បណ្ណាល័យ
មេរៀន​ទី ៦ ថ្ងៃ​ទី ២ ៖ យ៉ូសែប ស្ម៊ីធ--ម៉ាថាយ ម៉ាថាយ ២៤


មេរៀន​ទី ៦ ៖ ថ្ងៃ​ទី ២

យ៉ូសែប ស្ម៊ីធ--ម៉ាថាយ ម៉ាថាយ ២៤

សេចក្តីផ្តើម

ព្រះយេស៊ូវគ្រីស្ទ​បាន​ព្យាករ​អំពី​ការបំផ្លិចបំផ្លាញ​ក្រុង​យេរូសាឡិម និង​ព្រះវិហារ​បរិសុទ្ធ ។ ទ្រង់​បាន​បើក​សម្ដែង​ទីសម្គាល់​អំពី​ការយាងមក​ជា​លើក​ទីពីរ​របស់​ទ្រង់ ហើយ​បាន​បង្គាប់​ពួក​អ្នក​ស្មោះត្រង់​ឲ្យ​ចាំ​យាម ហើយ​រៀបចំ​ខ្លួន​សម្រាប់​ថ្ងៃ​នោះ ។

យ៉ូសែប ស្ម៊ីធ--ម៉ាថាយ ១:១–២០

ព្រះយេស៊ូវ​ព្យាករ​អំពី​ការបំផ្លិចបំផ្លាញ​នៃ​ក្រុង​យេរូសាឡិម និង​ព្រះវិហារ​បរិសុទ្ធ

រូបភាព
ព្រះយេស៊ូវគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ឡើងវិញ
  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​សំណួរ​មួយ ឬ​ច្រើន​ដែល​អ្នក​មាន​អំពី​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅ​ពេល​អ្នក​សិក្សា យ៉ូសែប ស្ម៊ីធ--ម៉ាថាយ នៅ​ថ្ងៃ​នេះ សូម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ដែល​អ្នក​បាន​សរសេរ ។

យ៉ូសែប ស្ម៊ីធ--ម៉ាថាយ គឺ​ជា​ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ ម៉ាថាយ ២៣:៣៩–២៤:៥៦ ។ វា​មាន​នៅ​ក្នុង​មុក្តា​ដ៏​មាន​តម្លៃ​មហិមា នៅ​បន្ទាប់​ពី​គម្ពីរ​អ័ប្រាហាំ ។

សូម​អាន យ៉ូសែប ស្ម៊ីធ--ម៉ាថាយ ១:៤ ដោយ​ស្វែងរក​សំណួរ ដែល​ពួក​សិស្ស​បាន​ទូល​សួរ​ព្រះយេស៊ូវ ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ​សំណួរ​ទាំងនេះ នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

នៅ​ក្នុង យ៉ូសែប ស្ម៊ីធ--ម៉ាថាយ ១:៥–២០ ព្រះអង្គ​សង្គ្រោះ​បាន​ឆ្លើយ​សំណួរ​ទី​មួយ—អំពី​ពេល​ដែល​ក្រុង​យេរូសាឡិម និង ព្រះវិហារ​បរិសុទ្ធ​នឹង​ត្រូវ​បំផ្លិច​បំផ្លាញ​ចោល ។ នៅ​ក្នុង ខទី ២១–៣៧ ទ្រង់​បាន​ឆ្លើយ​សំណួរ​ទី​ពីរ—អំពី​ទីសម្គាល់​នៃ​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់ និង ការបំផ្លិច​បំផ្លាញ​ពួក​ទុច្ចរិត ។

សូម​អាន យ៉ូសែប ស្ម៊ីធ--ម៉ាថាយ ១:៥–១២ ដោយ​ស្វែងរក​ទីសម្គាល់​នានា ដែល​ទាក់ទង​នឹង​ការ​បំផ្លិច​បំផ្លាញ​ក្រុង​យេរូសាឡិម ។

ទោះ​ជា​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា​ពួក​សិស្ស​របស់​ទ្រង់​នឹង​ត្រូវ​រងទុក្ខ​នៅ​ពេល​នេះ​ក្ដី ក៏​ទ្រង់​បាន​ធ្វើ​ការសន្យា​មួយ​ដ៏​សំខាន់​ដែរ​ថា ប្រសិនបើ​យើង​បន្ត​ខ្ជាប់ខ្ជួន ហើយ​ពុះពារ នោះ​យើង​នឹង​បាន​សង្គ្រោះ ។ អ្នក​អាច​ចង់​គូស​ចំណាំ​នូវ​អ្វី​ដែល​អ្នក​រកឃើញ​នៅ​ក្នុង ខទី ១១ ។

ការបន្ត​ខ្ជាប់ខ្ជួន​មាន​ន័យ​ថា ការមិន​ព្រម​ចុះចាញ់​ការល្បួង និង អារក្ស ។ នៅ​ក្នុង​ព្រះគម្ពីរ ពាក្យ ខ្ជាប់ខ្ជួន ពេល​ខ្លះ​ត្រូវបាន​ប្រើ​ជាមួយ​ពាក្យ នឹងនរ ( ឧទាហរណ៍ សូម​មើល ម៉ូសាយ ៥:១៥ ) ។

គណៈប្រធាន​យុវជន និង យុវនារី​ទូទៅ បាន​ពន្យល់​អំពី​អត្ថន័យ​នៃ​ឃ្លា « ខ្ជាប់ខ្ជួន ហើយ​នឹងនរ » ៖ « តើ​ការមាន​ភាពខ្ជាប់ខ្ជួន ហើយ​នឹងនរ​មាន​ន័យ​ដូចម្ដេច ? ការមាន​ភាពខ្ជាប់ខ្ជួន​គឺ​ជា​ការប្រកាន់​ដោយ​មុតមាំ និង មិន​អាច​កែប្រែ​បាន ជា​ការមុតមាំ​ក្នុង​ជំនឿ និង ការប្ដេជ្ញាចិត្ត និង ការមាន​ភក្ដីភាព ព្រមទាំង​ស្មោះត្រង់ ។ ដូចគ្នា​នេះ​ដែរ ការមាន​ភាពនឹងនរ​គឺ​ជា​ការមិន​ទោរទន់ និង​ការមិន​អាច​ងាករេ ឬ បង្វែរ​បាន ។ ការមាន​ភាពខ្ជាប់ខ្ជួន និង ភាពនឹងនរ​នៅ​ក្នុង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជា​ការតាំងចិត្ត​ដើរ​តាម​ទ្រង់ ដែល​ពោរពេញ​ដោយ​កិច្ចការ​ល្អៗ​ជានិច្ច » (« Steadfast and Immovable » New Era ខែ មករា ឆ្នាំ ២០០៨ ទំព័រ ៨ ) ។

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ បាន​ផ្ដល់​ការយល់ដឹង​ដូច​ខាង​ក្រោម ។ សូម​គូសចំណាំ​លក្ខណៈ​សម្បត្តិ​ដែល​លោក​បាន​លើកឡើង​អំពី « បុគ្គល​ម្នាក់​ដែល​ខ្ជាប់ខ្ជួន ហើយ​នឹងនរ » ។ ( អ្នក​អាច​នឹង​សរសេរ​ពាក្យ​ដែល​លោក​បាន​ប្រើ ដាក់​នៅ​លើ​គែម​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ​ពាក្យ នឹងនរ នៅ​ក្នុង យ៉ូសែប ស្ម៊ីធ--ម៉ាថាយ ១:១១ ) ។

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

« ពាក្យ ‹ ខ្ជាប់ខ្ជួន › ត្រូវបាន​ប្រើ​ដើម្បី​ប្រាប់​អំពី​ការនៅជាប់​នឹង​កន្លែង​មួយ រឹង​មាំ មិន​អាច​រង្គោះរង្គើ និង មាំមួន ( Oxford English Dictionary Online ការបោះពុម្ព​លើកទី ២ [ ឆ្នាំ​១៩៨៩ ] « Steadfast » ) ។ … បុគ្គល​ម្នាក់​ដែល​ខ្ជាប់ខ្ជួន ហើយ​នឹងនរ​គឺ​រឹងមាំ មាំមួន​ខ្លាំង ហើយ​មិន​ងាយ​ងាករេ​ពី​គោលបំណង ឬ បេសកកម្ម​សំខាន់​មួយ​ឡើយ » (« Steadfast and Immovable, Always Abounding in Good Works » New Era ខែ មករា ឆ្នាំ ២០០៨ ទំព័រ ២ ) ។

ពាក្យ បាន​សង្គ្រោះ នៅ​ក្នុង យ៉ូសែប ស្ម៊ីធ--ម៉ាថាយ ១:១១ ពុំ​មែន​មាន​ន័យ​ថា យើង​នឹង​បាន​សង្គ្រោះ​ចេញ​ពី​ភាពលំបាក​ទាំងឡាយ​ក្នុង​ជីវិត​នោះ​ទេ ។

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​ព្យាការី យ៉ូសែប ស៊្មីធ រួច​គូស​ចំណាំ​ថាតើ​ការបាន​សង្គ្រោះ​មាន​ន័យ​ដូចម្ដេច ៖ « វា​គឺ​ជា​គំនិត​ខុស​ឆ្គង​មួយ ដែល​ថា​ពួកបរិសុទ្ធ​នឹង​ចៀស​ផុត​ពី​ការ​ជំនុំ​ជម្រះ ខណៈ​ដែល​ពួក​ទុច្ចរិត​រងទុក្ខ ដ្បិត​គ្រប់​សាច់ឈាម​គឺ​ស្ថិត​នៅ​ក្រោម​ការរងទុក្ខ ហើយ ‹ ពួកបរិសុទ្ធ​នឹង​ពិបាក​ចៀស​ផុត​ណាស់ › [ សូម​មើល គ. និង ស. ៦៣:៣៤ ] … ពួកសុចរិត​ជា​ច្រើន នឹង​ក្លាយជា​ជន​រងគ្រោះ​នឹង​ជំងឺ គ្រោះ​ចង្រៃ​ជាដើម ដោយ​សារ​តែ​មូលហេតុ​នៃ​ភាពទន់ខ្សោយ​ខាង​សាច់ឈាម តែ​នឹង​ត្រូវ​បាន​សង្គ្រោះ​នៅ​ក្នុង​នគរ​នៃ​ព្រះ​វិញ » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ២៥៣ ) ។

នៅ​ក្នុង យ៉ូសែប ស្ម៊ីធ--ម៉ាថាយ ១:១៣-២០ យើង​រៀន​ថា ព្រះយេស៊ូវ​បាន​ព្រមាន​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​ត្រៀម​ខ្លួន​ភៀស​ខ្លួន​ឡើង​ទៅ​លើ​ភ្នំ ហើយ​កុំ​ត្រឡប់​មក​ផ្ទះ​របស់​ពួកគេ​វិញ​ឡើយ ដោយសារ​ក្រុង​យេរូសាឡិម​នឹង​មាន​ការ​វាយ​ប្រហារ ហើយ​បំផ្លាញ​ចោល ។ ទ្រង់​បាន​ព្យាករ​ថា សេចក្តីឈឺចាប់​នៅ​ពេល​នោះ​គឺ​អាក្រក់​ហួស​ពី​អ្វី​ដែល​ពួក​អ៊ីស្រាអែល​ធ្លាប់​ជួប​ប្រទះ​ទៅ​ទៀត ។

ក្នុង​ឆ្នាំ​ទី ៧០ នៃ គ.ស. ប្រហែល​ជា ៤០ ឆ្នាំ​ក្រោយ​ពី​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​អំពី​រឿង​ទាំងនេះ ពួក​រ៉ូម​បាន​ឡោមព័ទ្ធ​ក្រុង​យេរូសាឡិម ហើយ​បាន​សម្លាប់​ពួក​យូដា​ជាង​មួយ​លាន​នាក់ និង ពួក​យូដា​ជិត ១០០,០០០ នាក់​ត្រូវបាន​ចាប់​ធ្វើ​ជា​ឈ្លើយ ។ ព្រះវិហារ​បរិសុទ្ធ​ត្រូវបាន​បំផ្លាញ​ចោល​សូម្បី​តែ​ថ្ម​មួយ​ដុំ​បន្តុប​លើ​គ្នា​ក៏​គ្មាន​នៅ​សេស​សល់​ដែរ—ដូច​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ព្យាករ ( សូម​មើល យ៉ូសែប ស្ម៊ីធ--ម៉ាថាយ ១:៣ ) ។ ប៉ុន្តែ​ជន​ដែល​បាន​ស្ដាប់​តាម​ការ​ព្រមាន​របស់​ព្រះយេស៊ូវ​បាន​រត់​គេច​ដោយ​សុវត្ថិភាព​ទៅ​កាន់​ប៉េលឡា ជា​ក្រុង​មួយ​មាន​ចម្ងាយ​ប្រហែល​ជា ៨០ គីឡូម៉ែត្រ​នៅ​ទិស​ឦសាន្ត​នៃ​ក្រុង​យេរូសាឡិម ( សូម​មើល Bible Dictionary « Pella » ) ។

តើ​បទពិសោធន៍​របស់​ពួក​យូដា ឆ្លុះបញ្ចាំង​អំពី​សារៈសំខាន់​នៃ​ការបន្ត​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ការ​គោរព​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​យ៉ាង​ដូចម្ដេច ?

សូម​ពិចារណា​ថាតើ​ការគោរព និង ការធ្វើតាម​ព្យាការី​ដែល​កំពុង​រស់នៅ​ក្នុង​ជំនាន់​យើង​នេះ មាន​សារៈសំខាន់​ដូចគ្នា​ទៅ​នឹង​ការស្ដាប់​តាម​បន្ទូល​ព្រមាន​របស់​ព្រះយេស៊ូវ​យ៉ាង​ដូចម្ដេច ។

យ៉ូសែប ស្ម៊ីធ--ម៉ាថាយ ១:២១-៣៧

ព្រះយេស៊ូវ​ព្យាករ​អំពី​ទីសម្គាល់​នៃ​ការយាងមក​ជា​លើក​ទី​ពីរ​របស់​ទ្រង់

សូម​អាន យ៉ូសែប ស្ម៊ីធ--ម៉ាថាយ ១:២១–២៣ ដោយ​ស្វែងរក​មូលហេតុ​ដែល​ព្រះអម្ចាស់​បាន​បើកសម្ដែង​ទីសម្គាល់​នៃ​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់ ។

សូម​កត់ចំណាំ​ថា ព្រះអង្គសង្គ្រោះ​បាន​មាន​បន្ទូល​ព្រមាន​ប្រឆាំង​នឹង « ព្រះគ្រីស្ទ​ក្លែងក្លាយ » និង « ពួក​ព្យាការី​ក្លែងក្លាយ » ( យ៉ូសែប ស្ម៊ីធ--ម៉ាថាយ ១:២២ ) ។ ពាក្យ​ទាំងនេះ​សំដៅ​ទៅ​លើ​មនុស្ស—ទាំង​នៅ​ក្នុង និង​ក្រៅ​សាសនាចក្រ—ដែល​អះអាង​ថា​ខ្លួន​និយាយ​តំណាង​ឲ្យ​ព្រះអម្ចាស់​ដោយ​គ្មាន​សិទ្ធិ​អំណាច ឬ​អ្នក​ដែល​លើក​កម្ពស់​ការបង្រៀន​ដែល​ផ្ទុយ​ពី​ពាក្យ​សម្ដី​នៃ​ពួក​ព្យាការី​ដែល​កំពុង​រស់នៅ ។ ឃ្លា « អ្នក​រើសតាំង​ស្រប​តាម​សេចក្ដី​សញ្ញា » នៅ​ក្នុង ខ​ទី ២២ សំដៅ​ទៅ​លើ​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

ទាក់ទង​នឹង​ពួក​ព្រះគ្រីស្ទ និង​ពួក​ព្យាការី​ក្លែងក្លាយ​ទាំង​នេះ យើង​អាន​ថា « ដរាប​ដល់​ពួក​គេ​អាច​បញ្ឆោត​ទាំង​ពួក​រើស​តាំង បើ​សិន​ជា​ធ្វើ​ទៅ​បាន » ( យ៉ូសែប ស្មីធ—ម៉ាថាយ ១:២២ ) ។

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ផ្ដល់​ការព្រមាន​អំពី ព្រះគ្រីស្ទ​ក្លែង​ក្លាយ និង ពួក​ព្យាការី​ក្លែងក្លាយ ៖ « ព្រះគ្រីស្ទ​ក្លែងក្លាយ​គឺ​ជា​ប្រព័ន្ធ​សាសនា​ខុសឆ្គង​នានា​ក្នុង​លោកិយ រីឯ​ព្យាការី​ក្លែងក្លាយ​គឺ​ជា​គ្រូបង្រៀន និង អ្នក​បង្កើត​ប្រព័ន្ធ​ទាំងនោះ ។ គោលលទ្ធិ​របស់​ពួកគេ​នឹង​មាន​ភាពស៊ីជម្រៅ ហើយ​មាន​គេ​ស្គាល់ កិច្ចការ​របស់​ពួកគេ​នឹង​មហិមា ហើយ​អស្ចារ្យ … ដែល​អ្នក​រើស​តាំង​ដ៏​ជម្រើស​នឹង​ស្ទើរតែ​ត្រូវបាន​បញ្ឆោត » ( Doctrinal New Testament Commentary វ៉ុល ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ១:៦៤៧ ) ។

តើ​មាន​អ្វី​ខ្លះ​ដែល​យើង​អាច​ធ្វើ ដើម្បី​ចៀសវាង​ពី​ការត្រូវ​គេ​បញ្ឆោត ដែល​ទោះជា​អ្នក​បញ្ឆោត​ខ្លះ​ជា​សមាជិក​នៃ​សាសនាចក្រ​យ៉ាង​ណា​ក្ដី​នោះ ?

ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បាន​ផ្ដល់​ការដាស់តឿន​ដល់​សមាជិក​នៃ​សាសនាចក្រ​ដូច​ត​ទៅ​នេះ ៖

រូបភាព
ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ

« យើង​មិន​អាច​ទទួល​អ្វី​ថា​ជា​ផ្លូវការ​បាន​ទេ លុះត្រា​វា​មក​តាម​រយៈ​បណ្ដាញ​ដែល​បាន​តែងតាំង​ដោយ​ផ្ទាល់ អង្គការ​នៃ​បព្វជិតភាព​ដែល​បាន​បង្កើត ជា​បណ្ដាញ​ដែល​ព្រះ​បាន​តែងតាំង​ដើម្បី​ធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​ព្រះទ័យ និង​ព្រះឆន្ទៈ​របស់​ទ្រង់ ។

« … ហើយ​នៅ​គ្រា​ដែល​បុគ្គល​ទាំងឡាយ​មើល​ទៅ​ប្រភព​ផ្សេង​ទៀត គ្រា​នោះ​ពួកគេ​បាន​បើក​ចិត្ត​ទៅ​រក​ឥទ្ធិពល​ទាក់ទាញ​របស់​សាតាំង ហើយ​បង្ហាញ​ខ្លួន​ថា​ជា​ពួក​បរិវារ​របស់​អារក្ស នោះ​ពួកគេ​បាន​មើល​ពុំ​ឃើញ​របៀប​ដ៏​ពិត​ដែល​រីករាយ​នឹង​ពរជ័យ​នៃ​បព្វជិតភាព​នោះ​ទេ ពួកគេ​បាន​ឈាន​ជើង​ដើរ​ចេញ​ពី [ ព្រំដែន ] នៃ​នគរ​ព្រះ ហើយ​ស្ថិត​នៅ​កន្លែង​ដ៏​គ្រោះថ្នាក់ ។ នៅ​ពេល​ណា​អ្នក​ឃើញ​បុរស​ម្នាក់​ក្រោក​ឡើង​អះអាង​ថា​បាន​ទទួល​វិវរណៈ​ដោយ​ផ្ទាល់​ពី​ព្រះអម្ចាស់​សម្រាប់​សាសនាចក្រ ដែល​ឯករាជ្យ​ផ្សេង​ពី​របៀប និង​បណ្ដាញ​នៃ​បព្វជិតភាព អ្នក​អាច​ចាត់ទុក​ថា​គាត់​គឺជា​អ្នក​ក្លែង​បន្លំ » ( Gospel Doctrine ការបោះពុម្ព​លើក​ទី ៥ [ ឆ្នាំ ១៩៣៩ ] ទំព័រ ៤២ ) ។

សូម​អាន យ៉ូសែប ស្ម៊ីធ--ម៉ាថាយ ១:២៤–២៦ ដោយ​ស្វែងរក​ថាតើ​ព្រះអង្គ​សង្គ្រោះ​បាន​មាន​ព្រះបន្ទូល​ដូចម្ដេច អំពី​របៀប​ដែល​ទ្រង់​នឹង​បង្ហាញ​អង្គ​ទ្រង់​នៅ​ពេល​ការយាង​មក​ជា​លើក​ទី​ពីរ ។

សូម​អាន យ៉ូសែប ស្ម៊ីធ--ម៉ាថាយ ១:២៧-៣១ ដោយ​ស្វែងរក​ទីសម្គាល់​ដែល​នឹង​កើត​ឡើង ពីមុន​ការយាង​មក​ជា​លើក​ទីពីរ ។

សូម​រាយបញ្ជី​ទីសម្គាល់ ៖

សូម​កត់ចំណាំ​ថា មិនមែន​ទីសម្គាល់​ទាំងអស់​សុទ្ធតែ​ជា​រឿង​អវិជ្ជមាន​នោះ​ទេ ។ ស្របតាម ខទី ២៧ និង ៣១ ពី​មុន​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូ​គ្រីស្ទ អ្នករើសតាំង​របស់​ព្រះអម្ចាស់​នឹង​ត្រូវបាន​ប្រមូល​ផ្ដុំ ហើយ​ដំណឹងល្អ​នឹង​ត្រូវ​ប្រកាស​ទៅ​កាន់​ពិភពលោក​ទាំង​មូល ។

  1. សូម​សរសរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​របៀប​ដែល​ការព្យាករ​នេះ​កំពុង​តែ​ត្រូវបាន​បំពេញ​សព្វថ្ងៃ​នេះ ។ សូម​បញ្ចូល​យោបល់​អំពី​របៀប ដែល​អ្នក​អាច​ធ្វើ​ជា​ចំណែក​មួយ​ក្នុង​ការបំពេញ​ការព្យាករ​នេះ ។

ព្រះអង្គ​សង្គ្រោះ​បាន​ព្រមាន​ថា នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ « ព្រះគ្រីស្ទ​ក្លែងក្លាយ និង​ពួក​ព្យាការី​ក្លែងក្លាយ » នឹង​ព្យាយាម « បោក​បញ្ឆោត​រាល់​អ្នក​រើស​តាំង » ( យ៉ូសែប ស្ម៊ីធ--ម៉ាថាយ ១:២២ ) ។ សូម​អាន យ៉ូសែប ស្ម៊ីធ--ម៉ាថាយ ១:៣៧ ដោយ​ស្វែងរក​របៀប​ដែល​យើង​អាច​ចៀសវាង​ពី​ការត្រូវ​គេ​បញ្ឆោត ។

នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ យ៉ូសែប ស្ម៊ីធ--ម៉ាថាយ ១:៣៧ អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​នេះ ៖ ប្រសិនបើ​យើង​សន្សំ​ទុក​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ នោះ​យើង​នឹង​មិន​ត្រូវ​គេ​បោកបញ្ឆោត​ឡើយ ។

សូម​អាន​ដំណើររឿង​ខាង​ក្រោម​ដោយ​អែលឌើរ អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ សូម​គូសចំណាំ​ផ្នែក​នៃ​ដំណើររឿង ដែល​បង្ហាញ​គោលការណ៍​ដែល​មាន​បង្រៀន​នៅ​ក្នុង យ៉ូសែប ស្ម៊ីធ--ម៉ាថាយ ១:៣៧ ។

រូបភាព
អែលឌើរ អិម រ័សុល បាឡឺដ

« អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​ល្អ​របស់​ខ្ញុំ​ម្នាក់​ដែល​បាន​បម្រើ​ជាមួយ​ខ្ញុំ កាល​ខ្ញុំ​ជា​ប្រធាន​បេសកកម្ម​នៅ​ទីក្រុង តូរ៉ង់តូ [ ប្រទេស​កាណាដា ] បាន​មក​ជួប​ខ្ញុំ​នៅ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ។ ខ្ញុំ​បាន​សួរ​គាត់​ថា ‹ អែលឌើរ តើ​អ្នក​មាន​អ្វី​ដែល​ខ្ញុំ​អាច​ជួយ​បាន ? ›

« គាត់​បាន​ពោលថា ‹ ប្រធាន ខ្ញុំ​គិត​ថា​ខ្ញុំ​បាន​បាត់បង់​ទីបន្ទាល់​របស់​ខ្ញុំ​ហើយ › ។

« ខ្ញុំ​មិន​ចង់​ជឿ​ទេ ។ ខ្ញុំ​បាន​សួរ​គាត់​ថាតើ​រឿង​នេះ​អាច​កើត​ឡើង​យ៉ាង​ដូចម្ដេច​បាន ។

« គាត់​បាន​ពោល​ថា ‹ ពី​ដំបូង​ឡើយ ខ្ញុំ​បាន​អាន​សៀវភៅ​មួយ​ចំនួន​ដែល​ប្រឆាំង​នឹង​មរមន › ។ ‹ ខ្ញុំ​មាន​សំណួរ​មួយ​ចំនួន ហើយ​គ្មាន​នរណា​ម្នាក់​អាច​ឆ្លើយ​នឹង​សំណួរ​ទាំង​នោះ​បាន​ឡើយ ។ ខ្ញុំ​មាន​អារម្មណ៍​ច្របូក​ច្របល់ ហើយ​ខ្ញុំ​គិត​ថា​ខ្ញុំ​កំពុង​បាត់បង់​ទីបន្ទាល់​របស់​ខ្ញុំ​ហើយ › » ( « When Shall These Things Be? » Ensign ខែ ធ្នូ ឆ្នាំ ១៩៩៦ ទំព័រ ៦០ ) ។

តើ​អ្នក ឬ បុគ្គល​ទាំងឡាយ​ដែល​អ្នក​ស្គាល់ ធ្លាប់​មាន​បទពិសោធន៍​ស្រដៀង​ទៅ​នឹង​អតីត​អ្នក​ផ្សព្វផ្សាយ​សាសនា​រូប​នេះ​ដែរ​ឬ​ទេ ? តើ​ការប្រឹក្សា​អ្វី​ខ្លះ​ដែល​អ្នក​នឹង​ផ្ដល់​ទៅ​ឲ្យ​មនុស្ស​ម្នាក់​ដែល​ស្ថិត​នៅ​ក្នុង​ស្ថានភាព​បែប​នេះ ? ហេតុអ្វី ?

អែលឌើរ បាឡឺដ បាន​បន្ដ ៖

« ខ្ញុំ​បាន​សួរ​គាត់​ថា​សំណួរ​របស់​គាត់​ជា​អ្វី​ទៅ ហើយ​គាត់​ក៏​បាន​ប្រាប់​ខ្ញុំ ។ វា​គឺជា​បញ្ហា​បទដ្ឋាន​ដែល​ប្រឆាំង​នឹង​សាសនាចក្រ ប៉ុន្តែ​ខ្ញុំ​ត្រូវការ​ពេល​វេលា​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ប្រមូល​ឯកសារ​ដើម្បី​ខ្ញុំ​អាច​ផ្ដល់​ចម្លើយ​ដែល​មាន​អត្ថ​ប្រយោជន៍ ។ ដូច្នេះ​យើង​បាន​ធ្វើ​ការណាត់​ជួប​មួយ​នៅ ១០ ថ្ងៃ​ក្រោយ​ដោយ​ខ្ញុំ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​នឹង​ឆ្លើយ​រាល់​សំណួរ​ទាំងអស់​របស់​គាត់ ។ នៅ​ពេល​គាត់​បាន​ចាប់ផ្ដើម​ចាកចេញ​ទៅ ខ្ញុំ​ហៅ​ឲ្យ​គាត់​ឈប់ ។

« ខ្ញុំ​បាន​ពោលថា ‹ អែលឌើរ ថ្ងៃ​នេះ​អ្នក​បាន​សួរ​ខ្ញុំ​នូវ​សំណួរ​មួយ​ចំនួន › ។ ‹ ឥឡូវ​ខ្ញុំ​មាន​សំណួរ​មួយ​សម្រាប់​អ្នក › ។

« ‹ តើ​អ្វី​ទៅ​ប្រធាន ? ›

ខ្ញុំ​បាន​សួរ​ថា « ‹ តើ​វា​មាន​ពេល​យូរ​ប៉ុណ្ណា​ហើយ ចាប់​តាំង​ពី​អ្នក​បាន​អាន​ព្រះគម្ពីរ​មរមន ? ›

« គាត់​បាន​ឈ្ងោក​មុខ​ចុះ ។ គាត់​បាន​មើល​ទៅ​ក្រោម​មួយ​សន្ទុះ ។ រួច​ក៏​មើល​មុខ​ខ្ញុំ ។ គាត់​បាន​សារភាព​ថា ‹ ប្រធាន​ខ្ញុំ​ខាន​អាន​យូរ​ហើយ › ។

« ខ្ញុំ​បាន​ពោលថា ‹ មិន​អី​ទេ › ។ ‹ អ្នក​បាន​ឲ្យ​កិច្ចការ​មក​ឲ្យ​ខ្ញុំ​ធ្វើ ។ ដើម្បី​ឲ្យ​យុត្តិធម៌​ខ្ញុំ​ក៏​មាន​កិច្ចការ​សម្រាប់​អ្នក​ដែរ ។ ខ្ញុំ​ចង់​ឲ្យ​អ្នក​សន្យា​នឹង​ខ្ញុំ​ថា អ្នក​នឹង​អាន​ព្រះគម្ពីរ​មរមន​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​មួយ​ម៉ោង​ជា​រៀង​រាល់​ថ្ងៃ​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ការ​ណាត់​ជួប​របស់​យើង​នៅ​ពេល​ក្រោយ › ។ គាត់​បាន​យល់​ព្រម​ថា​គាត់​នឹង​ធ្វើ​វា ។

« ដប់​ថ្ងៃ​ក្រោយ​មក គាត់​បាន​ត្រឡប់​មក​ការិយាល័យ​របស់​ខ្ញុំ ហើយ​ខ្ញុំ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ។ ខ្ញុំ​បាន​ដក​យក​ក្រដាស​ខ្ញុំ​ចេញ​មក​ដើម្បី​ចាប់ផ្ដើម​ឆ្លើយ​សំណួរ​របស់​គាត់ ប៉ុន្តែ​គាត់​បាន​បញ្ឈប់​ខ្ញុំ ។

« គាត់​បាន​ពោល​ថា ‹ ប្រធាន វា​ពុំ​ចាំ​បាច់​ទៀត​ទេ › ។ បន្ទាប់​មក​គាត់​បាន​ពន្យល់​ថា ៖ ‹ ខ្ញុំ​ដឹង​ថា ព្រះគម្ពីរ​មរមន ពិត ។ ខ្ញុំ​ដឹង​ថា យ៉ូសែប ស្ម៊ីធ ជា​ព្យាការី​របស់​ព្រះ › ។

« ខ្ញុំ​បាន​ពោល​ថា ‹ វា​ជា​ការល្អ​ណាស់ › ។ ‹ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​អ្នក​នៅ​តែ​ត្រូវ​ស្ដាប់​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដដែល ។ ខ្ញុំ​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន​ចំពោះ​រឿង​នេះ ដូច្នេះ​អ្នក​គ្រាន់​តែ​អង្គុយ​ចុះ​នៅ​ត្រង់​នោះ ហើយ​ស្ដាប់​ទៅ​បាន​ហើយ › ។

« ហេតុដូច្នេះ​ហើយ​ខ្ញុំ​បាន​ឆ្លើយ​រាល់​សំណួរ​របស់​គាត់ រួច​សួរ​ថា ‹ អែលឌើរ តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ពី​ការណ៍​នេះ ? ›

« ហើយ​គាត់​បាន​ពោល​ថា ‹ ថ្វាយ​ពេលវេលា​ស្មើ​គ្នា​ដល់​ព្រះអម្ចាស់ › »​( « When Shall These Things Be ? » ទំព័រ ៦០ ) ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​កត់ត្រា​វិធី​មួយ​ដែល​អ្នក​អាច « សន្សំ​ទុក​ព្រះបន្ទូល​[ របស់​ព្រះអម្ចាស់ ] ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង » ( យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:៣៧ ) ។

ការរក្សាទុក​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ជួយ​យើង​ចៀសវាង​ពី​ការត្រូវ​គេ​បញ្ឆោត រីឯ​វិវរណៈ​សម័យ​ទំនើប​ព្រមាន​យើង​ឲ្យ « ឈរ …នៅ​ក្នុង​ទីបរិសុទ្ធ​ទាំងឡាយ ហើយ​ចូរ​កុំ​រើ​ឡើយ រហូត​ដល់​ថ្ងៃ​នៃ​ព្រះអម្ចាស់​មក​ដល់ » ( គ. និង ស. ៨៧:៨ ) ។ បន្ថែម​លើ​ការសិក្សា​ព្រះគម្ពីរ​ដើម្បី​ជួយ​យើង​សន្សំទុក​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ យើង​អាច​ទទួលបាន​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​បាន​ដោយ​ការឈរ​នៅ​ក្នុង ឬ ចូលរួម​នៅ​ក្នុង​ទីបរិសុទ្ធ​ទាំងឡាយ​មាន​ដូចជា ព្រះវិហារ​បរិសុទ្ធ និង សាលាជំនុំ និង ការខិតខំ​ធ្វើ​ឲ្យ​គេហដ្ឋាន​របស់​យើង​ក្លាយ​ជា​បរិសុទ្ធ ។ សូម​ពិចារណា​ថាតើ​ការស្ថិត​នៅ​ក្នុង​ទីកន្លែង​ទាំងនេះ អាច​ជួយ​អ្នក​រៀន​គោលលទ្ធិ​ពិត ហើយ​ចៀសវាង​ពី​ការត្រូវ​គេ​បញ្ឆោត​បាន​យ៉ាង​ដូចម្ដេច ។

យ៉ូសែប ស្ម៊ីធ--ម៉ាថាយ ១:៣៨–៥៥

ព្រះយេស៊ូវ​ណែនាំ​ពួក​សិស្ស​របស់​ទ្រង់ អំពី​ការត្រៀមខ្លួន​សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់

ព្រះអង្គ​សង្គ្រោះ​បាន​បញ្ចប់​ដោយ​បាន​ណែនាំ​ពួក​សិស្ស​របស់​ទ្រង់​អំពី របៀប​រក្សា​ព្រះបន្ទូល​របស់​ទ្រង់ ហើយ​ត្រៀមខ្លួន​សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ ។

នៅ​ក្នុង​ប្រអប់​ដែល​មាន​នៅ​ក្នុង​តារាង​ខាង​ក្រោម សូម​គូរ​រូប​សាមញ្ញៗ​ដែល​បង្ហាញ​ឧទាហរណ៍​នានា​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រើ​ដើម្បី​បង្រៀន​អំពី​ការត្រៀមខ្លួន​សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់ ។ ក្រោយ​មក នៅ​ក្រោម​គំនូរ​នីមួយៗ សូម​សរសេរ​សេចក្ដីពិត​មួយ​ដែល​អ្នក​បាន​រកឃើញ​អំពី​ការត្រៀមខ្លួន​សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ ។

យ៉ូសែប ស្ម៊ីធ--ម៉ាថាយ ១:៣៨–៣៩

យ៉ូសែប ស្ម៊ីធ--ម៉ាថាយ ១:៤០–៤៣

យ៉ូសែប ស្ម៊ីធ--ម៉ាថាយ ១:៤៦–៤៧

យ៉ូសែប ស្ម៊ីធ--ម៉ាថាយ ១:៤៨–៥៤

យើង​រៀន​ចេញ​ពី​ឧទាហរណ៍​ទាំងនេះ​ថា មាន​តែ​ព្រះវរបិតា​សួគ៌​ប៉ុណ្ណោះ​ដែល​ជ្រាប​ថា​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះអង្គ​សង្គ្រោះ​នឹង​កើតឡើង​ពេល​ណា​នោះ ហើយ​ប្រសិនបើ​យើង​ចាំ​យាម​មើល​ទីសម្គាល់​នានា ហើយ​គោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ នោះ​យើង​នឹង​ត្រៀមខ្លួន​ជា​ស្រេច​សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះអង្គ​សង្គ្រោះ ។

សូម​រំឭក​សេចក្ដីពិត​ដែល​បាន​រកឃើញ​នៅ​ក្នុង យ៉ូសែប ស្ម៊ីធ--ម៉ាថាយ រួច​ពិចារណា​អំពី​របៀប​ដែល​សេចក្ដីពិត​ទាំងនេះ ជួយ​ឆ្លើយ​សំណួរ​ដែល​អ្នក​បាន​សរសេរ​នៅ​ដើម​មេរៀន​នេះ ។

វិធី​មួយ​ដ៏​ប្រសើរ​បំផុត​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ គឺ​តាមរយៈ​ការ​ធ្វើ​តាម​ការបង្រៀន​របស់​ពួក​ព្យាការី និង ពួក​សាវក​សម័យ​ទំនើប ។ សូម​ពិចារណា​អំពី​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« ចុះ​បើ​ថ្ងៃ​នៃ​ការយាងមក​របស់​ទ្រង់​ជា​ថ្ងៃ​ស្អែក​វិញ ? ប្រសិនបើ​យើង​បាន​ដឹង​ថា យើង​ត្រូវ​ជួប​នឹង​ព្រះអម្ចាស់​នៅ​ថ្ងៃ​ស្អែក —​តាមរយៈ​ការស្លាប់​មុន​អាយុ ឬ​តាមរយៈ​ការ​យាង​មក​ដែល​មិន​អាច​រំពឹង​ទុក​បាន​មុន​របស់​ទ្រង់ —​តើ​យើង​នឹង​ធ្វើ​អ្វី​នៅ​ថ្ងៃនេះ ? តើ​យើង​នឹង​សារភាព​អ្វី​ខ្លះ ? តើ​យើង​នឹង​បញ្ឈប់​ការអនុវត្ត​អ្វី​ខ្លះ ? តើ​យើង​នឹង​លើក​យក​ដំណើររឿង​ណា​មួយ​មក​ដោះស្រាយ ? តើ​ការ​អត់​ទោស​ណា​ខ្លះ​ដែល​យើង​នឹង​ធ្វើ ? តើ​យើង​នឹង​ថ្លែង​ទីបន្ទាល់​ដូចម្ដេច ?

« ចុះ​បើ​យើង​នឹង​ត្រូវ​ធ្វើ​ការណ៍​ទាំងនោះ​នៅ​ពេល​នោះ ហេតុអ្វី​យើង​មិន​ធ្វើ​ឥឡូវនេះ ? » ( « Preparation for the Second Coming » EnsignLiahona ខែ ឧសភា ឆ្នាំ​២០០៤ ទំព័រ ៩ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ ប្រសិនបើ​អ្នក​បាន​ដឹង​ថា អ្នក​នឹង​ជួប​ព្រះអង្គ​សង្គ្រោះ​នៅ​ថ្ងៃ​ស្អែក តើ​អ្នក​នឹង​ផ្លាស់ប្ដូរ​អ្វី​ខ្លះ​នៅ​ថ្ងៃ​នេះ ?

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា យ៉ូសែប ស្ម៊ីធ--ម៉ាថាយ, ម៉ាថាយ ២៤ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖