បណ្ណាល័យ
មេរៀន​ទី ២៨ ថ្ងៃ​ទី ១ ៖ ហេព្រើរ ៥-៦


មេរៀន​ទី ២៨ ៖ ថ្ងៃ​ទី ១

ហេព្រើរ ៥-៦

សេចក្តីផ្ដើម

សាវក​ប៉ុល​បាន​បង្រៀន​ថា អស់​អ្នក​ដែល​ទទួល​បព្វជិតភាព​ត្រូវតែ​បាន​ហៅ​ដោយ​ព្រះ ហើយ​ថា​ព្រះយេស៊ូវគ្រីស្ទ​ត្រូវ « ព្រះ​បាន​តាំង​ងារ​ទ្រង់ [ ជា ] សម្តេច​សង្ឃ ( សង្ឃជាន់ខ្ពស់ ) តាម​របៀប​លោក​មិលគីស្សាដែក (ហេព្រើរ ៥:១០) ។ ប៉ុល​បាន​លើក​ទឹកចិត្ត​សមាជិក​សាសនាចក្រ ឲ្យ​មាន​ភាព​ឧស្សាហ៍​ព្យាយាម មាន​សេចក្តី​ជំនឿ ការអត់ធ្មត់ និង សេចក្តីសង្ឃឹម​ក្នុង​ការទទួល​បាន​នូវ​ការសន្យា​របស់​ព្រះ ។

ហេព្រើរ ៥

ប៉ុល​បង្រៀន​ថា អស់​អ្នក​ដែល​ទទួល​បព្វជិតភាព​ត្រូវ​បាន​ហៅ​មក​ពី​ព្រះ

សូម​ស្រមៃ​ថា មនុស្ស​ដែល​យើង​ស្គាល់​ម្នាក់​សរសេរ​ពាក្យ វេជ្ជបណ្ឌិត នៅ​លើ​ក្រដាស​មួយ​សន្លឹក ហើយ​ខ្ទាស់​វា​នៅ​លើ​អាវ​របស់​គាត់ ។ ទោះបី​ជា​គាត់​កំពុង​ពាក់​ស្លាក​នោះ​បង្ហាញ​ពី​មុខងារ​ជា​ត្រឹមត្រូវ​ក្តី តើ​អ្នក​មាន​ក្តី​បារម្ភ​អ្វី​ខ្លះ ប្រសិនបើ​បុគ្គល​ម្នាក់​នោះ ព្យាយាម​វះកាត់​អ្នក បន្ទាប់​ពី​អ្នក​មាន​គ្រោះថ្នាក់​នោះ ? តើ​អ្នក​មាន​ក្តី​បារម្ភ​អ្វី​ខ្លះ ប្រសិនបើ​គាត់​បាន​ពាក់​ស្លាក​ដែល​បង្ហាញ​ពី​មុខងារ​ជា មន្ត្រី​អនុវត្ត​ច្បាប់ ហើយ​បាន​ព្យាយាម​ផាក​ពិន័យ​អ្នក​ដោយសារ​អ្នក​ធ្វើ​អ្វី​មួយ​ខុស ?

ហេតុអ្វី​អ្នក​មាន​ការស្ទាក់ស្ទើរ ដើម្បី​ទុក​ចិត្ត​បុគ្គល​នេះ​ឲ្យ​ធ្វើ​កិច្ចការ​ដែល​ទាក់ទង​នឹង​មុខងារ​របស់​គាត់ ?

ទោះបី​ជា​ការពាក់​ស្លាក​ឈ្មោះ​ជាមួយ​នឹង​ងារ​ត្រឹមត្រូវ​ក្តី បុគ្គល​នេះ​ខ្វះ​នូវ​សិទ្ធិ​អំណាច និង សមត្ថភាព​ចាំបាច់​ដើម្បី​ធ្វើ​កិច្ចការ​ទាំង​នោះ ។ គឺ​ដូច​ជា​សង្គម​មនុស្ស​ដែល​បាន​បង្កើត​វិធី​នានា ដើម្បី​ទទួល​បាន​សិទ្ធិ​អំណាច ឲ្យ​សម្រេច​បាននូវ​ការទទួល​ខុសត្រូវ​ជាក់លាក់​នានា នោះ​ព្រះ​បាន​បង្កើត​វិធី​មួយ​ដើម្បី​ទទួល​បាន​សិទ្ធិ​អំណាច​របស់​ទ្រង់ ឲ្យ​សម្រេច​បាននូវ​ការទទួលខុសត្រូវ​នៅក្នុង​សាសនាចក្រ​ទ្រង់ ។ នៅពេល​អ្នក​សិក្សា ហេព្រើរ ៥ សូម​រក​មើល​លំនាំ​ដែល​ព្រះ​បាន​បង្កើត​ឡើង​ដើម្បី​ទទួលបាន​សិទ្ធិ​អំណាច​របស់​ទ្រង់ ។

សាវក​ប៉ុល​បាន​ពិពណ៌នា​ពី​ព្រះអង្គសង្គ្រោះ​ថា​ជា « សម្តេច​សង្ឃ ( សង្ឃជាន់ខ្ពស់ ) យ៉ាង​ធំ​មួយ​អង្គ » (ហេព្រើរ ៤:១៤ ) ។ សូមអាន ហេព្រើរ ៥:១–៣ ដោយ​រកមើល​អ្វី​ដែល​ប៉ុល​បាន​បង្រៀន​អំពី​តួនាទី​របស់​សង្ឃ​ជាន់ខ្ពស់​នៅក្នុង​ចំណោម​ពួក​សាសន៍​អ៊ីស្រាអែល​ក្រោម​ក្រឹត្យវិន័យ​លោក​ម៉ូសេ ។

« នៅ​ក្រោម​ក្រឹត្យវិន័យ​លោក​ម៉ូសេ អ្នក​កាន់​តំណែង​ជា​អធិបតី​នៃ​បព្វជិតភាព​អើរ៉ុន ត្រូវបាន​ហៅ​ថា​ជា​សង្ឃ​ជាន់​ខ្ពស់ ។ តំណែង​នេះ​ត្រូវបាន​ផ្តល់​ឲ្យ​ជា​តំណ​ពូជ ហើយ​ចាប់តាំង​ពី​កូន​ច្បង​ក្នុង​ចំណោម​គ្រួសារ​អើរ៉ុន អើរ៉ុន​ផ្ទាល់​គឺ​ជា​សង្ឃ​ជាន់​ខ្ពស់​ដំបូង​គេ​នៃ​លំដាប់​បព្វជិតភាព​អើរ៉ុន » ។ ជាទូទៅ សង្ឃជាន់ខ្ពស់​បម្រើ​ពេញ​មួយ​ជីវិត​របស់​ខ្លួន ប៉ុន្តែ​ទីបំផុត​តំណែង​នេះ​ត្រូវបាន​រឹបអូស​យក​ដោយ​ពួក​ទុច្ចរិត ។ « ិង ពួក​រ៉ូម ។ តំណែង​នេះ​ត្រូវបាន​ដាក់​បំពេញ​ដោយ​បុរស​ចំនួន ២៨ រូប​នៅ​ចន្លោះ​ឆ្នាំ ៣៧ មុន គ. ស. និង គ. ស. ៦៨ » ( Bible Dictionary « High priest » ) ។

សូម​អាន ហេព្រើរ ៥:៤ ដោយ​រកមើល​ថា តើ​សង្ឃ​ជាន់​ខ្ពស់​ត្រូវបាន​ជ្រើសរើស​តាម​របៀប​ណា ។

ដើម្បី​យល់​ពី​របៀប​ដែល អើរ៉ុន​ត្រូវបាន « ហៅ​ពី​ព្រះ » ( ហេព្រើរ ៥:៤) សូម​អាន និក្ខមនំ ២៨:១ ដែល​កត់ត្រា​អំពី​ទំនាក់ទំនង ដែល​បាន​កើត​ឡើង​រវាង​ព្រះ និង ម៉ូសេ​នៅលើ​ភ្នំ​ស៊ីណាយ ។

សូម​ពិចារណា​អំពី​មូលហេតុ​ដ៏​សំខាន់​ដែល ព្រះ​បាន​បើក​សម្តែង​ការហៅ​របស់​អើរ៉ុន​ដល់​ម៉ូសេ ជាជាង​ដល់​អើរ៉ុន​ផ្ទាល់ ឬ នរណា​ម្នាក់​ផ្សេង​ទៀត ។ ម៉ូសេ​គឺ​ជា​ព្យាការី ហេតុដូច្នោះ​ហើយ លោក​មាន​សិទ្ធិ​អំណាច​ដើម្បី​ទទួល​វិវរណៈ​បែប​នោះ ហើយ​គ្រប់គ្រង​ការប្រើប្រាស់​បព្វជិតភាព​នៅ​លើ​ផែនដី ។

ចេញ​ពី​ការណែនាំ​របស់​ប៉ុល​នៅក្នុង ហេព្រើរ ៥:៤ យើង​រៀន​ថា អស់​អ្នក​ដែល​ត្រូវបាន​តែងតាំង​នូវ​បព្វជិតភាព​ត្រូវតែ​បាន​ហៅ​ពី​ព្រះ តាមរយៈ​វិវរណៈ​ដោយ​អ្នក​បម្រើ​ដែល​មាន​សិទ្ធិ​អំណាច​របស់​ទ្រង់ ។ នៅក្នុង​សាសនាចក្រ​សព្វថ្ងៃ​នេះ អ្នក​ដឹកនាំ​បព្វជិតភាព​ដែល​មាន​សិទ្ធិ​អំណាច​ត្រូវ​សម្ភាស​បុគ្គល​ម្នាក់ៗ​សម្រាប់​ការតែងតាំង ហើយ​ស្វែងរក​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​កំណត់​ថា ការត្រៀមខ្លួន និង ភាពសក្តិសម​របស់​បុគ្គល​រួចរាល់ ដើម្បី​ទទួល​ការតែងតាំង​នូវ​បព្វជិតភាព ។

តើ​សេចក្ដីពិត​នេះ ទាក់ទង​នឹង​ដំណើរការ​នៃ​ការហៅ​មនុស្ស​ឲ្យ​បម្រើ​នៅក្នុង​មុខងារ​ផ្សេងៗ​នៅក្នុង​សាសនាចក្រ​យ៉ាង​ដូច​ម្ដេច ?

សូម​អាន មាត្រា​នៃ​សេចក្តី​ជំនឿ ១:៥ ដោយ​រកមើល​របៀប​ដែល​សេចក្តី​ពិត​មុនៗ​បាន​រកឃើញ​នៅក្នុង ហេព្រើរ ៥:៤ ហើយ​ការ​ដែល​ត្រូវបាន « ព្រះ​ទ្រង់​ហៅ​ប៉ុណ្ណោះ តួ​យ៉ាង​ដូច​ជា​លោក​អើរ៉ុន » គឺ​ឆ្លុះ​បញ្ជាំង​នៅ​ក្នុង​ការសរសេរ​របស់​ព្យាការី​យ៉ូសែប ស្ម៊ីធ ។ សូម​កត់សម្គាល់​ថា ការព្យាករ សំដៅ​លើ​វិវរណៈ ។

យោង​តាម​មាត្រា​នៃ​សេចក្ដីជំនឿ​ខ​ទីប្រាំ ជាមួយ​នឹង​ការ « ត្រូវតែ​បាន​ហៅ​ពី​ព្រះ ដោយ​ការព្យាករ » តើ​មាន​អ្វី​ទៀត​ត្រូវតែ​កើត​ឡើង​ចំពោះ​នរណា​ម្នាក់​ឲ្យ​ទទួល​បាន​នូវ​សិទ្ធិអនុញ្ញាត « ដើម្បី​នឹង​ផ្សាយ​ដំណឹង​ល្អ ហើយ​ប្រព្រឹត្ត​ពិធី​បរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹង​ល្អ ? »

រូបភាព
ម៉ូសេ​ហៅ​អើរ៉ុន​ឲ្យ​បម្រើ

ទាំង​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ និង ថ្មី​កត់ត្រា​ថា ព្យាការី អ្នក​កាន់​បព្វជិតភាព និង គ្រូបង្រៀន​ដំណឹង​ល្អ ទទួល​ការហៅ​របស់​ពួកគេ​តាមរយៈ​ការដាក់ដៃ​លើ​ដោយ​អ្នក​កាន់បព្វជិតភាព​ដែល​មាន​សិទ្ធិ​អំណាច ( សូមមើល ជនគណនា ២៧:១៨–២៣, កិច្ចការ ៦:៥–៦, ១៣:២–៣, ធីម៉ូថេទី ១ ៤:១៤) ។

  1. សូម​ឆ្លើយ​សំណួរ​មួយ ឬ សំណួរទាំងពីរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ដំណើរការ​នៃ​ការហៅ​មនុស្ស​ឲ្យ​បម្រើ​ក្នុង​តំណែង​នានា​នៅក្នុង​សាសនាចក្រ​សព្វថ្ងៃ​នេះ ឆ្លុះបញ្ជាំង​ពី​លំនាំ​ដែល​បាន​បង្កើត​ឡើង​នៅក្នុង​ព្រះគម្ពីរ​ដោយ​របៀប​ណា ?

    2. ហេតុអ្វី​វា​សំខាន់​ដើម្បី​ដឹង​ថា សិទ្ធិអំណាច​បព្វជិតភាព​អាច​ទទួល​បាន​តែ​តាម​វិធី​នេះ​ប៉ុណ្ណោះ ?

សូម​អាន ហេព្រើរ ៥:៥–៦ ដោយ​រកមើល​ថា​នរណា​បាន​ប្រទាន​សិទ្ធិ​អំណាច​ដល់​ព្រះអង្គសង្គ្រោះ ។

យោង​តាម​ខគម្ពីរ​ទាំង​នេះ ព្រះវរបិតា​សួគ៌​បាន​ប្រទាន​បព្វជិតភាព​ដល់​ព្រះរាជបុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់​គឺ​ជា « សង្ឃ​នៅ​អស់​កល្ប​ជានិច្ច តាម​របៀប​លោក​មិលគីស្សាដែក » ( ហេព្រើរ ៥:៦ ) ។

តំណែង​មួយ​នៅក្នុង​បព្វជិតភាព​មិលគីស្សាដែក គឺ​តំណែង​សង្ឃ​ជាន់​ខ្ពស់ « អនុវត្ត​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ​ក្នុង​នាម​ជា​សង្ឃ​ជាន់​ខ្ពស់​ដ៏​អស្ចារ្យ ។ លោក​អ័ដាម និង​ពួក​អយ្យកោ​ទាំង​អស់​ក៏​ជា​សង្ឃ​ជាន់​ខ្ពស់​ដែរ ។ សព្វ​ថ្ងៃ​នេះ ពួក​សង្ឃ​ជាន់​ខ្ពស់​ជា​អធិបតី​បី​នាក់ បង្កើត​បាន​ជា​គណៈប្រធាន​នៃ​សាសនាចក្រ ហើយ​ត្រួតត្រា​លើ​អស់​ទាំង​ពួក​អ្នក​កាន់​បព្វជិតភាព និង​លើ​សមាជិក​ក្នុង​សាសនាចក្រ ។ មាន​បុរស​ដែល​សក្ដិសម​ថែម​ទៀត ត្រូវ​បាន​តែងតាំង​ឡើង​ជា​ពួក​សង្ឃ​ជាន់​ខ្ពស់ តាម​ដែល​សម​នៅ​ក្នុង​សាសនាចក្រ​សព្វ​ថ្ងៃ​នេះ » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សង្ឃជាន់ខ្ពស់ » scriptures.lds.org ) ។

សូម​អាន ហេព្រើរ ៥:៧–១០ ហើយ​គិត​ពី​ការគូស​ចំណាំ​នៅក្នុង ខ​ទី ៩ អំពី​អ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រែក្លាយ ។ ខ​ទី ៧–៨ សំដៅ​លើ​មិលគីស្សាដែក ជា​ព្យាការី និង ស្តេច​ដែល​បាន​រស់នៅ​អំឡុង​ជំនាន់​អ័ប្រាហាំ ។

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា ខគម្ពីរ​ទាំង​នេះ « សំដៅ​លើ​ទាំង​មិលគីស្សាដែក និង ព្រះគ្រីស្ទ ដោយសារ​មិលគីស្សាដែក​គឺ​ជា​គំរូ​អំពី​ព្រះគ្រីស្ទ ហើយ​ថា​កិច្ចការ​បម្រើ​របស់​ព្យាការី ជា​គំរូ និង ជា​ស្រមោល​អំពី​ព្រះអម្ចាស់​របស់​យើង » (  Doctrinal New Testament Commentary ភាគ​ទី ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ៣:១៥៧ ) ។

  1. សូម​ឆ្លើយ​សំណួរ​ដូច​តទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ព្រះយេស៊ូវគ្រីស្ទ​ជា « មេ​បង្កើត​នៃ​សេចក្តី​សង្គ្រោះ​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ( ហេព្រើរ ៥:៩ ) ចំពោះ​អស់​អ្នក​ដែល​ធ្វើ​តាម​ទ្រង់​តាម​របៀប​ណា ?

ដូច​មាន​កត់ត្រា​នៅក្នុង ហេព្រើរ ៥:១១–១៤ ប៉ុល​បាន​បង្ហាញ​ពី​បំណង​ប្រាថ្នា ដើម្បី​បង្រៀន​បន្ថែម​ទៀត​អំពី​ប្រធាន​បទ​នេះ ប៉ុន្តែ​បាន​មាន​ប្រសាសន៍​ថា ប្រជាជន​មាន​ការខ្វះខាត​ការយល់ដឹង និង ភាព​ចាស់ទុំ​ខាង​វិញ្ញាណ ដើម្បី​យល់​បន្ថែម​ការបង្រៀន​ដ៏​អស្ចារ្យ​ផ្សេង​ទៀត ។

ហេព្រើរ ៦

ពួកបរិសុទ្ធ​ត្រូវបាន​លើក​ទឹកចិត្ត ឲ្យ​មាន​ភាព​ឧស្សាហ៍​ព្យាយាម មាន​សេចក្តី​ជំនឿ ការអត់ធ្មត់ និង សេចក្តីសង្ឃឹម​ក្នុង​ការទទួល​បាន​នូវ​ការសន្យា​របស់​ព្រះ

ព្រះ​បាន​សន្យា​ដល់​កូនចៅ​របស់​ទ្រង់​នូវ​ពរជ័យ​ដូចជា មាន​ភាពសុខសាន្ត សុភមង្គល ការអភ័យទោស ទទួល​ចម្លើយ​ចំពោះ​ការអធិស្ឋាន ពរជ័យ​នានា​រួមបញ្ចូល​នៅក្នុង​ពរ​របស់​លោក​អយ្យកោ ការរស់ឡើងវិញ និង ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។ ពរជ័យ​មួយ​ចំនួន​នោះ ត្រូវបាន​ប្រទាន​ឲ្យ​យើង​តាម​លក្ខខណ្ឌ​នៃ​ជម្រើស​របស់​យើង ។

តើ​ពរជ័យ​ណា​មួយ​ដែល​អ្នក​ទន្ទឹង​រង់ចាំ​ទទួល​នោះ ?

ដូច​បាន​កត់ត្រា​នៅក្នុង ហេព្រើរ ៦ ប៉ុល​បាន​លើក​ទឹកចិត្ត​ដល់​ពួក​បរិសុទ្ធ​កុំ​ឲ្យ​បោះបង់​ការព្យាយាម​ទទួល​បាន​នូវ​ពរជ័យ​ដែល​ព្រះអម្ចាស់​បាន​សន្យា ។ នៅពេល​អ្នក​អាន​ជំពូក​នេះ សូម​រក​មើល​សេចក្ដី​ពិត​ដែល​អាច​ជួយ​អ្នក​ឲ្យ​ទទួល​បាន​ពរជ័យ​ដែល​ព្រះ​បាន​សន្យា ។

សូម​អាន ហេព្រើរ ៦:១–៣ ដោយ​រកមើល​អ្វី​ដែល​ប៉ុល​បាន​បង្រៀន​ពួកបរិសុទ្ធ​ឲ្យ​បន្ត​ធ្វើ​ទៀត ។ សូម​កត់សម្គាល់​ថា ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ហេព្រើរ ៦:១ ( នៅក្នុង សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ) បាន​ចែង​ថា « ដូច្នេះ​ដោយ ពុំ បែរ​ចេញ​ពី​គោលការណ៍​ទាំងឡាយ​នៃ​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ » ( បាន​បន្ថែម​អក្សរ​ទ្រេត ) ។ ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ហេព្រើរ ៦:៣ ( នៅក្នុង សេចក្ដីណែនាំ​ដល់​បទគម្ពី​រ​ទាំងឡាយ ) ថ្លែង​ថា « ហើយ​យើង​រាល់​គ្នា​នឹង​ជឿន​ទៅ​មុខ ទៅរក​ភាព​ដ៏​ល្អ​ឥតខ្ចោះ បើសិន​ជា​ព្រះ​ទ្រង់​អនុញ្ញាត​ឲ្យ » ។

ដើម្បី​មាន​ភាព​ល្អ​ឥតខ្ចោះ​មាន​ន័យ​ថា ការ​មាន​ភាព​ចាស់ទុំ ឬ មិន​ខ្វះ​លក្ខណៈ​ខាង​វិញ្ញាណ ( សូមមើល សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ល្អ​ឥតខ្ចោះ » scriptures.lds.org) ។ យើង​អាន​នៅក្នុង ហេព្រើរ ៦:១–២ ថា​គោលការណ៍ និង ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ​ទីមួយ បង្កើត​បាន​ជា​គ្រឹះ ដែល​យើង​គប្បី​ស្ថាបនា​ខ្លួន​នៅលើ​នោះ នៅពេល​ពេល​យើង​បន្ត​ដើរ​ឆ្ពោះ​ទៅ​រក​ភាព​ល្អ​ឥតខ្ចោះ ឬ ការចាស់​ទុំ​ខាង​វិញ្ញាណ ។

ដូច​បាន​កត់ត្រា​នៅក្នុង ហេព្រើរ ៦:៤–៨ ប៉ុល​បាន​ពិពណ៌នា​ពី អស់​អ្នក​ដែល​ត្រូវបាន​ហៅ​ថា​ជា កូន​ហិនវិនាស—អស់​អ្នក​ដែល​មាន​ចំណេះ​ដឹង​ពេញលេញ និង ឥតខ្ចោះ​ថា​ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ហើយ​ក្រោយ​មក​បាន​បែរ​ចេញ​ពី​សេចក្តី​ពិត​នេះ ព្រមទាំង​ក្លាយ​ជា​សត្រូវ​របស់​ព្រះ ។ ប៉ុល​បាន​ប្រៀបធៀប​បុគ្គល​ទាំង​នោះ​ជាមួយ​នឹង​ពួកបរិសុទ្ធ ដែល​លោក​បាន​ការលើ​ខ្នង​សំបុត្រ​នេះ ដែល​បាន​ធ្វើការ​នៅក្នុង​ព្រះនាម​នៃ​ព្រះគ្រីស្ទ ( សូមមើល ហេព្រើរ ៦:៩–១០ ) ។

សូម​អាន ហេព្រើរ ៦:១១-១៥ ដោយ​រកមើល​អ្វី​ដែល​ប៉ុល​បាន​លើក​ទឹកចិត្ត​ដល់​ពួកបរិសុទ្ធ​ឲ្យ​ធ្វើ នៅពេល​ពួកគេ​បន្ត​ដើរ​ឆ្ពោះ​ទៅ​រក​ការគ្រង​មរដក​នៃ​ពរជ័យ​របស់​ព្រះ​ដែល​បាន​សន្យា ។ វា​អាច​មាន​ប្រយោជន៍​ដើម្បី​ដឹង​ថា​ឃ្លា « បាន​សម្តែង​ចេញ​ជា​ចិត្ត​ឧស្សាហ៍​ដូច​គ្នា​ទាំង​អស់ ប្រយោជន៍​ឲ្យ​បាន​សេចក្តី​ជំនឿ​ដ៏​ពេញលេញ​របស់​សេចក្តី​សង្ឃឹម » នៅក្នុង ខ​ទី ១១ សំដៅ​លើ​ការ​មាន​ចិត្ត​ឧស្សាហ៍​រហូត​ដល់​យើង​ទទួល​ពរជ័យ​របស់​ព្រះ​ដែល​បាន​សន្យា ។

ប៉ុល​បាន​ពិពណ៌​អំពី​អ័ប្រាហាំ​ថា​ជា​គំរូ​នៃ​ការមាន​ចិត្ត​ឧស្សាហ៍ សេចក្តីជំនឿ និង ការអត់ធ្មត់​នៅក្នុង​ការព្យាយាម​ទទួល​ពរជ័យ​របស់​ព្រះ​ដែល​បាន​សន្យា ។ អ័ប្រាហាំ​មាន​អាយុ ៧៥ ឆ្នាំ កាល​ព្រះ​បាន​សន្យា​ដល់​លោក​ឲ្យ​មាន​ពូជពង្ស ហើយ​ក្រោយ​មក​លោក​បាន​រង់ចាំ ២៥​ឆ្នាំ​ដោយ​សេចក្តីជំនឿ​ទម្រាំ​ការសន្យា​នោះ​បាន​សម្រេច តាមរយៈ​កំណើត​របស់​អ៊ីសាក ។ ចេញ​ពី​ការណែនាំ​របស់​ប៉ុល យើង​រៀន​ថា តាមរយៈ​ការឧស្សាហ៍​រហូត​ដល់​ទីបំផុត មាន​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​មាន​ការអត់ធ្មត់ នោះ​យើង​អាច​ទទួល​បាន​ពរជ័យ​របស់​ព្រះ​ដែល​បាន​សន្យា ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា ហេតុអ្វី​ការឧស្សាហ៍​ព្យាយាម សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង ការអត់ធ្មត់​មាន​សារៈសំខាន់ នៅពេល​យើង​ព្យាយាម​ដើម្បី​ទទួល​បាន​នូវ​ពរជ័យ​របស់​ព្រះ​ដែល​បាន​សន្យា ?

    2. តើ​នៅពេល​ណា​ដែល​អ្នក​បាន​ទទួល​ពរជ័យ​ដែល​បាន​សន្យា តាមរយៈ​ការឧស្សាហ៍​ព្យាយាម សេចក្តី​ជំនឿ លើ​ព្រះយេស៊ូវគ្រីស្ទ និង ការអត់ធ្មត់ ?

ដូច​បាន​កត់ត្រា​នៅក្នុង ហេព្រើរ ៦:១៦–១៨ ប៉ុល​បាន​បង្រៀន​ថា ព្រះ​នឹង​រក្សា​ការសន្យា​របស់​ទ្រង់ ហើយ​ទ្រង់​ពុំ​ដែរ​កហុក​ឡើយ ។ ហេតុដូច្នោះ​ហើយ យើង​អាច​មាន​សង្ឃឹម​នៅក្នុង​ការសន្យា​របស់​ទ្រង់ ហើយ​ទទួល​បាន​ការអះអាង​ចំពោះ​ការបំពេញ​នូវ​ការសន្យា​ទាំង​នោះ ។

សូម​អាន ហេព្រើរ ៦:១៩-២០ ដោយ​រកមើល​ពី​របៀប​ដែល​សេចក្តីសង្ឃឹម​របស់​យើង នៅក្នុង​ការសន្យា​របស់​ព្រះ​ជះឥទ្ធិពល​ក្នុង​ជីវិត​របស់​យើង ។

សេចក្តីពិត​មួយ​ដែល​យើង​អាច​រកឃើញ​នៅក្នុង ហេព្រើរ ៦:១៩ គឺ​ថា សេចក្តីសង្ឃឹម​របស់​យើង​នៅក្នុង​ការសន្យា​របស់​ព្រះ​គឺ​ជាយុថ្កា​ខាង​វិញ្ញាណ​សម្រាប់​ព្រលឹង​យើង ។ សេចក្ដី​សង្ឃឹម​គឺ​ជា « ការរំពឹង​ទុក​ដ៏​មាន​ទំនុកចិត្ត និង​ការទន្ទឹងរង់ចាំ​ដល់​ពរជ័យ​ដែល​បាន​សន្យា​នៃ​សេចក្ដី​សុចរិត » ( សេចក្ដី​ណែនាំ​ដល់​ព្រះគម្ពីរ « សេចក្ដី​សង្ឃឹម » scriptures.lds.org ) ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​គូរ​រូប​យុថ្កា​មួយ ។ សូម​គិត​ថា​តើ​យុថ្កា​ជួយ​អ្វីខ្លះ​ដល់​កប៉ាល់ ។ សូម​សរសេរ​អំពី​របៀប​ដែល​សេចក្តីសង្ឃឹម​របស់​អ្នក នៅក្នុង​ការសន្យា​របស់​ព្រះ​បាន​ក្លាយ​ជា​យុថ្កា​ខាង​វិញ្ញាណ​សម្រាប់​អ្នក ។

សូម​គិត​ពី​របៀប​ដែល​អ្នក​អាច​អភិវឌ្ឍ​ឲ្យ​បាន​កាន់តែ​ពេញលេញ​នូវ​ភាពឧស្សាហ៍ សេចក្តីជំនឿ ការអត់ធ្មត់ និង សេចក្តីសង្ឃឹម ។ អ្នក​អាច​កត់ត្រា​អារម្មណ៍​ដែល​អ្នក​មាន ទុក​នៅក្នុង​សៀវភៅ​ទិន្នានុប្បវត្តិ​របស់​អ្នក ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា ហេព្រើរ ៥-៦ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖