បណ្ណាល័យ
មេរៀន​ទី ២ ថ្ងៃទី ១ ៖ ម៉ាថាយ ១–២


មេរៀន​ទី ២ ៖ ថ្ងៃ​ទី ១

ម៉ាថាយ ១–២

សេចក្តីផ្តើម

ម៉ាថាយ​បាន​ផ្ដល់​ពង្សាវតា​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​មាន​ទេវតា​មួយ​អង្គ​បាន​ប្រកាស​ទៅ​កាន់​យ៉ូសែប​ថា ព្រះយេស៊ូវ​ពិត​ជា​ព្រះរាជ​បុត្រា​នៃ​ព្រះ ។ ពួកហោរា​មក​ពី​ទិស​ខាង​កើត បាន​ធ្វើ​ដំណើរ​ទៅ​រក​ទារកតូច ហើយ​ថ្វាយ​បង្គំ​ទ្រង់ ។ យ៉ូសែប​ត្រូវ​បាន​ប្រាប់​នៅ​ក្នុង​សុបិន​ឲ្យ​នាំ​គ្រួសារ​របស់​លោក​ទៅ​ប្រទេស​អេស៊ីព្ទ ព្រោះ​ស្ដេច​ហេរ៉ូឌ មាន​ព្រះទ័យ​ចង់​សម្លាប់​ព្រះយេស៊ូវ ។

ម៉ាថាយ ១:១-១៧

ម៉ាថាយ​បាន​ផ្ដល់​ពង្សាវតា​របស់​ព្រះយេស៊ូវ

សូម​មើល​រូបថត​ឪពុកម្ដាយ​របស់​អ្នក រួច​មើល​ថា​តើ​អ្នក​អាច​ឃើញ​លក្ខណៈ​ខាង​រូបកាយ និង ចំណុច​ណា​ខ្លះ​ទៀត​ដែល​អ្នក​ទទួល​បាន​ពី​ពួកលោក ។ នៅ​លើ​បន្ទាត់​ខាង​ក្រោម​នេះ សូម​សរសេរ​លក្ខណៈ​មួយ​ចំនួន​ទាំងនេះ ( មាន​ដូចជា ពណ៌ភ្នែក ពណ៌​សក់ កម្ពស់ បុគ្គលិក​លក្ខណៈ ឬ ខាង​បញ្ញា ) ៖

នៅ​ពេល​អ្នក​សិក្សា ម៉ាថាយ ១–២ សូម​ស្វែងរក​សេចក្ដី​ពិត​អំពី​មាតាបិតា​របស់​ព្រះអង្គ​សង្គ្រោះ —គឺ​ព្រះវរបិតាសួគ៌ និង ម៉ារា—និង​លក្ខណៈ​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​ទ្រង់​បាន​ទទួល​មក ។

ម៉ាថាយ ១:១–១៧ សរសេរ​អំពី​ជីដូនជីតា​របស់​ព្រះអង្គ​សង្គ្រោះ ។ ខទី ១ បង្ហាញ​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​វង្សា​ហ្លួង​ដាវីឌ ( ដែល​បាន​សម្លាប់ កូលីយ៉ាត ហើយ​ក្រោយ​មក​បាន​ក្លាយ​ទៅ​ជា​ស្ដេច​នៃ​សាសន៍​អ៊ីស្រាអែល ) និង អ័ប្រាហាំ ( ដែល​បាន​ស្គាល់​ថា​ជា​ឪពុក​នៃ​រាស្ត្រ​នៃ​សេចក្តីសញ្ញា​របស់​ព្រះ ) ។

រូបភាព
ស្ដេច​ដាវីឌ អ័ប្រាហាំ

ស្ដេច​ដាវីឌ អ័ប្រាហាំ

« ព្រះគម្ពីរ​សញ្ញា​ចាស់​បាន​ប្រកាស​ថា ព្រះមែស៊ី​នឹង​ជា​ពូជ ហ្លួង​ដាវីឌ ( សូម​មើល សាំយូអែល ទី២ ៧:១២–១៣, អេសាយ ៩:៦–៧, យេរេមា ២៣:៥–៦ ) ហើយ​ថា​ពូជពង្ស​របស់​អ័ប្រាហាំ​នឹង​ឲ្យ​ពរ ‹ គ្រប់​ទាំង​សាសន៍​នៅ​ផែនដី › ( លោកុប្បត្តិ ២២:១៨ សូមមើល​ផងដែរ អ័ប្រាហាំ ២:១១ ) » ( New Testament Student ManualChurch Educational System manual ឆ្នាំ ២០១៤ ] ទំព័រ ១២ ) ។ ម៉ាថាយ​បាន​សរសេរ​ជា​ពិសេស​ទៅ​ដល់​អ្នក​អាន​សាសន៍​យូដា​ម្នាក់ ហើយ​បាន​ចង់​ឲ្យ​ពួកគេ​ដឹង​ថា ព្រះយេស៊ូវ បាន​បំពេញ​តាម​ការព្យាករណ៍​ទាំងឡាយ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​អំពី​ព្រះមែស៊ី ។ ពង្សាវតា​នៅ​ក្នុង ម៉ាថាយ ១:១–១៧ បង្ហាញ​ថា ព្រះយេស៊ូវ​គឺជា​ព្រះមែស៊ី​ដែល​បាន​សន្យា និង ជា​អ្នក​គ្រង​មរត​បល្ល័ង្ក​របស់​ដាវីឌ​ដ៏​ពេញ​សិទ្ធិ ។ នៅ​ពេល​អ្នក សិក្សា គម្ពីរ​ម៉ាថាយ សូម​ស្វែងរក​គំរូ​នានា​អំពី​របៀប ដែល​ព្រះយេស៊ូវគ្រីស្ទ បាន​បំពេញ​តាម​ការព្យាករណ៍​ទាំងឡាយ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​អំពី​ព្រះមែស៊ី ។

សូម​អាន ម៉ាថាយ ១:១៦ ដោយ​ស្វែងរក​បរមងារ​ដែល​បាន​ប្រទាន​ដល់​ព្រះយេស៊ូវ ។

ពាក្យ ព្រះគ្រីស្ទ ជា​ភាសា​ក្រិច​ទម្រង់​អារ៉ាប់​ប្រែ​ថា ព្រះមែស៊ី ដែល​មាន​ន័យ​ថា « អង្គ​ដែល​បាន​ចាក់ប្រេងតាំង » ។ នៅ​ក្នុង​ជីវិត​មុន​ផែនដី ព្រះយេស៊ូវគ្រីស្ទ ត្រូវបាន​ចាក់​ប្រេង​តាំង​ដោយ​ព្រះវរបិតា​សួគ៌ ឲ្យ​ធ្វើ​ជា « ព្យាការី សង្ឃ ស្ដេច និង អង្គ​សង្គ្រោះ » នៃ​យើង ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « Anointed One » « ព្រះមែស៊ី » scriptures.lds.org ) ។

ម៉ាថាយ ១:១៨-២៥

ទេវតា​មួយ​អង្គ​បាន​ប្រកាស​ទៅ​កាន់​យ៉ូសែប​ថា ព្រះយេស៊ូវ​ពិត​ជា​ព្រះរាជបុត្រា​នៃ​ព្រះ

នៅ​ក្នុង ម៉ាថាយ ១:១៦ នៅ​ចុង​បញ្ចប់​នៃ​ពង្សាវតា​របស់​ព្រះយេស៊ូវ ម៉ាថាយ​បាន​សរសេរ​ថា ម៉ារា​គឺ​ជា​ភរិយា​របស់ យ៉ូសែប ។ ម៉ាថាយ ១:១៨–២៥ ប្រាប់​អំពី​ព្រឹត្តិការណ៍​ដែល​នាំ​ទៅ​ដល់​អាពាហ៍ពិពាហ៍​របស់​ពួកគេ និង ព្រះរាជ​កំណើត​នៃ​ព្រះយេស៊ូវ ។

ដូច​មាន​កត់ត្រា​នៅ​ក្នុង ម៉ាថាយ ១:១៨ ម៉ាថាយ បាន​រៀបរាប់​ថា យ៉ូសែប និង ម៉ារា គឺ​ជា​គូដណ្ដឹង​នឹង​គ្នា ។ ការណ៍​នេះ​មាន​ន័យ​ថា ពួកគេ​បាន​ភ្ជាប់​ពាក្យ ហើយ​បាន​ភ្ជាប់​សាច់ឈាម​ជាមួយ​គ្នា​ទៅ​តាម​ច្បាប់ ប៉ុន្តែ​ពុំ​បាន​រួម​រស់​នឹង​គ្នា​ជា​លក្ខណៈ​ប្ដី​ប្រពន្ធ​ឡើយ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពីមុន​អាពាហ៍ពិពាហ៍​នេះ​កើត​ឡើង យ៉ូសែប​បាន​ដឹង​ថា ម៉ារ៉ា​មាន​គភ៌ ។

សូម​អាន ម៉ាថាយ ១:១៩ ដោយ​ស្វែងរក​ថាតើ យ៉ូសែប បាន​មាន​បំណង​ដូចម្ដេច ។

« លែង​នាង​ចេញ ដោយ​សម្ងាត់ » មាន​ន័យ​ថា យ៉ូសែប បាន​គ្រោង​នឹង​ដោះស្រាយ​បញ្ហា​នេះ​ជាមួយ​ម៉ារ៉ា ដោយ​ពុំ​ចាំបាច់​បង្ខំ​នាង​ឲ្យ​រង​ភាពអាម៉ាស់​ក្នុង​ចំណោម​សាធារណជន ។

តើ​ខគម្ពីរ​នេះ​បង្រៀន​យើង​ដូចម្ដេច​ខ្លះ អំពី​លក្ខណៈ​សម្បត្តិ​របស់ យ៉ូសែប និង សេចក្ដី​ស្នេហ៍​របស់​គាត់​មាន​ចំពោះ​ម៉ារា ?

សូម​អាន ម៉ាថាយ ១:២០ ដោយ​ស្វែងរក​ថាតើ​មាន​អ្វី​បាន​កើតឡើង ខណៈ​ដែល យ៉ូសែប កំពុង​តែ​សញ្ជឹង​គិត​អំពី​ការបញ្ចប់​ការស្ដី​ដណ្ដឹង ( ការភ្ជាប់ពាក្យ​ជា​ផ្លូវការ ) របស់​គាត់​ជាមួយ​ម៉ារា​នោះ ។

ហេតុអ្វី​បាន​ជា​ទេវតា​មាន​បន្ទូល​ប្រាប់​កុំ​ឲ្យ​យ៉ូសែប​ខ្លាច​នឹង​រៀបការ​ជាមួយ​ម៉ារា​ឲ្យ​សោះ ?

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​សរសេរ​អំពី​យ៉ូសែប ដែល​ទទួល​បាន​សាក្សី​ផ្ទាល់ខ្លួន​នៃ​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃី

« យ៉ូសែប បាន​ពិចារណា រួច​អធិស្ឋាន ។ តើ​ម៉ារា​ពិត​ជា​មាន​គត៌​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​មែន ឬ តាម​របៀប​ណា​ផ្សេង​ទៀត ? ម៉ារា​ដឹង អេលីសាបិត​ដឹង សាការី​ដឹង អំពី​ឪពុក​ពិត​ប្រាកដ​នៃ​ទារក​ដែល​កំពុង​ចាប់​កំណើត​នោះ ។ ពួកគេ​ទាំងអស់​គ្នា​សុទ្ធតែ​ទទួល​បាន​ទីបន្ទាល់​តាមរយៈ​វិវរណៈ ហើយ​ឥឡូវនេះ យ៉ូសែប ច្បាស់​ជា​បាន​ដឹង​ដោយ​ខ្លួន​គាត់​ផ្ទាល់​តាម​របៀប​ដូចគ្នា​នេះ​ដែរ ។ …

« យើង​អាច​សន្មត់​បាន​យ៉ាង​ច្បាស់​ថា ម៉ារា បាន​ប្រាប់ យ៉ូសែប អំពី​ស្ថានភាព​របស់​នាង, បន្ទាប់​មក​នាង​បាន​ទៅ​ជួប អេលីសាបិត, យ៉ូសែប បាន​ពុះពារ​នឹង​បញ្ហា​របស់​គាត់​អស់​រយៈ​ពេល​ជិត​បី​ខែ​ដោយ​ទទួល​ការសាកល្បង​យ៉ាង​ពេញ​ទំហឹង, ទេវតា​កាព្រីយ៉ែល​បាន​នាំ​ព្រះសារ​បន្ទូល, យ៉ូសែប​បាន​សរសេរ​សំបុត្រ​ប្រាប់​អំពី​ការផ្លាស់ប្ដូរចិត្ត​របស់​គាត់, នាង​បាន​ត្រឡប់​មក​វិញ​ដោយ​រួសរាន់ និង មាន​ក្ដី​អំណរ ផ្នែក​ទីពីរ​នៃ​ពិធី​មង្គលការ​ត្រូវបាន​ប្រារព្ធ​ឡើង​ភ្លាមៗ » ( The Mortal Messiah ៖ From Bethlehem to Calvary វ៉ុល ៤ [ ឆ្នាំ ១៩៧៩–៨១ ] ១:៣៣២–៣៣ ) ។

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃី

ដើម្បី​យល់​អំពី​អត្ថន័យ​នៃ​ឃ្លា « ដែល​មក​ចាប់​ទំ​ផ្ទៃ​នាង … នោះ​កើត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ទេ ( ម៉ាថាយ ១:២០ ) សូម​អាន​សេចក្ដី​ថ្លែងការណ៍​ដោយ​អែលឌើរ ម៉ាក់ខន់ឃី ដូច​ខាង​ក្រោម​នេះ ៖ « តាម​របៀប​ដូច​គ្នា​ដែល​ថា​ព្រះយេស៊ូវ​គឺ​ពិត​ជា​បុត្រា​របស់​ម៉ារា នោះ​ទ្រង់​ក៏​ជា​បុត្រា​ផ្ទាល់ ហើយ​ពិត​របស់​ព្រះវរបិតា​ដ៏​អស់កល្ប​ជានិច្ច​ដែរ ។ … ការ​ថ្លែង​ប្រាប់​របស់​ម៉ាថាយ​ថា ‹ នាង​មាន​គភ៌​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ › ប្រសិនបើ​ជា​បកប្រែ​ឲ្យ​ត្រឹមត្រូវ​គួរ​តែ​និយាយ​ថា ‹ នាង​មាន​គភ៌ ​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ › ។ ( ម៉ាថាយ ១:១៨ ) ។ ដំណើររឿង​សរសេរ​ដោយ លូកា ( លូកា ១:៣៥ ) កត់ត្រា​យ៉ាង​ច្បាស់​អំពី​ហេតុការណ៍​ដែល​បាន​កើតឡើង ។ អាលម៉ា​អត្ថាធិប្បាយ​យ៉ាង​ល្អ​ឥត​ខ្ចោះ​អំពី​ការ​ចាប់​បដិសន្ធិ និង ការប្រសូត​របស់​ព្រះអម្ចាស់​ដោយ​ព្យាករ ៖ ព្រះគ្រីស្ទ ‹ នឹង​ប្រសូត​មក​ពី​នាង​ម៉ារា … នាង​ជា​ស្ត្រី​ព្រហ្មចារី គឺជា​ប្រដាប់​ដ៏​ជម្រើស ហើយ​ពិសេស​មួយ​ដែល​នឹង​ត្រូវ​គ្រប​ដណ្ដប់ ហើយ ចាប់​ទំ​ផ្ទៃ​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​នឹង​ប្រសូត​បាន​បុត្រ​មួយ មែនហើយ គឺជា ព្រះរាជបុត្រា​នៃ​ព្រះ › ។ ( អាលម៉ា ៧:១០ ) ។ នីហ្វៃ បាន​ថ្លែង​ស្រដៀង​គ្នា​ដែរ​ថា នៅ​ពេល​ដែល​នាង​មាន​គត៌​នោះ ម៉ារា ‹ ត្រូវបាន​នាំ​ទៅ​ដោយ​ព្រះវិញ្ញាណ › ជា​លទ្ធផល​បុត្រ​ដែល​បាន​ប្រសូត​មក​ពី​នាង​គឺ​ជា ‹ កូនចៀម​នៃ​ព្រះ មែនហើយ គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះវរបិតា​ដ៏​នៅ​អស់កល្ប​ជានិច្ច › ។ (នីហ្វៃទី១ ១១:១៩–២១ ) » ។ ( Doctrinal New Testament Commentary វ៉ុល ៣ [ ឆ្នាំ ១៩៦៥--៧៣ ] ១:៨២–៨៣ ) ។

រូបភាព
ម៉ារា និងព្រះ​ឱរស​យេស៊ូវ

ការបង្រៀន​ទាំងនេះ​អះអាង​គោលលទ្ធិ​ដូច​តទៅ​នេះ ៖ ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​ព្រះរាជបុត្រា​សួគ៌​របស់​ព្រះវរបិតា​សួគ៌ និង ម៉ារា ។ សូម​គិត​អំពី​ការសរសេរ​គោលលទ្ធិ​នេះ​ក្បែរ ម៉ាថាយ ១:១៨–២៥ នៅ​លើ​គែម​ព្រះគម្ពីរ​របស់​អ្នក ។

រូបភាព
អែលឌើរ ជេម អ៊ី ថាលម៉េហ្គ

សូម​រំឭក​អំពី​រូបថត​ឪពុកម្ដាយ​អ្នក​ដែល​អ្នក​បាន​មើល និង​បញ្ជី​នៃ​លក្ខណៈ​ទាំងឡាយ ដែល​អ្នក​ទទួល​បាន​ពី​ពួកលោក ។ បន្ទាប់​មក សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​អែលឌើរ ជេម អ៊ិ ថាល់មេហ្គ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ដោយ​ស្វែងរក​មូលហេតុ​វា​មាន​សារៈសំខាន់​ដែល​ត្រូវ​យល់​ថា ព្រះយេស៊ូវ គឺ​ជា​ព្រះរាជ​បុត្រា​សួគ៌​របស់​ព្រះវរបិតា​សួគ៌ និង ម៉ារា ៖ « បុត្រ​នោះ​ម៉ារា​នឹង​ប្រសូត​មក​គឺជា​ព្រះរាជបុត្រា​នៃ​អេឡូហីម ជា​ព្រះវរបិតា​ដ៏​អស់​កល្ប​ជានិច្ច ។ … នៅ​ក្នុង​លក្ខណៈ​របស់​ទ្រង់​ត្រូវបាន​បញ្ចូល​គ្នា​រវាង​អំណាច​នៃ​ព្រះ ជាមួយ​នឹង​លទ្ធភាព និង សមត្ថភាព​នៃ​ជីវិត​រមែងស្លាប់ ។ … បុត្រា​យេស៊ូវ ត្រូវ​ទទួល​មរតក​បន្ដ​ខាង​សាច់ឈាម សតិ​អារម្មណ៍ និង​លក្ខណៈ​ខាង​វិញ្ញាណ និន្នាការ និង​ព្រះចេស្ដា​ដែល​កាត់​តាម​ព្រះបិតា​មាតា​របស់​ទ្រង់—​ដែល​ម្ខាង​ជា​អង្គ​ដ៏​អមត និង​មាន​សិរីល្អ—​គឺ​ព្រះ និង​ម្ខាង​ទៀត​ជា​មនុស្ស—​ស្ដ្រី » ( Jesus the Christ ការ​បោះ​ពុម្ព​លើក​ទី ៣ [ ឆ្នាំ ១៩១៦ ] ទំព័រ ៨១ ) ។

តើ​លក្ខណៈ​អ្វី​ទៅ ដែល​ព្រះយេស៊ូវ​ទទួល​បាន​ពី​ព្រះវរបិតា​របស់​ទ្រង់ ? តើ​លក្ខណៈ​អ្វីទៅ​ដែល​ទ្រង់​ទទួល​បាន​ពី​ព្រះមាតា​របស់​ទ្រង់ ?

ដោយសារ​ព្រះយេស៊ូវ​គឺជា​ព្រះរាជ​បុត្រា​នៃ​ព្រះវរបិតា​ដ៏​អមត និង​មាតា​ដែល​មាន​ជីវិត​រមែង​ស្លាប់ នោះ​ទ្រង់​មាន​សមត្ថភាព​រស់នៅ​ដ៏​នៅ​អស់​កល្ប ឬ​ក៏​សុគត​ប្រសិន​បើ​ទ្រង់​ជ្រើស​ធ្វើ​ដូច្នោះ ។ និស្ស័យ​នៃ​ព្រះ​នេះ​ធ្វើ​ឲ្យ​ទ្រង់​មាន​លក្ខណៈ​សម្បត្តិ​វិសេស​ដាច់​ដោយ​ឡែក​ដែល​អាច​រងទុក្ខ​សម្រាប់​អំពើ​បាប​របស់​យើង សុគត​លើ​ឈើ​ឆ្កាង ហើយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ( សូម​មើល អាលម៉ា ៣៤:៩–១០ ) ។

  1. សូម​ស្រមៃ​ថា អ្នក​មាន​ឱកាស​ជួយ​មិត្តភក្ដិ​ម្នាក់​ដែល​ពុំ​មាន​ប្រវត្តិ​ជា​គ្រឹស្តសាសនិក ឲ្យ​យល់​អំពី​ថាតើ​ព្រះយេស៊ូវគ្រីស្ទ​ជា​នរណា ។ តើ​អ្នក​នឹង​ពន្យល់​អំពី​និស្ស័យ​ដ៏​ទេវភាព​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ទៅ​ដល់​មិត្តភក្ដិ​របស់​អ្នក​តាម​របៀប​ណា ? សូម​កត់ត្រា​ចម្លើយ​របស់​អ្នក ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

ម៉ាថាយ ២:១-១២

ពួកហោរា​ត្រូវ​បាន​ដឹកនាំ​ឲ្យ​ទៅរក​ព្រះយេស៊ូវ

រូបភាព
ពួក​ហោរា​ជាមួយ​នឹង​ដង្វាយ​នានា

តើ​នរណា​ដែល​បាន​នាំ​យក​ដង្វាយ​ទៅ​ថ្វាយ​ព្រះអង្គ​សង្គ្រោះ បន្ទាប់​ពី​ទ្រង់​បាន​ប្រសូត​មក ?

ដំណឹងល្អ​របស់​ម៉ាថាយ​គឺជា​ដំណឹងល្អ​តែ​មួយ​គត់ ដែល​បាន​ដាក់​បញ្ចូល​ដំណើរ​រឿង​របស់​ពួក​ហោរា ។ សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​ចន្លោះ​ចំពោះ​សំណួរ​នីមួយៗ អំពី​ពួកហោរា ។

តើ​អ្នក​ដឹង​អ្វី​ខ្លះ អំពី​ពួក​ហោរា​ទាំង​នោះ ?

តើ​ពួក​ហោរា​បាន​ដឹង​ថា ព្រះមែស៊ី​បាន​ប្រសូត​ហើយ ដោយ​របៀប​ណា ?

ហេតុអ្វី​បាន​ជា​ពួក​ហោរា​ចង់​ស្វែងរក​ព្រះមែស៊ី ?

តើ​ពួក​សង្ឃរាជ និង ពួក​អាចារ្យ​បាន​ដឹង​ពី​ទីកន្លែង​ដែល​ព្រះមែស៊ី​បាន​ប្រសូត​ដោយ​របៀប​ណា ?

តើ​ស្ដេច​ហេរូឌ​ចង់​ឲ្យ​ពួក​ហោរា​ធ្វើ​អ្វី​ខ្លះ ក្រោយ​ពី​ពួកគេ​បាន​រក​ឃើញ​ព្រះយេស៊ូវ ?

តើ​ពួកហោរា​បាន​ធ្វើ​អ្វី​ជំនួស​វិញ ?

ឥឡូវ​នេះ​សូម​អាន ម៉ាថាយ ២:១–១២ ដោយ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ទាំងនេះ ។ សូម​កែប្រែ និង សម្រួល​ចម្លើយ​របស់​អ្នក​បើ​ចាំបាច់ ។

តើ​អ្នក​បាន​រៀន​អ្វី​​ថ្មី អំពី​ពួក​ហោរា​ដែរ​ឬ​ទេ ? បើ​ដូច្នេះ សូម​គូរ​រូប​ផ្កាយ​មួយ​ក្បែរ​សំណួរ ដែល​អ្នក​បាន​រៀន​អ្វី​ដែល​ថ្មីៗ ។

« យើង​ពុំ​ដែល​ត្រូវបាន​ប្រាប់​សោះ​ថា បុរស​ទាំងនេះ​ជា​នរណា ប៉ុន្តែ ប្រាកដ​ណាស់​ពួកគេ​ពុំ​មែន​ជា​បុរស​ធម្មតា​នោះ​ទេ ។ នោះ​មាន​ន័យ​ថា ពួកគេ​មាន​បំណង​ស្វែងរក​ព្រះរាជបុត្រា​នៃ​ព្រះ ហើយ​ថ្វាយ​ដង្វាយ​ដល់​ទ្រង់ ហើយ​ពួកគេ​បាន​ទទួល​បាន​អារម្មណ៍ និង ចំណេះដឹង​ខាង​វិញ្ញាណ ដែល​យើង​អាច​គិត​បាន​ថា​ជា​ព្យាការី​ចំពោះ​កិច្ចការ​ដ៏​ទេវភាព​មួយ » ( Bible Dictionary « Wise Men of the East » ) ។

ពួកហោរា​ត្រូវបាន « ដឹកនាំ​ដោយ​ព្រះវិញ្ញាណ ដើម្បី​ទៅ​មើល​ព្រះរាជ​បុត្រា​នៃ​ព្រះ ហើយ … ត្រឡប់​ទៅ​ឯ​ប្រជាជន​របស់​ពួកគេ​វិញ ដើម្បី​ថ្លែង​ជា​សាក្សី​ថា ស្ដេច អេម៉ាញូអែល ពិត​ជា​បាន​ប្រសូត​មក​ក្នុង​សាច់ឈាម​មែន » ( Bible Dictionary, « Magi ») ។

ជាញឹកញាប់ មនុស្ស​បាន​សន្និដ្ឋាន​ថា ពួក​ហោរា​បាន​ទៅ​មើល​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង​រាត្រី​នៃ​ការប្រសូត​របស់​ទ្រង់ ជាមួយ​ពួក​អ្នក​គង្វាល​ចៀម ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ម៉ាថាយ ២:១១ ប្រាប់​ថា​វា​គឺ​មួយ​រយៈ​ពេល​ក្រោយ​មក ចន្លោះ​ពី​មួយ និង ពីរ​ឆ្នាំ ( ដែល​ពួក​ហោរា​បាន​រកឃើញ​ព្រះយេស៊ូវ​នៅ​ក្នុង​ផ្ទះ​មួយ​កន្លែង មិនមែន​នៅ​ក្នុង​ស្នូក​នោះ​ទេ ហើយ​ពេល​នោះ​ទ្រង់​គឺ​ជា « កុមារ​តូច » មិនមែន​ជា​ទារក​ឡើយ ) ។ សូម​កត់ចំណាំ​ផងដែរ​ថា ហេតុផល​ដែល​ស្ដេច​ហេរូឌ​មាន​ព្រះទ័យ​ឲ្យ​ពួក​ហោរា​រាយការណ៍​ពី​ទីកន្លែង ដែល​ពួកគាត់​បាន​រក​ឃើញ​ព្រះមែស៊ី​គង់​នោះ គឺ​ដើម្បី​នឹង​ទៅ​ធ្វើ​គត់​ទ្រង់ ( សូម​មើល ម៉ាថាយ ២:១៣ ) ។

តើ​ពួក​ហោរា​បាន​ស្គាល់​ទីកន្លែង ទៅ​រក​ព្រះមែស៊ី​បាន​ដោយ​របៀប​ណា ?

រូបភាព
អ្នក​ធ្វើ​ដំណើរ​លើ​ខ្នង​អូដ្ឋ​នា​ពេល​រាត្រី

គំរូ​នៃ​ពួក​ហោរា ជួយ​យើង​យល់​អំពី​គោលការណ៍​ដូចតទៅ​នេះ ៖ ប្រសិន​បើ​យើង​ស្វែងរក​ព្រះអង្គ​សង្គ្រោះ​ដោយ​ស្មោះ និង ដោយ​ឧស្សាហ៍ នោះ​យើង​នឹង​ត្រូវ​បាន​ដឹកនាំ​ទៅ​រក​ទ្រង់ ។

  1. សូម​ឆ្លើយ​សំណួរ​ដូច​ខាងក្រោម ដាក់​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​អាច​ស្វែងរក​ព្រះអង្គ​សង្គ្រោះ ដោយ​ឧស្សាហ៍​តាម​របៀប​ណា ?

នៅ​ពេល​ពួក​ហោរា​បាន​រកឃើញ​ព្រះអង្គ​សង្គ្រោះ ពួកគេ​បាន​ថ្វាយ​ដង្វាយ​របស់​ពួកគេ​ដល់​ទ្រង់ ។ គោលបំណង​មួយ​នៃ​ការធ្វើ​ដូចនេះ គឺ​ដើម្បី​ថ្វាយ​បង្គំ និង គោរព​ដល់​ទ្រង់ ។ តើ​យើង​អាច​រៀន​អ្វី​ខ្លះ ចេញ​ពី​គំរូ​នៃ​ការថ្វាយ​ដង្វាយ​របស់​ពួក​ហោរា​ទៅ​ដល់​ព្រះយេស៊ូវ ?

ដើម្បី​យល់​អំពី​របៀប​ដែល​យើង​អាច​ថ្វាយ​ដង្វាយ​ដ៏​មាន​អត្ថន័យ​ដល់​ព្រះអង្គ​សង្គ្រោះ សូម​អាន​ឲ្យ​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ដូច​ខាង​ក្រោម ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« កាល​ពី​សម័យ​បុរាណ ពេល​ដែល​ប្រជាជន​ចង់​ថ្វាយ​បង្គំ​ព្រះអម្ចាស់ និង ស្វែងរក​ពរជ័យ​ពី​ទ្រង់ នោះ​ជា​ញឹកញាប់​ពួកគេ​បាន​នាំ​មក​នូវ​ដង្វាយ​មួយ ។ …

តើ​អ្នក​មាន​អ្វី​មួយ នៅក្នុង​ជីវិត​អ្នក ដែល​មិន​បរិសុទ្ធ ឬ មិន​សក្ដិសម​ដែរ​ឬ​ទេ ? ពេល​អ្នក​លះបង់​វា​ចោល នោះ​ហើយ​ជា​ដង្វាយ​ដល់​ព្រះអង្គ​សង្គ្រោះ ។ តើ​មាន​ទម្លាប់​ល្អ ឬ គុណសម្បត្តិ​ណា​មួយ​ដែល​អ្នក​ខ្វះខាត​នៅក្នុង​ជីវិត​អ្នក​ដែរ​ឬ​ទេ ? នៅ​ពេល​អ្នក​សម្រប​តាម ហើយ​ធ្វើ​ឲ្យ​វា​ជា​ផ្នែក​មួយ​នៃ​បុគ្គលិក​លក្ខណៈ​របស់​អ្នក នោះ​អ្នក​កំពុង​ថ្វាយ​ដង្វាយ​មួយ​ដល់​ព្រះអម្ចាស់​ហើយ ។ ពេលខ្លះ ការណ៍​នេះ​ពិបាក​ធ្វើ ចុះ​តើ​ដង្វាយ​នៃ​ការប្រែចិត្ត និង ការគោរព​ប្រតិបត្តិ​របស់​អ្នក​នឹង​ជា​អំណោយ​ដ៏​សក្ដិសម​ដែរ​ឬ​ទេ ប្រសិន​បើ​អ្នក​ពុំ​បាន​បង់​ថ្លៃ​អ្វី​សោះ ? សូម​កុំ​ភ័យខ្លាច​ចំពោះ​កិច្ចខិតខំ​ដែល​តម្រូវ​ឲ្យ​មាន ។ ហើយ​សូម​ចងចាំ​ថា អ្នក​ពុំ​តម្រូវ​ឲ្យ​ធ្វើ​វា​តែ​ឯង​នោះ​ទេ ។ ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ជួយ​អ្នក​ឲ្យ​បង្កើត​ដង្វាយ​ដ៏​សក្ដិសម​មួយ​ចេញ​ពី​ខ្លួន​អ្នក » (« When Thou Art Converted » Ensign ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ១២ ) ។

  1. សូម​គិត​អំពី​សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ គ្រីស្តូហ្វឺសិន ហើយ​ពិចារណា​ថា​តើ​ដង្វាយ​អ្វី​ខ្លះ​ដែល​អ្នក​មាន​អារម្មណ៍​ថា អ្នក​គួរ​ថ្វាយ​ដល់​ព្រះអង្គ​សង្គ្រោះ ។ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​កត់ត្រា​គំនិត​នានា និង ដាក់​ផែនការ​អំពី​របៀប​ដែល​អ្នក​នឹង​ថ្វាយ​ដង្វាយ​ទាំងនេះ​ទៅ​ដល់​ព្រះយេស៊ូវគ្រីស្ទ ។ ( ដង្វាយ​ដែល​អ្នក​ចង់​ថ្វាយ​ទៅ​ព្រះអង្គ​សង្គ្រោះ​គឺ​ចេញ​ពី​និស្ស័យ​ផ្ទាល់ខ្លួន​ដ៏​ឧត្ដុង្គឧត្តម​មួយ អ្នក​អាច​នឹង​សរសេរ​ដង្វាយ​ទាំងនោះ​នៅ​លើ​សន្លឹក​ក្រដាស​ផ្សេងៗ​គ្នា ដើម្បី​រក្សា​ទុក និង យោង​ទៅ​កាន់ ហើយ​បន្ទាប់មក​សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​ថា អ្នក​បាន​បញ្ចប់​កិច្ចការ​មួយ​នេះ ) ។

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី បាន​ផ្ដល់​សេចក្ដី​សង្ខេប អំពី​កុមារភាព​នៃ​ជីវិត​រមែងស្លាប់​របស់​ព្រះយេស៊ូវគ្រីស្ទ ដូច​ខាង​ក្រោម ៖

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃី

« ទោះជា​លំដាប់លំដោយ​ពង្សាវតា​នៃ​ការធ្វើដំណើរ និង ដំណើរ​ជីវិត​របស់​ព្រះអម្ចាស់​នៅ​ក្នុង​កុមារភាព ពុំ​មាន​សភាព​ច្បាស់លាស់​ទាំងស្រុង​ក្ដី ចំណុច​ខាង​ក្រោម​នេះ​ហាក់​ដូចជា​ពិតប្រាកដ​សមហេតុ​ផល ៖

« (១) នៅ​គ្រា​ដែល​ពួកគេ​បាន​ភ្ជាប់ពាក្យ និង រៀបការ យ៉ូសែប និង ម៉ារា បាន​រស់នៅ​ស្រុក​ណាសារ៉ែត ភាគ​ខាង​កើត​នៃ​ខេត្ត​កាលីឡេ ។ ( លូកា ១:២៦–៣៥, នីហ្វៃ​ទី១ ១១:១៣) ។

« (២) ដោយ​បាន​ដឹកនាំ​ដោយ​ទិព្វវិញ្ញាណ ពួកគេ​បាន​ធ្វើ​ដំណើរ​ទៅ​ភូមិ​បេថ្លេហិម ក្រុង​ហ្លួង​ដាវីឌ ជា​កន្លែង​ដែល​ព្រះយេស៊ូវ​បាន​ប្រសូត​មក​ក្នុង​ក្រោល​សត្វ ។ ( លូកា ២:១–៧ ) ។

« (៣) នៅ​ថ្ងៃ​ទី​ប្រាំ​បី កាល​ស្វាមីភរិយា​កំពុង​នៅ​ឯ​ភូមិ​បេថ្លេហិម​នៅ​ឡើយ ព្រះយេស៊ូវ​បាន​កាត់​ស្បែក ។ ( លូកា ២:២១ ) ។

« (៤) បន្ទាប់​ពី​ថ្ងៃ​ដែល​ម៉ារា​ត្រូវ​នាំ​ព្រះឱរស​ទៅ​ញែក​ចេញ​ជា​បរិសុទ្ធ ដែល​មាន​រយៈ​ពេល​សែសិប​ថ្ងៃ ( លេវីវិន័យ ១២ ) ក្រុមគ្រួសារ​ដ៏​បរិសុទ្ធ​នេះ បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរ៉ូសាឡិម ជា​កន្លែង​ដែល​ព្រះយេស៊ូវ​បាន​គង់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ដោយ​មាន ស៊ីម្មាន និង អាណ កត់ត្រា​អំពី​ភាពជា​ព្រះរាជ​បុត្រា​របស់​ទ្រង់ ( លូកា ២:២២–៣៨ ) ។

« (៥) ដូច្នេះ កាល​បាន ‹ សម្រេច​គ្រប់​ទាំង​អស់ តាម​ក្រឹត្យវិន័យ​ព្រះអម្ចាស់​ហើយ › នោះ​ពួកគេ​ក៏​នាំ​គ្នា​រួសរាន់​ត្រឡប់​ទៅ​ស្រុក​ណាសារ៉ែត​វិញ ។ ( លូកា ២:៣៩ ) ។ ប្រាកដណាស់ ពួកហោរា​ពុំ​ទាន់​បាន​ត្រឡប់​ទៅ​ថ្វាយបង្គំ​ស្ដេច​របស់​ពួកគេ​វិញ​នោះ​ទេ ព្រោះ​បន្ទាប់​ពី​ការមកជួប​ព្រះអង្គ​សង្គ្រោះ នោះ​ពួកគេ​បាន​ភៀសខ្លួន​ទៅ​ប្រទេស​អេស៊ីព្ទ ។ នោះ​មាន​ន័យ​ថា ពួកគេ​ពុំ​បាន​ទៅ​ប្រទេស​អេស៊ីព្ទ ហើយ​ត្រឡប់​មក​ភូមិ​បេថ្លេហិម​វិញ​ក្នុង​រយៈពេល​សែសិប​ថ្ងៃ​នោះ គឺ​ច្បាស់​ណាស់ (ក) ព្រោះ​ពួកគេ​បាន​នៅ​ប្រទេស​អេស៊ីព្ទ​នៅ​គ្រា​នៃ​ការចូល​ទីវង្គត់​របស់​ស្ដេច​ហេរ៉ូឌ ដែល​មិន​បាន​កើតឡើង​ទេ​រហូត​ដល់​ជិត​ពីរ​ឆ្នាំ​បន្ទាប់​ពី​ការប្រសូត និង (ខ) ព្រោះ​ពួកគេ​បាន​ត្រឡប់​មក​ពី​ប្រទេស​អេស៊ីព្ទ​ទៅ​ស្រុក​ណាសារ៉ែត​វិញ ពុំ​មែន​ទៅ​ភូមិ​បេថ្លេហិម​នោះ​ទេ ។

« (៦) ក្រោយមក មាន​ហេតុផល​មិន​ច្បាស់លាស់ និង មិន​មាន​កត់ត្រា​មួយ​ចំនួន​ដែល​ថា យ៉ូសែប និង ម៉ារា ព្រមទាំង​បុត្រ​តូច​បាន​ត្រឡប់​ទៅ​ភូមិ​បេថ្លេហិម​វិញ មាន​ផ្ទះ​នៅ​ទីនោះ ហើយ​បាន​រស់នៅ​ក្នុង​ជីវិត​សហគមន៍​នៅ​ពេល​ពួក​ហោរា​បាន​មក​ដល់ ។ ( ម៉ាថាយ ២:១–១២ ) ។

« (៧) ដោយ​មាន​ការព្រមាន​ពី​ព្រះ ក្រុមគ្រួសារ​ដ៏​បរិសុទ្ធ​នេះ បាន​ភៀសខ្លួន​ទៅ​ប្រទេស​អេស៊ីព្ទ​ដោយ​ធ្វើ​ដំណើរ​ពុំ​ដឹង​អំពី​ចម្ងាយ​ផ្លូវ អាច​ជា​ពីរបី​សប្ដាហ៍ ឬ​ពីរបី​ខែ ។ ( ម៉ាថាយ ២:១៣-១៥ ) ។

« (៨) បន្ទាប់​ពី​ស្ដេច​ហេរ៉ូឌ​បាន​ចូល​ទីវង្គត់​ទៅ ពួកគេ​បាន​ត្រឡប់​មក​វិញ​ដោយ​មាន​គោលបំណង​ជាក់លាក់​មក​តាំង​ទីលំនៅ​ម្ដង​ទៀត​នៅ​ភូមិ​បេថ្លេហិម ទីនោះ​ហើយ​ដែល​ពួកគេ​ច្បាស់​ជា​មាន​ទីកន្លែង​សមរម្យ​ដើម្បី​រស់នៅ ។ ប៉ុន្តែ ដោយ​ខ្លាច​អើខេឡោស ជា​បុត្រា​របស់​ហេរ៉ូឌ នោះ​ពួកគេ​បាន​ចាកចោល​ខេត្ត​យូដា ទៅ​ស្រុក​កាលីឡេ​ដើម្បី​មាន​សុវត្ថិភាព​កាន់តែ​ប្រសើរ ។ ហេតុនេះហើយ ពួកគេ​បាន​ត្រឡប់​ទៅ ហើយ​តាំងលំនៅ​នៅក្នុង​ភូមិ​ណាសារ៉ែត ។ ( ម៉ាថាយ ២:១៩-២៣ ) ។

« (៩) ចាប់ពី​ពេល​នោះ​មក​ដល់​ការបម្រើ​ខាង​សាច់ឈាម​ជា​ផ្លូវការ​របស់​ទ្រង់ ដែល​ជា​រយៈពេល​ប្រហែល​ជា​ម្ភៃ​ប្រាំពីរ ឬ ម្ភៃ​ប្រាំបី​ឆ្នាំ​នោះ ព្រះអម្ចាស់​របស់​យើង​បាន​បន្ត​រស់នៅ​ក្នុង​ភូមិ​ណាសារ៉ែត ។ ( លូកា ២:៥១–៥២, I. V. ម៉ាថាយ ៣:២២–២៦ ) » ។ (Doctrinal New Testament Commentary ១:១០៨–៩ ) ។

ម៉ាថាយ ២:១៣-២៣

យ៉ូសែប ម៉ារ៉ា និង ព្រះយេស៊ូវ​ភៀសខ្លួន​ទៅ​ប្រទេស​អេស៊ីព្ទ

ដូច​មាន​កត់ត្រា​នៅ​ក្នុង ម៉ាថាយ ២:១៣–២៣ ស្ដេច​ហេរ៉ូឌ​បាន​ក្រោធ​ខឹង​បន្ទាប់​ពី​ពួក​ហោរា « វិល​ទៅ​ស្រុក​គេ​វិញ » ( ម៉ាថាយ ២:១២ ) ដោយ​ពុំ​បាន​ទូល​ប្រាប់​ទ្រង់​ពី​ទីកន្លែង​ដែល​ព្រះមែស៊ី​គង់​នៅ ។ ដោយ​មាន​សង្ឃឹម​ថា​អាច​ធ្វើ​ឲ្យ​ព្រះមែស៊ី​សុគត​បាន ទ្រង់​បាន​បង្គាប់​ថា​ក្មេង​អាយុ​ពីរ​ឆ្នាំ​ចុះ​ក្រោម​នៅ​ភូមិ​បេថ្លេហិម និង​តំបន់​ជុំវិញ​នោះ​ត្រូវ​តែ​សម្លាប់​ចោល ។

សូម​អាន ម៉ាថាយ ២:១៣–១៤ ដោយ​ស្វែងរក​របៀប​ដែល​យ៉ូសែប​បាន​ដឹង​អំពី​អ្វី ដែល​ត្រូវ​ធ្វើ​ដើម្បី​រក្សា​សុវត្ថិភាព​របស់​គ្រួសារ​គាត់ ។

តើ​យ៉ូសែប​បាន​នាំ​ម៉ារ៉ា និង ព្រះយេស៊ូវ​ទៅ​ទីណា ?

រូបភាព
យ៉ូសែប និង ម៉ារ៉ា ដើរ​បណ្ដើរ​សត្វលា

យ៉ូសែប ម៉ារ៉ា និង ព្រះយេស៊ូវ បាន​ស្នាក់​អាស្រ័យ​នៅ​ប្រទេស​អេស៊ីព្ទ ដរាប​ដល់​ស្ដេច​ហេរ៉ូឌ​សោយ​ទីវង្គត់ ។ ដូច​មាន​កត់ត្រា​នៅ​ក្នុង ម៉ាថាយ ២:១៩–២៣ ព្រះ​បាន​ត្រាស់​បង្គាប់​យ៉ូសែប ក្នុង​សុបិន​ឲ្យ​នាំ​គ្រួសារ​គាត់​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ ហើយ​ពួកគាត់​បាន​តាំង​លំនៅ​ក្នុង​ស្រុក​ណាសារ៉ែត ។

តើ​ការយកចិត្តទុកដាក់​ខ្ពស់​របស់​យ៉ូសែប​ទៅ​លើ​កិច្ចការ​ខាង​វិញ្ញាណ បាន​ផ្ដល់ពរ​ដល់​ជីវិត​របស់​មនុស្ស​ដទៃ​ទៀត​យ៉ាង​ដូចម្ដេច​ខ្លះ ?

សូម​បញ្ចប់​ឃ្លា​តទៅ​នេះ ដើម្បី​បង្កើត​គោលការណ៍​មួយ ដែល​យើង​អាច​រៀន​ពី​យ៉ូសែប ៖ បើ​សិន​ជា​យើង​យកចិត្តទុក​ដាក់​លើ​ព្រះវិញ្ញាណ នោះ  ។

  1. សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ ដើម្បី​យក​ចិត្តទុក​ដាក់​កាន់តែ​ខ្លាំង​ទៅ​លើ​ព្រះវិញ្ញាណ ប្រយោជន៍​ឲ្យ​អ្នក​អាច​ទទួល​បាន​សេចក្ដី​ណែនាំ និង ការដឹកនាំ​នៅ​ក្នុង​ជីវិត​របស់​អ្នក ( សូម​មើល នីហ្វៃទី២ ៣២:៣ ) ។ សូម​កត់ត្រា​គំនិត​របស់​អ្នក ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ រួច​ដាក់​គោលដៅ​ដើម្បី​ប្រព្រឹត្ត​តាម​ការបំផុសគំនិត​នានា​ដែល​អ្នក​ទទួល​បាន ។

ដោយសារតែ​រឿងរ៉ាវ​នៃ​កុមារភាព និង យុវភាព​របស់​ព្រះយេស៊ូវ​មាន​កត់ត្រា​តែ​បន្តិចបន្តួច ទើប​ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ បញ្ចូល​ខគម្ពីរ​ចំនួន​បី​នៅ​បន្ទាប់​ពី ម៉ាថាយ ២:២៣ នៅ​ក្នុង​កំណែថ្មី​នៃ​ព្រះគម្ពីរប៊ីប​របស់​ស្តេច​ជេមស៍ ។ ខគម្ពីរ​ទាំងនេះ​ផ្ដល់​នូវ​សេចក្ដី​លម្អិត អំពី​គ្រា​នេះ​នៅ​ក្នុង​ជីវិត​របស់​ព្រះអង្គ​សង្គ្រោះ ។ នៅ​ពេល​អ្នក​អាន​សេចក្ដី​បន្ថែម​ខាង​ក្រោម​នេះ​ចេញ​ពី ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ សូម​ពិចារណា​ថាតើ​ព្រះយេស៊ូវ​បាន​បន្ទាប​ព្រះកាយ​ដល់​កម្រិត​ណា កាល​ទ្រង់​នៅ​ជា​យុវជន​នៅ​ឡើយ​នោះ ៖

« ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ព្រះយេស៊ូវ​បាន​ចម្រើន​ព្រះជន្ម​ឡើង​ជាមួយ​បងប្អូន​ប្រុស​របស់​លោក ហើយ​មាំមួន ថែមទាំង​បាន​ទន្ទឹង​ចាំ​ព្រះអម្ចាស់​មាន​បន្ទូល​ប្រាប់​អំពី​កាល​វេលា​ដែល​ទ្រង់​ត្រូវ​ធ្វើ​ការបម្រើ ។

« ទ្រង់​បាន​បម្រើ​នៅ​ក្រោម​ការដឹកនាំ​របស់​ព្រះវរបិតា​ទ្រង់ ហើយ​ទ្រង់​ពុំ​មាន​ព្រះបន្ទូល​ដូចជា​មនុស្ស​ទូទៅ​នោះ​ទេ ក៏​គ្មាន​នរណា​អាច​បង្រៀន​ទ្រង់​បាន​ដែរ ដ្បិត​ទ្រង់​មិន​ត្រូវការ​គ្រូ​បាអាចារ្យ​ណា​ប្រដៅ​ទ្រង់​ឡើយ ។

« អស់​កាល​ជា​យូរ​ក្រែល​មក វេលា​នៃ​ការបម្រើ​របស់​ទ្រង់​បាន​ចូល​មក​ដល់ » ( ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ ម៉ាថាយ ៣:២៤–២៦ [ នៅ​ក្នុង​សេចក្ដី​បន្ថែម​នៃ​ព្រះគម្ពីរ​ប៊ីប ] ) ។

  1. សូម​សរសេរ​ឃ្លា​ដែល​នៅ​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា ម៉ាថាយ ១–២ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖