បណ្ណាល័យ
មេរៀន​ទី ១៦ ថ្ងៃទី ២ ៖ យ៉ូហាន ១៧


មេរៀន​ទី ១៦ ៖ ថ្ងៃ​ទី ២

យ៉ូហាន ១៧:១២

សេចក្តីផ្ដើម

មុន​ពេល​ព្រះអង្គ​សង្គ្រោះ​បាន​រងទុក្ខ​នៅក្នុង​ច្បារ​គែតសេម៉ានី ទ្រង់​បាន​ថ្វាយ​ការអធិស្ឋាន​ជំនួស​ដ៏​អស្ចារ្យ​របស់​ទ្រង់ ។ ទ្រង់​បាន​អធិស្ឋាន​ឲ្យ​ពួក​សិស្ស​របស់​ទ្រង់ ហើយ​អស់​អ្នក​ដែល​ដើរ​តាម​ទ្រង់​នឹង​ស្គាល់​ព្រះវរបិតា ហើយ​ទទួល​បាន​ជីវិត​អស់​កល្ប​ជានិច្ច ហើយ​ទ្រង់​បាន​អធិស្ឋាន​ថា​ពួកគេ​អាច​ក្លាយ​ជា​តែ​មួយ​ជាមួយ​ទ្រង់ និង ព្រះវរបិតា​ទ្រង់ ។

យ៉ូហាន ១៧:១-៨

ព្រះយេស៊ូវគ្រីស្ទ​បាន​ថ្លែង​ទៅ​ព្រះ​វរបិតាសួគ៌​នៅក្នុង​ការអធិស្ឋាន

សូម​គិត​ពី​មនុស្ស​ដ៏​ល្បីល្បាញ​មួយ​ចំនួន ដែល​អ្នក​ដឹង​អ្វី​មួយ​ចំនួន​អំពី​ពួកគេ ។

ឥឡូវ​សូម​គិត​ពី​មនុស្ស​នានា​នៅក្នុង​ជីវិត​របស់​អ្នក​ដែល​អ្នក​ស្គាល់​ច្បាស់​បំផុត ។

តើ​ការដឹង អំពី នរណា​ម្នាក់ និង ការស្គាល់ ច្បាស់​ពី​បុគ្គល​ម្នាក់​នោះ​ខុស​គ្នា​យ៉ាង​ណា​ខ្លះ ? នៅក្នុង​ចន្លោះ​ខាង​ក្រោម សូម​សរសេរ​អ្វី​មួយ​ចំនួន​ដែល​អ្នក​អាច​ធ្វើ ដើម្បី​ស្គាល់​បុគ្គល​ម្នាក់​នោះ​កាន់តែ​ច្បាស់ ៖

ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​អំពី​សារៈសំខាន់​នៃ​ការស្គាល់​ព្រះវរបិតា​សួគ៌ និង ទ្រង់ ។ នៅពេល​អ្នក​សិក្សា យ៉ូហាន ១៧សូម​រកមើល​សេចក្តីពិត​ដែល​នឹង​ជួយ​អ្នក​នា​គ្រា​មួយ​ឲ្យ​ធ្វើ​តាម​មាគ៌ា​ដែល​នឹង​មិនត្រឹម​តែ​នាំ​អ្នក​ឲ្យ​ដឹង អំពី ព្រះវរបិតា​សួគ៌ និង ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ច្បាស់​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង ស្គាល់ ពួក​ទ្រង់​កាន់តែ​ច្រើន​ផងដែរ ។

រូបភាព
ព្រះយេស៊ូវគ្រីស្ទ

បន្ទាប់​ពី អាហារ​យប់​ថ្ងៃ​ចុង​ក្រោយ ព្រះអង្គ​សង្គ្រោះ​បាន​យាង​ជាមួយ​ពួក​សិស្ស​ទៅកាន់​ច្បារ​គែតសេម៉ានី ។ ពីមុន​ពួកលោក​ទៅដល់​សួនច្បារ​នោះ ព្រះយេស៊ូវ​បាន​ឈប់​មួយ​សន្ទុះ​ដើម្បី​អធិស្ឋាន ។ ការ​អធិស្ឋាន​នេះ​ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា​ជា​ការអធិស្ឋាន​ជំនួស ។ អត្ថន័យ​មួយ​នៃ​ពាក្យ ជំនួស គឺ​មាន​ន័យ​ថា​និយាយ​ជាមួយ​នរណា​ម្នាក់​ជំនួស​ឲ្យ​មនុស្ស​ម្នាក់​ផ្សេង​ទៀត ។ នៅក្នុង​ករណី​នេះ ព្រះយេស៊ូវ​គ្រីស្ទ​បាន​មាន​បន្ទូល​ទៅ​កាន់​ព្រះវរបិតាសួគ៌​ជំនួស​ឲ្យ​ពួក​សិស្ស​របស់​ទ្រង់ ទូល​អង្វរ​ថា​ពួកគេ​អាច​ទទួល​បាន​ជីវិត​អស់​កល្ប​ជានិច្ច ។

សូម​អាន យ៉ូហាន ១៧:១–៣ដោយ​រកមើល​របៀប​ដែល​ព្រះអង្គសង្គ្រោះ​បាន​ពិពណ៌នា​អំពី​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ (យ៉ូហាន ១៧:៣ គឺជា​ចំណេះ​ចំណាន​ខគម្ពីរ​មួយ ។ អ្នក​អាច​គូសចំណាំ​ខគម្ពីរ​នេះ​នៅ​ក្នុង​របៀប​មួយ​ដែល​ជួយ​អ្នក​ឲ្យ​រកឃើញ​វា​នៅ​ពេល​ក្រោយ ) ។

ចេញពី យ៉ូហាន ១៧:៣ យើង​រៀន​សេចក្តីពិត​ដូចតទៅ​នេះ ៖ ដើម្បី​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច នោះ​យើង​ត្រូវតែ​ស្គាល់​ដល់​ទ្រង់​ជា​ព្រះ​វរបិតា​សួគ៌ និង ព្រះរាជ​បុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ ការស្គាល់ ព្រះវរបិតា និង ព្រះរាជបុត្រ​ទ្រង់​ខុស​គ្នា​ពី​ការដឹង អំពី ពួក​ទ្រង់​យ៉ាង​ដូចម្តេច​ខ្លះ ?

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃី

សូម​អាន​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ហើយ​គូស​ចំណាំ​អ្វី​ដែល​លោក​បាន​មាន​ប្រសាសន៍​ពី​អត្ថន័យ​នៃ​ការស្គាល់​ដល់​ព្រះវរបិតា និង ព្រះរាជបុត្រា ៖ « ការដឹង​អំពី​ព្រះ​ជា​រឿង​មួយ ហើយ​ការស្គាល់​ទ្រង់​គឺ​ជា​រឿង​មួយ​ផ្សេង​ទៀត ។ យើង​ដឹង​អំពី​ទ្រង់ នៅពេល​យើង​រៀន​ថា​ទ្រង់​គឺ​មាន​ព្រះកាយ​ដូច​ដែល​មនុស្ស​ត្រូវបាន​បង្កើត​ឡើង នៅពេល​យើង​រៀន​ថា​ព្រះ​រាជបុត្រា​មាន​ព្រះកាយ​ដូច​ទៅ​នឹង​ព្រះកាយ​របស់​បិតា​ទ្រង់ នៅពេល​យើង​រៀន​ថា​ទាំង​ព្រះវរបិតា និង ព្រះរាជ​បុត្រា​មាន​នូវ​លក្ខណៈ និង ព្រះចេស្តា​អស្ចារ្យ ។ ប៉ុន្តែ​យើង​ស្គាល់​ពួកទ្រង់ នៅក្នុង​របៀប​មួយ​នៃ​ការទទួល​បាន​ជីវិត​អស់​កល្ប​ជានិច្ច នៅពេល​យើង​រីករាយ ហើយ​មាន​បទពិសោធន៍​ដូច​ទៅ​នឹង​អ្វី​ដែល​ទ្រង់​មាន ។ ដើម្បី​ស្គាល់​ព្រះ​គឺ​ត្រូវ​គិត​ដូច​ដែល​ទ្រង់​គិត ទទួល​នូវ​អារម្មណ៍​ដូច​ដែល​ទ្រង់​មាន មាន​អំណាច​ដូច​ដែល​ទ្រង់​មាន យល់​សេចក្តីពិត​ដែល​ទ្រង់​យល់ និង​ធ្វើ​អ្វី​ដូច​ដែល​ទ្រង់​ធ្វើ ។ អស់​អ្នក​ដែល​ស្គាល់​ដល់​ព្រះ​ប្រែក្លាយ​ដូច​ជា​ទ្រង់ ហើយ​មាន​ជីវិត​ដូច​ជា​ទ្រង់ គឺ​ជា​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » (Doctrinal New Testament Commentary ភាគទី ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ១:៧៦២ ) ។

ការស្គាល់​ព្រះ និង ប្រែក្លាយ​ដូច​ជា​ទ្រង់​គឺ​អាច​កើត​ឡើង​ចំពោះ​យើង នៅពេល​យើង​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ទទួល​ពរជ័យ​ទាំងអស់​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។ ទោះជា​យ៉ាង​ណា នេះ​គឺ​ជា​ដំណើរ​ការ​ដែល​នឹង​បន្ត​ពេញ​មួយ​ជីវិត​នេះ និង ក្រោយ​ពី​ជីវិត​នេះ​ផងដែរ ( សូមមើល មរ៉ូណៃ ៧:៤៨, ១០:៣២–៣៣) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ហេតុអ្វី​មនុស្ស​ម្នាក់​ពុំ​អាច​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ប្រសិនបើ​គាត់​ពុំ​ស្គាល់​ព្រះជា​ព្រះវរបិតា​សួគ៌ និង ព្រះយេស៊ូវ​គ្រីស្ទ ?

    2. តើ​អ្នក​អាច​ស្គាល់​ព្រះវរបិតា និង ព្រះរាជបុត្រា​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង​តាមរបៀប​ណា​ខ្លះ ?

នៅក្នុង យ៉ូហាន ១៧:៤–៥ យើង​រៀន​ថា​ព្រះអង្គ​សង្គ្រោះ​បាន​រាយការណ៍​ដល់​ព្រះវរិបតា​របស់​ទ្រង់​ថា ទ្រង់​បាន​បញ្ចប់​កិច្ចការ​ដែល​ទ្រង់​បាន​ប្រទាន​ដល់​ព្រះអង្គ​ឲ្យ​ធ្វើ ។ ទ្រង់​បាន​សុំ​ឲ្យ​ព្រះវរបិតា​ទ្រង់​សរសើរ​តម្កើង​ដល់​ទ្រង់​ដោយ​នូវ​សិរីល្អ​ដដែល​នោះ​ដែល​ទ្រង់​ធ្លាប់​មាន​កាល​នៅ​ក្នុង​ជីវិត​មុន​ឆាក​ជីវិត​នេះ ។

សូម​អាន យ៉ូហាន ១៧:៦–៨ដោយ​រកមើល​អ្វី ដែល​ពួកសិស្ស​បាន​ធ្វើ​ដើម្បី​ស្គាល់​ព្រះអង្គ​សង្គ្រោះ ។ អ្នក​អាច​គូស​ចំណាំ​នូវ​អ្វី​ដែល​អ្នក​រក​ឃើញ ។

រូបភាព
scripture mastery icon
ចំណេះចំណាន​ខគម្ពីរ—យ៉ូហាន ១៧:៣

  1. សូម​អាន​សំណៅ​នៃ​ចំណេះ​ចំណាន​ខគម្ពីរ​ខាងក្រោម យ៉ូហាន ១៧:៣ ឲ្យ​ឮ ៖

    « នេះ​ជា​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​មួយ និង​ព្រះយេស៊ូវគ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង » ។

    បន្ទាប់​មក សូម​លុប​ពាក្យ​បី​ម៉ាត់​ដើម្បី​កុំ​ឲ្យ​អ្នក​ឃើញ​វា ហើយ​អាន​វគ្គ​បទគម្ពីរ​នោះ​ឲ្យ​ឮៗ​ម្តង​ទៀត រួម​ជាមួយ​ពាក្យ​ដែល​អ្នក​លុប​ចោល​នោះ ។ សូម​ធ្វើ​ការលុប​ពាក្យ និង អាន​វគ្គ​ខគម្ពីរ​នោះ​ឲ្យ​ឮ​ម្តង​ហើយ​ម្តង​ទៀត​រហូត​ដល់​ពាក្យ​ទាំងអស់​ត្រូវបាន​លុបចោល ។ ក្រោយ​មក​សូម​សរសេរ​វគ្គខគម្ពីរ​នោះ​តាម​ការចាំ​របស់​អ្នក​ឲ្យ​អស់​ពី​សមត្ថភាព នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់អ្នក ។

យ៉ូហាន ១៧:៩-១៩

ព្រះអង្គ​សង្គ្រោះ​អធិស្ឋាន​សម្រាប់​ពួក​សិស្ស​របស់​ទ្រង់

សូម​អាន យ៉ូហាន ១៧:៩, ១១–១៨ដោយ​រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​បាន​អធិស្ឋាន​ជំនួស​ពួក​សិស្ស​របស់​ទ្រង់ ។

សូម​កត់ចំណាំ​ថា​ព្រះអង្គសង្គ្រោះ​បាន​ថ្លែង​ថា ពួក​សិស្ស​របស់​ទ្រង់​នឹង​បន្ត​រស់នៅ​ក្នុង​លោកិយ​ដែល​អាក្រក់ និង ស្អប់​ពួកគេ ។ ចេញពី យ៉ូហាន ១៧:១៤–១៦ យើង​រៀន​ថា ក្នុង​នាម​ជា​ពួក​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​នៅក្នុង​លោកិយ​នេះ ប៉ុន្តែ​យើង​ពុំ​មែន​ជា​របស់​លោកិយ​នេះ​ឡើយ ។ អ្នក​អាច​សរសេរ​គោលការណ៍​នេះ នៅ​គែម​លើ​ព្រះគម្ពីរ​របស់​អ្នក ។

តើ​អ្នក​គិតថា នៅក្នុង លោកិយ ប៉ុន្តែ​ពុំ​មែន​ជា របស់ លោកិយ មាន​ន័យ​ដូច​ម្ដេច ?

សេចក្តី​ថ្លែងការណ៍​ខាងក្រោម ដោយ​អែលឌើរ អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​របៀប​ដើម្បី​រស់នៅ​ក្នុង​លោកិយ ប៉ុន្តែ​មិនមែន​ជា​របស់​លោកិយ ៖

រូបភាព
អែលឌើរ អិម រ័សុល បាឡឺដ

« នៅក្នុង​សាសនាចក្រ ជាញឹកញាប់​យើង​ថ្លែង​ពី​ឃ្លា​ពីរ ៖ ‹ ចូរ​នៅក្នុង​លោកិយ ប៉ុន្តែ​ពុំ​មែន​ជា​របស់​លោកិយ​ឡើយ ›។ …

« ប្រហែល​ជា​យើង​គួរតែ​ថ្លែង​ឃ្លា​ពីរ​នេះ … ថា​ជា​ការព្រមាន​ពីរ​ផ្សេង​គ្នា ។ ទីមួយ ‹ ចូរ​នៅក្នុង​លោកិយ › ។ ចូរ​ចុះ​ប្រឡូក ចូរ​ទទួល​ដឹង​ឮ ។ ចូរ​ព្យាយាម​យល់ ហើយ​ស៊ូទ្រាំ ព្រមទាំង​មាន​អំណរគុណ​ដល់​ភាព​ទីទៃ​ពី​គ្នា ។ សូម​ធ្វើ​ការចូលរួម​ចំណែក​ក្នុង​សង្គម​ដ៏​មាន​អត្ថន័យ​តាមរយៈ​ការបម្រើ និង ការចុះប្រឡូក​នានា ។ ទីពីរ ‹ ពុំ​មែន​ជា​របស់​លោកិយ​ឡើយ › ។ សូម​កុំ​ដើរតាម​ផ្លូវខុស​ឡើយ ឬ បត់បែន​បំពេញ​ចិត្ត ឬ ទទួល​យក​អ្វី​ដែល​ពុំ​ត្រឹមត្រូវ​ឡើយ ។ …

« សមាជិក​សាសនាចក្រ​ត្រូវតែ​ជះឥទ្ធិពល​លើ​មនុស្ស​ដទៃ​ជាជាង​ទទួល​ឥទ្ធិពល​ពី​មនុស្ស​ដទៃ ។ យើង​គួរតែ​ធ្វើ​ការ​ដើម្បី​កាត់បន្ថយ​អំពើ​បាប និង សេចក្តីអាក្រក់​ជាជាង​ឲ្យ​វា​បក់ផាត់​មកលើ​យើង​ដោយ​ងាយ ។ យើង​ម្នាក់ៗ​ត្រូវតែ​ជួយ​ដោះស្រាយ​បញ្ហា ជាជាង​ចៀសវាង ឬ ព្រងើយ​កន្តើយ​ពី​បញ្ហា​នោះ » (« The Effects of Television » Ensign ខែ ឧសភា ឆ្នាំ ១៩៨៩ ទំព័រ ៨០ ) ។

សូម​សញ្ជឹង​គិត​ពី​មូលហេតុ​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​យើង​បន្ត​នៅក្នុង​លោកិយ ប៉ុន្តែ​ពុំមែន​ជា​របស់​លោកិយ​ឡើយ ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ពន្យល់​ពី​របៀប​ដែល​មនុស្ស​ម្នាក់​អាច​នៅក្នុង​លោកិយ ប៉ុន្តែ​ពុំមែន​ជា​របស់​លោកិយ នៅក្នុង​ស្ថានភាព​ដូច​តទៅនេះ ៖ នៅសាលា​រៀន នៅជាមួយ​មិត្តភក្តិ និង នៅ​តាម​អ៊ិនធើរណែត ។ បន្ទាប់​មក​សូម​សរសេរ​របៀប​ជាក់លាក់​មួយ​ដែល​អ្នក​នឹង​ព្យាយាម​ធ្វើ​តាម​ព្រះអង្គសង្គ្រោះ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង​តាមរយៈ​ការនៅក្នុង​លោកិយ ប៉ុន្តែ​ពុំមែន​ជា​របស់​លោកិយ ។

យ៉ូហាន ១៧:២០-២៦

ព្រះអង្គសង្គ្រោះ​អធិស្ឋាន​សម្រាប់​មនុស្ស​ទាំងអស់​ដែល​ទទួល​ដំណឹង​ល្អ​របស់​ទ្រង់

ទោះបីជា​យើង​ខំប្រឹង​ខ្នះខ្នែង​អស់​ពី​សមត្ថភាព​ក្តី យើង​នៅតែ​ពុំ​ស្អាតស្អំ​ទាំងស្រុង​ពី​អំពើ​បាប និង អំពើ​អាក្រក់​ដែល​មាន​នៅក្នុង​ពិភពលោក​នេះ​ឡើយ ។ ប្រសិនបើ​យើង​ពុំ​អាច​ជ្រះស្អាត​ពី​អំពើ​បាប​របស់​យើង នោះ​យើង​នឹង​ត្រូវ​កាត់ចេញ​ពី​វត្ត​មាន​របស់​ព្រះ​ជា​រៀងរហូត ដោយសារ​គ្មាន​របស់​ដែល​មិន​ស្អាត​ណា​អាច​នៅក្នុង​វត្តមាន​របស់​ទ្រង់​បាន​ឡើយ ( សូមមើល នីហ្វៃទី ១ ១៥:៣៣–៣៤) ។

សូម​អាន យ៉ូហាន ១៧:២០–២៣ដោយ​រកមើល​អ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​អធិស្ឋាន​ឲ្យ ។ អ្នក​អាច​គូស​ចំណាំ​ពាក្យ តែមួយ ពេល​ដែល​ឃើញ​វា​នៅក្នុង​ខ​ទាំងនេះ​ផងដែរ ។

សូម​កត់ចំណាំ​ថា​ព្រះអង្គ​សង្គ្រោះ​ពុំ​គ្រាន់តែ​អធិស្ឋាន​សម្រាប់​ពួក​សាវក​របស់​ទ្រង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទ្រង់​ថែម​ទាំង​បាន​អធិស្ឋាន​សម្រាប់​អស់​អ្នក​ដែល​នឹង​ជឿ​លើ​ពាក្យ​របស់​ពួកគេ ថា​ពួកគេ​ទាំងអស់​គ្នា​អាច​ក្លាយ​ទៅ​ជា​តែ​មួយ​ដូច​ជា​ព្រះយេស៊ូវ និង ព្រះវរបិតា​ក្លាយ​ជា​តែ​មួយ​ផងដែរ ។ ខគម្ពីរ​ទាំងនេះ​បាន​ប្រាប់​យ៉ាង​ច្បាស់​ថា ព្រះវរបិតា និង ព្រះរាជបុត្រា​គឺ​ជា​តួអង្គ​ពីរ​ដាច់​ដោយ​ឡែក​ពីគ្នា ។ ព្រះយេស៊ូវ​បាន​អធិស្ឋាន​សម្រាប់​ភាព​សាមគ្គី​ខាង​វិញ្ញាណ ពុំមែន​ភាព​សាមគ្គី​ខាង​សាច់​ឈាម​ឡើយ។

តើ​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​យើង​ប្រែក្លាយ​ទៅជា​តែ​មួយ​ជាមួយ​ព្រះវរបិតា និង ព្រះរាជបុត្រា​នោះ ?

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ពី​របៀប​ដែល​យើង​អាច​ប្រែក្លាយ​ជា​តែមួយ​ជាមួយ​នឹង​ព្រះវរបិតា និង ព្រះរាជបុត្រា ៖ « អត្ថន័យ​ពិត​នៃ​ពាក្យ ដង្វាយធួន ជា​ភាសា​អង់គ្លេស​នោះ​គឺ​ជាក់ស្តែង ៖ នៅពេល​មួយ ជា​ការនាំ​មក​ចូល​គ្នា​វិញ​នូវ​អ្វីៗ​ដែល​បាន​បែក​ខ្ញែក ឬ ដែល​ឃ្លាត​ឆ្ងាយ​ពី​គ្នា » (« The Atonement of Jesus Christ » Ensign ខែ មិនា ឆ្នាំ ២០០៨ ទំព័រ ៣៤–៣៥ ) ។

សេចក្តីពិត​សំខាន់​មួយ​ដែល​យើង​អាច​រៀន​ពី យ៉ូហាន ១៧:២០–២៣ គឺ​ថា នៅពេល​យើង​មក​រក​ព្រះយេស៊ូវគ្រីស្ទ ហើយ​ទទួល​ពរជ័យ​នៃ​ដង្វាយធួន​របស់​ទ្រង់ នោះ​យើង​នឹង​អាច​ប្រែក្លាយ​ទៅ​ជា​តែមួយ​ជាមួយ​ព្រះវរបិតា និង ព្រះរាជបុត្រា ។

ចេញ​ពី​អ្វី ដែល​អ្នក​ស្គាល់​ពី​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ហេតុអ្វី​បាន​ជា​អ្នក​ចង់​ប្រែក្លាយ​ទៅ​ជា​តែ​មួយ​ជាមួយ​ពួក​ទ្រង់ ?

សូម​អាន​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ក្នុង​គណៈប្រធាន​ទីមួយ ដោយ​រកមើល​ពរជ័យ​ដែល​កើត​ឡើង​ដល់​អស់​អ្នក​ដែល​ព្យាយាម​ប្រែក្លាយ​ទៅ​ជា​តែ​មួយ​ជាមួយ​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ។

រូបភាព
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

« យើង​គួរតែ​ព្យាយាម​ឲ្យ​អស់​ពី​ចិត្ត​ដោយ​ពុំ​គ្រាន់តែ​ដឹង​អំពី​លោក​ចៅហ្វាយ​ឡើយ ប៉ុន្តែ​ថែម​ទាំង​ព្យាយាម ដូច​ដែល​ទ្រង់​បាន​អញ្ជើញ ឲ្យ​ប្រែក្លាយ​ទៅ​ជា​តែ​មួយ​ជាមួយ​ទ្រង់ ( សូមមើល យ៉ូហាន ១៧:២១) ដើម្បី ‹ ឲ្យ​ទ្រង់​ចម្រើន​កម្លាំង​ចិត្ត​ខាង​ក្នុង ដោយសារ​ព្រះវិញ្ញាណ​ទ្រង់ › (អេភេសូរ ៣:១៦) ។ …

« វា​គឺ​ជា​ទីបន្ទាល់​របស់​ខ្ញុំ​ថា​យើង​កំពុង​ជួប​នូវ​គ្រា​ដ៏​លំបាក ។ យើង​ត្រូវតែ​ក្លាហាន​ដើម្បី​គោរពប្រតិបត្តិ ។ ទីបន្ទាល់​របស់​ខ្ញុំ​គឺ​ថា យើង​នឹង​ត្រូវបាន​ហៅ​ឲ្យ​បង្ហាញ​ភាពអំណត់​ខាង​វិញ្ញាណ​របស់​យើង ដ្បិត​នៅ​ថ្ងៃ​ខាង​មុខ​នឹង​មាន​ភាព​ពោរពេញ​ដោយ​សេចក្តី​វេទនា និង ការលំបាក ។ ប៉ុន្តែ​ដោយ​មាន​ការអះអាង​ពី​ការលួងលោម​នៃ​ទំនាក់​ទំនង​ផ្ទាល់​ជាមួយ​ព្រះ នោះ​យើង​នឹង​ត្រូវបាន​ប្រទាន​ឲ្យ​នូវ​ភាពក្លាហាន​ដ៏​សុខសាន្ត » (« That We Might Know Thee » Ensign ខែ មករា ឆ្នាំ ១៩៩៩ ទំព័រ ២, ៥ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​នឹង​ធ្វើ​អ្វី​ខ្លះ ដើម្បី​ស្គាល់​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ហើយ​ពង្រឹង​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ពួក​ទ្រង់​នោះ ?

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា យ៉ូហាន ១៧ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ​គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖