បណ្ណាល័យ
មេរៀន​ទី ៥ ថ្ងៃ​ទី ៤ ៖ ម៉ាថាយ ២២:១៥-៤៦


មេរៀន​ទី ៥ ៖ ថ្ងៃ​ទី ៤

ម៉ាថាយ ២២:១៥-៤៦

សេចក្ដីផ្ដើម

កាល​ព្រះយេស៊ូវ​បាន​បន្ត​បង្រៀន​នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី​បាន​ព្យាយាម​ប្រើ​ល្បិច​បញ្ឆោត​ទ្រង់​ដោយ​ទូល​សួរ​សំណួរ​ពិបាកៗ​ដល់​ទ្រង់ ។ ទ្រង់​បាន​មាន​បន្ទូល​ឆ្លើយ​តប​សំណួរ​ពួកគេ​ដោយ​ជោគជ័យ ហើយ​បាន​បង្រៀន​ពួកគេ​ឲ្យ​គោរព​ដល់​ច្បាប់​ដែនដី និង​ច្បាប់​បញ្ញត្តិ​ធំៗ​ពីរ ។

ម៉ាថាយ ២២:១៥-២២

ពួក​ផារិស៊ី​ព្យាយាម​ប្រើ​ល្បិច​បញ្ឆោត​ព្រះអង្គ​សង្គ្រោះ ដោយ​ទូល​សួរ​ទ្រង់​ថាតើ​មាន​ច្បាប់​នឹង​បង់​ពន្ធ​ដែរ​ឬ​ទេ

តើ​ច្បាប់​សំខាន់ៗ​មួយ​ចំនួន​ដែល​រដ្ឋាភិបាល បាន​បង្កើត​នៅ​ក្នុង​សង្គម​របស់​យើង​មាន​អ្វីខ្លះ ? តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ច្បាប់​ទាំងនោះ​មាន​សារៈសំខាន់ ?

នៅ​ពេល​អ្នក​សិក្សា ម៉ាថាយ ២២:១៥–២២ សូម​ស្វែងរក​អ្វី​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​អំពី​ការគោរព​តាម​ច្បាប់​ដែនដី ។

សូម​ចងចាំ​ថា នៅ​សប្ដាហ៍​ចុងក្រោយ​នៃ​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ ទ្រង់​បាន​បង្រៀន​ជា​រៀង​រាល់​ថ្ងៃ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នៅ​ក្រុង​យេរូសាឡិម ។ សូម​អាន ម៉ាថាយ ២២:១៥ ដោយ​ស្វែងរក​អ្វី​ដែល​ពួក​ផារីស៊ី​បាន​ព្យាយាម​ធ្វើ​ចំពោះ​ព្រះអង្គ​សង្គ្រោះ ។ ឃ្លា « ចាប់​ទ្រង់​ដោយ​នូវ​ព្រះបន្ទូល » មាន​ន័យ​ថា ពួក​ផារីស៊ី​បាន​ព្យាយាម​បញ្ឆោត​ព្រះអង្គ​សង្គ្រោះ​ឲ្យ​មាន​បន្ទូល​នូវ​អ្វីៗ ដែល​នឹង​ធ្វើ​ឲ្យ​ទ្រង់​មាន​កំហុស ។

សូម​អាន ម៉ាថាយ ២២:១៦–១៧ ដោយ​ស្វែងរក​ថាតើ​ពួក​ផារីស៊ី​បាន​ព្យាយាម​បញ្ឆោត​ព្រះអង្គ​សង្គ្រោះ​តាម​របៀប​ណា ។ វា​អាច​នឹង​មាន​ប្រយោជន៍​ដែល​ដឹង​ថា​ពាក្យ ពន្ធ នៅ​ក្នុង ខទី ១៧ មាន​ន័យ​ថា ពន្ធ​អាករ ហើយ សេសារ ជា​ស្ដេច​អាណាចក្រ​រ៉ូម ដែល​គ្រប់គ្រង​អ៊ីស្រាអែល​នៅ​គ្រា​នោះ ។

សំណួរ​ដែល​ពួក​ផារិស៊ី​បាន​ចោទ​សួរ​ព្រះយេស៊ូវ​គឺ​ជា​អន្ទាក់​មួយ​ដ៏​មាន​ប្រសិទ្ធភាព ប្រសិនបើ​ព្រះអង្គ​សង្គ្រោះ​មាន​បន្ទូល​ថា វា​គឺជា​រឿង​ត្រឹមត្រូវ​ដើម្បី​បង់​ពន្ធ​ដល់​អណាចក្រ​រ៉ូម នោះ​ពួក​សាសន៍​យូដា​នឹង​គិត​ថា​ទ្រង់​ជា​អ្នក​គាំទ្រ​ពួក​រ៉ូម ហើយ​មិន​ស្មោះត្រង់​ចំពោះ​រាស្ត្រ​របស់​ទ្រង់ ។ ប្រសិនបើ​ព្រះអង្គ​សង្គ្រោះ​មាន​បន្ទូល​ប្រាប់​ពួកគេ​ថា វា​មិន​ត្រូវ​នឹង​ច្បាប់​ទេ ដែល​ត្រូវ​បង់​ពន្ធ នោះ​ពួកផារិស៊ី​អាច​ចោទប្រកាន់​ព្រះយេស៊ូវ​ថា​ជា​ជន​ក្បត់​ជាតិ ហើយ​រាយការណ៍​ប្រាប់​មន្ត្រី​រ៉ូម​អំពី​ទ្រង់ ។

រូបភាព
កាក់​រ៉ូម

កាក់​រ៉ូម​ដែល​មាន​រូប​សេសារ

សូម​អាន ម៉ាថាយ ២២:១៨–២១ ដោយ​ស្វែងរក​ថាតើ​ព្រះអង្គ​សង្គ្រោះ បាន​មាន​បន្ទូល​តប​នឹង​សំណួរ​របស់​ពួក​ផារិស៊ី​យ៉ាង​ដូចម្ដេច ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​គិត​ថា​ហេតុអ្វី​ចម្លើយ​របស់​ព្រះអង្គ​សង្គ្រោះ​គឺជា​ការឆ្លើយតប​មួយ​ដ៏​ល្អ​ឥត​ខ្ចោះ ចំពោះ​សំណួរ​របស់​ពួក​ផារិស៊ី ?

ឃ្លា « ដូច្នេះ ចូរ​ថ្វាយ​របស់​សេសារ ទៅ​សេសារ​ទៅ » នៅ​ក្នុង ខ​ទី ២១ សំដៅ​ទៅ​លើ​កាតព្វកិច្ច​របស់​យើង​ក្នុង​ការគោរព​តាម​ច្បាប់​រដ្ឋ ដូចជា​ច្បាប់​បង់ពន្ធ ។

ចេញ​ពី​ខគម្ពីរ​ទាំងនេះ យើង​រៀន​គោលលទ្ធិ​ដូច​ខាង​ក្រោម​នេះ ៖ ព្រះអម្ចាស់​មាន​ព្រះទ័យ​រំពឹង​ឲ្យ​យើង​ធ្វើ​ជា​ពលរដ្ឋ​ល្អ ហើយ​គោរព​តាម​ច្បាប់​ដែនដី ។

ហេតុអ្វី​វា​គឺជា​រឿង​ដ៏​សំខាន់​ចំពោះ​យើង​ក្នុង​នាម​ជា​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ត្រូវ​ធ្វើ​ជា​ពលរដ្ឋ​ល្អ ហើយ​គោរព​តាម​ច្បាប់​ដែនដី ? ( សូម​មើល មាត្រា​នៃ​សេចក្តីជំនឿ ១:១២ ) ។ តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់​មាន​ព្រះទ័យ​រំពឹង​ឲ្យ​យើង​ធ្វើ​ជា​ពលរដ្ឋ​ល្អ​ផង និង​ជា​សមាជិក​ល្អ​ ក្នុង​សាសនាចក្រ​ផង ហើយ​គោរព​តាម​ច្បាប់​ដែនដី​ផង ?

សូម​អាន ម៉ាថាយ ២២:២២ ដោយ​ស្វែងរក​ថាតើ​ពួក​ផារិស៊ី​បាន​មាន​ប្រតិកម្ម​យ៉ាង​ដូចម្ដេច ចំពោះ​ការឆ្លើយតប​របស់​ព្រះអង្គ​សង្គ្រោះ ។

ម៉ាថាយ ២២:២៣-៣៤

ព្រះអង្គសង្គ្រោះ​បង្រៀន​ពួក​សាឌូស៊ី​អំពី​អាពាហ៍ពិពាហ៍ និង​ការរស់ឡើងវិញ

ដោយ​បន្ថែម​ពី​លើ​ពួក​ផារិស៊ី នោះ​ពួក​សាឌូស៊ី​ក៏​បាន​ព្យាយាម​ប្រើ​ល្បិច​ចាប់​កំហុស​លើ​ព្រះបន្ទូល​របស់​ទ្រង់ កាល​ទ្រង់​បាន​បង្រៀន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដែរ ។ សូម​អាន ម៉ាថាយ ២២:២៣–២៨ ដោយ​ស្វែងរក​របៀប​ដែល​ពួក​សាឌូស៊ី​បាន​ព្យាយាម​បញ្ឆោត​ព្រះអង្គ​សង្គ្រោះ ។ សូម​កត់ចំណាំ​ថា ពួក​សាឌូស៊ី​ជឿ​ថា « គ្មាន​សេចក្តី​រស់ឡើងវិញ​ទេ » ( ខទី ២៣ ) ។

តើ​អ្នក​នឹង​សង្ខេប​សំណួរ​ដែល​ពួក​សាឌូស៊ី​បាន​ទូល​សួរ​ដល់​ព្រះអង្គ​សង្គ្រោះ​យ៉ាង​ដូចម្ដេច ?

ពួក​សាឌូស៊ី​មាន​ចេតនា​អនុវត្ត​ផ្ទុយ​ពី​ទំនៀម​ទម្លាប់​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់​ដែល​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​ផ្គត់ផ្គង់​ដល់​ស្ត្រី​មេម៉ាយ ( សូម​មើល ចោទិយកថា ២៥:៥–៦ Bible Dictionary « Levirate marriage » ) ។ ពួកគេ​បាន​ប៉ុនប៉ង​បំផ្លើស​ទំនៀម​ទម្លាប់​នេះ ដើម្បី​បង្ខូច​គោលលទ្ធិ​នៃ​ការរស់ឡើងវិញ ។

សូម​អាន ម៉ាថាយ ២២:២៩–៣០ ដោយ​ស្វែងរក​ចម្លើយ​របស់​ព្រះអង្គ​សង្គ្រោះ​ឆ្លើយតប​ទៅ​ពួក​សាឌូស៊ី ។ សូម​កត់ចំណាំ​ថា​អ្វី​ដែល​ព្រះយេស៊ូវ​បាន​មាន​ព្រះបន្ទូល​ពុំ​អាច​កើត​ឡើង​នៅ​ក្នុង ឬ នៅ​ពេល​នៃ​ការរស់ឡើងវិញ​បាន​ឡើយ ។

នៅ​ក្នុង​បរិបទ​នៃ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ផ្ដល់​ការពន្យល់​មួយ​អំពី ម៉ាថាយ ២២:២៩–៣០ ៖

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

« [ ព្រះយេស៊ូវគ្រីស្ទ ] ពុំ​បាន បដិសេធ ទេ ប៉ុន្តែ បាន​កំណត់ គំនិត​ទូទៅ​ថា​នឹង​មាន​ការរៀបការ យក​គ្នា​ជា​ប្ដី​ប្រពន្ធ​នៅ​ឯ​ស្ថានសួគ៌ ។ ទ្រង់​កំពុង​តែ​មាន​បន្ទូល​ថា បើ​តាម​ទស្សន​របស់ ‹ ពួកគេ › ( ពួក​សាឌូស៊ី ) បើ​តាម​ទស្សន​របស់ ‹ ពួកគេ › ( ‹ កូនចៅ​នៃ​លោកិយ​នេះ › ) នោះ​ក្រុម​គ្រួសារ​មិន ហើយ​នឹង​មិន​បន្ត​នៅ​ក្នុង​ការរស់ឡើងវិញ​ឡើយ ។ …

« ‹ ហេតុដូច្នេះហើយ កាល​ណា​ពួកគេ [ ជន​ដែល​នឹង​មិន ឬ​មិន​អាច​រស់​នៅ​តាម​ក្រឹត្យវិន័យ​នៃ​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់​កល្ប​ជានិច្ច ] ចាក​ចេញ​ពី​លោកិយ​នេះ​ទៅ នោះ​ពួកគេ​ពុំ​មែន​រៀបការ​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ទៀតទេ › ។

« នោះ​នឹង​គ្មាន​ការរៀបការ​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​នៅ​ឯ​ស្ថានសួគ៌​ឡើយ ចំពោះ​ជន​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល ចំពោះ​ជន​ដែល​មិន​ជឿ​លើ​ការរស់ឡើងវិញ ព្រមទាំង​រាល់​សេចក្ដីពិត​នៃ​ការសង្គ្រោះ​ផ្សេង​ទៀត ចំពោះ​ជន​ទុច្ចរិត និង ជន​ដែល​មិន​ជឿ​ព្រះ ចំពោះ​ជន​ដែល​រស់នៅ​តាម​របៀប​របស់​លោកិយ ចំពោះ​មនុស្ស​មួយ​ចំនួន​ធំ​ដែល​មិន​ប្រែចិត្ត ។ ជន​ទាំងអស់​នេះ​នឹង​មិន​បាន​ទទួល​រង្វាន់​ដ៏​ពេញលេញ​បន្ទាប់​ពី​នោះ​ទៅ​ឡើយ » ( Doctrinal New Testament Commentary វ៉ុល ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ១:៦០៦ ) ។

ព្រះអម្ចាស់​បាន​ត្រាស់​សម្ដែង​សេចក្ដីពិត​សំខាន់ៗ​ជា​ច្រើន អំពី​អាពាហ៍ពិពាហ៍​ដ៏​អស់កល្ប​ជានិច្ច​ទៅ​ដល់​ព្យាការី យ៉ូសែប ស៊្មីធ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:១៥-១៧ ដោយ​ស្វែងរក​ថាតើ​ព្រះអម្ចាស់​បាន​ត្រាស់​សម្ដែង​អ្វី​ខ្លះ ទៅ​ដល់​ព្យាការី យ៉ូសែប ស្ម៊ីធ អំពី​អាពាហ៍ពិពាហ៍​នៅ​ក្នុង​ខគម្ពីរ​ទាំងនោះ ។

តើ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា​ជនណា​ទៅ​ដែល​នឹង​គ្មាន « ការរៀបការ​យក​គ្នា​ជា​ប្ដី​ប្រពន្ធ » ( គ. និង ស. ១៣២:១៦ ) នៅ​ពេល​ការ​រស់ឡើង​វិញ ?

ការរៀបការ « មិនមែន​ដោយ​យើង ឬ ដោយ​ព្រះបន្ទូល​យើង​ទេ » ( គ. និង ស. ១៣២:១៥ ) មាន​ន័យ​ថា បុគ្គល​ម្នាក់​ពុំ​បាន​រៀបការ​យក​ប្រពន្ធ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដោយ​សិទ្ធិអំណាច​នៃ​បព្វជិតភាព​ទេ ។

ចេញ​ពី ម៉ាថាយ ២២:៣០ និង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:១៥–១៧ យើង​រៀន​ថា បុគ្គល​ដែល​ពុំ​បាន​ផ្សារ​ភ្ជាប់​នឹង​ស្វាមី ឬ​ភរិយា​របស់​ខ្លួន​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ ឬ​តាមរយៈ​ពិធី​បរិសុទ្ធ​ជំនួស នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដោយ​សិទ្ធិអំណាច​នៃ​បព្វជិតភាព​នោះ​ទេ ពួកគេ​នឹង​ពុំ​បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​ក្នុង​ជីវិត​ខាង​មុខ​ឡើយ ។

សូម​អាន ម៉ាថាយ ២២:៣១-៣៣ ដោយ​ស្វែងរក​សេចក្ដីពិត​ផ្សេង​ណា​ទៀត ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ពួក​សាឌូស៊ី​អំពី​ការរស់ឡើងវិញ ។ សូម​គិត​ដល់​ការគូសចំណាំ​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​នៅ​ក្នុង ខទី ៣២ ដែល​ចង្អុល​បង្ហាញ​ថា​ការរស់ឡើងវិញ​គឺ​ជា​រឿង​ពិត ។

តើ​មនុស្ស​ឆ្លើយ​តប​យ៉ាង​ដូចម្ដេច​កាល​ពួកគេ​ស្ដាប់​ឮ​ព្រះអង្គ​សង្គ្រោះ​បង្រៀន​គោលលទ្ធិ​ទាំងនេះ ?

ម៉ាថាយ ២២:៣៤-៤០

ព្រះអង្គ​សង្គ្រោះ​បង្រៀន​អំពី​ព្រះបញ្ញត្តិ​ធំ​ពីរ

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ធ្វើ​បញ្ជី​នៃ​ព្រះបញ្ញត្តិ​ច្រើន​តាម​ដែល​អ្នក​អាច​រក​បាន​នៅ​ក្នុង​ពេល​មួយ​នាទី ។

ពួក​អាចារ្យ​សាសន៍​យូដា​មួយ​ចំនួន​បាន​ជឿ​ថា មាន​ក្រឹត្យវិន័យ ឬ ព្រះបញ្ញត្តិ​ចំនួន ៦១៣ នៅ​ក្នុង​ក្រឹត្យវិន័យ​លោក​ម៉ូសេ ។ សូម​អាន ម៉ាថាយ ២២:៣៤–៣៦ ដោយ​ស្វែងរក​សំណួរ​ដែល​ពួក​ផារិស៊ី​ម្នាក់​បាន​ចោទសួរ​ព្រះយេស៊ូវ អំពី​ព្រះបញ្ញត្តិ​ទាំងនេះ ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ​ឃ្លា​នេះ នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

ដោយ​ពុំ​មើល​ចម្លើយ​របស់​ព្រះអង្គ​សង្គ្រោះ នោះ​សូម​គូស​រង្វង់​លើ​ព្រះបញ្ញត្តិ​មួយ​នៅ​លើ​បញ្ជី​ដែល​អ្នក​បាន​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ដែល​អ្នក​គិត​ថា​ជា​ព្រះបញ្ញតិ « ធំ » ឬ សំខាន់​ជាង​គេ ។

សូម​អាន ម៉ាថាយ ២២:៣៧–៤០ ដោយ​ស្វែងរក​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​តប​នឹង​សំណួរ​របស់​ពួក​ផារិស៊ី ។ ( ម៉ាថាយ ២២:៣៦-៣៩ គឺជា​វគ្គ​ចំណេះចំណាន​ខគម្ពីរ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​វា​នៅ​ក្នុង​របៀប​មួយ ដែល​ជួយ​អ្នក​អាច​ងាយ​រក​វា​ឃើញ​នៅ​ពេល​ខាង​មុខ ) ។

ការបង្គាប់​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ « ស្រឡាញ់​អ្នក​ជិត​ខាង » សំដៅ​ទៅ​លើ​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ទូទៅ ។

តើ​អ្នក​គិត​ថា​ហេតុអ្វី​បាន​ជា​ព្រះបញ្ញត្តិ​ទាំងនេះ ត្រូវបាន​ចាត់ទុក​ថា​ជា​ព្រះបញ្ញត្តិ​ធំ​ជាង​គេ​បំផុត ?

ឃ្លា « បណ្តា​ក្រឹត្យវិន័យ និង​អស់​ទាំង​ទំនាយ​ហោរា​ទាំង​ប៉ុន្មាន ក៏​សំរេច​នៅ​បទបញ្ញត្តិ​ទាំង​២​ប្រការ​នេះ​ឯង » ( ម៉ាថាយ ២២:៤០ ) មាន​ន័យ​ថា រាល់​ព្រះបញ្ញត្តិ​ដែល​បាន​បើក​សម្ដែង​នៅ​ក្នុង​ក្រឹត្យវិន័យ​របស់​ម៉ូសេ ហើយ​តាមរយៈ​ព្យាការី​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​មនុស្ស​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ និង​ចំពោះ​អ្នក​ជិតខាង​របស់​ខ្លួន ឬ ទាំង​ពីរ ។

យើង​រៀន​ចេញ​ពី​ខគម្ពីរ​ទាំងនេះ នូវ​គោលលទ្ធិ​ខាង​ក្រោម​នេះ ៖ ប្រសិនបើ​យើង​ស្រឡាញ់​ព្រះ​ពិត ហើយ​ស្រឡាញ់​អ្នក​ជិតខាង​ដូចជា​ខ្លួន​យើង នោះ​យើង​នឹង​ខំ​ព្យាយាម​គោរព​រាល់​ព្រះបញ្ញត្តិ​របស់​ព្រះ ។

សូម​យោង​ទៅ​បញ្ជី​ព្រះបញ្ញត្តិ​ទាំងអស់ ដែល​អ្នក​បាន​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ សូម​គូស​ផ្កាយ​មួយ​នៅ​ក្បែរ​ព្រះបញ្ញត្តិ​ដែល​បង្ហាញ​សេចក្ដីស្រឡាញ់​ចំពោះ​ព្រះ និង​ប្រអប់​បួន​ជ្រុង​នៅ​ក្បែរ​ព្រះបញ្ញត្តិ​ដែល​បង្ហាញ​សេចក្ដីស្រឡាញ់​ចំពោះ​អ្នក​ជិត​ខាង​យើង ។ ( ព្រះបញ្ញត្តិ​មួយ​ចំនួន​អាច​ដាក់​ទាំង​ផ្កាយ និង​ប្រអប់បួន​ជ្រុង ) ។

សូម​ពិចារណា​អំពី​គ្រា​ដែល​អ្នក​បាន​ជ្រើស​គោរព​តាម​ព្រះបញ្ញត្តិ​ជាក់លាក់​មួយ​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ ឬ​ចំពោះ​មនុស្ស​ម្នាក់​ទៀត ។

សូម​គិត​អំពី​ព្រះបញ្ញត្តិ​ដែល​អ្នក​អាច​គោរពប្រតិបត្តិ​ឲ្យ​បាន​កាន់តែ​ខ្ជាប់ខ្ជួន ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះវរបិតា​សួគ៌ ឬ មនុស្ស​ម្នាក់​ទៀត ។ សូម​ដាក់​គោលដៅ​ដើម្បី​គោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​នោះ​ឲ្យ​បាន​កាន់តែ​ស្មោះត្រង់ ។

រូបភាព
រូបសញ្ញា​ចំណេះ​ចំណាន​ខគម្ពីរ
ចំណេះ​ចំណាន​ខគម្ពីរ—ម៉ាថាយ ២២:៣៦-៣៩

ចំពោះ​វគ្គ​ចំណេះចំណានខគម្ពីរ​នីមួយៗ អ្នក​នឹង​អាច​ស្គាល់​បរិបទ គោលលទ្ធិ ឬ គោលការណ៍ និង របៀប​អនុវត្ត​សេចក្ដីពិត​នោះ​នៅ​ក្នុង​ជីវិត​របស់​អ្នក ។ ( សូម​មើល​ធនធាន​ចំណេះចំណាន​ខគម្ពីរ​ដែល​មាន​នៅ​លើ​គេហទំព័រ LDS.org ដើម្បី​បាន​ធនធាន​សម្រាប់​ការសិក្សា ) ។

នៅ​ក្នុង ម៉ាថាយ ២២:៣៦–៣៩ បរិបទ​គឺ​ជា​ចម្លើយ​តប​របស់​ព្រះគ្រីស្ទ​ដល់​ពួក​ផារិស៊ី ដែល​បាន​ចោទសួរ​ថាតើ​ព្រះបញ្ញត្តិ​ណា​មួយ​ដែល​ធំ​ជាងគេ ។ គោលលទ្ធិ ឬ គោលការណ៍​មួយ​ដែល​មាន​បង្រៀន​នៅ​ក្នុង​វគ្គបទគម្ពីរ​នោះ​គឺ​ថា ព្រះបញ្ញត្តិ​ធំ​ពីរ​គឺ​ត្រូវ​ស្រឡាញ់​ព្រះ និង ស្រឡាញ់​អ្នក​ជិត​ខាង​របស់​យើង ។ សូម​កត់ចំណាំ​ថា​នៅ​ក្នុង ខទី ៣៧ វា​ថ្លែង​ថា​ត្រូវ​ឲ្យ « ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី ចិត្ត អស់​អំពី ព្រលឹង ហើយ​អស់​អំពី គំនិត ឯង » ( ​បន្ថែម​អក្សរ​ទ្រេត ) ។ ការអនុវត្ត​មួយ​នៃ​វគ្គ​ចំណេះចំណាន​ខគម្ពីរ​នេះ គឺ​ត្រូវ​ពិចារពណា​អំពី​សំណួរ​ដូច​ខាង​ក្រោម​នេះ ៖ តើ​អ្នក​អាច​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះ ដោយ​អស់​ពី​ចិត្ត ពី​ព្រលឹង និង​ពី​គំនិត​របស់​អ្នក​យ៉ាង​ដូចម្តេច ? តើ​អ្នក​អាច​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​កូនចៅ​របស់​ទ្រង់​យ៉ាង​ដូចម្តេច ?

  1. សូម​ពិចារណា​អំពី​អត្ថន័យ ដែល​ត្រូវ​ស្រឡាញ់​នរណា​ម្នាក់​ដោយ​អស់​ពី​ដួងចិត្ត​អ្នក ? សូម​ពិចារណា​អំពី​អត្ថន័យ ដែល​ត្រូវ​ស្រឡាញ់​ទ្រង់​ឲ្យ​អស់​ពី​ព្រលឹង​អ្នក ? ក្រោយ​មក​សូម​ពិចារណា​អំពី​របៀប ដែល​អ្នក​អាច​ស្រឡាញ់​ទ្រង់​ឲ្យ​អស់​ពី​ព្រលឹង​អ្នក ។ សូម​សរសេរ​គំនិត​របស់​អ្នក​អំពី​យោបល់​ទាំងបី​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ៖

ម៉ាថាយ ២២:៤១-៤៦

ព្រះយេស៊ូវ​សួរ​ពួក​ផារិស៊ី​ថាតើ​ពួកគេ​គិត​អំពី​ព្រះគ្រីស្ទ​យ៉ាង​ដូចម្ដេច

បន្ទាប់​ពី​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​តប​នឹង​សំណួរ​របស់​ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី​ដោយ​ជោគជ័យ​មក នោះ​ទ្រង់​បាន​សួរ​ពួក​ផារិស៊ី​នូវ​សំណួរ​មួយ​ចំនួន ។ សូម​អាន ម៉ាថាយ ២២:៤១-៤២ ដោយ​ស្វែងរក​ថាតើ​ព្រះអង្គ​សង្គ្រោះ បាន​មាន​បន្ទូល​សួរ​ពួក​ផារីស៊ី​យ៉ាង​ដូចម្ដេច ។

ស្របតាម​ខគម្ពីរ​ទាំងនោះ តើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​មាន​បន្ទូល​សួរ​សំណួរ​អ្វី​ទៅ​ពួក​ផារិស៊ី ? តើ​ពួក​ផារិស៊ី​បាន​ឆ្លើយតប​យ៉ាង​ដូចម្ដេច ?

ពួក​យូដា​ភាគច្រើន​បាន​ស្គាល់​ថា ព្រះគ្រីស្ទ ឬ​ព្រះមែស៊ី​ជា​ពូជពង្ស​នៃ​ហ្លូង​ដាវីដ ។ ពួក​ផារិស៊ី​បាន​ជឿ​ថា​ព្រះមែស៊ី​នឹង​ក្លាយ​ជា​ស្ដេច​នៃ​អ៊ីស្រាអែល ហើយ​ជួយ​ពួកគេ​វាយ​រុញ​ច្រាន​ពួក​រ៉ូម ហើយ​ទទួល​បាន​សេរីភាព​របស់​ពួកគេ ដូចជា​ស្ដេច​ដាវីឌ​បាន​ធ្វើ​កាល​ពី​មុន ។ នៅ​ក្នុង ម៉ាថាយ ២២:៤៣–៤៦ យើង​អាន​ថា ព្រះយេស៊ូវ​បាន​បង្រៀន​ពួក​ផារិស៊ី​ថា យោង​តាម​ព្រះគម្ពីរ​របស់​ពួកគេ ព្រះគ្រីស្ទ​គឺ​លើស​ពី​ការគ្រាន់តែ​ជា បុត្រ​របស់​ដាវីឌ​ទៅ​ទៀត—ទ្រង់​ក៏​ជា​ព្រះរាជ​បុត្រា​នៃ​ព្រះ​ផង​ដែរ ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​រៀបរាប់​អំពី ទំនុកដំកើង ១១០:១ ទៅ​ដល់​ពួក​ផារិស៊ី​ដោយ​ពន្យល់​អំពី​ការណ៍​នេះ ( សូម​មើល ម៉ាថាយ ២២:៤៤ ) ។

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

អែលឌើរ ប្រ៊ូស អរ ម៉ាក់ខន់ឃី បាន​ពន្យល់​ថា ៖ « តើ​អាច​មាន​សំណួរ​ណាមួយ លើ​របៀប​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​បកស្រាយ​អំពី​ពាក្យពេចន៍​របស់​ទំនុកដំកើង​ដែរ​ឬ​ទេ ? ទ្រង់​មាន​បន្ទូល​ថា​វា​មាន​ន័យ​ថា ៖ ‹ ព្រះវរបិតា​បាន​មាន​ព្រះបន្ទូល​ទៅ​កាន់​ព្រះរាជបុត្រា អេឡូហីម បាន​មាន​ព្រះបន្ទូល​ទៅ​កាន់​ព្រះយេហូវ៉ា​ថា ចូរ​គង់​នៅ​ខាង​ស្ដាំ​ព្រះហស្ដ​របស់​យើង​ចុះ ដរាប​ដល់​បន្ទាប់​ពី​ការងារ​បម្រើ​ក្នុង​ជីវិត​រមែងស្លាប់​របស់​បុត្រ លំដាប់​នោះ​យើង​នឹង​លើក​បុត្រ​ឡើង​ដល់​ភាពរុងរឿង និង ភាពតម្កើងឡើង​ដ៏​អស់កល្ប​ជានិច្ច​ជាមួយ​នឹង​យើង ជា​ពេល​ដែល​បុត្រ​នឹង​បន្ត​គង់​នៅ​ខាង​ស្ដាំ​ព្រះហស្ត​យើង​ជា​ដរាប​តទៅ › ។ តើ​វា​ជា​រឿង​អស្ចារ្យ​ទេ ដែល​ដំណើររឿង​ដ៏​បំផុសគំនិត​នោះ​បញ្ចប់​បញ្ហា​ដោយ​ថ្លែង​ថា ‹ តែ​គ្មាន​អ្នក​ណា​អាច​នឹង​ឆ្លើយ​តប​ទៅ​ទ្រង់​មួយ​ម៉ាត់​បាន​ទេ រួច​តាំង​ពី​ថ្ងៃ​នោះ​មក គ្មាន​អ្នក​ណា​ហ៊ាន​ទូល​សួរ​ទ្រង់​ទៀត​ឡើយ › ។ ( ម៉ាថាយ ២២:៤១–៤៦ ) » ( The Promised Messiah: The First Coming of Christ [ ឆ្នាំ ១៩៧៨ ] ទំព័រ ១០២ ) ។

  1. សូម​គិត​អំពី​របៀប​ដែល​អ្នក​នឹង​ឆ្លើយ​ចំពោះ​សំណួរ​ដូច​តទៅ​នេះ ៖ តើ​អ្នក​គិត​យ៉ាង​ដូចម្ដេច​អំពី​ព្រះគ្រីស្ទ ? តើ​ទ្រង់​ជា​បុត្រ​របស់​អ្នក​ណា ? សូម​សរសេរ​គំនិត​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា ម៉ាថាយ ២២:១៥–២៦ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖