បណ្ណាល័យ
មេរៀន​ទី ១២ ថ្ងៃទី ២ ៖ លូកា ២២


មេរៀន​ទី ១២ ៖ ថ្ងៃ​ទី ២

លូកា ២២

សេចក្តីផ្ដើម

នៅពេល​ការបម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់​ខិត​កាន់តែ​ជិត​ដល់ នោះ​ព្រះយេស៊ូវ​បាន​តាំង​សាក្រាម៉ង់​ឡើង បាន​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​បម្រើ​គ្នាទៅវិញ​ទៅមក ហើយ​បាន​បង្គាប់​ឲ្យ​ពេត្រុស​ពង្រឹង​ដល់​បងប្អូន​របស់លោក ។ ការពលិកម្ម​ដ៏ធួន​របស់​ព្រះអង្គ​សង្គ្រោះ​បាន​ចាប់ផ្តើម​នៅ​ច្បារ​គែតសេម៉ានី ។ ទ្រង់​ត្រូវ​បានគេចាប់​ព្រះកាយ ហើយ​កាត់ទោស​នៅ​ចំពោះ​មុខ​លោក​កៃផា ។ អំឡុង​ពេល​ព្រះអង្គ​សង្គ្រោះ​ត្រូវបាន​កាត់ទោស នោះ​ពេត្រុស​បាន​បដិសេធ​មិន​ស្គាល់​ទ្រង់ ។

លូកា ២២:១-៣៨

ព្រះអង្គ​សង្គ្រោះ​តាំង​ពិធីសាក្រាម៉ង់ ហើយ​ណែនាំ​ពួកសាវក​របស់​ទ្រង់

សូម​ស្រមៃ​ថា​អ្នក និង សមាជិក​ម្នាក់​នៃគ្រួសារ​របស់​អ្នក​កំពុង​អង្គុយ​នៅលើ​កម្រាល​នៃ​ផ្ទះ​របស់​អ្នក ។ សមាជិក​គ្រួសារ​របស់​អ្នក​ចង់​ក្រោកឈរ​ឡើង ហើយ​សុំ​ជំនួយ​ពី​អ្នក ។ តើ​អ្នក​អាច​ជួយ​គាត់​បាន​ច្រើន​ប៉ុណ្ណា ប្រសិនបើ​អ្នក​បន្ត​អង្គុយ​នៅលើ​កម្រាល​នោះ ? តើ​នឹង​មាន​អ្វី​ផ្លាស់ប្តូរ ប្រសិនបើ​អ្នក​ក្រោកឈរ​មុន​នោះ ?

រឿង​ប្រៀបប្រដូច​នេះ អាចជួយ​អ្នក​ឲ្យ​យល់​ពី​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​ជួយ​ខាង​វិញ្ញាណ​របស់​មនុស្ស​ដទៃ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង ។

នៅពេល​អ្នក​សិក្សា លូកា ២២សូម​រកមើល​សេចក្តី​ពិត​ដែល​នឹង​ជួយ​អ្នក ឲ្យ​ដឹង​ពី​របៀប​ដើម្បី​ជួយ​មនុស្ស​ដទៃ​ឲ្យ​រឹងមាំ​ខាង​វិញ្ញាណ ។

នៅក្នុង លូកា ២២:១-៣០ យើង​បាន​រៀន​ថា​នៅពេល​ការបម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់​ខិត​កាន់តែ​ជិត​ដល់ ព្រះអង្គ​សង្គ្រោះ​បាន​ជួប​ជាមួយ​ពួក​សាវក​របស់​ទ្រង់​ដើម្បី​គោរព​បុណ្យ​រំលង ។ អំឡុង​ពេល​នោះ ទ្រង់​បាន​ប្រកាស​ថា​មាន​ម្នាក់​នឹង​ក្បត់​ទ្រង់ ទ្រង់​បាន​តាំង​ពិធីសាក្រាម៉ង់​ឡើង ហើយ​បាន​បញ្ជា​ថា ពិធី​នេះ​ត្រូវតែ​ធ្វើ​ឡើង​ក្នុង​ការចងចាំ​ពី​ទ្រង់ ហើយ​ទ្រង់​បាន​បង្រៀន​ពួកគេ​ថា អស់អ្នក​ដែល​បម្រើ​មនុស្ស​ដទៃគឺ​ជា​អ្នក​ធំ​ជាង​គេ​បំផុត ។ ព្រះអង្គសង្គ្រោះ​ក៏​បានសរសើរ​ពួក​សាវក​របស់​ទ្រង់​ចំពោះ​ការបន្ត​នៅ​ជាមួយ​ទ្រង់ ហើយ​បាន​សន្យា​ពួកគេ​ថា នៅថ្ងៃ​ណា​មួយ​ពួកគេ​នឹង​អង្គុយ​នៅលើ​បល្ល័ង្ក ហើយ​ជំនុំជម្រះ​ពូជអំបូរ​អ៊ីស្រាអែល​ទាំង​ដប់​ពីរ ។

សូមអាន លូកា ២២:៣១–៣២ដោយ​រកមើល​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​មាន​បន្ទូល​ថា​សាតាំង​ចង់​បាន​អ្វី ។

ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ផ្តល់​នូវ​ភាព​ច្បាស់លាស់​ចំពោះ ខ​ទី ៣១ដូច​តទៅនេះ ៖ « ព្រះអម្ចាស់​ក៏​មាន​ព្រះបន្ទូល​ថា ស៊ីម៉ូនៗ​អើយ​មើល​សាតាំង​បាន​សូម​ចង់​បាន​អ្នក​រាល់​គ្នា ប្រយោជន៍​នឹង​រែងកូនចៅ​នៃនគរ​ដូច​ជា​រែង​អង្ករ » ( ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ លូកា ២២:៣១ [ នៅក្នុង លូកា ២២:៣១ លេខយោង ] ) ។ និយាយ​ម្យ៉ាង​ទៀត​ថា សាតាំង​ចង់​ដាក់​អន្ទាក់​ពេត្រុស ប្រយោជន៍​ឲ្យ​វា​អាច​ងាយ​នឹង​ដាក់​អន្ទាក់​សមាជិក​ផ្សេង​ទៀត​នៃ​សាសនាចក្រ ។

« អង្ករ​ត្រូវបាន​រែង ដោយ​ការបំបែក​គ្រាប់​ស្រូវ​ចេញ​ពី​អង្កាម ។ គ្រាប់ស្រូវ​ដែល​មាន​តម្លៃ​ត្រូវបាន​ទុក ខណៈ​ដែល​សំបក​វា​ត្រូវ​បាន​បោះចោល ។ ប្រសិន​បើ​ពួក​បរិសុទ្ធ​ទោរទន់​ទៅ​តាម​ការល្បួង ហើយ​ភ្លក់​រសជាតិ​នៃ​អំពើ​បាប​នៃ​ពិភពលោក នោះ​ពួកគេ​បាត់បង់​អត្តសញ្ញាណ​ខ្លួន ហើយ​ប្រែក្លាយ​ទៅដូច​ជា​អង្កាម » (New Testament Student Manual Church Educational System manual, ឆ្នាំ ២០១៤ ] ទំព័រ ១៨៣) ។ នៅក្នុង​រឿង​ប្រៀបប្រដូច​របស់​ព្រះអង្គ​សង្គ្រោះ សេចក្តីជំនឿ និង ទីបន្ទាល់​របស់​ពេត្រុស និង មនុស្ស​ដទៃ​ទៀត​គឺ​ដូច​ជា​គ្រាប់ស្រូវ​នោះ ដែល​សាតាំង​មាន​បំណង​បំបែក ឬ យក​វា​ចេញ ។

សូម​សរសេរ​ចំណុច​មួយ ឬ ពីរ​ដែល​អ្នក​បាន​រៀន​អំពី​ពេត្រុស ដែល​បង្ហាញ​ថា​លោក​មាន​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ និង ដំណឹងល្អ​របស់​ទ្រង់​រួច​ហើយ ៖

សូម​គិត​ពីការគូស​ចំណាំ​នៅក្នុង លូកា ២២:៣២ អំពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មានបន្ទូល​ថា​ពេត្រុស​នៅតែ​ត្រូវការ ដើម្បី​ទទួល​បទពិសោធន៍ពីមុនលោក​អាច​ពង្រឹង​ដល់​បងប្អូន​របស់​លោក ។

ការមាន ទីបន្ទាល់ អំពី​ដំណឹង​ល្អ​មាន​ន័យ​ថា​មនុស្ស​ម្នាក់​បាន​ទទួល​នូវ « ដំរិះ និង សាក្សី​ខាង​វិញ្ញាណ​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ប្រទាន​ឲ្យ » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ទីបន្ទាល់ » scriptures.lds.org) ។ ការប្រែចិត្ត​ជឿ ចំពោះ​ដំណឹង​ល្អ​មានន័យថា « ការប្រែ​ជំនឿ ចិត្ត និង ជីវិត​របស់​មនុស្ស​ម្នាក់ ដើម្បី​ទទួល​យក ហើយ​ធ្វើ​ឲ្យ​បាន​ស្របតាម​ព្រះហឬទ័យ​នៃ​ព្រះ » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ការប្រែចិត្ត​ជឿ អ្នក​ប្រែចិត្តជឿ » scriptures.lds.org) ។

ផ្អែក​លើ​អ្វី​ដែល​ព្រះអម្ចាស់​បាន​ប្រាប់​ពេត្រុស​នៅក្នុង លូកា ២២:៣២យើង​អាច​ស្វែងរក​សេចក្តីពិត​ដូច​តទៅ​នេះ ៖ នៅពេល​យើង​បាន​ប្រែចិត្ត​ជឿ​លើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ពង្រឹង​ដល់​មនុស្ស​ដទៃ ។

  1. នៅពេល​យើង​បាន​ប្រែចិត្ត​ជឿ​នោះ​ជំនឿ និង សកម្មភាព​របស់​យើង​ធ្វើ​ឲ្យ​បាន​ស្របតាម​ព្រះហឫទ័យ​នៃ​ព្រះ ហើយ​យើង​អាច​ជួយ ឬ ពង្រឹង​មនុស្ស​ដទៃ ។ សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​រឿង​ប្រៀបប្រដូច​នៃ​ការជួយ​នរណា​ម្នាក់​ឲ្យ​រឹងមាំ ទាក់ទង​នឹង​គោលការណ៍​យ៉ាង​ដូចម្តេច ?

    2. តើ​អ្នក​គិត​ថា អ្វី​ដែល​អាច​ជួយ​បុគ្គល​ម្នាក់ ឲ្យ​កាន់តែ​ប្រែចិត្ត​ជឿ​ចំពោះ​ដំណឹង​ល្អ​ថែម​ទៀត​នោះ ?

សូម​អាន លូកា ២២:៣៣–៣៤ដោយ​រកមើល​របៀប​ដែល​ពេត្រុស​បាន​ឆ្លើយ​តប​ចំពោះ​ការក្រើន​រំឭក​របស់​ព្រះអង្គសង្គ្រោះ និង អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ព្យាករ​ថា​ពេត្រុស​នឹង​ធ្វើ ។ អ្នក​អាច​គូស​ចំណាំ​នូវ​អ្វី​ដែល​អ្នក​រកឃើញ ។

កំណែ​លម្អិត​បន្ថែម​ទៀត​នៃ​ដំណើរ​រឿង​នេះ​ត្រូវ​បានកត់ត្រា​នៅក្នុង ម៉ាថាយ ២៦។ សូមអាន ម៉ាថាយ ២៦:៣៥ដោយ​រកមើល​អ្វី​ដែល​ពេត្រុស​បាន​និយាយ​ទៅកាន់​ព្រះអង្គ​សង្គ្រោះ បន្ទាប់​ពី​ស្តាប់​ឮ​ការព្យាករ​នោះ ។

លូកា ២២:៣៩-៥៣

ព្រះអង្គសង្គ្រោះ​រងទុក្ខ​នៅក្នុង​ច្បារ​គែតសេម៉ានី ញើស​ទ្រង់​ក៏​ត្រឡប់​ដូច​ជា​ដំណក់​ឈាម​ដ៏​ធំៗ និង ត្រូវបាន​យូដាស​ក្បត់

បន្ទាប់ពី​បុណ្យ​រំលង​ព្រះយេស៊ូវ និង ពួក​សាវក​របស់​ទ្រង់​បាន​ចេញ​ទៅ​ច្បារ​គែតសេម៉ានី ។ សូមអាន លូកា ២២:៣៩-៤៣ដោយ​រកមើល​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​នៅ​ទីនោះ ។ អ្នក​អាច​គូស​ចំណាំ​នៅក្នុង ខទី ៤៣ នរណា​ដែល​បាន​ពង្រឹង​ដល់​ទ្រង់ ។

ចេញពី​ដំណើរ​រឿង​នេះ​យើង​រៀន​ថា ប្រសិនបើ​យើង​មាន​ឆន្ទៈ​ធ្វើ​តាម​ព្រះវរបិតាសួគ៌ នោះ​ទ្រង់​នឹង​ជួយ​អ្នក​ឲ្យ​មាន​កម្លាំង​ដើម្បី​ធ្វើ​តាម​ព្រះឆន្ទៈ​របស់​ទ្រង់ ។

តើ​មាន​របៀប​អ្វី​ខ្លះ​ដែល​ព្រះវរបិតាសួគ៌​អាច​ពង្រឹង​ដល់​យើង ?

សូម​គិត​អំពី​គ្រា​មួយ នៅពេល​អ្នក​មាន​អារម្មណ៍​ថា​ត្រូវបាន​ពង្រឹង​ដោយ​ព្រះវរបិតាសួគ៌ នៅពេល​អ្នក​ព្យាយាម​ធ្វើតាម​ព្រះឆន្ទៈ​របស់​ទ្រង់ ។

ដំណើររឿង​របស់​លូកា​អំពី​ការរងទុក្ខ​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ច្បារ​គែតសេម៉ានី រួម​មាន​នូវ​ព័ត៌មាន​លម្អិត​សំខាន់​មួយ ដែល​ពុំ​មាន​នៅក្នុង​ដំណើររឿង​ដែល​បាន​ផ្តល់​ឲ្យ​ដោយ​ម៉ាថាយ និង ម៉ាកុស ។ សូមអាន លូកា ២២:៤៤ដោយ​រកមើល​របៀប​ដែល​លូកា​បាន​ពិពណ៌នា​នូវ​ការរងទុក្ខ​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ទីនោះ ។ សូម​គិត​អំពី​ការគូសចំណាំ​ពាក្យ​ទាំងឡាយ ដែល​បង្រៀន​អំពី​សេចក្តីពិត​ដូច​តទៅ​នេះ ៖ ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្ហូរ​ញើស​ទ្រង់​ដូច​ជា​ដំណក់​ឈាម​ដ៏​ធំៗ នៅពេល​ទ្រង់​រងទុក្ខ​នៅក្នុង​ច្បារ​គែតសេម៉ានី ។

ព្រះអង្គសង្គ្រោះ​បាន​ពិពណ៌នា​អំពី​ការរងទុក្ខ​របស់​ទ្រង់​ផ្ទាល់​នៅក្នុង​វិវរណៈ​មួយ​ដែល​បាន​ផ្តល់​ឲ្យ​តាមរយៈ​ព្យាការី​យ៉ូសែប ស៊្មីធ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១៨ដោយ​រកមើល​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ពិពណ៌នា​ពី​ការរងទុក្ខ​របស់​ទ្រង់ ។ សូម​អាន​ផងដែរ ម៉ូសាយ ៣:៧។ សូម​គិត​ពី​ការសរសេរ គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១៨ និង ម៉ូសាយ ៣:៧ នៅក្នុង​គម្ពីរ​របស់​អ្នក​នៅ​ក្បែរ លូកា ២២:៤៤ ជាសេចក្តី​យោង​បទគម្ពីរ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នកមាន​គំនិត​យ៉ាងណា​ដែរ ដោយ​ដឹង​ថា​ព្រះយេស៊ូវគ្រីស្ទ​បាន​រងទុក្ខ​យ៉ាង​ខ្លាំង​សម្រាប់​អ្នក ?

    2. តើ​ការដឹង​ពី​សេចក្តីពិត​នេះ​ពង្រឹង​ទីបន្ទាល់​របស់​អ្នក​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀប​ណា ?

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ការរងទុក្ខ​របស់​ព្រះអង្គសង្គ្រោះ​ដូច​តទៅ​នេះ ៖

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃី

« យើង​មិន​អាច​ដឹង យើង​មិន​អាច​ប្រាប់ គ្មាន​គំនិត​ខាង​សាច់ឈាម​ណា​យល់​ដឹងនូវ ជម្រៅ​នៃ​ការឈឺ​ចាប់​ដែល​ព្រះគ្រីស្ទ​បាន​ធ្វើ​នៅឯ​ច្បារ​គែតសេម៉ានី​នោះទេ ។

« យើង​ដឹង​ថាទ្រង់​បាន​បង្ហូរ​ព្រះ​លោហិត​ចេញ​ពី​គ្រប់​រន្ធ​ញើស នៅពេល​ដែល​ទ្រង់​បាន​សោយ​នូវ​កាក​នៃ​ពែង​ល្វីងជូរចត់​របស់ ព្រះ​វរបិតា​របស់​ទ្រង់​ដែល​បាន​ប្រទាន​ដល់​ទ្រង់ ។

« យើង​ដឹង​ថា​ទ្រង់​បាន​រងទុក្ខ​ទាំង​ព្រះកាយ និង​ព្រះវិញ្ញាណ ហួស​ពី​លទ្ធភាព​ដែល​មនុស្ស​អាច​ទទួល លើកលែង​តែ​ជា​ការស្លាប់​ប៉ុណ្ណោះ ។

« យើង​ដឹង​ថា​ក្នុង​ពេល​ណា​មួយ ដោយ​មិន​ប្រៀបធៀប​នឹង​យើង​នោះ​ឡើយ​ថា ការទទួល​រង​ការឈឺចាប់​របស់​ទ្រង់ នឹង​ធ្វើ​ឲ្យឆ្អែត​ដល់​ការទាមទារ​នៃ​សេចក្តី​យុត្តិធម៌ សង្រ្គោះ​ដល់​ដួង​ព្រលឹង​ដែល​ប្រែចិត្ត ពី​ការឈឺ​ចាប់ និង ទារុណកម្ម​ពី​អំពើ​បាប ហើយ​ធ្វើ​ឲ្យ​សេចក្តីមេត្តា​ករុណា មាន​ចំពោះ​អ្នក​ទាំងឡាយ​ណា ដែល​ជឿ​នៅក្នុង​ព្រះនាម​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។

« យើង​បាន​ដឹង​ថា​ទ្រង់​បាន​ក្រាប​នៅលើដី នៅពេល​ដែល​ការឈឺចាប់ និង ទុក្ខព្រួយ​នៃ​បន្ទុកដ៏​ខ្លាំងក្លា​បាន​ធ្វើ​ឲ្យ​ទ្រង់​ញាប់ញ័រ ហើយ​ធ្វើ​ឲ្យ​ទ្រង់​មិន​ចង់​សោយ​នូវ​ពែងល្វីង​ឡើយ ។

« យើង​ដឹង​ថា​ទេវតា​មួយ​អង្គ បាន​យាង​មក​ពី​ដំណាក់​នៃសិរីរុងរឿង ដើម្បី​ពង្រឹង​ដល់​ទ្រង់​នៅ​ក្នុងគ្រា​មិន​ល្អ​របស់​ទ្រង់ ហើយយើង​គិតថា​ប្រហែល​ជា​ទេវតា​មីកែល​ដ៏​អស្ចារ្យ​នោះ ដែល​ជា​អ្នកដែល​ធ្លាក់​មុន​គេ ដែល​មនុស្ស​លោក​ដែល​មាន​ជីវិត​រមែង​ស្លាប់​នេះ​អាច​កើត​មាន​បាន ។

« តាម​ដែល​យើង​ប៉ាន់ស្មាន នោះ​ការរងទុក្ខ​ដ៏​ខ្លាំងក្លា​ទាំង​នេះ—គឺ​ការរងទុក្ខ​ដែលហួស​ពីរប្រៀបផ្ទឹម​បាន—បាន​បន្ត​អស់​រយៈពេល​ប្រមាណ​ជា​បី ឬ បួន​ម៉ោង (« The Purifying Power of Gethsemane » Ensign ខែ ឧសភា ឆ្នាំ ១៩៨៥ ទំព័រ ៩ ) ។

នៅ​ក្នុង លូកា ២២:៤៥–៤៨ យើង​រៀន​ថា​បន្ទាប់​ពី​ព្រះអង្គ​សង្គ្រោះ​បាន​រងទុក្ខ​នៅក្នុង​ច្បារ​គែតសេម៉ានី នោះទ្រង់​ត្រូវបាន​យូដាស​អេស្ការីយ៉ុត​ក្បត់ ។

សូម​អាន លូកា ២២:៤៩–៥១ដោយ​រកមើល​អ្វី​ដែល​ពេត្រុស ( សូមមើល យ៉ូហាន ១៨:១០) បាន​ធ្វើ​នៅពេល​ដែល​ពួក​សង្គ្រាជ និង មនុស្ស​ដទៃ​បាន​មក​ហើយ​ចាប់​ព្រះកាយ​របស់​ព្រះយេស៊ូវ ។ សូម​គិត​ពីការគូស​ចំណាំ​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ ចំពោះ​បាវ​បម្រើ​របស់​សង្ឃ​ជាន់ខ្ពស់​នោះ ។

នៅក្នុង លូកា ២២:៥២–៥៣ យើង​រៀន​ថា ព្រះអង្គ​សង្គ្រោះ​បាន​សួរ​ពី​មូលហេតុ​ដែល​ពួក​សង្គ្រាជ និង មនុស្ស​ដទៃ​ទៀត​មក​ចាប់​ព្រះកាយ​ទ្រង់​ទាំង​យប់ ជំនួស​ឲ្យ​ការចាប់​ព្រះកាយ​ទ្រង់​នៅ​ពេល​ថ្ងៃនៅ​ព្រះវិហារ​បរិសុទ្ធ​ទៅវិញ​ដូច្នេះ ។

លូកា ២២:៥៤-៧១

ព្រះយេស៊ូវ​ត្រូវបាន​កាត់ទោស​នៅ​ចំពោះមុខ​ពួក​សានហេឌ្រីន ហើយ​ពេត្រុស​បាន​បដិសេធ​មិន​ស្គាល់​ទ្រង់

នៅ​ក្នុង លូកា ២២:៥៤ យើង​រៀន​ថាពេត្រុស​បាន​ដើរតាម​ព្រះអង្គ​សង្គ្រោះ នៅពេល​ទ្រង់​ត្រូវបាន​គេ​ចាប់ទ្រង់​យក​ទៅ​កាត់ទោស​នៅឯ​ដំណាក់​របស់​សង្គ្រាជ ។

  1. សូម​គូស​តារាង​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ នៅពេល​អ្នក​អាន​វគ្គ​បទគម្ពីរ​នីមួយៗ សូម​រកមើល​ថា​នរណា​បាន​និយាយ​ជាមួយ​ពេត្រុស និង អ្វី​ដែល​ពេត្រុស​បាន​និយាយ​ខណៈ​ដែល​ព្រះអង្គ​សង្គ្រោះ​កំពុង​ត្រូវបា​ន​កាត់ទោស​នោះ ។ សូម​សរសេរ​ចម្លើយ​របស់​អ្នក ដាក់​នៅ​ក្នុង​ប្រអប់​ឈរ​ដែល​ត្រឹមត្រូវ ៖ (កំណត់​ចំណាំ ៖ គ្រប់​ដំណឹងល្អ​ទាំង​បួន​មាន​នូវ​ដំណើរ​រឿង​លម្អិត​របស់​ពេត្រុស ប៉ុន្តែ​ដំណើរ​រឿង​របស់​យ៉ូហាន​មាន​ព័ត៌មាន​លម្អិត​ច្រើន​ជាង​គេ​បំផុត ) ។

សេចក្ដីយោង

តើ​នរណា​បាន​និយាយ​ជាមួយ​ពេត្រុស ?

តើ​ពេត្រុស​បាន​និយាយ​អ្វីខ្លះ ?

យ៉ូហាន ១៨:១៥-១៧

យ៉ូហាន ១៨:១៨, ២៥

យ៉ូហាន ១៨:២៦-២៧

ពេល​អ្នក​បំពេញ​តារាង​ចប់​ហើយ សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​គិត​ថា ហេតុអ្វី​ពេត្រុស​បាន​បដិសេធ​ពុំ​ស្គាល់​ព្រះយេស៊ូវ​ចំពោះ​ពួក​គេ​ម្នាក់ៗ ?

រូបភាព
ការបដិសេធ​របស់​ពេត្រុស

សូម​អាន លូកា ២២:៦១–៦២ដោយ​រកមើល​អ្វី​ដែល​បាន​កើត​ឡើង បន្ទាប់​ពី​ពេត្រុស​បាន​បដិសេធ​ថា​ពុំ​ស្គាល់​ព្រះអង្គ​សង្គ្រោះ ។

សូម​ស្រមៃ​ថា​អ្នក​បាន​នៅ​ក្នុង​ស្ថានភាព​របស់​ពេត្រុស បន្ទាប់​ពី​លោក​បាន​បដិសេធ​ថា​ពុំ​ស្គាល់​ព្រះយេស៊ូវ​បី​ដង ។ តើ​អ្នក​អាច​មាន​គំនិត ឬ​អារម្មណ៍​យ៉ាង​ណា នៅពេល​ព្រះអង្គ​សង្គ្រោះ​បាន​ទត​មក​អ្នក​នោះ ? ហេតុអ្វី​អ្នក​នឹង​មាន​អារម្មណ៍​បែប​នោះ ?

អែលឌើរ ប្រូស អរ ម៉ាក់ខនឃី បាន​បង្រៀន​ដូចត​ទៅ​នេះ​អំពី​ពេត្រុស ៖

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃី

« ពេត្រុស​គឺ​ជា​គំរូដ៏​ប្រសើរ​នៃ​របៀប​ដែល​អំណាច​នៃ​ការប្រែចិត្តជឿ មាន​ដំណើរការ​លើការ​ទទួល​ព្រលឹង ។ អំឡុង​ពេល​នៃ​ការបម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ព្រះអង្គ​សង្គ្រោះ នោះ​ពេត្រុស​មាន​ទីបន្ទាល់ កើត​ចេញ​ពី​ព្រះវិញ្ញាណ នៃ​ភាព​ជា​ព្រះរបស់​ព្រះគ្រីស្ទ និង អំពី​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​ដ៏​មហិមា​ដែល​មាន​នៅក្នុង​ព្រះគ្រីស្ទ ។ លោក​មាន​ប្រសាសន៍​ថា ‹ ទ្រង់​ជា​ព្រះគ្រីស្ទ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ › ដោយសារ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ប្រទាន​ដល់​លោក​ទាំងស្រុង ។ (ម៉ាថាយ ១៦:១៣-១៩) ។ នៅពេល​មនុស្ស​ដទៃ​បាន​វង្វេង​ចេញ នោះ​ពេត្រុស​បាន​នៅ​រឹងមាំ​ដោយ​ការបញ្ជាក់​ក្នុង​នាម​ជា​សាវក​ថា ‹ យើង​ខ្ញុំ​ក៏​បាន​ជឿ ហើយ​ដឹង​ថា​ទ្រង់​ជា​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​ពិត › ។ (យ៉ូហាន ៦:៦៩) ។ ពេត្រុស​បាន​ដឹង ហើយ​ចំណេះ​ដឹង​របស់​លោក​បាន​ទទួល​តាមរយៈ​វិវរណៈ ។

« ប៉ុន្តែ​ពេត្រុស​ពុំ​បាន​ប្រែចិត្ត​ជឿ​នោះ​ទេ ដោយសារ​លោក​ពុំ​បាន​ប្រែ​ជា​សត្វលោក​ថ្មី​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឡើយ ។ ផ្ទុយ​ទៅវិញ ក្រោម​មក​បន្ទាប់​ពី​ពេត្រុស​បាន​ទទួល​ទីបន្ទាល់ ហើយ​នៅ​ចំ​យប់​ដែល​ព្រះយេស៊ូវ​ត្រូវបាន​គេ​ចាប់​ព្រះកាយ​ទ្រង់ នោះ​ទ្រង់​មាន​បន្ទូល​ទៅ​ពេត្រុស ៖ ‹ កាល​ណា​អ្នក​បាន​ប្រែ​ចិត្ត​វិល​មក​វិញ នោះ​ចូរ​ចម្រើន​ឲ្យ​បងប្អូន​អ្នក​បាន​ខ្ជាប់​ខ្ជួន​ឡើង › ។ (លូកា ២២:៣២) ។ មិនយូរ​ប៉ុន្មាន​ក្រោម​មក ហើយ​ទោះបី​ជា​ទីបន្ទាល់​របស់​លោក​យ៉ាង​ណា​ក៏​ដោយ ពេត្រុស​បាន​បដិសេធ​មិន​ស្គាល់​ព្រះគ្រីស្ទឡើយ ។ (លូកា ២២:៥៤–៦២) ។ បន្ទាប់​ពី​ការឆ្កាង ពេត្រុស​បាន​ត្រឡប់​ទៅ​នេសាទ​ត្រី​វិញ ហើយ​ត្រូវបាន​ហៅ​ត្រឡប់​មក​ការបម្រើ​វិញ​ដោយ​ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ​តែ​ប៉ុណ្ណោះ ។ (យ៉ូហាន ២១:១–១៧) ។ នៅទីបំផុត​នៅ​ថ្ងៃ​នៃ​បុណ្យ​ថ្ងៃ​ទី​ហាសិប ការសន្យា​ផ្តល់​អំណាច​ខាង​វិញ្ញាណ​ត្រូវបាន​ទទួល ពេត្រុស និង ពួក​សិស្ស​ស្មោះត្រង់​ទាំងអស់ បាន​ប្រែ​ជា​សត្វលោក​ថ្មី​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ពួកគេ​ពិត​ជា​បាន​ប្រែចិត្ត​ជឿ ហើយ​សមិទ្ធផល​ជា​បន្ត​បន្ទាប់​របស់​ពួកគេ​បាន​គូស​បង្ហាញ​ពី​ភាពរឹងមាំ​នៃ​ការប្រែចិត្ត​ជឿ​របស់​ពួកគេ ។ (កិច្ចការ ៣ ) » ។ ( Mormon Doctrine កំណែ​លើក​ទី​២ [ ឆ្នាំ ១៩៦៦ ] ទំព័រ ១៦២-៦៣ ) ។

នៅក្នុង​គម្ពីរ​កិច្ចការ​យើង​រៀន​ថា បន្ទាប់​ពី​ពេត្រុស​បាន​ទទួល​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​លោក​បានប្រែ​ជា​ប្រែចិត្ត​ជឿ​ពេញលេញ ហើយ​ចំណាយ​ពេល​ពេញ​មួយ​ជីវិត​របស់​លោក ធ្វើ​ជា​សិស្ស​របស់​ព្រះយេស៊ូវ​ដ៏ស្មោះត្រង់ ( សូមមើល កិច្ចការ​ ៤:១៣–១៧, ៥:២៥–២៩) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​មេរៀន​អ្វី​ខ្លះ​ដែល​យើង​អាច​រៀន​ពី​បទពិសោធន៍​របស់​ពេត្រុស ?

    2. តើ​មនុស្ស​ម្នាក់​ដែល​អ្នក​ស្គាល់​ណា​មួយ ដែល​ហាក់​ដូចជា​ប្រែចិត្តជឿ​ពិតប្រាកដ​ចំពោះ ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ? តើ​បុគ្គល​ម្នាក់​នេះ​បាន​ធ្វើ​អ្វីខ្លះ​ដើម្បី​បង្ហាញ​ថា​គាត់​បាន​ប្រែចិត្ត​ជឿ ?

សូម​ពិចារណា​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ធ្វើ​ឲ្យ​ការប្រែចិត្ត​ជឿ​របស់​អ្នក​កាន់តែ​ចាក់​ឫស​ជ្រៅ​លើ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​អនុវត្ត​តាម​ការបំផុស​គំនិត​ដែល​អ្នក​បាន​ទទួល ។

នៅក្នុង លូកា ២២:៦៣-៧១ យើង​រៀន​ថា​ព្រះអង្គ​សង្គ្រោះ​ត្រូវ​បាន​គេ​សើច​ចំអក ហើយ​វាយ​ដំ​ដោយ​ពួកសង្គ្រាជ ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា លូកា ២២ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖