បណ្ណាល័យ
សេចក្ដីណែនាំ​ស្ដីពី​គម្ពីរ​កូរិនថូស ទី១


សេចក្ដីណែនាំ​ស្ដីពី គម្ពីរ​កូរិនថូស ទី១

ហេតុអ្វី​សិក្សា​គម្ពីរ​នេះ ?

សមាជិក​នៃ​សាសនាចក្រ​ពី​បុរាណ​ដែល​បាន​រស់នៅ​ឯ​ក្រុង​កូរិនថូសបាន​ពុះពារ​នឹង​ឧបសគ្គ​នានា​ដែល​មាន​នៅ​ក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ​មាន​ដូចជា ភាព​មិន​ចុះសម្រុង​គ្នា សេចក្ដី​បង្រៀន​ខុសឆ្គង និង ភាពអសីលធម៌ ។ នៅ​ក្នុង កូរិនថូស ទី១ យើង​រៀន​ថា សាវក ប៉ុល បាន​បង្រៀន​ពួក​បរិសុទ្ធ​ទាំងនេះ​អំពី​របៀប​លើក​កម្ពស់​ឲ្យ​មាន​សាមគ្គីភាព​ក្នុង​សាសនាចក្រ របៀប​ដឹង​កិច្ចការ​របស់​ព្រះ តួនាទី​រូបកាយ​ខាង​សាច់ឈាម​ជា​ព្រះវិហារ​សម្រាប់​ព្រះវិញ្ញាណ​បរិសុទ្ធ លក្ខណៈ​នៃ​អំណោយទាន​វិញ្ញាណ សារៈសំខាន់​នៃ​ការទទួលទាន​សាក្រាម៉ង់​ដោយ​សក្ដិសម និង​ភាពពិត​នៃ​ការរស់ឡើងវិញ ។ តាមរយៈ​ការសិក្សា​របស់​អ្នក​ទៅ​លើ​សេចក្ដី​បង្រៀន​របស់​ប៉ុល ដែល​មាន​កត់ត្រា​នៅ​ក្នុង កូរិនថូស ទី១ អ្នក​អាច​រៀន​គោលលទ្ធិ និង គោលការណ៍​នានា​ដែល​នឹង​ជួយ​អ្នក​រស់នៅ​ដោយ​សុចរិត​ទោះជា​មាន​អំពើទុច្ចរិត​ណាមួយ​ដែល​អ្នក​នឹង​ជួប​ក៏​ដោយ ។

តើ​នរណា​បាន​សរសេរ​គម្ពីរ​នេះ ?

ខគម្ពីរ​ចាប់ផ្ដើម​នៅ​ក្នុង កូរិនថូស ទី១ បង្ហាញ​ថា វា​ត្រូវបាន​ផ្ញើ​មក​ដោយ​សាវក​ប៉ុល និង សិស្ស​ម្នាក់​ឈ្មោះ សូស្ថេន ដែល​ប្រហែល​បម្រើ​ជា​ស្មៀន​របស់​ប៉ុល ( សូម​មើល កូរិនថូស ទី១ ១:១ ) ។ ខណៈ​សេចក្ដី​លម្អិត​អំពី​តួនាទី​របស់​សូស្ថេន​ពុំ​មាន​នរណា​ម្នាក់​ស្គាល់ នោះ​វា​ច្បាស់​ណាស់​ថា ប៉ុល គឺ​ជា​អ្នក​សរសេរ​មាតិកា​នៃ​សំបុត្រ​នេះ ( សូម​មើល កូរិនថូស ទី១ ១៦:២១–២៤ ) ។

តើ​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ​ឡើង​នៅ​ពេល​ណា ហើយ​នៅ​កន្លែង​ណា ?

ប៉ុល​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​នេះ​ដែល​ស្គាល់​ជា កូរិនថូស ទី១ នៅ​ជិត​ចុង​បញ្ចប់​នៃ​ការទៅជួប​របស់​លោក​មាន​រយៈ​ពេល​បី​ឆ្នាំ​ដល់​ពួក​អេភេសូរ ( អំឡុង​ពេល​បេសកកម្ម​ទី​បី​របស់​លោក ) ដែល​ប្រហែល​ជា​បាន​បញ្ចប់​ទៅ​នៅ​រវាង​ឆ្នាំ ៥៥ និង ៥៦ នៃ គ.ស ( សូម​មើល កិច្ចការ ១៩:១០; ២០:៣១ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សំបុត្រ​របស់​ប៉ុល » ) ។

តើគម្ពីរ​នេះ​ត្រូវបាន​សរសេរ​ដល់​នរណា ហើយ​តើ​ហេតុអ្វី ?

សំបុត្រ​នេះ​ត្រូវបាន​សរសេរ​ទៅ​ដល់​សមាជិក​សាសនាចក្រ​នៅ​ក្រុង​កូរិនថូស ។ ប៉ុល​បាន​ប្រកាស​ដំណឹងល្អ​នៅ​ក្រុង​កូរិនថូស​អស់​រយៈ​ពេល​ជិត​ពីរ​ឆ្នាំ ( សូម​មើល កិច្ចការ ១៨:១–១៨ ) ហើយ​បាន​បង្កើត​សាខា​មួយ​នៃ​សាសនាចក្រ​នៅ​ទី​នោះ ( សូម​មើល សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សំបុត្រ​របស់​ប៉ុល » ) ។ ក្រោយ​មក​កាល ប៉ុល កំពុង​តែ​ប្រកាស​ដំណឹងល្អ​នៅ​ក្រុង​អេភេសូរ​អំឡុង​ដំណើរ​ផ្សព្វផ្សាយ​សាសនា​ទី​បី​របស់​លោក លោក​បាន​ទទួល​សំបុត្រ​មក​ពី​សមាជិក​សាសនាចក្រ​នៅ​ក្រុង​កូរិនថូស ។ លោក​ក៏​បាន​សរសេរ​តប​ទៅ​កាន់​សាខា​នោះ​វិញ ( សូម​មើល កូរិនថូស ទី១ ៥:៩ ) ប៉ុន្តែ​ជា​អកុសល សំបុត្រ​នេះ​បាន​បាត់ ហេតុដូច្នេះហើយ​វា​ពុំ​មាន​សរសេរ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​យើង​នោះ​ទេ ។ ក្រោយ​មក ប៉ុល បាន​ទទួល​របាយការណ៍​មួយ​ទៀត​ពី​សមាជិក​សាសនាចក្រ​នៅ​ក្រុង​កូរិនថូស ប្រាប់​អំពី​បញ្ហា​នានា​នៅ​ក្នុង​សាសនាចក្រ​នៅ​ទី​នោះ ( សូម​មើល កូរិនថូស ទី១ ១:១១ ) ដែល​លោក​បាន​តប​ទៅ​វិញ​ដោយ​សរសេរ​សំបុត្រ​មួយ​ច្បាប់​ទៀត ហើយ​បាន​ក្លាយ​ទៅ​ជា​កូរិនថូស ទី១ នេះ​ឯង ។ ហេតុដូច្នេះហើយ កូរិនថូស ទី១ គឺ​ជា​សំបុត្រ​ទី​ពីរ​របស់​ប៉ុល​ទៅ​ដល់​សមាជិក​សាសនាចក្រ​នៅ​ក្រុង​កូរិនថូស​យ៉ាង​ប្រាកដ ។

នៅ​ជំនាន់​របស់ ប៉ុល ក្រុង​កូរិនថូស​គឺ​ជា​ទីក្រុង​ធំ​នៃ​ស្រុក​អាខៃ​របស់​ពួក​រ៉ូម ដែល​គ្រប​ដណ្ដប់​ភាគ​ច្រើន​លើ​ពួក​ក្រិក​ពី​បូរាណ​ភាគ​ខាង​ត្បូង​នៃ​ស្រុក​ម៉ាសេដូន ។ ព្រោះ​តែ​ជា​មជ្ឈមណ្ឌល​ជំនួញ​ដ៏​សម្បូរបែប ក្រុង​កូរិនថូស​បាន​ទាក់ទាញ​មនុស្ស​មក​ពី​ពាសពេញ​ចក្រភព​រ៉ូម ដែល​បាន​ធ្វើ​ឲ្យ​ក្រុង​នេះ​ក្លាយ​ជា​ក្រុង​ដែល​មាន​ជនជាតិ​ចម្រុះ​ជាងគេ​ក្នុង​តំបន់ ។ ការថ្វាយបង្គំ​រូប​ព្រះ​មាន​កាន់តែ​ច្រើន​ឡើង​នៅ​ក្នុង​វប្បធម៌​សាសនា​របស់​ពួក​កូរិនថូស ហើយ​មាន​ព្រះវិហារ និង ទីសក្ការ​បូជា​ដ៏​សន្ធឹក​ពាសពេញ​ទីក្រុង ។ នៅ​គ្រា​ដែល​ប៉ុល​បម្រើ ពួក​កូរិនថូស​ត្រូវបាន​គេ​ស្គាល់​ថា​បាន​ប្រព្រឹត្ត​អសីលធម៌​ខ្លាំង​ក្រៃលែង ។ ឧទាហរណ៍ ប្រពៃណី​ពេស្យាចារ​ត្រូវគេ​ដឹង​ថា​បាន​ប្រព្រឹត្ត​នៅ​ព្រះវិហារ​អាផ្រូឌីត ។

នៅ​ក្នុង​សំបុត្រ​នេះ ប៉ុល​បាន​បញ្ជាក់​ថា សមាជិក​សាសនាចក្រ​បាន​បាត់បង់​សាមគ្គីភាព ហើយ​ថា​ការយល់ឃើញ និង ការអនុវត្ត​របស់​មនុស្ស​គ្មាន​ជំនឿ​មួយ​ចំនួន​បាន​ចាប់ផ្ដើម​ជះ​ឥទ្ធិពល​លើ​ការគោរព​តាម​គោលការណ៍ និង ពិធី​បរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹងល្អ ( សូម​មើល កូរិនថូស ទី១ ១:១១; ៦:១–៨; ១០:២០–២២; ១១:១៨–២២ ) ។ លោក​បាន​សរសេរ​ទៅ​កាន់​សមាជិក​សាសនាចក្រ​នៅ​ក្រុង​កូរិនថូស ដើម្បី​ជួយ​ពួកគេ​ដោះស្រាយ​មន្ទិល និង បញ្ហា​នានា និង​ដើម្បី​ពង្រឹង​ពួក​អ្នក​ប្រែចិត្ត​ជឿ​ដែល​បាន​ពុះពារ​នឹង​ការត្រឡប់​ទៅ​រក​ជំនឿ និង​ការអនុវត្ត​ពី​មុន​របស់​ពួកគេ ។

តើ​មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ នៅក្នុង​គម្ពីរ​នេះ ?

ព្រះគម្ពីរសញ្ញាថ្មី​មាន​នូវ​ដំបូន្មាន និង សេចក្ដី​បង្រៀន​មក​ពី​ប៉ុល ទៅ​ដល់​សមាជិក​សាសនាចក្រ​នៅ​ក្រុង​កូរិនថូស​ច្រើន​ជាង​ទៅ​ដល់​សាខា​ដទៃៗ​ទៀត​នៃ​សាសនាចក្រ ។ តាម​ពិត​ទៅ សំបុត្រ​ចំនួន​ពីរ​ច្បាប់​របស់​ប៉ុល​ទៅ​ដល់​ពួក​កូរិនថូស គឺ​ជា​មួយ​ភាគ​បួន​នៃ​ការសរសេរ​ទាំងអស់ របស់​ប៉ុល ។

ដូច​មាន​កត់ត្រា​នៅ​ក្នុង កូរិនថូស ទី១ ប៉ុល បាន​ពន្យល់​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​បំពេញ​ក្រឹត្យវិន័យ​លោក​ម៉ូសេ ។ ប៉ុល​បាន​គូសសម្គាល់​អំពី​សារៈសំខាន់​នៃ « ការកាន់​តាម​បញ្ញត្ត​របស់​ព្រះ » ( កូរិនថូស ទី១ ៧:១៩ ) « នៅ​ក្នុង​ក្រឹត្យវិន័យ​ព្រះគ្រីស្ទ » ( កូរិនថូស ទី១ ៩:២១ ) ដើម្បី​ទទួលបាន​ពរជ័យ​នៃ​សេចក្ដីសង្គ្រោះ​តាមរយៈ​ដំណឹងល្អ ។

គម្រោង

កូរិនថូស ទី១ ១–១១ ។ ប៉ុល​ព្រមាន​ទាស់​នឹង​ការបែងចែក​បក្សពួក​នៅ​ក្នុង​សាសនាចក្រ ហើយ​គូសសម្គាល់​អំពី​សារៈសំខាន់​នៃ​សាមគ្គីភាព​ក្នុង​ចំណោម​សមាជិក​សាសនាចក្រ ។ លោក​ព្រមាន​សមាជិក​ទាស់​នឹង​អសីលធម៌​ខាង​ផ្លូវភេទ លោក​បង្រៀន​ថា​រូបកាយ​គឺ​ជា​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​លើក​ទឹកចិត្ត​ឲ្យ​មាន​ការលុតដំ​ខ្លួន ។ លោក​បាន​ដោះស្រាយ​ចម្ងល់​នានា​អំពី​អាពាហ៍ពិពាហ៍ និង ការបម្រើ​ផ្សព្វផ្សាយ​សាសនា ក៏​ដូចជា​គោលលទ្ធិ​នៃ​ពិធីសាក្រាម៉ង់ និង ថាតើ​ពួកគេ​ត្រូវបាន​អនុញ្ញាត​ឲ្យ​បរិភោគ​សាច់​យញ្ញបូជា​ដែល​បាន​សែន​ដល់​រូបសំណាក​ពួក​អ្នក​គ្មាន​សាសនា​ឬ​ទេ ។

កូរិនថូស ទី១ ១២–១៤ ។ ប៉ុល​បង្រៀន​ថា យើង​ត្រូវ​ស្វែងរក​អំណោយទាន​ទាំងឡាយ​នៃ​ព្រះវិញ្ញាណ ។ លោក​បាន​រំឭក​ពួក​បរិសុទ្ធ​កូរិនថូស​អំពី​សារៈសំខាន់​នៃ​ពួក​សាវក ព្យាការី និង គ្រូ ព្រមទាំង​ការយកចិត្តទុកដាក់​ដែល​សមាជិក​គួរ​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ។ លោក​លើក​ឡើង​អំពី​សារៈសំខាន់​នៃ​សេចក្ដីសប្បុរស ច្រើន​ជាង​អំណោយទាន​វិញ្ញាណ​ដទៃៗ​ទៀត ។

កូរិនថូស ទី១ ១៥–១៦ ។ ប៉ុល​ថ្លែង​ទីបន្ទាល់​ថា លោក​ឈរ​ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​ដែល​ជា​សាក្សី​ចំពោះ​ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ឡើងវិញ ។ លោក​បង្រៀន​ថា​មនុស្ស​គ្រប់​រូប​នឹង​បាន​រស់ឡើងវិញ ហើយ​ថា​ពិធីបុណ្យជ្រមុជទឹក​សម្រាប់​មរណជន​បញ្ជាក់​អំពី​សេចក្ដីពិត​នៃ​ការរស់ឡើងវិញ​នា​ពេល​អនាគត ។ លោក​ពន្យល់​ថា រូបកាយ​ដែល​បាន​រស់ឡើងវិញ​នឹង​ប្រែប្រួល​នៅ​ក្នុង​កម្រិត​នៃ​ភាពរុងរឿង ហើយ​ថា​ជ័យជម្នះ​របស់​ព្រះយេស៊ូវគ្រីស្ទ​លើ​ផ្នូរ​ដក​យក​ទ្រនិច​នៃ​សេចក្ដី​ស្លាប់ ។ លោក​រៀបចំ​ឲ្យ​មាន​ការរៃ​អង្គាស​ប្រាក់ សម្រាប់​ពួក​បរិសុទ្ធ​ក្រីក្រ​នៅ​ក្រុង​យេរូសាឡិម ។