បណ្ណាល័យ
មេរៀន​ទី ២ ថ្ងៃទី ៣ ៖ ម៉ាថាយ ៤


មេរៀន​ទី ២ ៖ ថ្ងៃ​ទី ៣

ម៉ាថាយ ៤

សេចក្ដីផ្ដើម

បន្ទាប់​ពី​ពិធី​បុណ្យ​ជ្រមុជទឹក​របស់​ទ្រង់ ព្រះយេស៊ូវ​បាន​ចំណាយ​ពេល ៤០ ថ្ងៃ​តមអាហារ ហើយ​ទូល​ទៅ​នឹង​ព្រះវរបិតា​សួគ៌​នៅ​ក្នុង​ទីរហោស្ថាន ។ បន្ទាប់​ពី​បទពិសោធន៍​នេះ អារក្ស​បាន​ល្បួង​ព្រះយេស៊ូវ ។ ព្រះយេស៊ូវ​បាន​តតាំង​នឹង​ការល្បួង​នីមួយៗ​ដោយ​ប្រើ​បទគម្ពីរ ។ ព្រះអង្គសង្គ្រោះ​បាន​យាង​ទៅ​ស្រុក​កាលីឡេ ជា​ទីកន្លែង​ដែល​ទ្រង់​បាន​ហៅ​ពេត្រុស និង​អ្នក​ផ្សេង​ទៀត​ឲ្យ​ដើរ​តាម​ទ្រង់ ហើយ​បាន​យាង​ទៅ​បង្រៀន ប្រកាស ហើយ​ព្យាបាល ។

ម៉ាថាយ ៤:១-១១

ព្រះយេស៊ូវ​តតាំង​នឹង​ការល្បួង​របស់​អារក្ស

សូម​ទៅ​ក្បែរ​បង្អួច​ដែល​នៅ​ជិត​អ្នក ហើយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​វត្ថុ​ជាក់លាក់​ណាមួយ​នៅ​ខាង​ក្រៅ​បង្អួច​ចំនួន ៣០ វិនាទី ដោយ​មិន​ចាំបាច់​មើល​ទៅ​ឆ្ងាយ​ឡើយ ។ ( ប្រសិនបើ​ពុំ​មាន​បង្អួច​ទេ សូម​ផ្ដោត​អារម្មណ៍​ទៅ​លើ​វត្ថុ​នៅ​ខាង​ក្នុង​បន្ទប់ ) ។

តើ​មាន​អ្វី​មក​រំខាន​អ្នក ពី​ការផ្ដោត​អារម្មណ៍​ទៅ​លើ​វត្ថុ​នោះ​ដែរ​ឬ​ទេ ? តើ​អ្នក​បាន​គិត​អំពី​អ្វី​ខ្លះ ក្នុង​រយៈ​ពេល ៣០ វិនាទី​នោះ ?

នៅ​ពេល​យើង​ព្យាយាម​បន្ត​គោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះវរបិតា​សួគ៌ នោះ​ការរំខាន​នានា​ដែល​លេច​ឡើង​ជា​ទម្រង់​នៃ​ការល្បួង ព្យាយាម​ទាញ​យើង​ចេញ​ពី​ការផ្ដោត​អារម្មណ៍​របស់​យើង ហើយ​ដឹកនាំ​យើង​ទៅ​ប្រព្រឹត្ត​បាប ។ សូម​គិត​អំពី​របៀប​ទាំងឡាយ ដែល​សាតាំង​ព្យាយាម​ល្បួង​អ្នក​ឲ្យ​ទៅ​ប្រព្រឹត្ត​បាប ។ នៅ​ពេល​អ្នក​សិក្សា ម៉ាថាយ ៤ សូម​ស្វែងរក​គោលការណ៍​មួយ ដែល​អ្នក​អាច​អនុវត្ត​តាម​ដើម្បី​ជួយ​អ្នក​ឲ្យ​តតាំង​នឹង​ការល្បួង ។

បន្ទាប់​ពី​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ទ្រង់ ព្រះអង្គ​សង្គ្រោះ​មាន​​បទពិសោធន៍​មួយ ដែល​បាន​ជួយ​រៀបចំ​ទ្រង់​សម្រាប់​ការងារ​បម្រើ​របស់​ទ្រង់​នៅ​លើ​ផែនដី ។ សូម​អាន ម៉ាថាយ ៤:១–២ ដោយ​ប្រើ​កំណែ​ចេញ​ពី​ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ នៅ​ក្នុង​លេខយោង​ទាំងឡាយ​នៃ​ខគម្ពីរ​ទាំង​ពីរ​នេះ ។ នៅ​ពេល​អ្នក​អាន សូម​ស្វែងរក​អ្វី​ដែល​ព្រះយេស៊ូវ​បាន​មាន​បទពិសោធន៍​នៅ​ក្នុង​ទីរហោស្ថាន ។ ( សូម​កត់ចំណាំ​ថា នៅ​ក្នុង​បរិបទ​នេះ ពាក្យ ទូល មាន​ន័យ​ថា ការមាន​ទំនាក់ទំនង​ខាង​វិញ្ញាណ​ដ៏​ជិតស្និទ្ធ ) ។

តើ​ការតមអាហារ និង ការទូល​ទៅ​នឹង​ព្រះវរបិតា​សួគ៌ បាន​ជួយ​ព្រះយេស៊ូវ​ឲ្យ​រៀបចំ​ព្រះកាយ​សម្រាប់​ការងារ​បម្រើ​របស់​ទ្រង់​នៅ​លើ​ផែនដី​យ៉ាង​ដូចម្ដេច ?

រូបភាព
ការល្បួង​របស់​ព្រះយេស៊ូវ

ព្រះយេស៊ូវ​បាន​តតាំង​នឹង​ការល្បួង​ពី​អារក្ស ។

ការល្បួង​របស់​ព្រះយេស៊ូវ ដោយ ខាល ហិនរិច ប្លុក ។ បាន​ទទួល​ការអនុញ្ញាត​ជា​ផ្លូវការ​ពីសារមន្ទីរ​ប្រវត្តិសាស្ត្រ​ជាតិ​នៅ​វិមាន ហ្វ្រិឌើរីកស្បក នៅ ហីលលើ​រុត ប្រទេស ដាណឺម៉ាក់ ។ ហាម​ថតចម្លង ។

តារាង​ខាង​ក្រោម អាច​ជួយ​អ្នក​រៀន​អំពី​បទពិសោធន៍​របស់​ព្រះយេស៊ូវ កាល​ទ្រង់​ត្រូវបាន ល្បួង ដោយ​អារក្ស ។ សូម​សិក្សា​បទគម្ពីរ​នានា ដែល​មាន​នៅ​ក្នុង​ប្រអប់​ឈរ​ខាង​ឆ្វេង​នៃ​តារាង ។ បន្ទាប់​មក សូម​សរសេរ​អ្វី​ដែល​សាតាំង​បាន​ល្បួង​ឲ្យ​ព្រះយេស៊ូវ​ធ្វើ រួច​ពិពណ៌នា​អំពី​របៀប​ដែល​ព្រះយេស៊ូវ​បាន​ឆ្លើយ​តប​ចំពោះ​ការល្បួង​នោះ ។ នៅ​ពេល​អ្នក​សិក្សា សូម​ដឹង​ថា ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ កែតម្រូវ​សេចក្ដី​ចែង​ដែល​មាន​នៅ​ក្នុង ម៉ាថាយ ៤:៥, ៨ ដើម្បី​បង្ហាញ​ថា គឺ​ព្រះវិញ្ញាណ ពុំ​មែន​អារក្ស​នោះ​ទេ ដែល​បាន​នាំ​ព្រះអង្គ​សង្គ្រោះ​ទៅ​កាន់​កន្លែង​ផ្សេងៗ​ដូច​ដែល​បាន​ពិពណ៌នា​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ( សូម​មើល​ផងដែរ ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ លូកា ៤:៥ [ នៅ​ក្នុង លូកា ៤:៥ លេខយោង  ], លូកា ៤:៩ [ នៅ​ក្នុង លូកា ៤:៩ លេខយោង  ] ) ។

រឿង​ដែល​សាតាំង​បាន​ល្បួង​ឲ្យ​ព្រះយេស៊ូវ​ធ្វើ

របៀប​ដែល​ព្រះយេស៊ូវ​បាន​ឆ្លើយ​តប​ចំពោះ​ការល្បួង​នោះ

ម៉ាថាយ ៤:៣-៤

ម៉ាថាយ ៤:៥-៧

ម៉ាថាយ ៤:៨-១១

  1. សូម​ឆ្លើយ​សំណួរ​ដូច​ខាងក្រោម ដាក់​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ដំណើរ​រឿង​នេះ​បង្ហាញ​អ្វី​ខ្លះ អំពី​យុទ្ធសាស្ត្រ​របស់​អារក្ស​ក្នុង​ការល្បួង​យើង​ឲ្យ​ប្រព្រឹត្ត​បាប ?

សូម​កត់ចំណាំ​ភាពស្រដៀងគ្នា​នៅ​ក្នុង​ការឆ្លើយតប​របស់​ព្រះអង្គ​សង្គ្រោះ ចំពោះ​ការល្បួង​នីមួយៗ ។ បទគម្ពីរ​ទាំងឡាយ ដែល​ព្រះអង្គ​សង្គ្រោះ​បាន​នឹក​ចាំ​នោះ បាន​បញ្ជាក់​អំពី​ទង្វើ​ដ៏​ត្រឹមត្រូវ​ចំពោះ​ការល្បួង​នីមួយៗ ហើយ​ទ្រង់​បាន​អនុវត្ត​សេចក្ដី​ពិត​ដែល​មាន​បង្រៀន​នៅ​ក្នុង​បទគម្ពីរ​ទាំងនោះ ។ តទៅ​នេះ​គឺ​ជា​គោលការណ៍​មួយ ដែល​យើង​អាច​រៀន​ចេញ​ពី​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ៖ នៅ​ពេល​យើង​នឹកចាំ ហើយ​អនុវត្ត​សេចក្ដី​ពិត​ដែល​មាន​បង្រៀន​នៅ​ក្នុង​បទគម្ពីរ នោះ​យើង​អាច​តតាំង​នឹង​ការល្បួង​របស់​អារក្ស​បាន ។ អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​នេះ នៅ​លើ​គែម​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ ម៉ាថាយ ៤:៣–១១ ។

ដោយ​គិត​អំពី​គោលការណ៍​នេះ ហេតុអ្វី​បាន​ជា​វា​មាន​សារៈសំខាន់ ដែល​ត្រូវ​សិក្សា​ព្រះគម្ពីរ​ជា​ប្រចាំ ?

រូបភាព
អែលឌើរ រីឆាត ជី ស្កត

អែលឌើរ រីឆាដ ជី ស្កត ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​អំពី​ការទន្ទេញ​ចាំ​បទគម្ពីរ ដូច​ខាង​ក្រោម​នេះ ៖ « ចូរ​ឈ្លាស​វៃ​នៅ​ក្នុង​ការប្រើ​បច្ចេក​វិទ្យា ។ ចូរ​គូស​ចំណាំ​បទគម្ពីរ​សំខាន់ៗ​នៅ​លើ​ឧបករណ៍​អេឡិចត្រូនិក​របស់​អ្នក ហើយ​បើក​មើល​វា​ជា​ញឹកញាប់ ។ យុវវ័យ​ទាំងឡាយ ប្រសិនបើ​អ្នក នឹង​រំឭក​ខគម្ពីរ​មួយ​ឲ្យ​ញឹកញាប់​ដូចជា​ប្អូន​រាល់​គ្នា​មួយ​ចំនួន​ផ្ញើសារ នោះ​ប្អូន​អាច​ទន្ទេញ​ចាំ​វគ្គ​បទគម្ពីរ​រាប់​រយ​បាន​យ៉ាង​ឆាប់ ។ វគ្គ​បទគម្ពីរ​ទាំង​នោះ​នឹង​ជា​ប្រភព​នៃ​ការបំផុស​គំនិត និង ការណែនាំ​ដ៏​មាន​អនុភាព​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក្នុង​ពេល​ចាំបាច់ » (« For Peace at Home » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៣០ ) ។

  1. សូម​បំពេញ​កិច្ចការ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូម​គូរ​ប្រអប់​ឈរ​ចំនួន​បី​នៅ​លើ​ទំព័រ​មួយ ។ នៅ​ក្នុង​ប្រអប់​ឈរ​ទីមួយ សូម​សរសេរ​អំពើបាប​បី​យ៉ាង ដែល​យុវវ័យ​ស្របាល​នឹង​អ្នក អាច​នឹង​ត្រូវ​ល្បួង​ឲ្យ​ប្រព្រឹត្ត ។ នៅ​ក្នុង​ប្រអប់​ឈរ​ទី​ពីរ សូម​សរសេរ​វិធី​មួយ​ដែល​សាតាំង​ព្យាយាម​អូសទាញ​មនុស្ស​ម្នាក់ ឲ្យ​ប្រព្រឹត្ត​បាប​នីមួយៗ​ដែល​អ្នក​បាន​សរសេរ​នៅ​ក្នុង​ប្រអប់​ទីមួយ ។ បន្ទាប់​មក សូម​ស្វែងរក​សេចក្ដីយោង​បទគម្ពីរ​ដ៏​ជាក់លាក់​មួយ ដែល​បង្រៀន​អំពី​សេចក្ដីពិត ដែល​មនុស្ស​ម្នាក់​អាច​នឹកចាំ ហើយ​អនុវត្ត​ពេល​ត្រូវបាន​ល្បួង​ឲ្យ​ប្រព្រឹត្ត​បាប​នីមួយៗ ដែល​អ្នក​បាន​សរសេរ រួច​សរសេរ​សេចក្ដីយោង​បទគម្ពីរ​នៅ​ក្នុង​ប្រអប់​ឈរ​ទី​បី ។ ( សូម​គិត​អំពី​ការយោង​ទៅ​លើ​ចំណេះ​ចំណាន​ខគម្ពីរ​ដូចជា លោកុប្បត្តិ ៣៩:៩គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០:៥ ) ។

    2. នៅ​លើ​ក្រដាស​មួយ​សន្លឹក​ទៀត សូម​សរសេរ​បទគម្ពីរ​មួយ ដែល​អ្នក​នឹង​នឹកចាំ ហើយ​អនុវត្ត​នៅ​ពេល​ក្រោយ ពេល​អ្នក​ត្រូវបាន​ល្បួង​ឲ្យ​ប្រព្រឹត្ត​បាប ។ សូម​គិត​អំពី​ការទន្ទេញ​ខគម្ពីរ ដែល​អ្នក​បាន​ជ្រើសរើស ។

ម៉ាថាយ ៤:១២-១៧

ព្រះយេស៊ូវ​គង់​នៅ​ស្រុក​កាលីឡេ

ព្រឹត្តិការណ៍​មួយ​ចំនួន បាន​កើតឡើង​ចន្លោះ​ពេល​ចុងបញ្ចប់​នៃ​ការគង់​នៅ​ក្នុង​ទីរហោស្ថាន​រយៈពេល ៤០ ថ្ងៃ ( ម៉ាថាយ ៤:១១ ) និង ការចាប់ យ៉ូហាន បាទីស្ទ ដាក់​គុក ( ម៉ាថាយ ៤:១២ សូម​មើល « Harmony of Gospels » ) ។

នៅ​ក្នុង ម៉ាថាយ ៤:១២–១៥ យើង​រៀន​ថា បន្ទាប់​ពី​បទពិសោធន៍​របស់​ទ្រង់​នៅ​ក្នុង​ទីរហោស្ថាន ព្រះយេស៊ូវ​បាន​យាង​ទៅ​ស្រុក​កាលីឡេ ហើយ​បាន​គង់​នៅ​ក្រុង​កាពើណិម ។ ម៉ាថាយ​បាន​កត់ចំណាំ​ថា ការងារ​បម្រើ​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ស្រុក​កាលីឡេ បាន​បំពេញ​ការព្យាករ​មួយ​របស់​អេសាយ ( សូម​មើល អេសាយ ៩:១–២ ) ។ សូម​អាន ម៉ាថាយ ៤:១៦ រួច​ពិចារណា​អំពី​ការគូសចំណាំ​អ្វី​ដែល អេសាយ បាន​ព្យាករ​ថា​នឹង​កើតឡើង ។

យើង​រៀន​ចេញ​ពី​ការព្យាករ​នេះ​ថា ព្រះយេស៊ូវ​នាំ​ពន្លឺ​មក​ក្នុង​ជីវិត​អស់​អ្នក ដែល​ស្ថិត​ក្នុង​ទីងងឹត ។ នៅ​ពេល​អ្នក​បន្ត​សិក្សា​អំពី​គម្ពីរ​ម៉ាថាយ និង ដំណឹងល្អ​ដទៃ​ទៀត សូម​ស្វែងរក​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ដូចនេះ ពេញ​ទាំង​ការងារ​បម្រើ​របស់​ទ្រង់ ។

ដូច​មាន​កត់ត្រា​នៅ​ក្នុង ម៉ាថាយ ៤:១៧ ព្រះអង្គ​សង្គ្រោះ​បាន​ចាប់ផ្ដើម​ប្រកាស​អំពី​ការប្រែចិត្ត ដើម្បី​រៀបចំ​សម្រាប់​នគរ​ស្ថានសួគ៌ ( សាសនាចក្រ​ទ្រង់ ) ដែល​កំពុង​ត្រូវបាន​ស្ថាបនា​នៅ​ក្នុង​ចំណោម​មនុស្ស ។

ម៉ាថាយ ៤:១៨-២២

ព្រះយេស៊ូវ​ត្រាស់​ហៅ ពេត្រុស និង​អ្នក​ផ្សេង​ទៀត​ឲ្យ​ដើរ​តាម​ទ្រង់

សូម​មើល​រូបភាព​ដែល​ព្រះអង្គ​សង្គ្រោះ​ត្រាស់​ហៅ ពេត្រុស និង អនទ្រេ ហើយ​កត់ចំណាំ​អំពី​អ្វី​ដែល ពេត្រុស និង អនទ្រេ កំពុង​តែ​ធ្វើ​ជាមួយ​នឹង​សំណាញ់​បង់​ត្រី​របស់​លោក ។

រូបភាព
ការ​ត្រាស់​ហៅ​ពួក​អ្នក​នេសាទ

កាល​ដែល​មនុស្ស​ដទៃ​មើល​ពេត្រុស និង អនទ្រេ​ដូចជា​អ្នក​នេសាទ​ដ៏​សាមញ្ញ ព្រះយេស៊ូវ​គ្រីស្ទ​បាន​ទត​ឃើញ​សក្ដានុពល​ដ៏​អស្ចារ្យ​របស់​ពួកគេ ហើយ​ជ្រាប​ពី​អ្វី​ដែល​ពួកគេ​អាច​ប្រែក្លាយ​បាន ។ សូម​គិត​ថាតើ​យើង​មាន​សភាព​ដូច​គ្នា​ទៅ​នឹង ពេត្រុស និង អនទ្រេ យ៉ាង​ដូចម្ដេច ។

នៅ​ពេល​អ្នក​បន្ត​សិក្សា ម៉ាថាយ ៤ សូម​ស្វែករក​អ្វី​ដែល​យើង​ត្រូវតែ​ធ្វើ ដើម្បី​ប្រែក្លាយ​ដូចជា​អ្វី​ទាំងអស់ ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​យើង​ប្រែក្លាយ ។

សូម​អាន ម៉ាថាយ ៤:១៨–២២ ដោយ​ស្វែងរក​ទំនាក់ទំនង​រវាង​ព្រះអង្គសង្គ្រោះ និង អ្នក​នេសាទ​ត្រី ។

សូម​ស្រមៃ​ថា អ្នក​គឺ​ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​នេសាទ​ទាំងនេះ ។ សូម​គិត​អំពី​អ្វី ដែល​ធ្វើ​ឲ្យ​បុរស​ទាំង​នេះ​បាន​បរិសុទ្ធ ដើម្បី​ដើរ​តាម​ព្រះអង្គ​សង្គ្រោះ ហើយ​ជួយ​នៅ​ក្នុង​ការងារ​របស់​ទ្រង់ ? ហេតុអ្វី​បាន​ជា​ការណ៍​នេះ​អាច​ជា កិច្ចការ​ដ៏​លំបាក ?

សូម​កត់ចំណាំ​អំពី​របៀប​ដែល​អ្នក​នេសាទ​ទាំងនេះ​មាន—ពេត្រុស, អនទ្រេ, យ៉ាកុប និង យ៉ូហាន—បាន​ឆ្លើយតប​ទៅ​នឹង​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ ។ តើ​ចម្លើយ​ភ្លាមៗ​របស់​ពួកលោក​ចំពោះ​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ បង្ហាញ​អ្វី​ខ្លះ​ពី​បុគ្គលិក​លក្ខណៈ​របស់​ពួកលោក ?

តើ « អ្នក​នេសាទ​មនុស្ស » ( ម៉ាថាយ ៤:១៩ ) មាន​ន័យ​ដូចម្ដេច ?

សូម​ពិចារណា​អំពី​មូលហេតុ​ដែល​បុរស​ទាំងនេះ នឹង​ធ្វើ​បាន​កាន់តែ​ល្អ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​ក្នុង​នាម​ជា « អ្នក​នេសាទ​មនុស្ស » បើ​ប្រៀបធៀប​ទៅ​នឹង​ការធ្វើ​ជា​អ្នក​នេសាទ​ត្រី ។

យើង​រៀន​គោលការណ៍​ដូច​តទៅ​នេះ ចេញ​ពី​គំរូ​របស់​បុរស​ទាំងនេះ ៖ ប្រសិនបើ​យើង​ឆ្លើយ​ភ្លាមៗ​ចំពោះ​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​ដើរ​តាម​ទ្រង់ នោះ​ទ្រង់​អាច​ធ្វើ​ឲ្យ​ជីវិត​យើង​បាន​ប្រសើរ​ជាង អ្វី​ដែល​យើង​អាច​ធ្វើ​ដោយ​ខ្លួន​យើង​ទៅ​ទៀត ។

អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ចោទ​ជា​សំណួរ​មួយ ទាក់ទង​នឹង « សំណាញ់ » នៅ​ក្នុង​ជីវិត​របស់​យើង ៖

រូបភាព
អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន

« ‹ ប្រសិនបើ​ព្រះអង្គ​សង្គ្រោះ​ត្រាស់​ហៅ​អ្នក​នៅ​ថ្ងៃ​នេះ តើ​អ្នក​នឹង​ស្ម័គ្រ​ចិត្ត​ទុក​សំណាញ់​របស់​អ្នក​ចោល ហើយ​ដើរ​តាម​ទ្រង់​ដែរ​ឬ​ទេ ? › …

« សំណាញ់​មាន​ទំហំ និង ទ្រង់ទ្រាយ​ច្រើន ។ សំណាញ់​ដែល​ពេត្រុស អនទ្រេ យ៉ាកុប និង យ៉ូហាន បាន​ទុក​ចោល​នោះ គឺ​ជា​វត្ថុ​សម្រាប់​ជា​របរ​រកស៊ី—ជា​ឧបករណ៍​ដែល​ជួយ​ពួកគេ​ឲ្យ​រកប្រាក់​ចិញ្ចឹម​ជីវិត ។ …

« សំណាញ់ ជា​ទូទៅ​មាន​ន័យ​ថា​ជា​ឧបករណ៍​សម្រាប់​ចាប់​យក​អ្វី​មួយ ។ នៅ​ក្នុង​អត្ថន័យ​ដ៏​កាន់តែ​សំខាន់​ជាង​នេះ យើង​អាច​ផ្ដល់​និយមន័យ​ថា សំណាញ់​គឺជា​អ្វី​មួយ ដែល​ទាក់ទាញ ឬ រារាំង​យើង​ពី​ការធ្វើតាម​ការត្រាស់ហៅ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ ។

« សំណាញ់​នៅ​ក្នុង​បរិបទ​នេះ អាច​ជា​ការងារ ចំណង់ចំណូល​ចិត្ត ការកម្សាន្ត​របស់​យើង និង​លើស​ពី​អ្វី​ទាំងអស់​ទៅ​ទៀត​នោះ គឺ​ជា​ការល្បួង និង អំពើបាប​របស់​យើង ។ និយាយ​ឲ្យ​ខ្លី​ទៅ សំណាញ់​មួយ​អាច​ជា​អ្វីៗ​ដែល​ទាញ​យើង​ចេញ​ពី​ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​យើង ឬ ពី​សាសនាចក្រ​ដែល​ត្រូវបាន​ស្ដារឡើងវិញ​របស់​ទ្រង់ ( « Follow Me » Ensign ខែ ឧសភា ឆ្នាំ ២០០២ ទំព័រ ១៥ ) ។

  1. ដោយ​យោង​តាម​និយមន័យ​របស់​អែលឌើរ វ៉ឺតលីន អំពី « សំណាញ់ » នោះ​សូម​ពិពណ៌នា​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​ឧទាហរណ៍ ៣–៤ យ៉ាង នៃ​របៀប​ដែល​សំណាញ់​នា​សម័យ​ថ្មី​នេះ អាច​រារាំង​បុគ្គល​ម្នាក់​ពី​ការឆ្លើយ​តប​ភ្លាមៗ ទៅ​នឹង​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​ដើរ​តាម​ទ្រង់ ។

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​បង្រៀន​អំពី​ពរជ័យ​ទាំងឡាយ ដែល​អាច​កើត​មាន​នៅ​ពេល​យើង​ដើរតាម​ព្រះអង្គ​សង្គ្រោះ ៖ « បុរស និង ស្ត្រី​ដែល​បង្វែរ​ជីវិត​ខ្លួន​មក​រក​ព្រះ នឹង​ឃើញ​ថា ទ្រង់​អាច​ធ្វើ​ឲ្យ​ជីវិត​របស់​ពួកគេ​បាន​ប្រសើរ​ជាង​មុន ។ ទ្រង់​នឹង​ធ្វើ​ឲ្យ​សេចក្ដី​អំណរ​ចាក់​ចូល​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ដួងចិត្ត​ពួកគេ ពង្រីក​ទស្សនវិស័យ​របស់​ពួកគេ ពន្លឿន​គំនិត​ពួកគេ ពង្រឹង​កម្លាំង​ពួកគេ លើក​វិញ្ញាណ​ពួកគេ​ឡើង ចម្រើន​ពរជ័យ​ពួកគេ បង្កើន​ឱកាស​ពួកគេ លួងលោម​ព្រលឹង​ពួកគេ បង្កើត​មិត្តភាព ហើយ​ចាក់​ស្រោច​នូវ​សេចក្ដី​សុខសាន្ត ។ នរណា​ក៏​ដោយ​ដែល​បាន​លះបង់​ជីវិត​នៅ​ក្នុង​ការបម្រើ​របស់​ព្រះ នឹង​រក​ឃើញ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » (« Jesus Christ—Gifts and Expectations » Ensign ខែ ធ្នូ ឆ្នាំ ១៩៨៨ ទំព័រ ៤ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​នៅ​ពេល​ណា​ខ្លះ ដែល​អ្នក ឬ មនុស្ស​ដែល​អ្នក​ស្គាល់​ធ្លាប់​ដក​ពិសោធន៍​ពរជ័យ​ស្រដៀង​គ្នា ចំពោះ​ការលះបង់​ចោល​នូវ​កង្វល់​ខាង​លោកិយ ដើម្បី​ដើរតាម​ព្រះអង្គ​សង្គ្រោះ ?

    2. នៅ​ពេល​អ្នក​ពិចារណា​អំពី​ពរជ័យ ដែល​យើង​ទទួល​បាន​ដោយ​ការដើរតាម​ព្រះអង្គ​សង្គ្រោះ តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​វា​គឺ​ជា​រឿង​ដ៏​សំខាន់​ដើម្បី ឆ្លើយ​តប ភ្លាមៗ ទៅ​នឹង​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​ដើរតាម​ទ្រង់ ?

សូម​គិត​អំពី​ការដាក់​គោលដៅ​មួយ សម្រាប់​របៀប​ដែល​អ្នក​អាច​ឆ្លើយ​តប​បាន​កាន់តែ​ល្អ ទៅ​នឹង​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​ដើរតាម​ទ្រង់ ។

ម៉ាថាយ ៤:២៣-២៥

ព្រះយេស៊ូវ​យាង​ទៅ​បង្រៀន ប្រកាស ហើយ​ព្យាបាល​នៅ​ស្រុក​កាលីឡេ

សូម​អាន ម៉ាថាយ ៤:២៣–២៥ រួច​ពិចារណា​អំពី​ការ​គូស​ចំណាំ អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ ។

ពេញ​មួយ​ការសិក្សា​ដំណឹងល្អ​របស់​អ្នក អ្នក​នឹង​រៀន​អំពី​គំរូ​ជាក់លាក់​មួយ​ចំនួន​ក្នុង​ការបង្រៀន ការប្រកាស និង ការព្យាបាល​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង​ការបម្រើ​របស់ ទ្រង់​នៅ​លើ​ផែនដី ។

  1. សូម​សរសេរ​ឃ្លា​ដែល​នៅ​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា ម៉ាថាយ ៤ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖