បណ្ណាល័យ
មេរៀន​ទី ១៤ ថ្ងៃទី ២ ៖ យ៉ូហាន ៨


មេរៀន​ទី ១៤ ៖ ថ្ងៃ​ទី ២

យ៉ូហាន ៨

សេចក្តីផ្ដើម

អំឡុង​ពេល​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ទីក្រុង​យេរូសាឡិម​ចូល​រួម​បុណ្យ​បារាំ ពួក​អាចារ្យ និង ពួក​ផារិស៊ី​មួយ​ចំនួន បាន​នាំ​ស្ត្រី​ម្នាក់​មក​ឯ​ទ្រង់ ដែល​ត្រូវបាន​ចោទ​ថា​ប្រព្រឹត្ត​សហាយ​ស្មន់ ហើយ​បាន​សួរ​ថា​តើ​នាង​គួរតែ​ត្រូវ​គេ​ចោល​ដុំ​ថ្ម​លើ​ឬ​ដើម្បី​ឲ្យ​ស្រប​តាម​ក្រឹត្យ​វិន័យ​ម៉ូសេ ។ ទ្រង់​បាន​ធ្វើ​ឲ្យ​អ្នក​ចោទ​ប្រកាន់​ទាំង​នោះ​ស្រឡាំងកាំង ហើយ​បាន​បង្ហាញ​ក្តី​មេត្តា​ដល់​ស្ត្រី​នោះ ។ ព្រះយេស៊ូវ​ក៏​បាន​ប្រកាស​ថា ព្រះវរបិតា​ថ្លែង​ទីបន្ទាល់​ពី​ទ្រង់ ហើយ​ទ្រង់​បាន​បង្រៀន​អំពី​ការមាន​សេរីភាព​ចេញ​ពី​អំពើ​បាប ។ នៅពេល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រកាស​ថា ទ្រង់​គឺ​ជា​ព្រះយេហូវ៉ា​ដ៏​មហិមា នោះ​ពួក​ផារិស៊ី​បាន​ព្យាយាម​ចោល​ដុំ​ថ្ម​លើ​ទ្រង់ ។

យ៉ូហាន ៨:១-១១

ស្ត្រី​ម្នាក់​កំពុង​ប្រព្រឹត្ត​សហាយ​ស្មន់​ត្រូវបាន​នាំ​មក​ចំពោះ​មុខ​ព្រះអង្គ​សង្គ្រោះ

ពួក​អាចារ្យ និង ពួក​ផារិស៊ី​ចង់​បង្ខូច​កិត្តិយស​របស់​ព្រះយេស៊ូវ​នៅ​ចំពោះ​មុខ​មហា​ជន ហើយ​បង្កើត​លេស​មួយ​ដើម្បី​ចោទ​ប្រកាន់​ទ្រង់ ដោយសារ​ពួកគេ​ចង់​ចាប់​ព្រះកាយ​ទ្រង់ ហើយ​រក​សម្លាប់​ទ្រង់ ( សូមមើល យ៉ូហាន ៧:១, ៣២) ។

សូម​អាន យ៉ូហាន ៨:២-៥ដោយ​រកមើល​អ្វី​ដែល​ពួក​អាចារ្យ និង ពួក​ផារិស៊ី​បាន​ធ្វើ​អំឡុង​ពេល​ដែល​ព្រះយេស៊ូវ​កំពុង​បង្រៀន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នៅ​ក្រុង​យេរូសាឡិម ។

យោង​តាម យ៉ូហាន ៨:៦តើ​ហេតុអ្វី​បាន​ជា​ពួក​អាចារ្យ និង ពួកផារិស៊ី​បាន​នាំ​ស្ត្រី​ដែល​ប្រព្រឹត្ត​សហាយ​ស្មន់​មក​ឯ​ព្រះយេស៊ូវ ?

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ពី​របៀប​ដែល​ពួក​អាចារ្យ និង ពួក​ផារិស៊ី​អាច​ប្រើ​ព្រឹត្តិការណ៍​នេះ​ជា​លេស​មួយ​ដើម្បី​ចោទ​ប្រកាន់​ព្រះ​យេស៊ូវ ៖

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃី

« កាល​ជំនាន់​ព្រះយេស៊ូវ … វា​ពុំ​មាន​ការអនុវត្ត​ការដាក់​ទោស​សម្លាប់​ដោយសារ​ការប្រព្រឹត្ត​សហាយ​ស្មន់​ឡើយ ។ ពិតណាស់ គ្មាន​ទោស​ដល់​សេចក្តីស្លាប់​ត្រូវ​បាន​ដាក់​ដោយ​គ្មាន​ការអនុញ្ញាត និង ការយល់​ព្រម​ពី​អធិរាជ​សាសន៍​រ៉ូម​ឡើយ ហើយ​នៅក្នុង​ករណី​នៃ​ការប្រព្រឹត្ត​សហាយ​ស្មន់ នោះ​ច្បាប់​របស់​សាសន៍​រ៉ូម​ពុំ​បាន​ដាក់​កម្រិត​ដល់​ស្លាប់​ឡើយ ។

« នៅក្នុង​ការនាំ​យក​ស្ត្រី​ដែល​ប្រព្រឹត្ត​សហាយ​ស្មន់​មក​ឯ​ព្រះយេស៊ូវ នោះ​ពួក​អាចារ្យ និង ពួក​ផារិស៊ី​បាន​ដាក់​អន្ទាក់​នេះ​ដើម្បី​ចាប់​លោក​គ្រូ ៖ (១) ប្រសិនបើ​ទ្រង់ យល់​ស្រប ជាមួយ​ម៉ូសេ​ដែល​ថា​នាង​គួរតែ​ត្រូវ​ចោល​នឹង​ដុំ​ថ្ម នោះ​ទ្រង់​នឹង (ក) បង្កើន​កំហឹង [ ការខឹង​សម្បា ] របស់​ប្រជាជន ដែល​ជា​ទូទៅ​ពួកគេ​ហាក់​បី​ដូច​ជា​គាំទ្រ​ដល់​ការបង្កើត​ឡើង​វិញ​នៃ​ការដាក់​ទោស​មួយ​ដែល​ពុំ​សូវ​មាន​ប្រជាប្រិយភាព និង (ខ) ផ្ទុយ [ ប្រឆាំង ] ច្បាប់​រដ្ឋប្បវេណី​ទូទៅ​ដោយ​បង្គាប់​ឲ្យ​ធ្វើ​នូវ​អ្វី​ដែល​ពួក​រ៉ូម​បាន​ហាម​ឃាត់ ។ (២) ប្រសិន​បើ​ទ្រង់ ពុំ​យល់​ស្រប តាម​ម៉ូសេ ហើយ​គាំទ្រ​​អ្វី​ដែល​ដាក់​ទោស​មិន​ដល់​ស្លាប់​ដោយ​ចោល​នឹង​ដុំ​ថ្ម នោះ​ទ្រង់​នឹង​ត្រូវបាន​ចោទ​ប្រកាន់​ពី​បទបង្ខូច​ក្រឹត្យវិន័យ ហើយ​គាំទ្រ​ដល់​ការមិនគោរព ព្រមទាំង​ងាកចេញ​ពី​សណ្តាប់​ដ៏​ពិសិដ្ឋ​នៃ​ច្បាប់​ពី​ដើម » (Doctrinal New Testament Commentary, ភាគ​ទី ៣ [ ឆ្នាំ ១៩៦៥–៧៣ ], ១:៤៥០–៥១ ) ។

ជំនួស​ឲ្យ​ការឆ្លើយតប​ពួកគេ នោះ​ព្រះអង្គសង្គ្រោះ​បាន « ឱន​ទៅ​សរសេរ​នៅ​ដី ដោយ​ព្រះអង្គុលី​វិញ » (យ៉ូហាន ៨:៦) ។

រូបភាព
ព្រះគ្រីស្ទ​សរសេរ​នៅលើ​ដី

សូម​អាន យ៉ូហាន ៨:៧-៨ដោយ​រកមើល​ការឆ្លើយតប​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​ពួក​អាចារ្យ និង ពួក​ផារិស៊ី ។

តើ​អ្នក​គិត​ថា​ពួក​អាចារ្យ និង ពួក​ផារិស៊ី​បាន​គិត ឬ មាន​អារម្មណ៍​បែប​ណា នៅពេល​ពួកគេ​បាន​ស្តាប់​ឮ​ចម្លើយ​របស់​ព្រះយេស៊ូវ​នោះ ?

បន្ទាប់​ពី​ស្តាប់​ឮ​ចម្លើយ​របស់​ព្រះអង្គសង្គ្រោះ នោះ​ពួក​អ្នក​ដែល​ចោទ​ប្រកាន់​ស្ត្រី​នោះ​បាន​មាន​អារម្មណ៍​ថា​ខុស ហើយ​បាន​ចាកចេញ​ទៅ​ដោយ​ពុំ​កាត់​ទោស​ដល់​ស្ត្រី​នោះ​ឡើយ ( សូមមើល យ៉ូហាន ៨:៩) ។

តើ​អ្នក​គិត​ថា​ស្ត្រី​នោះ​មាន​អារម្មណ៍​បែប​ណា នៅពេល​អំពើ​បាប​របស់​គាត់​ត្រូវ​បាន​លាតត្រដាង​នៅ​ចំពោះ​ព្រះយេស៊ូវ និង ហ្វូង​មនុស្ស​ដ៏​ធំ​ដូចនេះ ? សូម​អាន យ៉ូហាន ៨:១០-១១ដោយ​រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ទៅកាន់​ស្ត្រី​នោះ​បន្ទាប់​ពី​មនុស្ស​គ្រប់​គ្នា​បាន​ចេញ​អស់​ទៅ ។

ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ សម្រាប់ យ៉ូហាន ៨:១១ បន្ថែម​ដូច​តទៅ​នេះ ៖ « ហើយ​ស្ត្រី​នោះ​បាន​សរសើរ​តម្កើង​ដល់​ព្រះ​ចាប់​តាំង​ពី​ពេល​នោះ​មក ហើយ​បាន​ជឿ​លើ​ព្រះនាម​ទ្រង់ » ( ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ យ៉ូហាន ៨:១១ [ នៅក្នុង យ៉ូហាន ៨:១១ លេខយោង] ) ។

ព្រះអង្គ​សង្គ្រោះ​ពុំ​បាន​កាត់​ទោស​អំពើ​បាប​របស់​ស្ត្រី​នោះ​ឡើយ ប៉ុន្តែ​បាន​ដឹកនាំ​គាត់​ឲ្យ « អញ្ជើញ​ទៅ​ចុះ តែ​កុំ​ធ្វើ​បាប​ទៀត​ឡើយ » (យ៉ូហាន ៨:១១) ។ ចេញ​ពី ខ ១១ យើង​រៀន​នូវ​សេចក្តីពិត​ដូចតទៅ​នេះ ៖ ព្រះអង្គសង្គ្រោះ​បង្ហាញ​សេចក្តី​មេត្តា​ករុណា​ដល់​យើង​ដោយ​ផ្តល់​ដល់​យើង​នូវ​ឱកាស​ដើម្បី​ប្រែចិត្ត ។ សូម​ពិចារណា​អំពី​របៀប​ដែល​ដំណើរ​រឿង​នេះ​អាច​បង្កើន​នូវ​ទំនុក​ចិត្ត​របស់​អ្នក ថា​ព្រះយេស៊ូវគ្រីស្ទ​គឺ​ពោរពេញ​ដោយ​ក្តី​មេត្តា​ករុណា ហើយ​សប្បុរស ព្រមទាំង​មាន​ព្រះទ័យ​អភ័យ​ទោស​ដល់​អស់​អ្នក​ដែល​ពិត​ជា​ប្រែចិត្ត​ពិត​មែន ។

យ៉ូហាន ៨:១២-៣០

ព្រះយេស៊ូវ​បង្រៀន​ថា ព្រះវរបិតា​ទ្រង់​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់

សូម​ស្រមៃ​គិត​ពី​វត្ថុ​ដែល​តែង​លម្អ​មួយ ក្រោយ​មក​សូម​បិទ​ភ្នែក​របស់​អ្នក ហើយ​នៅ​លើ​ក្រដាស​មួយ​សន្លឹក​ផ្សេង​ទៀត សូម​ព្យាយាម​គូស​រូបភាព​ដ៏​សាមញ្ញ​នៃ​វត្ថុ​នោះ​ដោយ​ពុំ​មើល​វា​ឡើយ ។

តើ​ការគូរ​របស់​អ្នក​ប្រៀប​ទៅ​នឹង​ការស្រមៃ​របស់​អ្នក​វា​យ៉ាង​ដូច​ម្តេច​ដែរ ?

ក្រៅ​ពី​គូរ​រូប តើ​មាន​អ្វី​ផ្សេង​ទៀត​ដែល​អ្នក​អាច​ធ្វើ​កាន់តែ​ប្រសើរ​ឡើង នៅពេល​អ្នក​អាច​ឃើញ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ ?

អំឡុង​ពេលធ្វើ​ពិធី​បុណ្យ​បារាំ ជើង​ចង្កៀង​មាស​ធំៗ​បួន ( ជើង​ទៀន ឬ ទម្រ​ទៀន ) ត្រូវបាន​ដុត​បំភ្លឺ​នៅ​បរិវេណ​ព្រះវិហារ​បរិសុទ្ធ អំឡុង​ពេល​រាំ និង ពិធី​បុណ្យ​ផ្សេងៗ​ទៀត ដែល​ប្រារព្ធ​ឡើង​រហូត​ដល់​យប់​ជ្រៅ និង ទាប​ភ្លឺ ។ ជើង​ចង្កៀង​មាស​ទាំង​នេះ​ពុំគ្រាន់តែ​ផ្តល់​ពន្លឺ​សម្រាប់​ពិធី​នោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​ជា​និមិត្ត​សញ្ញា​ថា សាសន៍​អ៊ីស្រាអែល​គឺ​ជា​ពន្លឺ​ដល់​អស់​អ្នក​ដែល​បាន​ដើរ​នៅក្នុង​ទី​ងងឹត ។

សូម​អាន យ៉ូហាន ៨:១២ដោយ​រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​បាន​ប្រកាស​អំពី​ព្រះអង្គ​ទ្រង់ នៅពេល​ទ្រង់​បាន​បង្រៀន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ក្បែរ ជើង​ចង្កៀង នោះ ។ សូម​គិត​ពី​ការគូសចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។

យើង​រៀន​ចេញ​ពី​ខគម្ពីរ​នេះ​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ពន្លឺ​នៃ​ពិភពលោក ។

រូបភាព
ជើង​ទៀន

ជើង​ទៀន​ធំៗ​ដុត​បំភ្លឺ​ដំណាក់​ហ្លួង​នៃ​ព្រះវិហារ​បរិសុទ្ធ អំឡុង​ពេល​បុណ្យ​បារាំ ។

សូម​បំពេញ​គោលការណ៍​ដូចតទៅ​នេះ​ចេញ​ពី​អ្វី​ដែល​អ្នក​បាន​រៀន​ពី​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង យ៉ូហាន ៨:១២ប្រសិនបើ​យើង​ធ្វើ​តាម​ព្រះអង្គសង្គ្រោះ នោះ​យើង​នឹង

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​មាន​អារម្មណ៍​បែប​ណា នៅពេល​ព្រះអង្គ​សង្គ្រោះ​ជួយ​អ្នក​ឲ្យ​ចៀសផុត​ពី​ការដើរ​នៅក្នុង​ភាព​ងងឹត​ខាង​វិញ្ញាណ​នោះ ?

ការព្យាករ​មួយ​ចំនួន​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ បង្ហាញ​ថា​ព្រះមែស៊ី​នឹង​ក្លាយ​ជា​ពន្លឺ​ដល់​គ្រប់​សាសន៍​ទាំងអស់ ( ឧទាហរណ៍​សូមមើល អេសាយ ៤៩:៦; ៦០:១–៣) ។ ហេតុដូច្នោះ​ហើយ​នៅក្នុង​ការប្រកាស​អំពី​អង្គទ្រង់​ថា​ជា​ពន្លឺ​នៃ​លោកិយ នោះ​ព្រះយេស៊ូវ​កំពុង​ប្រកាស​ថា​ទ្រង់​គឺ​ជា​ព្រះមែស៊ី ។

ពួក​ផារិស៊ី​កាត់ទោស​ព្រះយេស៊ូវ​ដោយសារ​តែ​ទ្រង់​ថ្លែង​ទីបន្ទាល់​ពី​អង្គ​ទ្រង់ ( សូមមើល យ៉ូហាន ៨:១៣) ។ ព្រះយេស៊ូវ​បាន​ប្រកាស​ថា ទាំង​ទ្រង់ និង ព្រះវរបិតា​ទ្រង់​ថ្លែង​ទីបន្ទាល់​ថា​ព្រះអង្គសង្គ្រោះ​គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ( សូមមើល យ៉ូហាន ៨:១៤–១៨) ។

សូម​អាន យ៉ូហាន ៨:១៩ដោយ​រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​អំពី​ចំណេះ​ដឹង​របស់​ពួក​ផារិស៊ី​អំពី​ព្រះវរបិតា​សួគ៌ ។

ផ្អែក​លើ ខ ១៩យើង​រៀន​នូវ​គោលការណ៍​ដូចតទៅ​នេះ ៖ នៅ​ពេល​យើង​រៀន​ពី​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​ស្គាល់​ព្រះវរបិតា ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ពី​របៀប​ដែល​យើង​ស្គាល់​ពី​ព្រះវរបិតាសួគ៌ នៅពេល​យើង​រៀន​អំពី​ព្រះរាជបុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« នៅគ្រប់អ្វីៗ​ទាំងអស់​ដែលព្រះយេស៊ូវ យាងមក​មានបន្ទូល និង​ធ្វើ រួម​មាន និង​ជាពិសេស នៅក្នុង​ការ​រងទុក្ខ​នៃ​ដង្វាយធួន និង​ការ​ពលិកម្ម​របស់ទ្រង់ នោះទ្រង់​កំពុង​បង្ហាញ​ដល់​យើង​ថា ព្រះវរបិតាសួគ៌​ដ៏អស់កល្បជានិច្ច​របស់​យើងជានរណា និង​យ៉ាងដូចម្តេច ហើយ​ថា​​ទ្រង់បាន​លះបង់​ទាំងស្រុង​យ៉ាង​ណា​ខ្លះ​សម្រាប់​កូនចៅ​របស់ទ្រង់​គ្រប់​វ័យ និង​គ្រប់​ជាតិ​សាសន៍​នោះ ។ នៅក្នុង​ព្រះបន្ទូល និង​ទង្វើ​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ​បាន​ព្យាយាម​បើក​សម្ដែង ហើយ​ធ្វើ​ឲ្យ​យើង​ដឹង​ដោយផ្ទាល់​អំពី​លក្ខណៈពិត​របស់​ព្រះបិតា​របស់​ទ្រង់ ថាជា​ព្រះវរបិតា ដែល​គង់​នៅ​ស្ថានសួគ៌​របស់​យើង ។ …

« ដូច្នេះ ការឲ្យ​អាហារ​ដល់​អ្នក​ស្រេក​ឃ្លាន ការ​ព្យាបាល​អ្នកឈឺ ការ​វាយ​ផ្ចាល​ដល់​មនុស្ស​លាក់ពុត ការ​ទូលអង្វរ​សុំ​សេចក្ដីជំនឿ-- ​គឺ​ជា​អ្វី​ដែលព្រះគ្រីស្ទ​បាន​បង្ហាញ​យើង​ពី​​មាគ៌ា​នៃ​ព្រះបិតា ដែល​ទ្រង់គឺ​ជា​អង្គ​ដែល ‹ ប្រកបដោយ​ក្ដីមេត្តាករុណា និងព្រះគុណ កម្រ​ខឹង អត់ធ្មត់ និង​ពេញ​ដោយ​សេចក្ដីល្អ › [Lectures on Faith ( ឆ្នាំ ១៩៨៥ ), ៤២ ] » (« The Grandeur of God » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៣ ទំព័រ ៧០, ៧២ ) ។

នៅក្នុង យ៉ូហាន ៨:២១–៣០ យើង​អាន​ថា ព្រះអង្គ​សង្គ្រោះ​បាន​ព្រមាន​ពួក​ផារិស៊ី​ថា ប្រសិនបើ​ពួកគេ​ពុំ​ជឿ​ទ្រង់​ទេ នោះ​ពួកគេ​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​ខ្លួន ។ ទ្រង់​ក៏​បាន​បង្រៀន​ផងដែរ​ថា ទ្រង់​ពុំ​ធ្វើ​អ្វី​ដោយ​ខ្លួន​អង្គ​ទ្រង់​ឡើយ ទ្រង់​គ្រាន់តែ​ធ្វើ​តាម​អ្វី​ដែល​ព្រះវរបិតា​បង្រៀន​ឲ្យ​ទ្រង់​ធ្វើ​ប៉ុណ្ណោះ ។

យ៉ូហាន ៨:៣១-៣៦

ព្រះយេស៊ូវ​បង្រៀន​អំពី​សេរីភាព​ពី​អំពើ​បាប

តើ​អ្នក​ធ្លាប់​ត្រូវបាន​គេ​រឹត​បន្តឹង​នៅក្នុង​របៀប​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​អាច​ផ្លាស់ប្តូរ​ទីកន្លែង​បាន ដូច​ជា​ត្រូវបាន​គេ​ចង ឬ​ពុំ​អាច​ងាកចេញ​ពី​កន្លែង​តូច​មួយ​ដែរ​ឬ​ទេ ? តើ​ការណ៍​នោះ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​យ៉ាង​ដូចម្ដេច​ដែរ ? នៅ​ពេល​អ្នក​សិក្សា​មេរៀន​ផ្នែក​នេះ សូម​រកមើល​អ្វី​ដែល​ដឹកនាំ​ទៅ​រក​ការរឹត​បន្តឹង​ខាង​វិញ្ញាណ និង អ្វី​ដែល​ដឹកនាំ ទៅ​រក​សេរីភាព​ខាង​វិញ្ញាណ ។

សូមអាន យ៉ូហាន ៨:៣១–៣២ដោយ​រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា​យើង​ត្រូវតែ​ធ្វើ​ដើម្បី​មាន​សេរីភាព ។ បន្ទាប់មក យោង​តាម​អ្វី​ដែល​អ្នក​បាន​រៀន សូម​បំពេញ​ចន្លោះ​នីមួយៗ​នៅក្នុង​ក្នុង រូប​ខាងក្រោម​នេះ៖

រូបភាព
diagram, blanks to freedom
រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃី

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃី បាន​រៀបរាប់​ពី​សេរីភាព​មួយ​ចំនួន​ដែល​យើង​អាច​រីករាយ ប្រសិនបើ​យើង​បន្ត​នៅក្នុង​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ក្លាយ​ជា​សិស្ស​របស់​ទ្រង់ ហើយ​ស្គាល់​សេចក្តីពិត ៖ « មាន​សេរីភាព​ពី​អំណាច​អវិជ្ជមាន​នៃ​គោលលទ្ធិ​ក្លែងក្លាយ មាន​សេរីភាព​ពី​ចំណង​នៃ​ការស្រែកឃ្លាន និង តណ្ហា មាន​សេរីភាព​ចេញពី​ច្រវ៉ាក់​នៃ​អំពើ​បាប មាន​សេរីភាព​ចេញពី​គ្រប់​អពើ​អាក្រក់​ទាំងអស់ ព្រមទាំង​ឥទ្ធិពល​កខ្វក់ និង ចេញ​ពីគ្រប់​អស់​ទាំង​អំណាច​នៃ​ការរារាំង និង ការរឹតបន្តឹង មាន​សេរីភាព​បន្ត​ឆ្ពោះ​ទៅ​កាន់​សេរីភាព​ដែល​គ្មាន​ទីបញ្ចប់ ដោយ​រីករាយ​នឹង​ភាពពោរពេញ​របស់​វា​គឺ​មានតែ​តាមរយៈ​រូបកាយ​ដែល​បាន​លើក​តម្កើង​ប៉ុណ្ណោះ » (Doctrinal New Testament Commentary, ១:៤៥៦–៥៧ ) ។

សូម​អាន យ៉ូហាន ៨:៣៣ដោយ​រកមើល​អ្វី​ដែល​ពួក​សាសន៍​យូដា​បាន​ជឿ​ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​សេរីភាព ។

ពួក​សាសន៍​យូដា​បាន​ជឿ​ដោយ​ខុសឆ្គង​ថា ជា​ទូទៅ​ពូជ​អំបូរ​នៃ​អ័ប្រាហាំ និង អ្នក​គ្រងមរតក​នៃ​សេចក្តីសញ្ញា​អ័ប្រាហាំ​នឹង​ធ្វើ​ឲ្យ​វិញ្ញាណ​ពួកគេ​មាន​សេរីភាព ។ សូម​អាន យ៉ូហាន ៨:៣៤-៣៦ដោយ​រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា​មនុស្ស​ត្រូវតែ​ធ្វើ​ដើម្បី​មាន​សេរីភាព ។

ចេញពី​ខ​ទាំងនេះ យើង​រៀន​ថា ប្រសិនបើ​យើង​ប្រព្រឹត្ត​អំពើ​បាប ហើយ​ពុំ​ប្រែចិត្ត នោះ​យើង​ក្លាយ​ជា​បាវ​បម្រើ​របស់​អំពើ​បាប​ហើយ ។ តើ​អ្នក​គិត​ថា « បាវ​បម្រើ​របស់​អំពើ​បាប » មាន​ន័យ​ដូចម្តេច (យ៉ូហាន ៨:៣៤) ? ពាក្យ​ដែល​បាន​បកប្រែ​ថា បាវ​បម្រើ នៅ​ខគម្ពីរ​នេះ​ក៏​អាច​ត្រូវបាន​បកប្រែ​ថា ទាសករ​ផងដែរ ។

សូម​សិក្សា រូបខាង​ក្រោម​នេះ ៖

រូបភាព
diagram, choice and consequences

សព្វថ្ងៃ​នេះ​មនុស្ស​មួយ​ចំនួន​យល់​ច្រឡំ​ថា ការធ្វើ​តាម​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ រឹត​បន្តឹង​ពួកគេ ខណៈ​ដែល​ការរស់នៅ​តាម​ជីវិត​បែប​លោកិយ​គឺ​ធ្វើ​ឲ្យ​ពួកគេ​មាន​សេរីភាព​វិញ ។ អែលឌើរ ឌី. ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​អំពី​របៀប​នៃ​ភាព​ផ្ទុយ​គ្នា​នោះ​គឺ​ជា​ការពិត ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« ការទោរទន់​ទៅ​រក​ការល្បួង​របស់ [ សាតាំង ] នាំ​ទៅ​រក​ភាព​តូច​ចង្អៀត​ទៅៗ​នៃ​ជម្រើស រហូត​ដល់​ធ្វើ​ឲ្យ​គ្មាន​អ្វី​នៅសល់ ហើយ​បន្សល់​នូវ​ការញៀន​ដល់​យើង​ដែល​យើង​គ្មាន​ថាមពល​នឹង​ទប់ទល់​បាន​ឡើយ ។ …

« … ពិភពលោក … [ ចាត់ទុក ] ការគោរពប្រតិបត្តិ​ចំពោះ​ក្រឹត្យវិន័យ និង​ពិធី​បរិសុទ្ធ​ថា​ជា ‹ សេវកភាព › (អាលម៉ា ៣០:២៤, ២៧) ។ ដូច្នេះ​តើ​ការគោរព​ប្រតិបត្តិ និង សេចក្តី​ពិត​ធ្វើ​ឲ្យ​យើង​មាន​សេរីភាព​យ៉ាង​ដូចម្តេច ? យើង​អាច​គិត​បាន​យ៉ាង​ងាយ​ពី​របៀប​សាមញ្ញ​មួយ​ចំនួន ដែល​សេចក្តី​ពិត​បាន​ផ្តល់​លទ្ធភាព​ដល់​យើង ឲ្យ​ធ្វើ​កិច្ចការ​នានា​ដែល​យើង​ពុំ​អាច​ធ្វើ​បាន ឬ ចៀស​ផុត​ពី​គ្រោះ​មហន្តរាយ​ដែល​យើង​អាច​នឹង​រងទុក្ខ ។ …

« … តើ​មាន​នរណា​ម្នាក់​ឆ្ងល់​ទេ​ថា ដោយសារ​លទ្ធផល​នៃ​ការមាន​ពន្លឺ និង សេចក្តីពិត​ទាំងអស់ នោះ​ព្រះ​មាន​នូវ​សេរីភាព​ទាំងស្រុង​ដើម្បី​ប្រែក្លាយ​ខ្លួន និង ដើម្បី​ធ្វើ ?

« ដូច​គ្នា​នេះ​ផងដែរ នៅពេល​ការយល់​ដឹង​របស់​យើង​អំពី​គោលលទ្ធិ និង គោលការណ៍​នៃ​ដំណឹង​ល្អ​កើន​ឡើង នោះ​សិទ្ធិ​ជ្រើសរើស​របស់​យើង​ត្រូវបាន​ពន្លាត​ឲ្យ​ធំធេង​ឡើង ។ ទីមួយ យើង​មាន​នូវ​ជម្រើស​បន្ថែម​ទៀត ហើយ​អាច​សម្រេច​បាន និង ទទួល​បាន​ពរជ័យ​កាន់តែ​មហិមា​ឡើង ដោយសារ​យើង​មាន​នូវ​ក្រឹត្យ​វិន័យ​បន្ថែម​ទៀត​ដែល​យើង​អាច​ធ្វើ​តាម ។ សូម​គិត​អំពី​កាំជណ្តើរ—ក្រឹត្យវិន័យ ឬ ព្រះបញ្ញត្តិ​ថ្មី​និមួយៗ​ដែល​យើង​ដឹង​គឺ​ដូច​ជា កាំ​មួយ​ទៀត​នៃ​កាំជណ្តើរ​ដែល​អាច​ឲ្យ​យើង​ឡើង​ទៅ​លើ​កាន់តែ​ខ្ពស់ ។ ទីពីរ ជាមួយ​នឹង​ការបន្ថែម​លើ​ការយល់​ដឹង យើង​អាច​ធ្វើ​ការជ្រើសរើស​កាន់តែ​ឆ្លាតវៃ​បន្ថែម​ទៀត ដោយសារ​យើង​ពុំ​គ្រាន់តែ​មើល​ឃើញ​ពី​លទ្ធផល​នៃ​ការជ្រើសរើស​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មើល​ឃើញ​ពី​លទ្ធផល​ដែល​នឹង​អាច​កើត​មាន​ផងដែរ » (« Moral Agency » Ensign ខែ មិថុនា ឆ្នាំ ២០០៩ ទំព័រ ៤៩–៥១ ) ។

  1. សូម​អាន​កូនសៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន អំពី​ឧទាហរណ៍នៃ​របៀប​ដែល​ការគោរព​ប្រតិបត្តិ​ព្រះបញ្ញត្តិ និង បទដ្ឋាន​នានា​ដឹកនាំ​ទៅ​រក​សេរីភាព និង របៀប​ដែល​ការមិនគោរព​ធ្វើ​តាម​ដឹកនាំ​ទៅ​រក​សេវកភាព ។ សូម​ជ្រើសរើស​បទដ្ឋាន​មួយ​ចេញ​ពី​កូន​សៀវភៅ​នោះ ហើយ​ចម្លង និង បំពេញ​តារាង​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    បទដ្ឋាន​ចេញ​ពី ដើម្បី​កម្លាំង​នៃ​យុវជន ៖

    តើ​ការរស់នៅ​តាម​បទដ្ឋាន​នេះ​អាច​នាំ​មក​នូវ​សេរីភាព​តាម​របៀប​ណា​ខ្លះ ?

    តើ​ការពុំ​រស់នៅ​តាម​បទដ្ឋាន​នេះ​អាច​នាំ​ទៅ​រក​សេវកភាព​តាម​របៀប​ណា​ខ្លះ ?

  2. តើ​សេរីភាព​អ្វី​ខ្លះ​បាន​សន្យា​នៅ​ក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ដែល​អ្នក​ធ្លាប់​មាន​បទពិសោធន៍​ផ្ទាល់​ខ្លួន ដែល​កើត​ចេញ​ពី​ការគោរព​ព្រះបញ្ញត្តិ និង បទដ្ឋាន​នានា​ដែល​ឬ​ទេ ? នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​របៀប​មួយ​ដ៏​ជាក់លាក់​ដែល​អ្នក​នឹង​ស្វែងរក​ដើម្បី​ឲ្យ​បាន​សេរីភាព ដោយ​ការរស់នៅ​ស្រប​តាម​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ ។

យ៉ូហាន ៨:៣៧-៥៩

ព្រះយេស៊ូវ​ថ្លែង​ទីបន្ទាល់​ពី​ភាព​ជាព្រះ​របស់​ព្រះអង្គ

សូម​គិត​អំពី​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ ដែល​ស្រដៀង​ទៅ​នឹង​ឪពុក​របស់​គាត់ ។ សូម​គិត​អំពី​នរណា​ម្នាក់​ដែល​ខុស​ស្រឡះ​ពី​ឪពុក​របស់​ខ្លួន ។

យ៉ូហាន ៨:៣៧–៥០ កត់ត្រា​ថា​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រាប់​ដល់​សាសន៍​យូដា​ដែល​ឥត​ជំនឿ​ថា ដោយ​ហេតុ​ថា​ទ្រង់​បាន​មាន​បន្ទូល​ពី​ព្រះបន្ទូល​របស់​ព្រះវរបិតា​ទ្រង់ នោះ​ពួកគេ​បាន​ធ្វើការ​របស់​ដូនតា​ខ្លួន ។ ពួក​សាសន៍​យូដា​ប្រកាស​ថា​ដូនតា​របស់​ខ្លួន​គឺ​លោក​អ័ប្រាហាំ ។ ក្រោយ​មក​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ថា អស់​អ្នក​ដែល​ជា​កូន​ចៅ​របស់​អ័ប្រាហាំ « នោះ​នឹង​ធ្វើ​តាម​លោក​អ័ប្រាហាំ​ជា​ប្រាកដ » (យ៉ូហាន ៨:៣៩) ហើយ​នឹង​ពុំ​ព្យាយាម​សម្លាប់​នរណា​ម្នាក់​ដែល​បាន​បង្រៀន​សេចក្តី​ពិត​ឡើយ ។ ព្រះយេស៊ូវ​បាន​ប្រាប់​ពួក​សាសន៍​យូដា​ទាំង​នេះ ( ពួក​ផារិស៊ី ) ថា​ដូនតា​របស់​ពួកគេ​គឺ​ជា​អារក្ស ។ ទ្រង់​បាន​ពន្យល់​ថា​អស់​អ្នក​ដែល​ទទួល​ព្រះបន្ទូល​នៃ​ព្រះ​គឺ​មក​ពី​ព្រះ ។ ដោយ​កំហឹង ពួក​សាសន៍​យូដា​ដែល​ឥត​ជំនឿ​បាន​ប្រកាស​ថា​ព្រះយេស៊ូវ​គឺ​ជា​សាសន៍​សាម៉ារី​ម្នាក់ ( ដែល​ពួក​សាសន៍​យូដា​បាន​ជឿ​ថា​ជា​មនុស្ស​មាន​ឋានៈ​ទាប​បំផុត​ក្នុង​ចំណោម​មនុស្ស​ទាំងអស់ ) ហើយ​មាន​អារក្យ​ចូល ។

សូម​អាន យ៉ូហាន ៨:៥១–៥៣ដោយ​រកមើល​អ្វី​ដែល​ពួក​សាសន៍​យូដា​ទាំង​នេះ​បាន​សួរ​ព្រះអង្គ​សង្គ្រោះ​នា​ពេល​ក្រោយ​មក ។

សូម​អាន យ៉ូហាន ៨:៥៦-៥៨ដោយ​រកមើល​ចម្លើយ​របស់​ព្រះយេស៊ូវ​ចំពោះ​សំណួរ​របស់​ពួក​ផារិស៊ី ។ សូម​អាន​ផងដែរ យ៉ូហាន ៨:៥៨ លេខយោង  ដោយ​រកមើល​អត្ថន័យ​នៃ​ពាក្យ « គឺ​ខ្ញុំ » ។ (កំណត់ចំណាំ ៖ ពាក្យ Septuagin គឺ​ជា​ភាសា​ក្រិក​ដែល​មាន​ន័យ​ថា​គម្ពីរ​សញ្ញាចាស់ ) ។

ពាក្យ « គឺ​ខ្ញុំ » នេះ​សំខាន់​ណាស់ ដោយសារ​វា​បង្ហាញ​អត្តសញ្ញាណ​របស់​ព្រះយេហូវ៉ា ជា​ឈ្មោះ​ដែល​សាសន៍​យូដា​បាន​ទទួល​ស្គាល់​ថា​ជា​ព្រះ​នៃ​អ័ប្រាហាំ អ៊ីសាក និង យ៉ាកុប​នៅក្នុង​សម័យ​ព្រះគម្ពីរ​សញ្ញា​ចាស់ ។ តាម​រយៈ​ការហៅ​ខ្លួន​ទ្រង់​ថា « គឺ​ខ្ញុំ » នោះ​ព្រះយេស៊ូវ​បាន​ប្រកាស​ថា ទ្រង់​គឺ​ជា​ព្រះ​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់ ។ អ្នក​អាច​សរសេរ​គោលលទ្ធិ​ខាង​ក្រោម​នេះ​នៅ​លើ​គែម​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ យ៉ូហាន ៨:៥៨ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់ ។

ហេតុអ្វី​អ្នក​គិត​ថា វាសំខាន់​សម្រាប់​យើង​ដើម្បី​ដឹងថា ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់ ?

សូម​អាន យ៉ូហាន ៨:៥៩ដោយ​រកមើល​អ្វី​ដែល​ពួក​សាសន៍​យូដា​មាន​ប្រតិកម្ម​ចំពោះ​ការប្រកាស​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​ថា​ទ្រង់​គឺ​ជា​ព្រះយេហូវ៉ា ។

ពួក​សាសន៍​យូដា​បាន​រើស​ថ្ម ​ចង់​ចោល​សម្លាប់​ព្រះយេស៊ូវ ដោយ​ជឿ​ថា​ទ្រង់​បាន​ប្រមាថ ដែល​ប្រកាស​ថា​ខ្លួន​ទ្រង់​គឺ​ជា​ព្រះយេហូវ៉ា ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា យ៉ូហាន ៨ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖