មេរៀនទី ៣១ ៖ ថ្ងៃទី ២
វិវរណៈ ៤-៥
សេចក្ដីផ្ដើម
នៅក្នុងការនិមិត្ត សាវកយ៉ូហាន បានឃើញពួកអ្នកដែលមានសិរីរុងរឿងកំពុងថ្វាយបង្គំព្រះវរបិតាសួគ៌ កាលទ្រង់គង់នៅលើបល្ល័ង្ករបស់ទ្រង់ ។ លោកក៏បានឃើញក្រាំងមួយដែលបានបិទត្រាដោយត្រាទាំងប្រាំពីរ និង កូនចៀម ឬ ព្រះយេស៊ូវគ្រីស្ទ ដែលមានភាពសក្តិសមដើម្បីបើកក្រាំងនោះ ។
វិវរណៈ ៤
យ៉ូហានឃើញអ្នកដែលមានសិរីរុងរឿងថ្វាយបង្គំព្រះវរបិតាសួគ៌
សូមស្រមៃថាបាននៅក្នុងនគរសេឡេស្ទាល ។ តើអ្នកស្រមៃគិតថាតើនគរសេឡេស្ទាលមានរូបភាពយ៉ាងដូចម្តេច ? តើអ្នកគិតថា វាមានសភាពដូចម្តេច ?
ដូចបានកត់ត្រានៅក្នុង វិវរណៈ ៤-៥ សាវកយ៉ូហានបានឃើញការនិមិត្តមួយដែលជាផ្នែកមួយនៃនគរសេឡេស្ទាល ។
-
សូមមើល វិវរណៈ ៤:១-៨ ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមគូររូបសាមញ្ញមួយអំពីអ្វីដែលយ៉ូហានបានឃើញ ។ សូមកត់សម្គាល់ថា « ដោយវិញ្ញាណ » ( ខទី ២ ) មានន័យថា នៅក្នុងស្ថានភាពនៃវិវរណៈ ឬ ឃើញការនិមិត្តតាមរយៈព្រះវិញ្ញាណ ។
នៅក្នុង វិវរណៈ ៤:៣ យ៉ូហានបានសរសេរថា ការសម្លឹងមើលទៅព្រះវរបិតាសួគ៌គឺ « ដូចជាត្បូងមណីជោតិ និងត្បូងទទឹម » ។ អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ ៖
« នៅក្នុងការព្យាយាមកត់ត្រា សម្រាប់ការយល់ដឹងអំពីជីវិតរមែងស្លាប់នេះ បារមី សិរីល្អ និង សម្រស់នៃមហិទ្ធិឫទ្ធិរបស់ព្រះដ៏មានមហិទ្ធិឫទ្ធិ នោះយ៉ូហានបានប្រដូចរូបកាយរបស់ទ្រង់ទៅនឹងត្បូងដ៏មានតម្លៃ ។ ត្បូងដែលបានលើកឡើងនោះ ត្រូវបានអ្នកអត្ថាធិប្បាយជឿថាជាពេជ្រ ។ …
«… តើព្យាការីដែលមានជីវិតរមែងស្លាប់នេះអាចរកឃើញពាក្យពេចន៍សមល្មមដែលបង្ហាញដល់មនុស្ស អំពីបារមី និង សម្រស់ដ៏អស្ចារ្យបំផុតនៃពិភពដ៏អស់កល្បនៃសេឡេស្ទាល និង សិរីរុងរឿងរបស់នគរនេះដោយរបៀបណា ? ពួកគេនិយាយអំពីឥន្ធនូ និង គ្រឿងអលង្ការ អំពីអណ្តាតភ្លើងដែលឆេះរេរា អំពីភ្លើងធ្យូងដែលមានពន្លឺចែងចាំង ពួកគេប្រាប់ពីរន្ទះ និង សំឡេង អំពីសំឡេងទឹកហូរយ៉ាងខ្លាំង និង បារមីដែលបង្ហាញពីមហិទ្ធិឫទ្ធិ និង សម្រស់—ទាំងអស់នេះគឺមានបំណងកត់ត្រានៅក្នុងពាក្យសម្តីរមែងស្លាប់នេះថា អាចបានឃើញ ហើយបានស្គាល់តែតាមរយៈព្រះចេស្តានៃព្រះវិញ្ញាណតែប៉ុណ្ណោះ ។ ( អេសេគាល ១ និង ១០, អេសាយ ៦ ) ។ ប៉ុន្តែយើងថ្វាយអំណរគុណដល់ព្រះអម្ចាស់ថា ពួកព្យាការីបានមានបំណងបែបនោះ ប្រយោជន៍ឲ្យអ្នកដែលពុំធ្លាប់បានឃើញ និង ស្តាប់ឮអាចទទួលបានចំណេះដឹងបន្តិចបន្តួចពីអ្វីៗទាំងនោះដែលលាក់កំបាំងនៅពីក្រោយបង្អួចស្ថានសួគ៌ » ( Doctrinal New Testament Commentary ភាគទី ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ៣:៤៦៤–៦៦ ) ។
វិវរណៈសម័យទំនើបជួយយើងឲ្យយល់បន្ថែមទៀតអំពីអ្វីដែលយ៉ូហានបានឃើញ ។ ឧទាហរណ៍ ព្រះអម្ចាស់បានប្រទានវិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧ បន្ទាប់ពីព្យាការី យ៉ូសែប ស៊្មីធ បានសុំទ្រង់ឲ្យបកស្រាយពីនិមិត្តរូប និង ព្រឹត្តិការណ៍នានាដែលបានកត់ត្រានៅក្នុង វិវរណៈ ១–១១ ។
-
សូមចម្លងតារាងដែលភ្ជាប់មកជាមួយដាក់ក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ សូមអានបទគម្ពីរយោង ហើយសរសេរដាក់នៅក្នុងតារាងនូវព័ត៌មានបន្ថែមពីអ្វីដែលអ្នកស្វែងរកឃើញអំពីអ្វីដែលយ៉ូហានបានឃើញ ។ ( បន្ទាប់ពីអ្នកធ្វើចប់ហើយ សូមមើល ចម្លើយរបស់អ្នក ជាមួយនឹងចម្លើយទាំងឡាយនៅចុងបញ្ចប់នៃមេរៀន ) ។
អ្វីដែលយ៉ូហានបានឃើញ |
បទគម្ពីរយោង |
ព័ត៌មានបន្ថែម |
---|---|---|
បល្ល័ង្ក ( វិវរណៈ ៤:២–៣ ) | ||
អ្នកចាស់ទុំ២៤នាក់ពាក់មកុដលើក្បាល ( វិវរណៈ ៤:៤ ) | ||
វិញ្ញាណទាំង៧របស់ព្រះ ( វិវរណៈ ៤:៥ ) |
សូមមើល ការបកប្រែដោយយ៉ូសែប ស្ម៊ីធ វិវរណៈ ៤:៥ បានប្តូរពីវិញ្ញាណទាំង៧របស់ព្រះទៅជា អ្នកបម្រើទាំង៧របស់ព្រះ ( នៅក្នុង វិវរណៈ ៤:៥ ) ។ | |
សមុទ្រកែវ ( វិវរណៈ ៤:៦ ) | ||
តួមានជីវិត៤ ( វិវរណៈ ៤:៦-៧ ) | ||
ភ្នែក និង ស្លាបរបស់តួមានជីវិត ( វិវរណៈ ៤:៨ ) |
សូមអាន វិវរណៈ ៤:៨-១១ ដោយរកមើលថា តើអស់អ្នកដែលបានប្រមូលផ្តុំជុំវិញព្រះវរបិតាសួគ៌បាននិយាយ និង ធ្វើអ្វីខ្លះ ។
តើពួកចាស់ទុំដាក់មកុដខ្លួនចុះថ្វាយនៅមុខបល្ល័ង្ករបស់ព្រះវរបិតាសួគ៌អាចតំណាងឲ្យអ្វី ?
គោលការណ៍មួយដែលយើងអាចរៀនចេញពីខគម្ពីរទាំងនេះគឺ នៅពេលយើងដឹងពីភាពដ៏អស្ចារ្យរបស់ព្រះវរបិតាសួគ៌យើង នោះយើងមានបំណងថ្វាយបង្គំ និង សរសើរតម្កើងទ្រង់ ។
សូមគិតអំពីអ្វីដែលអាចជួយយើងឲ្យទទួលស្គាល់ភាពអស្ចារ្យរបស់ព្រះវរបិតាសួគ៌ ។
យប់នេះពីមុនអ្នកអធិស្ឋាន សូមពិចារណាពីផែនការនៃសុភមង្គលដ៏មហិមា និង របៀបដែលព្រះវរបិតាសួគ៌បានប្រទានពរដល់អ្នក ។ នៅពេលអ្នកអធិស្ឋាន សូមចាំពីការថ្លែងអំណរគុណដល់ទ្រង់ ជាពិសេសចំពោះអ្វីដែលទ្រង់បានប្រទានដល់អ្នក ។
វិវរណៈ ៥
យ៉ូហានឃើញក្រាំងមួយដែលបានបិទត្រាដោយត្រាទាំងប្រាំពីរ និង កូនចៀមដែលមានភាពសក្តិសមដើម្បីបើកគម្ពីរនោះ
សូមអាន វិវរណៈ ៥:១-៤ ដោយរកមើលអ្វីដែលយ៉ូហានបានឃើញនៅក្នុងព្រះហស្តរបស់ព្រះវរបិតាសួគ៌ ។
សូមកត់សម្គាល់ថាក្រាំង ឬ រមូរក្រដាសដែលយ៉ូហានបានឃើញនោះ ត្រូវបានបិទត្រាដោយត្រាទាំងប្រាំពីរ ។ កាលពីបុរាណ ឯកសារសំខាន់ៗត្រូវបានបិទត្រាដោយដីឥដ្ឋ ឬ ក្រមួន ។ មានតែម្ចាស់ឯកសារ និង អស់អ្នកដែលម្ចាស់ឯកសារនោះផ្តល់សិទ្ធិឲ្យ ទើបអនុញ្ញាតឲ្យបំបែកត្រានោះ ហើយអានវា ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧:៦-៧ ដោយរកមើលអត្ថន័យនៃពាក្យក្រាំង និង ត្រា ។
រយៈពេល ៧០០០ ឆ្នាំដែលផែនដី « រស់នៅខាងសាច់ឈាម » ( គ. និង ស. ៧៧:៦ ) សំដៅលើជំនាន់ចាប់តាំងពីការធ្លាក់នៃអ័ដាម និង អេវ៉ា ។ វាពុំសំដៅទៅលើអាយុកាលពិតប្រាកដនៃផែនដី រួមទាំងអាយុកាលនៃការបង្កបង្កើតនោះទេ ។ ត្រានិមួយៗតំណាងឲ្យរយៈពេល ១០០០ ឆ្នាំ ។
យោងតាម វិវរណៈ ៥:២ តើមនុស្សម្នាក់ត្រូវការគុណសម្បត្តិអ្វីខ្លះ ដើម្បីបើកក្រាំងនោះបាន ?
សូមកត់សម្គាល់ថា យ៉ូហានបានយំ នៅពេលលោកបានឃើញថាគ្មាននរណាម្នាក់អាចបើកក្រាំងនោះបានឡើយ ។ លោកបានគិតថា « ព្រះហឫទ័យ សេចក្ដីអាថ៌កំបាំង… និង កិច្ចការទាំងឡាយ » នៃព្រះ ( គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧:៦ ) ទាក់ទងនឹងសេចក្តីសង្គ្រោះរបស់កូនចៅទ្រង់នឹងពុំអាចបើកសម្តែង ឬ សម្រេចបាន ។ តើនឹងមានអ្វីកើតឡើងចំពោះកូនចៅរបស់ព្រះវរបិតាសួគ៌ ប្រសិនបើផែនការរបស់ទ្រង់សម្រាប់សេចក្តីសង្គ្រោះរបស់ពួកគេពុំអាចសម្រេចបាននោះ ?
សូមអាន វិវរណៈ ៥:៥-៧ ដោយរកមើលមូលហេតុដែលយ៉ូហានត្រូវបានប្រាប់ថាកុំឲ្យយំ ។ សូមអានផងដែរការបកប្រែដោយយ៉ូសែប ស្ម៊ីធ វិវរណៈ ៥:៦ ( នៅក្នុង វិវរណៈ ៥:៦ ) ។ នៅក្នុងព្រះគម្ពីរ ជាញយៗស្នែងជានិមិត្តរូបនៃអំណាច ឬ សិទ្ធិអំណាច ភ្នែកតំណាងឲ្យពន្លឺ និង ចំណេះដឹង ហើយលេខ១២អាចតំណាងឲ្យការគ្រប់គ្រង និង អង្គការនៃព្រះ ឬ ជាបព្វជិតភាព ។
ពាក្យថា « កូនចៀម » ( វិវរណៈ ៥:៦ ) ចង្អុលបង្ហាញពីតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទ ជាដង្វាយបូជាដែលបានប្រទានឲ្យ ដើម្បីធួននឹងកូនចៅរបស់ព្រះ ( សូមមើលផងដែរ អេសាយ ៥៣:៧, កូរិនថូសទី ១ ៥:៧, ពេត្រុសទី ១ ១:១៨–១៩ ) ។ ឃ្លា « កូនចៀមមួយ ដែលមើលទៅដូចជាបានសម្លាប់ហើយ » ( វិវរណៈ ៥:៦ ) សំដៅលើកូនចៀមដែលបង្ហាញជាសញ្ញាថាត្រូវបានសម្លាប់ហើយ ។ យ៉ូហាន បាទីស្ទបានហៅព្រះអង្គសង្គ្រោះថាជា « កូនចៀមរបស់ព្រះ » ( យ៉ូហាន ១:២៩, ៣៦ ) ។
សូមអាន វិវរណៈ ៥:៨-១០ ដោយរកមើលរបៀបដែលអ្នកនៅជុំវិញបល្ល័ង្ករបស់ព្រះវរបិតាសួគ៌បានសរសើរតម្កើងកូនចៀម ។
ផ្អែកលើអ្វីដែលយ៉ូហានបានឃើញ និង ស្តាប់ឮទាក់ទងនឹងកូនចៀម នោះយើងរៀនថា ព្រះយេស៊ូវគ្រីស្ទគឺជាអង្គតែមួយអង្គគត់ដែលសក្តិសម ហើយអាចប្រោសលោះយើងបាន ។
តើអ្នកគិតថា ហេតុអ្វីព្រះយេស៊ូវគ្រីស្ទគឺជាអង្គតែមួយអង្គគត់ដែលសក្តិសម ហើយអាចប្រោសលោះយើងបាន ?
យោងតាម វិវរណៈ ៥:១០ អស់អ្នកដែលព្រះយេស៊ូវគ្រីស្ទប្រោសលោះ ប្រែក្លាយជាស្តេច និង សង្ឃ ដែលរួមមានទាំងស្ត្រី ជាម្ចាស់ក្សត្រី និង សង្ឃស្ត្រី។
សូមអាន វិវរណៈ ៥:១១–១៤ ដោយរកមើលរបៀបដែល អ្នកដទៃទៀតបានចូលរួមថ្វាយបង្គំ និង សរសើរតម្កើងដល់ព្រះយេស៊ូវគ្រីស្ទ និង ព្រះវរបិតាសួគ៌ ។
អស់អ្នកដែលមានសិរីរុងរឿង និង ការបង្កបង្កើតទាំងអស់បានទទួលស្គាល់ពីភាពល្អរបស់ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ហើយមានអារម្មណ៍អរគុណចំពោះតួនាទីរបស់កូនចៀម នៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ។ ហេតុដូច្នោះហើយ ពួកគេបានថ្វាយបង្គំ និង សរសើរតម្កើងដល់ព្រះវរបិតា និង ព្រះរាជបុត្រា ។ ស្រដៀងគ្នានេះ នៅពេលយើងទទួលស្គាល់ ហើយមានអារម្មណ៍ថ្លែងអំណរគុណដល់អ្វី ដែលព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទបានធ្វើសម្រាប់ពួកយើង នោះយើងមានបំណងថ្វាយបង្គំ និង សរសើរតម្កើងពួកទ្រង់ ។
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី បានបង្រៀនអំពីការថ្វាយបង្គំដូចតទៅនេះ ៖ « សេចក្តីពិត និង ការថ្វាយបង្គំដ៏ឥតខ្ចោះ រួមមាននៅក្នុងការដើរតាមជំហាននានានៃព្រះរាជបុត្រានៃព្រះ វាមាននៅក្នុងការរក្សាព្រះបញ្ញត្តិ ព្រមទាំងការគោរពតាមព្រះឆន្ទៈនៃព្រះវរបិតា រហូតដល់កម្រិតនោះ ដែលយើងរីកចម្រើនពីព្រះគុណថែមលើព្រះគុណ រហូតដល់យើងបានសិរីរុងរឿងនៅក្នុងព្រះគ្រីស្ទ ដូចដែលទ្រង់នៅក្នុងព្រះវរបិតាទ្រង់ដែរ ។ វាលើសពីការគ្រាន់តែការអធិស្ឋាន និងទេសនកថា ព្រមទាំងច្រៀងទៅទៀត ។ វាគឺជាការរស់នៅតាម ហើយធ្វើតាម និង គោរពតាម ។ វាគឺជាការប្រឹងធ្វើតាមជីវិតនៃអង្គជាគំរូដ៏អស្ចារ្យ » (« How to Worship » Ensign ខែ ធ្នូ ឆ្នាំ ១៩៧១ ទំព័រ ១៣០ ) ។
-
សូមឆ្លើយសំណួរខាងក្រោមនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
សូមសរសេរពីហេតុផលមួយចំនួនដែលអ្នកមានអារម្មណ៍អរគុណ និង ស្រឡាញ់ដល់ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ។
-
តើអ្វីៗដែលអ្នកបានសរសេរនេះ ជះឥទ្ធិពលយ៉ាងណាខ្លះ លើបំណងប្រាថ្នារបស់អ្នកដើម្បីថ្វាយបង្គំ និង សរសេរតម្កើងព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ?
-
សូមគិតអំពីសំណួរដូចតទៅនេះ ៖ តើអ្នកអាចធ្វើអ្វីបន្ថែមទៀតដើម្បីថ្វាយបង្គំព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ? សូមដាក់ផែនការ ហើយធ្វើតាមការបំផុសដែលអ្នកទទួល ។
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា វិវរណៈ ៤-៥ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែមដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖