំពី​ខ្លួន​ទ្រង់​ថា​ជា « ពន្លឺ » ។ ព្រះយេស៊ូវ​បាន​លើក​ទឹកចិត្ត​ហ្វូង​មនុស្ស​ឲ្យ​ដើរ​នៅក្នុង​ពន្លឺ ខណៈ​ដែល​ទ្រង់​គង់​នៅ​ជាមួយ​ពួកគេ ។

យ៉ូហាន ១២:៣៧-៥០

ព្រះយេស៊ូវ​បង្រៀន​ពី​លទ្ធផល​នៃ​ការជឿ និង ពុំ​ជឿ​លើ​ទ្រង់

តើ​អ្នក​ចាំ​ដែរ​ឬ​ទេ ពី​ការអាន​នៅក្នុង យ៉ូហាន ១២:៩–១១ ពី​របៀប​ដែល​ហ្វូង​មនុស្ស​មាន​ប្រតិកម្ម​ចំពោះ​អព្ភូតហេតុ​របស់​ព្រះអង្គ​សង្គ្រោះ​នោះ ? សូម​អាន យ៉ូហាន ១២:៣៧ដោយ​រកមើលថាតើ​មនុស្ស​មួយ​ក្រុម​ផ្សេង​ទៀត​បាន​ឆ្លើយតបយ៉ាង​ណា​ចំពោះ​អព្ភូតហេតុ​របស់​ព្រះយេស៊ូវ ។

ប្រតិកម្ម​ផ្សេងៗ​គ្នា​ទាំង​នេះ ចំពោះ​អព្ភូតហេតុ​ដែល​ព្រះយេស៊ូវ​បាន​សម្តែង​ឡើង​បង្ហាញ​ថា អព្ភូតហេតុ​តែ​មួយ​មុខ​គត់​នោះ​នឹង​មិន​បណ្តាល​ឲ្យ​យើង​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ឡើយ ។

បើទោះបី​ជា​អព្ភូតហេតុ​តែ​មួយ​​គត់​នោះ​ពុំ​បណ្តាល​ឲ្យ​យើង​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ក្តី សូម​គិត​អំពី​របៀប​ដែល​អព្ភូតហេតុ​ទាំង​នោះ​អាច​ជះឥទ្ធិពល​លើ​សេចក្តី​ជំនឿ​របស់​យើង​ទៅ​លើ​ទ្រង់ ។

នៅក្នុង យ៉ូហាន ១២:៣៨–៤១ យើង​រៀន​ថា​ការព្យាករ​នានា​ដែល​ត្រូវបាន​ធ្វើ​ឡើង​ដោយ​ព្យាការី​អេសាយ ( សូមមើល អេសាយ ៦:៩–១០; ៥៣:១–៣) ត្រូវបាន​បំពេញ តាមរយៈ​មនុស្ស​ទាំងនោះ​ដែល​ជ្រើសរើស​ពុំ​ជឿ​លើ​ព្រះយេស៊ូវ ។ ទោះបីជា​មាន​កិច្ចការ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​សង្គ្រោះ​ក្តី មនុស្ស​មួយ​ចំនួន​ជ្រើសយក​ការបិទ​ភ្នែក​ខ្លួន​ឲ្យមើល​មិន​ឃើញ ហើយ​ពង្រឹង​ចិត្ត​របស់​ខ្លួន​ប្រឆាំង​នឹង​ទ្រង់ ។

អែលឌើរ ហ្គែរីឌ ដ័បុលយូ ហ្កង នៃ​ពួក​ចិតសិប​នាក់ បាន​ថ្លែង​ទីបន្ទាល់​ពី​ពរជ័យ​ដែល​កើត​មាន​ឡើង​តាមរយៈ​ការជ្រើស​ជឿ និង ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ ៖

រូបភាព
អែលឌើរ ហ្គែរីឌ ដបុលយូ ហ្គង

« ជំនឿ​គឺ​ជា​ជម្រើស​មួយ [ សូមមើល ម៉ូសាយ ៤:៩] ។ …

« នៅពេល​យើង​ជ្រើស​ជឿ យើង​យល់ ហើយ​ឃើញ​កិច្ចការ​នានា​ក្នុង​របៀប​ជា​ច្រើន ។ នៅពេល​យើង​ឃើញ និង រស់​នៅ​តាម​របៀប​នោះ យើង​នឹង​រីករាយ ហើយ​មាន​អំណរ​នៅក្នុង​របៀប​មួយ​ដែល​មាន​តែ​ដំណឹង​ល្អ​តែ​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​ឲ្យ​វា​កើត​មាន​ឡើង » (« Choose Goodness and Joy » New Era ខែ សីហា ឆ្នាំ ២០១១ ទំព័រ ៤៤ ) ។

  1. សូម​គិត​អំពី​សេចក្តីថ្លែង​របស់​អែលឌើរ ហ្កង​ដែល​ថា « សេចក្តីជំនឿ​គឺ​ជា​ជម្រើស » ។ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ពី​អ្វី ដែល​សេចក្តីថ្លែង​នេះ​មាន​ន័យ​ចំពោះ​អ្នក ។

សូម​អាន យ៉ូហាន ១២:៤២-៤៣ដោយ​រក​មើល​មូលហេតុ​ដែល​ពួក​សង្គ្រាជ​របស់​អ្នក​ប្រាជ្ញា​ច្បាប់​សាសន៍​យូដា ពុំ​ទទួល​ស្គាល់​ដោយ​បើក​ចំហ​ដល់​ជំនឿ​របស់​ខ្លួន​លើ​ព្រះយេស៊ូវ​ឡើយ ។

សូម​ពន្យល់​ជា​ពាក្យ​សម្តី​ខ្លួន​ផ្ទាល់​ពី​អ្វី ដែល​អ្នក​គិត​ថា​វា​មាន​ន័យ​ចំពោះ​អ្នក​ដើម្បី​ស្រឡាញ់ « សេចក្ដី​សរសើរ​របស់​មនុស្ស​ជាជាង​សេចក្ដី​សរសើរ​របស់​ព្រះ​វិញ » (យ៉ូហាន ១២:៤៣) ៖

ចេញ​ពីខគម្ពីរ​ទាំង​នេះ​យើង​រៀន​ថា ការខ្វល់ខ្វាយ​កាន់តែ​ច្រើន​ពី​ការបំពេញ​ចិត្ត​របស់​មនុស្ស​ដទៃ ជាជាង​បំពេញ​ព្រះទ័យ​ដល់​ព្រះ អាច​រារាំង​យើង​ពី​ការទទួល​ស្គាល់​ដោយ​បើក​ចំហ​ពី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ និង ដំណឹង​ល្អ​របស់​ទ្រង់ ។ សូម​គិត​ពី​ការសរសេរ​សេចក្តីពិត​នេះ ដាក់​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

  1. សូម​ឆ្លើយ​នឹង​សំណួរ​ខាង​ក្រោម​មួយ ឬ ច្រើន​ជាង​នោះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​មាន​ឧទាហរណ៍​អ្វី​ខ្លះ​នៅ​ក្នុង​ជំនាន់​របស់​យើង​នេះ អំពី​ការខ្វល់ខ្វាយ​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ដែល​មនុស្ស​ដទៃ​គិត ដែល​រារាំង​មនុស្ស​ពី​ការទទួល​ស្គាល់​ដោយ​ចំហ​ពី​ជំនឿ​របស់​ខ្លួន​លើ​ព្រះគ្រីស្ទ និង ដំណឹង​ល្អ​របស់​ទ្រង់ ?

    2. តើ​មាន​វិធី​ណា​ខ្លះ​ដែល​យើង​អាច​បង្ហាញ​ថា យើង​ខ្វល់ខ្វាយ​ច្រើន​ពី​អ្វី ដែល​គាប់​ព្រះទ័យ​ព្រះ ជាជាង​អ្វី​ដែល​បំពេញ​ចិត្ត​របស់​មនុស្ស​ដែល​នៅ​ជុំ​វិញ​យើង​នោះ ?

    3. តើ​លទ្ធផល​វិជ្ជមាន​អ្វី​ខ្លះ ដែល​អាច​កើត​មាន​ឡើង​ពី​ការបង្ហាញ​ថា​យើង​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង ដំណឹងល្អ​របស់​ទ្រង់ ?

សូម​គិត​អំពី​បទពិសោធន៍​មួយ​នៅ​ពេល​ដែល​អ្នក​នៅ​ក្នុង​ភាព​ងងឹត​ទាំង​ស្រុង ។ សូម​គិត​ថា​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា ។ តើ​អ្នក​មាន​អារម្មណ៍​ថា​អ្នក​នៅក្នុង​ស្ថានភាព​ដែល​នឹង​មាន​គ្រោះថ្នាក់​ឬ​ទេ ? តើ​ការមាន​ពន្លឺ​បាន​ជួយ​អ្នក​នៅក្នុង​ស្ថានភាព​នោះ​យ៉ាង​ដូចម្តេច ?

តើ​ការនៅក្នុង​ស្ថានភាព​ងងឹត​នៃ​រូបកាយ​ស្រដៀង​គ្នា​ទៅ​នឹង​ការងងឹត​ខាង​វិញ្ញាណ​យ៉ាង​ដូចម្តេច ?

តើ​គ្រោះថ្នាក់​អ្វី​ខ្លះ​អាច​កើត​ឡើង​មក​ពី​ការរស់នៅ​ក្នុង​ភាព​ងងឹត​ខាង​វិញ្ញាណ​នោះ ?

សូម​អាន យ៉ូហាន ១២:៤៤-៤៦ដោយ​រកមើល​របៀប​ដែល​អស់​អ្នក​ដែល​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​អាច​បាន​ទទួល​ពរ ។

គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​ចេញ​ពី ខទី ៤៦ គឺ​ថា ប្រសិនបើ​យើង​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​នឹង​ពុំ​រស់​នៅក្នុង​ក្នុង​ភាព​ងងឹត​ខាង​វិញ្ញាណ​ឡើយ ។

សូម​សញ្ជឹង​គិត​ពី​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ពន្លឺ និង របៀប​ដែល​ការជឿ​លើ​ទ្រង់​អាច​ដកចេញ​នូវ​ភាព​ងងឹត​ខាង​វិញ្ញាណ​ចេញ​ពី​ជីវិត​របស់​មនុស្ស​ម្នាក់ ។

  1. សូម​រើស​យក​ប្រធាន​បទ​ដូចតទៅ​នេះ ហើយ​ឆ្លើយ​សំណួរ​ពីរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ គោលបំណង​នៃ​រូបកាយ​របស់​យើង, ប្រព័ន្ធ​កម្សាន្ត និង ផ្សព្វផ្សាយ, ទទួល​បាន​នូវ​ភាពសុខសាន្ត និង សុភមង្គល, អាពាហ៍ពិពាហ៍ និង ក្រុមគ្រួសារ, ជីវិត​បន្ទាប់​ពី​ជីវិត​នេះ ។ ប្រសិន​បើ​មាន​មនុស្ស​ម្នាក់​ទៀត អ្នក​អាច​ពិភាក្សា​សំណួរ​ទាំង​នេះ​ជាមួយ​បុគ្គល​នោះ ហើយ​សរសេរ​អំពី​អ្វី​ដែល​អ្នក​ពិភាក្សា ។

    1. តើ​មនុស្ស​ដែល​មាន​ភាព​ងងឹត​ខាង​វិញ្ញាណ​អាច​ជឿ​លើ​ប្រធាន​បទ​នេះ​ឬ​ទេ ?

    2. តើ​ពន្លឺ ឬ ការណែនាំ និង ភាពច្បាស់លាស់​អ្វីខ្លះ​ដែល​ព្រះយេស៊ូវគ្រីស្ទ និង ដំណឹង​ល្អ​របស់​ទ្រង់​បាន​ប្រទាន​ឲ្យ​អំពី​ប្រធាន​បទ​នេះ​នោះ ?

សូម​គិត​អំពី​ប្រធាន​បទ​ដែល​បាន​បង្រៀន​នៅក្នុង យ៉ូហាន ១២:៤៦ ដែល​អាច​ជួយ​យើង​យល់​ពី​មូលហេតុ​ដែល​យើង​អាច​ឃើញ​ពី​ប្រធាន​បទ​ជាក់លាក់ និង បញ្ហា​នានា​​ខុស​ពី​មនុស្ស​ដទៃ​អាច​ឃើញ ។ សូម​ចងចាំ​ថា​យើង​ក៏​អាច​ឃើញ​ពី​ប្រធានបទ និង បញ្ហា​ជាក់លាក់​នានា ស្រដៀង​ទៅ​នឹង​មនុស្ស​ដែល​នៅក្នុង​ជំនឿ​ផ្សេង​អាច​ឃើញ​ផងដែរ ។ មាន​មនុស្ស​ដែល​ពុំ​មាន​អំណោយ​ទាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​នៅ​តែ​មាន​ជំនឿ​រឹងមាំ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ជម្រើស​របស់​ពួកគេ​ត្រូវបាន​បំភ្លឺ​ដោយ​ពន្លឺ​នៃ​ព្រះគ្រីស្ទ ( សូមមើល មរ៉ូណៃ ៧:១៦–១៩, គ. និង ស. ៨៨:៧, ១១) និង តាមរយៈ​ការបង្រៀន​របស់​ទ្រង់ ។

ដូច​បាន​កត់ត្រា​នៅក្នុង យ៉ូហាន ១២:៤៧–៥០ព្រះយេស៊ូវ​បាន​ពន្យល់​ថា​អស់​អ្នក​ដែល​ពុំ​ជឿ​លើ​ព្រះបន្ទូល​របស់​ទ្រង់ ហើយ​បដិសេធ​ទ្រង់​នឹង​ត្រូវ​ជំនុំជម្រះ ដោយ​ព្រះបន្ទូល​​ទ្រង់ដែល​​បាន​មាន​ព្រះបន្ទូល ​ជា​ព្រះបន្ទូល​ព្រះវរបិតាសួគ៌​បាន​ប្រទាន​ឲ្យ​ទ្រង់ ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា យ៉ូហាន ១២ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖