មេរៀនទី ៧ ៖ ថ្ងៃទី ១
ម៉ាថាយ ២៦:៣១-៧៥
សេចក្តីផ្តើម
នៅក្នុងច្បារគែតសេម៉ានី ព្រះយេស៊ូវគ្រីស្ទបានចាប់ផ្ដើមលើកដាក់មកលើអង្គទ្រង់នូវអំពើបាបរបស់មនុស្សទាំងអស់ជាផ្នែកនៃដង្វាយធួនរបស់ទ្រង់ ។ យូដាសបានចូលដៃនឹងពួកអ្នកដឹកនាំសាសន៍យូដាក្បត់នឹងព្រះយេស៊ូវ ។ បន្ទាប់មកព្រះយេស៊ូវត្រូវបានកាត់ទោសនៅចំពោះមុខលោកកៃផា ជាសង្ឃជាន់ខ្ពស់យ៉ាងអយុត្តិធម៌ ជាពេលដែលការកាត់ទោសដ៏ខុសឆ្គងត្រូវបានធ្វើឡើងទាស់នឹងទ្រង់ ។ ខណៈពេលនោះ ពេត្រុសបានបដិសេធមិនស្គាល់ព្រះអង្គសង្គ្រោះចំនួនបីលើកទៅកាន់ជនដែលបានស្គាល់លោកថាជាសិស្សម្នាក់របស់ព្រះយេស៊ូវគ្រីស្ទ ។
ម៉ាថាយ ២៦:៣១-៤៦
ព្រះយេស៊ូវគ្រីស្ទរងទុក្ខនៅក្នុងច្បារគែតសេម៉ានី
សូមពិចារណាអំពីស្ថានភាពខាងក្រោម ៖ ចាប់តាំងពីគាត់នៅក្មេង យុវជនមួយរូបត្រូវបានបង្រៀនថា វាគឺជាការទទួលខុសត្រូវរបស់បព្វជិតភាពដើម្បីបម្រើបេសកកម្មពេញម៉ោង ។ ដោយជាក្មេងជំទង់ម្នាក់ គាត់ដឹង ថាគាត់គួរបម្រើបេសកកម្ម ប៉ុន្តែខ្វះការតាំងចិត្តដើម្បីធ្វើវា ។ គាត់ចាប់អារម្មណ៍ខ្លាំងជាងទៅលើឱកាសផ្សេងទៀត ហើយបារម្ភថាបេសកកម្មនឹងរារាំងគាត់មិនឲ្យមានបទពិសោធន៍ទាំងនោះ ។
តើនៅក្នុងស្ថានភាពផ្សេងទៀតណាខ្លះ ដែលបំណងប្រាថ្នារបស់យុវជនយុវនារី អាចខុសពីអ្វីដែលព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យពួកគេធ្វើ ?
សូមពិចារណាអំពីគ្រាដែលអ្នកបានឃើញថា មានការលំបាកដើម្បីដាក់បំណងប្រាថ្នារបស់អ្នកឲ្យត្រូវនឹងព្រះបំណងរបស់ព្រះវរបិតាសួគ៌ ។ នៅពេលអ្នកសិក្សាខគម្ពីរដែលនៅសល់ក្នុង ម៉ាថាយ ២៦ សូមស្វែងរកគោលការណ៍នានា ដែលអាចជួយអ្នកនៅពេលអ្នកពុះពារធ្វើតាមអ្វីដែលព្រះវរបិតាសួគ៌បានត្រាស់បង្គាប់អ្នកឲ្យធ្វើ ។
សូមចងចាំថា ម៉ាថាយ ២៦:១–៣០ បានប្រាប់អំពីពេលដែលព្រះអម្ចាស់បានសោយអាហារបុណ្យរំលងជាមួយនឹងពួកសាវករបស់ទ្រង់ ហើយបានណែនាំអំពីពិធីសាក្រាម៉ង់ ។ សូមអាន ម៉ាថាយ ២៦:៣១–៣៥ ដោយស្វែងរកអ្វីដែលព្រះអម្ចាស់បានព្យាករថានឹងកើតឡើងដល់ពួកសាវករបស់ទ្រង់ ។
នៅក្នុងបរិបទនេះ ពាក្យថា មានចិត្តរវាតចេញ មានន័យថា ការធ្លាក់ ឬការងាកចេញ ឬការបោះបង់ចោល ។
សូមកត់ចំណាំ ថាតើពេត្រុស និងពួកសាវកឯទៀត បានឆ្លើយតបយ៉ាងដូចម្ដេច ចំពោះអ្វីដែលព្រះយេស៊ូវបានមានបន្ទូល ។
សូមអាន ម៉ាថាយ ២៦:៣៦–៣៨ ដោយស្វែងរកទីកន្លែងដែលព្រះយេស៊ូវ និងពួកសាវកបានទៅបន្ទាប់ពីអាហារបុណ្យរំលង ។
សូមមើលរូបភាព ភ្នំដើមអូលីវ និង ច្បារគែតសេម៉ានី នៅក្នុងរូបភាពព្រះគម្ពីរបរិសុទ្ធ រូបភាពទី ១១ និង ទី ១២ ។ ច្បារគែតសេម៉ានីគឺជាសួនដើមអូលីវមានទីតាំងនៅជិតភ្នំដើមអូលីវ នៅខាងក្រៅកំផែងក្រុងយេរូសាឡិម ។ « ពាក្យ គែតសេម៉ានី មានន័យថា ‹ ច្របាច់យកប្រេងអូលីវ › » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « គែតសេម៉ានី » scriptures.lds.org ) ។
សូមគូសចំណាំឃ្លានៅក្នុង ម៉ាថាយ ២៦:៣៦–៣៨ ដែលពិពណ៌នាអំពីអារម្មណ៍ដែលព្រះយេស៊ូវមានកាលទ្រង់បានយាងចូលទៅក្នុងច្បារគែតសេម៉ានី ។
សូមអាន ម៉ាថាយ ២៦:៣៩ ដោយស្វែងរកអ្វីដែលព្រះយេស៊ូវបានធ្វើបន្ទាប់ពីយាងដើរ « បានបន្តិចទៀត » ចូលទៅក្នុងច្បារនោះ ។
ពាក្យ ពែង ដែលព្រះយេស៊ូវបានមានបន្ទូល គឺជានិមិត្តសញ្ញាមួយចំពោះការរងទុក្ខដ៏ជូរចត់ដែលទ្រង់បានជួបប្រទះជាផ្នែកមួយនៃដង្វាយធួន ។ នៅក្នុងច្បារគែតសេម៉ានី ព្រះយេស៊ូវបានចាប់ផ្ដើមលើកដាក់មកលើអង្គទ្រង់នូវអំពើបាប និងការរងទុក្ខរបស់មនុស្សទាំងអស់ជាផ្នែកនៃពលិកម្មធួនដ៏អស្ចារ្យរបស់ទ្រង់ ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់អំពីអ្វីដែលព្រះយេស៊ូវបានទូលសូមព្រះវរបិតា ពេលដែលទ្រង់បានទូលសូមឲ្យដកយកពែងនោះចេញពីទ្រង់ ៖ « ព្រះអម្ចាស់បានមានបន្ទូលថា ‹ ប្រសិនបើមានផ្លូវផ្សេង ទូលបង្គំស៊ូដើរលើផ្លូវនោះ ។ ប្រសិនបើមានផ្លូវណាមួយផ្សេងទៀត—ផ្លូវមួយណាក៏ដោយ—ទូលបង្គំនឹងដើរលើផ្លូវនោះដោយរីករាយ › ។ … ប៉ុន្តែនៅទីបំផុត ពែងនោះពុំត្រូវបានដកចេញឡើយ » ( « Teaching, Preaching, Healing » Ensign ខែ មករា ឆ្នាំ ២០០៣ ទំព័រ ៤១ ) ។
អ្នកអាចនឹងចង់គូសចំណាំឃ្លា « ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ » ( ម៉ាថាយ ២៦:៣៩ សូមមើលផងដែរ គ. និង ស. ១៩:១៩ ) ។
ទោះបីជាព្រះយេស៊ូវបានទូលសូមផ្លូវមួយផ្សេងទៀតដើម្បីសម្រេចនូវព្រះទ័យរបស់ព្រះវរបិតាក្ដី ក៏ព្រះយេស៊ូវគ្រីស្ទបានដាក់ព្រះបំណងទ្រង់ឲ្យត្រូវនឹងព្រះបំណងព្រះវរបិតាដើម្បីសម្រេចដង្វាយធួនដែរ ។
សូមពិចារណាថាតើយើងអាចរៀនអ្វីខ្លះអំពីព្រះយេស៊ូវ ចេញពីការដាក់ព្រះទ័យទ្រង់ចុះចូលតាមព្រះទ័យរបស់ព្រះវរបិតាសួគ៌ ទោះជាវាមានន័យថាទ្រង់នឹងត្រូវស៊ូទ្រាំការរងទុក្ខដ៏ខ្លាំង ហើយនៅទីបំផុតគឺជាសេចក្ដីស្លាប់ក៏ដោយ ។
សូមបញ្ចប់សេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយផ្អែកលើអ្វីដែលអ្នកបានរៀនចេញពី ម៉ាថាយ ២៦:៣៩ ៖ យើងធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទនៅពេលយើង ។
-
សូមរំឭកអំពីឈុតឆាក និង ស្ថានភាពចំនួនពីរ ដែលបានពិភាក្សានៅពេលចាប់ផ្ដើមនៃមេរៀននេះ ។ រួចសូមឆ្លើយសំណួរខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើគំរូរបស់ព្រះអង្គសង្គ្រោះអាចពង្រឹងយើងនៅក្នុងស្ថានភាពទាំងនេះបានដោយរបៀបណា ?
-
សូមគិតអំពីគ្រាដែលអ្នកបានជ្រើសធ្វើតាមព្រះទ័យរបស់ព្រះវរបិតា ទោះជាបំណងប្រាថ្នារបស់អ្នកខុសពីព្រះទ័យរបស់ទ្រង់ក្ដី ។ សូមសរសេរអំពីបទពិសោធន៍មួយរបស់អ្នកដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរប្រសិនបើវាពុំជារឿងផ្ទាល់ខ្លួនពេកទេនោះ រួចពន្យល់អំពីមូលហេតុដែលអ្នកបានធ្វើជម្រើសនោះ និង ថាតើអ្នកមានអារម្មណ៍ដូចម្ដេច ។
សូមបង្ហាញវិធីជាក់លាក់មួយដែលអ្នកធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ដោយការដាក់ឆន្ទៈរបស់អ្នកឲ្យចុះចូលតាមព្រះទ័យរបស់ព្រះវរបិតាសួគ៌ ។ សូមគិតដល់ការដាក់គោលដៅដើម្បីធ្វើតាមអ្វីដែលអ្នកបានកត់សម្គាល់ ។
សូមរំឭក ម៉ាថាយ ២៦:៣៧–៣៨ ឡើងវិញ ដោយស្វែងរកការណែនាំរបស់ព្រះអង្គសង្គ្រោះទៅកាន់ពេត្រុស យ៉ាកុប និងយ៉ូហាននៅក្នុងច្បារគែតសេម៉ានី ។
ការណែនាំឲ្យ « ចាំយាម » នៅក្នុង ខទី ៣៨ មានន័យថា នៅដឹងខ្លួន រហ័សរហួស ឬប្រុងប្រយ័ត្ន ។ ដើម្បីយល់កាន់តែច្បាស់អំពីមូលហេតុដែលពួកសិស្សអាចនឹងត្រូវការការណែនាំរបស់ព្រះអង្គសង្គ្រោះឲ្យចាំយាមនឹងទ្រង់ សូមកត់ចំណាំថា កាលពួកសិស្សបានមកដល់ច្បារ ពួកគេ « បានចាប់ផ្ដើមមានចិត្តភាំងជាខ្លាំង ហើយតប់ប្រមល់ណាស់ ហើយចាប់ផ្ដើមវែកញែកក្នុងចិត្តគេដោយគិតថា តើនេះជាព្រះមេស៊ីឬអី » ( ការបកប្រែដោយយ៉ូសែប ស្ម៊ីធ ម៉ាកុស ១៤:៣៦ [ នៅក្នុងBible appendix ] ) ។ ដោយណែនាំពួកសិស្សទ្រង់ឲ្យចាំយាមនឹងទ្រង់ ព្រះយេស៊ូវបានព្រមានពួកគេឲ្យប្រុងប្រយ័ត្នព្រោះសេចក្ដីជំនឿរបស់ពួកគេលើទ្រង់នឹងមានការសាកល្បង ។
សូមអាន ម៉ាថាយ ២៦:៤០ ដោយស្វែងរកថាតើព្រះយេស៊ូវបានឃើញថា « ពេត្រុស និងកូនសេបេដេទាំងពីរនាក់ [ យ៉ាកុប និង យ៉ូហាន ] » ( ម៉ាថាយ ២៦:៣៧ ) កំពុងធ្វើ កាលទ្រង់កំពុងអធិស្ឋាន ។
ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ សម្រាប់ លូកា ២២:៤៥ បង្ហាញថា ពួកសិស្សទាំងនោះកំពុងដេកលក់ « ដ្បិតពួកគេពោរពេញដោយទុក្ខព្រួយ » ។
សូមអាន ម៉ាថាយ ២៦:៤១ ដោយស្វែងរកអ្វីដែលទ្រង់បានមានបន្ទូលប្រាប់ឲ្យពួកគេធ្វើ ។
ខាងក្រោមនេះគឺជាគោលការណ៍មួយ ដែលយើងអាចរៀនមកពីការណែនាំរបស់ព្រះអង្គសង្គ្រោះដល់ពួកសាវកទាំងនេះ ៖ ប្រសិនបើយើងចាំយាម ហើយអធិស្ឋានជានិច្ច យើងនឹងមានកម្លាំងដើម្បីតតាំងនឹងការល្បួង ។
តើអ្នកគិតថាឃ្លា « ឯវិញ្ញាណក៏ប្រុងជាស្រេចមែន តែសាច់ឈាមខ្សោយទេ » ( ម៉ាថាយ ២៦:៤១ ) មានន័យដូចម្ដេច ?
អត្ថន័យមួយអាចថា ពួកសិស្សចង់គោរពប្រតិបត្តិតាមព្រះអង្គសង្គ្រោះ ប៉ុន្តែពួកគេអនុញ្ញាតឲ្យបំណងប្រាថ្នាខាងសាច់ឈាមរបស់ខ្លួនដែលចង់ដេកនោះ យកឈ្នះលើបំណងប្រាថ្នាខាងវិញ្ញាណដែលចង់ចាំយាម ហើយអធិស្ឋានទៅវិញ ។ សូមពិចារណាថាតើការយល់អំពីឃ្លានេះ អាចជួយយើងតតាំងនឹងការល្បួងបានយ៉ាងដូចម្ដេច ។
បន្ទាប់ពីដកស្រង់ចេញពី ម៉ាថាយ ២៦:៤១ ហើយ ប្រធាន ហិនរី ប៊ី អាវរិង ក្នុងគណៈប្រធានទីមួយបានមានប្រសាសន៍ ៖ « ការព្រមាន [ របស់ព្រះអង្គសង្គ្រោះ ] ដល់ពេត្រុស ក៏អនុវត្តចំពោះយើងផងដែរ ។ ឆ្កែចចកដែលនឹងសម្លាប់កូនចៀម ច្បាស់ជានឹងយំស្រែកដាក់អ្នកគង្វាលជាមិនខាន ។ ដូច្នេះ យើងត្រូវតែចាំយាមខ្លួនយើងក៏ដូចជាអ្នកដទៃផងដែរ » ( « Watch with Me » Ensign ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ៣៩ ) ។
ចូរចាំថា « ចាំយាម » មានន័យថានៅដឹងខ្លួន រហ័សរហួស ឬប្រុងប្រយ័ត្ន ។ សូមគិតថាតើការចាំយាម និងការអធិស្ឋានខាងវិញ្ញាណ អាចជួយយើងយកឈ្នះលើភាពទន់ខ្សោយរបស់យើង ហើយតតាំងនឹងការល្បួងបានដោយរបៀបណា ។
សូមពិចារណាថាតើអ្នកធ្លាប់បានធ្លាក់ទៅក្នុងការល្បួងដោយសារតែអ្នកពុំបានអធិស្ឋាន ហើយចាំយាមដែរឬទេ ។ សូមពិចារណាថាតើជម្រើសនោះបានជះឥទ្ធិពលយ៉ាងដូចម្ដេចមកលើអ្នក ។ បន្ទាប់មក សូមពិចារណាអំពីគ្រាដែលពួកគេបានតតាំងនឹងការល្បួងដោយការអធិស្ឋាន និងការចាំយាម ។ តើអ្វីទៅធ្លាប់ជួយអ្នកឲ្យមានភាពទៀងទាត់នៅក្នុងការចាំយាម និងការអធិស្ឋានខាងវិញ្ញាណនោះ ?
សូមសរសេរនៅលើក្រដាសមួយសន្លឹក អំពីគោលដៅនៃអ្វីមួយដែលអ្នកនឹងធ្វើ ដើម្បីឲ្យបានចាំយាម ហើយអធិស្ឋានជានិច្ច ។ សូមគិតដល់ការដាក់ក្រដាសនេះទៅជាមួយអ្នកជានិច្ច ដើម្បីរំឭកអ្នកអំពីគោលដៅរបស់អ្នក ។
សូមកត់ចំណាំថា ម៉ាថាយ ២៦:៤២-៤៦ កត់ត្រាថា ព្រះយេស៊ូវបានអធិស្ឋានបីដងនៅក្នុងសួនច្បារគែតសេម៉ានី ។ រាល់លើកទ្រង់បានបង្ហាញថាទ្រង់មានព្រះឆន្ទៈគោរពតាមព្រះទ័យរបស់ព្រះវរបិតាទ្រង់ ។
ម៉ាថាយ ២៦:៤៧-៧៥
ព្រះយេស៊ូវគ្រីស្ទត្រូវគេចាប់ព្រះកាយ ហើយកាត់ទោសនៅចំពោះមុខលោកកៃផា
ពួកសង្ឃរាជ និង ពួកអាចារ្យបានរួមគំនិតធ្វើគុតព្រះយេស៊ូវគ្រីស្ទ ។ កិច្ចការសម្ងាត់របស់ពួកគេរួមមានការស៊ូកប្រាក់ឲ្យយូដាសធ្វើជាសាក្សីក្លែងក្លាយ ចំអកឡកឡឺយ និងថែមទាំងធ្វើទារុណកម្មព្រះយេស៊ូវផង ។ ព្រះអង្គសង្គ្រោះត្រូវបានបង្ខំឲ្យចូលសវនកាចំនួនពីរលើក ៖ ទីមួយគឺសវនការបស់ពួកសាសន៍យូដានៅចំពោះមុខពួកសានហេឌ្រីននៅយេរូសាឡិម—ជាក្រុមមួយដែលមានសមាជិក ៧១ នាក់រួមមានពួកលេវី ពួកសង្ឃរាជ ពួកអាចារ្យ ពួកផារីស៊ី ពួកសាឌូស៊ី និង ពួកអ្នកដែលកាន់នយោបាយផ្សេងៗ ពួកទាំងនោះត្រូវបានគ្រប់គ្រងដោយសង្ឃជាន់ខ្ពស់ ដែលកាលនោះមានឈ្មោះថា កៃផា ។ ទីពីរគឺជាសវនការបស់ពួករ៉ូមនៅចំពោះមុខពីឡាត់ ។ នៅក្នុងសវនការបស់ពួកសាសន៍យូដា ព្រះយេស៊ូវត្រូវគេចោទប្រកាន់ពីបទប្រមាថ ( ចំអក មើលងាយ ឬ ពោលពាក្យមិនសមគួរទៅលើព្រះ ) ដោយសារទ្រង់បានតាំងអង្គទ្រង់ថាជាព្រះរាជបុត្រានៃព្រះ ( សូមមើល ម៉ាថាយ ២៦:៦៤–៦៥ ) ។ ដោយសារតែអំពើប្រមាថគឺជាបញ្ហារបស់ពួកសាសន៍យូដា ហើយមិនមែនជាបញ្ហារបស់ពួករ៉ូមទេ នោះពួកអ្នកដឹកនាំសាសន៍យូដាក៏បានប្ដូរពាក្យបណ្ដឹងទៅជាអំពើក្បត់ជាតិ ជាពេលដែលពួកគេនាំទ្រង់ទៅជួបនឹងពីឡាត់ ។ ពួកអ្នកដឹកនាំសាសន៍យូដាបានព្យាយាមបញ្ចុះបញ្ចូលពួករ៉ូមថា ព្រះយេស៊ូវបានព្យាយាមលើកខ្លួនឯងជាស្ដេច ដោយពួកគេសង្ឃឹមថា ពួករ៉ូមនឹងប្រហារជីវិតទ្រង់ព្រោះទ្រង់ជាជនក្បត់នឹងសេសារ ។ ទោះជាយ៉ាងណាក៏ដោយ អំឡុងពេលសវនការបស់ពួករ៉ូម ពីឡាត់ពុំឃើញថាព្រះយេស៊ូវមានកំហុសអ្វីឡើយ ។ ប៉ុន្តែ នៅទីបំផុតពីឡាត់ក៏បានអនុញ្ញាតឲ្យគេដាក់ទោសប្រហារជីវិតព្រះយេស៊ូវដើម្បីជាការផ្គាប់ចិត្តដល់ពួកអ្នកដឹកនាំសាសន៍យូដា ។
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយ ជើរ៉ល អិន ឡាន ជាសមាជិកក្នុងពួកចិតសិបនាក់ ៖ « សូមនឹកស្រមៃថា [ ព្រះយេស៊ូវគ្រីស្ទ ] ជាអង្គដែលព្រះចេស្ដា ពន្លឺ និងសិរីល្អរបស់ទ្រង់បានធ្វើឲ្យចក្រវាឡមានរបៀបរៀបរយ ជាអង្គដែលមានបន្ទូល ហើយប្រព័ន្ធព្រះអាទិត្យ កញ្ចុំផ្កាយ និងតារាកើតមានឡើង—កំពុងយាងឈរនៅចំពោះមុខមនុស្សទុច្ចរិត ហើយត្រូវពួកគេកាត់ទោសថាជាអង្គដែលគ្មានប្រយោជន៍ ឬគ្មានតម្លៃ ! » ( « Knowest Thou the Condescension of God? » នៅក្នុង Doctrines of the Book of Mormon: The 1991 Sperry Symposium, ed. Bruce A. Van Orden and Brent L. Top [ ឆ្នាំ ១៩៩២ ] ទំព័រ ៨៦ ) ។
ទោះបីជាព្រះយេស៊ូវគ្រីស្ទមានព្រះចេស្ដាដើម្បីបំផ្លាញមនុស្សដែលវាយទ្រង់ ហើយស្ដោះដាក់ទ្រង់ក្ដី ប៉ុន្តែទ្រង់នៅតែស៊ូទ្រាំរងទុក្ខដែរ ។ ពួកអ្នកដឹកនាំ និងពួកកងទ័ពពុំបានដឹងថាព្រះចេស្ដាដ៏មហិមា ដែលព្រះយេស៊ូវបានអំពាវនាវរកនោះជាព្រះទ័យនៃព្រះវរបិតាដែលឲ្យទ្រង់ធ្វើរឿងនេះឡើយ ។
សូមសិក្សា ម៉ាថាយ ២៦:៤៧–៦៨ ដោយស្វែងរករបៀបដែលព្រះយេស៊ូវគ្រីស្ទបន្តគ្រប់គ្រងលើអង្គទ្រង់ ហើយដាក់ព្រះទ័យទ្រង់ឲ្យចុះចូលនឹងព្រះទ័យរបស់ព្រះវរបិតា ទោះជាទ្រង់ត្រូវគេប្រព្រឹត្តយ៉ាងឃោរឃៅ ហើយជំនុំជម្រះដោយមនុស្សទុច្ចរិតក្ដី ( សូមមើលផងដែរ នីហ្វៃទី១ ១៩:៩ ) ។ អ្នកអាចនឹងចង់គូសចំណាំនូវអ្វីដែលអ្នករកឃើញ ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក អំពីការណ៍ដែលអ្នកចាប់អារម្មណ៍ជាងគេអំពីព្រះទ័យរបស់ព្រះអង្គសង្គ្រោះក្នុងការធ្វើតាមព្រះទ័យរបស់ព្រះវរបិតាសួគ៌ ទោះជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ។ សូមសរសេរផងដែរអំពីរបៀប ដែលអ្នកអាចធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះក្នុងការគោរពប្រតិបត្តិ ។
នៅក្នុង ម៉ាថាយ ២៦:៥៦ សូមកត់ចំណាំថា ការព្យាកររបស់ព្រះអង្គសង្គ្រោះដែលថា ពួកសាវកនឹងងាកចេញពីទ្រង់ត្រូវបានបំពេញ ។ ប៉ុន្តែ ការងាកចេញនេះគឺគ្រាន់តែជារឿងបណ្ដោះអាសន្នប៉ុណ្ណោះ ។
ម៉ាថាយ ២៦:៦៩-៧៥ កត់ត្រាថា កាលព្រះយេស៊ូវកំពុងត្រូវគេកាត់ទោស ក្រោយពីចាប់ព្រះកាយទ្រង់មក ពេត្រុសបានបដិសេធមិនស្គាល់ទ្រង់ដល់ទៅបីលើក ។ ( កំណត់ចំណាំ ៖ ការបដិសេធរបស់ពេត្រុសនឹងពិភាក្សាលម្អិតនៅក្នុងមេរៀនសម្រាប់ លូកា ២២ ) ។
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា ម៉ាថាយ ២៦:៣១–៧៥ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែមដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖