បណ្ណាល័យ
មេរៀន​ទី ២២ ថ្ងៃ​ទី ៤ ៖ កូរិនថូស ទី១ ១២–១៤


មេរៀន​ទី ២២ ៖ ថ្ងៃទី ៤

កូរិនថូស ទី១ ១២–១៤

សេចក្ដីផ្ដើម

សាវក​ប៉ុល​បាន​សរសេរ​អំពី​អំណោយទាន​នៃ​ព្រះវិញ្ញាណ​យ៉ាង​ច្រើន ។ លោក​បាន​ប្រៀបធៀប​សាសនាចក្រ​ទៅ​នឹង​រូបកាយ ហើយ​បាន​ពន្យល់​ថា ដូចជា​រូបកាយ​ត្រូវការ​គ្រប់​សរីរាង្គ​ទាំងអស់​ឲ្យ​ដំណើរការ​ត្រឹមត្រូវ​ដែរ ដូច្នេះ​សាសនាចក្រ​ត្រូវការ​សមាជិក​ម្នាក់ៗ​នៃ​សាសនាចក្រ​ឲ្យ​ប្រើ​អំណោយទាន​នៃ​ព្រះវិញ្ញាណ​របស់​ខ្លួន​ចូលរួម​ចំណែក ហើយ​ពង្រឹង​ដល់​សាសនាចក្រ ។ ប៉ុល​បាន​ទូន្មាន​ពួក​បរិសុទ្ធ​ឲ្យ​ស្វែងរក​សេចក្ដី​សប្បុរស និង អំណោយទាន​ខាង​វិញ្ញាណ​នៃ​ការចេះ​ព្យាករ ។

កូរិនថូស ទី១ ១២

ប៉ុល​បង្រៀន​អំពី​អំណោយទាន​ខាង​វិញ្ញាណ

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ រួច​គូស​រង្វង់​លើ​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​អ្នក​គិត​ថា​ត្រឹមត្រូវ​ច្រើន ៖

  • ទីបន្ទាល់​មួយ​គឺ​អាច​រក​បាន ។

  • ទីបន្ទាល់​មួយ​គឺ​ជា​អំណោយ​មួយ ។

សូម​ពន្យល់​ចម្លើយ​របស់​អ្នក ៖

នៅ​ពេល​អ្នក​សិក្សា កូរិនថូស ទី១ ១២ សូម​ស្វែងរក​គោលការណ៍​មួយ​ដែល​នឹង​ជួយ​អ្នក​ដឹង​អំពី​របៀប​មាន​ទីបន្ទាល់​មួយ​ដ៏​រឹងមាំ​អំពី​ព្រះយេស៊ូវគ្រីស្ទ និង អំពី​ដំណឹងល្អ​របស់​ទ្រង់ ។

នៅ​ក្នុង កូរិនថូស ទី១ ១២:១–២ យើង​អាន​ថា សាវក​ប៉ុល​ចង់​បង្រៀន​សមាជិក​សាសនាចក្រ​នៅ​ក្រុង​កូរិនថូស​អំពី​អំណោយទាន​ខាង​វិញ្ញាណ ។

សូម​អាន កូរិនថូស ទី១ ១២:៣ ដោយ​ស្វែងរក​របៀប​ដែល​យើង​អាច​ដឹង​ដោយ​ខ្លួន​យើង​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះអម្ចាស់ និង ជា​ព្រះអង្គ​សង្គ្រោះ ។ ព្យាការី យ៉ូសែប ស៊្មីធ បាន​បង្រៀន​ថា ពាក្យ ថា នៅ​ក្នុង កូរិនថូស ទី១ ១២:៣ គួរតែ​ត្រូវបាន​យល់​ថាជា​ពាក្យ ដឹង ( សូម​មើល History of the Church ៤:៦០២–៣ ) ។

ដោយ​ប្រើ​អ្វី​ដែល​អ្នក​បាន​រៀន​ចេញ​ពី កូរិនថូស ទី១ ១២:៣ សូម​បំពេញ​គោលការណ៍​ខាង​ក្រោម​នេះ ៖ មាន​តែ​តាមរយៈ ប៉ុណ្ណោះ ទើប​យើង​អាច​ទទួល​បាន​ទីបន្ទាល់​ផ្ទាល់​ខ្លួន​មួយ​ថា ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ក្នុង​គណៈប្រធាន​ទី​មួយ​បាន​បង្រៀន​អំពី​តម្រូវការ​របស់​យើង​ឲ្យ​ទទួល​ទីបន្ទាល់​ផ្ទាល់​ខ្លួន​មួយ ៖

រូបភាព
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

« ទីបន្ទាល់​មួយ​គឺ​ជា​ទ្រព្យសម្បត្តិ​ដ៏​មហាសាល ព្រោះ​វា​ពុំ​ទទួល​បាន​មក​ដោយសារ​តក្កវិជ្ជា ឬ​ហេតុផល​តែ​ម្យ៉ាង​នោះ​ទេ វា​ពុំ​អាច​ជួញ​ដូរ​ដោយ​ប្រើ​ទ្រព្យសម្បត្តិ​ខាង​លោកិយ​នោះ​ទេ ហើយ​វា​ពុំ​អាច​ត្រូវបាន​ផ្ដល់​ឲ្យ​ជា​អំណោយ ឬ ទទួល​បាន​មក​ពី​បុព្វការីជន​របស់​យើង​ឡើយ ។ « យើង​មិន​អាច​ពឹងផ្អែក​លើ​ទីបន្ទាល់​របស់​អ្នកដទៃ​បាន​ឡើយ ។ យើង​ត្រូវ​ដឹង​ដោយ​ខ្លួន​ឯង ។ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​មាន​ប្រសាសន៍​ថា ‹ ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​គ្រប់​រូប មាន​ការទទួលខុសត្រូវ​ដើម្បី​ដឹង​ដោយ​ខ្លួន​ឯង​យ៉ាង​ច្បាស់លាស់​លើស​ពី​ការសង្ស័យ​ថា ព្រះយេស៊ូវ គឺ​ជា​ព្រះរាជបុត្រា​ដែល​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ ដែល​នៅ​មាន​ព្រះជន្ម​រស់ របស់​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់នៅ › ( ‹ Fear Not to Do Good › Ensign ខែ ឧសភា ឆ្នាំ ១៩៨៣ ទំព័រ ៨០ ) ។ …

« យើង​ទទួល​បាន​ទីបន្ទាល់​នេះ នៅពេល​ព្រះវិញ្ញាណ​បរិសុទ្ធ មាន​បន្ទូល​មក​កាន់​វិញ្ញាណ​ដែល​នៅ​ក្នុង​ខ្លួន​យើង ។ យើង​នឹង​ទទួល​បាន​ការជឿជាក់​មួយ​ដែល​សន្តិភាព និង មិន​ងាករេ ដែល​នឹង​ក្លាយ​ជា​ប្រភព​នៃ​ទីបន្ទាល់ និង ការប្រែចិត្តជឿ​របស់​យើង » ( « The Power of a Personal Testimony » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៣៨ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ហេតុអ្វី​សំខាន់​ដែល​ត្រូវ​យល់​ថា ទីបន្ទាល់​មួយ​អំពី​ព្រះយេស៊ូវគ្រីស្ទ កើត​មាន​តែ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ?

    2. តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​យាង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​មក​ក្នុង​ជីវិត​របស់​យើង ហើយ​ទទួលបាន​ទីបន្ទាល់​នោះ ?

ដូច​មាន​កត់ត្រា​នៅ​ក្នុង កូរិនថូស ទី១ ១២:៤–៣១ ប៉ុល​បាន​បង្រៀន​ពួក​បរិសុទ្ធ​កូរិនថូស​ថា អំណោយទាន​វិញ្ញាណ​ជា​ច្រើន​ត្រូវបាន​ប្រទាន​ឲ្យ​ដើម្បី​ជា​ប្រយោជន៍​ដល់​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌ និង ដើម្បី​ជួយ​សមាជិក​សាសនាចក្រ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក ។ អំណោយទាន​ទាំងឡាយ​នៃ​ព្រះវិញ្ញាណ​គឺ​ជា​ពរជ័យ ឬ សមត្ថភាព​ដែល​ត្រូវបាន​ប្រទាន​ឲ្យ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ព្រះ​ប្រទាន​យ៉ាង​ហោចណាស់​អំណោយទាន​មួយ​ដល់​សមាជិក​គ្រប់​រូប​នៃ​សាសនាចក្រ ( សូម​មើល គ. និង ស. ៤៦:១១ ) ។ ប៉ុល​បាន​ប្រៀបធៀប​សាសនាចក្រ​ទៅ​នឹង​រូបកាយ ។ ដូចជា​រូបកាយ​ត្រូវការ​គ្រប់​សរីរាង្គ​នីមួយៗ​ឲ្យ​ដំណើរការ​ត្រឹមត្រូវ​ដែរ ដូច្នេះ​សមាជិក​ម្នាក់ៗ​នៃ​សាសនាចក្រ​អាច​ប្រើ​អំណោយទាន​ខាងវិញ្ញាណ​របស់​ខ្លួន​ដើម្បី​ចូលរួម​ចំណែក ហើយ​ពង្រឹង​ដល់​សាសនាចក្រ ។ ដោយ​គោលបំណង​នេះ ប៉ុល​បាន​ទូន្មាន​ឲ្យ​ពួក​បរិសុទ្ធ « សង្វាត [ ឬ ស្វែងរក ] ឲ្យ​បាន​អំណោយទាន យ៉ាង​វិសេស » ( កូរិនថូស ទី១ ១២:៣១ ) ។

កូរិនថូស ទី១ ១៣

ប៉ុល​បង្រៀន​អំពី​សារៈសំខាន់​នៃ​ការមាន​សេចក្ដី​សប្បុរស

សូម​អាន​ស្ថានភាព​ខាង​ក្រោម​នេះ រួច​ពិចារណា​ថា តើ​អនុភាព​ដ៏​គ្រោះថ្នាក់​ណា​ខ្លះ ដែល​ជា​លទ្ធផល​មក​ពី​ឥរិយាបថ និង អាកប្បកិរិយា​ទាំងនេះ ។

  • ជា​ញឹកញាប់ អ្នក​ត្រូវបាន​រំខាន និង ធ្វើ​ឲ្យ​រកាំចិត្ត​ដោយ​ឥរិយាបថ​របស់​បងប្អូន​របស់​អ្នក ។

  • មិត្ត​រួម​ថ្នាក់​ម្នាក់​គំរោះគំរើយ​ដាក់​អ្នក ដូច្នេះ​អ្នក​មាន​អារម្មណ៍​ថា​ត្រូវ​គំរោះគំរើយ​ដាក់​គាត់​វិញ ។

  • អ្នក​មាន​អារម្មណ៍​ច្រណែន​នឹង​ទេពកោសល្យ និង​ជោគជ័យ​នានា​របស់​មិត្តភក្ដិ​អ្នក ។

  • ពេល​ខ្លះ អ្នក​ឃើញ​ថា​វា​ងាយស្រួល​ក្នុង​ការនិយាយ​ដើម ឬ និយាយ​អាក្រក់​អំពី​មនុស្ស​ដទៃ​នៅ​ក្នុង​កូរ៉ុម​បព្វជិតភាព ឬ ថ្នាក់​យុវនារី​របស់​អ្នក ។

នៅ​ពេល​អ្នក​សិក្សា កូរិនថូស ទី១ ១៣ សូម​ស្វែងរក​សេចក្ដីពិត​នានា​ដែល​អាច​ជួយ​អ្នក​ចៀសវាង​ពី​ឥរិយាបថ និង អាកប្បកិរិយា​នានា ដែល​អាច​បង្អាក់​សុភមង្គល​ផ្ទាល់ខ្លួន និង ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ដទៃ ។

សូម​អាន កូរិនថូស ទី១ ១៣:១–៣ ដោយ​ស្វែងរក​ឥរិយាបថ និង អំណោយទាន​នៃ​ព្រះវិញ្ញាណ​មួយ ដែល​ប៉ុល​បាន​ឲ្យ​តម្លៃ​យ៉ាង​ខ្ពស់ ។

សេចក្ដី​សប្បុរស​គឺ​ជា « សេចក្ដី​ស្រឡាញ់​ដ៏​ខ្ពង់ខ្ពស់ ដ៏​មុតមាំ និង ធំធេង​បំផុត ដែល​មិន​គ្រាន់​តែ​ជា​សេចក្ដី​ស្រឡាញ់​ធម្មតា​ប៉ុណ្ណោះ​ទេ » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សប្បុរស » ) ។

សូម​កត់ចំណាំ​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ថាតើ​ប៉ុល​បាន​ពិពណ៌នា​យ៉ាង​ដូចម្ដេច​អំពី​អ្នក​ដែល​មាន​អំណោយទាន​ខាង​វិញ្ញាណ ប៉ុន្តែ​ពុំ​មាន​សេចក្ដី​សប្បុរស ( សូម​មើល​ផងដែរ គ. និង ស. ៨៨:១២៥ ) ។

ឃ្លា « លង្ហិន​ដែល​ឮ​ខ្ទរ » និង « ឈឹង​ដែល​ឮ​ទ្រហឹង » នៅ​ក្នុង ខទី ១ សំដៅ​ទៅ​លើ​ឧបករណ៍​ដែល​បញ្ចេញ​សំឡេង​ឮៗ ។ នៅ​ក្នុង​បរិបទ​នៃ កូរិនថូស ទី១ ១៣:១ ឃ្លា​ទាំងនេះ​អាច​បញ្ជាក់​ពាក្យ​និយាយ ដែល​សោះកក្រោះ ឬ គ្មាន​អត្ថន័យ​នៅ​ពេល​អ្នក​ដែល​ថ្លែង​មក​នោះ​ពុំ​ត្រូវបាន​ជំរុញ​ចិត្ត​ដោយ​សេចក្ដី​សប្បុរស ។

ប៉ុល​បាន​ពិពណ៌នា​អំពី​គុណសម្បត្តិ និង លក្ខណៈសម្បត្តិ​នៃ​សេចក្ដី​សប្បុរស ដើម្បី​ជួយ​ពួក​បរិសុទ្ធ​កូរិនថូស​យល់​កាន់តែ​ច្បាស់​អំពី​អំណោយទាន​នេះ ។ សូម​អាន កូរិនថូស ទី១ ១៣:៤–៨ ដោយ​ស្វែងរក​សេចក្ដី​អធិប្បាយ​របស់​ប៉ុល​អំពី​សេចក្ដី​សប្បុរស ។ អ្នក​អាច​គិត​ដល់​ការគូស​ចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។

សូម​ពិចារណា​អំពី​ការពន្យល់​ឃ្លា​ខាង​ក្រោម​នេះ ដែល​អ្នក​អាច​នឹង​ពិបាក​យល់ ៖ ឃ្លា « អត់ធ្មត់ » ( ខទី ៤ ) ពិពណ៌នា​អំពី​បុគ្គល​ដែល​ទ្រាំទ្រ​នឹង​ការសាកល្បង​ដោយ​សេចក្ដី​អត់​សង្កត់ ។ « មិន​ចេះ​ឈ្នានីស » ( ខទី ៤ ) ពិពណ៌នា​អំពី​បុគ្គល​ដែល​មិន​ចេះ​ច្រណែន​នឹង​មនុស្ស​ដទៃ ។ « មិន​ចេះ​អួត​ខ្លួន » ( ខទី ៤ ) ពិពណ៌នា​អំពី​បុគ្គល​ដែល​មិន​ចេះ​លើក​ខ្លួន​ឯង​ឡើង ។ « មិន​ដែល​មាន​ចិត្ត​ធំ » ( ខទី ៤ ) ពិពណ៌នា​អំពី​គុណសម្បត្តិ​នៃ​ការបន្ទាបខ្លួន ។ « មិន​ដែល​ប្រព្រឹត្ត​បែប​មិន​គួរ​សម » ( ខទី ៥ ) ពិពណ៌នា​អំពី​បុគ្គល​ដែល​មិន​មាន​ភាពគំរោះគំរើយ ឬ ធ្វើ​អ្វី​មិន​ចេះ​គិត​ក្រែង ។ « មិន​ដែល​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន » ( ខទី ៥ ) ពិពណ៌នា​អំពី​គុណសម្បត្តិ​នៃ​ការទុក​ព្រះ និង មនុស្ស​ដទៃ​សំខាន់​ជាង​ខ្លួនឯង ។ « មិន​រហ័ស​ខឹង » ( ខទី ៥ ) ពិពណ៌នា​អំពី​បុគ្គល​ដែល​មិន​ងាយ​មាន​សេចក្ដីក្រោធ ។ « ជឿ​ទាំងអស់ » ( ខទី ៧ ) ពិពណ៌នា​អំពី​បុគ្គល​ដែល​ទទួល​យក​រាល់​សេចក្ដីពិត ។

តើ​ជីវិត​របស់​បុគ្គល​ណា​មួយ ដែល​ជា​គំរូ​នៃ​ឥរិយាបថ​ទាំងនេះ​នៃ​សេចក្ដី​សប្បុរស​ដែល​ប៉ុល​បាន​ពិពណ៌នា ?

នៅ​ក្នុង មរ៉ូណៃ ៧:៤៧ យើង​អាន​ថា ព្យាការី​មរមន​បាន​បង្រៀន​ថា « សេចក្តី​សប្បុរស គឺ​ជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ » ។ អ្នក​អាច​គិត​ដល់​ការសរសេរ​និយមន័យ​នេះ និង សេចក្ដីយោង​នេះ​ក្បែរ កូរិនថូស ទី១ ១៣:៤–៨ ។

  1. សូម​ជ្រើសរើស​និយមន័យ​នៃ​សេចក្ដី​សប្បុរស​ចំនួន​ពីរ​បី​ចេញ​ពី កូរិនថូស ទី១ ១៣:៤–៨ ។ សូម​ពន្យល់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​របៀប​ដែល​និយមន័យ​ទាំងនោះ​ពិពណ៌នា​អំពី​ព្រះយេស៊ូវគ្រីស្ទ រួច​លើក​ឧទាហរណ៍​មួយ​ចេញ​ពី​ព្រះជន្ម​របស់​ទ្រង់​សម្រាប់​និយមន័យ​នីមួយៗ​ដែល​អ្នក​បាន​ជ្រើសរើស​នោះ ។

សេចក្ដីពិត​ដែល​យើង​អាច​រៀន​ចេញ​ពី កូរិនថូស ទី១ ១៣:៤–៨ គឺ​ថា នៅ​ពេល​យើង​ព្យាយាម​ទទួលបាន​អំណោយទាន​ខាង​វិញ្ញាណ​នៃ​សេចក្ដីសប្បុរស នោះ​យើង​អាច​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង​គឺ ព្រះយេស៊ូវគ្រីស្ទ ។

តើ​អ្នក​គិត​ថា ខទី ៨ ដែល​ប្រាប់​ថា « សេចក្តី​ស្រឡាញ់​មិន​ដែល​ផុត​ឡើយ » មាន​ន័យ​ដូចម្ដេច ?

រូបភាព
អែលឌើរ ជេហ្វ្រី អ័រ ហូឡិន

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពិពណ៌នា​អំពី​របៀប​មួយ​ដែល​សេចក្ដីសប្បុរស​មិន​ដែល​ផុត​ឡើយ ៖ « ជីវិត​មាន​រួមទាំង​សេចក្ដី​ភ័យខ្លាច និង បរាជ័យ ។ ពេល​ខ្លះ​ដំណើរការ​នានា​ទទួល​បរាជ័យ ។ ពេល​ខ្លះ មនុស្ស​ធ្វើ​ឲ្យ​យើង​បរាជ័យ ឬ សេដ្ឋកិច្ច ឬ អាជីវកម្ម ឬ រដ្ឋាភិបាល​ធ្វើ​ឲ្យ​យើង​បរាជ័យ ។ ប៉ុន្តែ​អ្វី​មួយ​ដ៏​យូរ​អង្វែង ឬ ដ៏​នៅ​អស់កល្ប​ជានិច្ច​ដែល មិន ធ្វើ​ឲ្យ​យើង​បរាជ័យ​នោះ​គឺ—សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ » ( Christ and the New Covenant [ ឆ្នាំ ១៩៩៧ ] ទំព័រ ៣៣៧ ) ។

នៅ​ក្នុង កូរិនថូស ទី១ ១៣:៩–១២ យើង​រៀន​អំពី​សេចក្ដី​ដែល​ប៉ុល​បាន​បង្រៀន​អំពី​មូលហេតុ ដែល​បណ្ដាល​ឲ្យ​អំណោយទាន​ខាង​វិញ្ញាណ​នៃ​ចំណេះដឹង និង ការព្យាករ​នឹង​ផុត​ទៅ​នៅ​ទីបំផុត ។ ប៉ុល​បាន​សង្កេត​ឃើញ​ថា ចំណេះដឹង​ដែល​មាន​នៅ​ក្នុង​ជីវិត​នេះ​គឺ​មិន​ពេញលេញ​ទេ ហើយ​ថា​យើង​នឹង​ទទួលបាន​ចំណេះដឹង​ដ៏​ល្អ​ឥតខ្ចោះ​នៅ​ក្នុង​ភាពអស់កល្ប​ជានិច្ច ។

សូម​អាន កូរិនថូស ទី១ ១៣:១៣ ដោយ​ស្វែងរក​អំណោយទាន​នៃ​ព្រះវិញ្ញាណ​ទាំង​បី ដែល​ប៉ុល​បាន​បង្រៀន​ថា​នឹង នៅ​មាន ដែល​មាន​ន័យ​ថា ទ្រាំទ្រ ឬ បន្ត​មាន​ជានិច្ច ។

យោងតាម កូរិនថូស ទី១ ១៣:១៣ សូម​បំពេញ​សេចក្ដីពិត​ដូច​ខាង​ក្រោម​នេះ ៖ ____________________ គឺ​ជា​អំណោយ​នៃ​ព្រះវិញ្ញាណ​ដ៏​មហិមា​បំផុត ។

តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​សេចក្តី​សប្បុរស​គឺ​ជា​អំណោយ​នៃ​ព្រះវិញ្ញាណ​ដ៏​មហិមា​បំផុត ?

ដូច​មាន​កត់ត្រា​នៅ​ក្នុង កូរិនថូស ទី១ ១៤:១ ប៉ុល​បាន​ទូន្មាន​ពួក​បរិសុទ្ធ​ឲ្យ « ដេញ​តាម​សេចក្តី​ស្រឡាញ់​ចុះ » ។ សូម​អាន មរ៉ូណៃ ៧:៤៨ ដោយ​ស្វែងរក​សេចក្ដី​ដែល​មរមន​បាន​បង្រៀន​ឲ្យ​ប្រជាជន​លោក​ធ្វើ ដើម្បី​ទទួល​បាន​អំណោយទាន​នៃ​សេចក្ដីសប្បុរស ។

តើ​យើង​ទទួលបាន​អំណោយទានខាង​វិញ្ញាណ​នេះ និង​អំណោយទាន​ខាង​វិញ្ញាណ​ផ្សេងៗ​ទៀត​តាម​របៀប​ណា ? យោង​តាម​មរមន តើ​ព្រះវរបិតាសួគ៌​ប្រទាន​អំណោយទាន​នៃ​សេចក្ដីសប្បុរស​ដល់​នរណា ?

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ការមាន​សេចក្ដីសប្បុរស អាច​បង្កើន​ទំនាក់ទំនង​របស់​យើង​ជាមួយ​ក្រុមគ្រួសារ មិត្តភក្ដិ និង មនុស្ស​មាន​វ័យ​ស្របាល​យើង​យ៉ាង​ដូចម្ដេច ?

    2. តើ​អ្នក​ធ្លាប់​បាន​ឃើញ​សេចក្ដីសប្បុរស​ដែល​ស្ដែង​ចេញ​នៅ​ក្នុង​ការប្រព្រឹត្ត​របស់​បុគ្គល​ណា​ម្នាក់​ចំពោះ​អ្នក ឬ មនុស្ស​ដទៃ​ទៀត​នៅ​ពេល​ណា ?

    3. តើ​ឥរិយាបថ​នៃ​សេចក្ដីសប្បុរស​ណា​ខ្លះ​ដែល​មាន​នៅ​ក្នុង កូរិនថូស ទី១ ១៣:៤–៧ ដែល​អ្នក​មាន​អារម្មណ៍​ថា អ្នកពិបាក​ធ្វើ ? ហេតុអ្វី ? សូម​ដាក់​គោលដៅ​មួយ​អំពី​កិច្ចការ​ដែល​អ្នក​នឹង​ធ្វើ ដើម្បី​ដេញ​តាម ហើយ​ទទួលបាន​អំណោយទាន​នៃ​សេចក្ដី​សប្បុរស ។

កូរិនថូស ទី១ ១៤

ប៉ុល​បង្រៀន​ថា អំណោយទាន​នៃ​ការចេះ​ព្យាករ គឺ​មហិមា​ជាង​អំណោយទាន​ខាង​ភាសា

នៅ​ក្នុង កូរិនថូស ទី១ ១៤:១–៣ ប៉ុល​បាន​ទូន្មាន​ពួក​បរិសុទ្ធ​ឲ្យ​ស្វែងរក​អំណោយទាន​នៃ​ការចេះ​ព្យាករ ។ លោក​បាន​មាន​ប្រសាសន៍​ថា អំណោយទាន​នៃ​ការចេះ​ព្យាករ ស្អាង ឬ ស្ថាបនា​មនុស្ស​ដទៃ​ឡើង ច្រើន​ជាង​អំណោយទាន​ខាង​ភាសា ។

« ការព្យាករ​មាន​នូវ​ពាក្យ ឬ​ការសរសេរ​ដ៏​បំផុសគំនិត​ពី​ព្រះ ដែល​ជន​ណា​ម្នាក់​ទទួល តាម​រយៈ​វិវរណៈ​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។ ទីបន្ទាល់​អំពី​ព្រះយេស៊ូវ គឺជា​វិញ្ញាណ​ខាង​ការព្យាករ ( វិវរណៈ ១៩:១០ ) ។ … កាលណា​ជន​ណា​ម្នាក់​ព្យាករ អ្នក​នោះ​ស្ដី ឬ​សរសេរ​នូវ​អ្វី​ដែល​ព្រះ​ទ្រង់​ចង់​ឲ្យ​គាត់​ដឹង សម្រាប់​ផល​ប្រយោជន៍​ដល់​គាត់ ឬ​ដល់​អ្នក​ឯ​ទៀត » ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ព្យាករ ការព្យាករណ៍ scriptures.lds.org ) ។

យើង​រៀន​ចេញ​ពី កូរិនថូស ទី១ ១៤:១–៣ ថា នៅ​ពេល​យើង​បង្រៀន ហើយ​ថ្លែង​ទីបន្ទាល់​ដោយ​ការបំផុសគំនិត នោះ​យើង​អាច​ជួយ​ស្អាង ហើយ​លួងលោមចិត្ត​ដល់​មនុស្ស​ដទៃ​បាន ។ របៀប​មួយ​ដែល​យើង​អាច​ផ្ដល់​ដំបូន្មាន​ដល់​មនុស្ស​ដទៃ ( សូម​មើល ខទី ៣ ) គឺ​ត្រូវ​លើក​ទឹកចិត្ត​ពួកគេ ។

សូម​គិត​អំពី​គ្រា​ដែល​ការបង្រៀន ឬ ទីបន្ទាល់​របស់​បុគ្គល​ម្នាក់​បាន​ស្ថាបនា លើក​ទឹកចិត្ត ឬ លួងលោមចិត្ត​អ្នក ។

នៅ​ក្នុង កូរិនថូស ទី១ ១៤:៤–៤០ ប៉ុល​បាន​ដាស់តឿន​ពួក​បរិសុទ្ធ​កូរិនថូស អំពី​អំណោយទាន​នៃ​ការនិយាយ​ភាសា​ច្រើន ។ លោក​បាន​ព្រមាន​ថា ប្រសិនបើ​យើង​មិន​បាន​ប្រើ​អំណោយទាន​នោះ​ដោយ​ត្រឹមត្រូវ​ទេ អំណោយទាន​ខាង​ភាសា​នឹង​មិន​ស្អាង​សាសនាចក្រ​ឡើយ ហើយ​ក៏​នឹង​បង្អាក់​សមាជិក​ពី​ការស្វែងរក​អំណោយទាន​ខាង​វិញ្ញាណ​ដែល​ល្អ​ជាង​នេះ​ដែរ ។ ប៉ុល​ក៏​បាន​បង្រៀន​ដែរ​ថា « ព្រះ​ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​សេចក្តី​វឹកវរ​ទេ » ( កូរិនថូស ទី១ ១៤:៣៣ ) ហើយ​ថា អ្វី​គ្រប់​យ៉ាង​នៅ​ក្នុង​សាសនាចក្រ​នេះ​នឹង​ត្រូវបាន​ធ្វើឡើង​តាម​របៀប​រៀបរយ ។

  1. សូម​សរសេរ​ឃ្លា​ដែល​នៅ​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា កូរិនថូស ទី១ ១២-១៤ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖