បណ្ណាល័យ
មេរៀន​ទី ៧ ថ្ងៃ​ទី ៣ ៖ ម៉ាកុស ១


មេរៀន​ទី ៧ ៖ ថ្ងៃ​ទី ៣

ម៉ាកុស ១

សេចក្តីផ្តើម

យ៉ូហាន បាទីស្ទ បាន​ប្រកាស​ប្រាប់ « ពី​បុណ្យ​ជ្រមុជ​ខាង​ឯ​ការ​ប្រែ​ចិត្ត ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប » (ម៉ាកុស ១:៤) ។ បន្ទាប់​ពី​យ៉ូហាន​បាន​ជ្រមុជទឹក​ឲ្យ​ព្រះយេស៊ូវ នោះ​ព្រះអង្គ​សង្គ្រោះ​បាន​ចាប់ផ្តើម​ប្រកាស​ដំណឹង​ល្អ ហើយ​សម្តែង​អព្ភូតហេតុ​នានា​ដោយ​អំណាច និង សិទ្ធិ​អំណាច​នៃ​ព្រះ ។ ទ្រង់​បាន​បណ្តេញ​វិញ្ញាណ​អារក្ស ហើយ​ព្យាបាល​មនុស្ស​កើត​ឃ្លង់ ។ ដំណឹង​ពី​ការណ៍​ដែល​ទ្រង់​បាន​ធ្វើ បាន​លេច​ឮ​ទូទាំង​ស្រុក​កាលីឡេ ។

ម៉ាកុស ១:១-២០

ព្រះគ្រីស្ទ​ចាប់ផ្តើម​កិច្ចការ​បម្រើ​របស់​ទ្រង់

  1. សូម​ឲ្យ​មនុស្ស​ពីរ​នាក់ ឬ ច្រើន​ជាង​នេះ ( សមាជិកគ្រួសារ មិត្តភក្ដិ មិត្ត​រួមថ្នាក់ ឬ មនុស្ស​ផ្សេង​ទៀត ) ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ជាមួយ​អ្នក ។ អ្នក​អាចទុក​ពេល​ឲ្យ​ពួកគេ​សញ្ជឹង​គិត និង រៀបចំ​ខ្លួន​ពីមុន​ចែកចាយ​ទីន្ទាល់​របស់​ពួកគេ​ជាមួយ​អ្នក ។ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ សេចក្តីសង្ខេប​ខ្លី​មួយ​អំពី​សេចក្តីពិត​ដែល​ពួកគេ​បាន​ចែកចាយ ។

សូម​ពិចារណា​សំណួរ​ខាងក្រោម ៖

  • តើការស្តាប់​ទីបន្ទាល់​របស់​មនុស្ស​ច្រើន​នាក់​មាន​តម្លៃ​ជាង​ស្តាប់​តែ​ទីបន្ទាល់​របស់​មនុស្ស​ម្នាក់​ដូចម្តេច​ខ្លះ ?

  • តើ​អ្នក​គិត​ថា​វា​មាន​តម្លៃ​អ្វី​ខ្លះ​អំពី​ការសិក្សា​ទីបន្ទាល់​របស់​ម៉ាកុស បន្ទាប់​ពី​អ្នក​បាន​សិក្សា​ទីបន្ទាល់​របស់​ម៉ាថាយ​ហើយ​នោះ ?

សូម​អាន ម៉ាកុស ១:១–៤, ៩–១១ដោយ​រកមើល​ព្រឹត្តិការណ៍​ដែល​ម៉ាកុស​បាន​ចាប់ផ្តើម​សរសេរ​ដំណើរ​រឿង​អំពី​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ ។

ដំណើររឿង​របស់​ម៉ាកុស​អំពី​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ​គឺ​ផ្សេង​ពី​របស់​ម៉ាថាយ ។ វា​បាន​ចាប់ផ្តើម​ភ្លាមៗ ហើយ​មាន​ល្បឿន​លឿន សង្កត់ធ្ងន់​លើ​ភាពជា​ព្រះ​របស់​ព្រះអង្គ​សង្គ្រោះ តាមរយៈ​ការផ្តោត​លើ​កិច្ចការ និង អព្ភូតហេតុ​នានា​របស់​ទ្រង់ ។ ម៉ាកុស ទំនង​ជា​បាន​សរសេរ​ដំណើរ​រឿង​របស់​លោក​ដោយ​បាន​យោង​លើ​អ្វី​ដែល​លោក​បាន​រៀន​ពី​សាវក​ពេត្រុស ។ អ្នក​ប្រាជ្ញា​ជា​ច្រើន​ជឿ​ថា​គម្ពីរ​នេះ​ត្រូវបាន​សរសេរ​ឡើង​នៅ​ចន្លោះ គ.ស. ឆ្នាំ ៦៦ និង គ.ស. ឆ្នាំ ៧៣ គឺ​ចំពេល​ដែល​ពួក​គ្រីស្ទាន​នៅទូទាំង​ចក្រភព​រ៉ូម​បាន​រងទុក្ខ​យ៉ាង​ខ្លាំង​ពី​ការបៀតបៀន ។

នៅក្នុង ម៉ាកុស ១:១២–២០ យើង​អាន​ថា​បន្ទាប់ពី​ព្រះយេស៊ូវ​បាន​តម​អាហារ​អស់​រយៈពេល ៤០​ថ្ងៃ នោះ​ទ្រង់​ត្រូវបាន​អារក្ស​ល្បួង ( សូមមើល​ផងដែរ ម៉ាកុស ៤:១–១១) ។ ទ្រង់​ក៏​បាន​ប្រកាស​ផងដែរ​អំពី​ការប្រែចិត្ត​នៅក្នុង​ស្រុក​កាលីឡេ ហើយ​បាន​ហៅ​ពួក​សិស្ស​ឲ្យ​ដើរ​តាម​ទ្រង់ ។

ម៉ាកុស ១:២១-៣៩

ព្រះយេស៊ូវ​បាន​បណ្តេញ​អារក្ស ហើយបាន​ព្យាបាល​អ្នកឈឺ

តើ​មាន​គ្រោះថ្នាក់​អ្វីខ្លះ​ដែល​ទាហាន ម្នាក់​អាច​ជួប​នៅ​ក្នុងដែនដី​នៃ​មារសត្រូវ​នោះ ?

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ប៊យដ៍ ឃេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« ជាមួយ​នឹង​អ្វីៗ​ទាំងអស់​ដែល​មាន​នៅក្នុង​ពិភពលោក​នេះ ជាមួយ​នឹង​បទដ្ឋាន​សីលធម៌​ដ៏ទន់ទាប នោះ​អ្នករាល់គ្នា​ដែល​ជា​យុវវ័យ​កំពុង​ចម្រើន​វ័យ​ធំឡើង​នៅ​ក្នុង​ដែន​ដី​របស់​មារសត្រូវ ។

« យើង​ដឹង​ពី​ព្រះគម្ពីរ​ថា មាន​សង្គ្រាម​មួយ​នៅ​ឋានសួគ៌ ហើយ​ថា​លូស៊ីហ្វើរ បាន​បះបោរ​ប្រឆាំង រួមទាំង​ពួក​អ្នក​ដើរ​តាម​វា​ផង ‹ ត្រូវបាន​បោះ​ទំលាក់​ទៅ​ផែនដី › [វិវរណៈ ១២:៩] ។ វា​បាន​ប្តេជ្ញា​ថា​រុកគួន​ផែនការ​របស់​ព្រះវរបិតាសួគ៌​របស់​យើង ហើយ​ព្យាយាម​ត្រួតត្រា​លើ​ដួងចិត្ត និង ទង្វើ​របស់​មនុស្ស​ទាំងអស់ » (« Counsel to Youth » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ១៦ ) ។

រូបភាព
helmeted soldiers below watchtower
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់អ្នក ៖ ចេញ​ពីអ្វី​ដែល​ប្រធាន​ផាកកឺ​បាន​បង្រៀន ហើយ​ចេញពី​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​អ្នក តើ​ជីវិត​របស់​យើង​នៅលើ​ផែនដី​នេះ​ដូច​ជា​នៅក្នុង​ដែនដី​នៃ​មារសត្រូវ​របស់​យើង​តាម​របៀប​ណា​ខ្លះ ?

សូម​គិត​អំពី​គ្រា​នានា​នៅ​ក្នុង​ជីវិត​របស់​អ្នក នៅ​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ច្របូកច្របល់​ដោយសារ​តែ​ឥទ្ធិពល និង ការល្បួង​នៃ​អំពើ​អាក្រក់​ដែល​នៅជុំវិញ​អ្នក ។ នៅ​ពេល​អ្នក​សិក្សា ម៉ាកុស ១:២១–៣៧សូម​ស្វែងរក​សេចក្ដីពិត​ដែល​នឹង​ជួយ​អ្នក​នៅពេល​អ្នក​ប្រឈមមុខ​នឹង​ឥទ្ធិពល​អាក្រក់ និង ការល្បួង​ទាំងឡាយ​នោះ ។

សូមអាន ម៉ាកុស ១:២១–២២ដោយ​រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​នៅក្នុង​ទីក្រុង​កាពើណិម និង របៀប​ដែល​សាសន៍​យ៉ូដា​បាន​ឆ្លើយ​តប ។

ហេតុអ្វី​បាន​ជា​ពួកសាសន៍​យូដា​នឹក​ប្លែក​ចិត្តពី​ការ​បង្រៀន​ទាំង​ឡាយ​របស់​ព្រះអង្គ​សង្គ្រោះ ?

ពាក្យ​ថា​ពួក​អាចារ្យ​ដែល​មាន​នៅ​ក្នុង ខ ២២ ត្រូវបាន​ចាត់ទុក​ថា​ជា​អ្នក​ជំនាញ​នៅក្នុង​ក្រឹត្យ​វិន័យ​លោក​ម៉ូសេ ។ ពេលខ្លះ​ពួកគេ​ត្រូវបាន « ហៅថា​ជា​មេធាវី ឬ អ្នក​ប្រាជ្ញ​ច្បាប់ ។ ពួកគេ​បាន​បង្កើត​ក្រឹត្យវិន័យ​យ៉ាង​លម្អិត ហើយ​បាន​អនុវត្ត​វា​តាម​កាលៈទេសៈ​នៃ​សម័យកាល​របស់​ពួកគេ » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « Scribe » គេហទំព័រ scriptures.lds.org) ។ ជាញឹកញាប់​កាលណា​ពួកគេ​បង្រៀន ពួកគេ​បាន​ដកស្រង់​សិទ្ធិ​អំណាច​ពី​អតីតកាល​ដែល​មាន​នៅក្នុង​ក្រឹត្យ​វិន័យ​នោះ ។ ផ្ទុយ​ទៅ​វិញ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ដោយ​អំណាច និង សិទ្ធិ​អំណាច​របស់​ព្រះវរបិតា​ទ្រង់ ។ ទ្រង់​ក៏​ជា​ព្រះយេហូវ៉ា​ដ៏​មហិមា​ដែល​បាន​ប្រទាន​ក្រឹត្យ​វិន័យ​លោក​ម៉ូសេ ។ ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ បង្រៀន​ថា « ទ្រង់​បាន​បង្រៀន​ពួកគេ​ដូច​ជា​មនុស្ស​ម្នាក់​ដែល​មាន​សិទ្ធិ​អំណាច​មក​ពីព្រះ ហើយ​ពុំ​មែន​មាន​សិទ្ធិ​អំណាច​មក​ពី​ពួក​អាចារ្យ​នោះ​ឡើយ » ( ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ម៉ាថាយ ៧:៣៧ [ នៅក្នុង ម៉ាថាយ ៧:២៩ លេខយោង ] ) ។

ខណៈ​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​នៅក្នុង សាលាប្រជុំ នោះ​ទ្រង់​បាន​ជួប​នឹង​បុរស​ម្នាក់​ដែល​មាន​អារក្ស​អសោច ឬ វិញ្ញាណ​អាក្រក់​ចូល​ខ្លួន ។ សូម​អាន ម៉ាកុស ១:២៣-២៦ដោយ​ស្វែងរក​អ្វី​ដែល​អារក្ស​បាន​ដឹង​អំពី​ព្រះយេស៊ូវ ។

ប្រសិនបើ​អាច​ធ្វើ​បាន អ្នក​អាច​មើល​វីដេអូ « Jesus Heals a Possessed Man » ( ព្រះយេស៊ូវ​ព្យាបាល​បុរស​ដែល​មាន​វិញ្ញាណ​អារក្ស​ចូលខ្លួន ) (១:៤៨) មក​ពី The Life of Jesus Christ Bible Videos ដែល​មាន​នៅក្នុង គេហទំព័រ LDS.orgដោយ​ស្វែងរក​អ្វី​ដែល​វិញ្ញាណ​អារក្ស​បាន​ដឹង​អំពី​ព្រះយេស៊ូវ ។

វិញ្ញាណ​អារក្ស​ដែល​ព្យាយាម​ចូល​ក្នុង​រូបកាយ​មនុស្ស​គឺ​ជា​ពួក​បរិវារ​របស់​លូស៊ីហ្វើរ ។ ពួកវា​បាន​នៅក្នុង​វត្តមាន​របស់​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវ​គ្រីស្ទ​ពីមុន​ត្រូវបាន​បណ្តេញ​ចេញ​ពី​ឋាន​សួគ៌ ។

ប្រសិន​បើ​អ្នក​ស្ថិត​នៅ​ក្នុង​សាលា​ប្រជុំ​នោះ ហើយ​បាន​ឃើញ​ព្រឹត្តិការណ៍​ដែល​កើត​ឡើង តើ​អ្នក​នឹង​គិត​អ្វី​ខ្លះ​ពី​ព្រះយេស៊ូវគ្រីស្ទ ?

សូម​អាន ម៉ាកុស ១:២៧–២៨ដោយ​ស្វែងរក​របៀប​ដែល​ប្រជាជន​បាន​ឆ្លើយតប បន្ទាប់​ពី​បាន​ឃើញ​ព្រះយេស៊ូវ​បណ្តេញ​វិញ្ញាណ​អារក្ស​ចេញ​ពី​បុរស​នោះ ។

សេចក្ដីពិត​មួយ​ដែល​យើង អាច​រៀន​ចេញ​ពី​ដំណើររឿង​នេះ​គឺ​ថា ព្រះអង្គ​សង្គ្រោះ​មាន​អំណាច​លើ​អារក្ស និង ពួក​បរិវារ​របស់​វា ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់អ្នក ៖ តើ​ការ​ដឹង​ថា​ព្រះអង្គ​សង្គ្រោះ​មាន​អំណាច​លើ​អារក្ស និង ពួក​បរិវារ​របស់​វា​អាច​ជួយ​អ្នក​របៀប​ណា​ខ្លះ នៅពេល​អ្នក​មាន​អារម្មណ៍​ច្របូកច្របល់​ដោយសារ​តែ​ឥទ្ធិពល និង ការល្បួង​នានា​នៃ​អំពើ​អាក្រក់​ដែល​នៅ​ជុំ​វិញ​អ្នក ?

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ជែមស៍ អ៊ី ហ្វោស្ត​ក្នុង​គណៈ​ប្រធាន​ទី​មួយ ហើយ​សូម​គូស​ចំណាំ​នូវ​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​ទទួល​អំណាច​ទប់ទល់​នឹង​អារក្ស​កាន់​តែ​ខ្លាំង​ឡើង ៖

រូបភាព
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

« ព្យាការី យ៉ូសែប ស៊្មីធ …បានថ្លែង​ថា ‹ វិញ្ញាណ​ទុច្ចរិត​មាន​ចំណង ដែនកំណត់ និង ក្រឹត្យវិន័យ​របស់​ខ្លួន​ទៅ​តាម​អ្វី​ដែល​ពួកវា​ត្រូវបាន​ត្រួតត្រា › [ នៅក្នុង History of the Church ៤:៥៧៦ ] ។ ដូច្នេះ​សាតាំង និង ពួក​ទេវតា​វា​គ្មាន​អំណាច​អ្វី​ទាំងអស់ ។ …

« …​ឥទ្ធិពល​សាតាំង​អាច​ត្រូវបាន​រារាំង ដោយ​អស់​អ្នក​ដែល​មក​រក​ព្រះគ្រីស្ទ​ដោយ​ការ​គោរព​ប្រតិបត្តិ​ចំពោះ​សេចក្តីសញ្ញា និង ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ ។ អ្នក​ដើរ​តាម​ដ៏​រាបទាប​នៃ​លោក​ចៅហ្វាយ​ដ៏​ទេវភាព​នឹង​ពុំ​ត្រូវ​អារក្ស​បោក​បញ្ឆោត​បាន​ឡើយ ។ សាតាំង​ពុំ​គាំទ្រ និង លើក​ស្ទួយ ព្រមទាំង​ពុំ​ប្រទាន​ពរ​ឡើយ ។ វា​ទុក​ឲ្យ​អស់​អ្នក​ដែល​វា​បាន​ដណ្តើម​យក​មក ស្ថិត​នៅក្នុង​ភាព​អាម៉ាស់ និង ទុក្ខវេទនា ។ ព្រះវិញ្ញាណ​នៃ​ព្រះ​គឺ​ជា​អង្គ​មួយ​ដែល​គាំទ្រ ហើយ លើក​ស្ទួយ » ( « Serving the Lord and Resisting the Devil » Ensign ខែ កញ្ញា ឆ្នាំ ១៩៩៥ ទំព័រ ៦, ៧ ) ។

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

ព្យាការី យ៉ូសែប ស្ម៊ីធ បាន​បង្រៀន ៖ « យើង​មក​លើ​ផែនដី​នេះ ដើម្បី​យើង​អាច​មាន​រូបកាយ ហើយ បង្ហាញ​ថា​វា​បរិសុទ្ធ​នៅ​ចំពោះ​ព្រះ នៅ​ក្នុង​នគរ​សេឡេស្ទាល ។ គោលការណ៍​នៃ​សុភមង្គល​ដ៏​មហិមា មាន​នៅក្នុង​ការ​មាន​រូបរាង​កាយ ។ អារក្ស​គ្មាន​រូបកាយ​ទេ ហើយ​ការ​គ្មាន​រូបកាយ​នេះ​ហើយ​គឺ​ជា​ទណ្ឌកម្ម​របស់​វា ។ វា​មាន​ចិត្ត​រីករាយ​ណាស់ នៅពេល​វា​អាច​ទទួល​បាន​រោង​ឧបោសថ​នៃ​មនុស្ស ហើយ​នៅពេល​ព្រះអង្គ​សង្គ្រោះ​បណ្តេញ​វា​ចេញ វា​បាន​សូម​ទ្រង់​ចូល​ទៅ​ក្នុង​ហ្វូង​ជ្រូក​វិញ [ សូមមើល ម៉ាកុស ៥:១–១៣] ដែល​បង្ហាញ​ថា វា​ចង់​បាន​រូបកាយ​របស់​សត្វ​ជ្រូក ប្រសើរ​ជា​ជាង​គ្មាន​រូបកាយ ។ គ្រប់​តួអង្គ​ដែល​មាន​រូបកាយ​ទាំង​អស់ មាន​អំណាច​លើ​អ្វី​ដែល​គ្មាន​រូបកាយ » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ២១១) ។

សូមអាន ម៉ាកុស ១:២៨រកមើល​អ្វី​ដែល​បាន​កើត​ឡើង បន្ទាប់​ពី​ព្រះអង្គ​សង្គ្រោះ​បាន​បណ្តេញ​វិញ្ញាណ​អារក្ស​ចេញ ។

ស៊ីម៉ូន ពេត្រុស បាន​រៀបការ ហើយ​នៅក្នុង ម៉ាកុស ១:២៩–៣១ យើង​អាន​អំពី​ព្រះអង្គ​សង្គ្រោះ​បាន​ព្យាបាល​ជំងឺ​គ្រុន​ដល់​ម្តាយ​ក្មេក​របស់​លោក ។ នៅក្នុង ម៉ាកុស ១:៣២–៣៩ យើង​អាន​ថា​ព្រះយេស៊ូវ​បាន​ព្យាបាល​មនុស្ស​ឈឺ​ជាច្រើន​នាក់ បណ្តេញ​អារក្ស​ចេញ​ពី​ខ្លួន​ពួកគេ ហើយ​បន្ត​ប្រកាស​នៅ​ទូទាំង​ស្រុង​កាលីឡេ ។

ម៉ាកុស ១:៤០-៤៥

ព្រះយេស៊ូវ​ប្រោស​មនុស្ស​ឃ្លង់

សូមអាន ម៉ាកុស ១:៤០រកមើល​ថា​នរណា​បាន​មក​រក​ព្រះអង្គ​សង្គ្រោះ​នៅពេល​ទ្រង់​បន្ត​ប្រកាស​នៅ​ក្នុង​ស្រុក​កាលីឡេ ។

ប្រសិនបើ​អាច​ធ្វើ​បាន អ្នក​អាច​មើល​វីដេអូ « មេរៀន​ទី ១៨ ៖ New Testament Customs—Leprosy » (១:០១) មាន​នៅ​គេហទំព័រ LDS.org

កាល​ពី​សម័យ​បុរាណ​មនុស្ស​ឆ្លង​មេរោគ​ឃ្លង់​ត្រូវបាន​ហៅ​ថា​មនុស្ស​ឃ្លង់ ។ « រោគ​ឃ្លង់​គឺ​ជា​ជំងឺ​រាំរ៉ៃ​មួយ​ដែល​បណ្តា​ឲ្យ​មាន​ដំបៅ​នៅលើ​ស្បែក សរសៃ​ប្រសាទ ភ្នែក ឆ្អឹង និង ដៃជើង ។ ប្រសិនបើ​ពុំ​ព្យាបាល​ទេ ​នោះ​វា​នឹង​បណ្តាល​ឲ្យ​អ្នក​ជំងឺ​ក្លាយ​ជា​ពិការ ឈឺចាប់​ខ្លោចផ្សា​ពីមុន​ពួកគេ​ស្លាប់ ។ មនុស្ស​ឃ្លង់​ពី​បុរាណ​នៅ​អ៊ីស្រាអែល​ត្រូវបាន​ដាក់​ឲ្យ​នៅ​ដាច់​ពីគេ [ បង្ខំ​ឲ្យ​នៅ​ក្រៅ​ទីប្រជុំជន ] ត្រូវ​បាន​ហៅ​ថា ‹ ស្មោកគ្រោក ! › ដើម្បី​ព្រមាន​ដល់​អ្នក​ដែល​ប៉ង​ទៅជួប​ពួកគេ ហើយ​ត្រូវបាន​សន្និដ្ឋាន​ថា​ចម្លង​ភាពស្មោកគ្រោក​របស់​ខ្លួន​ដល់​មនុស្ស​ដទៃ​ទៀត ដែល​មក​ពាក់ព័ន្ធ​ជាមួយ​ពួកគេ ( សូមមើល លេវីវិន័យ ១៣:៤៥–៤៦) » (New Testament Student Manual Church Educational System manual ឆ្នាំ ២០១៤ ] ទំព័រ ១០៣ ) ។

សូម​ស្រមៃ​ថា​អ្នក​គឺ​ជា​មនុស្ស​ឃ្លង់​ម្នាក់​នៅ​អំឡុង​ជំនាន់​ព្រះយេស៊ូវគ្រីស្ទ ។ តើ​ការមាន​រោគ​ឃ្លង់​ជះឥទ្ធិពល​លើ​ជីវិត​របស់​អ្នក​យ៉ាង​ដូចម្តេច ?

សូមអាន ម៉ាកុស ១:៤០រកមើល​អ្វី​ដែល​មនុស្ស​ឃ្លង់​បាន​ធ្វើ នៅពេល​គាត់​បាន​ឃើញ​ព្រះអង្គ​សង្គ្រោះ ។ ( ពាក្យ អង្វរ មានន័យថា សុំ ឬ អង្វរករ ) ។

តើ​បុរស​ឃ្លង់​នោះ​បាន​បង្ហាញ​សេចក្តី​ជំនឿ​របស់​គាត់​លើ​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្តេច ?

ឃ្លា​ថា « បើ​ទ្រង់​សព្វ​ព្រះហឫទ័យ » មាន​ន័យ​ថា​បុរស​នោះ​ទទួល​ស្គាល់​ថា​ការជាសះស្បើយ​របស់​ខ្លួន​គឺ​ពឹង​ផ្អែក​លើ​ព្រះឆន្ទៈ​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​អាន ម៉ាកុស ១:៤១-៤២រកមើល​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​ឆ្លើយ​តប​ចំពោះ​ការ​ទូល​អង្វរ​របស់​បុរស​នោះ ។

សូម​ពិចារណា​ទៅ​លើ​សំណួរ​ខាងក្រោម​នេះ ៖

  • ប្រសិន​បើ​អ្នក​ជា​មនុស្ស​ឃ្លង់ តើ​ការ​ត្រូវ​បាន​ពាល់​ដោយ​ព្រះអង្គ​សង្គ្រោះ​នោះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​អ្នក ? ហេតុអ្វី ?

  • តើ​ជីវិត​របស់​អ្នក​នឹង​ផ្លាស់ប្ដូរ​យ៉ាង​ដូចម្ដេច ប្រសិនបើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ព្យាបាល​រោគ​ឃ្លង់​របស់​អ្នក​នោះ ?

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃី

នៅ​ពេល​អ្នក​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ដោយ​អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃី​ក្នុងកូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ សូម​គូស​ចំណាំ​ពី​របៀប​ដែល​ទ្រង់​មាន​បន្ទូល​ប្រដូច​មនុស្ស​ឃ្លង់​ទៅ​នឹង​អំពើ​បាប ( សូមមើល លេវីវិន័យ ១៤) ៖ « ក្រៅ​ពី​ផល​ប៉ះពាល់​នៃ​ការដាក់​ឲ្យ​នៅ​ដោយ​ឡែក​ខាង​រូបកាយ រោគ​ឃ្លង់​នៅ​ក្នុង​ជំនាន់​ព្រះគម្ពីរ​ប៊ីប ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​និមិត្ត​សញ្ញា​នៃ​អំពើបាប និង ភាព​ស្មោកគ្រោក ដែល​មាន​ន័យ​ថា ជំងឺ​អាក្រក់​នេះ​ស៊ី​បំផ្លាញ​រូបកាយ​សាច់ឈាម ដូច​គ្នា​ផងដែរ​ទៅ​នឹង​អំពើបាប​ដែរ​វា​ស៊ី​បំផ្លាញ និង ធ្វើ​ឲ្យ​វិញ្ញាណ​របស់​មនុស្ស​ខូចបង់ ។ … មាន​ឧទាហរណ៍​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់—ម៉ារាម, កេហាស៊ី និង អូសៀស—ជា​មនុស្ស​ដែល​ប្រឆាំង​បះបោរ បាន​ត្រូវ​បណ្តាសា​ឲ្យ​មាន​រោគ​ឃ្លង់ ដែល​វា​ជា​ការដាក់​ទោស​ចំពោះ​ទង្វើ​អាក្រក់​របស់​ពួកគេ » (The Mortal Messiah ៖ From Bethlehem to Calvary, ភាគ ៤. [ ឆ្នាំ ១៩៧៩–៨១ ] ២:៤៥ ) ។

វា​សំខាន់​ដើម្បី​កត់ចំណាំ​ថា ជំងឺ​ឃ្លង់​នេះ​គឺ​ពុំ​មែន​ជា​បណ្តាសា​នៃ​អំពើ​បាប​នោះ​ទេ ។ ប៉ុន្តែ​មាន ការប្រដូច​ មួយ​រវាង​លទ្ធផល​នៃ​រោគឃ្លង់ និង លទ្ធផល​នៃ​អំពើ​បាប ។ សូម​អាន ម៉ាកុស ១:៤០–៤២ម្តង​ទៀត ។ ម្តង​នេះ សូម​ជំនួស​ពាក្យ មនុស្ស​មាន​បាប ដោយពាក្យ មនុស្ស​ឃ្លង់ និង ពាក្យ អំពើ​បាប ដោយ​ពាក្យ រោគ​ឃ្លង់ ។ នៅពេល​អ្នក​អាន សូម​រកមើល​របៀប​ដែល​យើង​អាច​ប្រៀបប្រដូច​ការ​ព្យាបាល​មនុស្ស​ឃ្លង់​នេះ​ទៅ​នឹង​ការ​បាន​ជ្រះ​ស្អាត​ពី​អំពើ​បាប​របស់​យើង ។

នៅពេល​អ្នក​អាន​ខគម្ពីរ​ទាំងឡាយ​តាម​របៀប​នេះ តើ​ពាក្យ​អ្វីខ្លះ​ដែល​ផ្ដល់​ជា​យោបល់​អំពី​ការ​ទទួល​បាន​នូវ​ការអភ័យទោស ?

តើ​យើង​អាច​ប្រៀបប្រដូច​អ្វី​ដែល​មនុស្ស​ឃ្លង់​បាន​ធ្វើ ដើម្បី​បាន​ជា​ស្អាត​ពី​រោគ​ឃ្លង់ ទៅ​នឹង​អ្វី​ដែល​យើង​ចាំបាច់​ត្រូវ​ធ្វើ​ដើម្បី​បាន​ស្អាត​ពី​អំពើបាប​យ៉ាង​ដូចម្ដេច ?

គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​តាមរយៈ​ការប្រៀបប្រដូច ការព្យាបាល​មនុស្ស​ឃ្លង់​ទៅនឹង​ការបាន​ជ្រះស្អាត​ពី​អំពើ​បាប​នោះ​គឺ​ថា នៅពេល​យើង​អនុវត្ត​សេចក្ដីជំនឿ ហើយ​មក​រក​ព្រះអង្គ​សង្គ្រោះ នោះ​ទ្រង់​នឹង​មាន​ក្ដីមេត្តា​ចំពោះយើង ហើយ​សម្អាត​យើង​ពី​អំពើ​បាប ។ សូម​គិត​ពី​ការ​សរសេរ​សេចក្ដីពិត​នេះ​នៅ​លើ​គែម​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ ម៉ាកុស ១:៤០–៤២

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​យើងត្រូវ​អនុវត្ត​សេចក្ដី​ជំនឿ ហើយ​មក​រក​ព្រះអង្គ​សង្គ្រោះ ដើម្បី​ទ្រង់​អាច​សម្អាត​យើង​ពី​អំពើបាប​ដោយ​របៀប​ណា ?

    2. សូម​ពិចារណា​ម្ដងទៀត​អំពី​ស្ថានភាព​ជីវិត​របស់​មនុស្ស​ឃ្លង់​ពីមុន និង ក្រោយពេល​ដែល​គាត់​ត្រូវ​បាន​ជា​សះស្បើយ ។ តើ​ការមក​រក​ព្រះយេស៊ូវគ្រីស្ទ​ដើម្បី​ត្រូវបាន​ស្អាត​ពី​អំពើ​បាប អាច​ផ្លាស់ប្ដូរ​ជីវិត​របស់​មនុស្ស​ម្នាក់​យ៉ាង​ដូចម្ដេច ?

    3. តើ​អ្នក​ធ្លាប់​បាន​ឃើញ​ជីវិត​របស់​មនុស្ស​ម្នាក់​ផ្លាស់ប្ដូរ បន្ទាប់ពី​ត្រូវ​បាន​សម្អាត​ពី​អំពើបាប តាមរយៈ​អំណាច​នៃ​ដង្វាយ​ធួន​របស់​ព្រះគ្រីស្ទ​នៅ​ពេល​ណា ?

សូម​ពិចារណា​អំពី​អំពើបាប​នានា ដែល​អ្នក​ចាំបាច់​ត្រូវ​តែ​សម្អាត​ចេញ​ពី​អ្នក​នោះ ។ នៅពេល​អ្នក​មក​រក​ព្រះអង្គ​សង្គ្រោះ​តាមរយៈ​ការ​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ទ្រង់ ដោយ​ការ​អធិស្ឋាន ការប្រែចិត្ត និង​ការ​គោរព​ប្រតិបត្តិ នោះ​ទ្រង់​អាច​ធ្វើ​ឲ្យ​អ្នក​ស្អាត​បាន ។

សូម​អាន ម៉ាកុស ១:៤៣–៤៥ដោយរក​មើល​ការណែនាំ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ឲ្យ​ដល់​បុរស​ឃ្លង់​ដែល​បាន​ជា​សះស្បើយ​នោះ ។ ក្រឹត្យវិន័យ​លោក​ម៉ូសេ តម្រូវ​ឲ្យ​អ្នក​ទាំងឡាយ​ដែល​បាន​ជា​ស្អាត​ពី​រោគ​ឃ្លង់ បង្ហាញ​ខ្លួន​ដល់​សង្ឃ​នៅ​ព្រះវិហារ​បរិសុទ្ធ ។ បន្ទាប់​ពី​សង្ឃ​បាន​ប្រកាស​ថា​មនុស្ស​ឃ្លង់​បាន​ជាសះស្បើយ ការបូជា​មួយ​ត្រូវធ្វើ​ឡើង​តាមរយៈ​មនុស្ស​ឃ្លង់​នោះ អាច​ត្រូវបាន​ប្រកាស ដោយ​អនុញ្ញាត​ឲ្យ​គាត់ និង គ្រួសារ​គាត់​បាន​ថ្វាយ​បង្គំ​ពេញលេញ​នៅក្នុង​សហគមន៍​វិញ ។

តើ​បុរស​នោះ​បាន​ធ្វើ​អ្វីខ្លះ បន្ទាប់ពី​ព្រះអង្គសង្គ្រោះ​ព្រមាន​គាត់​កុំ​ឲ្យ​ប្រាប់​ដល់​អ្នក​ដទៃ ?

តើ​មាន​អ្វី​បាន​កើត​ឡើង​ខ្លះ ពេល​បុរស​នោះ​បាន​ផ្សាយ​ដំណឹង​អំពី​ការ​ជា​ស្អាត​របស់​ខ្លួន ?

  1. សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នេះ​ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា ម៉ាកុស ១ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖