មេរៀនទី ២៧ ៖ ថ្ងៃទី ៣
ភីលេម៉ូន
សេចក្ដីផ្ដើម
នៅក្នុងសំបុត្រមួយច្បាប់នេះ សាវកប៉ុលបានសរសើរសេចក្ដីជំនឿរបស់ភីលេម៉ូន និងសេចក្ដីស្រឡាញ់ដែលគាត់មានចំពោះព្រះអង្គសង្គ្រោះ ព្រមទាំងគាំទ្រសមាជិកសាសនាចក្រ ។ លោកបានទូន្មានភីលេម៉ូនឲ្យទទួលយកទាសកររបស់គាត់ដែលគេចខ្លួនគឺអូនេស៊ីមវិញ ទុកជាប្អូនប្រុសក្នុងព្រះអម្ចាស់ ។
ភីលេម៉ូន
ប៉ុលទូន្មានភីលេម៉ូនឲ្យទទួលយកទាសកររបស់គាត់ដែលគេចខ្លួនគឺអូនេស៊ីមវិញ ទុកជាប្អូនប្រុសក្នុងដំណឹងល្អ
-
ក្នុងនាមជាសមាជិកសាសនាចក្រ ជារឿយៗយើងតែងជួបនឹងមនុស្សថ្មីៗ ។ សូមស្រមៃអំពីនរណាម្នាក់ដែលទើបតែចូលរួមក្នុងវួដ ឬសាខារបស់អ្នក ។ សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក អំពីឧបសគ្គខាងសង្គមដែលមនុស្សម្នាក់អាចជួបប្រទះនៅពេលគាត់ចូលរួមសាសនាចក្រ ឬផ្លាស់ទៅវួដ ឬសាខាថ្មី ។ ប្រសិនបើអ្នកធ្លាប់ចូលរួមសាសនាចក្រ ឬផ្លាស់ទៅវួដ ឬសាខាថ្មីនាពេលថ្មីៗនេះ សូមពិពណ៌នាអំពីឧបសគ្គនានាខាងសង្គមដែលអ្នកបានជួបប្រទះ ។
សូមគិតអំពីសំណួរខាងក្រោមនេះ ៖ តើអ្នកប្រព្រឹត្តចំពោះសមាជិកថ្មីក្នុងវួដ ឬសាខារបស់អ្នកយ៉ាងដូចម្ដេច ? តើអ្នកប្រព្រឹត្តចំពោះសមាជិកសាសនាចក្រដែលមានអាកប្បកិរិយាខុសពីអ្នក ចំណាប់អារម្មណ៍ផ្សេងពីអ្នក ឬមកពីសង្គមដែលខុសពីអ្នកយ៉ាងដូចម្ដេច ?
នៅពេលអ្នកសិក្សាអំពីសំបុត្ររបស់ប៉ុលទៅកាន់ភីលេម៉ូន សូមស្វែងរកសេចក្ដីពិតមួយដែលអាចដឹកនាំអ្នកនៅក្នុងការប្រាស្រ័យទាក់ទងជាមួយបងប្អូនសមាជិកសាសនាចក្រ ។
អំឡុងការជាប់ឃុំរបស់លោកនៅក្រុងរ៉ូម ខណៈដែលកំពុងជាប់ឃុំក្នុងផ្ទះ ប៉ុលបានសរសេរសំបុត្រទៅកាន់ភីលេម៉ូន ដែលគាត់ប្រហែលជាអ្នកប្រែចិត្តជឿជនជាតិក្រេក ។ ដូចមានកត់ត្រានៅក្នុង ភីលេម៉ូន ១:១–៣ ប៉ុលបានចាប់ផ្ដើមសរសេរសំបុត្ររបស់លោកដោយថ្លែងជម្រាបសួរដល់ភីលេម៉ូន និងមនុស្សដទៃទៀត រួមមានក្រុមជំនុំដែលប្រជុំនៅក្នុងផ្ទះរបស់ភីលេម៉ូន ។
សូមអាន ភីលេម៉ូន ១:៤–៧ ដោយស្វែងរកមូលហេតុដែលប៉ុលបានសរសើរភីលេម៉ូន ។ នៅក្នុងបរិបទនេះ ពាក្យ សេចក្តីប្រកប សំដៅទៅលើ ការរួមចំណែក និងការរាប់អាន ( សូមមើល ភីលេម៉ូន ១:៦ ) រីឯឃ្លា « បានកើតការឡើង » មានន័យថា ក្លាយជាសកម្ម ឬមានប្រសិទ្ធភាព ( សូមអាន ភីលេម៉ូន ១:៦ ) ។
វាអាចមានប្រយោជន៍ដែលត្រូវដឹងថា នៅពេលប៉ុលបានមានប្រសាសន៍ថា « ចិត្តនៃពួកបរិសុទ្ធ [ បាន ] ស្បើយល្ហែ » ( ភីលេម៉ូន ១:៧ ) លោកចង់មានន័យថា ភីលេម៉ូនបានធ្វើឲ្យចិត្តរបស់ពួកគេរីករាយឡើង ។
គោលបំណងចម្បងរបស់ប៉ុលក្នុងការសរសេរសំបុត្រទៅកាន់ភីលេម៉ូន គឺដើម្បីដោះស្រាយបញ្ហារវាងភីលេម៉ូន និងអ្នកបម្រើ ឬទាសកររបស់គាត់ឈ្មោះ អូនេស៊ីម ។ អូនេស៊ីមបានរត់គេចខ្លួន ហើយប្រហែលជាបានលួចអ្វីមួយពីភីលេម៉ូន ( សូមមើល ភីលេម៉ូន ១:១៨ ) ។ ទាសភាពពុំត្រូវបានចាត់ទុកថាជាអ្វីមួយអាក្រក់ឡើយនៅក្នុងវប្បធម៌គ្រិស្តសាសនិកសាសន៍យូដាក្នុងព្រះគម្ពីរសញ្ញាថ្មី ហើយត្រូវបានគាំទ្រដោយច្បាប់រ៉ូម ។ ការដាក់ទោសដល់ទាសករដែលគេចខ្លួនរួមមាន ការវាយឲ្យដំណំ បោះត្រាដែកដុតនៅលើថ្ងាស ឬប្រហារជីវិត ។ បន្ទាប់ពីបានគេចខ្លួន អូនេស៊ីមបានជួបនឹងសាវកប៉ុល ។
សូមអាន ភីលេម៉ូន ១:៨–១២ ដោយស្វែងរកអ្វីដែលប៉ុលបានអង្វរ ឬស្នើដោយអស់ពីចិត្តឲ្យភីលេម៉ូនធ្វើ ។ សូមកត់ចំណាំថានៅក្នុង ខទី ៨ ពាក្យ បង្គាប់ មានន័យថា បញ្ជា រីឯពាក្យ ដែលគួរគប្បី មានន័យថា ត្រឹមត្រូវ ឬសមរម្យ ។
ប្រសិនបើអ្នកស្ថិតនៅក្នុងស្ថានភាពរបស់ភីលេម៉ូន តើអ្នកអាចគិត ឬមានអារម្មណ៍ដូចម្ដេចនៅពេលអ្នកទទួលបានសំណើរបស់ប៉ុល ?
សូមកត់ចំណាំឃ្លា « ដែលខ្ញុំបានបង្កើតក្នុងវេលាជាប់ចំណង » ( ភីលេម៉ូន ១:១០ ) ។ អត្ថន័យមួយនៃកិរិយាសព្ទ បង្កើត គឺជាការផ្ដល់ជីវិតឲ្យនរណាម្នាក់ ។ ខណៈពេលដែលប៉ុលនៅជាប់ឃុំ លោកបានជួយអូនេស៊ីមឲ្យចាប់ផ្ដើមជីវិតថ្មីមួយជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ ។
ដូចមានកត់ត្រានៅក្នុង ភីលេម៉ូន ១:១៣–១៤ ប៉ុលមានបំណងទុកអូនេស៊ីមឲ្យនៅជាមួយលោក ដើម្បីអូសេស៊ីមអាចធ្វើជាជំនួយការរបស់លោកបាន ប៉ុន្តែប៉ុលមិនចង់ធ្វើដូចនោះឡើយប្រសិនបើគ្មានការយល់ស្របពីភីលេម៉ូនទេនោះ ។
សូមអាន ភីលេម៉ូន ១:១៥–១៦ ដោយស្វែងរករបៀបដែលប៉ុលបានលើកទឹកចិត្តភីលេម៉ូនឲ្យបង្កើតទំនាក់ទំនងគាត់ជាមួយអ្នកប្រែចិត្តជឿថ្មីអូនេស៊ីមនេះ ។ សូមគិតដល់ការគូសចំណាំ ឬ កត់ចំណាំអ្វីដែលអ្នករកឃើញ ។
ហេតុអ្វីបានជាការចាត់ទុកអូនេស៊ីមជា « ប្អូនស្ងួនភ្ងា » ( ភីលេម៉ូន ១:១៦ ) គឺជាកិច្ចការដ៏ពិបាកសម្រាប់ភីលេម៉ូន ?
សេចក្តីពិតមួយដែលយើងអាចរៀនចេញពី ខទី ១៦ គឺ យើងទាំងអស់គ្នាគឺជាបងប្អូនប្រុសស្រីក្នុងដំណឹងល្អ ។
យើងទាំងអស់គ្នាគឺជាបុត្រាបុត្រីខាងវិញ្ញាណរបស់ព្រះវរបិតាសួគ៌ ( សូមមើល ហេព្រើរ ១២:៩ ) ដូច្នេះយើងទាំងអស់គ្នាគឺជាបងប្អូនប្រុសស្រីនឹងគ្នា ។ មិនតែប៉ុណ្ណោះ តាមរយៈពិធីបរិសុទ្ធនៃបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ការអនុវត្តសេចក្ដីជំនឿជាបន្តបន្ទាប់ទៅលើព្រះយេស៊ូវគ្រីស្ទ និងការប្រែចិត្តជានិច្ច នោះយើងបានកើតម្ដងទៀតខាងវិញ្ញាណ ។ តាមរបៀបនេះ យើងក្លាយជាបុត្រា និងបុត្រីនៃព្រះយេស៊ូវគ្រីស្ទ ( សូមមើល ម៉ូសាយ ៥:៧ ) ហេតុដូច្នេះហើយ យើងគឺជាបងប្អូនប្រុសស្រីនឹងគ្នានៅក្នុងក្រុមគ្រួសារនៃសេចក្ដីសញ្ញាជាមួយទ្រង់ ។ ដោយមិនគិតអំពីភេទ វប្បធម៌ វ័យ ប្រវត្តិរូប ឬស្ថានភាពសង្គមណានោះទេ យើងមានភាពស្មើគ្នានៅក្នុងនគរព្រះ ។
នៅពេលអ្នកអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល សូមស្វែងរករបៀបដែលសេចក្ដីពិតដែលថាយើងជាបងប្អូនប្រុសស្រីក្នុងដំណឹងល្អ អាចមានឥទ្ធិពលលើរបៀបដែលយើងប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក ជាពិសេសចំពោះសមាជិកថ្មីក្នុងសាសនាចក្រ ៖
« ខ្ញុំតែងទទួលបានការលើកទឹកចិត្តរាល់ដងដែលខ្ញុំអានសំបុត្រដ៏ខ្លីរបស់ប៉ុលសរសេរទៅកាន់ភីលេម៉ូន វាបង្រៀនយើងអំពីគោលការណ៍មួយ និងស្មារតីមួយអំពីភាពជាបងប្អូនក្នុងដំណឹងល្អ ។ …
« វាគឺជាការបំផុតគំនិតមួយ និងអំណរដែលឃើញស្មារតីដូចគ្នានេះត្រូវបានអនុវត្តពាសពេញសាសនាចក្រ ដែលឃើញពួកបរិសុទ្ធឱបក្រសោបយក ហើយជួយ ព្រមទាំងអធិស្ឋានសម្រាប់អ្នកដែលដើរចូលក្នុងនគររបស់ព្រះអម្ចាស់ជារៀងរាល់ថ្ងៃ ។ ចូរបន្តឈោងទៅជួយគ្នាទៅវិញទៅមក—និងមនុស្សជាច្រើននាក់ទៀត ដែលនឹងចូលមកក្នុងសាសនាចក្រ ។ ចូរស្វាគមន៍ពួកគេ ហើយស្រឡាញ់ ព្រមទាំងបង្កើតមិត្តភាពជាមួយពួកគេផង ។
« ជាអកុសល មានឧបទ្ទវហេតុម្ដងម្កាលដែលមានពួកយើងខ្លះមិនទាន់បានធ្វើដូចនោះទេ ជារឿងដែលមនុស្សមួយចំនួនត្រូវបានគេព្រងើយកន្តើយដែលមនុស្សទាំងនោះត្រូវបានទទួលយកដោយព្រះអម្ចាស់តាមរយៈពិធីបុណ្យជ្រមុជទឹករួចទៅហើយ ។ ប្រសិនបើព្រះអម្ចាស់ ‹ មិនខ្មាស់នឹងហៅគេជាបងប្អូនទេ › ( ហេព្រើរ ២:១១ ) ហេតុដូច្នេះហើយ ចូរយើង … កាន់ដៃបងប្អូនប្រុសស្រីយើង ហើយលើកស្ទួយពួកគេឡើងឲ្យស្ថិតនៅក្នុងរង្វង់នៃការខ្វល់ខ្វាយ និងសេចក្ដីស្រឡាញ់របស់យើង » ( « Always a Convert Church: Some Lessons to Learn and Apply This Year » Ensign ខែ កញ្ញា ឆ្នាំ ១៩៧៥ ទំព័រ ៤ ) ។
-
សូមឆ្លើយសំណួរខាងក្រោមនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកគិតថា ហេតុអ្វីបានជាសំខាន់ដែលត្រូវយល់ថា យើងគឺជាបងប្អូនប្រុសស្រីក្នុងដំណឹងល្អ ?
-
តើនៅពេលណា ដែលអ្នកធ្លាប់បានឃើញនរណាម្នាក់ប្រព្រឹត្តចំពោះមនុស្សដទៃជាបងប្អូនប្រុសស្រីក្នុងដំណឹងល្អ ? តើមានលទ្ធផលអ្វីកើតឡើងមកពីសណ្ដានចិត្តល្អ និងសេចក្ដីស្រឡាញ់បែបនេះ ?
-
-
សូមសរសេរសំបុត្រមួយច្បាប់ទៅកាន់នរណាម្នាក់នៅក្នុងវួដ ឬសាខារបស់អ្នក ដែលអាចនឹងត្រូវការអារម្មណ៍នៃសេចក្ដីស្រឡាញ់ និងការទទួលយក ។ អ្នកអាចថ្លែងពាក្យសរសើរដល់បុគ្គលនោះចំពោះអំណោយទាន និងការរួមចំណែកនានារបស់គាត់ រួចបង្ហាញការគោរពក្នុងនាមជាបងប្អូនប្រុសស្រីម្នាក់ក្នុងដំណឹងល្អ ។ បន្ទាប់ពីអ្នកបានសរសេរសំបុត្រហើយ សូមសង្ខេបវាដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
ដើម្បីរៀបចំស្វែងរកសេចក្ដីពិតបន្ថែមមួយទៀតដែលមាននៅក្នុងសំបុត្ររបស់ប៉ុលទៅកាន់ភីលេម៉ូន សូមគិតអំពីគ្រាមួយដែលនរណាម្នាក់បានធ្វើឲ្យអ្នករវាទចិត្ត ឬប្រព្រឹត្តខុសឆ្គងនឹងអ្នក ។
សូមអាន ភីលេម៉ូន ១:១៧ ដោយស្វែងរកអ្វីដែលប៉ុលបានទូន្មានឲ្យភីលេម៉ូនធ្វើសម្រាប់អេនេស៊ីម ជាទាសកររបស់ភីលេម៉ូនដែលគេចខ្លួននោះ ។
ប៉ុលបានស្នើឲ្យភីលេម៉ូនទទួលស្វាគមន៍អូនេស៊ីមមកចូលក្នងផ្ទះរបស់គាត់វិញ ដោយមិនចាំបាច់ដាក់ទោសធ្ងន់ធ្ងរដែលជាធម្មតាទាសករដែលគេចខ្លួនត្រូវទទួលនោះទេ ។ ដូចមានបង្ហាញនៅក្នុងការណែនាំរបស់ប៉ុលទៅកាន់ភីលេម៉ូន យើងរៀនថា ពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទមានសេចក្ដីមេត្តាករុណា និងការអត់ទោសដល់មនុស្សដទៃ ។
ហេតុអ្វីបានជាពេលខ្លះមានការលំបាកក្នុងការមានសេចក្ដីមេត្តាករុណា និងការអត់ទោសដល់មនុស្សដទៃ ?
សូមកត់ចំណាំថា ការមានសេចក្ដីមេត្តាករុណា និងការអត់ទោសដល់ជនដែលបានប្រព្រឹត្តខុសឆ្គងនឹងយើង ពុំមានន័យថា អនុញ្ញាតឲ្យពួកគេរួចផុតពីលទ្ធផលនៃទង្វើរបស់ខ្លួនឡើយ ក៏ពុំមានន័យថា យើងស្ដារការទុកចិត្តទៅលើពួកគេឡើងវិញភ្លាមៗនោះដែរ ។ ផ្ទុយទៅវិញ វាមានន័យថា យើងបង្ហាញការអាណិតអាសូរដល់មនុស្សដទៃ ហើយទុកឲ្យការរវាទចិត្ត កំហឹង ឬការឈឺចាប់ដែលយើងអាចនឹងមាននោះឲ្យរលាយសាបសូន្យទៅ ។ ពេលដែលសមស្រប យើងក៏អាចនឹងអនុញ្ញាតឲ្យជនដែលប្រព្រឹត្តខុសឆ្គងនឹងយើងនោះទទួលបានការទុកចិត្តរបស់យើងទៅលើគាត់ឡើងវិញផងដែរ ។
សូមអាន ភីលេម៉ូន ១:១៨–២១ ដោយស្វែងរកអ្វីដែលប៉ុលបានស្ម័គ្រចិត្តធ្វើជំនួសអូនេស៊ីម ។
គឺដូចជាប៉ុលបានសុំទោសជំនួសអូនេស៊ីមដែរ នោះព្រះយេស៊ូវគ្រីស្ទនឹងសុំទោសជំនួស ហើយទូលអង្វរពីបុព្វហេតុរបស់យើងចំពោះព្រះវរបិតា ( សូមមើល គ. និង ស. ៤៥:៣–៥ ) ។ ព្រះយេស៊ូវគ្រីស្ទក៏បានបង់ថ្លៃបំណុលខាងវិញ្ញាណ ដែលយើងជំពាក់ដោយសារតែអំពើបាបរបស់យើងដែរ ។
តើការចងចាំអំពីអ្វីដែលព្រះយេស៊ូវគ្រីស្ទបានធ្វើជំនួសយើង ជួយយើងឲ្យមានសេចក្ដីមេត្តាករុណា និងការអត់ទោសដល់មនុស្សដទៃយ៉ាងដូចម្ដេច ?
-
សូមឆ្លើយសំណួរខាងក្រោមនេះមួយ ឬច្រើនដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ( សូមប្រាកដថាមិនសរសេរអ្វីណាមួយដែលផ្ទាល់ខ្លួន ឬសម្ងាត់ពេក ) ៖
-
តើនៅពេលណាដែលអ្នកធ្លាប់មានស្ថានភាពដូចជាភីលេម៉ូន ដែលតម្រូវឲ្យមានសេចក្ដីមេត្តាករុណា និងការអត់ទោសដល់មនុស្សណាម្នាក់ ? តើអ្នកអាចមានសេចក្ដីមេត្តាករុណា និងការអត់ទោសដល់បុគ្គលនេះតាមរបៀបណា ? តើអ្នកបានទទួលពរ ដោយព្រោះការធ្វើដូច្នោះយ៉ាងដូចម្ដេច ?
-
តើនៅពេលណាដែលអ្នកធ្លាប់មានស្ថានភាពដូចជាអូនេស៊ីម ដែលសង្ឃឹមទទួលបានសេចក្ដីមេត្តាករុណា និងការអត់ទោសពីបុគ្គលណាម្នាក់ ? តើអ្នកស្វែងរកសេចក្ដីមេត្តាករុណា និងការអត់ទោសពីបុគ្គលនេះតាមរបៀបណា ? តើអ្នកបានទទួលពរ ដោយព្រោះការធ្វើដូច្នោះយ៉ាងដូចម្ដេច ?
-
តើនៅពេលណាដែលអ្នកធ្លាប់មានស្ថានភាពដូចជាប៉ុល ដែលដើរតួជាបុគ្គលផ្សះផ្សារវាងអ្នកដែលស្វែងរកការអត់ទោស និងអ្នកដែលត្រូវអត់ទោស ហើយមានសេចក្ដីមេត្តាករុណា ? តើអ្នកអាចជួយអ្នកប្រព្រឹត្តខុសឆ្គងឲ្យទទួលបានការអត់ទោស ចំណែកឯបុគ្គលដែលរងការឈឺចាប់ឲ្យអត់ទោសដល់អ្នកប្រព្រឹត្តខុសឆ្គងនោះយ៉ាងដូចម្ដេច ?
-
សូមពិចារណាអំពីអ្វីដែលអ្នកអាចធ្វើ ដើម្បីមានសេចក្ដីមេត្តាករុណាដល់មនុស្សដទៃ ។ នៅពេលអ្នកព្យាយាមបញ្ចូល ទទួល និងមានការអត់ទោសដល់មនុស្សដទៃ នោះព្រះអម្ចាស់នឹងជួយអ្នកក្នុងការខិតខំនេះ ។
-
សូមសរសេរឃ្លាដែលនៅខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សាគម្ពីរភីលេម៉ូន ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែមដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖