បណ្ណាល័យ
សេចក្ដីណែនាំ​ស្តីពី​គម្ពីរ​ធីម៉ូថេ​ទី១


សេចក្ដីណែនាំ​ស្តីពី គម្ពីរ ធីម៉ូថេ​ទី១

ហេតុអ្វី​សិក្សា​គម្ពីរ​នេះ ?

ក្នុង​ធីម៉ូថេ​ទី១ យើង​អាន​ថា សាវក​ប៉ុល​បាន​ទូន្មាន​ធីម៉ូថេ ដែល​ជា​ថ្នាក់ដឹកនាំ​ម្នាក់​នៅ​ក្រុង​អេភេសូរ ដើម្បី​ធានា​ឲ្យ​មាន​ការបង្រៀន​គោលលទ្ធិ​ត្រឹមត្រូវ ហើយ​មិន​អនុញ្ញាត​ឲ្យ​មាន​សេចក្ដីខុសឆ្គង​ទូទៅ​រំខាន​ដល់​ការបង្រៀន​ដំណឹងល្អ​ឡើយ ។ លោក​បាន​បង្រៀន​ធីម៉ូថេ​អំពី​តំណែង​ប៊ីស្សព និង ឌីកុន ហើយ​ពិភាក្សា​អំពី​ភាពសក្ដិសម​នានា​នៃ​អ្នក​ទាំងឡាយ​ណា​ដែល​បម្រើ​ក្នុង​តំណែង​នោះ ។ ប៉ុល​ក៏​បាន​រៀបរាប់​អំពី​ការដឹងគុណ​ដ៏​ជ្រៀលជ្រៅ​ចំពោះ​សេចក្ដី​មេត្តា​ករុណា ដែល​លោក​បាន​ទទួល​ពី​ព្រះយេស៊ូវគ្រីស្ទ កាល​លោក​បាន​ប្រែចិត្តជឿ​នោះ​ផងដែរ ។ ការសិក្សា ធីម៉ូថេ​ទី១ អាច​ជួយ​បង្កើន​ការយល់ដឹង​របស់​អ្នក​អំពី​សារៈសំខាន់​នៃ​ការបង្រៀន​គោលលទ្ធិ​ត្រឹមត្រូវ​នៅ​ក្នុង​សាសនាចក្រ ។ អ្នក​ក៏​អាច​បង្កើន​ការដឹងគុណ​ចំពោះ​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះអង្គសង្គ្រោះ និង​ចំពោះ​តួនាទី​ដ៏​មាន​សារៈសំខាន់​របស់​ប៊ីស្សព និង ថ្នាក់​ដឹកនាំ​ដទៃ​ទៀត​ក្នុង​សាសនាចក្រ ។

តើ​នរណា​បាន​សរសេរ​គម្ពីរ​នេះ ?

សាវក​ប៉ុល​បាន​សរសេរ ធីម៉ូថេ ទី១ ( សូម​មើល ធីម៉ូថេ ទី១ ១:១ ) ។

តើ​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ​ឡើង​នៅ​ពេល​ណា ហើយ​នៅ​កន្លែង​ណា ?

សំបុត្រ​ទី​មួយ​របស់​ប៉ុល​ទៅ​កាន់​ធីម៉ូថេ​ប្រហែល​ជា​ត្រូវបាន​សរសេរ​រវាង​ឆ្នាំ ៦៤ និង ៦៥ នៃ គ.ស. ដែល​ប៉ុល​អាច​កំពុង​ស្នាក់​នៅ​ស្រុក​ម៉ាសេដូន ( សូម​មើល​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សំបុត្រ​របស់​ប៉ុល » scriptures.lds.org; ធីម៉ូថេ ទី១ ១:៣ ) ។ ពី​មុន​សរសេរ​សំបុត្រ​នេះ ប៉ុល​ត្រូវបាន​ដោះលែង​ពី​ការឃុំខ្លួន​រយៈ​ពេល​ពីរ​ឆ្នាំ ( ឃុំ​ខ្លួន​ក្នុង​ផ្ទះ ) នៅ​ក្រុង​រ៉ូម ហើយ​ទំនង​ជា​បាន​ធ្វើ​ដំណើរ​គ្រប់​ទីកន្លែង ដោយ​ចូល​ទៅ​ភូមិសាស្ត្រ​នានា ​ជា​កន្លែង​ដែល​លោក​បាន​បង្កើត​សាខា​នៃ​សាសនាចក្រ​ឡើង ( សូម​មើល សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សំបុត្រ​របស់​ប៉ុល » ) ។

តើ​គម្ពីរ​នេះ​ត្រូវបាន​សរសេរ​ដល់​នរណា ហើយ​តើ​ហេតុអ្វី ?

ប៉ុល​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​នេះ​ទៅ​ធីម៉ូថេ ដែល​បាន​បម្រើ​ជាមួយ​ប៉ុល​អំឡុង​ពេល​ធ្វើដំណើរ​ផ្សព្វផ្សាយ​សាសនា​ជា​លើក​ទីពីរ​របស់​លោក ( សូម​មើល កិច្ចការ ១៦:១–៣ ) ។ បន្ទាប់​ពី​ពួកលោក​បាន​បញ្ចប់​បេសកកម្ម ធីម៉ូថេ​បាន​បន្ត​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា និង​អ្នក​ដឹកនាំ​សាសនាចក្រ​ដ៏​ស្មោះត្រង់ ( សូម​មើល កិច្ចការ ១៩:២២; ភីលីព ២:១៩ ) និង​ជា​សហការី​ជា​ទីទុកចិត្ត​បំផុត​របស់​ប៉ុល ( សូម​មើល កូរិនថូស ទី១ ៤:១៧ ) ។ ប៉ុល​ចាត់ទុក​ធីម៉ូថេ​ជា « កូន​ពិត​ក្នុង​សេចក្តី​ជំនឿ » ( ធីម៉ូថេ ទី១ ១:២ ) ។ ឪពុក​របស់​ធីម៉ូថេ​គឺ​ជា​សាសន៍​ក្រេក​ដទៃ ប៉ុន្តែ​គាត់​មាន​ម្ដាយ និង​ជីដូន​ជា​សាសន៍​យូដា​ដ៏​សុចរិត​ដែល​បាន​បង្រៀន ហើយ​ជួយ​គាត់​រៀន​ព្រះគម្ពីរ ( សូម​មើល កិច្ចការ ១៦:១; ធីម៉ូថេ ទី២ ១:៥; ៣:១៥ ) ។

នៅ​ពេល​សំបុត្រ​មួយ​ច្បាប់​នេះ​ត្រូវបាន​សរសេរ ធីម៉ូថេ​បាន​បម្រើ​ជា​អ្នក​ដឹកនាំ​សាសនាចក្រ​នៅ​ក្រុង​អេភេសូរ ( សូម​មើល ធីម៉ូថេ ទី១ ១:៣ ) ។ ប៉ុល​បាន​លើកឡើង​ថា សមាជិក​ខ្លះ​បាន​សង្ស័យ​លើ​លទ្ធភាព​នៃ​ការដឹកនាំ​របស់​ធីម៉ូថេ ព្រោះ​លោក​មាន​វ័យ​ក្មេង ( សូម​មើល ធីម៉ូថេ ទី១ ៤:១២ ) ។ ប៉ុល​បាន​ចង់​ទៅ​ជួប​ធីម៉ូថេ​ដោយ​ផ្ទាល់ ប៉ុន្តែ​លោក​មិន​ប្រាកដ​ទេ​ថា​តើ​លោក​អាច​ធ្វើ​ដូចនេះ​បាន​ឬ​អត់​នោះ ( សូម​មើល ធីម៉ូថេ ទី១ ៣:១៤; ៤:១៣ ) ។ ប៉ុល​បាន​សរសេរ​សំបុត្រ​របស់​លោក​ទៅ​កាន់​ធីម៉ូថេ ដើម្បី​ជួយ​អ្នក​ដឹកនាំ​សាសនាចក្រ​វ័យ​ក្មេង​រូប​នេះ​យល់​កាន់តែ​ច្បាស់​អំពី​តួនាទី​របស់​លោក ។

តើ​មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ នៅក្នុង​គម្ពីរ​នេះ ?

សំបុត្រ​របស់​ប៉ុល​ត្រូវបាន​ស្គាល់​ជា​ធីម៉ូថេ​ទី១ ធីម៉ូថេ​ទី២ និង ទីតុស ដែល​ជា​រឿយៗ​ត្រូវបាន​ហៅ​ថា សំបុត្រ​សម្រាប់​គ្រូគង្វាល ព្រោះ​វា​មាន​នូវ​ដំបូន្មាន​របស់​ប៉ុល​ទៅ​កាន់​គ្រូ​គង្វាល ឬ​ថ្នាក់​ដឹកនាំ​នៅ​ក្នុង​សាសនាចក្រ ( សូម​មើល សេចក្តី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សំបុត្រ​របស់​ប៉ុល » ) ។ គ្រូគង្វាល ចេញ​មក​ពី​ពាក្យ​ឡាតាំង​ថា « អ្នក​គង្វាល​ចៀម » ។

ប៉ុល​បាន​បង្ហាញ​សេចក្ដីណែនាំ​ខ្លះៗ​ដើម្បី​ជួយ​ធីម៉ូថេ ស្វែងរក​បេក្ខជន​សក្ដិសម​ដើម្បី​បម្រើ​ជា​ប៊ីស្សព ឬ​ឌីកុន ( សូម​មើល ធីម៉ូថេ ទី១ ៣ ) ។ សេចក្ដីណែនាំ​របស់​លោក​បាន​ជួយ​ប្រាប់​អំពី​ការទទួលខុសត្រូវ​នៃ​ថ្នាក់ដឹកនាំ​សាសនាចក្រ​ក្នុង​ការបំពេញ​សេចក្ដី​ត្រូវការ​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​របស់​សមាជិក ( សូម​មើល ធីម៉ូថេ​ទី១ ៥ ) ។ ប៉ុល​ក៏​បាន​មាន​ប្រសាសន៍​អំពី​គំនិត​ខុសឆ្គង​ទូទៅ​នៃ​ការដាក់​កម្រិត​ខ្លួនឯង​ហួស​កម្រិត—ដែល​ជា​ជំនឿ​ថា​ជីវភាព​ខាង​វិញ្ញាណ​កាន់តែ​ខ្លាំង​អាច​ទទួលបាន​តាមរយៈ​ការបដិសេធ​ខ្លួន​ដ៏​តឹងរ៉ឹង ។ ឧទាហរណ៍ លោក​បាន​ព្រមាន​សមាជិក​សាសនាចក្រ​មួយ​ចំនួន​ដែល​បាន​ក្បត់សាសនា ហើយ​ផ្សព្វផ្សាយ​ជំនឿ​ដែល​ថា​អាពាហ៍ពិពាហ៍​គួរតែ​បាន​ហាមឃាត់ ( សូម​មើល ធីម៉ូថេ​ទី១ ៤:១–៣ ) ។ ដើម្បី​រារាំង​សេចក្ដី​បង្រៀន​ទាំងនេះ និង​ឥទ្ធិពល​ទុក្ខទោស​ដទៃ​ទៀត ព្រមទាំង​ការក្បត់សាសនា​ផង​នោះ ប៉ុល​បាន​ណែនាំ​ធីម៉ូថេ​ឲ្យ​បង្រៀន​គោលលទ្ធិ​ត្រឹមត្រូវ ( សូម​មើល ធីម៉ូថេ ទី១ ១:៣–៤, ១០; ៤:១–៦, ១៣, ១៦ ) ។

គម្រោង

ធីម៉ូថេ ទី១ ១ ។ ប៉ុល​ដាស់តឿន​ប្រឆាំង​នឹង​សេចក្ដី​បង្រៀន​ខុសឆ្គង​នានា ។ លោក​ថ្វាយ​សិរីល្អ​ដល់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ដែល​មាន​សេចក្ដី​មេត្តាករុណា​ដ៏​អស្ចារ្យ​ដើម្បី​បម្រើ​ទ្រង់ ។ ប៉ុល​ចាត់ទុក​ខ្លួន​លោក​ជា « លេខ​១ » ( ធីម៉ូថេ​ទី១ ១:១៥ ) ឬ ជា​អ្នក​ប្រព្រឹត្ត​បាប​ដែល​អាក្រក់​ជាង​គេ​បំផុត ដែល​បៀតបៀន​ពួក​គ្រិស្តសាសនិក​ពី​មុន​លោក​បាន​ប្រែចិត្តជឿ ។ ប៉ុល​បាន​អះអាង​ដល់​មនុស្ស​ដទៃ​ថា សេចក្តី​មេត្តា​ករុណា​របស់​ព្រះគ្រីស្ទ​ក៏​នឹង​ជួយ​ពួកគេ​ផងដែរ ។

ធីម៉ូថេ ទី១ ២–៣ ។ ប៉ុល​បង្រៀន​អំពី​តម្រូវការ​ឲ្យ​អធិស្ឋាន និង​ការថ្វាយបង្គំ​ត្រឹមត្រូវ ។ លោក​បង្រៀន​ថា ព្រះយេស៊ូវគ្រីស្ទ​គឺជា​ថ្លៃ​លោះ​សម្រាប់​មនុស្ស​ទាំងអស់ និង​ជា​អង្គ​បង្រួបបង្រួម​របស់​យើង​ជាមួយ​នឹង​ព្រះវរបិតា ។ លោក​ណែនាំ​បុរស និង​ស្ត្រី​អំពី​របៀប​រៀប​ឥរិយាបថ​របស់​ខ្លួន​អំឡុង​ពេល​ថ្វាយបង្គំ ។ លោក​បាន​លើកឡើង​អំពី​ភាពសក្ដិសម​នានា​របស់​ប៊ីស្សព និង ឌីកុន ។ លោក​ពន្យល់​ថា អាថ៌កំបាំង​នៃ​ព្រះ​គឺ​ជា​ការយាងចុះមក​របស់​ព្រះយេស៊ូវគ្រីស្ទ ព្រះជន្ម​ដ៏​គ្រប់លក្ខណ៍​របស់​ទ្រង់​នៅ​លើ​ផែនដី និង​ការយាងឡើង​ទៅ​ស្ថានសួគ៌​វិញ​ដោយ​សិរីល្អ ។

ធីម៉ូថេ​ទី១ ៤ ។ ប៉ុល​ព្រមាន​ធីម៉ូថេ​ថា មនុស្ស​មួយ​ចំនួន​នឹង​ត្រូវបាន​បំភាន់​ដោយ​សេចក្ដី​បង្រៀន​ខុសឆ្គង​អំពី​អាពាហ៍ពិពាហ៍ និង ច្បាប់​នៃ​ការទទួលទាន​អាហារ ។ លោក​មាន​ប្រសាសន៍​អំពី​សារៈសំខាន់​នៃ​អាពាហ៍ពិពាហ៍ និង​អំពី​ការទទួលយក​ការបង្កបង្កើត​របស់​ព្រះ​ដោយ​អំណរគុណ ។ ប៉ុល​បង្រៀន​ធីម៉ូថេ​អំពី​របៀប​ដោះស្រាយ​នឹង​សេចក្ដី​បង្រៀន​ខុសឆ្គង​នៅ​ជំនាន់​របស់​លោក និង​ជំនាន់​ដទៃ​ទៀត​ដែល​នឹង​មក​ដល់ ។

ធីម៉ូថេ​ទី១ ៥–៦ ។ ប៉ុល​ផ្ដល់​សេចក្ដីណែនាំ​ដល់​ធីម៉ូថេ​ដើម្បី​ជួយ​គាត់​ចាត់ចែង​សេចក្ដីត្រូវការ​របស់​ចាស់ជរា មនុស្ស​វ័យក្មេង ស្ត្រី​មេម៉ាយ ពួក​មាន​ឋានៈ​ខ្ពស់ និង ពួក​ទាសករ ។ លោក​ពិពណ៌នា​អំពី​គ្រូបង្រៀន​ក្លែងក្លាយ ។ លោក​ព្រមាន​ថា « ការដែល​ស្រឡាញ់​ប្រាក់ នោះ​ហើយ​ជា​មេ​ឫស​នៃ​សេចក្តី​អាក្រក់​គ្រប់​យ៉ាង » ( ធីម៉ូថេ ទី១ ៦:១០ ) ហើយ​ណែនាំ​ធីម៉ូថេ​អំពី​របៀប​ដែល​ពួក​បរិសុទ្ធ​អាច​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។