បណ្ណាល័យ
មេរៀន​ទី ១ ថ្ងៃទី ៣ ៖ ការសិក្សា​ព្រះគម្ពីរ


មេរៀន​ទី ១ ៖ ថ្ងៃ​ទី ៣

ការសិក្សា​ព្រះគម្ពីរ

សេចក្តីផ្តើម

មេរៀន​នេះ​នឹង​ជួយ​អ្នក​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​ការ​សិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ និង ការ​អាន​ព្រះគម្ពីរ​សញ្ញា​ថ្មី​ទាំងមូលដែល​ជា​ផ្នែក​មួយ​នៃ​វគ្គ​សិក្សា​នេះ ។ អ្នក​ក៏​អាច​រៀន​ពី​វិធី​កែលម្អ​ការ​សិក្សា​ព្រះគម្ពីរ​របស់​ខ្លួន​ផងដែរ ។

សេចក្ដី​ត្រូវការ​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរប្រចាំ​ថ្ងៃ​ឲ្យ​មាន​ប្រសិទ្ធភាព

សូម​ពិចារណា​ពី​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម ហើយ​គូស​ចម្លើយ​របស់​អ្នក​នៅលើ​ការវាស់វែង​នេះ ។ អ្នក​នឹង​ពុំត្រូវ​បាន​សុំឲ្យ​រាយការណ៍​ពី​ចម្លើយ​របស់​ខ្លួន​ដល់​គ្រូបង្រៀន​ឡើយ ។

រូបភាព
ការស្ទង់មតិ​ព្រះគម្ពីរ

នៅ​ពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​កែលម្អ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ៖

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

« ព្រះគម្ពីរ​មាន​នូវ​ព្រះបន្ទូល​របស់​ព្រះគ្រីស្ទ ហើយ​ជា​អាង​នៃ​ទឹក​រស់​ដែល​យើង​មាន​សិទ្ធិ​ប្រើ​បាន ហើយ​ដែល​យើង​អាច​ផឹក​បាន​យ៉ាង​ច្រើន ហើយ​យូរ​អង្វែង ។ …

« តាមរយៈ​សកម្មភាព​ធម្មតា​ជា​រៀងរាល់​ថ្ងៃ អ្នក និង ខ្ញុំ​បាត់បង់​សារជាតិ​ទឹក​យ៉ាង​ច្រើន​ដែល​ទឹកនោះ​វា​ជួយ​គាំទ្រ​យ៉ាង​ខ្លាំង​ដល់​រូបកាយ​របស់​យើង ។ ការ​ស្រេក​គឺជា​ការ​ត្រូវការ​ទឹក​ពី​កោសិកា​រាងកាយ ហើយ​សារជាតិទឹក​នៅក្នុង​រូបកាយ​យើង​ត្រូវ​តែ​បំពេញ​បន្ថែម​ជា​រៀងរាល់​ថ្ងៃ ។ តាម​ពិត​ទៅ វា​មិនសម​ឡើយ​ដែល​ត្រូវ ​‹ បំពេញ › សារជាតិ​ទឹក​ម្ដង​កាល ខណៈដែល​មាន​កង្វះ​ទឹក​ក្នុង​ខ្លួន​យ៉ាង​យូរ​នៅ​ចន្លោះ​ពេល​នោះ​ទេ ។ វា​គឺជា​រឿង​ពិត​ដូចគ្នា​ចំពោះ​ខាង​វិញ្ញាណ​ដែរ ។ ការ​ស្រេក​ខាង​វិញ្ញាណ​គឺជា​សេចក្ដីត្រូវការ​មួយ​សម្រាប់​ទឹក​រស់ ។ លំហូរ​ទៀងទាត់​មួយ​នៃ​ទឹក​រស់​គឺមាន​ភាព​ប្រសើរ​ខ្លាំងណាស់​ចំពោះ​ការ​ភ្លក់​ម្ដង​ម្កាល » ( « A Reservoir of Living Water » [ ការប្រជុំ​ពិសេស​នៃ​ប្រព័ន្ធ​អប់រំ​សាសនាចក្រ ថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០០៧ ] ទំព័រ ២, ៩ គេហទំព័រ speeches.byu.edu) ។

សូម​បំពេញ​​​គោលការណ៍​ខាងក្រោម ​ដែល​យើង​អាចរៀន​ពី​សេចក្តី​ថ្លែងការណ៍​របស់​​អែលឌើរ បែដណា អំពី​អ្វី​ដែល​យើង​ទទួល​បាន​ពី​ការ​សិក្សា​ព្រះគម្ពីរ​ប្រចាំថ្ងៃ ៖ នៅ​ពេល​យើង​សិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ នោះ​យើង​ទទួលបាន ដែល​យើង​ត្រូវការ ។

គុណតម្លៃ​នៃ​ព្រះគម្ពីរដ៏​បរិសុទ្ធ​នៅ​សម័យ​របស់​យើង

ជំនួស​ឲ្យ​ការ​អាន​សេចក្តីថ្លែងការណ៍​ខាង​ក្រោម​ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នោះ​អ្នក​មើល​វីដេអូ Mormon Message « The Blessings of Scripture » ( ៣:០៤ ) ដែល​មាន​នៅលើ​គេហទំព័រ LDS.orgដែល​មាន​ដំណើររឿង​របស់​អែលឌើរ គ្រីស្តូហ្វឺសុន អំពី​លោក វិល្លិម ធីនឌេល និង ដំបូន្មាន​អំពី​សារៈសំខាន់​នៃ​ព្រះគម្ពីរ ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់បាន​រៀបរាប់​ពី​ការ​លះបង់​ដែល​បុរស​ម្នាក់​បាន​ធ្វើ​ដើម្បី​ជួយ​ឲ្យ​មនស្ស​ជាច្រើន​អាច​អាន​ព្រះគម្ពីរ​ប៊ីប ។

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« នៅ​ថ្ងៃ​ទី ៦ ខែ​តុលា ឆ្នាំ​ ១៥៣៦ មាន​បុរស​កម្សត់​ម្នាក់​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​គុក​ងងឹត​នៅ​ប្រាសាទ​វិលវ័រឌេ ជិត​ប្រ៊ុសសេល ប៊េលជីម ។ ប្រហែល​ជា​ជិត​មួយ​ឆ្នាំ​កន្លះ បុរស​ម្នាក់​នេះ​បាន​រងទុក្ខ​ដោយ​ភាពឯកោ​នៅ​ក្នុង​គុក​ដ៏​កខ្វក់​មួយ ។ ឥឡូវ​នេះ នៅ​ខាង​ក្រៅ​ជញ្ជាំង​ប្រាសាទ អ្នក​ទោស​នោះ​ត្រូវ​គេ​ចង​ភ្ជាប់​នឹង​បង្គោល​មួយ ។ គាត់​មាន​ពេល​បន្លឺ​សំឡេង​អធិស្ឋាន​ខ្លាំងៗ​ជា​ចុងក្រោយ ពីមុន​គាត់​ត្រូវ​គេ​ប្រហារ​ជីវិត​ដោយ​ការ​ព្យួរ-ក ដោយ​ពោល​ថា ‹ ឱ! ព្រះអម្ចាស់​អើយ សូម​បើក​ព្រះនេត្រ​ស្ដេច​ប្រទេស​អង់គ្លេស​ផង › ។ រំពេច​នោះ រូបកាយ​គាត់​ត្រូវ​គេ​ដុត​ត្រង់​បង្គោល​នោះ ។ តើ​បុរស​នេះ​ជា​នរណា តើ​ត្រូវ​គេ​ដាក់​ទោស​ដោយ​រឿង​ហេតុអ្វី​ដែរ … ? គាត់​ឈ្មោះ ​វិល្លិម ធីនឌេល បទ​ឧក្រិដ្ឋ​របស់​គាត់​គឺ​ដោយ​សារ​គាត់​បាន​បក​ប្រែ ហើយ​បោះពុម្ព​ព្រះគម្ពីរ​ប៊ីប​ជា​ភាសា​អង់គ្លេស ។

« … នៅ​ក្នុង​ការប្រកែក​គ្នា​មួយ​ជាមួយ​នឹង​បព្វជិតភាព​ម្នាក់​ដែល​ជំទាស់​នឹង​ការ​យក​ព្រះគម្ពីរ​មក​ឲ្យ​មនុស្ស​សាមញ្ញ លោក​ ធីនឌេល ​បាន​សច្ចា​ថា ‹ ប្រសិន​បើ​ព្រះ​ទុក​ជីវិត​ឲ្យ​ខ្ញុំ​តែ​បន្តិច​ទៀត ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ក្មេង​ប្រុស​កសិករ​ម្នាក់​ចេះ​ដឹង​ព្រះគម្ពីរ​ច្រើន​ជាង​សម្ដេច​សង្ឃ​ទៅ​ទៀត ! › …

« លោក ​វិល្លិម ធីន​ឌេល ពុំ​មែន​ជា​មនុស្ស​ដំបូង ឬ​ក៏​ចុងក្រោយ​គេ​នៃ​ជន​រស់នៅ​ក្នុង​ប្រទេស និង ភាសា​ជាច្រើន​ដែល​បាន​លះបង់​រហូត​ស្លាប់ ដើម្បី​នាំ​ព្រះបន្ទូល​នៃ​ព្រះ​ឲ្យ​ចេញ​ផុត​ពី​ភាព​អាប់អួរ​ឡើយ ។ … តើ​ពួកគេ​បាន​ដឹង​អ្វី​ខ្លះ​អំពី​សារៈសំខាន់​នៃ​ដំណឹងល្អ​ដែល​យើង​ក៏​ត្រូវ​ដឹង​ដែរ​នោះ ? តើ​មនុស្ស​ដែល​បាន​រស់នៅ​ប្រទេស​អង់គ្លេស​ក្នុង​សវត្សរ៍​ទី ១៦ ជា​អ្នក​ដែល​បាន​ចំណាយ​ប្រាក់​យ៉ាង​ច្រើន ហើយ​បាន​ប្រថុយ​ប្រថាន​នឹង​គ្រោះថ្នាក់​ដើម្បី​មាន​ព្រះគម្ពីរ​ប៊ីប​នោះ​បាន​យល់​ដឹង​អ្វីខ្លះ ជារឿង​ដែល​យើង​ក៏​គួរ​តែ​យល់​ដឹង​ដែរ​នោះ ? (« The Blessing of Scripture » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៣២ ) ។

តើ​អ្នក​គិត​ថា​ហេតុអ្វី​មនុស្ស​បាន​ធ្វើ​ការ​លះបង់​ដ៏​ធំធេង​បែប​នេះ ដើម្បី​ឲ្យ​មាន​ព្រះគម្ពីរ​ដូច្នេះ ?

អែលឌើរ គ្រីស្តូហ្វឺសិន បាន​បន្ដ ៖ « ក្នុង​សម័យ​លោក​ ធីនឌេល ភាព​អវិជ្ជមាន​ខាង​បទគម្ពីរ​កាន់តែ​រីកសាយ​ភាយ​ដោយសារ​មនុស្ស​គ្មាន​ព្រះគម្ពីរ​ប៊ីប​ប្រើ​ច្រើន ជា​ពិសេស​ភាសា​ដែល​ពួកគេ​អាច​យល់​បាន ។ សព្វថ្ងៃ​នេះ​ព្រះគម្ពីរ​ប៊ីប និង ព្រះគម្ពីរ​ផ្សេងទៀត​មាន​គ្រប់​ទីកន្លែង ប៉ុន្តែ​មាន​ការ​កើនឡើង​នូវ​ភាព​អវិជ្ជា​ខាង​បទគម្ពីរ ដោយ​សារ​មនុស្ស​ពុំ​បើក​វា ។ ជា​លទ្ធផល ពួកគេ​បាន​បំភ្លេច​អ្វី​ដែល​ជីដូន​ជីតា​ពួកគេ​ដឹង » (« The Blessing of Scripture »ទំព័រ ៣៣ ) ។

ហេតុអ្វី​អ្នក​គិត​ថា​មនុស្សមួយ​ចំនួន នៅ​សម័យ​យើង​នេះ​មិន​អាន​ព្រះគម្ពីរ​ដូចដែល​ពួកគេ​គួរតែ​អាន ?

អែលឌើរ គ្រីស្តូហ្វឺសិន បាន​បញ្ចប់ ៖ « សូម​ពិចារណា​អំពី​ទំហំ​នៃ​ពរជ័យ​របស់​យើង​ក្នុងការ​មាន​ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ ៩០០ ទំព័រ​បន្ថែម​ទៀត​រួម​មាន ព្រះគម្ពីរ​មរមន គោលលទ្ធិ និង សេចក្តីសញ្ញា និង មុក្តា​ដ៏​មាន​តម្លៃ​មហិមា ។ … ប្រាកដ​ណាស់ តាមរយៈ​ពរជ័យ​នេះ​ព្រះអម្ចាស់​កំពុង​មាន​បន្ទូល​ប្រាប់​យើង​ថា សេចក្ដី​ត្រូវការ​របស់​យើង​សម្រាប់​ការ​ប្រើ​ព្រះគម្ពីរ​ឲ្យ​បាន​ញឹក​ញាប់​គឺធំ​ជាង​ជំនាន់​ណាៗ​ទាំងអស់ » (« The Blessing of Scripture »ទំព័រ ៣៥) ។

សេចក្តីពិត​មួយ​ដែល​យើង​រៀន​ពី​សេចក្តីថ្លែងការណ៍​របស់អែលឌើរ គ្រីស្តូហ្វឺសិន​ នោះគឺ​ថា យើង​ត្រូវការ​ព្រះគម្ពីរ​នៅ​សម័យ​យើង​នេះ​ជាង​ជំនាន់​មុនៗ​ទៅទៀត ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​គិតថាហេតុអ្វី​នៅ​សព្វថ្ងៃ​នេះ​យើង​ត្រូវការ​ព្រះគម្ពីរ​ជាង​ជំនាន់​មុនៗ​ទៅទៀត ?

រូបភាព
Paul writing

សាវក​ប៉ុល​បាន​សរសេរ​លិខិត​មួយ​ដែល​នៅ​ក្នុង​នោះ​លោក​បាន​រៀបរាប់​ពី​ស្ថានភាព​មួយ​ចំនួន​នៃ​ពិភពលោក​នៅ​ថ្ងៃ​ចុងក្រោយ ។ សូមអាន ធីម៉ូថេទី ២ ៣:១–៥, ១៣ដោយ​រក​មើល​អំពើបាប និង ឥរិយាបថ​មួយ​ចំនួន​ដែលលោក​បាន​និយាយ​ដែល​នឹង​​កើត​មានជា​ទូទៅ​នៅ​ក្នុង​ជំនាន់​យើង​នេះ ។ ( អ្នក​គួរ​មើល​ទៅ​លេខ​យោង​ដើម្បី​ទទួល​បាន​ជំនួយ​ក្នុងការ​យល់​ន័យ​ពាក្យ ឬ ឃ្លា​ពិបាកៗ​នៅ​ក្នុង​ខ​គម្ពីរ​ទាំងនេះ ) ។

តើ​អំពើបាប និង ឥរិយាបថ​មួយ​ចំនួន​ដែល​មាន​នៅ​ក្នុង​ខ​គម្ពីរ​ទាំងនេះ​ដែល​អ្នក​ធ្លាប់​ឃើញ​នៅ​ក្នុង​សង្គម​យើង​សព្វថ្ងៃ​មាន​អ្វីខ្លះ ?

សូម​អាន ធីម៉ូថេទី ២ ៣:១៤–១៧ដោយ​រកមើល​របៀប​ដែល​យើង​អាច​ស្វែងរក​សុវត្ថិភាព​នៅ​អំឡុងគ្រា​ដ៏​គ្រោះថ្នាក់​ទាំង​នេះ ។ អ្នក​អាច​គូស​ចំណាំ​នូវ​អ្វី​ដែល​អ្នក​រកឃើញ ។

ចេញ​ពី​អ្វីដែល​យើង​បា​ន​រៀន​នៅក្នុង ធីម៉ូថេទី ២ ៣:១៥–១៧តើ​យើង​ទទួល​បាន​ពរជ័យ​អ្វីខ្លះ នៅ​ពេល​យើង​សិក្សា​ព្រះគម្ពីរ ហើយ​រស់នៅ​តាម​ការ​បង្រៀន​របស់​វា ? សូម​សរសេរ​ចម្លើយ​របស់​អ្នក នៅ​ក្នុង​ចន្លោះ​ដែល​បាន​ផ្តល់​ឲ្យ​ដើម្បីបំពេញ​ប្រយោគ​ខាង​ក្រោម ៖ នៅ​ពេល​យើង​សិក្សា​ព្រះគម្ពីរ នោះ​យើង​អាច​ទទួល​បាន ដែល​នឹង​នាំ​យើង​ឆ្ពោះ​ទៅរក​សេចក្តីសង្គ្រោះ ។

សេចក្ដីថ្លែង​ការណ៍​ដែល​អ្នក​បាន​បំពេញ​នេះ​គឺជា​ឧទាហរណ៍​មួយ​នៃ​គោលការណ៍ដំណឹង​ល្អ ។ គោលការណ៍ និង គោលលទ្ធិ​ទាំងឡាយ​នៃ​ដំណឹងល្អ​របស់ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជា​សេចក្ដីពិត​ដែល​ពុំផ្លាស់ប្ដូរ ដែល​ផ្ដល់​ការ​ដឹកនាំ​នៅក្នុង​ជីវិត​រស់​នៅ​របស់​យើង ។ ចំណុច​មួយ​នៃ​គោលបំណង​សំខាន់​របស់​ព្រះគម្ពីរ គឺ​ដើម្បី​បង្រៀន​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ។ យើង​អាច​ធ្វើ​ឲ្យ​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន​របស់​យើង​កាន់​តែ​មាន​អត្ថន័យ ដោយ​ការ​ស្រាវជ្រាវ​រក​គោលលទ្ធិ និង គោលការណ៍​នានា ការ​ពិចារណា​ពី​អត្ថន័យ​របស់​វា និង ការ​អនុវត្ត​វា​នៅ​ក្នុង​ជីវិត​របស់​យើង ។

  1. សូម​មើលទៅ​​គោលការណ៍​ដែល​អ្នក​បាន​បំពេញ​ខាង​លើ ។ រួច​សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​នៅ​ពេល​ណា​ដែរ ដែល​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា អ្នក​បាន​ទទួល​ប្រាជ្ញា ពន្លឺ សេចក្តីពិត ការ​កែ​តម្រូវ ឬ ការ​ណែនាំ​ជា​លទ្ធផល​មកពី​ការ​សិក្សា​ព្រះគម្ពីរ ?

អាន​ព្រះគម្ពីរ​សញ្ញា​ថ្មី​ប្រចាំ​ថ្ងៃ

ការ​រំពឹង​ទុក​មួយ​សម្រាប់​វគ្គសិក្សា​នេះ​ក្នុង​ថ្នាក់​សិក្ខាសាលា​គឺ​ឲ្យអ្នក​អាន ព្រះគម្ពីរ​សញ្ញា​ថ្មីទាំងមូល ។ នេះ​គឺជា​តម្រូវការ​មួយ​ដើម្បី​ទទួល​បាន​សញ្ញាបត្រ​ថ្នាក់​សិក្ខាសាលា ។ ការ​អាន​ព្រះគម្ពីរ​សញ្ញា​ថ្មី​ទាំង​មូល​នឹង​តម្រូវ​ឲ្យមាន​ការខិតខំ​ជាប់លាប់ ។

តើ​អ្នក​ធ្លាប់​សាកល្បង​បឺត​ទឹក ឬ ទឹក​ក្រូចដោយ​ប្រើ​ទុយោ​ច្រើន​ជាង​មួយ​ឬទេ ? ប្រសិនបើ​អ្នក​មាន​ទុយោ​ច្រើន សូម​សាកល្បង​បឺត​ទឹក ឬ ទឹកក្រូច​មួយ​កែវ​ដោយប្រើ​ទុយោ ៧​ដើម​រួម​គ្នា ។ វា​មាន​ការលំបាក​ដើម្បី​បឺត​ទឹក​ទាំងអស់​ពី​ក្នុង​កែវ ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​បឺត​វា​យឺត និង ជាប់​ជានិច្ច​ដោយ​ប្រើ​ទុយោ​តែ​មួយ នោះ​អ្នក​នឹង​ឃើញ​ថា​អ្នក​អាច​បឺត​ទឹក​ទាំងអស់​យ៉ាង​ស្រួល ( ហើយ​បទពិសោធន៍​នេះ​គឺ​មាន​សេចក្តី​អំណរ​កាន់តែ​ខ្លាំង ! ) ។

តើ​សកម្មភាព​នេះ​មាន​ទំនាក់ទំនង​យ៉ាង​ណា​ដែរ​ទៅ​នឹង​គោលដៅ​មេរៀន​របស់​យើង​ចំពោះ​ការ​អាន​ព្រះគម្ពីរ​សញ្ញា​ថ្មី​ទាំងមូល​អំឡុង​ពេល​វគ្គ​សិក្សា​នេះ ?

សូម​ប្រើ​សមីការ​ខាង​ក្រោម​នេះ​ដើម្បី​ជួយ​អ្នក​ឲ្យ​ឃើញ​ពីរបៀប​ ដែល​អ្នក​អាច​បំពេញ​គោលដៅ​នៃ​ការអាន​ព្រះគម្ពីរ​សញ្ញា​ថ្មី​ទាំងមូល តាមរយៈ​ការអានផ្នែក​តូចៗ​ជា​រៀងរាល់​ថ្ងៃ ៖

រូបភាព
scripture pages diagram
  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ពី​កិច្ចការ​មួយ​ចំនួន ដែល​អាច​ជួយ​អ្នក​បង្កើត​ទម្លាប់​សិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ ដូច្នេះ​អ្នក​អាច​ទទួល​បាន​នូវ​​ប្រាជ្ញា ពន្លឺ សេចក្តីពិត ការ​កែ​តម្រូវ ឬ ការ​ណែនាំ​ពី​ព្រះគម្ពីរ ។ សូម​សរសេរ​គោលដៅមួយ​ដើម្បី​ញែក​ពេលវេលា​រាល់​ថ្ងៃ សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន ហើយ​អាន​ព្រះគម្ពីរ​សញ្ញា​ថ្មី​ទាំងមូល ។

វិធីសាស្ត្រ និង ជំនាញ​សិក្សា​ព្រះគម្ពីរ

  1. បញ្ជី​នៃ​វិធីសាស្ត្រ និង ជំនាញ​សិក្សា​ព្រះគម្ពីរ​ខាង​ក្រោម​ អាច​ពង្រីក​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ សូម​ជ្រើសយក​​វិធីសាស្ត្រ និង ជំនាញ​ពីរ​ខាង​ក្រោម ហើយ​សាកល្បង​ដោយ​ប្រើ​​វគ្គ​បទគម្ពីរ​ដែល​ទាក់ទង​គ្នា ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ពន្យល់​ពី​របៀប​ដែល​ជំនាញ​ទាំងពីរ​នេះ អាច​ជួយ​អ្នក​នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ​របស់​អ្នក ។

    វិធីសាស្ត្រ និង ជំនាញ​សិក្សា​ព្រះគម្ពីរ

    ការ​ដាក់ជំនួស​ឈ្មោះ ៖ ដើម្បី​ជួយអ្នក​ឲ្យ​ភ្ជាប់​គោលលទ្ធិ និង​គោលការណ៍​នានា​មកពី​បទគម្ពីរ​ទៅក្នុង​ជីវិត​របស់អ្នក សូម​ដាក់​ឈ្មោះ​អ្នក​ជំនួស​ឈ្មោះ​ដែល​នៅ​ក្នុង​បទគម្ពីរ ។ សូម​សាកល្បង​ប្រើ​ជំនាញ​សិក្សា​ព្រះគម្ពីរ​នេះ​ជាមួយ​នឹង​ឈ្មោះ​របស់​ ស៊ីម៉ូន ពេត្រុស ​នៅ​ក្នុង ម៉ាថាយ ១៦:១៥–១៧ ។

    បុព្វហេតុ និង លទ្ធផល ៖ ដើម្បី​ជួយ​អ្នក​ស្គាល់​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​នៅ​ក្នុង​បទគម្ពីរ​នានា សូម​រក​មើល​ពាក្យ​ទំនាក់ទំនង​គ្នា​នៃ​ឃ្លា « ប្រសិនបើ-នោះ » និង « ពីព្រោះ-ហេតុដូច្នោះ​ហើយ » ។ សូម​សាកល្បង​ប្រើ​ជំនាញ​នេះ​ជាមួយនឹង ម៉ាថាយ ៦:១៤-១៥ ។

    បញ្ជី​ទាំងឡាយ​នៃ​បទគម្ពីរ ៖ ពេលខ្លះ​បទគម្ពីរ មាន​នូវ​បញ្ជី​នៃ​រឿង​ដូចជា ការ​ណែនាំ ឬ​ការ​ព្រមាន ។ នៅ​ពេល​អ្នក​រក​ឃើញ​បញ្ជី​ទាំងឡាយ សូម​គិត​ពី​ការដាក់​លេខ​លើ​លក្ខខណ្ឌ​នីមួយៗ ។ សូម​សាកល្បង​ប្រើ​ជំនាញ​នេះ​ជាមួយនឹង កាឡាទី ៥:២២-២៣ ។

    ភាពផ្ទុយ​គ្នា ៖ ពេល​ខ្លះ​បទគម្ពីរ​មាន​ភាព​ផ្ទុយ​គ្នា​នៃ​គំនិត ព្រឹត្តិការណ៍ និង មនុស្ស ។ ភាពផ្ទុយ​ទាំងនេះ​គូស​បញ្ជាក់ពី​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ។ សូម​ស្វែងរក​ភាពផ្ទុយ​ក្នុង​ខគម្ពីរ​នីមួយៗ​ក្នុង​ជំពូក និង​ពេញ​មួយ​ជំពូក និង​ពេញ​មួយ​ព្រះគម្ពីរ ។ សូម​សាកល្បង​ជំនាញ​នេះ​ជាមួយនឹង ម៉ាថាយ ៥:១៤-១៦ ។

    ការ​នឹក​គិត​ក្នុង​ចិត្ត ៖ សូម​ស្វែងរក​ការពិពណ៌នា​លម្អិត ដែល​អាច​ជួយ​អ្នក​ឲ្យ​បង្កើត​រូបភាព​ក្នុង​គំនិត ពេល​អ្នក​អាន ។ រូបភាព​ត្រូវ​បាន​បង្ហាញ​នៅ​ចំព្រឹត្តការណ៍​ជាក់លាក់ ។ ការណ៍​នេះ​អាច​ជួយ​ពង្រឹង​ទីបន្ទាល់​របស់អ្នក​អំពី​ភាព​ពិត​នៃ​អ្វី​ដែល​អ្នក​អាន​នៅក្នុង​បទគម្ពីរ ។ សូម​សាកល្បង​ជំនាញ​នេះ​ជាមួយនឹង ម៉ាថាយ ៨:២៣-២៧ ។

    និមិត្ត​សញ្ញា ៖ ពាក្យ​ដូចជា ដូច, ដូចជាប្រៀប​ប្រដូច អាច​ជួយ​អ្នក​ស្គាល់​និមិត្ត​សញ្ញា​នានា ។ សូម​រកមើល​ឲ្យ​លើស​ពីនិមិត្ត​សញ្ញា តាមរយៈ​ការ​រុករក​លក្ខណៈ​ធម្មជាតិ​របស់​វា ហើយ​ពិចារណា​អំពី​ចរិតលក្ខណៈ​របស់​វា ។ ជំនួយ​នានា​សម្រាប់​ការសិក្សា​ព្រះគម្ពីរ ដូចជា​លេខ​យោង Bible Dictionaryនិង Topical Guideសេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ អាច​ជួយ​អ្នក​ឲ្យ​បកស្រាយ​ពី​និមិត្ត​សញ្ញា​មួយ​ចំនួន​បាន ។ សូម​សាកល្បង​ប្រើ​ជំនាញ​សិក្សា​នេះ​ជាមួយ ម៉ាថាយ ១៣:២៤-៣០ ។ ( អ្នកអាច​ប្រៀបធៀប​ការបកស្រាយ​របស់​អ្នក​អំពី​រឿង​ប្រដូច​ដែល​មាន​​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៦:១–៧) ។

    សេចក្តីយោង​បទគម្ពីរ ជាញឹកញាប់​វគ្គ​បទគម្ពីរ​មួយ​អាច​ពន្យល់ ឬ បញ្ជាក់​ច្បាស់​នូវ​ឃ្លា ឬ បរិបទ​មួយ​ដែល​មាន​នៅ​ក្នុង​វគ្គ​បទគម្ពីរ​ផ្សេង​ទៀត ។ សូម​តភ្ជាប់​វគ្គ​បទគម្ពីរ​ជាមួយ​គ្នា ដោយ​ប្រើ​លេខយោង លិបិក្រម ឬ Topical Guideសេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ដើម្បី​ជួយ​បង្ហាញ​អត្ថន័យ​នៃ​វគ្គ​បទគម្ពីរ​មួយ ។ សូម​អនុវត្ត​ជំនាញ​នេះ​ដោយ​អាន យ៉ូហាន ១០:១៦ រួច​រកមើល​សេចក្តីយោង​បទគម្ពីរ​នៅក្នុង​លេខយោង នៅ នីហ្វៃទី ៣ ១៥:២១។ តើ​ការអាន នីហ្វៃទី ៣ ១៥:២១ ជួយ​អ្នក​ឲ្យ​យល់​អត្ថន័យ​ក្នុង យ៉ូហាន ១០:១៦កាន់​តែ​ប្រសើរ​ឡើង​ដោយ​របៀប​ណា ?

    ការពិចារណា ៖ ការពិចារណា​រួម​បញ្ចូល​ទាំង ការគិត ការស្មឹងស្មាធ ការសួរ​សំណួរ និង ការវាយតម្លៃ​លើ​អ្វីៗ​ដែល​អ្នក​ដឹង និង អ្វីៗ​ដែល​អ្នក​បាន​រៀន ។ ជា​ញឹកញាប់ ការពិចារណា​ជួយ​យើង​ឲ្យ​យល់​អំពី​អ្វី ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​អនុវត្ត​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ។ សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​អនុវត្ត​សេចក្ដី​ពិត​ទាំងនេះ​នៅ​ក្នុង ហេព្រើរ ១២:៩ ។

    ការ​អនុវត្ត ៖ នៅ​ពេល​អ្នក​ស្គាល់ ហើយ​យល់​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ​ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរ អ្នក​អាច​ទទួល​បាន​ចំណេះដឹង​យ៉ាង​ជ្រាលជ្រៅ​ដោយ​ធ្វើ​តាម​សេចក្ដីពិត​ដែល​អ្នក​រកឃើញ ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​មាន​បន្ទូល​ថា « បើ​អ្នក​ណា​ចង់​ធ្វើ​តាម​ព្រះហឫទ័យ ​[ របស់​ព្រះវរបិតា ] នោះ​នឹង​បាន​ដឹង​ជា​សេចក្តី​បង្រៀន​នេះ​មក​ពីព្រះ ឬ​ជា​ខ្ញុំ​និយាយ​ដោយ​អាង​ខ្លួន​ខ្ញុំ » (យ៉ូហាន ៧:១៧) ។ សូម​រក​មើល​ឱកាស​ដើម្បី​អនុវត្ត​អ្វី​ដែល​អ្នក​រៀន ឬ ប្រដូច​វា​ទៅនឹង​ជីវិត​របស់​អ្នក ពេល​អ្នក​សិក្សា​ព្រះគម្ពីរ​ដោយ​ខ្លួនឯង ( សូមមើល នីហ្វៃទី ១ ១៩:២៣) ។

    សូម​រក​មើល​របៀប​ដើម្បី​អនុវត្ត​ជំនាញ​សិក្សា​និមួយៗ​នៅ​សប្តាហ៍​ខាង​មុខៗ នៅពេល​អ្នក​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី ។

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា​មេរៀន​អំពី « ការ​សិក្សា​ព្រះគម្ពីរ » ហើយ​បាន​បញ្ចប់​វា​នៅ ( កាល​បរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖