បណ្ណាល័យ
មេរៀន​ទី ៥ ថ្ងៃ​ទី ៣ ៖ ម៉ាថាយ ២១:១៧-២២:១៤


មេរៀន​ទី ៥ ៖ ថ្ងៃ​ទី ៣

ម៉ាថាយ ២១:១៧-២២:១៤

សេចក្តីផ្តើម

បន្ទាប់​ពី​គង់​ក្នុង​ភូមិ​បេថេនី ព្រះយេស៊ូវ​បាន​យាង​ត្រឡប់​ទៅ​ព្រះវិហារ​បរិសុទ្ធ​វិញ ។ នៅ​តាម​ផ្លូវ ទ្រង់​បាន​ដាក់​បណ្ដាសា​ដល់​ដើម​ល្វា​មួយ​ដើម ។ ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​បាន​មក​ឯ​ទ្រង់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​ចោទ​សួរ​អំពី​សិទ្ធិ​អំណាច​របស់​ទ្រង់ ។ ព្រះយេស៊ូវ​បាន​បង្ហាញ​ដល់​ពួកគេ​ជា​ថ្មី ហើយ​បាន​បង្រៀន​រឿង​ប្រៀប​ប្រដូច​មួយ​ចំនួន​ដែល​បង្ហាញ​ពី​ផល​នៃ​ការ​បដិសេធ ឬ​ការ​ទទួល​យក​ទ្រង់ និង​ដំណឹងល្អ របស់​ទ្រង់ ។

ម៉ាថាយ ២១:១៧-៣២

ព្រះយេស៊ូវ​ដាក់​បណ្ដាសា​ដើម​ល្វា​មួយ​ដើម ហើយ​បាន​បង្ហាញ​ជា​ថ្មី​ដល់​ពួក​អ្នកដឹកនាំ​សាសន៍​យូដា

ពេល​ខ្លះ អាហារ ការកម្សាន្ត ផលិតផល​នានា និង​សូម្បី​តែ​ជីវិត​មនុស្ស​ជា​ច្រើន​ពុំ​មើល​ទៅ​មាន​លក្ខណៈ​ប្រសើរ​ដូច​ជា​អ្វី​ដែល​យើង​មើល​ឃើញ​នោះ​ទេ ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​គ្រា​ដែល​អ្នក​បាន​ឃើញ​ថា​រឿង​មួយ​វា​មិន​ល្អ ដូចជា​អ្វី​ដែល​យើង​មើល​ឃើញ ។

ម៉ាថាយ ២១ បង្ហាញ​ដំណើរ​រឿង​មួយ​អំពី​គ្រា​មួយ​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ជួប​នឹង​រឿង​មួយ​ដែល​មិន​ល្អ​ដូចជា​អ្វី​ដែល​ទ្រង់​បាន​ទត​ឃើញ ។ នៅ​ពេល​អ្នក​បន្ត​សិក្សា​ជំពូក​នេះ សូម​ស្វែងរក​សេចក្ដីពិត​នានា ដែល​អាច​ដឹកនាំ​អ្នក​ឲ្យ​រស់នៅ​កាន់តែ​សុចរិត ។

បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​យាង​ដោយ​ជោគជ័យ​ចូល​ទៅ​ក្នុង​ក្រុង​យេរូសាឡិម ព្រមទាំង​បាន​សម្អាត​ព្រះវិហារ​បរិសុទ្ធ ទ្រង់​បាន​គង់​នៅ​ភូមិ​បេថនី ជា​ភូមិ​តូច​មួយ​នៅ​ក្បែរ​ក្រុង​យេរូសាឡិម ។ សូម​អាន ម៉ាថាយ ២១:១៨–២២ ដោយ​ស្វែងរក​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​នៅ​ថ្ងៃ​បន្ទាប់​នោះ នៅ​ពេល​ទ្រង់​បាន​ធ្វើ​ដំណើរ​យាង​ចេញ​ពី​ភូមិ​បេថេនី​ត្រឡប់​ទៅ​ព្រះវិហារ​បរិសុទ្ធ​នៅ​ក្រុង​យេរូសាឡិម​វិញ ។

រូបភាព
ធាង​ល្វា​មាន​ស្លឹក

ស្លឹក​នៅ​លើ​ដើម​ល្វា​ជា​ធម្មតា​បង្ហាញ​ថា ដើម​នោះ​មាន​ផល​ផ្លែ ។ នៅ​និទាឃរដូវ ( កាល​ព្រះអង្គ​សង្គ្រោះ​បាន​ឃើញ​ដើម​ល្វា​មួយ​ដែល​គ្មាន​ផ្លែ ) ជា​ធម្មតា​ដើម​ល្វា​ឆាប់​មាន​ផ្លែ ។ ប្រសិន​បើ​វា​គ្មាន​ផ្លែ​ទេ នោះ​មាន​ន័យ​ថា​វា​នឹង​គ្មាន​ផ្លែ​នៅ​ក្នុង​ឆ្នាំ​នោះ​ទេ ។ ដើម​ឈើ​ដែល​បាន​រៀបរាប់​នៅ​ក្នុង​ដំណើរ​រឿង​នេះ មាន​ភិនភាគ​ជា​ដើម​ឈើ​មាន​ផល​ផ្លែ ប៉ុន្តែ​វា​គ្មាន​ផ្លែ​សោះ ។

ហេតុផល​មួយ​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​នឹង​ដាក់​បណ្ដាសា​ដើម​ល្វា​នោះ​គឺ​ដើម្បី​បង្រៀន​ដល់​ពួក​សិស្ស​របស់​ទ្រង់ អំពី​ពួក​អ្នក​ដឹកនាំ​សាសនា​ពុក​រលួយ​របស់​សាសន៍​យូដា ។ អ្នក​ដឹកនាំ​ទាំងនេះ​ជា​ច្រើន​នាក់​ខំ​បង្ហាញ​ថា​ពួកគេ​ដើរ​តាម​ព្រះ ប៉ុន្តែ​មិន​បាន​បង្កើត​ផល​ផ្លែ ឬ​កិច្ចការ​នៃ​សេចក្ដី​សុចរិត​ឡើយ ។ ពួកគេ​ជា​មនុស្ស​លាក់​ពុត ។

« ពាក្យ លាក់ពុត ត្រូវបាន​បកប្រែ​ពី​ភាសា​ក្រិក​មក​មាន​ន័យ​ថា ‹ តួ​សម្ដែង › ហើយ​សំដៅ​ទៅ​លើ​បុគ្គល​ដែល​ធ្វើ​ពុត និយាយ​បំផ្លើស ឬ បន្ត​មាន​ទង្វើ​ប្រកប​ដោយ​ការ​បោក​បញ្ឆោត​ជា​ដរាប ។ ព្រះអម្ចាស់​បដិសេធ [ អ្នក​ទាំងឡាយ​ដែល​បោក​បញ្ឆោត​នៅ​ក្នុង ] សភាព​ខាង​ក្រៅ​នៃ​ការរក្សា​តាម [ ការគោរព​ព្រះបញ្ញត្តិ ] ខណៈ​ដែល​ក្នុង​ដួងចិត្ត​របស់​ពួកគេ​គឺ​ច្រឡោងខាម និង មិន​ស្មោះត្រង់ » ( New Testament Student Manual Church Educational System manual ឆ្នាំ ២០១៤ ] ទំព័រ ៦៨ ) ។

នៅ​ក្នុង ម៉ាថាយ ២១:២៣–២៧ យើង​អាន​ថា ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​មួយ​ចំនួន​បាន​ដើរ​សំដៅ​ទៅ​រក​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​បាន​ទូល​សួរ​អំពី​សិទ្ធិ​អំណាច​ដែល​ទ្រង់​បាន​ធ្វើ​ការ​យាង​ចូល​ក្នុង​ក្រុង​យេរូសាឡិម​ដោយ​ជោគជ័យ​របស់​ទ្រង់ ហើយ​បាន​បោស​សម្អាត​ព្រះវិហារ​បរិសុទ្ធ ។ ព្រះអង្គសង្គ្រោះ​បាន​មាន​បន្ទូល​តប​ដោយ​សួរ​ពួកគេ​ថាតើ​ពិធី​បុណ្យ​ជ្រមុជទឹក ( ឬ​ការងារ​បម្រើ ) របស់​យ៉ូហាន បាទីស្ទ បាន​អនុញ្ញាត​មក​ពី​ព្រះ ឬ​មនុស្ស ។ ពួក​អ្នកដឹកនាំ​ទាំង​នោះ​មិន​បាន​ឆ្លើយ​តប​សំណួរ​របស់​ព្រះអង្គ​សង្គ្រោះ​ទេ ដោយ​ភ័យខ្លាច​ពី​ការ​ថ្កោល​ទោស​ខ្លួន​ឯង ឬ​ធ្វើ​ឲ្យ​មនុស្ស​បាន​ទទួល​យក​យ៉ូហាន​ថា​ជា​ព្យាការី​ម្នាក់​នោះ មាន​ការរវាត​ចិត្ត ។ ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា ទ្រង់​ក៏​មិន​ឆ្លើយ​នឹង​សំណួរ​របស់​ពួកគេ​ដែរ​ប្រសិនបើ​ពួកគេ​មិន​ឆ្លើយ​នឹង​សំណួរ​ទ្រង់​នោះ ហើយ​បន្ទាប់​មក ទ្រង់​បាន​លើក​ឡើង​នូវ​រឿង​ប្រៀប​ប្រដូច​ចំនួន​បី​ដែល​បង្ហាញ​អំពី​ទង្វើ​របស់​ពួក​អ្នក​ដឹកនាំ​ពុក​រលួយ​របស់​សាសន៍​យូដា​ទាំងនោះ ។

រឿង​ប្រៀប​ប្រដូច​ទី​មួយ​រៀបរាប់​អំពី​របៀប​ខុសៗ​គ្នា ដែល​កូនប្រុស​ពីរ​នាក់​បាន​ធ្វើ​ដាក់​ឪពុក​របស់​ខ្លួន ។ សូម​អាន ម៉ាថាយ ២១:២៨–៣០ ដោយ​ស្វែងរក​ថាតើ​កូន​ប្រុស​ណា​មួយ ដែល​មាន​លក្ខណៈ​ដូចជា​ដើម​ល្វា និង ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា ។

សូម​អាន ម៉ាថាយ ២១:៣១–៣២ ដោយ​ស្វែងរក​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន ដល់​ពួក​អ្នក​ដឹកនាំ​ពុក​រលួយ​របស់​សាសន៍​យូដា​ទាំងនោះ​តាមរយៈ​រឿង​ប្រៀប​ប្រដូច​នេះ ។ ( វា​អាច​នឹង​មាន​ប្រយោជន៍​ដែល​ដឹង​ថា ពួក​អ្នក​យក​ពន្ធ គឺ​ជា​ពួក​ជន​ដើរ​ប្រមូល​ពន្ធ និង ពួក​សំផឹង គឺ​ជា​ពួក​ស្រី​ពេស្យា ។ ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​បាន​ប្រមាថ​មើល​ងាយ​ដល់​មនុស្ស​ទាំង​ពីរ​ក្រុម​នេះ ដោយ​ចាត់ទុក​ថា​ពួកគេ​ជា​អ្នក​មាន​បាប )។

តើ​ពួក​អ្នក​យក​ពន្ធ និង ពួក​សំផឹង ដែល​បាន​ជឿ​លើ យ៉ូហាន បាទីស្ទ មាន​លក្ខណៈ​ដូចជា​កូនប្រុស​ទី​មួយ​នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​យ៉ាង​ដូចម្ដេច ?

យើង​រៀន​ចេញ​ពី​រឿង​ប្រៀប​ប្រដូច​នេះ​ថា ដើម្បី​ចូល​ក្នុង​នគរ​ព្រះ​បាន យើង​ត្រូវតែ​គោរព​តាម​ព្រះវរបិតាសួគ៌​យើង ហើយ​ប្រែចិត្ត​ចេញ​ពី​អំពើ​បាប​របស់​យើង ប្រសើរ​ជាង​គ្រាន់​តែ​និយាយ ឬ​ធ្វើ​ពុត​ថា​យើង​គោរព​តាម​ទ្រង់ ។

  1. សូម​អាន​ទិដ្ឋភាព​ខាងក្រោម ហើយ​ក្រោយ​មក​ឆ្លើយ​សំណួរ​ទាំង​ពីរ​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    មាន​យុវជន​ម្នាក់​តែង​ប្រាប់​ឪពុកម្ដាយ​ខ្លួន​ថា គាត់​នឹង​ទៅ​ចូលរួម​សកម្មភាព​របស់​សាសនាចក្រ ប៉ុន្តែ​តាម​ពិត​គាត់​បាន​ទៅ​ផ្ទះ​មិត្តភក្ដិ​របស់​គាត់​ទៅ​វិញ ។ នៅ​ពេល​គាត់​នៅ​ក្បែរ​ថ្នាក់ដឹកនាំ និង​ពួក​គ្រូបងៀន​ក្នុង​សាសនាចក្រ គាត់​និយាយ ហើយ​បង្ហាញ​ទង្វើ​ដូចជា​គាត់​ជា​អ្នក​ដែល​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះវរបិតាសួគ៌ ប៉ុន្តែ​នៅ​ខាង​ក្រៅ​ព្រះវិហារ​វិញ គាត់​បាន​បំពាន​ព្រះបញ្ញត្តិ​ជាច្រើន ។

    មាន​យុវនារី​ម្នាក់​ចូលចិត្ត​និយាយ​ដើម​ខ្សឹប​ខ្សៀវ​នឹង​មិត្តៗ​របស់​នាង​អំពី​ក្មេង​ស្រី​មួយ​ចំនួន​នៅ​សាលារៀន​របស់​នាង ប៉ុន្តែ​ធ្វើ​ពើ​ជា​រាក់ទាក់​នឹង​ក្មេង​ស្រី​ទាំងនេះ​នៅ​ពេល​ពួកគេ​នៅ​ជិត ។ នាង​ទៅ​ព្រះវិហារ ហើយ​ទទួលទាន​សាក្រាម៉ង់​ជា​ទៀងទាត់ ប៉ុន្តែ​នៅ​ក្នុង​ការប្រជុំ ជារឿយៗ នាង​បាន​ផ្ញើ​សារ​ទៅ​មិត្ត​នាង​ដោយ​សរសេរ​រិះគន់​ដល់​អ្នក​ដែល​នៅ​ជុំវិញ​នាង ។

    1. តើ​អ្នក​អាច​នឹង​និយាយ​ដូចម្ដេច​ទៅ​កាន់​យុវវ័យ​ទាំងនេះ ដើម្បី​ជួយ​ពួកគេ​កែប្រែ​ឥរិយាបថ​របស់​ខ្លួន ?

    2. ក្រៅ​ពី​ឧទាហរណ៍​នៅ​ក្នុង​សាច់រឿង​ទាំងនេះ តើ​របៀប​ផ្សេង​ទៀត​ដែល​យើង​អាច​នឹង​ល្បួង​ឲ្យ​ធ្វើ​ពុត​ជា​គោរពតាម​ព្រះវរបិតា​សួគ៌​ជាជាង​គោរព​ទ្រង់​ដោយ​ពិត​ប្រាកដ​នោះ​មាន​អ្វី​ខ្លះ ?

នៅ​ពេល​អ្នក​បន្ត​សិក្សា ម៉ាថាយ ២១ សូម​ស្វែងរក​អ្វី​ដែល​អ្នក​អាច​ធ្វើ ដើម្បី​ចៀសវាង​កុំ​មាន​លក្ខណៈ​ដូចជា​ដើមល្វា​ដែល​គ្មាន​ផល​ផ្លែ​នោះ ។

ម៉ាថាយ ២១:៣៣-២២:១៤

ព្រះយេស៊ូវ​បង្រៀន​រឿង​ប្រៀប​ប្រដូច​អំពី​ពួក​អ្នក​ធ្វើ​ចម្ការ​ទុច្ចរិត និង​អាពាហ៍ពិពាហ៍​របស់​ព្រះរាជបុត្រា​ស្តេច

រូបភាព
ចង្កោម​ទំពាំងបាយជូរ​នៅ​លើ​ដើម​ទំពាំងបាយជូរ

សូម​អាន ម៉ាថាយ ២១:៣៣–៤១ រួច​បំពេញ​តារាង​ខាង​ក្រោម​ជាមួយ​នឹង​អ្វី ដែល​អ្នក​គិត​ថា​និមិត្តរូប​ទាំង​បី​ចុង​ក្រោយ​នេះ​តំណាង​ឲ្យ ។ វា​អាច​នឹង​មាន​ប្រយោជន៍​ដែល​ដឹង​ថា អ្នក​ធ្វើ​ចម្ការ គឺ​ជា​អ្នក​មើលថែ និង អ្នក​ការពារ​ដែល​មាន​ទំនួលខុសត្រូវ​ក្នុង​ការមើល​ថាតើ​ចម្ការ​ទំពាំងបាយជូរ​ផ្ដល់​ផល​ឬ​អត់ ។ ( ពេល​អ្នក​ធ្វើ​ចប់​ហើយ សូម​ផ្ទៀងផ្ទាត់ ចម្លើយ​របស់​អ្នក ជាមួយ​នឹង​ចម្លើយ​ទាំងឡាយ​នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ ) ។

រឿងប្រៀបប្រដូច​អំពី​ពួក​អ្នក​ធ្វើ​ចម្ការ​ទុច្ចរិត

( ម៉ាថាយ ២១:៣៣-៤១ )

និមិត្តរូប

អត្ថន័យ

ថៅកែ

ព្រះវរបិតាសួគ៌

ពួក​អ្នក​ធ្វើ​ចម្ការ

អ្នកបម្រើ

កូនប្រុស​របស់​ថៅកែ

  1. សូម​សង្ខេប​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​អ្វី​ដែល​អ្នក​គិត​ថា ព្រះយេស៊ូវ​បាន​បង្ហាញ​តាមរយៈ​រឿង​ប្រៀបប្រដូច​នេះ ។

អែលឌើរ នែល អេ ម៉ាក់ស្វែល ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ បាន​មាន​ប្រសាសន៍​អំពី​គំរូ​រឿង​ប្រៀបប្រដូច​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​ពួក​អ្នក​ធ្វើការ​ក្នុង​ចម្ការ​ទុច្ចរិត​ដូច​តទៅ​នេះ ៖

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

« ទំនាក់ទំនង​ទាំងឡាយ [ របស់​ព្រះ ] ជាមួយ​មនុស្ស​ចាប់តាំង​ពី​ការបង្កើត​លោក​អ័ដាម​រហូត​ដល់​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​កូន​មនុស្ស ត្រូវបាន​សង្ខេប​នៅ​ក្នុង រឿង​ប្រៀប​ប្រដូច​អំពី​ពួក​អ្នក​ធ្វើ​ចម្ការ​ទុច្ចរិត ។

« ព្រះ​ទ្រង់​ផ្ទាល់​គឺ​ជា​ថៅកែ ចម្ការ​ទំពាំងបាយជូរ​របស់​ទ្រង់​គឺ​ជា​ផែនដី និង មនុស្ស​រស់នៅ​លើ​នោះ រីឯ​ពួក​អ្នក​ធ្វើការ​នៅ​ក្នុង​ចម្ការ​ដែល​ត្រូវបាន​ចាត់តាំង​ឲ្យ​ធ្វើការ​នៅ​ក្នុង​ចម្ការ​ទំពាំង​បាយជូរ គឺ​ជា​អ្នក​មើលថែ​ខាង​វិញ្ញាណ​របស់​មនុស្ស​ផង​ទាំង​ពួង ។ អ្នក​ដែល​ត្រូវគេ​ចោល​ដុំ​ថ្ម វាយ ធ្វើបាប និង​សម្លាប់​នោះ​គឺ​ជា​ពួក​ព្យាការី និង អ្នកមើលឆុត ដែល​ត្រូវបាន​បញ្ជូន​ឲ្យ​មក​បម្រើ​ក្នុង​ចំណោម​មនុស្ស រីឯ​កូន​ប្រុស និង កូន​គ្រង​មរតក ដែល​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​ចម្ការ​ទំពាំង​បាយជូរ​ដោយ​ការញុះញង់​របស់​ពួក​អ្នក​ធ្វើការ​ក្នុង​ចម្ការ​ទុច្ចរិត​នោះ​គឺ ព្រះយេស៊ូវ » ( Doctrinal New Testament Commentary វ៉ុល ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ១:៥៩៣–៩៤ ) ។

ដោយ​ប្រើ​រឿង​ប្រៀប​ប្រដូច​នេះ ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្ហាញ​ថា អស់​រយៈ​ពេល​ជា​ច្រើន​សតវត្សរ៍​មាន​ពួក​អ្នក​ដឹកនាំ​សាសន៍​អ៊ីស្រាអែល​ខ្លះ បាន​បដិសេធ​ព្យាការី​របស់​ព្រះ ហើយ​ថា​ទ្រង់​បាន​ជ្រាប​ហើយ​ថា ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​បាន​ប៉ុនប៉ង​ធ្វើ​គុត​ទ្រង់ ។

សូម​អាន ម៉ាថាយ ២១:៤៣ ដោយ​ស្វែងរក​ជន​ដែល​នឹង​បាន​ទទួល​នគរ​ព្រះ ( មាន​ន័យ​ថា សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​ពរជ័យ​នៃ​ដំណឹងល្អ ) បន្ទាប់​ពី​ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​បាន​បដិសេធ​វា ។

ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ ម៉ាថាយ ២១:៥៣ ( នៅ​ក្នុង​សេចក្ដី​បន្ថែម​នៃ​ព្រះគម្ពីរ​ប៊ីប ) បង្ហាញ​ថា « ពួក​សាសន៍​ដទៃ » ជា​ប្រជាជាតិ​ដែល​នឹង​ទទួល​បាន​នគរ​ព្រះ ។ « ជួនកាល [ ពាក្យ ពួក​សាសន៍​ដទៃ ] មាន​ន័យ​ថា មនុស្ស​ក្រៅ​ពី​ពូជ​ពង្ស​អ៊ីស្រាអែល ជួនកាល ជា​មនុស្ស​ក្រៅពី​ពូជ​យូដា ហើយ​ជួនកាល ជា​ពួក​សាសន៍​ដែល​ឥត​ស្គាល់​ដំណឹងល្អ ទោះ​ជា​មាន​មនុស្ស​ខ្លះ​អាច​មាន​ឈាម​អ៊ីស្រាអែល​នៅ​ក្នុង​ចំណោម​ប្រជាជន​ក៏​ដោយ » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សាសន៍​ដទៃ » scriptures.lds.org ) ។ ការផ្ទេរ​នគរ​នោះ​ទៅ​ឲ្យ​ពួក​សាសន៍​ដទៃ​បាន​ចាប់ផ្ដើម​នៅ​ពេល​ពួក​សាវក​បាន​នាំ​យក​ដំណឹងល្អ​ជា​លើក​ដំបូង​ទៅ​ដល់​ពួក​សាសន៍​ដទៃ តាមរយៈ​ពួកសាវក​ដប់ពីរ​នាក់​បន្ទាប់​ពី​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះអង្គ​សង្គ្រោះ ។ វា​បាន​បន្ត​នៅ​ថ្ងៃ​ចុងក្រោយ​ជាមួយ​នឹង​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ​តាមរយៈ​ព្យាការី យ៉ូសែប ស៊្មីធ ដែល​បាន​រស់នៅ​ក្នុង​សាសន៍​ដទៃ ។

ក្នុង​នាម​ជា​សមាជិក​ក្នុង​សាសនាចក្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ យើង​ស្ថិត​នៅ​ក្នុង​ចំណោម​ជន​ដែល​ព្រះ​បាន​ប្រទាន​នគរ​ទ្រង់​ឲ្យ ។ ដូច្នេះ ស្របតាម​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង ម៉ាថាយ ២១:៤៣ ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ យើង​មាន​ទំនួល​ខុសត្រូវ​ដើម្បី​បង្កើត​ផល​ផ្លែ​នៃ​សេចក្ដី​សុចរិត ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​គូរ​រូបភាព​ដើម​ល្វា​ដែល​មាន​ផ្លែ ។ សូម​សរសេរ​ពាក្យ​លើ​ផ្លែ​នោះ​ដែល​វា​រៀបរាប់​ពី​កិច្ចការ​សុចរិត​នានា ដែល​យើង​គួរ​ធ្វើ ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​គិត​អំពី​មូលហេតុ​ដែល​វា​មាន​សារៈសំខាន់​ចំពោះ​យើង ដែល​ត្រូវ​នាំ​ឲ្យ​មាន​ផល​ផ្លែ​ដូចនេះ ។ ក្រោយ​មក សូម​សរសេរ អំពី​គ្រា​មួយ​ដែល​អ្នក​បាន​ឃើញ​សមាជិក​នៃ​សាសនាចក្រ​ម្នាក់ នាំ​ឲ្យ​មាន​ផល​ផ្លែ​មួយ​នៃ​ផល​ផ្លែ​សុចរិត​ទាំងនេះ​នៅ​តាម​របៀប​មួយ​ដ៏​ស្មោះត្រង់ ។

ម៉ាថាយ ២១:៤៥–៤៦ ពន្យល់​អំពី​របៀប​ដែល​ពួក​សង្គ្រាជ និង ពួកផារិស៊ី​បាន​ខឹង​សម្បារ នៅ​ពេល​ពួកគេ​បាន​ដឹង​ថា ពួក​អ្នក​ធ្វើ​ចម្ការ​ទុច្ចរិត​នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​នោះ​តំណាង​ឲ្យ​ពួកគេ ។ ប៉ុន្តែ ពួកគេ​បាន​ទប់​ចិត្ត​ពី​ការលើក​ដៃ​ទាស់​នឹង​ព្រះអង្គ​សង្គ្រោះ ដោយសារ​ពួកគេ​ខ្លាច​មាន​ប្រតិកម្ម​ពី​ប្រជាជន ប្រសិន​បើ​ពួកគេ​ធ្វើ​ដូច្នោះ ។

នៅ​ក្នុង ម៉ាថាយ ២២:១–១០ យើង​អាន​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​និទាន​រឿង​ប្រៀប​ប្រដូច​មួយ​ដែល​ទ្រង់​បាន​ប្រៀបធៀប​ពរជ័យ​នៃ​ដំណឹងល្អ​ទៅ​នឹង​ពិធី​ជប់លៀង​មង្គលការ​ដែល​ស្ដេច​មួយ​អង្គ​បាន​ធ្វើ​សម្រាប់​បុត្រា​ទ្រង់ ។ មនុស្ស​ដែល​ត្រូវបាន​អញ្ជើញ​ដំបូង​គេ​ទៅ​ពិធី​ជប់លៀង​នោះ ( ជា​តំណាង​ឲ្យ​ពួក​សាសន៍​យូដា រូមទាំង​ពួក​អ្នក​ដឹកនាំ​សាសន៍​នោះ​ដែរ ) បាន​បដិសេធ​មិន​ចូលរួម ។ មនុស្ស​បន្ទាប់​ទៀត​ដែល​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម ( តំណាង​ឲ្យ​ពួក​សាសន៍​ដទៃ ) បាន​ជ្រើស​មក​ចូលរួម ហើយ​បាន​បរិភោគ​អាហារ​នៅ​ក្នុង​ពិធី​ជប់លៀង​នោះ ។

សូម​អាន ម៉ាថាយ ២២:១១-១៤ ដោយ​ស្វែងរក​អ្វី​ដែល​បាន​កើតឡើង​ក្នុង​ពិធីមង្គលការ​នោះ ។

ហេតុអ្វី​ក៍​ភ្ញៀវ​ម្នាក់​នេះ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ពិធីជប់លៀង​នោះ​ដូច្នេះ ?

ស្តេច​អង្គ​នោះ​បាន​បំពេញ​តាម​ប្រពៃណី​ពី​បូរាណ​មួយ ដោយ​ឲ្យ​ពួក​ភ្ញៀវ​របស់​ទ្រង់​នូវ​សំលៀក​បំពាក់​ស្អាត​សមរម្យ​ដើម្បី​ពាក់​ចូល​រួម​ក្នុងពិធី​មង្គលការ ។ ប៉ុន្តែ​បុរស​នេះ​មិន​ព្រម​ពាក់​សំលៀក​បំពាក់​ដែល​ស្ដេច​បាន​ប្រទាន​ឲ្យ​ទេ ។ នៅ​ក្នុង​ព្រះគម្ពីរ សំលៀក​បំពាក់​ស្អាត និង​អាវផាយ ជារឿយៗ​តំណាង​ឲ្យ​សេចក្ដី​សុចរិត និង​បរិសុទ្ធភាព​នៃ​ជន​ដែល​បាន​ជ្រះស្អាត​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ( សូម​មើល នីហ្វៃទី៣ ២៧:១៩ ) ។

ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ ម៉ាថាយ ២២:១៤ បន្ថែម​ថា ពុំ​មែន​មនុស្ស​គ្រប់​គ្នា​នៅ​ឯ​ពិធី​ជប់​លៀង​នឹង​ពាក់​សំលៀក​បំពាក់​មង្គលការ​ទាំងអស់​គ្នា​ទេ ( សូម​មើល ម៉ាថាយ ២២:១៤ លេខ​យោង ) ។ និយាយ​ម្យ៉ាងទៀត គឺ​ពុំមែន​គ្រប់​គ្នា​ដែល​ទទួល​ស្គាល់​ព្រះអង្គ​សង្គ្រោះ ត្រូវ​បាន​ហៅ ហើយ​ទទួល​យក​ការអញ្ជើញ​ឲ្យ​ធ្វើ​ជា​ផ្នែក​មួយ​នៃ​នគរ​នោះ​នឹង​បាន​ត្រៀម​ខ្លួន ហើយ​មាន​ភាពសក្ដិសម​ដើម្បី​រស់នៅ​ដ៏​អស់កល្ប​ជាមួយ​នឹង​ទ្រង់ និង​ព្រះវរបិតាសួគ៌​នោះ​ទេ ។ រឿងប្រៀបប្រដូច​នេះ​អាច​ទាក់ទង​នឹង​បុគ្គល​ទាំងឡាយ ដែល​ពុំទាន់​បាន​ចូល​សាសនាចក្រ—ដែល​ជា​នគរ​ព្រះ​នៅ​លើ​ផែនដី​នេះ—និង​បុគ្គល​ទាំងឡាយ​ដែល​បាន​ចូល​សាសនាចក្រ​ហើយ ប៉ុន្តែ​ពុំ​បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ទទួលបាន​ជីវិត​អស់កល្ប​ជានិច្ច​ជាមួយ​ព្រះ ។

សូម​សញ្ជឹង​គិត​អំពី​អ្វី​ដែល​អ្នក​កំពុង​ធ្វើ ដើម្បី​ទទួល​យក​ការអញ្ជើញ​របស់​ព្រះវរបិតា​សួគ៌​ឲ្យ​ទទួល​យក​រាល់​ពរជ័យ​នៃ​ដំណឹងល្អ ។ ការអនុវត្ត​តាម​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ក្នុង​មេរៀន​នេះ អាច​ជួយ​អ្នក​ត្រៀមខ្លួន​ទទួល​បាន​ពរជ័យ​ទាំងអស់​នេះ​បាន ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា ម៉ាថាយ ២១:១៧–២២:១៤ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖

  • ចម្លើយ​សម្រាប់​តារាង « រឿងប្រៀបប្រដូច​អំពី​ពួក​អ្នក​ធ្វើ​ចម្ការ​ទុច្ចរិត » ៖ ពួក​អ្នក​ធ្វើ​ចម្ការ​តំណាង​ឲ្យ​ពួក​អ្នក​ដឹកនាំ​ពុករលួយ​របស់​សាសន៍​អ៊ីស្រាអែល ពួក​អ្នក​បម្រើ​តំណាង​ឲ្យ​ពួក​ព្យាការី​របស់​ព្រះ ហើយ​កូនប្រុស​ថៅកែ​តំណាង​ឲ្យ​ព្រះយេស៊ូវ​គ្រីស្ទ ។