សេចក្ដីណែនាំស្តីពីគម្ពីរ យ៉ាកុប
ហេតុអ្វីសិក្សាគម្ពីរនេះ ?
សំបុត្រទូទៅរបស់យ៉ាកុបគឺត្រូវបានគេស្គាល់យ៉ាងច្បាស់នៅក្នុងចំណោមសមាជិកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដោយសារតែវគ្គគម្ពីរដ៏អស្ចារ្យមួយនៅក្នុង យ៉ាកុប ១:៥ ដែលបាននាំឲ្យយុវជនយ៉ូសែប ស្ម៊ីធស្វែងរកសេចក្តីពិតពីព្រះ ។ ពេញទាំងសំបុត្រនោះយ៉ាកុបបានគូសបញ្ជាក់ថា យើងគឺជា « អ្នកប្រព្រឹត្តតាមព្រះបន្ទូល ហើយកុំឲ្យគ្រាន់តែស្តាប់ប៉ុណ្ណោះ » ( យ៉ាកុប ១:២២ ) ។ ការសិក្សាគម្ពីរនេះអាចជួយអ្នកឲ្យយល់ពីសារៈសំខាន់នៃការបើកសម្តែង សេចក្តីជំនឿរបស់អ្នក តាមរយៈ « កិច្ចការ » ឬ ទង្វើនានា ( សូមមើល យ៉ាកុប ២:១៤–២៦) ហើយបំផុសគំនិតអ្នកឲ្យព្យាយាម « ទទួលបានមកុដនៃជីវិត ដែលព្រះអម្ចាស់ទ្រង់សន្យានឹងប្រទានឲ្យដល់អស់អ្នកណាដែលស្រឡាញ់ទ្រង់ » ( យ៉ាកុប ១:១២ ) ។
តើនរណាបានសរសេរគម្ពីរនេះ ?
សំបុត្រនេះថ្លែងថា វាត្រូវបានសរសេរឡើងដោយ « យ៉ាកុបជាបាវបម្រើរបស់ព្រះ ហើយរបស់ព្រះអម្ចាស់ យេស៊ូវគ្រីស្ទ » ( យ៉ាកុប ១:១ ) ។
ទំនៀមទម្លាប់របស់ពួកគ្រីស្ទានបានកាន់មកថា យ៉ាកុបនេះគឺដូចជាយូដាសដែរ គឺជាកូនប្រុសរបស់ យ៉ូសែប និង ម៉ារា ហេតុដូច្នោះហើយត្រូវជាប្អូនរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល ម៉ាថាយ ១៣:៥៥, ម៉ាកុស ៦:៣, កាឡាទី ១:១៩) ។ ការពិតដែលយ៉ាកុបត្រូវបានថ្លែងប្រាប់លើកដំបូងនៅក្នុងបញ្ជីឈ្មោះប្អូនៗរបស់ព្រះយេស៊ូវនៅក្នុង ម៉ាថាយ ១៣:៥៥ អាចបង្ហាញថា លោកគឺជាកូនច្បងនៃប្អូនៗទាំងអស់ ។ ដូចជាប្អូនៗដទៃទៀតរបស់ព្រះអម្ចាស់ដែរ កាលដើមឡើយយ៉ាកុបពុំបានក្លាយជាសិស្សរបស់ព្រះយេស៊ូវឡើយ ( សូមមើល យ៉ូហាន ៧:៣–៥ ) ។ ប៉ុន្តែ បន្ទាប់ពីព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ យ៉ាកុបគឺជាបុគ្គលម្នាក់ដែលទ្រង់បានបង្ហាញព្រះកាយ ក្នុងសភាពជារូបកាយដែលបានរស់ឡើងវិញ ( សូមមើល កូរិនថូសទី ១ ១៥:៧ ) ។
ក្រោយមក យ៉ាកុបបានក្លាយជាសាវក ហើយយោងតាមអ្នកនិពន្ធពួកគ្រីស្ទានពីជំនាន់ដើម ថាលោកគឺជាប៊ីស្សពដំបូងគេរបស់សាសនាចក្រនៅក្នុងក្រុងយេរូសាឡិម ( សូមមើល កិច្ចការ ១២:១៧, ២១:១៨, កាឡាទី ១:១៨–១៩, ២:៩ ) ។ ក្នុងនាមជាអ្នកដឹកនាំនៅក្នុងសាសនាចក្រ លោកបានដើរតួយ៉ាងសំខាន់នៅក្នុងក្រុមប្រឹក្សាដែលធ្វើឡើងនៅក្នុងក្រុងយេរូសាឡិម ( សូមមើល កិច្ចការ ១៥:១៣ ) ។ អំណាចរបស់លោកនៅក្នុងសាសនាចក្រគឺគ្មានការសង្ស័យថា វាបានពង្រឹងដោយសារជាប់សាច់ញាតិទៅនឹងព្រះយេស៊ូវនោះទេ ប៉ុន្តែយ៉ាកុបបានបង្ហាញការបន្ទាបខ្លួននៅក្នុងការណែនាំខ្លួនលោកថាមិនមែនជា ប្អូន របស់ព្រះយេស៊ូវទេ ប៉ុន្តែថាជា បាវបម្រើ របស់ព្រះអម្ចាស់វិញ ( សូមមើល យ៉ាកុប ១:១ ) ។
តើគម្ពីរនេះត្រូវបានសរសេរឡើងនៅពេលណា ហើយនៅកន្លែងណា ?
យើងពុំដឹងពីពេលវេលាជាក់លាក់ដែលយ៉ាកុបបានសរសេរសំបុត្រនេះទេ ។ ដោយសារលោកបានរស់នៅក្នុងក្រុងយេរូសាឡិម ហើយបានមើលការខុសត្រូវលើកិច្ចការសាសនាចក្រនៅទីនោះ ទើបលោកប្រហែលជាបានសរសេរសំបុត្រនេះមកពីតំបន់នោះ ។
ភាពពិតដែលយ៉ាកុបពុំបានថ្លែងពីសន្និសីទនៅក្រុងយេរូសាឡិមកាលប្រហែលជាឆ្នាំ ៥០ គ. ស. ( សូមមើល កិច្ចការ ១៥) អាចបង្ហាញថា សំបុត្រនេះត្រូវបានសរសេរមុនពេលសន្និសីទនេះបានប្រារព្ធឡើង ។ ប្រសិនបើសំបុត្រនេះពិតជាបានសរសេរពីមុនសន្និសីទក្រុងយេរូសាឡិមមែននោះ វាគឺជាសំបុត្រដំបូងគេបំផុតនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ។
តើគម្ពីរនេះត្រូវបានសរសេរដល់នរណា ហើយហេតុអ្វី ?
យ៉ាកុបបានការលើខ្នងសំបុត្រថា « ផ្ញើមកជំរាបសួរដល់ពូជអំបូរទាំងដប់ពីរដែលត្រូវខ្ចាត់ខ្ចាយ » ( យ៉ាកុប ១:១ ) មានន័យថា វង្សអ៊ីស្រាអែលទាំងអស់ លោកបានអញ្ជើញពួកគេឲ្យ « ទទួលយកដំណឹងល្អ … [ ហើយ ] ចូលមកកាន់ក្រោលនៃព្រះគ្រីស្ទ » ( ប្រ៊ូស អ័រ ម៉ាក់ខន់ឃី Doctrinal New Testament Commentary ភាគទី ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ៣:២៤៣ ) ។ យ៉ាកុបបានបង្គាប់សមាជិកសាសនាចក្រឲ្យរស់នៅដោយការបង្ហាញអំពីសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
តើមានលក្ខណៈពិសេសអ្វីខ្លះ នៅក្នុងគម្ពីរនេះ ?
មានពេលខ្លះ សំបុត្ររបស់យ៉ាកុបត្រូវបានចាត់ថ្នាក់ជាអក្សរសាស្ត្រដ៏ខ្ពង់ខ្ពស់ ស្រដៀងទៅនឹងគម្ពីរសុភាសិតនៃព្រះគម្ពីរសញ្ញាចាស់ដែរ ។ អត្ថបទនៃសំបុត្រនោះមានការពន្យល់ខ្លីៗអំពីគោលការណ៍សម្រាប់ការរស់នៅជាគ្រិស្តសាសនិក ។ លើសពីនេះទៅទៀត មានភាពស្របគ្នាទៅនឹងទេសនាកថារបស់ព្រះអង្គសង្គ្រោះនៅលើភ្នំ ដែលមានកត់ត្រានៅក្នុង ម៉ាថាយ ៥–៧ និង ពាក្យពេចន៍របស់យ៉ាកុប ។ ប្រធានបទស្រដៀងគ្នាមួយចំនួន រួមមាន ការស៊ូទ្រាំនឹងការបៀតបៀន ( សូមមើល យ៉ាកុប ១:២–៣, ១២, ម៉ាថាយ ៥:១០–១២ ) ការប្រែជា « ល្អឥតខ្ចោះ » ឬ មានភាពចាស់ទុំខាងវិញ្ញាណ ( សូមមើល យ៉ាកុប ១:៤; ២:២២, ម៉ាថាយ ៥:៤៨ ) ការទូលសួរដល់ព្រះ ( សូមមើល យ៉ាកុប ១:៥, ម៉ាថាយ ៧:៧–៨ ) ការធ្វើតាមព្រះទ័យរបស់ព្រះ ( សូមមើល យ៉ាកុប ១:២២, ម៉ាថាយ ៧:២១–២៥ ) ការស្រឡាញ់អ្នកដទៃ ( សូមមើល យ៉ាកុប ២:៨, ម៉ាថាយ ៥:៤៣–៤៤, ៧:១២ ) ដឹងថាល្អ និង អាក្រក់តាមផលផ្លែដែលគេបង្កើត ( សូមមើល យ៉ាកុប ៣:១១–១២, ម៉ាថាយ ៧:១៥–២០ ) ការធ្វើជាអ្នកផ្សះផ្សារគេ ( សូមមើល យ៉ាកុប ៣:១៨, ម៉ាថាយ ៥:៩ ) និង ការមិនស្បថនឹងសម្បថ ( សូមមើល យ៉ាកុប ៥:១២, ម៉ាថាយ ៥:៣៤–៣៧ ) ។
គម្រោងមេរៀន
យ៉ាកុប ១–២ ។ យ៉ាកុបស្វាគមន៍ដល់អ្នកអានសំបុត្ររបស់លោក ហើយណែនាំប្រធានបទចម្បងៗមួយចំនួនអំពីសំបុត្ររបស់លោក រួមមាន ការស៊ូទ្រាំនឹងការសាកល្បង ស្វែងរកប្រាជ្ញា និង ការរស់នៅដោយខ្ជាប់ខ្ជួនជាមួយនឹងសេចក្តីជំនឿ ។ អ្នកស្តាប់ព្រះបន្ទូលរបស់ព្រះ ក៏ជាអ្នកដែលត្រូវធ្វើតាមព្រះបន្ទូលនោះផងដែរ ។ យ៉ាកុបបានផ្តល់និយមន័យនៃ «សាសនាបរិសុទ្ធ » ថាជាការមើលថែទាំដល់ « ពួកកំព្រា និងពួកមេម៉ាយ » ហើយព្យាយាមរស់នៅឲ្យចៀសឆ្ងាយពីអំពើបាប ( យ៉ាកុប ១:២៧ ) ។ ពួកបរិសុទ្ធត្រូវស្រឡាញ់អ្នកជិតខាងរបស់ខ្លួន ហើយបង្ហាញសេចក្តីជំនឿរបស់ពួកគេតាមរយៈកិច្ចការរបស់ខ្លួន ។
យ៉ាកុប ៣–៤ ។ យ៉ាកុបបង្ហាញពីលក្ខណៈដ៏បំផ្លិចបំផ្លាញនៃពាក្យសម្ដីដែលគ្មានការគ្រប់គ្រង ហើយប្រៀបធៀបវាទៅនឹងផលផ្លែសុចរិតនៃអស់អ្នកដែលធ្វើឲ្យមានភាពសុខសាន្ត ។ លោកបានព្រមានដល់អ្នកអានសំបុត្ររបស់លោក កុំឲ្យធ្វើជាមិត្តជាមួយលោកិយឡើយ ប៉ុន្តែត្រូវទប់ទល់នឹងសេចក្តីអាក្រក់ ហើយខិតជិតព្រះ ។
យ៉ាកុប ៥ ។ យ៉ាកុបបានព្រមានពួកអ្នកដែលទុច្ចរិត ។ លោកបានបញ្ចប់សំបុត្ររបស់លោកជាមួយនឹងការទូន្មានខ្លីៗមួយចំនួនអំពីការទទួលខុសត្រូវរបស់ពួកបរិសុទ្ធ ចំពោះសមាជិកដទៃទៀតនៃសាសនាចក្រ ។ លោកទូន្មានឲ្យពួកបរិសុទ្ធស៊ូទ្រាំដោយអត់ធ្មត់ រហូតដល់ការយាងមករបស់ព្រះអម្ចាស់ ហើយមានចិត្តស្មោះត្រង់នៅក្នុងគ្រប់ការនិយាយស្តីទាំងអស់របស់ពួកគេ ។ លោកលើកទឹកចិត្តពួកអ្នកឈឺឲ្យ ហៅរកចាស់ទុំ ( ពួកអែលឌើរ ) ដើម្បីលាបតាំងប្រេងដល់ពួកគេ ។