បណ្ណាល័យ
មេរៀន​ទី ១៤ ថ្ងៃទី ១ ៖ យ៉ូហាន ៧


មេរៀន​ទី ១៤ ៖ ថ្ងៃ​ទី ១

យ៉ូហាន ៧

សេចក្តីផ្ដើម

ព្រះយេស៊ូវ​បាន​ចូលរួម​ពិធី​បុណ្យ​បារាំ​នៅក្នុង​ក្រុង​យេរូសាឡិម ហើយ​បាន​បង្រៀន​មនុស្ស​ម្នា​នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ ពី​របៀប​ដែល​ពួកគេ​អាច​ទទួល​បាន​ទីបន្ទាល់​មួយ​ថា ការបង្រៀន​របស់​ទ្រង់​គឺ​មក​ពី​ព្រះ​ជា​ព្រះវរបិតា ។ ដោយសារ​មនុស្ស​ឆ្ងល់​ថា​តើ​ទ្រង់​គឺ​ជា​នរណា នោះ​ព្រះយេស៊ូវ​បាន​ប្រើ​រូបរាង​នៃ​ទឹក និង ពន្លឺ​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ភាព​ជា​ព្រះរបស់​ទ្រង់ ។ ទ្រង់​ក៏​បាន​បង្រៀន​ពួកគេ​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ផងដែរ ។

យ៉ូហាន ៧:១-១៣

ព្រះយេស៊ូវ​ចូលរួម​ពិធី​បុណ្យ​បារាំ

តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា ព្រះយេស៊ូវ​មាន​បងប្អូន​ប្រុសស្រី​ដែរ​ឬ​ទេ ?

យោង​តាម​ព្រះគម្ពីរ យ៉ូសែប និង ម៉ារា មាន​កូន​ដែល​បាន​កើត​បន្ទាប់​ពី​ព្រះយេស៊ូវ ហើយ​ដែល​បាន​ចិញ្ចឹម​បីបាច់​នៅក្នុង​ផ្ទះ​ជាមួយ​នឹង​ទ្រង់​ដែរ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​បុត្រា​របស់​ម៉ារី និង ព្រះ​ជា​ព្រះវរបិតា ពុំមែន​យ៉ូសែប​ទេ នោះ​បុគ្គល​ទាំង​នោះ​គឺ​ជា​បងប្អូន​ប្រុសស្រី​ចុង​របស់​ព្រះយេស៊ូវ ( សូមមើល ម៉ាថាយ ១៣:៥៥–៥៦, ម៉ាកុស ៦:៣) ។

សូម​ពិចារណា​ពី​ស្ថានភាព​នោះ​ដែល​ពួកគេ​ធំ​ឡើង​នៅ​ក្នុង​ផ្ទះ​តែ​មួយ​ជាមួយ​ព្រះយេស៊ូវ ។

តើ​អ្នក​គិត​ថា វា​នឹង​ស្រួលជាង​ដើម្បី​ជឿ​លើ​ទ្រង់​ទេ ប្រសិនបើ​អ្នក​ធំ​ឡើង​ដោយ​នៅ​ផ្ទះ​ជាមួយ​ទ្រង់​នោះ ? ហេតុអ្វី​ងាយ​ជឿ ឬ ហេតុអ្វី​មិន​ងាយ​ជឿ ?

នៅក្នុង យ៉ូហាន ៧ យើង​រៀន​ពី​របៀប​ដែល « ប្អូនប្រុស » របស់​ព្រះយេស៊ូវ (យ៉ូហាន ៧:៣, ៥) គិត​អំពី​ទ្រង់ ។ ពាក្យ ប្អូនទ្រង់ នៅ​ទីនេះ ប្រហែល​ជា​សំដៅ​លើ​ប្អូន​ប្រុស​របស់​ព្រះយេស៊ូវ ប៉ុន្តែ​វា​ក៏​អាច​រួម​បញ្ចូល​នូវ​សាច់ញាតិ​ជិតស្និទ្ធ​ផ្សេង​ទៀត​ផងដែរ ។

សូមអាន យ៉ូហាន ៧:១–៥ដោយ​រកមើល​អ្វី​ដែល​យ៉ូហាន​បាន​កត់ត្រា​អំពី​ប្អូន​របស់​ព្រះយេស៊ូវ ។

សូម​ពិចារណា​ពី​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម ដោយ​អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់ ៖

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃី

« ទីបន្ទាល់​មួយ​អំពី​ភាព​ជា​ព្រះ​របស់​ព្រះគ្រីស្ទ និង ព្រះចេស្តា​នៃ​ការសង្គ្រោះ​នៃ​ដំណឹង​ល្អ​របស់​ទ្រង់​គឺ​ពុំ​ត្រូវបាន​ប្រទាន​ឲ្យ​ដោយ​ស្វ័យ​ប្រវត្តិ ដោយសារតែ​ទំនាក់ទំនង​នៃ​គ្រួសារ​នោះ​ទេ ។ វា​ទទួល​បាន​តែ​តាមរយៈ​ការគោរព​ប្រតិបត្តិ​ផ្ទាល់​ខ្លួន​តាម​ក្រឹត្យវិន័យ​អស់កល្ប​ជានិច្ច ដែល​អ្នក​ទទួល​ទីបន្ទាល់​នោះ​ផ្អែក​ទៅលើ​តែ​ប៉ុណ្ណោះ ។ …

« ជាញឹកញាប់ ការហៅ​ដ៏​ពិសេស​នេះ​ត្រូវបាន​ធ្វើ​ឡើង​ចំពោះ​កូនប្រុស​របស់​យ៉ូសែប និង ម៉ារា ថា​ជា ‹ ប្អូន​ប្រុស › របស់​ព្រះយេស៊ូវ ។ … ទោះជា​ ពួកគេ​ត្រូវបាន​ចិញ្ចឹម​បីបាច់​នៅក្នុង​ផ្ទះតែ​មួយ ហើយ​ចេញ​មក​ពី​ឥទ្ធិពល [ ថែរក្សា]​ ដ៏​ទន់ភ្លន់​របស់​យ៉ូសែប និង ម៉ារា ទោះ​ជា​ពួកគេ​បាន​ដឹង​ពី​ការបង្រៀន ការបម្រើ និង អព្ភូតហេតុ​អំពី​ព្រះយេស៊ូវ​ក្តី តែ​សាច់​ញាតិ​ដ៏​ជិតស្និទ្ធ​របស់​ទ្រង់​ពុំ​បាន​ទទួល​ស្គាល់​ថា​ទ្រង់​គឺ​ជា​ព្រះមែស៊ី​ឡើយ » (Doctrinal New Testament Commentary ភាគ​ទី ៣ [ ឆ្នាំ ១៩៦៥–៧៣] ១:៤៣៧ ) ។

សូម​ពិចារណា​លើ​សំណួរ​ខាងក្រោម​នេះ ៖ តើ​សមាជិក​​គ្រួសារ​របស់​ព្រះយេស៊ូវ​មួយ​ចំនួន​​ពុំ​ជឿ​លើ​ទ្រង់​បាន​ដោយ​របៀប​ណា បើ​ទោះបី​ជា​ពួកគេ​បាន​ដឹង​ពី​ការបង្រៀន និង អព្ភូតហេតុ​របស់​ទ្រង់​ហើយ​នោះ ?

បន្ទាប់​ពី​កត់សម្គាល់​ឃើញ​ថា ​នៅពេល​ដែល​ព្រឹត្តិការណ៍​នេះ​បាន​កត់ត្រា​នៅក្នុង យ៉ូហាន ៧ប្អូន​ប្រុស​របស់​ព្រះយេស៊ូវ​ពុំ « ទទួល​យក​ទ្រង់​ថា​ព្រះមែស៊ី​ឡើយ » នោះ​អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃី ​បាន​ពន្យល់ ៖ « ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពួកគេ​ទាំងអស់​គ្នា​បាន​ផ្លាស់ប្រែ​ចិត្ត​ជឿ​នៅពេល​ក្រោយ​មក (កិច្ចការ ១:១៤) មាន​ម្នាក់​ដែល​បាន​រក​ឃើញ​ដោយ​ប៉ុល ថា​ជា ‹ យ៉ូហាន ប្អូន​ប្រុស​របស់​ព្រះអម្ចាស់ › (កាឡាទី ១:១៩) បាន​បម្រើ​នៅក្នុង​ភាព​ជា​សាវក​ដ៏​បរិសុទ្ធ ហើយ​មាន​ម្នាក់​ទៀត យូដាស ដែល​ហៅ​ខ្លួន​គាត់​ថា ‹ យូដាស … ជា​ប្អូន​យ៉ាកុប › (យូដាស ១) ដែល​បាន​សរសេរ​សំបុត្រ​នៃ​យូដាស » (Doctrinal New Testament Commentary ១:៤៣៧ ) ។

យ៉ូហាន ៧ កត់ត្រា​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​អំឡុង​ពេល​នៃ​ពិធី​បុណ្យ​បារាំ​នៅក្នុង​ទីក្រុង​យេរូសាឡិម ( សូមមើល យ៉ូហាន ៧:២) ។ អំឡុង​ពេល​ពិធី​ជប់លៀង​នេះ « [ ពួក​សាសន៍​យូដា ] បាន​ចាត់ទុក​ថា​ជា​ពិធី​ដ៏​រីករាយ​ខ្លាំង និង អស្ចារ្យ​បំផុត » ( Bible Dictionary « Feasts ») ពួក​សាសន៍ យូដា​ជា​ច្រើន​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម ដើម្បី​រំឭក​ដល់​ពរជ័យ​របស់​ព្រះ​ដែល​ប្រទាន​មកលើ​កូនចៅ​នៃ​សាសន៍​អ៊ីស្រាអែល នៅពេល​ពួកគេ​ធ្វើ​ដំណើរ​នៅក្នុង​ទីរហោស្ថាន បន្ទាប់​ពី​ការរំដោះ​ឲ្យ​រួច​ពី​ទាសភាព​នៅក្នុង​ប្រទេស​អេស៊ីព្ទ ( សូមមើល លេវីវិន័យ ២៣:៣៩–៤៣) ។ ពួកគេ​ក៏​បាន​ប្រារព្ធ ហើយ​ថ្លែង​អំណរគុណដល់​​ការច្រូតកាត់​ប្រចាំ​ឆ្នាំ​នៃ​ផល្លានុផល និង គ្រាប់​ធញ្ញជាតិផង​ដែរ ( សូមមើល និក្ខមនំ ២៣:១៦) ។ ពិធីជប់លៀង​នេះ​មាន​រយៈពេល​ប្រាំបី​ថ្ងៃ ។

សូម​កត់ចំណាំ​ថា​នៅក្នុង យ៉ូហាន ៧:៣–៤ ប្អូន​របស់​ព្រះយេស៊ូវ​ចង់​ឲ្យ​ទ្រង់​ទៅ​ពិធី​បុណ្យ​បារាំ​នៅក្នុង​ក្រុង​យេរូសាឡិម ដោយ​និយាយ​ត្រង់ៗ​ថា ប្រសិន​បើ​ទ្រង់​ពិត​ជា​ព្រះមែស៊ី​មែន ទ្រង់​គួរតែ​ទៅ​ក្រុង​យេរូសាឡិម ហើយ​ប្រកាស​ប្រាប់​ដល់​មនុស្ស​ទាំង​អស់​នៅ​ទីនោះ ។

ដូច​បាន​កត់ត្រា​នៅក្នុង យ៉ូហាន ៧:៦–១០ព្រះយេស៊ូវ​បាន​សម្រេច​ព្រះទ័យ​ពន្យា​ការទៅ​ពិធី​បុណ្យ​នោះ ប៉ុន្តែ​ទ្រង់​បាន​លើក​ទឹកចិត្ត​ប្អូន​របស់​ទ្រង់​ឲ្យ​ទៅ ។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​បន្ទាប់​ពី​ពិធី​បុណ្យ​នោះ​បាន​ចាប់ផ្តើម នោះ​ទ្រង់​បាន​យាង​ទៅ​ដោយ​សម្ងាត់—ដោយ​ដឹង​ថា​អ្នក​ដឹកនាំ​សាសន៍​យូដា​មួយ​ចំនួន​នៅក្នុង​ក្រុង​យេរូសាឡិម​ចង់​ធ្វើ​គុតទ្រង់ ប៉ុន្តែ​ថា​ពេលវេលា​នៃ​ការសុគត​របស់​ទ្រង់​ពុំ​ទាន់​មក​ដល់​នៅ​ឡើយ ។

សូមអាន យ៉ូហាន ៧:១១-១៣ដោយ​រកមើល​អ្វី​ដែល​ប្រជាជន​នៅ​ក្រុង​យេរូសាឡិម​កំពុង​និយាយ​ពី​ព្រះយេស៊ូវ ។

គឺ​ដូច​នៅ​សម័យ​របស់​ព្រះ​យេស៊ូវ​ដែរ មនុស្ស​មាន​គំនិត​ផ្សេងៗ​គ្នា​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ជំនាន់​របស់​យើង​នេះ ។ មនុស្ស​មួយ​ចំនួន​ដឹង ហើយ​ថ្លែង​ទីបន្ទាល់​ថា​ទ្រង់​គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ និង​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​មនុស្ស​លោក​ទាំងអស់ ។ មនុស្ស​ផ្សេង​ទៀត​ជឿ​ថា​ទ្រង់​គឺ​ជា​គ្រូបង្រៀន ឬ ព្យាការី​ដ៏​អស្ចារ្យ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មនុស្ស​មួយ​ចំនួន​ទៀត​បដិសេធ​ភាព​ជា​ព្រះ​របស់​ព្រះយេស៊ូវគ្រីស្ទ និង សេចក្ដីពិត​ដ៏ពេញ​លេញ​នៃ​ការបង្រៀន​របស់​ទ្រង់ ឬ ភ័យខ្លាច​ដើម្បី​ធ្វើ​តាម​ទ្រង់​ដោយ​បើក​ចំហ ។ នៅពេល​អ្នក​បន្ត​សិក្សា យ៉ូហាន ៧សូម​រក​មើល​របៀប​ដែល​អ្នក​អាច​ដឹង​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​អ្នក ហើយ​ថា​ការបង្រៀន​របស់​ទ្រង់​គឺ​ជា​ការពិត ។

យ៉ូហាន ៧:១៤-៣៦

ព្រះយេស៊ូវ​គ្រីស្ទ​បង្រៀន​សាសន៍​យូដា​នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ

ព្រះវិហារបរិសុទ្ធ​គឺ​ជា​កន្លែង​ដ៏​សំខាន់​នៃ​ការប្រារព្ធ​នានា​ដែល​ធ្វើ​ឡើង អំឡុង​ពេល​នៃ​បុណ្យ​បារាំ ។ សូមអាន យ៉ូហាន ៧:១៤–១៥ដោយ​រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​នៅ​ទីនោះ ។ សូម​គិត​ពី​ការគូស​ចំណាំ​លើ​ប្រតិកម្ម​របស់​ប្រជាជន​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

ពួក​សាសន៍​យូដា​មាន​ការអស្ចារ្យ ដែល​ព្រះយេស៊ូវ​អាច​បង្រៀន​យ៉ាង​ក្បោះក្បាយ និង ដោយ​ព្រះ​ប្រាជ្ញា​ដោយ​គ្មាន « សំបុត្រ » ឬ ត្រូវបាន​ហ្វឹកហ្វឺន​ដោយ​ពួកអាចារ្យ​សាសន៍​យូដា ឬ ចូលរៀន​នៅក្នុង​សាលា​របស់​ពួកគេ​ឡើយ ។ សូម​អាន យ៉ូហាន ៧:១៦-១៨ដោយ​រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា​មនុស្ស​អាច​ធ្វើ​ដើម្បី​ដឹង​ថា តើ​គោលលទ្ធិ ឬ ការបង្រៀន​របស់​ទ្រង់​នោះ​ពិត​ឬ​អត់ ។ សូម​គិត​ពី​ការគូស​ចំណាំ​ថា​នរណា​ដែល​បាន​ផ្តល់​គោលលទ្ធិ​ឲ្យ​ព្រះយេស៊ូវ​បង្រៀន ។

  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​មនុស្ស​ម្នាក់​អាច​ដឹង​ថា គោលលទ្ធិ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ពិត​ជា​មក​ពី​ព្រះ​មែន​ដោយ​របៀប​ណា ?

    2. ចេញ​ពី​ការបង្រៀន​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ​យើង​រៀន​ថា ប្រសិនបើ​យើង​ធ្វើ​តាម​ព្រះឆន្ទៈ​របស់​ព្រះវរបិតាសួគ៌ នោះ​យើង​នឹង​ទទួល​បាន​នូវ​ទីបន្ទាល់​នៃ​គោលលទ្ធិ​របស់​ទ្រង់ ។ សូម​ពន្យល់​ពី​មូលហេតុ​ដែល​អ្នក​គិត​ថា គោលការណ៍ នេះ ពិត ។

រូបភាព
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ក្នុង​គណៈប្រធាន​ទីមួយ​បាន​មាន​ប្រសាសន៍ ៖ « យើង​ទទួល​បាន​ទីបន្ទាល់​មួយ​នៃ​គោលការណ៍​នៃ​ដំណឹង​ល្អ តាមរយៈ​ការ​ព្យាយាម​​រស់នៅ​តាម​វាដោយគោរព​ប្រតិបត្តិ ។ ព្រះអង្គសង្គ្រោះ​បាន​មាន​បន្ទូល​ថា ‹ បើ​អ្នក​ណា​ចង់​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ទ្រង់ នោះ​នឹង​បាន​ដឹង​ពី​សេចក្ដី​បង្រៀន​នេះ › [យ៉ូហាន ៧:១៧] ។ ទីបន្ទាល់​មួយ​អំពី​ការអធិស្ឋាន​ដ៏​មាន​ប្រសិទ្ធភាព​កើត​ឡើង​តាមរយៈ​ការអធិស្ឋាន​ដោយ​បន្ទាបខ្លួន និង ដោយ​ចិត្ត​ស្មោះសរ ។ ទីបន្ទាល់​អំពី​ដង្វាយ​មួយភាគ​ក្នុង​ដប់​កើត​មក​ពី​ការបង់​ដង្វាយមួយ​ភាគ​ក្នុង​ដប់ » (« Lord, I Believe; Help Thou Mine Unbelief » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៣ ទំព័រ ២២ ) ។

តើ​ប្រធាន​ហ្វោស្ត​បាន​បង្រៀន​ថា យើង​ត្រូវ​ធ្វើ​អ្វីខ្លះ​ដើម្បី​ទទួល​បាន​ទីបន្ទាល់​មួយ​អំពី​គោលការណ៍​នៃ​ដំណឹង​ល្អ ?

សូម​ចាំ​ថា​ប្អូន​ប្រុស​របស់​ព្រះយេស៊ូវ​មួយ​ចំនួន​ពុំ​ជឿ​លើ​ទ្រង់​ថា​ទ្រង់​គឺ​ជា​ព្រះមែស៊ី​ដែល​បាន​សន្យា​នោះ​ទេ ប៉ុន្តែ​ក្រោយ​មក​ពួកគេ​បាន​ទទួល​ទីបន្ទាល់ ហើយ​បាន​ប្រែចិត្ត​ជឿ ។ តើ​គោលការណ៍​ខាង​លើ​នេះ​អាច​ជួយ​សមាជិក​គ្រួសារ​ទាំង​នោះ​ឲ្យ​ទទួល​បាន​ទីបន្ទាល់​របស់​ព្រះយេស៊ូវគ្រីស្ទ និង ការបង្រៀន​របស់​ទ្រង់​ដោយ​របៀប​ណា ?

រូបភាព
បូនី អិល. អូស្ការ​សុន

បន្ទាប់​ពី​ដកស្រង់ យ៉ូហាន ៧:១៧ស៊ីស្ទើរ បូនី អិល អូស្ការសុន ដែលជា​ប្រធាន​យុវនារីទូទៅ​បាន​បង្រៀន ៖ « ពេលខ្លះ​ពួក​យើង​ព្យាយាម​ធ្វើ​វា​បញ្ច្រាស​មក​វិញ ។ ឧទាហរណ៍ យើង​អាច​នឹង​ធ្វើ​តាម​របៀប​នេះ ៖ ខ្ញុំ​នឹង​សប្បាយ​ដើម្បី​រស់​នៅ​តាម​ច្បាប់​ដង្វាយ​មួយភាគ​ក្នុង​ដប់ ប៉ុន្តែ​ដំបូង​ខ្ញុំ​ចាំបាច់​ត្រូវ​ដឹង​ថា​វា​ពិត​សិន ។ យើង​ប្រហែល​ជា​នឹង​អធិស្ឋាន​ដើម្បី​ទទួល​បាន​ទីបន្ទាល់​មួយ​អំពី​ច្បាប់​ដង្វាយ​មួយភាគ​ក្នុង​ដប់ ហើយ​សង្ឃឹម​ថា ព្រះ​អម្ចាស់​នឹង​ប្រទានពរ​យើង​ឲ្យ​មាន​ទីបន្ទាល់​នោះ មុន​ពេល​យើង​បាន​សរសេរ​នៅ​លើ​ក្រដាស​ដង្វាយ ។ វា​ពុំ​កើត​ឡើង​តាម​វិធី​នោះ​ទេ ។ ព្រះអម្ចាស់​រំពឹង​ឲ្យ​យើង​អនុវត្ត​សេចក្ដី​ជំនឿ ។ យើង​ត្រូវ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ដប់​ពេញ​លេញ និង​ដោយ​ស្មោះ​ឲ្យ​ខ្ជាប់​ខ្ជួន ដើម្បី​ទទួល​បាន​ទីបន្ទាល់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។ គំរូ​ដូច​គ្នា​នេះ អនុវត្ត​គ្រប់​គោលការណ៍​នៃ​ដំណឹងល្អ មិន​ថា​ជា​ច្បាប់​ព្រហ្មចារីភាព គោលការណ៍​នៃ​ភាពរមទម្យ ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ឬ​ច្បាប់​តមអាហារ​នោះ​ទេ » (« Be Ye Converted » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៧៧ ) ។

សម្រាប់​កិច្ចការ​មួយ ឬ កិច្ចការ​ទាំង​ពីរ​នៃ​កិច្ចការ​បន្ទាប់​ទៀត ប្រសិនបើ​អ្វី​ដែល​អ្នក​មាន​អារម្មណ៍​បំផុស​គំនិត​ឲ្យ​សរសេរ​នោះ​វា​ផ្ទាល់​ខ្លួន​ពេក នោះ​អ្នក​អាច​សរសេរ​ចម្លើយ​របស់​អ្នក​នៅក្នុង​កំណត់​ហេតុ​ផ្ទាល់​ខ្លួន​របស់​អ្នក ឬ នៅ​លើ​ក្រដាស​មួយ​សន្លឹក​ផ្សេង​ទៀត ហើយ​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក​ថា​អ្នក​បាន​បញ្ចប់​កិច្ចការ​នេះ ។

  1. សូម​បំពេញ​សេចក្តី​ថ្លែងការណ៍​ដូច​ត​ទៅនេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក ដោយ​ការសរសេរ​អំពី​ព្រះបញ្ញត្តិ ឬ គោលការណ៍​នៃ​ដំណឹង​ល្អ ដែល​អ្នក​បាន​ដឹង​ថា​វា​ពិត​តាមរយៈ​កិច្ចខិតខំ​រស់នៅ​តាម​វា ៖ ខ្ញុំ​ដឹង គឺ​ជា​ការពិត ដោយសារ​នៅពេល​ខ្ញុំ​បាន​រស់នៅ​តាម​វា នោះខ្ញុំ . សូម​គិត​ពី​ការចែកចាយ​អ្វី​ដែល​អ្នក​បាន​សរសេរ​ជាមួយ​នរណា​ម្នាក់​ដែល​អ្នក​គិត​ថា​អាច​រីកចម្រើន តាមរយៈ​ការស្តាប់​ទីបន្ទាល់​របស់​អ្នក ។

  2. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​សេចក្តី​ពិត​នៃ​ដំណឹង​ល្អ ព្រះបញ្ញត្តិ ឬ ការបង្រៀន​ដែល​អ្នក​ចង់​ទទួល​បាន​នូវ​ទីបន្ទាល់​អំពី​វា​កាន់តែ​ខ្លាំង​ឡើយ ។ បន្ទាប់​មក​សូម​សរសេរ​អ្វី​ដែល​អ្នក​នឹង​ធ្វើ​ដើម្បី​ទទួល​បាន​នូវ​ទីបន្ទាល់​កាន់តែ​ខ្លាំង​ឡើង​អំពី​សេចក្តីពិត ព្រះបញ្ញត្តិ ឬ ការបង្រៀន​នោះ តាមរយៈ​ការអនុវត្ត​គោលការណ៍​ដែល​អ្នក​បាន​រៀន​នៅ​ក្នុង យ៉ូហាន ៧:១៧

យ៉ូហាន ៧:១៩–៣៦ ពន្យល់​ថា​ព្រះយេស៊ូវ​បាន​ស្តី​បន្ទោស​អ្នក​ដឹកនាំ​សាសន៍​យូដា ចំពោះ​ការបដិសេធ​សេចក្តី​បង្រៀន និង អព្ភូតហេតុ​របស់​ទ្រង់ ព្រមទាំង​ព្យាយាម​ចង់​ធ្វើ​គុតទ្រង់ ។ ខគម្ពីរ​ទាំង​នេះ​ក៏​បាន​ប្រាប់​ថា​មនុស្ស​ជាច្រើន​បាន​ឆ្ងល់​ថា តើ​ទ្រង់​គឺ​ជា​ព្រះមែស៊ី​ឬ ហើយ​ថា​ពួក​សង្គ្រាជ និង ពួក​ផារិស៊ី​បាន​បញ្ជូន​ពួក​អាជ្ញា​ឲ្យ​ទៅ​ចាប់​ទ្រង់ ។

យ៉ូហាន ៧:៣៧-៥៣

ព្រះយេស៊ូវគ្រីស្ទ​បង្រៀន​អំពី​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ

សូម​គិត​ពី​គ្រា​មួយ នៅពេល​អ្នក​ស្រេក​ទឹក ។ សូម​គិត​ថា​អ្នក​បាន​កាន់​ពែង​ទទេ​ដែល​គ្មាន​ទឹកនៅក្នុង​ដៃ​ ។ តើ​ពែង​ទទេ​គ្មាន​ទឹក​នោះ​អាច​បំបាត់​ការស្រេក​ទឹក​របស់​អ្នកបាន​​ទេ ? តើ​អ្នក​ត្រូវការ​អ្វី​ទៀត ?

សូម​ចំណាយ​ពេល​មួយ​ស្របក់ ហើយ​ផឹក​ទឹក ។ នៅពេល​អ្នក​ផឹក សូម​គិត​ថា​ទឹក​នោះ​វា​ចាំបាច់​ខ្លាំង​ប៉ុណ្ណា​នៅក្នុង​ជីវិត​អ្នក ។ អ្នក​អាច​អធិស្ឋាន​ថ្លែង​អំណរគុណ​ចំពោះ​ព្រះវរបិតាសួគ៌​សម្រាប់​ការប្រទាន​ទឹក​ដល់​អ្នក និង គ្រួសារ​អ្នក ។

ទឹកដី​អ៊ីស្រាអែល​គ្មាន​ប្រព័ន្ធ​ទឹក​សាប​ផ្គត់ផ្គង់​ទូលំទូលាយ ដើម្បី​បំពេញ​តម្រូវការ​របស់​ប្រជាជន​ឡើយ ។ មនុស្ស​អាច​រស់នៅ​បាន​តាមរយៈ​តំណក់​ភ្លៀង​ស្រោចស្រព​យ៉ាង​ច្រើន​ដែល​ក្លាយ​ជា​ប្រភព​ទឹក​របស់​ពួកគេ ។ អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃី បាន​ពន្យល់​ពី​របៀប​ដែល​ទឹក​គឺ​ជា​ផ្នែក​មួយ​នៃ « ឱកាស​ដ៏​ឱឡារិក និង រំភើប​ក្រៃលែង​នៃ​ការថ្វាយ​បង្គំ​របស់​សាសន៍​យូដា » អំឡុង​ពេល​នៃ​ពិធី​នោះ​ដែល​នៅតែ​បន្ត​មាន ៖

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃី

« នៅ​ថ្ងៃ​និមួយៗ​នៃ​ថ្ងៃ​ទាំង​ប្រាំបី​នៃ​បុណ្យ​បារាំ …វា​គឺ​ជា​ប្រពៃណី ដ្បិត​ផ្នែក​មួយ​នៃ​ការថ្វាយ​បង្គំ​នៅ​ព្រះវិហារ​បរិសុទ្ធ​នោះ​សង្ឃ យក​ទឹក​ដាក់​ក្នុង​ថូ​មាស [ ថូ ] ចេញពី​ស្ទឹង​ស៊ីឡោម ដែល​ហូរ​នៅ​ក្រោម​ប្រភព​ទឹក​នៃ​ព្រះវិហារ​បរិសុទ្ធ ហើយ​ចាក់​វា​នៅ​លើ​អាសនា ។ ក្រោយ​មក​គេ​ច្រៀង​តាម​ពាក្យ​របស់​អេសាយ ៖ ‹ អ្នក​រាល់​គ្នា​នឹង​ដង​ទឹក​ពី​អណ្តូង​នៃ​សេចក្តី​សង្គ្រោះ​ដោយ​អំណរ › ។ (អេសាយ ១២:៣) ។ ហើយ​វា​ចំពេល​នោះ​តែ​ម្តង​នៃ​កម្តៅ​សាសនា ដែល​ព្រះយេស៊ូវ​បាន​ឈាន​ចេញ​ទៅ ហើយ​ប្រទាន​នូវ​ចរន្ត​ទឹក [ ភេសជ្ជៈ ]​ នៃ​អាហារ​រស់ ដែល​បំពេញ​នូវ​ការស្រេកឃ្លាន​ខាង​វិញ្ញាណ​យ៉ាង​ខ្លាំង​នៃ​ព្រលឹង » (Doctrinal New Testament Commentary ១:៤៤៦ ) ។

សូម​អាន យ៉ូហាន ៧:៣៧-៣៩ដោយ​រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ដល់​មនុស្ស​ទាំង​នោះ ។

ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ​នៃ យ៉ូហាន ៧:៣៩ ថ្លែង​ថា « ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ ត្រូវបាន​សន្យា​មក​ដល់​ពួកគេ​ដែល​ជឿ ហើយ​ក្រោយ​មក ព្រះយេស៊ូវ​ត្រូវបាន​តម្កើង​ឡើង » ( ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ យ៉ូហាន ៧:៣៩ [ នៅក្នុង យ៉ូហាន ៧:៣៩ លេខយោង] អក្សរ​ទ្រេត​ត្រូវបាន​បន្ថែម ) ។

ឃ្លា « ហូរ​ចេញ​ពី​ពោះ​ខ្លួន​មក » (យ៉ូហាន ៧:៣៨) បង្ហាញ​ថា ទឹក​រស់​នឹង​មាន​នៅក្នុង​ខ្លួន ហើយ​ចេញ​ពី​អ្នក​ជឿ ជាជាង​ចេញ​មក​ពី​ប្រភព​ខាង​ក្រៅ ។ សូម​គិត​ពី​ការគូស​ចំណាំ​នៅក្នុង យ៉ូហាន ៧:៣៩ ពី​អ្វី​ដែល​តំណាង​ឲ្យ​ទឹក​រស់ ។

Bible Dictionary ពន្យល់​ថា « ដោយ​ហេតុផល​មួយ​ចំនួន​ពុំត្រូវ​បាន​ពន្យល់​ពេញ​លេញ​នៅក្នុង​ព្រះគម្ពីរ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​ពុំ​ដំណើរ​ការ​ពេញ​ទាំងស្រុង​នៅក្នុង​ចំណោម​ពួក​សាសន៍​យូដា​ឡើយ អំឡុង​ឆ្នាំ​នៃ​ការបម្រើ​នៃ​ជីវិត​រមែង​ស្លាប់​របស់​ព្រះយេស៊ូវ (យ៉ូហាន ៧:៣៩, ១៦:៧) ។ សេចក្តី​ថ្លែងការណ៍​ទៅ​នឹង​លទ្ធផល​ដែល​ថា​ព្រះវិញ្ញាណ​បរិសុទ្ធ​ពុំ​យាង​មក​រហូត​ទាល់តែ បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នោះ គឺ​គ្រាន់តែ​សំដៅ​លើ​សម័យ​កាន់កាប់ត្រួត​ត្រា​នោះ​តែ​ប៉ុណ្ណោះ ដ្បិត​វា​បញ្ជាក់​យ៉ាង​ច្បាស់​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​មាន​ដំណើរការ​តាំងតែ​ពី​សម័យ​កាន់កាប់​ត្រួតត្រា​ពីមុនៗ​មក​ម្ល៉េះ ។ លើស​ពី​នេះ​ទៀត វា​គ្រាន់តែ​ថ្លែង​ថា អំណោយ​ទាន នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​គ្មាន​វត្តមាន​ឡើយ ប៉ុន្តែ ព្រះចេស្តា នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​ដំណើរការ​អំឡុង​ពេល​នៃ​ការបម្រើ​របស់​យ៉ូហាន បាទីស្ទ និង ព្រះយេស៊ូវ បើមិន​ដូច្នោះ​ទេ គ្មាន​នរណា​ម្នាក់​អាច​ទទួល​ទីបន្ទាល់​នៃ​សេចក្តីពិត​ដែល​បុរស​ទាំង​នេះ​បាន​បង្រៀន​ឡើយ (ម៉ាថាយ ១៦:១៦–១៧សូមមើល​ផងដែរ កូរិនថូស​ទី ១ ១២:៣) » ( Bible Dictionary « Holy Ghost ») ។

យោង​តាម​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង យ៉ូហាន ៧:៣៧–៣៩យើង​រៀន​ថា ប្រសិន​បើ​យើង​មក​រក​ព្រះយេស៊ូវគ្រីស្ទ ហើយ​ជឿ​លើ​ទ្រង់ នោះ​យើង​នឹង​ពោរពេញ​ដោយ​ព្រះវិញ្ញាណ ។ អស់​អ្នក​ដែល​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​អាច​មាន​ឥទ្ធិពល​លើ​មនុស្ស​ដទៃ ឲ្យ​ធ្វើ​ការណ៍​ល្អ ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ពិពណ៌នា​ពី​គ្រា​មួយ នៅពេល​អ្នក​ត្រូវបាន​រង​ឥទ្ធិពល ( ពោរពេញ ) ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ជា​លទ្ធផល អាច​មាន​ឥទ្ធិពល​លើ​មនុស្ស​ដទៃ​ទៀត​ឲ្យ​ធ្វើ​ការណ៍​ល្អ ។

នៅក្នុង យ៉ូហាន ៧:៤០-៥៣ យើង​អាន​ថា​ពួក​ផារិស៊ី​មាន​បំណង​ចាប់​ព្រះកាយ​ព្រះយេស៊ូវ​ម្តង​ទៀត ។ ពួក​អាជ្ញា​ដែល​គេ​បាន​បញ្ជូន​ឲ្យ​មក​ចាប់​ទ្រង់​បាន​ឮ​ព្រះយេស៊ូវ​បង្រៀន ។ ពួកគេ​បាន​ត្រឡប់​ទៅ​វិញ​ដោយ​ពុំ​ចាប់​ទ្រង់​ឡើយ ហើយ​បាន​ប្រាប់​ពួក​ផារិស៊ី​ថា ពួកគេ​ពុំ​ធ្លាប់​ឮ​នរណា​ម្នាក់​បង្រៀន​ដូច​ជា​ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​ឡើយ ហើយ​ការណ៍​នោះ​ធ្វើ​ឲ្យ​ពួក​ផារិស៊ី​ខឹង ។ នីកូដេម ជា​ពួក​ផារិស៊ី​ដែល​បាន​មក​រក​ព្រះយេស៊ូវ​ទាំង​យប់ ( សូមមើល យ៉ូហាន ៣:១–២) បាន​រំឭក​ពួក​ផារិស៊ី និង សង្គ្រាជ​ថា ក្រឹត្យ​វិន័យ​ផ្ទាល់​ខ្លួន​របស់​ពួកគេ មិន​អនុញ្ញាត​ឲ្យ​បុគ្គល​ណា​ម្នាក់​ត្រូវ​បាន​កាត់ទោស​ឡើយ ទាល់តែ​បុគ្គល​នោះ​ត្រូវបាន​ផ្តល់​ឱកាស​ឲ្យ​និយាយ​សិន ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា យ៉ូហាន ៧ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖