បណ្ណាល័យ
មេរៀន​ទី ២៧ ថ្ងៃទី ២ ៖ ទីតុស


មេរៀន​ទី ២៧ ៖ ថ្ងៃ​ទី ២

ទីតុស

សេចក្ដីផ្ដើម

នៅ​ក្នុង​សំបុត្រ​មួយ​ច្បាប់​នេះ សាវក​ប៉ុល​បាន​ប្រៀនប្រដៅ​ទីតុស ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ជាមួយ​គ្នា​ដែល​ក្រោយ​មក​បម្រើ​នៅ​លើ​កោះ​ក្រេត ដើម្បី​ប្រើប្រាស់​គោលលទ្ធិ​ពិត​ទៅ​បង្រៀន ហើយ​កែតម្រូវ​មនុស្សដទៃ ។ ប៉ុល​ក៏​បាន​ទូន្មាន​ទីតុស​ឲ្យ​ទៅ​បង្រៀន​ពួក​បរិសុទ្ធ​ឲ្យ​ធ្វើ​ជា​គំរូ​សុចរិត ឲ្យ​មាន​សេចក្ដី​សង្ឃឹម​លើ​ការប្រោសលោះ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​បន្ត​ធ្វើ​ទង្វើ​ល្អ ។

ទីតុស ១

ប៉ុល​ប្រៀនប្រដៅ​ទីតុស​ឲ្យ​ប្រើ​គោលលទ្ធិ​ពិត​ទៅ​បង្រៀន ហើយ​កែតម្រូវ​ពួក​បរិសុទ្ធ និង​មនុស្ស​ដទៃ​ទៀត​នៅ​លើ​កោះ​ក្រេត

សូម​ស្វែងរក​ទីតាំង​កោះ​ក្រេត​លើ​ផែនទី​ក្នុង​ព្រះគម្ពីរ​ប៊ីប លេខ ១៣ « ដំណើរ​របស់​សាវក​ប៉ុល​ទៅ​ផ្សាយ​សាសនា » ។ កាល​ជីវិត​របស់​ប៉ុល​ហៀប​នឹង​បញ្ចប់​ទៅ លោក​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ទៅ​កាន់​ទីតុស ដែល​កំពុង​បម្រើ​ជា​អ្នក​ដឹកនាំ​ម្នាក់​ក្នុង​សាសនាចក្រ​នៅ​លើ​កោះក្រេត ។ ទីតុស​បាន​ប្រែចិត្តជឿ​ដោយសារ​ប៉ុល​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ហើយ​បន្ទាប់​ពី​លោក​បាន​ទទួល​បុណ្យជ្រមុជទឹក​ហើយ លោក​បាន​បម្រើ​ជាមួយ​ប៉ុល​ក្នុង​កិច្ច​ចាត់តាំង​ជា​ច្រើន ។ នៅ​ក្នុង​សំបុត្រ​របស់​លោក ប៉ុល​បាន​លើកទឹកចិត្ត​ទីតុស ហើយ​បាន​ទូន្មាន​គាត់​ទាក់ទង​ទៅ​នឹង​ការហៅ​បម្រើ​របស់​គាត់ ។

ដូច​មាន​កត់ត្រា​នៅ​ក្នុង ទីតុស ១:១–៦ ប៉ុល​បាន​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដី​សង្ឃឹម​ដែល​លោក​មាន​ចំពោះ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ជា​ជីវិត​ដែល​ព្រះ​បាន​សន្យា​តាំង​ពី​មុន​ផែនដី​ត្រូវបាន​បង្កើត​មក​ម្ល៉េះ ( សូម​មើល ទីតុស ១:២ ) ។ លោក​បាន​ពន្យល់​ថា លោក​បាន​បញ្ជូន​ទីតុស​ឲ្យ​ទៅ​រៀបចំ​តាំង​សាសនាចក្រ​ឡើង​នៅ​លើ​កោះក្រេត ហើយ​ហៅ​បុរសៗ​ឲ្យ​បម្រើ​ជា​ប៊ីស្សព ។

សូម​អាន ទីតុស ១:៧–៨ ដោយ​ស្វែងរក​លក្ខណៈសម្បត្តិ​នានា ដែល​ប៊ីស្សព​គប្បី​មាន និង​លក្ខណៈសម្បត្តិ​នានា​ដែល​ប៊ីស្សព​គប្បី​ចៀសវាង ។ អ្នក​អាច​គូស​ចំណាំ ឬ​កត់ចំណាំ​អ្វី​ដែល​អ្នក​រក​ឃើញ ។

នៅ​ក្នុង ទីតុស ១:៧ ពាក្យ ​មាន​ចិត្ត​មានះ មាន​ន័យ​ថា ចចេស ឬ​ច្រឡោងខាម រីឯ​ឃ្លា « ស៊ី​សំណូក » សំដៅ​ទៅ​លើ​ប្រាក់​ដែល​ទទួល​បាន​មក​ពី​ភាពមិនទៀងត្រង់ ឬ​មធ្យោបាយ​ដែល​មិន​សុចរិត ។

តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​លក្ខណៈសម្បត្តិ​នានា​ដែល​ប៉ុល​បាន​រៀបរាប់ គឺ​ចាំបាច់​ដែល​ប៊ីស្សព​ត្រូវតែ​មាន ឬ​ត្រូវតែ​ចៀសវាង ?

សូម​អាន ទីតុស ១:៩ ដោយ​ស្វែងរក​លក្ខណៈសម្បត្តិ​មួយ​ទៀត​ដែល​ប៊ីស្សព​គប្បី​មាន ។ « គោលលទ្ធិ​ពិត » សំដៅ​ទៅ​លើ​គោលលទ្ធិ​ត្រឹមត្រូវ ។

នៅ​ក្នុង ទីតុស ១:៩ យើង​រៀន​ថា វា​មាន​សារៈសំខាន់​ដែល​ប៊ីស្សព​ទាំងឡាយ​ត្រូវ​កាន់ខ្ជាប់​តាម​ព្រះបន្ទូល​ព្រះ ដើម្បី​ពួក​លោក​អាច​ប្រើ​គោលលទ្ធិ​ត្រឹមត្រូវ​ទៅ​លើកទឹកចិត្ត​មនុស្ស​ដទៃ​ឲ្យ​រស់នៅ​តាម​ដំណឹងល្អ​ដើម្បី « ផ្ចាញ់​ដល់​ពួក​អ្នក​ដែល​ស្រដី​ទទឹង » ។ អ្នក​ដែល​ស្រដី​ទទឹង​គឺ​ជា​បុគ្កល​ដែល​ថ្លែង​ជំទាស់ ឬ​ច្រានចោល​គំនិត​មួយ ( ក្នុង​ករណី​នេះ សំដៅ​លើ​ភាពពោរពេញ​នៃ​សេចក្ដីពិត​នៃ​ដំណឹងល្អ ) ។ អ្នក​ដែល​ស្រដី​ទទឹង​អាច​ជា​អ្នក​មិន​មែន​សមាជិក​សាសនាចក្រ​ផង និង​ជា​សមាជិក​សាសនាចក្រ​ផង ។

គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​ចេញ​ពី​សេចក្ដី​បង្រៀន​របស់​ប៉ុល​អំពី​ប៊ីស្សព​គឺ នៅ​ពេល​យើង​កាន់ខ្ជាប់​តាម​ព្រះបន្ទូល​ព្រះ នោះ​យើង​នឹង​អាច​ប្រើ​គោលលទ្ធិ​ត្រឹមត្រូវ​ដើម្បី​លើកទឹកចិត្ត​មនុស្ស​ដទៃ​ឲ្យ​រស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​ដើម្បី​តតាំង​នឹង​ជន​ទាំងឡាយ​ណា​ដែល​ប្រឆាំង​នឹង​ដំណឹងល្អ ។

សូម​ពិចារណា​អំពី​អ្វី​ដែល​ប្រធាន ប៊យដ៏ ឃេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍​អំពី​អំណាច​ដែល​គោលលទ្ធិ​ត្រឹមត្រូវ​មាន ក្នុង​ការជួយ​បុគ្គល​ទាំងឡាយ​ឲ្យ​រស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« ប្រសិនបើ​មនុស្ស​យល់​អំពី​គោលលទ្ធិ​ត្រឹមត្រូវ នោះ​វា​នឹង​កែប្រែ​ឥរិយាបថ ព្រមទាំង​ចរិត​របស់​មនុស្ស ។

« ការសិក្សា​អំពី​គោលលទ្ធិ​នៃ​ដំណឹងល្អ នឹង​អភិវឌ្ឍ​ឥរិយាបថ​បាន​រហ័ស​ជាង​ការសិក្សា​អំពី​ឥរិយាបថ ដើម្បី​អភិវឌ្ឍ​ឥរិយាបថ​ទៅ​ទៀត ។ ការជាប់ចិត្ត​នឹង​ឥរិយាបទ​ដែល​មិន​សក្ដិសម អាច​នាំ​ឲ្យ​មាន​ឥរិយាបទ​ដែល​មិន​សក្ដិសម ។ នោះ​ហើយ​ជា​មូលហេតុ ដែល​យើង​សង្កត់ធ្ងន់​ជា​ខ្លាំង​ទៅ​លើ​ការសិក្សា​គោលលទ្ធិ​ទាំងឡាយ​នៃ​ដំណឹងល្អ » ( « Little Children » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៦ ទំព័រ ១៧ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ត្រៀមខ្លួន​រួចរាល់​ទៅ​បង្រៀន​អំពី​គោលលទ្ធិ​ត្រឹមត្រូវ ប្រយោជន៍​ឲ្យ​អ្នក​អាច​លើកទឹកចិត្ត​មនុស្ស​ដទៃ​ឲ្យ​រស់នៅ​តាម​ដំណឹងល្អ ? ( សូម​មើល គ. និង ស. ១១:២១ ) ។

    2. តើ​មាន​ឧទាហរណ៍​ណា​ខ្លះ​ចេញ​ពី​ព្រះគម្ពីរ​ដែល​មនុស្ស​ម្នាក់​បាន​បង្រៀន​គោលលទ្ធិ​ត្រឹមត្រូវ​ទៅ​កាន់​មនុស្ស​ម្នាក់​ទៀត ជា​មនុស្ស​ដែល​សង្ស័យ ឬ​ប្រឆាំង​នឹង​សាសនាចក្រ និង​គោលលទ្ធិ​ក្នុង​សាសនាចក្រ ? ( សូម​សរសេរ​បញ្ចូល​យ៉ាងហោចណាស់​ឧទាហរណ៍​មួយ​អំពី​ពេល​មួយ​ដែល​មនុស្ស​ម្នាក់​បាន​ប្រែចិត្ត ដោយសារ​គាត់​ត្រូវបាន​បង្រៀន​អំពី​គោលលទ្ធិ​ត្រឹមត្រូវ ) ។

សូម​គិត​អំពី​គ្រា​មួយ​ដែល​ការរៀន​អំពី​គោលលទ្ធិ​ត្រឹមត្រូវ​បាន​ជួយ​លើកទឹកចិត្ត ឬ​បញ្ចុះបញ្ចូល​អ្នក ឬ​នរណាម្នាក់​ដែល​អ្នក​ស្គាល់ ឲ្យ​រស់នៅ​កាន់តែ​ពេញលេញ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

ទោះជា​គោលលទ្ធិ​ត្រឹមត្រូវ​អាច​ជួយ​យើង​លើកទឹកចិត្ត​មនុស្ស​ដទៃ​ឲ្យ​រស់នៅ​តាម​ដំណឹងល្អ ហើយ​ឆ្លើយ​តប​ដោយ​សេចក្ដី​ជំនឿ និង​ទីបន្ទាល់​ទៅ​កាន់​ជន​ទាំងឡាយ​ណា​ដែល​ជំទាស់​នឹង​សាសនាចក្រ​ក្ដី ក៏​វា​មិន​ដឹកនាំ​មនុស្ស​ជា​ពិសេស​ឲ្យ​ទទួល​យក​គោលលទ្ធិ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែរ ។ ដោយសារ​បុគ្គល​ទាំងអស់​មាន​សិទ្ធិជ្រើសរើស នោះ​ពួកគេ​អាច​ជ្រើសរើស​ទទួលយក ឬ​បដិសេធ​គោលលទ្ធិ​ត្រឹមត្រូវ​ក៏​បាន ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូម​រាយ​ចំណេះចំណានខគម្ពីរ​យ៉ាងហោចណាស់​បី ដែល​អ្នក​បាន​សិក្សា​ក្នុង​ឆ្នាំ​នេះ ដែល​អាច​មាន​ប្រយោជន៍​ជា​ពិសេស​ដើម្បី​ជួយ​លើកទឹកចិត្ត​មនុស្ស​ដទៃ​ឲ្យ​រស់នៅ​តាម​ដំណឹងល្អ ។ សូម​ពន្យល់​ថាតើ​វគ្គបទគម្ពីរ​និមួយៗ​អាច​មាន​ប្រយោជន៍​ដូចម្ដេច​ខ្លះ ។

    2. សូម​រាយ​ចំណេះចំណានខគម្ពីរ​យ៉ាងហោចណាស់​បី ដែល​អាច​ប្រើ​បាន​ដើម្បី​ឆ្លើយ​តប​នឹង​ជន​ទាំងឡាយ​ណា​ដែល​ប្រឆាំង​នឹង​ការបង្រៀន ឬ​ការប្រតិបត្តិ​ក្នុង​សាសនាចក្រ ។ សូម​ពន្យល់​អំពី​របៀប​ដែល​វគ្គបទគម្ពីរ​និមួយៗ អាច​ជួយ​បង្រៀន​គោលលទ្ធិ​ត្រឹមត្រូវ​ដើម្បី​តតាំង​នឹង​ការប្រឆាំង​របស់​ពួកគេ ។

សូម​បន្ត​បង្កើន​ចំណេះ​ខាង​វគ្គបទគម្ពីរ​សំខាន់ៗ ប្រយោជន៍​ឲ្យ​អ្នក​អាច​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​បង្រៀន​អំពី​គោលលទ្ធិ​ត្រឹមត្រូវ​ដល់​មនុស្ស​ដទៃ ។

ដូច​មាន​កត់ត្រា​នៅ​ក្នុង ទីតុស ១:១០–១៦ ប៉ុល​បាន​បង្រៀន​ថា ពួក​បរិសុទ្ធ​នៅ​លើ​កោះក្រេត​ត្រូវ​ពឹងផ្អែក​ទៅ​លើ​គោលលទ្ធិ​ត្រឹមត្រូវ ព្រោះ​មាន​ជន​បំភាន់ និង​គ្រូ​បង្រៀន​ក្លែងក្លាយ​ជា​ច្រើន​ក្នុង​ចំណោម​ពួកគេ ។ លោក​បាន​ទូន្មាន​ទីតុស​ឲ្យ​បន្ទោស​ដល់​ពួក​គ្រូបង្រៀន​ក្លែងក្លាយ ដើម្បី​ឲ្យ​ពួកគេ​បោះបង់​ការភាន់ច្រឡំ​របស់​ខ្លួន​ចោល ហើយ « មាន​សេចក្តី​ជំនឿ​ត្រឹមត្រូវ​វិញ » ( ទីតុស ១:១៣ ) ។ ប៉ុល​ក៏​បាន​ពន្យល់​ថា មនុស្ស​បង្ហាញ​ភាពជិតស្និទ្ធ​របស់​ខ្លួន​ទៅ​កាន់​ព្រះ​តាមរយៈ​ទង្វើ​របស់​ពួកគេ ។

ទីតុស ២

ប៉ុល​ទូន្មាន​ទីតុស​ឲ្យ​បង្រៀន​ពួក​បរិសុទ្ធ​នៅ​លើ​កោះក្រេត ឲ្យ​រស់នៅ​តាម​គោលលទ្ធិ​ត្រឹមត្រូវ

សូម​អាន ទីតុស ២:១ ដោយ​ស្វែងរក​ថាតើ​សាវក​ប៉ុល​បាន​បង្រៀន​ទីតុស​ឲ្យ​ធ្វើ​អ្វី​ទៀត​ជាមួយ​នឹង​គោលលទ្ធិ​ត្រឹមត្រូវ ។

សូម​អាន ទីតុស ២:៣–៥ ដោយ​ស្វែងរក​ដំបូន្មាន​របស់​ប៉ុល​ស្ដីពី​របៀប​ដែល​ស្ត្រី​ចំណាស់ៗ​គប្បី​រស់នៅ និង​អ្វី​ដែល​ពួកគាត់​គប្បី​បង្រៀន​ស្ត្រី​ក្មេងៗ ។ ក្រោយ​មក​សូម​អាន ទីតុស ២:២, ៦–៨ ដោយ​ស្វែងរក​ដំបូន្មាន​របស់​ប៉ុល​ស្ដីពី​របៀប​ដែល​បុរស​ចំណាស់ៗ និង​បុរស​ក្មេងៗ​គប្បី​រស់នៅ ។ នៅ​ក្នុង ខទី ២, ដឹង​ខ្នាត មាន​ន័យ​ថា មិន​ឆេវឆាវ ឬ​ហ្មត់ចត់ រីឯ ធ្ងន់ធ្ងរ មាន​ន័យ​ថា គ្រប់គ្រង​ខ្លួនឯង​បាន ។ នៅ​ក្នុង ខទី ៧ ឲ្យ​មាន​ចិត្ត នឹងធឹង មាន​ន័យ​ថា មាន​ភាពថ្លៃថ្នូរ និង​គួរ​ឲ្យ​គោរព ។ ឃ្លា « សម្តែង​ខ្លួន​ទុក​ជា​គំរូ​ពី​ការល្អ​គ្រប់​ជំពូក » នៅ​ក្នុង ទីតុស ២:៧ មាន​ន័យ​ថា ធ្វើ​ជា​គំរូ​ល្អ​អំពី​ការរស់នៅ​តាម​ដំណឹងល្អ ។ សូម​គិត​ដល់​ការគូសចំណាំ ឬ​កត់ចំណាំ​ដំបូន្មាន​ណា​មួយ​របស់​ប៉ុល​ដែល​អនុវត្ត​ចំពោះ​អ្នក ។

សេចក្ដីពិត​មួយ​ដែល​យើង​រៀន​ចេញ​ពី​ដំបូន្មាន​របស់​ប៉ុល​ទៅ​ដល់​ទីតុស​គឺ អ្នក​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ ត្រូវ​ធ្វើ​ជា​គំរូ​ល្អ​សម្រាប់​មនុស្សដទៃ ។

  1. សូម​គិត​អំពី​សមាជិក​វ័យ​ចំណាស់​ម្នាក់​ក្នុង​វួដ ឬ​សាខា​របស់​អ្នក ដែល​បាន​ធ្វើ​ជា​គំរូ​ល្អ​អំពី​ការរស់នៅ​តាម​ដំណឹងល្អ និង​អំពី​ការលះបង់​ដើម្បី​ធ្វើ​ដូចនោះ ។ សូម​ពន្យល់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​របៀប​ដែល​គំរូ​របស់​បុគ្គល​រូប​នេះ​បាន​ជួយ​ដល់​អ្នក ។

សូម​ជ្រើសរើស​ឥរិយាបថ​មួយ​ដែល​មាន​រៀបរាប់​ក្នុង ទីតុស ២:២–៨ រួច​ដាក់​គោលដៅ​ដើម្បី​បង្កើន​ឥរិយាបថ​នោះ​ក្នុង​ជីវិត​របស់​អ្នក ដើម្បី​ឲ្យ​គំរូ​ល្អ​របស់​អ្នក​អាច​ប្រទានពរ​ដល់​មនុស្សដទៃ ។

ទីតុស ២:៩–១០ កត់ត្រា​ថា ប៉ុល​បាន​ទូន្មាន​ទីតុស​ឲ្យ​បង្រៀន​សមាជិក​សាសនាចក្រ​ដែល​ជា​បាវបម្រើ​ឲ្យ​មាន​ចិត្ត​ទៀងត្រង់ ហើយ​ចុះចូល​ក្នុង​ការប្រព្រឹត្ត​នឹង​ចៅហ្វាយនាយ​ខ្លួន ។ តាមរយៈ​ការមានចិត្ត​ទៀងត្រង់ និង​ចុះចូល សមាជិក​ទាំងនេះ​នៃ​សាសនាចក្រ​បាន​ថ្វាយ​ព្រះកិត្តិសព្ទ​ដល់​ព្រះអម្ចាស់ ហើយ​បាន​ធ្វើ​ជា​គំរូ​ល្អ​ដល់​ថៅកែ​របស់​ខ្លួន ។

សូម​អាន ទីតុស ២:១១–១៥ ដោយ​ស្វែងរក​ថាតើ​ដំណឹងល្អ​បាន​ធ្វើ​អ្វី​សម្រាប់​ពួក​បរិសុទ្ធ និង​ថាតើ​ព្រះគ្រីស្ទ​បាន​ធ្វើ​អ្វី​សម្រាប់​យើង​ទាំងអស់​គ្នា ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ​ថាតើ​ដំណឹងល្អ​ដឹកនាំ​មនុស្ស​ឲ្យ​សម្លឹង​ទៅ​រក​អ្វី ។ ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ ទីតុស ២:១១ អាន​ថា « ព្រះគុណ​នៃ​ព្រះ ដែល​នាំ​សេចក្តី​សង្គ្រោះ​មក​ដល់​មនុស្ស​ទាំងឡាយ បាន​លេច​មក​ហើយ » ( នៅ​ក្នុង ទីតុស ២:១១  ) ។

យោង​តាម​សេចក្ដីបង្រៀន​របស់​ប៉ុល​នៅ​ក្នុង ទីតុស ២:១៤ យើង​រៀន​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទាន​អង្គ​ទ្រង់​ដល់​យើង​ទាំងអស់​គ្នា ដើម្បី​ឲ្យ​ទ្រង់​អាច​ប្រោសលោះ ហើយ​ធ្វើ​ឲ្យ​យើង​បរិសុទ្ធ​បាន ។ ឃ្លា « មនុស្ស​១​ពួក » នៅ​ក្នុង ខទី ១៤ សំដៅ​ទៅ​លើ​មនុស្ស​ដែល​ទ្រង់​ប្រទាន​តម្លៃ ជា​មនុស្ស​ដែល​ទ្រង់​បាន​ទទួល​មក ហើយ​ប្រោសលោះ ( សូម​មើល ពេត្រុស ទី១ ១:១៨–១៩; ២:៩ ) និង​ជា​មនុស្ស​ដែល​បាន​ចុះ​សេចក្ដី​សញ្ញា​ដើម្បី​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ( សូម​មើល និក្ខមនំ ១៩:៥–៦ ) ។

ទីតុស ៣

ប៉ុល​មាន​ប្រសាសន៍​ប្រាប់​ទីតុស​អំពី​អ្វី​ដែល​ពួក​បរិសុទ្ធ​នៅ​លើ​កោះក្រេត​ត្រូវតែ​ធ្វើ​បន្ទាប់​ពី​បាន​ទទួល​បុណ្យជ្រមុជទឹក

ដូច​មាន​កត់ត្រា​នៅ​ក្នុង ទីតុស ៣:១–២ ប៉ុល​បាន​ទូន្មាន​ទីតុស​ឲ្យ​បង្រៀន​ពួក​បរិសុទ្ធ​នៅ​លើ​កោះក្រេត ដើម្បី​ឲ្យ​ពួកគេ​គោរព​តាម​ច្បាប់​ដែនដី ហើយ​ធ្វើ​ជា​គំរូ​ល្អ​ដោយ​មាន​ចិត្ត​រាបទាប ថែមទាំង​មិន​និយាយ​អាក្រក់​ពី​មនុស្សដទៃ ។ សូម​អាន ទីតុស ៣:៣–៨ ដោយ​ស្វែងរក​ថាតើ​ប៉ុល​បាន​មាន​ប្រសាសន៍​យ៉ាង​ដូចម្ដេច​អំពី​របៀប​ដែល​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​បាន​ផ្លាស់ប្ដូរ​លោក សមាជិក​សាសនាចក្រ​នៅ​លើ​កោះក្រេត និង​ពួក​បរិសុទ្ធ​ទាំងអស់ ។

សូម​កត់ចំណាំ​នៅ​ក្នុង ទីតុស ៣:៣ អំពី​របៀប​ដែល​ប៉ុល​បាន​ពិពណ៌នា​អំពី​ខ្លួន​លោក និង​សមាជិក​ដទៃ​ទៀត​ក្នុង​សាសនាចក្រ​ពីមុន​ពួកគេ​បាន​ស្គាល់​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ​នៅ​ក្នុង ទីតុស ៣:៤–៦ លើ​អ្វី​ដែល​បាន​ផ្លាស់ប្ដូរ​ប្រជាជន ។ នៅ​ក្នុង ទីតុស ៣:៥ ឃ្លា « ការសំអាត​នៃ​សេចក្តី​កើត​ជា​ថ្មី » សំដៅ​ទៅ​លើ​ការទទួល​បុណ្យជ្រមុជទឹក ។

សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​បាន​ផ្លាស់ប្ដូរ​ដោយសារតែ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

  1. សូម​កត់ចំណាំ​នៅ​ក្នុង ទីតុស ៣:៨ ថា​ប៉ុល​បាន​ទូន្មាន​ឲ្យ​ពួក​បរិសុទ្ធ « ខំ​ប្រឹង​នឹង​ធ្វើ​ការ​ល្អ » ។ សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​ការល្អ​នានា​ដែល​អ្នក​ធ្វើ ថែមទាំង​នឹង​បន្ត​ធ្វើ​ដើម្បី​បង្ហាញ​ជំនឿ​របស់​អ្នក​ទៅ​លើ​ព្រះ ។

ដូច​មាន​កត់ត្រា​នៅ​ក្នុង ទីតុស ៣:៩–១៥ ប៉ុល​បាន​ដាស់តឿន​ពួក​បរិសុទ្ធ​ឲ្យ​ចៀសវាង​ពី​ការប្រជែងគ្នា ឬ​ការប្រកែក​ជាមួយ​អ្នក​ដែល​មិន​ជឿ ។ លោក​ក៏​បាន​មាន​ប្រសាសន៍​ប្រាប់​ទីតុស​ថា លោក​នឹង​បញ្ជូន​ថ្នាក់​ដឹកនាំ​ដទៃ​ទៀត​នៃ​សាសនាចក្រ​ឲ្យ​ទៅ​កោះក្រេត ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា​គម្ពីរ​ទីតុស ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖