បណ្ណាល័យ
មេរៀន​ទី ១៨ ថ្ងៃទី ២ ៖ កិច្ចការ ៨


មេរៀន​ទី ១៨ ៖ ថ្ងៃ​ទី ២

កិច្ចការ ៨

សេចក្ដីផ្ដើម

ការបៀតបៀន​ប្រឆាំង​នឹង​សាសនាចក្រ​នៅ​ក្រុង​យេរូសាឡិម​បាន​ធ្វើ​ឲ្យ​សមាជិក​សាសនាចក្រ​ខ្ចាត់ខ្ចាយ​ពាសពេញ​ស្រុក​យូដា និង ស្រុក សាម៉ារី ។ ភីលីព​បាន​បម្រើ​នៅក្នុង​ស្រុក​សាម៉ារី ជា​កន្លែង​ដែល​មនុស្ស​ជាច្រើន​បាន​ទទួល​យក​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ បន្ទាប់​ពី​ពេត្រុស និង យ៉ូហាន​បាន​ប្រគល់​អំណោយ​ទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​ដល់​អ្នក​ប្រែចិត្ត​ជឿ​ថ្មី​ហើយ នោះ​មាន​គ្រូ​អាប​ធ្មប់​ម្នាក់​ឈ្មោះ ស៊ីម៉ូន​បាន​ព្យាយាម​ចង់​ទិញ​បព្វជិតភាព ។ ក្រោយ​មក ព្រះ​បាន​ដឹកនាំ​ភីលីព​ទៅ​កាន់​មន្ត្រី​នៃ​សាសន៍​អេធីយ៉ូពី ជា​ម្នាក់​ដែល​ភីលីព​បាន​បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​បាន​ជ្រមុជទឹក ។

តាមរយៈ មេរៀន នេះ អ្នក​អាច​មើល​ផែនទី​ព្រះគម្ពីរ​ប៊ីប លេខ ១៣ « ដំណើរ​របស់​ប៉ុល​ទៅ​ផ្សាយ​សាសនា » ហើយ​រកមើល​ទីក្រុង និង ទីកន្លែង​ផ្សេងៗ​ដែល​អ្នក​អាន​អំពី​វា ។

កិច្ចការ ៨:១-២៥

ភីលីព​បម្រើ​នៅក្នុង​ស្រុក​សាម៉ារី ដែល​នៅ​ទីនោះ​មាន​ស៊ីម៉ូន​ជា​គ្រូ​អាប​ធ្មប់​ព្យាយាម​ចង់​ទិញ​បព្វជិតភាព

ប្រសិនបើ​អ្នក​បាន​ទទួល​ប្រាក់​ច្រើន តើ​អ្នក​ចង់​ទិញ​អ្វី ?

មនុស្ស​មួយ​ចំនួន​ជឿ​ថា ប្រាក់​អាច​ទិញ​អ្វីៗ​បាន​គ្រប់​យ៉ាង ។ ប៉ុន្តែ វត្ថុ​មាន​តម្លៃ​បំផុត​មួយ​ចំនួន​នៅក្នុង​ជីវិត​ពុំ​អាច​ប្រើ​ប្រាក់​ទិញ​បាន​ឡើយ ។ នៅពេល​អ្នក​សិក្សា កិច្ចការ ៨ សូម​រកមើល​អំណោយ​ទាន​មួយ​មក​ពី​ព្រះ​ដែល​ពុំ​អាច​ទិញ​បាន​ឡើយ ។

នៅក្នុង កិច្ចការ ៧ អ្នក​បាន​រៀន​អំពី​សេចក្តី​ស្លាប់​របស់​សិស្ស​ម្នាក់​ឈ្មោះ​ស្ទេផាន​នៅក្នុង​កណ្តាប់ដៃ​នៃ​ពួក​បៀតបៀន ។ សូម​អាន កិច្ចការ ៨:១-៥ ដោយ​រកមើល​អ្វី​ដែល​សមាជិក​សាសនាចក្រ​បាន​ធ្វើ ដោយសារ​តែ​ការបៀតបៀន​ប្រឆាំង​នឹង​សាសនាចក្រ​នៅ​ក្រុង​យេរូសាឡិម ។ ពាក្យ ចាប់ទាញ​អូស នៅ​ក្នុង ខទី ៣ មាន​ន័យ​ថា ចាំ​បង្ខំ​ឲ្យ​ចេញ ។

សូម​កត់ចំណាំ​ឈ្មោះ ភីលីព នៅក្នុង ខ​ទី ៥ ។ ភីលីព​គឺ​ជា​បុរស​ម្នាក់​ក្នុង​ចំណោម​ពួក​សិស្ស​ទាំង​ប្រាំពីរ​នាក់​ដែល​បាន​តែងតាំង​ឲ្យ​ជួយ​ដល់​ពួក​សាវក​ដប់ពីរ​នាក់​នៅក្នុង​ការងារ​បម្រើ​ដល់​សេចក្តីត្រូវការ​នៃ​សមាជិក​សាសនាចក្រ ( សូម​មើល កិច្ចការ ៦:៥ ) ។

សូម​មើល​ទៅ​រូបភាព​នៅ « ទិដ្ឋភាព​ទូទៅ​នៃ​កិច្ចការ​នៃ​ពួកសាវក » នៅក្នុង​មេរៀន​ទី ១៧ ៖ មេរៀន​ថ្ងៃ​ទី ១ ហើយ​អាន​ការត្រាស់​បង្គាប់​របស់​ព្រះអង្គសង្គ្រោះ​ចំពោះ​ពួក​សាវក​របស់​ទ្រង់​ដែល​មាន​កត់ត្រា​នៅក្នុង កិច្ចការ ១:៨ ។ យោង​តាម កិច្ចការ ៨:៥ តើ​ភីលីព​បាន​ធ្វើ​អ្វីខ្លះ ដើម្បី​បំពេញ​តាម​ការត្រាស់​បង្គាប់​នោះ ?

សូម​អាន កិច្ចការ ៨:៦-៨ ដោយ​រកមើល​របៀប​ដែល​ពួក​សាសន៍​សាម៉ារី​បាន​ឆ្លើយ​តប​ចំពោះ​ការបង្រៀន​របស់​ភីលីព និង អព្ភូតហេតុ​នានា​ដែល​លោក​បាន​សម្តែង​ឡើង ។

សូម​អាន កិច្ចការ ៨:៩-១១ ហើយ​កត់ចំណាំ​ការពិពណ៌នា​ពី​បុរស​ម្នាក់​នៅក្នុង​ទីក្រុង​នោះ​ដែល​មាន​ឈ្មោះ​ថា​ស៊ីម៉ូន ។

តើ​ស៊ីម៉ូន​បាន​មាន​ឥទ្ធិពល​អ្វី​ខ្លះ​ទៅលើ​ប្រជាជន​នេះ ?

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃី

អែលឌើរ ប្រ៊ូស អ័រ. ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់​អត្ថន័យ​នៃ​ពួក​គ្រូអាប​ធ្មប់​ថា​ជា « ការប្រើ​អំណាច​ដែល​បាន​មក​ពី​ជំនួយ ឬ ការគ្រប់គ្រង​របស់​វិញ្ញាណ​អារក្ស » ( Mormon Doctrine ការបោះ​ពុម្ព​លើក​ទី ២ [ ឆ្នាំ ១៩៦៦ ] ទំព័រ ៧៤៧ ) ។

ពាក្យ ភាន់ ដែល​ប្រើ​នៅ​ក្នុង កិច្ចការ ៨:១១មាន​ន័យ​ថា ភ្ញាក់​ផ្អើល ។

សូម​អាន កិច្ចការ ៨:១២–១៣ ដោយ​រកមើល​របៀប​ដែល​ស៊ីម៉ូន​បាន​ឆ្លើយ​តប​ចំពោះ​ការបង្រៀន​របស់​ភីលីព ។

យោង​តាម ខទី ១៣ តើ​ស៊ីម៉ូន​មាន​ផល​ប៉ះពាល់​យ៉ាង​ណា​ខ្លះ ដោយសារ​តែ « ទី​សម្គាល់ និង​ការ​ឫទ្ធិបារមី » ដែល​គាត់​បាន​មើល​ឃើញ​នោះ ?

នៅក្នុង កិច្ចការ ៨:១៤–១៦ យើង​រៀន​ថា​ពេត្រុស និង​យ៉ូហាន​បាន​ចូលមក​ស្រុក​សាម៉ារី បន្ទាប់​ពី​បាន​ឮ​ថា​ប្រជាជន​បាន​ទទួល​យក​ព្រះបន្ទូល​របស់​ព្រះ ។ ពួក​លោក​បាន​អធិស្ឋាន​សូម​ឲ្យ​អ្នក​ប្រែចិត្ត​ជឿ​ថ្មី​សាសន៍​សាម៉ារី​នេះ​នឹង​ទទួល​អំណោយទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ។

សូម​អាន កិច្ចការ ៨:១៧ ដោយ​រកមើល​អ្វី​ដែល​ពេត្រុស និង យ៉ូហាន​បាន​ធ្វើ​សម្រាប់​សមាជិក​សាសនាចក្រ​ថ្មី​នៅក្នុង​ទីក្រុង​នៃ​ស្រុក​សាម៉ារី ។

ដំណើររឿង​នេះ​បង្ហាញ​ពី​គោលលទ្ធិ​ដូច​តទៅ​នេះ ៖ អំណោយ​ទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ត្រូវ​បាន​ប្រគល់​ឲ្យ​បន្ទាប់​ពី​ពិធី​បុណ្យ​ជ្រមុជទឹក​តាម​រយៈ​ការដាក់ដៃលើ ដោយ​អ្នក​កាន់​បព្វជិតភាព​ដែល​មាន​ការអនុញ្ញាត ។

សូម​អាន កិច្ចការ ៨:១៨-១៩ ដោយ​រកមើល​សំណើ​របស់​ស៊ីម៉ូន​ចំពោះ​ពេត្រុស ។

ប្រសិនបើ​អ្នក​មាន​ស្ថានភាព​ដូច​ជា​ពេត្រុស តើ​អ្នក​នឹង​ឆ្លើយ​ដូចម្តេច​ទៅ​កាន់​ស៊ីម៉ូន ?

សូម​អាន កិច្ចការ ៨:២០–២៤ ដោយ​រក​មើល​អ្វី​ដែល​ពេត្រុស​បាន​បង្រៀន​ស៊ីម៉ូន​អំពី​ការទទួល​បព្វជិតភាព ។

រូបភាព
កាក់ និង វិក្កយបត្រ

ប្រាក់​ពុំ​អាច​ទិញ​បព្វជិតភាព​បាន​ឡើយ ។ ដោយសារ​បព្វជិតភាព​ជា​របស់​ផង​ព្រះ អំណាច​នេះ​អាច​ត្រូវបាន​ប្រគល់​ឲ្យ​មនុស្ស​តាម​តែ​ព្រះឆន្ទៈ​របស់​ទ្រង់​ប៉ុណ្ណោះ ។ ព្រះ​បង្កើត​របៀប​មួយ​ដែល​បព្វជិតភាព​ត្រូវ​ទទួល​បាន ( សូម​មើល មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៥ ) ។

យោង​តាម កិច្ចការ ៨:២១–២៣ ហេតុអ្វី​ស៊ីម៉ូន​អាច​ពុំ​ទាន់​បាន​ទទួល​បព្វជិតភាព ? តើ​អ្នក​គិត​ថា ដួងចិត្ត​របស់​ស៊ីម៉ូន « មិន​ស្មោះត្រង់​ចំពោះ​ព្រះ » តាម​របៀប​ណា​ខ្លះ » ( កិច្ចការ ៨:២១ ) ? សូម​មើល អាលម៉ា ៤១:១១ ដើម្បី​យល់​អត្ថន័យ​នៃ « នៅ​ក្នុង​សេចក្តី​ជូរ​ល្វីង » ( កិច្ចការ ៨:២៣ ) ។

ដំណើរ​រឿង​នេះ​បង្រៀន​ពី​សេចក្តី​ពិត​ដូច​តទៅ​នេះ ៖ បព្វជិតភាព​ត្រូវបាន​ប្រគល់​ឲ្យ​ស្របតាម​ព្រះឆន្ទៈ និង តាម​បទដ្ឋាន​នៃ​ភាពសក្តិសម ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា ហេតុអ្វី​វា​សំខាន់​ដែល​ត្រូវ​ដឹង​ថា បព្វជិតភាព​ត្រូវបាន​ប្រគល់​ដល់​បុគ្គល​ម្នាក់ៗ​តាមរយៈ​ព្រះឆន្ទៈ​របស់​ព្រះ និង បទដ្ឋាន​នៃ​ភាពសក្តិសម​តែ​ប៉ុណ្ណោះ ?

    2. សូម​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៣៦-៤២ ។ តើ​គោលការណ៍​អ្វី​ខ្លះ ដែល​បព្វជិតភាព​ត្រូវតែ​អនុវត្ត​តាម​នោះ ? តើ​មាន​អ្វី​កើត​ឡើង​ដល់​បុរស​ដែល​ព្យាយាម​ប្រើ​បព្វជិតភាព « ដោយ​នូវ​សេចក្តី​ដ៏​ឥត​សុចរិត​ណា​មួយ » (គ. និង ស. ១២១:៣៧ ) ?

នៅក្នុង កិច្ចការ ៨:២៥ យើង​រៀន​ថា​ពេត្រុស និង​យ៉ូហាន​បាន​បង្រៀន​ដំណឹង​ល្អ​នៅក្នុង​ភូមិ​ជា​ច្រើន​នៃ​ស្រុក​សាម៉ារី ។

កិច្ចការ ៨:២៦-៤០

ភីលីព​បង្រៀន ហើយ​ជ្រមុជ​ទឹក​ឲ្យ​មន្ត្រី អេធីយ៉ូពី

  1. សូម​គិត​អំពី​ស្ថានភាព​ដែល​អ្នក​ធ្លាប់​ត្រូវការ ឬ នឹង​ត្រូវការ​នរណា​ម្នាក់​ឲ្យ​ដឹកនាំ​អ្នក ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ពី​ស្ថានភាព​មួយ​ចំនួន ដែល​អ្នក​អាច​ធ្វើ​ជា​អ្នក​ដឹកនាំ​នរណា​ម្នាក់​ផ្សេង​ទៀត​បាន ។ ( សូម​គិត​អំពី​គោលដៅ ឬ ប្រធានបទ​ដែល​អ្នក​ចេះ​ស្ទាត់ ឬ អំពី​ទេពកោសល្យ​ដែល​អ្នក​មាន ) ។

នៅពេល​អ្នក​សិក្សា​ខគម្ពីរ​ដែល​នៅ​សល់​ក្នុង កិច្ចការ ៨ សូម​រក​មើល​របៀប​ដ៏​សំខាន់​មួយ​ដែល​អ្នក​អាច​ធ្វើ​ជា​អ្នក​នាំ​ផ្លូវ​ដល់​មនុស្ស​ដទៃ​ទៀត​បាន ។

សូម​អាន កិច្ចការ ៨:២៦ ដោយ​រក​មើល​ថា តើ​នរណា​បាន​ដឹកនាំ​ភីលីព​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ក្រុង​កាសា ។ ( អ្នក​អាច​មើល​ទីតាំង​នៃ​ក្រុង​កាសា​នៅក្នុង​ផែនទី​លេខ ១១ « ដែនដី​បរិសុទ្ធ​នៅ​សម័យ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ») ។

សូម​អាន កិច្ចការ ៨:២៧–២៨ ដោយ​រក​មើល​ថា​តើ​នរណា​បាន​ជួប​ភីលីព​នៅ​តាម​ផ្លូវ ។

តើ​មន្ត្រី​សាសន៍​អេធីយ៉ូពី​កំពុង​ធ្វើ​អ្វី​នៅលើ​រទេះ​សេះ​របស់​លោក ? ( វា​អាច​មាន​ប្រយោជន៍​ដែល​ត្រូវ​ដឹង​ថា អ៊ីសាយ គឺ​ពាក្យ អេសាយជា​ភាសា​ក្រិក ) ។

សូម​អាន កិច្ចការ ៨:២៩-៣៥ ដោយ​រក​មើល​អ្វី​ដែល​កើត​ឡើង​រវាង​ភីលីព និង មន្ត្រី​សាសន៍​អេធីយ៉ូពី​នោះ ។

សូម​គិត​ពី​ការគូស​ចំណាំ​នៅក្នុង ខទី ២៩ ថា​តើ​នរណា​ដែល​បំផុស​គំនិត​ភីលីព​ឲ្យ​ទៅ​កាន់​រទេះ​របស់​មន្ត្រី​សាសន៍​អេធីយ៉ូពី​នោះ ។ អ្នក​អាច​គូស​ចំណាំ​ផងដែរ​នៅក្នុង ខ​ទី ១៣ នូវ​អ្វី​ដែល​សាសន៍​អេធីយ៉ូពី​បាន​និយាយ ថា​គាត់​ត្រូវការ ដើម្បី​យល់​ពី​ការសរសេរ​របស់​អេសាយ ។ សូម​គិត​ពី​ការសរសេរ អេសាយ ៥៣:៧–៨ ទុក​ជា​បទគម្ពីរ​យោង​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ កិច្ចការ ៨:៣២–៣៣ ។

សូម​ប្រើ​ពាក្យ ដឹកនាំ បំផុស​គំនិត និង ឱកាស​នានា ដើម្បី​បំពេញ​គោលការណ៍​ដូចតទៅ​នេះ ដែល​យើង​រៀន​ពី​បទពិសោធន៍​របស់​ភីលីព ៖ នៅពេល​យើង​ស្តាប់​តាម ____________________ ពី​ព្រះ នោះ​យើង​អាច​ទទួល ____________________ ដើម្បី​ជួយ ____________________ មនុស្ស​ដទៃ​ឲ្យ​មក​កាន់​ព្រះយេស៊ូវគ្រីស្ទ ។

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​អំពី​សារៈសំខាន់​នៃ​ការជួយ​ដឹកនាំ​មនុស្ស​ដទៃ​ឲ្យ​ទៅ​រក​ព្រះអង្គ​សង្គ្រោះ ៖ « ដើម្បី​ឲ្យ​យើង​ម្នាក់ៗ ‹ មក​រក​ព្រះគ្រីស្ទ › [គ. និង ស. ២០:៥៩] រក្សា​ព្រះបញ្ញត្តិ​របស់​ទ្រង់ ហើយ​ធ្វើ​តាម​គំរូ​របស់​ទ្រង់​ដើម្បី​ត្រឡប់​ទៅ​ព្រះវរបិតា​វិញ វា​គឺ​ជា​គោលបំណង​ដ៏​សំខាន់ ហើយ​បរិសុទ្ធ​បំផុត​នៅ​ក្នុង​ជីវិត​របស់​មនុស្ស ។ ជួយ​អ្នក​ដទៃ​ទៀត​ឲ្យ​ធ្វើ​ការណ៍​ដូចគ្នា​នេះ—គឺ​ការ​បង្រៀន ការ​បញ្ចុះបញ្ចូល និង​ការ​ដឹកនាំ​ពួកគេ​ឲ្យ​ដើរ​លើ​ផ្លូវ​នៃ​សេចក្ដី​ប្រោសលោះ​ប្រកប​ដោយ​ការ​អធិស្ឋាន—ប្រាកដ​ណាស់ កិច្ចការ​នោះ​ត្រូវ​តែ​ជា​កិច្ចការ​សំខាន់​បំផុត​ទីពីរ​នៅ​ក្នុង​ជីវិត​របស់​យើង ។ ប្រហែល​នោះ​ជា​ហេតុផល​ដែល​ប្រធាន ដេវីឌ អូ មិកឃេ បាន​ថ្លែង​ថា ‹ គ្មាន​ទំនួល​ខុស​ត្រូវ​ដ៏​ធំ​ណា​មួយ​អាច​ធា្លក់​មក​លើ​បុរស [ ឬ​ស្ត្រី ] គ្រប់​រូប ជាង​ការ​ធ្វើ​ជា​គ្រូបង្រៀន​នៃ​កូនចៅ​របស់​ព្រះ​នោះ​ឡើយ › [ នៅ ក្នុង Conference Report ខែ តុលា ឆ្នាំ ១៩១៦ ទំព័រ ៥៧ ] » ( « A Teacher Come from God » Ensign ខែ ឧសភា ឆ្នាំ ១៩៩៨ ទំព័រ ២៥ ) ។

  1. សូម​ជ្រើសរើស​ស្ថានភាព​មួយ ឬ ច្រើន​ពី​ស្ថានភាព​ខាងក្រោម​នេះ ៖

    ស្ថានភាព​ទី ១ ៖ យុវជន​ម្នាក់​ដែល​ជា​មិត្តភក្តិ​របស់​អ្នក​ជា​សមាជិក​ព្រះវិហារ​គ្រិស្តសាសនា​ផ្សេង​ទៀត ។ ថ្ងៃ​មួយ​នៅអំឡុង​ពេល​អាហារ​ថ្ងៃ​ត្រង់ អ្នក​មាន​អារម្មណ៍​បំផុស​ឲ្យ​និយាយ​ជាមួយ​គាត់​អំពី​សាសនាចក្រ​យើង ។

    ស្ថានភាព​ទី ២ ៖ ពេល​កំពុង​ដើរ​មក​ពី​សាលា​រៀន​ទៅ​ផ្ទះ​វិញ អ្នក​បាន​ឃើញ​យុវនារី​ម្នាក់​កំពុង​យំ ។ អ្នក​បាន​ស្គាល់​ថា​គាត់​គឺ​ជា​សមាជិក​ម្នាក់​នៅក្នុង​វួដ​របស់​អ្នក ដែល​ពុំ​បាន​ចូលរួម​រាល់​ការប្រជុំ​នៅ​ព្រះវិហារ​អស់​ពេល​ជាច្រើន​ឆ្នាំ​ហើយ ។ អ្នក​មាន​អារម្មណ៍​បំផុស​គំនិត​ឲ្យ​និយាយ​ទៅ​កាន់​គាត់ ។ នៅពេល​អ្នក​ព្យាយាម​លួងលោម​គាត់ គាត់​រៀបរាប់​ពី​ឧបសគ្គ​របស់​ខ្លួន​ហើយ​សួរ​ថា « ហេតុអ្វី​ខ្ញុំ​ពុំ​មាន​ក្តី​សប្បាយ​រីករាយ​អញ្ចឹង ? »

    ស្ថានភាព​ទី ៣ ៖ ថ្មីៗ​នេះ ម្តាយ​របស់​យុវជន​ម្នាក់​ដែល​អ្នក​រាប់អាន​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បាន​ទទួល​មរណភាព ។ អ្នក​មាន​អារម្មណ៍​បំផុស​ឲ្យ​ឆ្លើយ​តប​នឹង​ការចុះ​ផ្សាយ​ថ្មីៗ​ដូច​តទៅ​នេះ​របស់​គាត់ ៖ « ឥឡូវ​នេះ​ខ្ញុំ​មាន​អារម្មណ៍​ឯកោ ។ ខ្ញុំ​ប្រាថ្នា​សូម​ឲ្យ​មាន​នរណា​ម្នាក់​យល់​ចិត្ត​ខ្ញុំ » ។

    នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​អំពី​អ្វី​ដែល​អ្នក​នឹង​ថ្លែង ហើយ​ធ្វើ​ដើម្បី​ជួយ​ដឹកនាំ​បុគ្គល​នោះ​ឲ្យ​មក​រក​ព្រះយេស៊ូវគ្រីស្ទ ។ នៅក្នុង​ការពិពណ៌នា​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ដូចត​ទៅ​នេះ​ផងដែរ ៖

    1. តើ​សេចក្តីពិត​នៃ​ដំណឹង​ល្អ​ណា​ខ្លះ ដែល​អ្នក​ចង់​ចែកចាយ​ដើម្បី​ជួយ​ដឹកនាំ​បុគ្គល​នោះ​ឲ្យ​មក​រក​ព្រះយេស៊ូវគ្រីស្ទ ?

    2. តើ​ខគម្ពីរ​ណា​មួយ​ដែល​អ្នក​អាច​អញ្ជើញ​បុគ្គល​នេះ​ឲ្យ​សិក្សា ?

    3. តើ​អ្នក​នឹង​អញ្ជើញ​បុគ្គល​នេះ​ឲ្យ​ធ្វើ​អ្វីខ្លះ ?

សូម​អាន កិច្ចការ ៨:៣៦-៤០ ដោយ​រក​មើល​អ្វី​បាន​កើត​ឡើង ដែល​ជា​លទ្ធផល​មក​ពី​ការបង្រៀន​របស់​ភីលីព ទៅ​ដល់​មន្ត្រី​សាសន៍​អេធីយ៉ូពី​អំពី​ព្រះយេស៊ូវ ។

  1. សូម​ឆ្លើយ​សំណួរ​មួយ ឬ សំណួរ​ទាំងពីរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​ធ្លាប់​បាន​ជួយ​ដឹកនាំ​នរណា​ម្នាក់​ឲ្យ​ទៅ​រក​ព្រះយេស៊ូវគ្រីស្ទ​នៅ​ពេល​ណា និង​តាម​របៀប​ណា​ខ្លះ ?

    2. តើ​ពេល​ណា និង តាម​របៀប​ណា ដែល​នរណា​ម្នាក់​បាន​ជួយ​ដឹកនាំ​អ្នក​ឲ្យ​ទៅ​រក​ព្រះយេស៊ូវគ្រីស្ទ ?

នៅពេល​អ្នក​ចាប់ផ្តើម​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក​ជាមួយ​នឹង​ការអធិស្ឋាន​ផ្ទាល់​ខ្លួន នោះ​សូម​ស្វែងរក​ការដឹកនាំ​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដើម្បី​បំផុស​គំនិត​ដល់​អ្នក ។ បន្ទាប់​មក នៅពេល​អ្នក​ធ្វើ​កិច្ចការ​នានា​នៅ​ថ្ងៃ​នោះ សូម​ស្តាប់​ការបំផុស​គំនិត​ពី​ព្រះ ដែល​នឹង​ជួយ​អ្នក​ឲ្យ​ដឹកនាំ​មនុស្ស​ដទៃ​ទៅ​រក​ព្រះយេស៊ូវគ្រីស្ទ ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា កិច្ចការ ៨ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖