មេរៀនទី ២០ ៖ ថ្ងៃទី ១
កិច្ចការ ២០-២២
សេចក្តីផ្ដើម
ប៉ុលបានប្រកាសដំណឹងល្អក្នុងតំបន់អាស៊ីតូច ( ប្រទេសតួកគីសព្វថ្ងៃ ) ហើយកាលលោកនៅឯក្រុងម៉ាលទុស ជាទីក្រុងមួយក្បែរក្រុងអេភេសូ លោកបានព្រមានពីការក្បត់សាសនានាពេលអនាគត ហើយបានលើកទឹកចិត្តថ្នាក់ដឹកនាំបព្វជិតភាពឲ្យលើកតម្កើងសមាជិកសាសនាចក្រ ។ បន្ទាប់មក លោកបានធ្វើដំណើរទៅក្រុងយេរូសាឡិម ជាកន្លែងដែលលោកទទួលការបៀតបៀន ហើយចាប់ខ្លួន ។ កាលកំពុងឈរនៅលើកាំជណ្ដើរនៃបន្ទាយអានតូនា ( ជាបន្ទាយរបស់ទ័ពរ៉ូម ) ប៉ុលបានចែកចាយដំណើររឿងនៃការប្រែចិត្តជឿរបស់លោក ។
កិច្ចការ ២០-២១
ប៉ុលបានធ្វើការងារបម្រើនៅក្នុងតំបន់អាស៊ីតូច ហើយធ្វើដំណើរទៅក្រុងយេរូសាឡិម ជាទីកន្លែងដែលលោកត្រូវបានគេវាយដំ ហើយចាប់ខ្លួន
សូមគិតពីគ្រាមួយដែលអ្នកត្រូវចាកចេញពីគ្រួសារ មិត្តភក្ដិ ឬមនុស្សផ្សេងទៀតដែលអ្នកខ្វល់ខ្វាយរយៈពេលបីបួនថ្ងៃ បីបួនសប្ដាហ៍ ឬបីបួនខែ ។
-
តើអ្នក ឬមនុស្សដែលអ្នកធ្លាប់នៅជាមួយបានមានអារម្មណ៍បែបណាពីមុនអ្នកចាកចេញទៅ ?
-
តើអ្នកនិយាយអ្វីខ្លះប្រាប់គ្នាពីមុនចាកចេញទៅនោះ ?
អំឡុងពេលដំណើរផ្សព្វផ្សាយលើកទីបីរបស់ប៉ុល លោកបានចំណាយពេលនៅ ម៉ាសេដូន ក្រេក និង អាស៊ីតូច ( សូមមើលផែនទីក្នុងព្រះគម្ពីរប៊ីប ល.រ.១៣ « ដំណើររបស់សាវកប៉ុលទៅផ្សាយសាសនា » នៅក្នុង Bible appendix ) ។ នៅក្នុងដំណើរនេះ លោកបានទទួលការបំផុសគំនិតឲ្យត្រឡប់ទៅក្រុងយេរូសាឡិមវិញ ។ នៅពេលលោកបានធ្វើដំណើរ លោកបានឈប់ដើម្បីប្រកាសដំណឹងល្អ ហើយបានលាសមាជិកសាសនាចក្រនៅតាមផ្លូវ ។ នាយប់ពីមុនការចាកចេញពី ទ្រូអាស ប៉ុលបាននិយាយនឹងពួកបរិសុទ្ធរហូតដល់វេលាយប់ ។
សូមអាន កិច្ចការ ២០:៩–១២ ដោយរកមើលអ្វីដែលបានកើតឡើងចំពោះយុវជនម្នាក់មានឈ្មោះ អើទីកុស បន្ទាប់ពីគាត់បានដេកលង់លក់កាលប៉ុលកំពុងបង្រៀន ។ សូមគិតពីការគូសចំណាំនៅក្នុងគម្ពីររបស់អ្នក ពីអ្វីដែលប៉ុលបានធ្វើ ដើម្បីបង្ហាញសេចក្តីស្រឡាញ់ និង ការខ្វល់ខ្វាយដល់អើទីកុស ។
តើទង្វើរបស់ប៉ុលដូចទៅនឹងទង្វើរបស់ព្រះអង្គសង្គ្រោះក្នុងអំឡុងពេលការងារបម្រើរបស់ទ្រង់យ៉ាងដូចម្ដេច ?
ជាផ្នែកមួយនៃដំណើរផ្សាយសាសនាលើកទីបីរបស់លោក ប៉ុលបានចំណាយពេលប្រមាណជាបីឆ្នាំនៅក្រុងអេភេសូរធ្វើការនៅក្នុងចំណោមប្រជាជននៅទីនោះ ។ នៅក្នុង កិច្ចការ ២០:១៣–១៧ យើងរៀនថា នៅតាមផ្លូវដែលលោកធ្វើដំណើរទៅក្រុងយេរូសាឡិមនោះ ប៉ុលបានឈប់នៅក្រុងមីលេត ហួសក្រុងអេភេសូរបន្តិច ហើយបានផ្ញើសំបុត្រទៅឲ្យថ្នាក់ដឹកនាំសាសនាចក្រនៅក្រុងអេភេសូរឲ្យមកជួបនឹងលោក ។
សូមអាន កិច្ចការ ២០:១៨-២៣ ដោយរកមើលអ្វី ដែលប៉ុលបានពន្យល់អំពីការបម្រើជាអ្នកផ្សព្វផ្សាយសាសនារបស់លោក ។
ប៉ុលបានលើកឡើងថាលោក « មិនបានខាននឹងប្រាប់សេចក្តីអ្វីដែលមានប្រយោជន៍ » ( កិច្ចការ ២០:២០ ) ចេញពីអ្វីទាំងអស់ដែលលោកបានបង្រៀន ។ សូមកត់ចំណាំនៅក្នុង កិច្ចការ ២០:២១ ពីរបៀបដែលប៉ុលបានបង្រៀន ដែលមានប្រយោជន៍បំផុត—លោកបានថ្លែងទីបន្ទាល់ថា មនុស្សគ្រប់រូបត្រូវតែប្រែចិត្ត ហើយមានសេចក្តីជំនឿលើព្រះនាមនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។
យោងតាម ខទី ២២–២៣ ប៉ុលស្ម័គ្រចិត្តប្រឈមនឹងទុក្ខលំបាកនានាដែលរង់ចាំលោកនៅក្នុងក្រុងយេរូសាឡិម ។ លោកងាយនឹងរងនូវគ្រោះថ្នាក់នៅក្រុងយេរូសាឡិម កាលពួកអ្នកដឹកនាំសាសន៍យូដាបានចាត់ទុកលោកជាជនក្បត់ ដោយសារការខិតខំរបស់លោកដើម្បីប្រកាសដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ ប៉ុន្តែ ហេតុផលមួយដែលប៉ុលបានស្ម័គ្រចិត្តទៅក្រុងយេរូសាឡិមនោះ គឺដោយសារព្រះវិញ្ញាណនៃព្រះអម្ចាស់បានដឹកនាំលោកឲ្យធ្វើដូច្នោះ ។
សូមអាន កិច្ចការ ២០:២៤–២៧ ដោយរកមើលអ្វីដែលប៉ុលបាននិយាយ នៅពេលលោករៀបចំខ្លួនដើម្បីធ្វើជា អ្នកបម្រើម្នាក់របស់ព្រះអម្ចាស់ ។ សូមគិតពីការគូសចំណាំអ្វីដែលលោកបាននិយាយនៅក្នុង ខទី ២៤ ។
ចេញពី កិច្ចការ ២០:២៤–២៧ យើងរៀនថា អ្នកបម្រើដ៏ពិតរបស់ព្រះអម្ចាស់ធ្វើកាតព្វកិច្ចរបស់ខ្លួនដោយស្មោះត្រង់ ហើយនៅពេលពួកគេធ្វើដូច្នេះ ពួកគេមានអំណរ ។ អ្នកអាចសរសេរសេចក្តីពិតនេះ នៅក្នុងព្រះគម្ពីររបស់អ្នក ឬ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
សូមពិចារណាថា តើវាន័យដូចម្តេចចំពោះអ្នក ដើម្បីថ្វាយអ្វីៗទាំងអស់នៅក្នុងការបម្រើដល់ព្រះ ។
តើអ្នកអាចអនុវត្តគោលការណ៍នេះនៅក្នុងជីវិតរបស់អ្នកផ្ទាល់ដោយរបៀបណា ?
-
សូមគិតពីគ្រាមួយនៅក្នុងជីវិតអ្នក ឬមនុស្សម្នាក់ដែលអ្នកស្គាល់ នៅពេលអ្នក ឬ មនុស្សដទៃបានជ្រើសបម្រើព្រះអម្ចាស់ ដោយអស់ពីកម្លាំង និង ពលំ ហើយមានបទពិសោធន៍នៃអំណរដ៏អស្ចារ្យ ។ សូមសង្ខេបពីបទពិសោធន៍នេះ និង មេរៀនដែលអ្នកបានរៀនពីបទពិសោធន៍នេះដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
ប៉ុលបានទៅជួបថ្នាក់ដឹកនាំសាសនាចក្រនៅក្រុងអេភេសូរជាលើកចុងក្រោយពីមុនចាកចេញទៅក្រុងយេរូសាឡិម ។ ប្រសិនបើអ្នកជាប៉ុលវិញ ដោយដឹងថាអ្នកនឹងពុំបានជួបថ្នាក់ដឹកនាំសាសនាចក្រទាំងនេះនៅក្រុងអេភេសូរម្ដងទៀតទេ តើពាក្យទូន្មានអ្វីខ្លះដែលអ្នកនឹងផ្ដល់ទៅពួកគេពីមុនអ្នកចាកចេញទៅ ?
សូមអាន កិច្ចការ ២០:២៨–៣១ ដោយរកមើលការព្រមានរបស់ប៉ុលទៅកាន់ថ្នាក់ដឹកនាំសាសនាចក្រទាំងនេះ ។
ប៉ុលបានប្រើពាក្យសត្វចចកជាតំណាងឲ្យ សមាជិកសាសានាចក្រ និង មនុស្សមិនស្មោះត្រង់ដែលនឹងបោកបញ្ឆោតសមាជិកសាសនាចក្រស្មោះត្រង់ ។
ប៉ុលបានរំឭកថ្នាក់ដឹកនាំសាសនាចក្រថា « ដែលឲ្យ នោះបានពរជាជាងទទួល » ( កិច្ចការ ២០:៣៥ ) ហើយបន្ទាប់ពីបានអធិស្ឋានជាមួយពួកគេហើយ លោកបានលាពួកគេ ហើយចាប់ផ្តើមធ្វើដំណើរទៅក្រុងយេរូសាឡិម ( សូមមើល កិច្ចការ ២០:៣៦–៣៨ ) ។
នៅក្នុង កិច្ចការ ២១:១–១០ យើងរៀនថា ប៉ុលបានបន្តដំណើររបស់លោកឆ្ពោះទៅកាន់ក្រុងយេរូសាឡិម ហើយបានឈប់នៅតំបន់ផ្សេងៗដើម្បីចំណាយពេលនៅជាមួយនឹងសមាជិកសាសនាចក្រ ។ នៅពេលលោកបានឈប់នៅទីក្រុងមួយដែលមានឈ្មោះថា ទីរ៉ុស មានពួកសិស្សមួយចំនួន—ដោយព្រួយបារម្ភពីសុវត្ថិភាពរបស់ប៉ុល—បានប្រាប់កុំឲ្យប៉ុលទៅក្រុងយេរូសាឡិម ( សូមមើល កិច្ចការ ២១:៤ ) ។
នៅឯសេសារា មានព្យាការីម្នាក់ឈ្មោះ អ័ក្កាបុស បានព្យាករទាក់ទងរឿងដែលនឹងកើតឡើងចំពោះប៉ុលនៅក្រុងយេរូសាឡិម ។
សូមអាន កិច្ចការ ២១:១១ ដោយរកមើលថា តើអ័ក្កាបុសបានព្យាករថាមានអ្វីខ្លះនឹងកើតឡើងចំពោះប៉ុលនៅក្នុងក្រុងយេរូសាឡិម ។ ពាក្យ ខ្សែក្រវាត់ សំដៅទៅលើខ្សែក្រវាត់ចង្កេះ ។
សូមអាន កិច្ចការ ២១:១២–១៤ ដោយរកមើលថា ប៉ុល និងពួកដៃគូរបស់លោកបានឆ្លើយតបបែបណាចំពោះការព្យាករនេះ ។
តើអ្នកចាប់អារម្មណ៍អ្វីខ្លះលើការឆ្លើយតបរបស់ប៉ុល ?
ពុំមែនគ្រប់អ្នកបម្រើទាំងអស់របស់ព្រះអម្ចាស់ត្រូវបានស្នើសុំឲ្យបូជាជីវិតរបស់ពួកគេនោះឡើយ ។ ប៉ុន្តែ ពួកអ្នកបម្រើដ៏ពិតរបស់ព្រះអម្ចាស់គឺយល់ព្រមធ្វើតាមព្រះទ័យរបស់ព្រះ មិនថាត្រូវលះបង់អ្វីឡើយ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើការលះបង់បែបណាខ្លះដែលអ្នកអាចនឹងត្រូវសុំឲ្យធ្វើ ក្នុងនាមជាអ្នកបម្រើរបស់ព្រះអម្ចាស់ ?
-
តើអ្នកធ្លាប់យល់ព្រមធ្វើតាមព្រះទ័យរបស់ព្រះមិនថាអ្នកត្រូវលះបង់អ្វីក៏ដោយនៅពេលណា ? ហេតុអ្វីអ្នកយល់ព្រមធ្វើរឿងនោះ ?
-
នៅក្នុង កិច្ចការ ២១:១៧–៤០ យើងរៀនថា ប៉ុលបានមកដល់ក្រុងយេរូសាឡិម ហើយបានរាយការណ៍ពីការងារផ្សព្វផ្សាយសាសនារបស់លោកទៅថ្នាក់ដឹកនាំសាសនាចក្រក្នុងមូលដ្ឋាន ។ លោកបានទៅព្រះវិហារបរិសុទ្ធ ហើយកាលពួកសាសន៍យូដាមួយក្រុមដែលស្គាល់លោកនៅក្នុងការធ្វើដំណើរជាអ្នកផ្សព្វផ្សាយសាសនារបស់លោកបានឃើញលោក នោះពួកគេបានប្រកាសថា ប៉ុលគឺជាគ្រូបង្រៀនក្លែងក្លាយដែលបានបង្រៀនទាស់នឹងក្រឹត្យវិន័យរបស់លោកម៉ូសេ ហើយបាននាំពួកសាសន៍ដទៃឲ្យចូលទៅក្នុងព្រះវិហារបរិសុទ្ធដោយខុសច្បាប់ ។ ដោយសារការចោទប្រកាន់នេះ មានមនុស្សកំណាចមួយក្រុមបានបណ្ដេញប៉ុលចេញពីព្រះវិហារបរិសុទ្ធ ហើយបានចាប់ផ្ដើមវាយដំលោក ។ ពួកទាហានរ៉ូមបានមកធ្វើអន្តរាគមន៍ ហើយបានចាប់ខ្លួនលោកទៅកាត់ទោស ហើយប៉ុលបានសុំទាហាន ថាតើលោកអាចនិយាយទៅកាន់ប្រជាជនបាមដែរឬទេ ។
កិច្ចការ ២២
ប៉ុលប្រាប់ពីការប្រែចិត្តជឿរបស់លោក ហើយថ្លែងទីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទ
ដើម្បី ប្រែចិត្តជឿ មានន័យថាត្រូវផ្លាស់ប្តូរ ។ សូមគិតពីរបៀបដែលទឹកអាចប្រែ ឬប្ដូររូបរាងវា ប្រយោជន៍ឲ្យយើងអាចប្រើសម្រាប់គោលបំណងផ្សេងទៀតបាន ។ ( ឧទាហរណ៍ ទឹកអាចប្រែជាទឹកកក ឬ ចំហាយទឹក ) ។ សូមពិចារណាពីការផ្លាស់ប្ដូរទាំងឡាយ ដែលការប្រែចិត្តជឿចំពោះដំណឹងល្អនាំឲ្យមាន ។
សូមអាន កិច្ចការ ២២:១–៥ ដោយរកមើលថា ប៉ុលបានពិពណ៌នាពីខ្លួនលោកដូចម្ដេចខ្លះ កាលលោកថ្លែងទៅពួកយូដាពីលើកាំជណ្ដើរប្រាសាទមួយនៅក្រុងយេរូសាឡិម ។
សូមអាន កិច្ចការ ២២:៦–២១ ជាអ្វីដែលប៉ុលប្រាប់ពីដំណើររឿងនៃការប្រែចិត្តជឿរបស់លោក ។ បន្ទាប់មកផ្គូរផ្គងសំណួរខាងក្រោមជាមួយនឹងចម្លើយត្រឹមត្រូវ ដោយការដាក់អក្សរនៃចម្លើយត្រឹមត្រូវនៅក្នុងចន្លោះទំនេរនៅជាប់នឹងសំណួរនោះ ។ ( បន្ទាប់ពីអ្នកធ្វើចប់ហើយ សូមផ្ទៀងផ្ទាត់ ចម្លើយ របស់អ្នកជាមួយនឹងចម្លើយទាំងឡាយនៅចុងបញ្ចប់នៃមេរៀននេះ ) ។
ការប្រែចិត្តជឿរបស់ប៉ុល | |
---|---|
|
|
ប៉ុលបានស្តាប់តាម ហើយធ្វើតាមព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទ ហើយបានចាប់ផ្តើមផ្លាស់ប្តូរ ។ នៅក្នុង កាឡាទី ១:១៧–១៨ យើងរៀនថា បន្ទាប់ពីការនិមិត្តដ៏អស្ចារ្យរបស់លោកមក ប៉ុលបានចំណាយពេលបីឆ្នាំនៅ អារ៉ាប់ ដែលជាគ្រាមួយដ៏ល្អនៃការរៀបចំ និង រីកចម្រើនខាងវិញ្ញាណ ពីមុនត្រឡប់ទៅក្រុង ដាម៉ាសវិញ ហើយបន្ទាប់មកទៅក្រុងយេរូសាឡិមដើម្បីជួបពេត្រុស ។
សូមគិតអំពីរបៀបនៃការផ្លាស់ប្ដូរដ៏ធំក្នុងជីវិតប៉ុល ដោយសារការប្រែចិត្តជឿរបស់លោកចំពោះព្រះអង្គសង្គ្រោះ ។ ការប្រែចិត្តជឿរបស់ប៉ុលបង្រៀនយើងថា នៅពេលយើងគោរពតាមព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទ នោះយើងអាចមានការប្រែចិត្តជឿកាន់តែពេញលេញ ។
ស៊ិស្ទើរ បូនី អិល អូស្ការសុន ប្រធានយុវនារីទូទៅ បានពន្យល់ពីរបៀបដែលការគោរពប្រតិបត្តិតាមរបស់យើងចំពោះព្រះបន្ទូលនៃព្រះគ្រីស្ទ ទាក់ទងនឹងការប្រែចិត្តជឿដ៏ពិត ៖
« ការប្រែចិត្តជឿពិត មានន័យច្រើនជាងការមានចំណេះដឹងពីគោលការណ៍ដំណឹងល្អ ហើយមានន័យច្រើនជាងការគ្រាន់តែមានទីបន្ទាល់អំពីគោលការណ៍ទាំងនោះទៅទៀត ។ វាអាចធ្វើទៅបានដើម្បីមានទីបន្ទាល់អំពីដំណឹងល្អ ដោយពុំរស់នៅតាមវានោះ ។ ការប្រែចិត្តជឿពិត មានន័យថា យើងកំពុងធ្វើសកម្មភាពទៅលើអ្វីដែលយើងជឿ ហើយអនុញ្ញាតឲ្យវាបង្កើត ‹ ការផ្លាស់ប្ដូរយ៉ាងធំដល់ពួកយើង ឬក៏នៅក្នុងចិត្តយើង › [ ម៉ូសាយ ៥:២ ] ។ …
…ការប្រែចិត្តជឿកើតឡើងនៅពេលយើងឧស្សាហ៍អធិស្ឋាន សិក្សាព្រះគម្ពីរ ទៅព្រះវិហារ ហើយមានភាពសក្តិសមចូលរួមនៅក្នុងពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ។ ការប្រែចិត្តជឿ កើតមានពេលយើងធ្វើសកម្មភាពតាមគោលការណ៍សុចរិត ដែលយើងបានរៀនក្នុងផ្ទះ និងពីថ្នាក់រៀនរបស់យើង ។ ការប្រែចិត្តជឿ កើតមាននៅពេលយើងរស់នៅក្នុងជីវិតដ៏បរិសុទ្ធ ហើយមានគុណធម៌ ថែមទាំងរីករាយនឹងភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធ ។ ការប្រែចិត្តជឿ កើតមាននៅពេលយើងយល់ពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ទទួលស្គាល់ទ្រង់ថាជាព្រះអង្គសង្គ្រោះ និង ជាព្រះប្រោសលោះ ហើយអនុញ្ញាតឲ្យដង្វាយធួនមានឥទ្ធិពលនៅក្នុងជីវិតរបស់យើង » ( « Be Ye Converted » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៧៦–៧៨ ) ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរសំបុត្រមួយឲ្យខ្លួនអ្នក អំពីអ្វីដែលអ្នកអាចធ្វើបានដើម្បីមានការប្រែចិត្តជឿដ៏ពិតទៅលើព្រះអង្គសង្គ្រោះ ។
នៅក្នុង កិច្ចការ ២២:២២–៣០ យើងរៀនថា បន្ទាប់ពី ប៉ុលបានដំណាលប្រាប់ពីរឿងប្រែចិត្តជឿរបស់លោក នោះអ្នកស្តាប់លោកបានប្រកាសថា លោកគួរតែត្រូវប្រហារជីវិត ។ ប៉ុលត្រូវបាននាំទៅជួបនឹងមេទ័ពធំរបស់កងទ័ពរ៉ូមនៅយេរូសាឡិម ជាអ្នកដែលបានសម្រេចចិត្តថាប៉ុលគួរត្រូវយកទៅធ្វើទុក្ខទោស ឬវាយនឹងរំពាត់ ជាវិធីមួយដែលជាធម្មតាប្រើដើម្បីបំបាក់មុខ ហើយទទួលបានព័ត៌មានពីឧក្រិដ្ឋជន ។ ប៉ុន្តែ នៅពេលពួកមន្ត្រីរ៉ូមបានដឹងថា ប៉ុលគឺជាពលរដ្ឋរ៉ូមម្នាក់ នោះពួកគេបានសម្រេចចិត្តមិនវាយដំលោកទេ ហើយផ្ទុយទៅវិញពួកគេបាននាំលោកទៅចំពោះមុខក្រុមប្រឹក្សាគ្រប់គ្រងសាសន៍យូដាគឺពួកសានហេទ្រិន ។ វាគឺជាការប្រឆាំងនឹងច្បាប់ពួកសាសន៍រ៉ូមដើម្បី ចងមុខ ឬ វាយនឹងរំពាត់ដល់ប្រជាពលរដ្ឋរ៉ូមដែល « មិនទាន់បានកាត់ទោស » នៅឡើយ ( កិច្ចការ ២២:២៥ ) ។
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា កិច្ចការ ២០-២២ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែមដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖