បណ្ណាល័យ
មេរៀន​ទី ៥ ថ្ងៃ​ទី ២ ៖ ម៉ាថាយ ២១:១-១៦


មេរៀន​ទី ៥ ៖ ថ្ងៃ​ទី ២

ម៉ាថាយ ២១:១-១៦

សេចក្តីផ្តើម

ព្រះយេស៊ូវ​បាន​យាង​ដោយ​ជោគជ័យ​ចូល​ទៅ​ក្រុង​យេរូសាឡិម​នៅ​ដើម​សប្ដាហ៍​ចុងក្រោយ​នៃ​ព្រះជន្ម​របស់​ទ្រង់ ។ កាល​គង់​នៅ​ទីនោះ ទ្រង់​បាន​បោស​សម្អាត​ព្រះវិហារ​បរិសុទ្ធ​ជា​លើក​ទីពីរ ហើយ​បាន​ព្យាបាល​មនុស្ស​ខ្វាក់ និង​មនុស្ស​ខ្វិន​ដែល​បាន​មក​រក​ទ្រង់ ។

ម៉ាថាយ ២១:១-១១

ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​ដោយ​ជោគជ័យ​ចូល​ទៅ​ក្រុង​យេរូសាឡិម

  1. សូម​គិត​អំពី​សកម្មភាព​មួយ​ដែល​នឹង​ជា​សកម្មភាព​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដើម្បី​ធ្វើ​ជាមួយ​មិត្តភក្ដិ ឬ សមាជិក​ក្រុមគ្រួសារ ។ សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នូវ​កថាខណ្ឌ​ខ្លី​មួយ​អំពី​អ្វី​ដែល​អ្នក​នឹង​ថ្លែង ឬ ធ្វើ​ដើម្បី​បញ្ចុះបញ្ចូល​មិត្តភក្ដិ ឬ សមាជិក​គ្រួសារ​របស់​អ្នក​ឲ្យ​រួម​ចំណែក​ក្នុង​សកម្មភាព​នោះ ។

មាន​មនុស្ស​ជាច្រើន​ស្គាល់​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ ចំណែក​ឯ​យើង​មាន​ទំនួលខុសត្រូវ​ដើម្បី​ជួយ​មនុស្ស​ដទៃទៀត​ឲ្យ​រៀន​អំពី​ទ្រង់ ។ នៅ​ពេល​អ្នក​សិក្សា ម៉ាថាយ ២១:១–១១ សូម​ពិរចារណា​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ ដើម្បី​ជួយ​ដល់​នរណា​ម្នាក់​ដែល​ចង់​ស្គាល់​បន្ថែម​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

សូម​មើល​ទៅ ទំព័រ នៅ​ក្នុង​មេរៀន​នេះ​ដែល​មាន​ចំណងជើង « សប្ដាហ៍​ចុងក្រោយ ដង្វាយធួន និង​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ » ។ ទិដ្ឋភាព​សង្ខេប​ទូទៅ​នេះ​ដែល​ស្ដីពី​សប្ដាហ៍​ចុងក្រោយ​នៃ​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ សង្ខេប​ព្រឹត្តិការណ៍​នានា​ដែល​បាន​ដឹកនាំ​ទៅ​រក​ការសុគត និង​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ ។ វា​អាច​បញ្ជាក់​បន្ថែម ហើយ​ពង្រឹង​ការយល់ដឹង​របស់​អ្នក​អំពី​ដំណើររឿង ការបង្រៀន គោលលទ្ធិ និង គោលការណ៍​នានា ដែល​ទាក់ទិន​ទៅ​នឹង​ការងារ​បម្រើ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​ជីវិត​រមែងស្លាប់ ។

ម៉ាថាយ ២១ កត់ត្រា​ព្រឹត្តិការណ៍​នានា ដែល​បាន​កើតឡើង​នៅ​ប្រាំ​ថ្ងៃ​មុន​ការឆ្កាង​ព្រះអង្គ​សង្គ្រោះ ដែល​ចាប់ផ្ដើម​ដោយ​ការយាង​ដោយ​ជោគជ័យ​ចូល​ទៅ​ក្រុង​យេរូសាឡិម ។ សូម​ចងចាំ​ថា មាន​ហ្វូង​មនុស្ស​មួយ​ក្រុម​បាន​ដើរ​តាម​ព្រះយេស៊ូវ និង​ពួក​សាវក​របស់​ទ្រង់ កាល​ទ្រង់​បាន​យាង​ចេញ​ពី​ស្រុក​យេរីខូ ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម ( សូម​មើល ម៉ាថាយ ២០:១៧–១៨, ២៩ ) ។

សូម​អាន ម៉ាថាយ ២១:១-៥ ដោយ​ស្វែងរក​អ្វី​ដែល​ព្រះយេស៊ូវ បាន​ត្រាស់​បង្គាប់​ពួក​សាវក​ទ្រង់​ឲ្យ​ធ្វើ ។

ការព្យាករ​ដែល​បាន​លើក​ឡើង​នៅ​ក្នុង ម៉ាថាយ ២១:៤–៥ មាន​នៅ​ក្នុង សាការី ៩:៩–១០ ។ សូម​គិត​ដល់​ការ​សរសេរ​សេចក្ដីពិត​នេះ នៅ​លើ​គែម​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ ម៉ាថាយ ២១:៤–៥ ។ ការព្យាករ​នេះ​គឺ​អំពី​ព្រះមេស៊ី​ដែល​បាន​សន្យា ឬ « ព្យាការី សង្ឃ ស្ដេច និង​ជា​អ្នក​រំដោះ​ដែល​ចាក់​ប្រេង​តាំង​ដែល​ពួក​សាសន៍​យូដា​ទន្ទឹង​ចាំ​យ៉ាង​អន្ទះសា​ឲ្យ​យាង​មក » ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ព្រះមែស៊ី » scriptures.lds.org ) ។ វា​អាច​មាន​ប្រយោជន៍​ដើម្បី​ដឹង​ថា នៅ​សម័យ​ព្រះគម្ពីរ​ប៊ីប សត្វ​លា « គឺជា​និមិត្តសញ្ញា​មួយ​នៃ​ភាព​ជា​ស្ដេច​របស់​សាសន៍​យូដា ។ … ការ​គង់​លើ​សត្វ​លា … បាន​បង្ហាញ​ថា ព្រះយេស៊ូវ​បាន​យាង​មក​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ភាព​សុខសាន្ត ហើយ ‹ រាបទាប › ពុំ​មែន​ជា​អ្នក​ឈ្លាន​ពាន​ប្រទេស​គង់​លើ​សេះ​ចម្បាំង​ទេ » ( New Testament Student Manual [ Church Educational System manual ឆ្នាំ​២០១៤ ] ទំព័រ ៦៤ ) ។

សូម​អាន ម៉ាថាយ ២១:៦–៨ ដោយ​ស្វែងរក​អ្វី​ដែល « ហ្វូងមនុស្ស​ស្ទើរ​តែ​ទាំងអស់ » ( ខទី ៨ ) បាន​ធ្វើ ដើម្បី​ទទួល​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ការគោរព​ថា​ជា​ព្រះមែស៊ី កាល​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ក្រុង​យេរូសាឡិម​នោះ ។

ដំណឹងល្អ​របស់​យ៉ូហាន​បញ្ជាក់​យ៉ាង​ល្អិតល្អន់​ថា ហ្វូង​មនុស្ស​បាន​ប្រើ « ធាង​ចាក » ( យ៉ូហាន ១២:១៣ ) ។ ធាង​ចាក​គឺជា​និមិត្តសញ្ញា​មួយ​នៃ ជោគជ័យ និង​ជ័យជម្នះ​លើ​ពួក​សត្រូវ ។ ការក្រាល​ជា​កម្រាល​នៅ​លើ​ផ្លូវ ដូចជា​អ្វី​ដែល​ហ្វូង​មនុស្ស​បាន​ធ្វើ​ដោយ​ប្រើ​ធាង និង​សម្លៀក​បំពាក់​គឺជា​កាយវិការ​មួយ​គោរព​ដល់​ភាព​ជា​ស្តេច ឬ​អ្នក​ចម្បាំង ។ ដោយ​ការធ្វើ​ដូច្នេះ នោះ​ហ្វូង​មនុស្ស​បាន​ទទួល​ស្គាល់ ហើយ​ស្វាគមន៍​ដល់​ព្រះយេស៊ូវ​ថា​ជា​អ្នក​រំដោះ និង​ជា​ស្ដេច​របស់​ពួកគេ ។

សូម​មើល​ទៅ​រូបភាព ការយាង​ចូល​មក​ដ៏​ជោគជ័យ​ទៅ​ក្នុង​ក្រុង​យេរូសាឡិម ( សៀវភៅ​រូបភាព​ដំណឹងល្អ [ ឆ្នាំ ២០០៩ ] រូប​ទី ៥០ សូមមើល​ផងដែរ LDS.org ) ។ សូម​ស្រមៃ​ថា​អ្នក​គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ហ្វូង​មនុស្ស​នោះ ។ សូម​អាន ម៉ាថាយ ២១:៩ រួច​ស្រមៃ​ថា​អ្នក​កំពុង​ស្រែក​ហ៊ោ​ជាមួយ​ពួកគេ ។

រូបភាព
ការយាង​ចូល​មក​ដ៏​ជោគជ័យ

សូម​កត់ចំណាំ​ថា ហ្វូង​មនុស្ស​បាន​ស្រែក​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​នូវ​ពាក្យ ហូសាណា ដែល​មាន​ន័យ​ថា « សង្គ្រោះ​ឥឡូវ​នេះ » ( Bible Dictionary « Hosanna »​) ។ សូម​គិត​ដល់ ការសរសេរ និយមន័យ​នេះ នៅ​លើ​គែម​ព្រះគម្ពីរ​ក្បែរ ម៉ាថាយ ២១:៩ ។

ផ្នែក​នៃ​ការស្រែក​ឡើង​របស់​ហ្វូង​មនុស្ស​បាន​បំពេញ​ការព្យាករ​អំពី​ព្រះមែស៊ី​ដែល​មាន​នៅ​ក្នុង ទំនុកដំកើង ១១៨:២៥–២៦ ។ សូម​គិត​ដល់​ការសរសេរ​បទគម្ពីរយោង នៅ​លើ​គែម​នៃ​ព្រះគម្ពីរ​ក្បែរ ម៉ាថាយ ២១:៩ ឬ គូសចំណាំ​វា​នៅ​ក្នុង ម៉ាថាយ ២១:៩ លេខយោង ខ ។ ងារ​រាជវង្ស និង ព្រះមែស៊ី « បុត្រា​នៃ​ហ្លូង​ដាវីឌ » ( ម៉ាថាយ ២១:៩ ) ត្រូវបាន​រៀបចំ​ដើម្បី​គ្រង​បល្ល័ង​ហ្លួង​ដាវីឌ ។ ដោយ​ការថ្លែង​ដូចនេះ ហ្វូង​មនុស្ស​បាន​ស្រែក​ឡើង​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះមែស៊ី​ដែល​ត្រូវ​ជ្រើសតាំង និង​ត្រូវបាន​បញ្ជូន​មក​ដោយ​ព្រះ​ដើម្បី​រំដោះ ហើយ​ដឹកនាំ​រាស្ត្រ​ទ្រង់ ។

សូម​ស្រមៃ​ថា​អ្នក​បាន​រស់នៅ​ក្នុង​ក្រុង​យេរូសាឡិម​នា​ពេល​នោះ ។ តើ​អ្នក​មាន​គំនិត ឬ​អារម្មណ៍​បែបណា​ដែរ កាល​អ្នក​បាន​ឃើញ​ការ​យាង​ចូល​មក​ដ៏​ជោគជ័យ​របស់​ព្រះអង្គ​សង្គ្រោះ ?

មាន​មនុស្ស​រាប់ពាន់​នាក់​បន្ថែម​ទៀត​នៅ​ក្នុង​ក្រុង​យេរូសាឡិម​នៅ​ពេល​នោះ បាន​អបអរ​ដល់​បុណ្យ​រំលង ។ សូម​អាន ម៉ាថាយ ២១:១០–១១ ដោយ​រកមើល​ឥទ្ធិពល​នៃ​ឥរិយាបថ​របស់​ហ្វូង​មនុស្ស​នោះ​ទៅ​លើ​មនុស្ស​ដទៃ​ទៀត​នៅ​ក្នុង​ទីក្រុង​យេរូសាឡិម ។

តើ​មនុស្ស​ដទៃ​ទៀត​បាន​សួរ​សំណួរ​អ្វីខ្លះ ដោយសារ​តែ​ឥរិយាបថ​របស់​ហ្វូង​មនុស្ស​នោះ ?

ដំណើររឿង​នេះ​បង្ហាញ​គោលការណ៍​ដូច​ខាង​ក្រោម​នេះ ៖ នៅ​ពេល​យើង​ទទួល​ស្គាល់ ហើយ​និយាយ​អំពី​ព្រះយេស៊ូវគ្រីស្ទ​ជា​សាធារណៈ នោះ​យើង​អាច​ជួយ​មនុស្ស​ដទៃ​ទៀត​ឲ្យ​បង្កើត​បំណង​ប្រាថ្នា​មួយ​ដើម្បី​ចង់​ដឹង​បន្ថែម​ទៀត​អំពី​ទ្រង់ ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក តើ​បរិយាកាស​មួយ​ចំនួន​ណា​ខ្លះ​នៅ​ខាង​ក្រៅ​ការប្រជុំ​សាសនាចក្រ ដែល​យើង​អាច​ទទួល​ស្គាល់​ហើយ​និយាយ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ជា​សាធារណៈ​បាន ? បន្ទាប់​មក សូម​សរសេរ​របៀប​ត្រឹមត្រូវ​នានា​ដែល​អ្នក​អាច​ទទួលស្គាល់ ហើយ​និយាយ​អំពី​ទ្រង់ ដែល​អាច​ជួយ​មនុស្ស​ដទៃ​ឲ្យ​ចង់​ដឹង​បន្ថែម​អំពី​ទ្រង់ ។

  2. សូម​ឆ្លើយ​សំណួរ​មួយ ឬ សំណួរទាំងពីរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ធ្លាប់​មាន​ពេល​ណា​ដែល​ការខិតខំ​របស់​មនុស្ស​ណា​ម្នាក់​ដែល​បាន​ទទួល​ស្គាល់ ហើយ​និយាយ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ជា​សាធារណៈ ដែល​បាន​នាំ​អ្នក​ឲ្យ​ចង់​ដឹង​បន្ថែម​ទៀត​អំពី​ទ្រង់ ?

    2. តើ​ធ្លាប់​មាន​ពេល​ណា​ដែល​អ្នក ឬ មនុស្ស​ម្នាក់​ដែល​អ្នក​ស្គាល់ ធ្លាប់​ជួយ​មនុស្ស​ម្នាក់​ឲ្យ​ចង់​ដឹង​បន្ថែម​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ ដោយសារ​អ្នក​បាន​ទទួល​ស្គាល់ ហើយ​បាន​និយាយ​អំពី​ទ្រង់​ជា​សាធារណៈ ?

សូម​ស្វែងរក ហើយ​ឆ្លៀត​ឱកាស​ដើម្បី​ទទួល​ស្គាល់ ហើយ​និយាយ​ដោយ​សមរម្យ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

ម៉ាថាយ ២១:១២-១៦

ព្រះយេស៊ូវ​បាន​បោស​សម្អាត​ព្រះវិហារ​បរិសុទ្ធ ហើយ​បានព្យាបាល​មនុស្ស​ខ្វាក់ និង​មនុស្ស​ខ្វិន

រូបភាព
ព្រះវិហារ​បរិសុទ្ធ​ទីក្រុង អូលែនដូ រដ្ឋ ហ្លូរីដា

សូម​គិត​អំពី​គំនិត និង អារម្មណ៍​ដែល​អ្នក​បាន​មាន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ប្រសិនបើ​អ្នក​ពុំ​ធ្លាប់​ទៅ​ព្រះវិហារ​បរិសុទ្ធ​ទេ សូម​ស្រមៃ​អំពី​គំនិត និង អារម្មណ៍​ដែល​អ្នក​អាច​មាន​នៅ​ក្នុង​នោះ ។

តើ​មាន​អ្វី​កើតឡើង​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ដែល​ជួយ​យើង​ឲ្យ​ដឹង​ថា​វា​គឺ​ជា​ទី​ដ៏​ពិសិដ្ឋ ?

បន្ទាប់​ពី​ព្រះអង្គ​សង្គ្រោះ​បាន​យាង​ចូល​ទៅ​ក្នុង​ទីក្រុង​យេរូសាឡិម នោះ​ទ្រង់​បាន​យាង​ទៅ​ព្រះវិហារ​បរិសុទ្ធ ។

រូបភាព
ព្រះវិហារបរិសុទ្ធ​ស្ដេច​ហេរូឌ​មើល​ពី​លើ​ភ្នំ​អូលីវ

សូម​អាន ម៉ាថាយ ២១:១២–១៣ ដោយ​ស្វែងរក​អ្វី​ដែល​មនុស្ស​មួយ​ចំនួន​កំពុង​ធ្វើ ដែល​វា​ធ្វើ​ឲ្យ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​រវាត​ព្រះទ័យ ។

ភ្ញៀវ​ដែល​មក​ក្រុង​យេរ៉ូសាឡិម​ដើម្បី​អបអរ​បុណ្យ​រំលង ត្រូវការ​ទិញ​សត្វ​ដើម្បី​ថ្វាយ​ជា​គ្រឿង​បូជា​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ដែល​ជា​ផ្នែក​មួយ​នៃ​ការថ្វាយ​បង្គំ​របស់​ពួកគេ ។ អ្នក​ប្តូរ​ប្រាក់​បាន​ដោះដូរ​រូបិយប័ណ្ណ​រ៉ូម និង រូបិយប័ណ្ណ​ផ្សេង​ទៀត​ជា​រូបិយប័ណ្ណ​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ទិញ​សត្វ ហើយ​ពាណិជ្ជករ​ផ្សេង​ទៀត​បាន​លក់​សត្វ​ទាំង​នោះ ។ ទោះ​ជា​អាជីវកម្ម​នេះ​គឺជា​រឿង​ចាំបាច់ ហើយ​បម្រើ​ក្នុង​គោលបំណង​ល្អ​យ៉ាង​ណា​ក្ដី ប៉ុន្តែ​ការជួញដូរ​នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ គឺ​ខ្វះ​ការគោរព និង កោតខ្លាច ។ ជាង​នោះ​ទៅ​ទៀត ម៉ាថាយ ២១:១៣ ណែនាំ​ថា ពួក​អ្នក​ប្ដូរ​ប្រាក់ និង​ពាណិជ្ជករ​គិត​តែ​ពី​ចង់បាន​ប្រាក់​ចំណូល​ជាជាង​ការ​ថ្វាយ​បង្គំ​ព្រះ និង​ការជួយ​មនុស្ស​ដទៃ​ទៀត​ឲ្យ​ធ្វើ​ដូចគ្នា​នេះ​ដែរ ។

សូម​កត់ចំណាំ​ថា យ៉ូហាន ២:១៦ អំឡុង​ពេល​ទ្រង់​សម្អាត​ព្រះវិហារ​បរិសុទ្ធ​លើក​ទី​មួយ ព្រះយេស៊ូវ​បាន​ហៅ​ព្រះវិហារ​បរិសុទ្ធ​ថា « ដំណាក់​នៃ​ព្រះវរបិតា​ខ្ញុំ » ។ នៅ​ក្នុង ម៉ាថាយ ២១:១៣ អំឡុង​ពេល​ទ្រង់​សម្អាត​ព្រះវិហារ​បរិសុទ្ធ​លើក​ទី​ពីរ ព្រះយេស៊ូវ​បាន​ហៅ​ព្រះវិហារ​បរិសុទ្ធ​ថា « ដំណាក់​អញ » ។

សេចក្ដីពិត​មួយ​អំពី​ព្រះវិហារ​បរិសុទ្ធ ដែល​យើង​អាច​រៀន​ចេញ​ពី​ព្រះបន្ទូល និង ទង្វើ​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង ម៉ាថាយ ២១:១២–១៣ គឺ​ថា ដំណាក់​របស់​ព្រះអម្ចាស់​គឺ​ជា​ទី​ដ៏​បរិសុទ្ធ ហើយ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​គោរព​បូជា​ទី​នោះ​ដោយ​គារវភាព ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​យើង​អាច​បង្ហាញ​គារវភាព​ចំពោះ​ដំណាក់​របស់​ព្រះអម្ចាស់​បាន​ដោយ​របៀបណា ?

    2. តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​មាន​ភាពសក្ដិសម​ចូល​ព្រះវិហារ​បរិសុទ្ធ ?

សូម​អាន ម៉ាថាយ ២១:១៤ ដោយ​ស្វែងរក​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ បន្ទាប់​ពី​បាន​សម្អាត​ព្រះវិហារ​បរិសុទ្ធ​ជា​លើក​ទី​ពីរ ។

វា​អាច​មាន​ប្រយោជន៍​ដែល​ត្រូវ​ដឹង​ថា « មនុស្ស​ខ្វិន » នៅ​ក្នុង ម៉ាថាយ ២១:១៤ សំដៅ​ទៅ​លើ​បុគ្គល​ដែល​ពិការ ឬ មាន​ប្រើប្រាស់​ជើង​ឧបករណ៍​សម្រាប់​ដើរ ។

ចេញ​ពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​សម្រាប់​មនុស្ស​ខ្វាក់ និង មនុស្ស​ខ្វិន ដែល​បាន​មក​រក​ទ្រង់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​អាច​រៀន​សេចក្ដីពិត​ដូច​ខាង​ក្រោម​នេះ ៖ នៅ​ពេល​យើង​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ ព្រះអម្ចាស់​អាច​ព្យាបាល​យើង​បាន ។

តើ​អ្នក​ដឹង​ថា​ព្រះអម្ចាស់​អាច​ព្យាបាល​យើង​បាន នៅ​ពេល​យើង​ចូល​ព្រះវិហារ​បរិសុទ្ធ​បាន​តាម​របៀប​ណា ?

រូបភាព
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ក្នុង​គណៈប្រធាន​ទី​មួយ​បាន​ថ្លែង​ទី​បន្ទាល់​អំពី​ការព្យាបាល យើង​អាច​ទទួល​បាន​នៅ​ពេល​យើង​ចូល​ព្រះវិហារ​បរិសុទ្ធ ៖ « ព្រះអម្ចាស់​បាន​ប្រទាន​វិធី​ជាច្រើន ដែល​យើង​អាច​ទទួល​បាន​ឥទ្ធិពល​នៃ​ការព្យាបាល [ របស់​ទ្រង់] ។ ខ្ញុំ​មាន​អំណរគុណ​ដែល​ព្រះអម្ចាស់​បាន​ស្ដារ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​មក​លើ​ផែនដី​វិញ ។ វា​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ចំពោះ​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ​សម្រាប់​មនុស្ស​រស់​ផង និង មនុស្ស​ដែល​បាន​បាន​ចែកឋាន​ទៅ ។ ព្រះវិហារ​បរិសុទ្ធ​របស់​យើង​ផ្ដល់​កន្លែង​មួយ​ដ៏​បរិសុទ្ធ ដែល​យើង​អាច​ទុក​ចោល​កង្វល់​នៃ​លោកិយ​មួយ​អន្លើរ ។ ព្រះវិហារបរិសុទ្ធ​របស់​យើង​គឺជា​ទីកន្លែង​នៃ​ភាព​សុខសាន្ត និង ភាព​ស្ងប់ស្ងាត់ ។ នៅ​ក្នុង​កន្លែង​ដ៏​បរិសុទ្ធ​ទាំងនេះ ព្រះ ‹ ប្រោស​អស់​អ្នក​ដែល​មាន​ចិត្ត​សង្រេង​ឲ្យ​បាន​ជា ក៏​រុំ​របួស​ឲ្យ​គេ​ផង › ។ ( ទំនុកដំកើង ១៤៧:៣ ) » ( « Spiritual Healing » Ensign ខែ ឧសភា ឆ្នាំ ១៩៩២ ទំព័រ ៧ ) ។

ការព្យាបាល​ដែល​យើង​ទទួលបាន កាល​យើង​ថ្វាយ​បង្គំ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ អាច​កើត​មាន​ភ្លាមៗ ដូចជា​វា​បាន​កើត​ឡើង​ចំពោះ​មនុស្ស​ខ្វាក់ និង​មនុស្ស​ខ្វិន​ដែល​បាន​ពិពណ៌នា​នៅ​ក្នុង ម៉ាថាយ ២១:១៤ ដែរ ឬ​បើ​មិន​ដូច្នោះ​ទេ វា​អាច​នឹង​ចំណាយ​ពេល​យូរ ។

សូម​សញ្ជឹង​គិត​អំពី​ពេល​ដែល​អ្នក ឬ​មនុស្ស​ម្នាក់​ដែល​អ្នក​ស្គាល់​ធ្លាប់​ដក​ពិសោធន៍​ឥទ្ធិពល​នៃ​ការព្យាបាល​របស់​ព្រះអម្ចាស់ ដោយ​ការថ្វាយបង្គំ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ដូច​បាន​កត់ត្រា​នៅ​ក្នុង ម៉ាថាយ ២១:១៥–១៦ ពួក​មេសង្ឃ និង​ពួក​អាចារ្យ​មិន​រីករាយ​ជាមួយ​នឹង​អ្វី​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ជាមួយ​ការស្រែកហ៊ោ​របស់​មនុស្ស​ទៅ​កាន់​ទ្រង់​ថា « ហូសាណា » នៅ​ទីនោះ​ឡើយ ។ ព្រះយេស៊ូវ​បាន​ចង្អុល​បង្ហាញ​ថា ការទទួល​ស្គាល់​ទ្រង់​ពី​សំណាក់​មនុស្ស​ទូទៅ​ជា​សាធារណៈ​បាន​បំពេញ​ការព្យាករ​មួយ ( សូម​មើល ទំនុកដំកើង ៨:២ ) ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា ម៉ាថាយ ២១:១-១៦ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖