បណ្ណាល័យ
មេរៀន​ទី ២៣ ថ្ងៃទី ៣ ៖ កូរិនថូស ទី២ ១-៣


មេរៀន​ទី ២៣ ៖ ថ្ងៃទី ៣

កូរិនថូស ទី២ ១-៣

សេចក្ដីផ្ដើម

សាវក​ប៉ុល​បាន​សរសេរ​សំបុត្រ​ទៅ​កាន់​ពួក​បរិសុទ្ធ​នៅ​ក្រុង​កូរិនថូស ហើយ​បាន​ពន្យល់​អំពី​របៀប​ដែល​ពួកគេ​អាច​ជួយ​សម្រាល​ទុក្ខ​មនុស្ស​ដទៃ ។ លោក​ក៏​បាន​ទូន្មាន​ពួកគេ​ឲ្យ​អត់ទោស​ដល់​អ្នក​ប្រព្រឹត្ត​បាប ដែល​ធ្លាប់​បាន​ចូល​ក្នុង​ក្រុមជំនុំ​របស់​ពួកគេ​ដែរ ។ ប៉ុល​បាន​បង្រៀន​ពួក​បរិសុទ្ធ​ថា នៅ​ពេល​ពួកគេ​បែរ​ទៅ​រក​ព្រះអម្ចាស់ ពួកគេ​នឹង​ក្លាយ​កាន់តែ​ដូច​ជា​ព្រះ ។

កូរិនថូស ទី២ ១

ប៉ុល​បង្រៀន​ពួក​បរិសុទ្ធ​កូរិនថូស​អំពី​របៀប​ជួយ​សម្រាល​ទុក្ខ​មនុស្ស​ដទៃ

សូម​គិត​អំពី​គ្រា​មួយ​ដែល​នរណា​ម្នាក់ ដែល​អ្នក​ស្គាល់​បាន​ជួប​ប្រទះ​នឹង​ការសាកល្បង ឬ ការរងទុក្ខ​ដ៏​លំបាក​មួយ ។ តើ​អ្នក​បាន​ធ្វើ​អ្វី​ដើម្បី​ជួយ​ពួកគេ ?

តើ​អ្នក​ធ្លាប់​ចង់​ជួយ​សម្រាល​ទុក្ខ​នរណា​ម្នាក់ ដែល​ជួប​នឹង​ការសាកល្បង​ដ៏​លំបាក​មួយ​នៅ​ក្នុង​ជីវិត​ពួកគេ ប៉ុន្តែ​ពុំ​ដឹង​ថា​ត្រូវ​ធ្វើ​ដូចម្ដេច​ដែរ​ឬ​ទេ ?

នៅ​ពេល​អ្នក​សិក្សា កូរិនថូស ទី១ ២ សូម​ស្វែងរក​សេចក្ដីពិត​មួយ​ដែល​អាច​ជួយ​អ្នក​ដឹង​អំពី​របៀប​ជួយ​សម្រាល​ទុក្ខ​អ្នក​ដទៃ​នៅ​ក្នុង​ការសាកល្បង និង ការរងទុក្ខ​របស់​ពួកគេ ។

សាវក​ប៉ុល​បាន​ស្នាក់នៅ​ក្រុង​អេភេសូរ​កាល​លោក​បាន​សរសេរ​គម្ពីរ​កូរិនថូស ទី១ ទៅ​កាន់​សមាជិក​សាសនាចក្រ​នៅ​ក្រុង​កូរិនថូស ។ កុប្បកម្ម​មួយ​បាន​ផ្ទុះ​ឡើង​នៅ​ក្រុង​អេភេសូរ​ជា​ការឆ្លើយតប​នឹង​សេចក្ដី​បង្រៀន​របស់​ប៉ុល​នៅ​ទីនោះ ( សូម​មើល កិច្ចការ ១៩:២៣–៤១, ស្រុក​អាស៊ី ដែល​មាន​លើក​ឡើង​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​គឺ​ជា​ខេត្ត​មួយ​របស់​រ៉ូម ដែល​នៅ​សម័យ​ថ្មី​នេះ​គឺ​ជា​ប្រទេស​តួគី ) ។ ប៉ុល​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​អេភេសូរ​ទៅ​ស្រុក​ម៉ាសេដូន ជា​កន្លែង​ដែល​ទីតុស​បាន​នាំ​យក​ដំណឹង​ដ៏​ល្អ​ប្រាប់​ថា ពួក​បរិសុទ្ធ​នៅ​ក្រុង​កូរិនថូស​បាន​ទទួល​សំបុត្រ​របស់​ប៉ុល​ហើយ ។ ប៉ុល​ក៏​បាន​ដឹង​ដែរ​ថា ពួក​បរិសុទ្ធ​បាន​ជួប​ប្រទះ​នឹង​ទុក្ខលំបាក ហើយ​ថា​គ្រូ​បង្រៀន​ក្លែងក្លាយ​នៅ​ក្រុង​កូរិនថូស​កំពុង​តែ​បំពុល​ដល់​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ។ ប៉ុល​បាន​សរសេរ​គម្ពីរ​កូរិនថូស ទី២ ដើម្បី​ជួយ​សម្រាល​ទុក្ខ​ពួក​បរិសុទ្ធ និង​ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ដែល​បណ្ដាល​មក​ពី​ពួក​គ្រូ​បង្រៀន​ក្លែងក្លាយ ។

សូម​អាន កូរិនថូស ទី២ ១:១-៥ ដោយ​ស្វែងរក​អ្វី​ដែល​ប៉ុល​បាន​មាន​ប្រសាសន៍​ប្រាប់​ពួក​បរិសុទ្ធ​នៅ​ក្រុង​កូរិនថូស​អំពី​ទុក្ខលំបាក​របស់​ពួកគេ ។ សូម​គិត​ដល់​ការគូសចំណាំ ឬ កត់ចំណាំ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក លើ​សេចក្ដី​ដែល​ប៉ុល​បាន​មាន​ប្រសាសន៍​នៅ​ក្នុង ខទី ៣–៤ ដែល​ទំនង​ជា​បាន​ជួយ​សម្រាល​ទុក្ខ​ពួកគេ ។

យើង​រៀន​ចេញ​ពី កូរិនថូស ទី២ ១:៤ នូវ​សេចក្ដីពិត​ដូច​ខាង​ក្រោម​នេះ ៖ ដោយសារ​តែ​ព្រះវរបិតាសួគ៌​ជួយ​សម្រាល​ទុក្ខ​យើង​នៅ​ក្នុង​ទុក្ខលំបាក​របស់​យើង នោះ​យើង​អាច​ជួយ​មនុស្ស​ដទៃ​ឲ្យ​ទទួល​បាន​ការសម្រាល​ទុក្ខ​ពី​ទ្រង់ ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​គ្រា​មួយ​ដែល​អ្នក​បាន​ទទួល​ការសម្រាល​ទុក្ខ​ពី​ព្រះ​នៅ​អំឡុង​ពេល​ការសាកល្បង ។ តើ​អ្នក​គិត​ថា បទពិសោធន៍​នោះ​បាន​ជួយ​អ្នក​ដើម្បី​ជួយ​មនុស្ស​ម្នាក់​ទៀត ឲ្យ​ទទួលបាន​ការសម្រាលទុក្ខ​ពី​ទ្រង់​យ៉ាង​ដូចម្ដេច ?

នៅ​ក្នុង កូរិនថូស ទី២ ១:៦–៨ យើង​រៀន​អំពី​សេចក្ដី​ដែល​ប៉ុល​បាន​មាន​ប្រសាសន៍​ប្រាប់​ពួក​បរិសុទ្ធ​នៅ​ក្រុង​កូរិនថូស អំពី​ទុក្ខលំបាក​ធំៗ និង ដែល​គំរាមកំហែង​ដល់​ជីវិត​របស់​លោក ព្រមទាំង​ជីវិត​ដៃគូ​របស់​លោក​កាល​កំពុង​ប្រកាស​ដំណឹងល្អ​នៅ​ក្រុង​អេភេសូរ ។

សូម​អាន កូរិនថូស ទី២ ១:៩–១១ ដោយ​ស្វែងរក​អ្វី​ដែល​បាន​ជួយ​ប៉ុល និង​ដៃគូ​របស់​លោក​អំឡុង​ពេល​ការសាកល្បង​របស់​ពួក​លោក ។

យោង​តាម ខទី ១១ សូម​បំពេញ​សេចក្ដីពិត​ខាង​ក្រោម អំពី​របៀប​ដែល​អ្នក​អាច​ជួយ​មនុស្ស​ដែល​កំពុង​តែ​ជួប​នឹង​ការសាកល្បង ៖ អាច​ជួយ​មនុស្ស​ដែល​កំពុង​តែ​ជួប​នឹង​ការសាកល្បង ។

  1. សូម​ឆ្លើយ​សំណួរ​មួយ ឬ សំណួរទាំងពីរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ការអធិស្ឋាន​របស់​អ្នក អាច​ជួយ​នរណាម្នាក់​ដែល​កំពុងតែ​ជួប​នឹង​ការសាកល្បង​យ៉ាង​ដូចម្ដេច ?

    2. តើ​ការអធិស្ឋាន​របស់​មនុស្ស​ដទៃ ធ្លាប់​បាន​ជួយ​អ្នក​អំឡុង​ពេល​ការសាកល្បង​ដែល​អ្នក​ជួប​ប្រទះ​យ៉ាង​ដូចម្ដេច ?

នៅ​ក្នុង កូរិនថូស ទី២ ១:១២–២៤ យើង​រៀន​ថា ប៉ុល​បាន​អរសប្បាយ​នឹង​អស់​អ្នក​ដែល​បាន​ទទួល​ដំបូន្មាន​ដែល​លោក​បាន​ផ្ដល់​ឲ្យ​នៅ​ក្នុង​សំបុត្រ​ទី​មួយ​របស់​លោក ។ នៅ​ក្នុង ខទី ១៥–២០ លោក​បាន​ឆ្លើយ​តប​ទៅ​កាន់​អស់​អ្នក​ដែល​ចាប់​កំហុស​លោក នៅ​ពេល​លោក​បាន​ផ្លាស់ប្ដូរ​ផែនការ​របស់​លោក​មិន​ទៅ​ជួប​ពួកគេ ។ ការរិះគន់​មួយ​ចំនួន​អំពី​ប៉ុល​ទំនង​ជា​ថ្លែង​ថា ដោយសារ​តែ​ប៉ុល​បាន​ផ្លាស់ប្ដូរ​ផែនការ​ធ្វើ​ដំណើរ​របស់​លោក ទើប​ពួកគេ​លែង​ទុកចិត្ត​លើ​លោក និង​ការបង្រៀន​របស់​លោក​ទៀត ។ ប៉ុល​បាន​ប្រកាស​ថា សារលិខិត​នៃ​ដំណឹងល្អ​គឺ​ជា​សារលិខិត​ពិត ទោះ​ជា​លោក​ផ្លាស់ប្ដូរ​ផែនការ​យ៉ាង​ណា​ក្ដី ។

កូរិនថូស ទី២ ២

ប៉ុល​ទូន្មាន​ពួក​បរិសុទ្ធ​នៅ​ក្រុង​កូរិនថូស​ឲ្យ​អត់ទោស​ដល់​អ្នក​ប្រព្រឹត្ត​បាប

សូម​គិត​អំពី​គ្រា​មួយ​ដែល​បុគ្គល​ម្នាក់​បាន​ធ្វើ​ឲ្យ​អ្នក ឬ មនុស្ស​ដែល​អ្នក​ស្រឡាញ់​ឈឺ​ចាប់ ។ សូម​គិត​អំពី​មូលហេតុ​ដែល​វា​អាច​ជា​រឿង​ដ៏​លំបាក ដែល​ត្រូវ​អត់ទោស​ឲ្យ​បុគ្គល​នោះ ។

នៅ​ពេល​អ្នក​សិក្សា កូរិនថូស ទី២ ២ សូម​ស្វែងរក​សេចក្ដីពិត​នានា ដែល​នឹង​ជួយ​អ្នក​យល់​អំពី​មូលហេតុ​ថា​វា​ជា​រឿង​សំខាន់​ដែល​ត្រូវ​អត់ទោស​ឲ្យ​មនុស្ស​គ្រប់​រូប ។

នៅ​ក្នុង​សំបុត្រ​ទី​មួយ​របស់​សាវក​ប៉ុល​ទៅ​កាន់​ពួក​កូរិនថូស លោក​បាន​វាយផ្ចាល​ពួកគេ​ចំពោះ​ការមិន​គោរពប្រតិបត្តិ និង ការខ្វះសេចក្ដីជំនឿ ។ សូម​អាន កូរិនថូស ទី២ ២:១-៤ ដោយ​ស្វែងរក​អ្វី​ដែល​ប៉ុល​បាន​សង្ឃឹម​ឲ្យ​ពួក​បរិសុទ្ធ​នៅ​ក្រុង​កូរិនថូស​ដឹង អំពី​ការវាយផ្ចាល​របស់​លោក​នោះ ។ សូម​គិត​ដល់​ការគូសចំណាំ ឬ កត់ចំណាំ​នៅ​ក្នុង ខទី ៤ លើ​ហេតុផល​ដែល​ប៉ុល​បាន​ផ្ដល់​អំពី​ការវាយផ្ចាល​របស់​លោក ។

តើ​ការវាយផ្ចាល ឬ ការកែតម្រូវ អាច​ជា​ភស្ដុតាង​នៃ​សេចក្ដីស្រឡាញ់​របស់​នរណា​ម្នាក់​មាន​សម្រាប់​យើង​យ៉ាង​ដូចម្ដេច ?

ដូច​មាន​កត់ត្រា​នៅ​ក្នុង កូរិនថូស ទី២ ២:៥–៦ ប៉ុល​បាន​សរសរ​អំពី​សមាជិក​សាសនាចក្រ​ម្នាក់ ដែល​បាន​ប្រព្រឹត្ត​បាប​ទាស់​នឹង​សមាជិក​ដទៃ​ទៀត​នៃ​សាសនាចក្រ ហើយ​បាន​ធ្វើ​ឲ្យ​ពួកគេ​កើត​ទុក្ខ ។ ជា​លទ្ធផល សាសនាចក្រ​បាន​ពិន័យ​ដល់​បុរស​រូប​នេះ ។

សូម​អាន កូរិនថូស ទី២ ២:៧–៨ ដោយ​ស្វែងរក​សេចក្ដី​ដែល​ប៉ុល​បាន​មាន​ប្រសាសន៍​អំពី​របៀប​ដែល​ពួក​បរិសុទ្ធ​គួរតែ​ប្រព្រឹត្ត​ចំពោះ​បុរស​រូប​នេះ ។ ពាក្យ ស៊ូ​ឲ្យ​វិញ នៅ​ក្នុង ខទី ៧ មាន​ន័យ​ថា ផ្ទុយ​ពី ឬ ខុស​ពី ។

ទោះជា​បុរស​រូប​នេះ​បាន​ប្រព្រឹត្ត​បាប​យ៉ាង​ណា​ក្ដី ក៏​តម្លៃ​នៃ​ព្រលឹង​គាត់​គឺ​មហិមា​ណាស់​ចំពោះ​ព្រះនេត្រ​នៃ​ព្រះ ( សូម​មើល គ. និង ស. ១៨:១០ ) ។ ប៉ុល​បាន​ទូន្មាន​ពួក​បរិសុទ្ធ​ឲ្យ​អត់ទោស សម្រាលទុក្ខ ហើយ​ស្រឡាញ់​បុរស​រូប​នេះ​ដើម្បី​ជួយ​គាត់​ឲ្យ​ប្រែចិត្ត ។

សូម​អាន កូរិនថូស ទី២ ២:៩–១១ ដោយ​ស្វែងរក​ហេតុផល​មួយ​ទៀត ដែល​ប៉ុល​បាន​មាន​ប្រសាសន៍​ថា​ពួក​បរិសុទ្ធ​គួរតែ​អត់ទោស​ឲ្យ​មនុស្ស​ដទៃ ។

យោងតាម​សេចក្ដី​ដែល​ប៉ុល​បាន​បង្រៀន​ពួក​បរិសុទ្ធ​នៅ​ក្នុង ខទី ១១ យើង​អាច​ស្គាល់​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ ប្រសិនបើ​យើង​មិន​អត់ទោស​ឲ្យ​មនុស្ស​ដទៃ​ទេ​នោះ សាតាំង​នឹង​ទាញ​យក​ប្រយោជន៍​ពី​យើង ។ សូម​គិត​ដល់​ការគូសចំណាំ ឬ កត់ចំណាំ​សេចក្ដីពិត​នេះ​នៅ​ក្នុង កូរិនថូស ទី២ ២:១១ ។ នៅ​ក្នុង​វិវរណៈ​សម័យ​ទំនើប ព្រះអម្ចាស់​ត្រាស់​បង្គាប់​យើង​ឲ្យ​អត់ទោស​ដល់​មនុស្ស​គ្រប់​រូប ( សូម​អាន គ. និង ស. ៦៤:៨–១១ ) ។

ការអត់ទោស​ឲ្យ​នរណាម្នាក់​ពុំ​មាន​ន័យ​ថា អ្នក​ប្រព្រឹត្ត​បាប​នោះ​នឹង​មិន​ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន​នោះ​ទេ ។ ហើយ​ក៏​ពុំ​មាន​ន័យ​ថា យើង​ដាក់​ខ្លួន​យើង​ទៅ​ក្នុង​ស្ថានភាព​ដែល​មនុស្ស​អាច​បន្ដ​ប្រព្រឹត្ត​ខុស​នឹង​យើង​ដែរ ។ ផ្ទុយ​ទៅ​វិញ ការអត់ទោស​មាន​ន័យ​ថា ប្រព្រឹត្ត​នឹង​អ្នក​ទាំងឡាយ​ដែល​ប្រព្រឹត្ត​មិន​ល្អ​នឹង​យើង​ដោយ​សេចក្ដី​ស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ ហើយ​ពុំ​បន្សល់​ឲ្យ​មាន​ការថ្នាក់ថ្នាំង​ចិត្ត ឬ​សេចក្ដី​ក្រោធ​ចំពោះ​ពួកគេ ដែល​ប៉ះពាល់​ដល់​ភាពរីកចម្រើន​ខាង​វិញ្ញាណ​ផ្ទាល់​របស់​យើង​ឡើយ ( សូម​មើល សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « អត់ទោស » scriptures.lds.org ) ។

« បើសិនជា​អ្នក​ជា​ជន​រងគ្រោះ​ដោយ​អំពើ​រំលោភ​បំពាន​ណា​មួយ សូម​យល់​ថា អ្នក​ជា​ជន​ស្លូតត្រង់ ហើយ​ថា​ព្រះ​ស្រឡាញ់​អ្នក ។ ចូរ​ពិភាក្សា​ជាមួយ​នឹង​ឪពុក​ម្តាយ​របស់​អ្នក ឬ មនុស្ស​ពេញវ័យ​ផ្សេង​ទៀត​ដែល​អ្នក​ទុក​ចិត្ត ហើយ​ស្វែងរក​ការប្រឹក្សា​ពី​ប៊ីស្សព​របស់​អ្នក​ភ្លាម ។ ពួកគាត់​អាច​គាំទ្រ​អ្នក​ខាង​វិញ្ញាណ និង ជួយ​អ្នក​ឲ្យ​ទទួលបាន​ការការពារ និង ជំនួយ​ដែល​អ្នក​ត្រូវការ ។ ដំណើរការ​នៃ​ការព្យាបាល​អាច​ចំណាយ​ពេល​វែង ។ សូម​ទុកចិត្ត​លើ​ព្រះអង្គ​សង្គ្រោះ ។ ទ្រង់​នឹង​ព្យាបាល ហើយ​ប្រទាន​ភាពសុខសាន្ត​ដល់​អ្នក » ( ដើម្បី​កម្លាំង​នៃ​យុវជន [ កូន​សៀវភៅ ឆ្នាំ ២០១១ ] ទំព័រ ៣៦–៣៧ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​គិត​ថា សាតាំង​ទាញ​យក​ប្រយោជន៍​ពី​​យើង នៅ​ពេល​យើង​ពុំ​អត់ទោស​ឲ្យ​មនុស្សដទៃ​យ៉ាង​ដូចម្ដេច ?

សូម​គិត​អំពី​នរណាម្នាក់ ដែល​អ្នក​អាច​ត្រូវ​អត់ទោស​ឲ្យ ។ ( សូម​ចងចាំ​ថា ការអត់ទោស​ពុំ​មាន​ន័យ​ថា​យើង​អនុញ្ញាត​ឲ្យ​គេ​ប្រព្រឹត្ត​មិន​ល្អ​នឹង​អ្នក​នោះ​ទេ ។ វា​មាន​ន័យ​ថា អត់ទោស​ឲ្យ​ជនឧក្រិដ្ឋ​ដើម្បី​អ្នក​អាច​ឆ្ពោះ​ទៅ​មុខ​ទៀត​នៅ​ក្នុង​ភាពរីកចម្រើន​ខាង​វិញ្ញាណ​ផ្ទាល់​របស់​អ្នក ) ។ សូម​ដាក់​គោលដៅ​មួយ​ដើម្បី​អត់ទោស​ឲ្យ​បុគ្គល​នោះ ដើម្បី​កុំ​ឲ្យ​សាតាំង​ទាញ​យក​ប្រយោជន៍​ពី​យើង ។ សូម​ទូល​សុំ​ជំនួយ​ពី​ព្រះវរបិតាសួគ៌ នៅ​ពេល​អ្នក​ព្យាយាម​អត់ទោស​ដល់​មនុស្ស​ដទៃ ។

ដូច​មាន​កត់ត្រា​នៅ​ក្នុង កូរិនថូស ទី២ ២:១២–១៧ ប៉ុល​បាន​មាន​ប្រសាសន៍​ប្រាប់​ពួក​បរិសុទ្ធ​ថា​លោក​បាន​ថ្លែង​អំណរគុណ​ព្រះ ដែល​ទ្រង់ « ចេះ​តែ​នាំ​យើង​ខ្ញុំ ឲ្យ​មាន​ជ័យជំនះ​ក្នុង​ព្រះគ្រីស្ទ » ( ខទី ១៤ ) ទោះ​ជា​អំឡុង​ពេល​លំបាក​យ៉ាង​ណា​ក្ដី ។

កូរិនថូស ទី២ ៣

ប៉ុល​បង្រៀន​ពួក​បរិសុទ្ធ​នៅ​ក្រុង​កូរិនថូស​ថា នៅ​ពេល​ពួកគេ​បែរ​ទៅ​រក​ព្រះអម្ចាស់ ពួកគេ​នឹង​ក្លាយ​កាន់តែ​ដូច​ជា​ព្រះ

បន្ទាប់​ពី​សាវក​ប៉ុល​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​កូរិនថូស មាន​ពួក​គ្រូបង្រៀន​ក្លែងក្លាយ​ខ្លះ​បាន​ចាប់ផ្ដើម​ប្រឆាំង​នឹង​សេចក្ដីបង្រៀន​របស់​លោក ហើយ​បាន​ព្យាយាម​បន្ទាបបន្ថោក​លោក​ដោយ​ប្រាប់​ពួក​អ្នក​ប្រែចិត្ត​ជឿ​ថា ពួកគេ​នៅតែ​ត្រូវ​ធ្វើតាម​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ​ដដែល ។ នៅ​ក្នុង កូរិនថូស ទី២ ៣:១ នៅ​ក្នុង​ការឆ្លើយតប​ទៅ​កាន់​អស់​អ្នក​ដែល​បន្ទាប​បន្ថោក​លោក ប៉ុល​បាន​សួរ​សំណួរ​មួយ​ដល់​សមាជិក​សាសនាចក្រ​ក្រុង​កូរិនថូស—ជា​សំណួរ​មួយ​ដែល​ដាក់​ការវាយផ្ចាល​ដល់​ពួកគេ ដែល​មិន​រំពឹង​ឲ្យ​ពួកគេ​ឆ្លើយ​នោះ​ទេ— ថាតើ​លោក​ត្រូវ​ផ្ដល់​ឲ្យ ឬ ទទួល​ពី​ពួកគេ​នូវ « [ សំបុត្រ ] ផ្ទុកផ្តាក់ » ដែល​ថ្លែង​ទីបន្ទាល់​អំពី​លក្ខណៈសម្បត្តិ និង សិទ្ធិអំណាច​ស្របច្បាប់​របស់​លោក​ក្នុង​នាម​ជា​សាវក​ដ៏​ពិត​មួយ​រូប​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ( នៅ​ជំនាន់​របស់​ប៉ុល អ្នក​ចំណូលថ្មី​ក្នុង​សហគមន៍​ត្រូវ​យក​តាម​ខ្លួន​នូវ​សំបុត្រ​ផ្ទុកផ្ដាក់ ) ។ សំបុត្រ​ទាំងនេះ​ណែនាំ​អ្នក​ចំណូលថ្មី​ឲ្យ​គេ​ស្គាល់ ហើយ​ផ្ដល់​ការអះអាង​អំពី​លក្ខណៈសម្បត្តិ​ល្អ​របស់​ពួកគេ ) ។

សូម​អាន កូរិនថូស ទី២ ៣:២–៣ ដោយ​ស្វែងរក​សេចក្ដី​ដែល​ប៉ុល​បាន​ថ្លែង ដែល​ធ្វើ​ជា​សំបុត្រ​ផ្ទុកផ្ដាក់​របស់​លោក ។

ប៉ុល​បាន​បង្រៀន​ថា ជីវិត​របស់​ពួក​បរិសុទ្ធ​ដែល​បាន​ផ្លាស់ប្ដូរ គឺ​ដូចជា​សំបុត្រ​មក​ពី​ព្រះគ្រីស្ទ​ទ្រង់​ផ្ទាល់ ដែល​ធ្វើ​ជា​សំបុត្រ​ផ្ទុកផ្ដាក់​អំពី​លក្ខណៈសម្បត្តិ​របស់​ប៉ុល ។ ឃ្លា « មនុស្ស​ទាំងអស់​ក៏​ដឹង ហើយ​អាន​មើល » នៅ​ក្នុង ខទី ២ មាន​ន័យ​ថា មនុស្ស​ជា​ច្រើន​បាន​មក​ស្គាល់​សាសនាចក្រ​ជា​មុន​សិន ហើយ​ទើប​កាត់សេចក្ដី​អំពី​ភាពពោរពេញ​នៃ​សេចក្ដីពិត​របស់​វា​តាមរយៈ​ការប្រព្រឹត្ត​របស់​បុគ្គល និង គំរូ​នៃ​សមាជិក​សាសនាចក្រ ។

រូបភាព
ម៉ូសេ​កាន់​ផ្ទាំង​ចំណារ

សូម​គិត​ដល់​ការគូរសចំណាំ ឬ កត់ចំណាំ​ឃ្លា « ក៏​មិនមែន​លើ​បន្ទះ​ថ្ម​ដែរ គឺ​ក្នុង​ចិត្ត​ខាង​សាច់ឈាម​វិញ » នៅ​ក្នុង កូរិនថូស ទី២ ៣:៣ ។ នៅ​ជំនាន់​របស់​ម៉ូសេ ព្រះបញ្ញត្តិ​ទាំងឡាយ​ត្រូវបាន​ចារឹក​នៅ​លើ​បន្ទះ​ថ្ម ។ ប៉ុល​បាន​ប្រើ​ឃ្លា​នេះ​ដើម្បី​ជួយ​ពួក​បរិសុទ្ធ​នៅ​ក្រុង​កូរិនថូស​យល់​ថា តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ព្រះបញ្ញត្តិ​ទាំងឡាយ​ត្រូវបាន​ចារឹក​នៅ​ក្នុង​ចិត្ត​របស់​ពួកគេ ។

នៅ​ក្នុង កូរិនថូស ទី២ ៣:៥–១៣ ប៉ុល​បាន​លើកឡើង​អំពី​ដំណើររឿង​មួយ​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ដើម្បី​ជួយ​ពួក​បរិសុទ្ធ​យល់​អំពី​ស្ថានភាព​ខាង​វិញ្ញាណ​នៅ​ជំនាន់​របស់​ពួកគេ ។ លោក​បាន​រំឭក​ពួក​បរិសុទ្ធ​នៅ​ក្រុង​កូរិនថូស​ថា ម៉ូសេ​បាន​ទទូរ​ស្បៃ​គ្រប​បាំង​មុខ​នៅ​ពេល​លោក​បាន​ចុះ​មក​ពី​ទូល​ជាមួយ​ព្រះអម្ចាស់​នៅ​លើ​ភ្នំ​ស៊ីណាយ​វិញ ព្រោះ​ពួក​កូនចៅ​អ៊ីស្រាអែល​មាន​ការភិតភ័យ​នឹង​សិរីល្អ​ដែល​ចែងចាំង​ចេញ​ពី​ផ្ទៃ​មុខ​របស់​លោក ។

សូម​អាន កូរិនថូស ទី២ ៣:១៤–១៥ ដោយ​ស្វែងរក​របៀប​ដែល​ប៉ុល​បាន​ប្រៀបធៀប​ពួក​សាសន៍​អ៊ីស្រាអែល ដែល​មាន​ការភិតភ័យ​នឹង​សិរីល្អ​ដែល​ចែងចាំង​ចេញ​ពី​ផ្ទៃ​មុខ​របស់​ម៉ូសេ ទៅ​នឹង​ពួក​សាសន៍​យូដា​នៅ​ជំនាន់​របស់​លោក ។ សូម​គិត​ដល់​ការគូសចំណាំ ឬ កត់ចំណាំ​អ្វី​ដែល​អ្នក​រកឃើញ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

តើ​អ្នក​គិត​ថា « ចិត្ត​គេ​បាន​រឹងទទឹង​វិញ » ( ខទី ១៤ ) ហើយ​ពួកគេ​បាន​យក « ស្បៃ … បាំង​ចិត្ត​គេ » ( ខទី ១៥ ) មាន​ន័យ​ដូចម្ដេច ?

គឺ​ដូចជា​ពួក​សាសន៍​អ៊ីស្រាអែល​នៅ​ជំនាន់​របស់​ម៉ូសេ ដែល​ពុំ​អាច​ទ្រាំទ្រ​នឹង​សិរីល្អ​ចែងចាំង​ចេញ​ពី​ផ្ទៃ​មុខ​របស់​ម៉ូសេ​ដោយសារតែ​ភាពមិន​សក្ដិសម​របស់​ពួកគេ​ដែរ ដូច្នេះ​ពួក​សាសន៍​យូដា​នៅ​ជំនាន់​របស់​ប៉ុល​ក៏​ពុំ​អាច​យល់​ការព្យាករ​ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់​អំពី​ព្រះយេស៊ូវគ្រីស្ទ​នោះ​ទេ​ដោយសារតែ​ភាពទុច្ចរិត​របស់​ពួកគេ ។

សូម​អាន កូរិនថូស ទី២ ៣:១៦–១៨ ដោយ​ស្វែងរក​អ្វី​ដែល​ប៉ុល​បាន​សន្យា ដែល​នឹង​ដក​យក​ស្បៃ​នៃ​ការភាន់ច្រឡំ​ចេញ​ពី​ចិត្ត និង គំនិត​របស់​មនុស្ស ។

ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ កែប្រែ​ឃ្លា « កាល​គេ​បាន​ងាក​បែរ​មក​ឯ​ព្រះអម្ចាស់​វិញ » នៅ​ក្នុង ខទី ១៦ ទៅ​ជា « កាល ចិត្ត​របស់​គេ បាន​ងាក​បែរ​មក​ឯ​ព្រះអម្ចាស់​វិញ » ( ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ កូរិនថូស ទី២ ៣:១៦ អក្សរទ្រេត​បាន​បន្ថែម ) ។

យោង​តាម កូរិនថូស ទី២ ៣:១៨ តើ​មាន​អ្វី​កើតឡើង​ចំពោះ​អស់​អ្នក​ដែល​បែរ​មក​ឯ​ព្រះអម្ចាស់​វិញ ព្រមទាំង​ដក​យក​ស្បៃ​នៃ​ការភាន់ច្រឡំ​ចេញ ? សូម​គិត​ដល់​ការគូសចំណាំ ឬ កត់ចំណាំ​ចម្លើយ​ដែល​អ្នក​រកឃើញ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

ឃ្លា « ផ្លាស់ប្រែ​ទៅ ឲ្យ​ដូចជា​រូប​ឆ្លុះ​នោះ​ឯង ពី​សិរីល្អ​ទៅ​ដល់​សិរីល្អ » ( ខទី ១៨ ) សំដៅ​ទៅ​លើ​ការផ្លាស់ប្ដូរ​បន្តិច​ម្ដងៗ​ដែល​យើង​ទទួល​បាន​តាមរយៈ​ព្រះវិញ្ញាណ ជា​ការផ្លាស់ប្ដូរ​ដែល​ជួយ​យើង​ប្រែ​ក្លាយ​កាន់តែ​ដូច​ព្រះ ។ យើង​រៀន​ចេញ​ពី​ខគម្ពីរ​ទាំងនេះ​ថា នៅ​ពេល​យើង​បង្វែរ​ចិត្ត​របស់​យើង​ទៅ​ឯ​ព្រះអម្ចាស់ នោះ​យើង​នឹង​មាន​ព្រះវិញ្ញាណ ដែល​កែប្រែ​យើង​បន្តិចម្ដងៗ​ឲ្យ​ប្រែ​ក្លាយ​កាន់តែ​ដូច​ព្រះ ។

  1. សូម​បំពេញ​កិច្ចការ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូម​ពន្យល់​ថា តើ​អ្នក​គិត​ថា ដើម្បី​បង្វែរ​ចិត្ត​របស់​យើង​ទៅ​រក​ព្រះយេស៊ូវគ្រីស្ទ មាន​ន័យ​ដូចម្ដេច ?

    2. សូម​សរសេរ​មធ្យោបាយ​នានា ដែល​អ្នក​អាច​បង្វែរ​ចិត្ត​របស់​អ្នក​ទៅ​រក​ព្រះយេស៊ូវគ្រីស្ទ ។

សូម​គិត​អំពី​របៀប​ដែល​ព្រះវិញ្ញាណ​បាន​កែប្រែ​អ្នក ចាប់តាំង​ពី​ពេល​ដែល​អ្នក​ចាប់ផ្ដើម​សិក្សា​ព្រះគម្ពីរ​សញ្ញាថ្មី​នៅ​ឆ្នាំ​នេះ ។ សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​ទិនានុប្បវត្តិ​ផ្ទាល់ខ្លួន​របស់​អ្នក អំពី​គោលដៅ​មួយ​ដែល​នឹង​ជួយ​អ្នក​បែរ​ទៅ​រក​ព្រះអម្ចាស់​កាន់តែ​ពេញលេញ ដើម្បី​អ្នក​អាច​ទទួលបាន​ព្រះវិញ្ញាណ ហើយ​ប្រែក្លាយ​កាន់តែ​ដូច​ព្រះ ។

  1. សូម​សរសេរ​ឃ្លា​ដែល​នៅ​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា កូរិនថូស ទី២ ១-៣ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖