បណ្ណាល័យ
មេរៀន​ទី ២៧ ថ្ងៃ​ទី ៤ ៖ ហេព្រើរ ១-៤


មេរៀន​ទី ២៧ ៖ ថ្ងៃ​ទី ៤

ហេព្រើរ ១-៤

សេចក្តីផ្ដើម

សាវក​ប៉ុល​បាន​បង្រៀន​ដល់​ពួក​បរិសុទ្ធ​សាសន៍​ហេព្រើរ ឬ ពួក​គ្រិស្ដសាសនិក​ជា​សាសន៍​យូដា អំពី​និស្ស័យ​ដ៏​ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ ។ លោក​ក៏​បាន​បង្រៀន​ផងដែរ​ដល់​ពួកគេ​អំពី​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ និង ពរជ័យ​មួយ​ចំនួន​ដែល​កើត​ឡើង​ដោយសារ​តែ​ដង្វាយធួន ។ ប៉ុល​បាន​ចែកចាយ​បទពិសោធន៍​របស់​ពួក​អ៊ីស្រាអែល​ពី​បុរាណ ដែល​ដើរ​រសាត់ព្រាត់​នៅក្នុង​ទីរហោស្ថាន ដើម្បី​បង្រៀន​ដល់​ពួកបរិសុទ្ធ​នូវ​អ្វី​ដែល​ពួកគេ​ត្រូវធ្វើ ដើម្បី​ចូល​ក្នុង​ទីសម្រាក​នៃ​ព្រះអម្ចាស់ ។

ហេព្រើរ ១

ប៉ុល​បង្រៀន​អំពី​និស្ស័យ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ

សូម​អាន​ស្ថានភាព​ខាង​ក្រោម​នេះ ៖

  • យុវនារី​ម្នាក់​មាន​ការធុញ​ទ្រាន់​ចំពោះ​ការហៅ​ថា​នាង​ជា ក្មេង​ស្រី « ល្អ » ដោយសារ​នាង​ពុំ​ចូលរួម​ជាមួយ​នឹង​សកម្មភាព​មួយ​ចំនួន​ជាមួយ​មិត្តភក្តិ​របស់​ខ្លួន ។ នាង​គិត​ពី​ការបន្ទាប​បទដ្ឋាន​របស់​នាង​ដើម្បី​ធ្វើ​ជា​ផ្នែក​មួយ​នៃ​ក្រុម​នោះ ។

  • យុវជន​ម្នាក់​កំពុង​បម្រើ​បេសកកម្ម​ពេញ​ម៉ោង​ដឹង​ថា កិច្ចការ​ផ្សព្វផ្សាយ​សាសនា​មាន​ការលំបាក​ជាង​គាត់​បាន​គិត​ទុក​ទៅ​ទៀត ហើយ​គាត់​កំពុង​គិត​ពី​ការត្រឡប់​ទៅ​ផ្ទះ​វិញ ។

តើ​ស្ថានភាព​ទាំង​នេះ​មាន​ចំណុច​អ្វី​ខ្លះ​ដែល​ដូចគ្នា ? តើ​មាន​ហេតុផល​ណា​ខ្លះ ដែល​មនុស្ស​អាច​គិត​អំពី​ការបោះបង់​ចោល​នូវ​ការខិតខំ​របស់​ខ្លួន ដើម្បី​ធ្វើ​អ្វី​ដែល​ពួកគេ​ដឹង​ថា​ត្រឹមត្រូវ​នោះ ?

សាវក​ប៉ុល​បាន​សរសេរ​សំបុត្រ​របស់​លោក​ទៅកាន់​អ្នក​ប្រែ​ចិត្ត​ជឿ​សាសន៍​ហេព្រើរ នៅ​ចំ​គ្រា​ដែល​ពួក​សាសន៍​យូដា​មួយ​ចំនួន ( ឬ សាសន៍​ហេព្រើរ ) ពុំ​ចូលរួម​ការប្រជុំ​សាសនាចក្រ ដោយសារ​ការបៀតបៀន និង ការគាបសង្កត់​ផ្សេងៗ​ទៀត ។ ពួកគេ​បាន​បែរ​ទៅ​រក​ការថ្វាយ​បង្គំ​ដែល​ពួកគេ​ស្គាល់ និង ទំនាក់​ទំនង​ដ៏​សុខសាន្ត​នៃ​ទំនៀមទម្លាប់​របស់​ពួកសាសន៍​យូដា ដែល​មិន​បូករួម​ជាមួយ​នឹង​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ឡើយ ( សូមមើល ហេព្រើរ ១០:២៥, ៣៨–៣៩ ) ។ ប៉ុល​បាន​សរសេរ​សំបុត្រ​របស់​លោក​ទៅ​លើក​ទឹកចិត្ត​សមាជិក​សាសនាចក្រ​ទាំងនេះ​ឲ្យ​បន្ត​នៅ​ស្មោះត្រង់​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ ។

នៅពេល​អ្នក​សិក្សា​សំបុត្រ​ទៅ​កាន់​សាសន៍​ហេព្រើរ​នេះ សូម​រក​មើល​សេចក្តីពិត​ដែល​អាច​ជួយ​អ្នក​ឲ្យ​បន្ត​នៅ​ស្មោះត្រង់​ចំពោះ​ព្រះគ្រីស្ទ នៅពេល​អ្នក​មាន​អារម្មណ៍​ថា​ចង់​បោះបង់​ផ្លូវ​នេះ​ចោល ។

សូមអាន ហេព្រើរ ១:១–៣, ១០ ដោយ​រកមើល​គោលលទ្ធិ​ដែល​ប៉ុល​បាន​បង្រៀន​ពួកបរិសុទ្ធ​សាសន៍​យូដា​អំពី​ព្រះអង្គសង្គ្រោះ ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ គោលលទ្ធិ អំពី​ព្រះយេស៊ូវគ្រីស្ទ​ដែល​អ្នក​ឃើញ​នៅក្នុង ហេព្រើរ ១:១–៣, ១០ ។ ឧទាហរណ៍ ចេញ​ពី ខ​ទី ២ និង ១០ អ្នក​អាច​ឃើញ​គោលលទ្ធិ​ដូច​តទៅ​នេះ ៖ ព្រះយេស៊ូវ​គ្រីស្ទ បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ។ នៅពេល​អ្នក​មើល​ដោយ​យក​ចិត្ត​ទុកដាក់ នោះ​អ្នក​នឹង​ឃើញ​ថា ខគម្ពីរ​ទាំងនេះ​បង្រៀន​ពី​គោលលទ្ធិ​សំខាន់​បន្ថែម​ជាច្រើន​ទៀត​អំពី​ព្រះអង្គ​សង្គ្រោះ ។

សូម​កត់​សម្គាល់​ពី​ឃ្លា​ថា « រូបភាព​នៃ​អង្គ​ទ្រង់ » នៅ​ក្នុង ហេព្រើរ ១:៣ ។ ឃ្លា​នេះ​មាន​ន័យ​ថា ព្រះយេស៊ូវគ្រីស្ទ​ដូច​ជា ព្រះវរបិតាសួគ៌ ហើយ​មាន​បុគ្គលិក​លក្ខណៈ​នៃ​ព្រះ​ដូច​គ្នា ។ ឃ្លា​ថា « ទាំង​ទ្រទ្រង់​គ្រប់​របស់​ទាំង​អស់ ដោយសារ​ព្រះបន្ទូល​ដ៏​មាន​ព្រះចេស្តា​នៃ​ទ្រង់ » នៅក្នុង​ខគម្ពីរ​ដដែល​នោះ មាន​ន័យ​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​មាន​ព្រះចេស្តា​ទាំងអស់ ។

សូម​គិត​ថា​តើ​សេចក្តីពិត​ណា​មួយ​ដែល​អ្នក​រកឃើញ​នៅក្នុង ហេព្រើរ ១:១–៣, ១០ ដែល​អាច​មាន​ប្រយោជន៍​ដល់​អ្នក ប្រសិនបើ​អ្នក​ត្រូវបាន​ល្បួង​ឲ្យ​បែរ​ចេញ​ពី​ការធ្វើ​តាម​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់ ។

ប្រធាន​បទ​ដែល​រកឃើញ​ជាញឹកញាប់​នៅក្នុង​គម្ពីរ​ហេព្រើរ​គឺ ព្រះចេស្តា​ដ៏​អស្ចារ្យ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ឧទាហរណ៍​នៅក្នុង ហេព្រើរ ១:៤–១៤ ប៉ុល​បាន​បង្ហាញ​ថា ព្រះអង្គសង្គ្រោះ​អស្ចារ្យ​ជាង​ពួកទេវតា ។ នៅក្នុង​ជំពូក​បន្តបន្ទាប់​ទៀត លោក​បាន​បន្ត​បង្ហាញ​ពី​ភាព​ឧត្ដុង្គ​ឧត្ដម និង ភាពអស្ចារ្យ​របស់​ព្រះគ្រីស្ទ ។

ហេតុអ្វី​ការដឹងថា ព្រះយេស៊ូវគ្រីស្ទ​ប្រសើរ​ជាង​អ្វីៗ​ទាំង​អស់ ជួយ​មនុស្ស​ម្នាក់​ដែល​កំពុង​មាន​ការលំបាក​ឲ្យ​បន្ត​នៅ​ស្មោះត្រង់​ចំពោះ​ទ្រង់ ?

សូម​បន្ត​រកមើល​ប្រធាន​បទ​នេះ នៅពេល​អ្នក​សិក្សា​សំបុត្រ​ដែល​នៅសល់​របស់​ប៉ុល ដែល​បាន​សរសេរ​ទៅ​សាសន៍​ហេព្រើរ ។

ហេព្រើរ ២

ប៉ុល​បង្រៀន​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​មេ​នៃ​សេចក្តីសង្គ្រោះ​របស់​យើង

សូម​គិត​ពី​ដំណើរការ​នៃ​ការជ្រើសរើស​រក​មេ ឬ អ្នកដឹកនាំ​សម្រាប់​ក្រុម​ផ្សេងៗ ដែល​អ្នក​ចូលរួម ( ឧទាហរណ៍ កីឡាករ​រត់ប្រណាំង ការតស៊ូមតិ សម្តែង​ល្ខោន ឬ ក្លឹប​នៅ​សាលារៀន ) ។ តើ​គុណសម្បត្តិ​អ្វីខ្លះ​ដែល​អ្នក​នឹង​រកមើល ប្រសិន​បើ​អ្នក​កំពុង​ជ្រើសរើស​រក​មេ ឬ អ្នក​ដឹកនាំ ?

នៅក្នុង ហេព្រើរ ២ សាវក​ប៉ុល​បាន​ពន្យល់​បន្ថែម​ទៀត​អំពី​និស្ស័យ និង អត្ត​សញ្ញាណ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដល់​សាសន៍​យូដា​ដែល​ប្រែចិត្ត​ជឿ ដើម្បី​ជួយ​ពួកគេ​ឲ្យ​យល់​ពី​មូលហេតុ​ដែល​ពួកគេ​គួរតែ​បន្ត​ដើរតាម​ទ្រង់ ។ សូមអាន ហេព្រើរ ២:១០ ដោយ​រកមើល​អ្វី​ដែល​ប៉ុល​បាន​បង្រៀន​ថា​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​មេ​ដឹកនាំ ។

ចេញ​ពី​ខគម្ពីរ​នេះ​យើង​អាច​រៀន​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​មេ​នៃ​សេចក្តីសង្គ្រោះ​របស់​យើង ។

  1. សូម​ឆ្លើយ​សំណួរ​តទៅ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​មេ​នៃ​សេចក្តីសង្គ្រោះ​របស់​យើង​តាម​របៀប​ណា​ខ្លះ ?

សូម​អាន ហេព្រើរ ២:៨–៩, ១៤–១៨ ដោយ​រកមើល​ឃ្លា​ដែល​ពិពណ៌នា​ពី​មូលហេតុ​ដែល​ព្រះអង្គសង្គ្រោះ​មាន​គុណសម្បត្តិ​ធ្វើ​ជា​មេ​នៃ​សេចក្តីសង្គ្រោះ​របស់​យើង ។ អ្នក​អាច​គូស​ចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។

នៅក្នុង ហេព្រើរ ២:៩ ការបង្រៀន​របស់​ប៉ុល​ដែល​ថា ព្រះយេស៊ូវគ្រីស្ទ « ដែល​ព្រះ​បាន​ធ្វើ​ឲ្យ​ទាប​ជាង​ពួក​ទេវតា​បន្តិច » សំដៅ​លើ​ការយាង​ចុះ​មក​របស់​ព្រះអង្គសង្គ្រោះ ពី​បល្ល័ង្ក​នៃ​ជីវិត​មុន​ជីវិត​នេះ​របស់​ទ្រង់ មក​ទទួល​បទពិសោធន៍​នៃ​ជីវិត​រមែង​ស្លាប់ និង ការរងទុក្ខ ព្រមទាំង​ការសុគត​របស់​ទ្រង់ ដែល​ទ្រង់ « បាន​យាង​ចុះ​ក្រោម​គ្រប់​ទាំង​អស់ » ( គ. និង ស. ៨៨:៦ ) ។ ឃ្លា « ទទួល​ចំណែក​ជា​សាច់​ឈាម​ដូច្នោះ​ដែរ » នៅក្នុង ហេព្រើរ ២:១៤ មាន​ន័យ​ថា យើង​មាន​ជីវិត​រមែង​ស្លាប់ ។ ឃ្លា « ឲ្យ​ធួន​នឹង​បាប​របស់​ប្រជាជន​ទាំងឡាយ » នៅក្នុង ហេព្រើរ ២:១៧ មាន​ន័យ​ថា ព្រះគ្រីស្ទ​អាច​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​បាប​របស់​យើង ។

យោងតាម ខ​ទី ៩ តើ​ព្រះយេស៊ូវ​បាន​ធ្វើ​អ្វីខ្លះ​សម្រាប់​មនុស្ស​ទាំងអស់ ? យោង​តាម ខ​ទី ១៤ តើ​ទ្រង់​បាន​យក​ឈ្នះ​លើ​នរណា​ខ្លះ​តាមរយៈ​ដង្វាយធួនរបស់​ទ្រង់ ?

សូម​កត់សម្គាល់​ថា ប៉ុល​ពុំ​គ្រាន់តែ​សំដៅ​លើ​ព្រះអង្គសង្គ្រោះ​ថា​ជា​មេ​នៃ​សេចក្តីសង្គ្រោះ​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​ក៏​បាន​ហៅ​ទ្រង់​ថា​ជា « សម្តេច​សង្ឃ ដែល​មាន​ព្រះទ័យ​មេត្តាករុណា ហើយ​ក៏​ស្មោះត្រង់ »​ដែរ ( ហេព្រើរ ២:១៧ ) ។ ប៉ុល​បាន​ប្រដូច​ព្រះយេស៊ូវគ្រីស្ទ​ទៅ​នឹង​សម្តេច​សង្ឃ​ម្នាក់​របស់​សាសន៍​យូដា ដោយសារ​សម្តេចសង្ឃត្រូវបាន​ចាត់ទុក​ថា​ជា​អ្នក​នៅ​កណ្តាល​រវាង​មនុស្ស និង ព្រះ ។

យោងតាម ហេព្រើរ ២:១៨ ហេតុអ្វី​ព្រះអង្គសង្គ្រោះ​អាច​ជួយ ( លួងលោម ឬ ជួយ ) យើង​បាន ?

សូម​អាន ហេព្រើរ ៤:១៤–១៦ ដោយ​រកមើល​ការយល់​ដឹង​បន្ថែម​ទៀត ដែល​ប៉ុល​បាន​បង្រៀន​អំពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ​គឺ​ជា​សម្តេច​សង្ឃ ដែល​មាន​ព្រះទ័យ​មេត្តាករុណា ហើយ​ក៏​ស្មោះត្រង់ ។

ចេញ​ពី ហេព្រើរ ២:១៧–១៨ និង ៤:១៤–១៦ យើង​អាច​រកឃើញ​សេចក្តីពិត​ដូច​តទៅ​នេះ ៖ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ​បាន​រងទុក្ខ ហើយ​ត្រូវបាន​ល្បួង​នៅក្នុង​គ្រប់​រឿង​ទាំងអស់ នោះ​ទ្រង់​យល់​ពី​យើង​យ៉ាង​ច្បាស់ ហើយ​អាច​ជួយ​យើង​នៅក្នុង​គ្រា​ដែល​យើង​ត្រូវការ​ទ្រង់ ។ ( សូមមើល​ផងដែរ អាលម៉ា ៧:១១–១៣ ) ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ពី​អារម្មណ៍​របស់​អ្នក អំពី​របៀប​ដែល​សេចក្តីពិត​ដែល​មាន​នៅក្នុង ហេព្រើរ ២ អាច​ជួយ​អ្នក​ឲ្យ​មាន​ទំនុកចិត្ត នៅក្នុង​ការសម្រេច​ចិត្ត​របស់​អ្នក​ដើម្បី​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ​ដែល​ជា​អ្នក​ដឹកនាំ​របស់​អ្នក ។

ហេព្រើរ ៣-៤

ប៉ុល​បង្រៀន​ពី​របៀប​ដែល​យើង​អាច​ចូល​ទៅក្នុង​ទីសម្រាក​របស់​ព្រះអម្ចាស់

តើ​មាន​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​អ្នក​អាច​មាន​អារម្មណ៍​ខ្វាយខ្វល់ ឬ មាន​ចិត្ត​រសាប់រសល់​គ្រប់​ពេល​នោះ ? សូម​គិត​ពី​របៀប​ដែល​អ្នក​អាច​ស្វែងរក​ភាពសុខសាន្ត និង ការសម្រាក​ពី​កង្វល់​នេះ ឬ ភាពជ្រួលច្របល់ និង ការរសាប់រសល់​ផ្សេង​ទៀត ។

នៅ​ជំនាន់​របស់​ប៉ុល ពួកបរិសុទ្ធ​សាសន៍​យូដា ត្រូវបាន​គេ​បៀតបៀន​ដោយសារ​ការរស់នៅ​តាម​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ដូច​បាន​កត់ត្រា​នៅក្នុង ហេព្រើរ ៣–៤ ប៉ុល​បាន​និយាយ​ពី​បទពិសោធន៍​ចេញ​ពី​គម្ពីរ​សញ្ញា​ចាស់ ដើម្បី​បង្រៀន​ពួកបរិសុទ្ធ ពី​របៀប​ស្វែងរក​ទីសម្រាក​នៅក្នុង​ជីវិត​នេះ និង ជីវិត​បន្ទាប់ ។

កាល​ពី​យូរ​លង់​ណាស់​មក​ហើយ បន្ទាប់​ពី​ពួកគេ​បាន​មាន​សេរីភាព​ពី​ស្រុកអេស៊ីព្ទ នោះ​កូនចៅ​អ៊ីស្រាអែល​បាន​ធ្វើ​ឲ្យ​ព្រះអម្ចាស់​ខ្ញាល់​ដោយសារ​តែ​ការមិនគោរព​ប្រតិបត្តិ​របស់​ពួកគេ ។ ជា​លទ្ធផល ពួកគេ​ពុំ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​ទីសម្រាក​របស់​ព្រះអម្ចាស់​ឡើយ ( សូមមើល ជនគណនា ១៤, យ៉ាកុប ១:៧–៨, អាលម៉ា ១២:៣៣–៣៧, ១៣:៦, ១២–១៣, ២៨–២៩ ) ។

សូម​គិត​ពី​ការគូស​ចំណាំ​ឃ្លា « ផ្លូវ​របស់​យើង » នៅក្នុង ហេព្រើរ ៣:១១ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:២៤ ដោយ​រកមើល​អ្វី​ដែល​ខគម្ពីរ​នោះ​បង្រៀន​អំពី​ទី​សម្រាក​របស់​ព្រះអម្ចាស់ ។

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

អែលឌើរ ប្រ៊ូស អ័រ. ម៉ាក់ខន់ឃី ក្នុង​កូរ៉ុមនៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ដូច​នេះ ៖ « ពួក​បរិសុទ្ធ​ដ៏​ពិត​ប្រាកដ ចូល​ទៅក្នុង ទី​សម្រាក​នៃ​ព្រះអម្ចាស់ ខណៈដែល​នៅក្នុង​ជីវិត​នេះ ហើយ​ដោយ​ការនៅ​ជាប់​នឹង​សេចក្ដីពិត នោះ​ពួកគេ​បន្ត​នៅក្នុង​ស្ថានភាព​ដ៏​មាន​ពរជ័យ​នោះ រហូត​ដល់​ពួកគេ​ចូល​ក្នុង​សេចក្ដី​សម្រាក​ជាមួយ​ព្រះអម្ចាស់​នៅ​ស្ថានសួគ៌ ។ … ទីសម្រាក​របស់​ព្រះអម្ចាស់ ជា​ទី​ដែល​ជីវិត​រមែង​ស្លាប់​មាន​ការជាប់ជំពាក់ ជា​ទី​ទទួលបាន​នូវ​ចំណេះ​ដឹង​ដ៏​ឥតខ្ចោះ​នៃ​ភាព​ជា​ព្រះ​នៃ​កិច្ចការ​ដ៏​មហិមា​នៃ​ថ្ងៃចុងក្រោយ ។ … ទី​សម្រាក​នៃ​ព្រះអម្ចាស់ នៅក្នុង​ភាពអស់កល្ប​ជានិច្ច គឺ​ការ​ដែល​បាន​គ្រង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ទទួលបាន​នូវ​ភាពពេញលេញ​នៃ​សិរី​រុងរឿង​របស់​ព្រះអម្ចាស់ » ( Mormon Doctrine ការបោះពុម្ព​លើក​ទី​ពីរ [ ឆ្នាំ ១៩៦៦ ] ទំព័រ ៦៣៣ ) ។

សូមអាន ហេព្រើរ ៤:១ ដោយ​រកមើល​អ្វី​ដែល​ប៉ុល​បាន​បារម្ភ​ថា សមាជិក​សាសនាចក្រ​មួយ​ចំនួន​ពុំ​បាន​ធ្វើ​វា ។

សូម​អាន​វគ្គបទគម្ពីរ​ដូច​តទៅ​នេះ ហេព្រើរ ៣:៧–៨, ១២–១៥, ១៨–១៩, ៤:២–៣, ៦–៧, ១១ ។ សូម​អាន ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ហេព្រើរ ៤:៣ ( នៅក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ) ផង​ដែរ ។ នៅពេល​អ្នក​អាន​វគ្គ​បទគម្ពីរ​ទាំង​នេះ សូម​រកមើល​អ្វី​ដែល​ប៉ុល បាន​បង្រៀន​ដដែល​អំពី​របៀប​ដែល​យើង​អាច​ចូល​ទៅ​ក្នុង​ទីសម្រាក​របស់​ព្រះអម្ចាស់​បាន ។

សូម​កត់​សម្គាល់​ពី​ឃ្លា​ថា « កុំ​ឲ្យ​តាំង​ចិត្ត​រឹងរូស » ( ហេព្រើរ ៣:៨, ១៥, ៤:៧ ) ។ ឃ្លា​នេះ​មាន​ន័យ​ថា យើង​ពុំ​គួរ​បិទ​ដួងចិត្ត​របស់​យើង ចំពោះ​សេចក្តីពិត និង ការបំផុសគំនិត​ឡើយ យើង​គប្បី​បើក​ដួងចិត្ត​របស់​យើង​ជានិច្ច មាន​ឆន្ទៈ ហើយ​គោរព​ព្រះ និង បទបញ្ញត្តិ​របស់​ទ្រង់ ។

ចេញ​ពី​ការបង្រៀន​របស់​ប៉ុល យើង​អាច​រៀន​ថា ប្រសិនបើ​យើង​បន្ត​នៅ​ស្មោះត្រង់​ចំពោះ​ព្រះអង្គសង្គ្រោះ ហើយ​គ្មាន​ចិត្ត​រឹងរូស នោះ​យើង​នឹង​ចូល​ទៅក្នុង​ទីសម្រាក​របស់​ព្រះអម្ចាស់ ។

តើ​ការជ្រើសរើស​ជឿ​លើ​ព្រះអង្គសង្គ្រោះ និង ការបើក​ដួងចិត្ត​យើង​ជានិច្ច​ចំពោះ​ព្រះរាជបំណង និង ផែនការ​របស់​ព្រះ អាច​ជួយ​យើង​ឲ្យ​បន្ត​នៅ​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់​តាម​របៀប​ណា​ខ្លះ ? សូម​គិត​ពី​មនុស្ស​ម្នាក់​ដែល​អ្នក​ស្គាល់​ដែល​ជា​គំរូ​ល្អ​អំពី​គោលការណ៍​នេះ ។ តើ​មាន​កិច្ចការ​ជាក់លាក់​ណា​ខ្លះ​ដែល​បុគ្គល​រូប​នោះ​បាន​ធ្វើ ដើម្បី​បន្ត​នៅ​ស្មោះត្រង់ ?

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​អំពី​អ្វី​ដែល​អ្នក​នឹង​ធ្វើ​ដើម្បី​បន្ត​នៅ​ស្មោះត្រង់​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ ហើយ​បើក​ដួងចិត្ត​របស់​អ្នក​ចំពោះ​ទ្រង់​ជានិច្ច ។

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា ហេព្រើរ ១–៤ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖