បណ្ណាល័យ
ព្រះគម្ពីរ​សញ្ញា​ថ្មី សូម​ស្វាគមន៍


ព្រះគម្ពីរ​សញ្ញា​ថ្មី សូម​ស្វាគមន៍

តើ​ព្រះគម្ពីរ​សញ្ញា​ថ្មី​គឺ​ជា​ព្រះគម្ពីរ​អ្វី ?

ព្រះគម្ពីរ​សញ្ញា​ថ្មី​មាន​សំណេរ​នានា​របស់​សាវក​កាល​ពី​ជំនាន់​ដំបូង និង ពួកសិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​កាល​ពី​ជំនាន់​ដើម ដែល​បាន​សរសេរ​វា​ឡើង​ក្រោម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ វា​មាន​ដំណឹង​ល្អ​ទាំងបួន ដែល​ជា​ទីបន្ទាល់​របស់ ម៉ាថាយ ម៉ាកុស លូកា និង យ៉ូហាន អំពី​ព្រះយេស៊ូវគ្រីស្ទ​ថា​ទ្រង់​គឺ​ជា​ព្រះមែស៊ី​ដែល​បាន​សន្យា​នោះ—ជា​ព្រះអង្គសង្គ្រោះ និង ព្រះប្រោសលោះ—ព្រមទាំង​ជា​ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​រស់ ។ ដំណឹងល្អ​ទាំងបួន​បាន​ពិពណ៌នា​អំពី​ផ្នែក​នានា​នៃ​ព្រះជន្ម​របស់​ព្រះយេស៊ូវ និង ជា​កំណត់ត្រា​មួយ​អំពី​ការបង្រៀន​ជាច្រើន​របស់​ទ្រង់ ។ ព្រះគម្ពីរ​សញ្ញា​ថ្មី​មាន​នូវ​គោលលទ្ធិ និង គោលការណ៍​នានា​ដែល​បាន​បង្រៀន​ដោយ​ព្រះអង្គសង្គ្រោះ ព្រមទាំង​ពួក​សាវក​របស់​ទ្រង់ ដើម្បី​ជួយ​មនុស្ស​ដទៃ​ឲ្យ​រៀន​ពី​របៀប​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​ព្រះ ជា​ព្រះវរបិតា ហើយ​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​វិញ ។ សម្រាប់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ព្រះគម្ពីរ​ប៊ីប​គាំទ្រ​ព្រះគម្ពីរ​មរមន គោលលទ្ធិ និង សេចក្ដី​សញ្ញា និង មុត្តា​ដ៏​មាន​តម្លៃ​មហិមា ជា​ព្រះគម្ពីរ​ដ៏​បរិសុទ្ធ​ទាំងឡាយ ( សូមមើលមាត្រា​នៃ​សេចក្តីជំនឿ ១:៨) ។

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​សង្ខេប​ពី​មាតិកា​សំខាន់​នៃ​ព្រះគម្ពីរ​សញ្ញា​ថ្មី ៖ « ព្រះគម្ពីរសញ្ញាថ្មី…​ពិពណ៌នា​អំពី​ការបំពេញ​នូវ​ការសន្យា​កាល​ពី​បុរាណ ប្រាប់​ពី​ការប្រសូត និង ការងារ​បម្រើ ព្រម​ទាំង​ការពលិកម្ម​ដ៏​ធួន​នៃ​ព្រះមួយ​អង្គ​ដែល​បាន​សន្យា បរិយាយ​ពី​គោលលទ្ធិ​នៃ​សេចក្តីសង្គ្រោះ​របស់​ដំណឹង​ល្អ​ដ៏​អស់​កល្ប​អស់​កាល​ជានិច្ច​របស់​ទ្រង់ កត់ត្រា​នូវ​ការរីកចម្រើន និង ការពង្រីក​វិសាលភាព​នៃ​ដំណឹង​ល្អ​នៅក្នុង​កាល​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្យាករ​ពី​ការធ្លាក់​ទាំងស្រុង​ចេញ​ពី​សេចក្តី​ជំនឿ​ដែល​គ្រា​នោះ​បាន​ប្រទាន​ដល់​ពួកបរិសុទ្ធ សន្យា​ពី​ការស្តារ​ឡើង​វិញ​ដ៏​រុងរឿង​នៃ​ដំណឹង​ល្អ​នៅក្នុង​ថ្ងៃ​ចុងក្រោយ និង ព្យាករ​យ៉ាង​ក្បោះក្បាយ និង​អស្ចារ្យ​អំពី​ព្រឹត្តិការណ៍​ពីមុន​ពេល អំឡុង​ពេល និង បន្ទាប់​ពី​ការយាង​មក​ជា​លើក​ទីពីរ​របស់​កូន​មនុស្ស​ប្រកប​ដោយ​ជោគជ័យ ។ គោលបំណង​ចម្បង​របស់​គម្ពីរ​នេះ​គឺ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ » ( A New Witness for the Articles of Faith [ ឆ្នាំ ១៩៨៥ ] ទំព័រ ៣៩២ ) ។

ហេតុអ្វី​ការ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី​សំខាន់ ?

ដូច​ព្រះគម្ពីរ​ទាំងអស់​ដែរ ព្រះគម្ពីរ​សញ្ញាថ្មី​បង្រៀន និង ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ និង ភាព​ជាព្រះ​របស់​ទ្រង់ ។ សាវក​យ៉ូហាន​បាន​ថ្លែង​ថា គោលបំណង​របស់​លោក​ក្នុង​ការ​សរសេរ​ដំណឹង​ល្អ​របស់​លោក​គឺ​ដើម្បី​ទាក់ទាញ​មនុស្ស​ដទៃ​ទៀត​ឲ្យ « ជឿ​ថា ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ពិត ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជីវិត ដោយសារ​ព្រះនាម​ទ្រង់ ដោយ​មាន​សេចក្តី​ជំនឿ » ( យ៉ូហាន ២០:៣១ ) ។ តាមរយៈ​ការសិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី អ្នក​នឹង​រៀន​អំពី​ការប្រសូត​ដ៏​អស្ចារ្យ​របស់​ព្រះអង្គសង្គ្រោះ ឃើញ​ពី​អព្ភូតហេតុ និង ការព្យាបាល​របស់​ទ្រង់ ឮ​ពី​សេចក្តីពិត​ដ៏​សំខាន់​បំផុត​នៃ​ដំណឹង​ល្អ​របស់​ទ្រង់ ហើយ​ចងចាំ​ពី​ជំនាន់​នៃ​ការពលិកម្ម​ដ៏​ធួន ការឆ្កាង និង ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ដ៏​រុងរឿង​របស់​ទ្រង់ ។ នៅពេល​អ្នក​សិក្សា​ពី​ព្រះជន្ម និង ការបង្រៀន​របស់​ព្រះ​អង្គសង្គ្រោះ នោះ​អ្នក​នឹង​រៀន​ពី​របៀប​ទៅរក​ទ្រង់ ដើម្បី​ទទួល​បាន​នូវ​សេចក្តីសង្ឃឹម ការអត់ទោស ភាពសុខសាន្ត និង សុភមង្គល​ដ៏​អស់កល្ប​ជានិច្ច ។ ការសិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី​ដោយ​ចិត្ត​ស្មោះសរ អាច​ពង្រឹង​សេចក្តីជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ជួយ​អ្នក​ឲ្យ​ពឹងផ្អែក​លើ​ការបង្រៀន និង ដង្វាយធួន​របស់​ទ្រង់ ។

អែលឌើរ អិល ថម ភែរី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា​ព្រះគម្ពីរ​សញ្ញា​ថ្មី « គឺ​ជា​ព្រះគម្ពីរ​ដ៏​សំខាន់​មួយ​នៃ​ប្រវត្តិសាស្ត្រ​ព្រះគម្ពីរ គឺ​ដូច​ជា​ព្រះអង្គ​សង្គ្រោះ​ផ្ទាល់​ដែល​ទ្រង់​គួរតែ​ជា​អង្គ​ដ៏​សំខាន់​នៃ​ជីវិត​យើង ។ យើង​ត្រូវ​ប្តេជ្ញាចិត្ត​ខ្លួន​ឯង ដើម្បី​សិក្សា ហើយ​ទុក​វា​ជា​រតនសម្បត្តិ !

« មាន​នូវ​មុក្តា​នៃ​ប្រាជ្ញា​ជា​ច្រើន​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី​របស់​យើង​នេះ » ( « The Sabbath and the Sacrament » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៦ ) ។

ខាង​ក្រោម​គឺ​ជា​មុក្តា​នៃ​សេចក្តីពិត និង ប្រាជ្ញា​មួយ​ចំនួន​ដែល​ពុំ​អាច​កាត់ថ្លៃ​បាន ដែល​មាន​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ៖

  • ព្រះ​យេស៊ូវគ្រីស្ទ​គឺ​ជា « ផ្លូវ ជា​សេចក្តី​ពិត ហើយ​ជា​ជីវិត » ហើយ​តាមរយៈ​ទ្រង់​អ្នក​អាច​ស្គាល់​ព្រះវរបិតា​សួគ៌ ( សូមមើល យ៉ូហាន ១៤:៦–៧ ) ។

  • ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​ជា « ព្រះ​ដ៏​ជា​ជំនួយ… [ ដែល ]​បង្រៀន​អ្នក​នូវ​ការណ៍​គ្រប់យ៉ាង ហើយ​ក៏​នឹង​រំឭក​អ្នក​ពី​គ្រប់​ទាំង​សេចក្តី » (យ៉ូហាន ១៤:២៦) ។

  • ពួកសិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​មាន​ការទទួលខុសត្រូវ ដើម្បី​ប្រកាស​ដំណឹង​ល្អ​នៅក្នុង​ពិភពលោក​ទាំងមូល ( សូមមើល ម៉ាថាយ ២៨:១៩ ) ។

  • ព្រះអង្គសង្គ្រោះ​បន្ត​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​តាមរយៈ​វិវរណៈ​ដល់​ពួក​អ្នក​បម្រើ​ដែល​ទ្រង់​បាន​រើស ( សូមមើល កិច្ចការ ១:២ ) ។

  • អ្នក​គឺ​ជា​ពូជ ឬ កូន​របស់​ព្រះ ( សូមមើល កិច្ចការ ១៧:២៨–២៩ ) ។

  • ដោយសារ​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះអង្គសង្គ្រោះ នោះ​មនុស្ស​ទាំងអស់​នឹង​ឈ្នះ​លើ​សេចក្តីស្លាប់ ហើយ​រស់​ឡើង​វិញ​ម្តង​ទៀត ( កូរិនថូសទី ១ ១៥:២១–២៦ ) ។

  • ប្រសិនបើ​អ្នក​ខ្វះ​ប្រាជ្ញា អ្នក​អាច​ទូល​សូមដល់​ព្រះ​ដោយ​ការ​អធិស្ឋាន ហើយ​ទ្រង់​នឹង​ឆ្លើយ​តប ( សូមមើល យ៉ាកុប ១:៥–៦ ) ។

  • ពួកបរិសុទ្ធ​ដ៏​ស្មោះត្រង់​ដែល​យក​ឈ្នះ​លើ​អំពើ​អាក្រក់​នឹង​ទទួល​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ( សូម​មើល វិវរណៈ ៣ ) ។

បទពិសោធន៍​នៅក្នុង​ជីវិត​របស់​ព្យាការី​យ៉ូសែប ស្ម៊ីធ ផ្តល់​ជា​គំរូ​អំពី​របៀប​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី អាច​ជះ​ឥទ្ធិពល និង ផ្លាស់ប្តូរ​ជីវិត​របស់​អ្នក ។ កាល​ជា​យុវជន យ៉ូសែប ស្ម៊ីធ មាន​ការលំបាក​ក្នុង​ការស្វែងរក​ដោយ​ខ្លួន​លោក​ថា​តើ​សាសនាចក្រ​ណាមួយ​ដែល​ត្រឹមត្រូវ ។ លោក​បាន​បើក​ព្រះគម្ពីរ​ប៊ីប ហើយ​ថ្ងៃ​មួយ​លោក​បាន​អាន​វគ្គបទគម្ពីរ​នៅក្នុង យ៉ាកុប ១:៥។ ក្រោយ​មក​លោក បាន​សរសេរ ៖ « ពុំ​ដែល​មាន​បទគម្ពីរ​ណា​មួយ ដែល​មាន​ប្រសិទ្ធភាព​ទៅ​លើ​ចិត្ត​មនុស្ស ដូចជា​បទគម្ពីរ​នេះ​មាន​ប្រសិទ្ធភាព​មក​លើ​ចិត្ត​ខ្ញុំ​ឡើយ ។ មើល​ទៅ​ហាក់បី​ដូចជា​ចូល​មក​ពេញ​ដួងចិត្ត​ដោយ​ឥទ្ធិពល​ដ៏​មហិមា ។ ខ្ញុំ​តែងតែ​ពិចារណា​គិត​អំពី​រឿង​នោះ​ម្ដងហើយ​ម្ដង​ទៀត » ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១២ ) ។

បន្ទាប់​ពី​អាន និង សញ្ជឹង​គិត​ពី​ពាក្យ​ទាំង​នោះ​ពី​ព្រះគម្ពីរ​សញ្ញា​ថ្មី យ៉ូសែប បាន​សម្រេច​ចិត្ត​ធ្វើ​តាម​សេចក្តីពិត​ដែល​លោក​បាន​សិក្សា ហើយ​បាន​ទូល​សួរ​ព្រះ ដូច​យ៉ាកុប​បាន​បង្រៀន ។ ការសម្រេច​ចិត្ត​របស់​លោក​បាន​ផ្តល់​ផ្លែផ្កា​ជា​ការនិមិត្ត​ដំបូង​ដ៏​អស្ចារ្យ ។ នៅពេល​អ្នក​ព្យាយាម​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី នោះ​អ្នក​នឹង​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​រំជួល​ដួងចិត្ត​របស់​អ្នក​ផងដែរ ហើយ​ជួយ​អ្នក​ឲ្យ​រកឃើញ​វិធី​នានា​ដើម្បី​អនុវត្ត​គោលលទ្ធិ និង គោលការណ៍​នៃ​ដំណឹង​ល្អ​នៅក្នុង​ជីវិត​របស់​អ្នក ។

នៅពេល​អ្នក​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី​ប្រកប​ដោយ​ការអធិស្ឋាន នោះ​សូម​ធ្វើ​តាម​ការបំផុស​គំនិត​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ តាមរយៈ​ការធ្វើ​បែប​នេះ អ្នក​អាច​ប្រែចិត្ត​ជឿ​កាន់តែ​ពេញលេញ​ចំពោះ​ព្រះអម្ចាស់ ។ ការ​ផ្លាស់ប្រែចិត្ត​ជឿ​ពិត ជា​កើត​មាន នៅពេល​អ្នក​បន្ដ​ធ្វើ​សកម្មភាព​លើ​គោលលទ្ធិ​នានា​ដែល​អ្នក​ដឹង​ថា​ពិត ហើយ​រក្សា​បទបញ្ញត្តិ នោះ​ពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ ពី​មួយខែ​ទៅ​មួយខែ ពេញ​មួយ​ជីវិត​របស់​អ្នក ។

អំពី​ព្រះគម្ពីរ​សញ្ញា​ថ្មី

ព្រះគម្ពីរ​ប៊ីប​មិនមែន​ជា​គម្ពីរ​តែ​មួយ​ទេ ។ វា​ជា​បណ្តុំ​នៃ​គម្ពីរ​នានា ។ ភាសា​ក្រិក​ពាក្យ​ថា ប៊ីប គឺ​មាន​ន័យ​មួយ​ទៀត​ថា​ជា « ព្រះគម្ពីរ​ទាំងឡាយ » ។ « ព្រះ​គម្ពីរ​ប៊ីប​របស់​ពួក​គ្រីស្ទាន​មាន​ពីរ​ភាគ គឺ​ដែល​គេ​ស្គាល់​ទូ​ទៅ​ថា ព្រះ​គម្ពីរ​សញ្ញា​ចាស់ និង​សញ្ញា​ថ្មី » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ព្រះគម្ពីរ​ប៊ីប » scriptures.lds.org ) ។ ពាក្យ​ដែល​បាន​បកប្រែ​ថា សញ្ញា ក៏​អាច​បកប្រែ​ថា សេចក្តីសញ្ញា​ផងដែរ ។ ដូច្នេះ​ព្រះគម្ពីរ​សញ្ញា​ថ្មី​គឺ​ជា​សេចក្តីសញ្ញា​ថ្មី ។

នៅក្នុង​បរិបទ​នៃ​ដំណឹង​ល្អ សេចក្តី​សញ្ញា​គឺ​ជា​កិច្ចព្រមព្រៀង​ពិសេស​មួយ​រវាង​ព្រះអម្ចាស់ និង មនុស្ស​ម្នាក់ ឬ ក្រុម​មួយ ។ ព្រះគម្ពីរសញ្ញាចាស់ ឬ សេចក្តីសញ្ញា​ចាស់ គឺ​ជា​ក្រឹត្យវិន័យ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ប្រជារាស្ត្រ​ពី​ជំនាន់​ដើម​របស់​ទ្រង់ ។ « នៅពេល​ព្រះអង្គ​សង្គ្រោះ​បាន​យាង​មក​ក្នុង​កាល​ដ៏​ខ្ពង់ខ្ពស់​បំផុត ទ្រង់​បាន​ស្តារ​ដំណឹង​ល្អ​ដល់​សាសន៍​យូដា​នៅក្នុង​ស្រុក​ភីលីស្ទីន ។ ដោយសារ​ពួកគេ​បាន​វង្វេង​ចេញ​ពី​ក្រឹត្យវិន័យ​លោក​ម៉ូសេ វា​គឺ​ជា​សេចក្តីសញ្ញា​ថ្មី​មួយ​ចំពោះ​ពួកគេ » ( Bible Dictionary « Bible » ) ។

ជាទូទៅ ព្រះគម្ពីរសញ្ញាថ្មី​គឺ​ត្រូវបាន​ចែកចេញ​ជា​ដំណឹង​ល្អ​នានា កិច្ចការ​ពួកសាវក សំបុត្រ​របស់​ប៉ុល សំបុត្រ​ទូទៅ និង គម្ពីរវិវរណៈ ។

  1. ដំណឹង​ល្អ​នានា ។ គម្ពីរ​ម៉ាថាយ ម៉ាកុស លូកា និង យ៉ូហាន ត្រូវបាន​ហៅ​ថា​ដំណឹង​ល្អ ហើយ​គម្ពីរ​នីមួយៗ​ត្រូវបាន​ដាក់​ឈ្មោះ​តាម​អ្នក​និពន្ធ​សៀវភៅ​នោះ ។ ពាក្យ ដំណឹងល្អ មាន​ន័យ​ថា « សេចក្ដី​ល្អ​ដែល​ត្រូវ​ដឹង » ។ ទោះ​បី​ជា​ដំណឹងល្អ​ទាំង​បួន​មាន​ភាពខុស​គ្នា​នៅ​ក្នុង​សេចក្ដី​លម្អិត និង​ទស្សន​ក្ដី ក៏​វា​និទាន​ព្រឹត្តិការណ៍​នៃ​ព្រះជន្ម និង ការ​បម្រើ​នៅ​លើ​ផែនដី​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង​ចំណោម​សាសន៍​យូដា​ដូចគ្នា ។ ដំណឹងល្អ​ទាំង​បួន​បង្រៀន និង ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះរាជបុត្រា​នៃ​ព្រះ និង​ជា​ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក ។ « កំណត់ត្រា​របស់​ម៉ាថាយ ម៉ាកុស និង លូកា​បង្ហាញ​ពី​ដំណើរ​រឿង​ដែល​ស្រដៀង​គ្នា ហើយ​មាន​របៀប​រៀប​ពាក្យ​សរសេរ​ដូចគ្នា​យ៉ាង​ច្រើន​គគោក ព្រមទាំង​មាន​ចំណុច​សំខាន់​ស្រដៀង​គ្នា ដូច្នោះ​ហើយ​ពេល​ខ្លះ​ត្រូវបាន​គេ​ចាត់ទុក​ថា​ជា ‹ ដំណឹងល្អ​ដែល​សង្ខេប​សរុប › ( មាន​ន័យ​ថា ‹ មើល​ទៅ​ដូចគ្នា › ) ។ ទោះជា​ដូច្នោះ​ក៏​ដោយ គម្ពីរ​នីមួយៗ​មាន​លក្ខណៈ​ពិសេស ហើយ​មាន​ព័ត៌មាន​លម្អិត​ជា​ច្រើន​ដែល​មិន​ដូច​គ្នា​ទេ ។ កំណត់ត្រា​របស់​យ៉ូហាន​រៀង​ផ្សេង​បន្តិច​ពី​កំណត់​របស់​អ្នក​ផ្សេង​ទៀត ដូច​ជា​វេយ្យាសព្ទ របៀប​រៀប​ពាក្យ​សរសេរ និង ការបង្ហាញ​ពី​ព្រឹត្តិការណ៍​នានា » ( សេចក្តី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ដំណឹង​ល្អ » ) ។

  2. កិច្ចការ​ពួកសាវក ។ កិច្ចការ​ពួកសាវក​ត្រូវបាន​សរសេរ​ដោយ​លូកា ហើយ​វា​មាន​នូវ​ដំណើរ​រឿង​នៃ​ការរីកចម្រើន​របស់​សាសនាចក្រ​ក្រោម​ការដឹងនាំ​របស់​ពេត្រុស និង សាវក​ដទៃ​ផ្សេង​ទៀត ( សូមមើល សេចក្តី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « កិច្ចការ​នៃ​ពួកសាវក » ) ។

  3. សំបុត្រ​របស់​ប៉ុល ។ សំបុត្រ ឬ លិខិត​របស់​ប៉ុល​ត្រូវបាន​ដាក់​ឈ្មោះ​តាម​សាខា​នៃ​សាសនាចក្រ ឬ តាម​បុគ្គល ឬ ក្រុម​ដែល​ទទួល​សំបុត្រ​នោះ ។ សំបុត្រ​របស់​ប៉ុល​បាន​រៀបចំ​ឡើង « តាម​ប្រវែង តាម​លំដាប់​ចុះ​ពី​សំបុត្រ​វែង​ជាង​គេ​បង្អស់ ( រ៉ូម ) រហូត​ដល់​សំបុត្រ​ខ្លី​ជាង​គេ​បង្អស់ ( ភីលេម៉ូន ) ។ នេះ​គឺជា​របៀប​ដែល​សំបុត្រ​របស់​ប៉ុល​ត្រូវបាន​រៀបចំ​ឡើង លើកលែង​តែ​សំបុត្រ​ដែល​បាន​សរសេរ​ទៅ​ពួក​ហេព្រើរ​ប៉ុណ្ណោះ ដែល​បាន​ដាក់​នៅ​ក្រោយ​គេ ដោយ​សារ​មាន​មនុស្ស​មួយ​ចំនួន​បាន​សួរ​ថា តើ​វា​ជា​ការ​សរសេរ​របស់​ប៉ុល​ឬ​ក៏​ពុំមែន » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សំបុត្រ​របស់​ប៉ុល » ) ។

  4. សំបុត្រ​ទូទៅ ។ គម្ពីរ​យ៉ាកុប​រហូត​ដល់​គម្ពីរ​យូដាស​ជាញឹកញាប់​ត្រូវបាន​ហៅ​ថា​សំបុត្រ​ទូទៅ​លែកលែង​តែ​គម្ពីរ​យ៉ូហាន​ទី ២ និង ទី ៣​ចេញ ដោយសារ​សំបុត្រ​ទាំង​នោះ​ពុំ​បាន​បញ្ជាក់​បង្ហាញ​ថា​សរសេរ​ផ្ញើ​ទៅ​បុគ្គល ឬ សាខា​នៃ​សាសនាចក្រ​ជាក់លាក់​ណា​មួយ​ឡើយ ។ សំបុត្រ​ទាំង​នោះ​ដាក់​ឈ្មោះ​តាម​អ្នក​និពន្ធ ។ ( សូមមើល Bible Dictionary « General Epistles » ) ។

  5. គម្ពីរ​វិវរណៈ ។ គម្ពីរវិវរណៈ ( ពេលខ្លះ​ហៅ​ថា​ជា​អ័ប៉ូកាលិព្ស ) ត្រូវ​បាន​សរសេរ​ដោយ​សាវក​យ៉ូហាន ជា​អ្នក​ដែល​បាន​សរសេរ​ដំណឹង​ល្អ និង សំបុត្រ​ដែល​ដាក់​ឈ្មោះ​របស់​លោក​ផងដែរ ។ វា​គឺ​ជា​ដំណើរ​រឿង​របស់​យ៉ូហាន​អំពី វិវរណៈ​ដែល​លោក​បាន​ទទួល​ពី​ព្រះអម្ចាស់ ។ ( សូមមើល សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « វិវរណៈ​របស់​យ៉ូហាន ») ។

ការបកប្រែ​ដោយ​យ៉ូសែប ស៊្មីធ និង យ៉ូសែប ស៊្មីធ–ម៉ាថាយ

ព្រះអម្ចាស់​បាន​បញ្ជា​ព្យាការី​យ៉ូសែប ស្ម៊ីធ​ឲ្យ​បក​ប្រែ ឬ​ធ្វើ​កំណែថ្មី​នៃ​ព្រះគម្ពីរប៊ីប​របស់​ស្តេច​ជេមស៍ ។ ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ( ពេលខ្លះ​សរសេរ​ជា​អក្សរ​កាត់​ថា ក.យ.ស. ) គឺ​ពុំ​មែន​ជា​ការបកប្រែ​នៃ​ព្រះគម្ពីរ​ប៊ីប​ពី​ភាសា​មួយ​ទៅ​ភាសា​មួយ​ទៀត​ទេ ។ ផ្ទុយ​ទៅ​វិញ វា​មាន​នូវ​ការកែប្រែ​នានា​ដែល​ព្រះអម្ចាស់​បាន​បំផុស​គំនិត​ដល់​ព្យាការី​ឲ្យ​កែ​លើ​អត្ថបទ​នៃ​ព្រះគម្ពីរ​ប៊ីប​នោះ ។

យ៉ូសែប ស៊្មីធ​បាន​ចាប់ផ្តើម​ការបកប្រែ​របស់​លោក​នៅក្នុង​ខែ មិថុនា ឆ្នាំ ១៨៣០ ហើយ​បាន​បញ្ចប់​នៅក្នុង​ខែ កក្កដា ឆ្នាំ ១៨៣៣ ទោះជា​យ៉ាង​ណា​ក្តី លោក​បាន​បន្ត​ធ្វើ​ការកែប្រែ​ការសរសេរ​ដោយ​ដៃ​របស់​លោក​នោះ រហូត​ដល់​មុន​ពេល​លោក​ទទួល​មរណភាព​នៅក្នុង​ឆ្នា ១៨៤៤ ( សូមមើល សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ការ​បកប្រែ​ដោយ​យ៉ូសែប ស៊្មីធ » ) ។ អំឡុង​ពេល​ដែល​ផ្នែក​នានា​នៃ​ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ​ត្រូវបាន​បោះពុម្ព​ពេល​លោក​នៅ​រស់ នោះ​ការបកប្រែ​ព្រះគម្ពីរ​ប៊ីប​ប្រកប​ដោយ​ការបំផុស​គំនិត​ទាំងអស់​របស់​លោក​ត្រូវបាន​បោះពុម្ព​ជា​លើក​ដំបូង​នៅក្នុង​ឆ្នាំ ១៨៦៧ ដោយ​ពួក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដែល​បាន​រៀបចំ​ឡើង​វិញ ( ដែល​ឥឡូវ​នេះ​មាន​ឈ្មោះ​ថា សហគមន៍​នៃ​ព្រះគ្រីស្ទ ) ។ ចាប់តាំង​ពី​ឆ្នាំ ១៩៧៩​មក ការបោះពុម្ព​កំណែថ្មី​នៃ​ព្រះគម្ពីរ​ប៊ីប​របស់​ស្តេច​ជេមស៍​របស់​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ជាភាសា​អង់គ្លេស មាន​នូវ​វគ្គបទគម្ពីរ​គោលលទ្ធិ​សំខាន់ៗ​រាប់រយ​ពាន់​ដែល​បាន​មក​ពី​ការបកប្រែ​ដោយ​យ៉ូសែប ស៊្មីធ នៅក្នុង​លេខ​យោង និង លិបិក្រម ។ ( សូមមើល រ៉ូប៊ើត ជេ ម៉ាថាយ « Joseph Smith’s Efforts to Publish His Bible Translation › » Ensign ខែ មករា ឆ្នាំ ១៩៨៣ ទំព័រ ៥៧–៦៤ សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ការ​បកប្រែ​ដោយ​យ៉ូសែប ស៊្មីធ ») ។ ចាប់តាំង​ពី​ឆ្នាំ ២០០៩ មក ការបោះពុម្ព​ព្រះគម្ពីរ​ប៊ីប​របស់​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ជា​ភាសា​អេស្បាញ កំណែ​ថ្មី​នៃ រៀណា វ៉ាលើរ៉ា​ក៏​មាន​នូវ​វគ្គ​បទគម្ពីរ​នៅ​ក្នុង​លេខ​យោង និង លិបិក្រម​ផងដែរ ។ នៅក្នុង​ឆ្នាំ ២០១៥ ការបោះពុម្ព​ព្រះគម្ពីរ​ប៊ីប​របស់​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ត្រូវបាន​បោះពុម្ព​ជា​ភាសា​ព័រទុយហ្គាយ ។

យ៉ូសែប ស្ម៊ីធ—ម៉ាថាយនៅក្នុង​មុក្តា​ដ៏​មាន​តម្លៃ​មហិមា គឺ​ជា​ការដកស្រង់​ចេញ​មក​ពី​ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ( ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ម៉ាថាយ ២៣:៣៩–២៤:៥៦ ) ។ វា​គឺ​ជា​ការបកប្រែ​ប្រកប​ដោយ​ការបំផុស​គំនិត​នៃ ម៉ាថាយ ២៣:៣៩–២៤:៥៥ ។

ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ​បាន​ចូលរួម​ចំណែក​ដល់​ការយល់​ដឹង​របស់​យើង​អំពី​ព្រះគម្ពីរ​សញ្ញា​ថ្មី ដោយ​ការស្តារ​ឡើង​វិញ​នូវ​សេចក្ដីពិត​ដ៏​ច្បាស់ និង​ពិសេសៗ ដែល​បាន​បាត់បង់​ពី​ព្រះគម្ពីរ​ប៊ីប ( សូមមើល នីហ្វៃទី ១ ១៣:២០–៤១ ) ហើយ​បន្ថែម​នូវ​ការពន្យល់ និង ការបញ្ជាក់​របស់​ព្រះអម្ចាស់ ។