មេរៀនទី ១៧ ៖ ថ្ងៃទី ៤
កិច្ចការ ៣-៥
សេចក្ដីផ្ដើម
នៅត្រង់ច្រកចូលព្រះវិហារបរិសុទ្ធ ពេត្រុស និង យ៉ូហាន បានព្យាបាលបុរសម្នាក់ដែលខ្វិនពីកំណើត ។ ក្រោយមកពេត្រុសបានបង្រៀនប្រជាជន ដែលបានឃើញការព្យាបាលបុរសម្នាក់នេះ ។ ជាលទ្ធផលពេត្រុស និង យ៉ូហាន ត្រូវបានចាប់ខ្លួន ហើយបានបញ្ជាដោយសានហេទ្រិន ឲ្យឈប់បង្រៀននៅក្នុងព្រះនាមព្រះយេស៊ូវ ។ សមាជិកសាសនាចក្របានរស់នៅតាមក្រឹត្យវិន័យនៃការថ្វាយ ប៉ុន្តែមានពីរនាក់បានស្លាប់ដោយសារតែការកុហកដល់ពេត្រុស និង ព្រះ ។ ពេត្រុស និង យ៉ូហានបានបន្តសម្តែងអព្ភូតហេតុជាច្រើន ដែលធ្វើឲ្យសម្តេចសង្ឃមានកំហឹង ។ ពួកលោកត្រូវបានចាប់ខ្លួនម្តងទៀត ហើយបានឃុំខ្លួនក្នុងគុក ប៉ុន្តែពួកលោកត្រូវបានរំដោះឲ្យរួចតាមរយៈទេវតាមួយអង្គ ។ ទេវតាបានមានបន្ទូលប្រាប់ពួកលោកឲ្យទៅព្រះវិហារបរិសុទ្ធ ហើយផ្សាយដំណឹងល្អ ។
កិច្ចការ ៣:១-១១
ពេត្រុសព្យាបាលបុរសម្នាក់ដែលខ្វិនពីកំណើត
សូមគិតអំពីគ្រាមួយ នៅពេលអ្នកបានស្នើសុំអ្វីមួយជាក់លាក់ ( ប្រហែលជាអំណោយខួបកំណើត ឬ អំណោយបុណ្យគ្រីស្ទម៉ាស់ ) ប៉ុន្តែបានទទួលអ្វីមួយផ្សេងជំនួសវិញ ។ តើបទពិសោធន៍នេះស្រដៀងទៅនឹងការស្វែងរកពរជ័យមកពីព្រះវរបិតាសួគ៌ តាមរយៈការអធិស្ឋានដោយរបៀបណា ?
នៅពេលអ្នកសិក្សា កិច្ចការ ៣ សូមរកមើលគោលការណ៍មួយដែលអាចជួយអ្នក នៅពេលអ្នកពុំបានទទួលចម្លើយ ឬ ពរជ័យដែលអ្នករំពឹងចង់បានពីព្រះអម្ចាស់ទេនោះ ។
សូមអាន កិច្ចការ ៣:១-៣ ដោយរកមើលថាតើនរណាដែលពេត្រុស និង យ៉ូហានបានជួបនៅឯច្រកចូលព្រះវិហារបរិសុទ្ធ ។
សូមសញ្ជឹងគិតថាអ្នកនឹងមានអារម្មណ៍បែបណា បើអ្នកនៅក្នុងស្ថានភាពរបស់បុរសខ្វិននោះ ។ ចេញពីបទពិសោធន៍របស់អ្នក តើមានរបៀបណាខ្លះដែលមនុស្សអាចឆ្លើយតបចំពោះការសុំទាន ឬ ជួយផ្តល់ជាប្រាក់កាក់ ឬ អាហារដល់ការស្នើសុំរបស់មនុស្សម្នាក់ទៀតនោះ ?
សូមអាន កិច្ចការ ៣:៤–៧ ដោយរកមើលអ្វីដែល ពេត្រុស បានធ្វើចំពោះបុរសម្នាក់នោះ ។
តើពេត្រុសបាននិយាយ និង ធ្វើអ្វីខ្លះដែលអ្នកចាប់អារម្មណ៍ជាងគេ ?
សូមអាន កិច្ចការ ៣:៨ ដោយរកមើលអ្វីដែលបុរសនោះបានធ្វើ បន្ទាប់ពីពេត្រុស « បានលើកគាត់ឡើង » ( កិច្ចការ ៣:៧ ) ។
តើពរជ័យដែលបុរសនេះបានទទួលល្អប្រសើរជាងទាន ( ប្រាក់ ) ដែលគាត់បានសុំកាលពីដំបូងយ៉ាងដូចម្ដេចខ្លះ ?
យើងអាចប្រដូចដំណើររឿងនេះទៅនឹងជីវិតរបស់យើង ។ ព្រះវរបិតាសួគ៌អាចពុំឆ្លើយតបចំពោះការអធិស្ឋានរបស់យើងតាមចិត្តយើងចង់បាន ឬ តាមការរំពឹងរបស់យើងចំពោះទ្រង់ទេ ប៉ុន្តែចម្លើយរបស់ទ្រង់នាំមកនូវសេចក្តីល្អកាន់តែប្រសើរឡើងដល់យើង ។
នៅក្នុងដំណើររឿងដែលបានកត់ត្រានៅក្នុង កិច្ចការ ៣:១–៨ វាបង្ហាញយ៉ាងច្បាស់ពីអ្វីដែលបុរសម្នាក់នោះបានទទួលដែលវាល្អប្រសើរជាងអ្វីដែលគាត់បានស្នើសុំទៅទៀត ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងករណីមួយចំនួនវាមិនប្រាកដច្បាស់ឡើយថា អ្វីដែលយើងកំពុងទទួលបាននោះវាល្អប្រសើរជាងអ្វីដែលបានស្នើសុំនោះ ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក អំពីបទពិសោធន៍មួយដែលការឆ្លើយតបរបស់ព្រះអម្ចាស់ផ្ទុយពីចម្លើយដែលអ្នកប្រាថ្នាចង់បាន ប៉ុន្តែបាននាំមកនូវសេចក្តីល្អកាន់តែប្រសើរឡើងដល់អ្នក ។
សូមស្រមៃថាអ្នកបាននៅក្នុងចំណោមប្រជាជននៅឯព្រះវិហារបរិសុទ្ធ ដែលបានឃើញការព្យាបាលបុរសខ្វិនម្នាក់នេះ ។ ជារឿយៗអ្នកនឹងឃើញមនុស្សខ្វិនសុំទាន នៅពេលអ្នកដើរចូលច្រកចូលព្រះវិហារបរិសុទ្ធ ។ ថ្ងៃក្រោយមក អ្នកនឹងឃើញគាត់ហក់លោត ហើយរត់បន្ទាប់ពីគាត់បានជាសះស្បើយហើយ ។ តើអ្នកគិតថាការយល់ឃើញរបស់អ្នកចំពោះពេត្រុស និង យ៉ូហាន អាចមានការផ្លាស់ប្តូរយ៉ាងដូចម្តេច បន្ទាប់ពីបានឃើញអព្ភូតហេតុនេះ ?
សូមអាន កិច្ចការ ៣:៩-១១ ដោយរកមើលថាតើប្រជាជនមានប្រតិកម្មដូចម្ដេចចំពោះការជាសះស្បើយរបស់បុរសម្នាក់នោះ ។
កិច្ចការ ៣:១២-២៦
ពេត្រុសថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ហើយបង្រៀនអំពីការប្រែចិត្ត
សូមអាន កិច្ចការ ៣:១២-១៨ ដោយរកមើលរបៀបដែលពេត្រុសបានពន្យល់ពីការប្រោសឲ្យជាដល់បុរសខ្វិននោះដល់ហ្វូងមនុស្ស ។ សូមកត់ចំណាំពីបុគ្គលដែលពេត្រុសបានសរសើរតម្កើងចំពោះការប្រោសលោះបុរសម្នាក់នោះ ។
តាមរយៈទង្វើ និង ពាក្យសម្តីរបស់ពេត្រុស នោះយើងរៀនថា អ្នកបម្រើរបស់ព្រះយេស៊ូវគ្រីស្ទ អាចសម្តែងអព្ភូតហេតុនានាតាមរយៈសេចក្តីជំនឿលើព្រះនាមរបស់ទ្រង់ ។
សូមអាន កិច្ចការ ៣:១៩ ដោយរកមើលការអញ្ជើញរបស់ពេត្រុសដល់ហ្វូងមនុស្ស ។ ( កិច្ចការ ៣:១៩-២១ គឺជាចំណេះចំណានខគម្ពីរ ។ អ្នកអាចគូសចំណាំវានៅក្នុងរបៀបមួយ ដែលជួយអ្នកឲ្យងាយរកវាឃើញនៅពេលខាងមុខ ) ។
ពេត្រុសបានផ្តល់សេចក្តីសង្ឃឹមដល់អស់អ្នកដែលលោកកំពុងថ្លែងប្រាប់ ដោយបង្រៀនពួកគេថា ពួកគេក៏អាចបានជាស្អាតផងដែរតាមរយៈសេចក្តីជំនឿលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ និង លើដង្វាយធួនរបស់ទ្រង់ ។
សូមកត់ចំណាំពីឃ្លាថា « មានពេលលំហើយ » នៅក្នុង កិច្ចការ ៣:១៩ ។ អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ដូចនេះ ៖
រូបភាពអែលឌើរ ប្រ៊ូស អរ ម៉ាក់ខនឃី« រយៈពេលដែលបានកំណត់នេះ មានពេលលំហើយ គឺកើតឡើងនៅគ្រានៃការយាងមកជាលើកទីពីររបស់កូនមនុស្ស នៅថ្ងៃដែលព្រះអម្ចាស់បញ្ជូនព្រះគ្រីស្ទម្តងទៀតមកកាន់ផែនដី ។
« …វាជាថ្ងៃនៅពេលដែល ‹ ផែនដីនឹងបានផ្លាស់ប្តូរសារជាថ្មី ហើយនឹងទទួលសិរីល្អដ៏ប្រកបដោយភាពបរមសុខ › ។ ( មាត្រានៃសេចក្ដីជំនឿខទីដប់ ) ។ វាគឺជាថ្ងៃនៃ ‹ ផែនដីថ្មី › ដែលអេសាយបានឃើញ ( អេសាយ ៦៥:១៧ ) ជាថ្ងៃដែលផែនដីនឹងមានជ័យជម្នះ នៅពេលដែលអំពើទុច្ចរិតឈប់មាន ជាគ្រាដែលសម័យសហសវត្សរ៍ចូលមកដល់ » ( នៅក្នុង Conference Report ខែ តុលា ឆ្នាំ ១៩៦៧ ទំព័រ៤៣ ) ។
សូមអាន កិច្ចការ ៣:២០-២១ ដោយរកមើលអ្វីផ្សេងទៀតដែលនឹងកើតឡើងអំឡុងពេលនោះ ។
ឃ្លា « គ្រាតាំងរបស់ទាំងអស់ឡើងវិញ » នៅក្នុង កិច្ចការ ៣:២១ សំដៅលើការស្ដារឡើងវិញនៃដំណឹងល្អនៅក្នុងសម័យចុងក្រោយ ។ ចេញពី កិច្ចការ ៣:២០–២១ យើងរៀនថា ព្យាការីនៅក្នុងគ្រប់ជំនាន់បានព្យាករពីការស្តារឡើងវិញនៃដំណឹងល្អនៅថ្ងៃចុងក្រោយនេះ ។
ដូចមានកត់ត្រានៅក្នុង កិច្ចការ ៣:២២–២៦ ពេត្រុសបានថ្លែងទីបន្ទាល់ថា ម៉ូសេ « ហើយអស់ទាំងហោរា ចាប់តាំងពីលោកសាំយូអែល គឺអស់អ្នកដែលបានទាយតមក » ( កិច្ចការ ៣:២៤ ) បាននិយាយអំពីព្រះយេស៊ូវគ្រីស្ទ ហើយបានព្រមានពីវិបាកនៃការបដិសេធទ្រង់ ( សូមមើល កិច្ចការ ៣:២៣ ) ។ នៅក្នុងវិវរណៈសម័យទំនើបនេះ ទេវតាមរ៉ូណៃបានបង្ហាញវគ្គបទគម្ពីរនេះសាជាថ្មីដល់យ៉ូសែប ស្ម៊ីធ ដោយបញ្ជាក់ពីផលវិបាកនៃការបដិសេធព្រះយេស៊ូវគ្រីស្ទ ( សូមមើល យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:៤១ ) ។
រូបភាពរូបសញ្ញាចំណេះចំណាខគម្ពីរ ចំណេះចំណានខគម្ពីរ—កិច្ចការ ៣:១៩-២១
-
សូមស្រមៃថាអ្នកគឺជាអ្នកផ្សព្វផ្សាយសាសនា ហើយមានសាសនាគន់ការីម្នាក់សួរថា « តើខគម្ពីរណាមួយនៅក្នុងព្រះគម្ពីរប៊ីបដែលនិយាយថាដំណឹងល្អនឹងត្រូវបានស្តារឡើងវិញនៅក្នុងថ្ងៃចុងក្រោយនោះ ? » នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមឆ្លើយសំណួរនេះដោយប្រើ កិច្ចការ ៣:១៩–២១ និង យ៉ាងហោចណាស់វគ្គបទគម្ពីរមួយផ្សេងទៀតនៅក្នុងព្រះគម្ពីរប៊ីប ។ សូមគិតពីការមើលនៅក្រោមពាក្យ « ការសាងឡើងវិញនៃដំណឹងល្អ » នៅក្នុងសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ ។
កិច្ចការ ៤-៥
ពេត្រុស និង យ៉ូហានត្រូវបានចាប់ខ្លួន និង ដោះលែងមកវិញ អាន៉្នានាស និង សាភីរ៉ាកុហកដល់ពេត្រុស
ពេត្រុស និង យ៉ូហាន ត្រូវបានចាប់ខ្លួន ហើយនាំយកទៅមុខសានហេទ្រិន ។
នៅក្នុង កិច្ចការ ៤:១–៣១ និង កិច្ចការ ៥:១២–៤២ យើងរៀនអំពីចំណុចដូចតទៅនេះ ៖ ពេត្រុស និង យ៉ូហាន ត្រូវបានចាប់ខ្លួន ដោយព្រោះការប្រោសឲ្យជា និង ការបង្រៀននៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ។ ពេត្រុសបានប្រកាសដំណឹងល្អដោយក្លាហានដល់ សានហេទ្រិន ដែលជាព្រឹទ្ធសភាសាសន៍យូដា ហើយជាតុលាការដ៏ខ្ពស់របស់សាសន៍យូដាផ្នែកខាងរដ្ឋការ និង ខាងសាសនា » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « សានហេទ្រិន » scriptures.lds.org ) ។ បន្ទាប់ពីការដោះលែងមក ពេត្រុស និង យ៉ូហានបានបន្តប្រកាសនៅក្នុងព្រះនាមព្រះយេស៊ូវ ហើយត្រូវបានចាប់ខ្លួនម្តងទៀត ។ ពួកលោកត្រូវបានគេវាយដំ ហើយប្រាប់សាជាថ្មីឲ្យឈប់និយាយនៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ហើយក្រោយមកត្រូវបានដោះលែងវិញ ។ ទោះជាយ៉ាងណាក៏ដោយ ពួកលោកពុំបានឈប់បង្រៀននៅក្នុងព្រះនាមព្រះយេស៊ូវឡើយ ។
សូមពិចារណាអំពីស្ថានភាពខាងក្រោម ៖ យុវជនម្នាក់កំពុងរៀបចំខ្លួនបម្រើបេសកកម្ម ។ គាត់ដឹងថាប៊ីស្សពនឹងសួរសំណួរនានាអំពីភាពសក្តិសមរបស់គាត់ដើម្បីបម្រើបេសកកម្ម ហើយគាត់កំពុងពិចារណាថាតើគាត់គួរតែប្រាប់ប៊ីស្សពឬអត់អំពីអំពើបាបធ្ងន់ធ្ងរដែលគាត់បានប្រព្រឹត្តកាលពីអតីតកាល ។
នៅពេលអ្នកសិក្សា កិច្ចការ ៤:៣២–៥:១១ សូមរកមើលគោលការណ៍ដែលអាចជួយអ្នកយល់ពីភាពចាំបាច់នៃការមានភាពទៀងត្រង់ជាមួយអ្នកមប្រើរបស់ព្រះ ។
នៅក្នុង កិច្ចការ ៤:៣២ យើងរៀនថា ពួកបរិសុទ្ធ ( សមាជិកសាសនាចក្រ ) នៅជំនាន់របស់ពេត្រុសកំពុងរស់នៅតាមក្រឹត្យវិន័យនៃការថ្វាយ ដែលមានន័យថាពួកគេបានចុះសេចក្តីសញ្ញាជាមួយព្រះ ដោយស្ម័គ្រចិត្តដើម្បីចែករំលែកទ្រព្យសម្បត្តិរបស់ពួកគេ ប្រយោជន៍ដើម្បីបំពេញសេចក្តីត្រូវការដល់មនុស្សគ្រប់គ្នា ។
សូមអាន កិច្ចការ ៤:៣៤–៣៥ ដោយរកមើលរបៀបដែលពួកគេថ្វាយទ្រព្យសម្បត្តិរបស់ខ្លួនចំពោះព្រះអម្ចាស់ ។
សូមអាន កិច្ចការ ៥:១–២ ដោយរកមើលអ្វីដែលគូស្វាមីភរិយាបានរៀបការមួយគូឈ្មោះ អាន៉្នានាស និងសាភីរ៉ាបានធ្វើជាមួយនឹងប្រាក់ដែលពួកគេបានទទួលពីការលក់ដីរបស់ខ្លួន ។ ពាក្យ យល់ព្រម នៅក្នុង ខទី ២ មានន័យថា មានចំណេះដឹងអំពីអ្វីមួយ ។
តើអាន៉្នានាស និងសាភីរ៉ាបានធ្វើអ្វីខ្លះដែលជាអំពើបាបធ្ងន់ធ្ងរនោះ ?
សូមអាន កិច្ចការ ៥:៣-៤ ដោយរកមើលអ្វីដែល ពេត្រុសបាននិយាយទៅកាន់អាន៉្នានាស ។
យោងតាម ខទី ៤ តើអាន៉្នានាសបានកុហកនរណា ?
ចេញពីចម្លើយរបស់ពេត្រុស យើងរៀនថា ប្រសិនបើយើងកុហកអ្នកបម្រើព្រះ នោះវាគឺដូចជាកុហកដល់ទ្រង់ផងដែរ ។
សូមអាន កិច្ចការ ៥:៥–១១ ដោយរកមើលអ្វីដែលបានកើតឡើងដល់អាន៉្នានាស និងសាភីរ៉ា ដែលជាវិបាកនៃការក្បត់សេចក្តីសញ្ញារបស់ខ្លួន ហើយកុហកដល់ពេត្រុស និង ព្រះ ។
រូបភាពប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លីប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានបង្រៀនអំពីវិបាកមួយចំនួនដែលយើងអាចជួបប្រទះ ប្រសិនបើយើងកុហកដល់ព្រះអម្ចាស់ ឬ អ្នកបម្រើទ្រង់ ៖ « នៅក្នុងជំនាន់របស់យើងនេះ អស់អ្នកដែលឃើញថាគ្មានភាពទៀងត្រង់ ពុំលាចាកលោកនេះដូចជាអាន៉្នានាស និងសាភីរ៉ាឡើយ ប៉ុន្តែមានអ្វីមួយនៅក្នុងខ្លួនរបស់ពួកគេបានស្លាប់ ។ បំផ្លាញសតិសម្បជញ្ញៈ អត្តចរិតទន់ខ្សោយ បាត់បង់ការគោរពខ្លួនឯង គ្មានសេចក្តីថ្លៃថ្នូរ » ( « We Believe in Being Honest » Ensign ខែ តុលា ឆ្នាំ ១៩៩០ ទំព័រ ៤ ) ។
-
សូមរំឭកពីស្ថានភាពនៃការសម្ភាសន៍របស់យុវជនដែលរៀបចំខ្លួនបម្រើបេសកកម្ម ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរសំបុត្រមួយទៅកាន់យុវជននោះ ដោយពន្យល់ពីអ្វីដែលគាត់គួរដឹងអំពីការកុហកអ្នកដឹកនាំបព្វជិតភាព ។
សូមសញ្ជឹងគិតពីពរជ័យនានាដែលកើតចេញមកពីការមានភាពទៀងត្រង់ជាមួយអ្នកបម្រើរបស់ព្រះអម្ចាស់ ។
ចេញពីដំណើររឿងរបស់ អាន៉្នានាស និងសាភីរ៉ា នោះយើងរៀនពីតម្រូវការដើម្បីមានភាពទៀងត្រង់ទាំងស្រុងជាមួយថ្នាក់ដឹកនាំបព្វជិតភាពរបស់យើង ។ លើសពីនេះទៅទៀត យើងគួរតែមានភាពទៀងត្រង់នៅក្នុងគ្រប់ទំនាក់ទំនងជាមួយមនុស្សដទៃទៀតទាំងអស់ ។ តើដើម្បីមានភាពទៀងត្រង់នៅក្នុងគ្រប់ទំនាក់ទំនងជាមួយមនុស្សដទៃទៀតទាំងអស់មានន័យបែបណាចំពោះអ្នក ?
ប្រធាន ហ៊ិងគ្លី បានបង្រៀនបន្ថែមដូចនេះ ៖ « អស់អ្នកដែលកំពុងរស់នៅតាមគោលការណ៍នៃភាពទៀងត្រង់ដឹងថាព្រះអម្ចាស់ប្រទានពរដល់ពួកគេ ។ ពួកគេមានឯកសិទ្ធិដ៏មានតម្លៃដើម្បីរស់នៅក្នុងពន្លឺនៃសេចក្តីពិត ដោយគ្មានការអៀនខ្មាសនៅចំពោះមុខមនុស្សលោកណាឡើយ ។ ម្យ៉ាងវិញទៀត ប្រសិនបើមានតម្រូវការក្នុងការកែតម្រូវនៅក្នុងសមាជិកណាម្នាក់នៅក្នុងសាសនាចក្រ នោះការកែតម្រូវបែបនោះគួរតែចាប់ផ្តើមក្នុងពេលឥឡូវនេះ » ( « We Believe in Being Honest » ទំព័រ ៥ ) ។
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា កិច្ចការ ៤-៥ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែមដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖