បណ្ណាល័យ
មេរៀន​ទី ១៣ ថ្ងៃទី ១ ៖ យ៉ូហាន ២


មេរៀន​ទី ១៣ ៖ ថ្ងៃ​ទី ១

យ៉ូហាន ២

សេចក្តីផ្ដើម

នៅ​ក្នុង​ស្រុក​កាណា ព្រះអង្គ​សង្គ្រោះ​បាន​សម្តែង​អព្ភូតហេតុជា​សាធារណៈ​ដំបូង​គេ​នៃ​ការបម្រើ​លើ​ផែនដី​របស់​ទ្រង់ នៅពេល​ទ្រង់​បាន​ប្តូរ​ទឹក​ឲ្យ​ក្លាយ​ទៅ​ជា​ស្រា ។ ទ្រង់​បាន​យាង​ទៅ​ក្រុង​យេរូសាឡិម​សម្រាប់​បុណ្យ​រំលង​លើក​ដំបូង​នៃ​ការបម្រើ​ជា​សាធារណៈ​របស់​ទ្រង់ ហើយ​ទ្រង់​បាន​សម្អាត​ព្រះវិហារ​បរិសុទ្ធ​ជា​លើក​ដំបូង ដោយ​បណ្តេញ​ពួក​អ្នក​ប្តូរ​ប្រាក់ ដែល​ប្រមាថ​ដល់​ព្រះដំណាក់​របស់​ព្រះវរបិតា​ទ្រង់ ។

យ៉ូហាន ២:១-១១

ព្រះយេស៊ូវ​ប្តូរ​ទឹក​ទៅ​ជា​ស្រា

សូម​គិត​ពី​រឿង « ដំបូងៗ » ដែល​ធ្លាប់​កើត​ឡើង​ក្នុង​ជីវិត​របស់​អ្នក ៖ ថ្ងៃ​ចូលរៀន​ដំបូង ថ្ងៃ​ធ្វើ​ការ​ដំបូង ឬ លើក​ដំបូង​ដែល​អ្នក​ចងចាំ​ពី​អារម្មណ៍​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ តើ​មាន ​« រឿង​ដំបូង » អ្វី​ផ្សេង​ទៀត​ដែល​អ្នក​បាន​ជួប​ដែល​សំខាន់​ចំពោះ​អ្នក ?

ហេតុអ្វី​ពេល​ខ្លះ​អ្នក​បាន​ចាត់ទុក « រឿង​ដំបូង » ​សំខាន់​នៅក្នុង​ជីវិត​របស់​អ្នក ។

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​ជ្រមុជទឹក នោះ​ទ្រង់​និង​ពួក​សិស្ស​ទ្រង់​បាន​ចូលរួម​ពិធី​ជប់លៀង​មង្គលការ​មួយ​នៅ​ស្រុក​កាណា ជា​ភូមិ​មួយ​នៅ​ក្បែរ​ស្រុក​ណាសារ៉ែត​ដែល​ជា​ស្រុក​កំណើត​របស់​ព្រះយេស៊ូវ ។ វា​គឺ​នៅ​ក្នុង​ស្រុក​កាណា​នោះ​ហើយ​ដែល​ព្រះយេស៊ូវ​បាន​សម្តែង​អព្ភូតហេតុ​ដំបូង​របស់​ទ្រង់​ដែល​បាន​កត់ត្រា​ទុក ។

សូម​អាន យ៉ូហាន ២:១–៣ដោយ​រកមើល​បញ្ហា​មួយ​ដែល​បាន​កើត​ឡើង​អំពី​នៃ​ពិធី​ជប់​លៀង​នៃ​មង្គលការ​នោះ ។

ស្រា​គឺ​ជា​ភេជ្ជសៈ​ប្រពៃណី​នៅក្នុង​ពិធី​ជប់លៀង​មង្គលការ ។ ពេលខ្លះ ពិធី​ជប់លៀង​មង្គលការ​បន្ត​អស់​ជា​ច្រើន​ថ្ងៃ ។ ការអស់​ស្រា​ទទួល​ភ្ញៀវ​គឺ​ជា​រឿង​គួរ​ឲ្យ​អាម៉ាស់​មួយ​សម្រាប់​ម្ចាស់​កម្មវិធី​ជប់លៀង​នោះ ។ ម៉ារា ម្តាយ​របស់​ព្រះយេស៊ូវ បាន​ងាក​មក​ព្រះយេស៊ូវ​សុំ​ជំនួយ​ក្នុង​ការបន្ថែម​ឲ្យ​មាន​ស្រា​ដូច​ដើម​វិញ ។ យើង​ពុំ​ប្រាកដ​ថា​តើ​ម៉ារា​មាន​មុខ​នាទី​អ្វី​នៅ​ឯ​ពិធី​ជប់លៀង​នោះ​ទេ ប៉ុន្តែ​វា​ប្រាកដ​ថា គាត់​មាន​អារម្មណ៍​ទទួល​ខុសត្រូវ​នៅពេល​ស្រា​នោះ​អស់ ។

ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ​ជួយ​យើង​យល់​ការឆ្លើយ​តប​របស់​ព្រះយេស៊ូវ​ចំពោះ​ម្តាយ​របស់​ទ្រង់ ៖ « មាតា​អើយ តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​សម្រាប់​អ្នក ? ថា​ខ្ញុំ​នឹង​ធ្វើ ដ្បិត​ពេល​វេលា​ខ្ញុំ​មិន​ទាន់​មក​ដល់​នៅ​ឡើយ » ។ ( ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ យ៉ូហាន ២:៤ [ នៅក្នុង យ៉ូហាន ២:៤ លេខយោង] ) ។ នៅ​សម័យ​របស់​ព្រះយេស៊ូវ​ពាក្យ​ថា « ស្ត្រី » គឺ​ជា​របៀប​មួយ​ហៅ​ឈ្មោះ​របស់​ម្តាយ​ដោយ​ក្តីស្រឡាញ់ និង ការគោរព ។

សូម​អាន យ៉ូហាន ២:៥ដោយ​រកមើល​អ្វី​ដែល​ម៉ារា​បាន​និយាយ​ទៅ​អ្នក​បម្រើ ។ សូម​ពិចារណា​ថា​តើ​ការណែនាំ​របស់​ម៉ារា​ចំពោះ​អ្នក​បម្រើ បង្រៀន​យើង​អ្វី​ខ្លះ អំពី​សេចក្តីជំនឿ​របស់​គាត់​លើ​ព្រះយេស៊ូវ ។

សូម​អាន យ៉ូហាន ២:៦–៧ដោយ​រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​បាន​បង្គាប់​ដល់​អ្នក​បម្រើ​ឲ្យ​ធ្វើ ។

រូបភាព
ពាង​ថ្ម​ដាក់​ស្រា

ពាង​ថ្ម​ដាក់​ស្រា​ពី​សម័យ​ព្រះគម្ពីរសញ្ញា​ថ្មី​នៅក្នុង​អ៊ីស្រាអែល

ឃ្លា « ការលាង​សម្អាត​របស់​សាសន៍​យូដា » នៅក្នុង ខ ៦ សំដៅលើ​ទំនៀមទម្លាប់​របស់​សាសន៍​យូដា​នៃ​ពិធី​លាង​ដៃ​របស់​ពួកគេ​ជាមួយ​ទឹក​ពី​មុន​បរិភោគ​អាហារ ។ ពាង ថ្ម​ធំ​ដាក់​ទឹក​បាន​ប្រើ​ប្រាស់​ជា​ទម្លាប់​បែប​នេះ ។ « មួយ ‹ អម្រែក › មាន​ចំណុះ​ប្រមាណ​ជា​៣៤​លីត្រ ដូចនេះ​ប្រាំ​មួយ​ពាង​អាច​ដាក់​ទឹក​បាន​ប្រមាណ​ពី ៣៨០ ទៅ ៦០០​លីត្រ » (New Testament Student Manual [Church Educational System manual [ ឆ្នាំ ២០១៤ ]ទំព័រ ២០៧) ។ សូម​កត់​ចំណាំ យ៉ូហាន ២:៧ ថា​តើ​ពាង​និមួយៗ​ត្រូវ​បាន​ដាក់​ទឹក​ឲ្យ​ពេញ​តាម​របៀប​ណា ។

សូម​អាន យ៉ូហាន ២:៨ដោយ​រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​បាន​បង្គាប់​ដល់​អ្នក​បម្រើ​ឲ្យ​ធ្វើ​ក្រោយ​មក​ទៀត ។

ប្រសិន​បើ​អ្នក​ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​បម្រើ​ទាំង​នោះ តើ​អ្នក​អាច​មាន​គំនិត ឬ មាន​អារម្មណ៍​យ៉ាង​ណា នៅពេល​អ្នក​យក​ពែង​មួយ​ដែលមាន​​ភេជ្ជសៈពេញ​ទៅ​ជូន​លោក​ជា​ម្ចាស់​មង្គលការ​នោះ ?

សូមមើល យ៉ូហាន ២:៩–១០ដោយ​រកមើល​អ្វី ដែល​លោក​ម្ចាស់​មង្គលការ​នោះ​បាន​និយាយ បន្ទាប់​ពី​បាន​ភ្លក់​ភេជ្ជសៈ​ដែល​បាន​យក​មក​ឲ្យ​ខ្លួន​នោះ ។

តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​ទឹក​នោះ ?

ដើម្បី​យល់​ពី​អ្វី​ដែល​លោក​ម្ចាស់​មង្គលការ​បាន​និយាយ វា​អាច​មាន​ប្រយោជន៍​ដើម្បី​ដឹង​ថា ជាញឹកញាប់​ស្រា​ល្អ​ត្រូវបាន​ប្រើ​នៅពេល​ចាប់ផ្តើម​ពិធី​ជប់លៀង ហើយ​ស្រា​ដែល​មិន​សូវ​ល្អ​ត្រូវបាន​ប្រើប្រាស់​នៅពេល​ក្រោយ​នៃ​ពិធី​ជប់លៀង ។

ព្រះយេស៊ូវ​ពុំ​ផ្តល់​ការបកស្រាយ​ជាក់លាក់​ពី​អត្ថន័យ ឬ និមិត្ត​សញ្ញា​នៃ​អព្ភូតហេតុ​ដំបូង​នេះ​ដែល​បាន​កត់ត្រា​នៃ​ការបម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់​ឡើយ ។ ទោះជា​យ៉ាង​ណា មាន​សេចក្តីពិត​សំខាន់​ៗ​ជាច្រើន ដែល​យើង​អាច​រៀន​ពី​ដំណើរ​រឿង​នៃ​អព្ភូតហេតុ​ដំបូង​របស់​ព្រះយេស៊ូវ​ដែល​បាន​កត់ត្រា ។

  1. នៅក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​សេចក្តីពិត​ដែល​អ្នក​រកឃើញ​ចេញ​ពី យ៉ូហាន ២:១–១០ អំពី​ព្រះយេស៊ូវ​គ្រីស្ទ ទំនាក់ទំនង​របស់​ទ្រង់​ជាមួយ​ម្តាយ និង ព្រះចេស្តា​ទ្រង់ ។

សេចក្តីពិត​មួយ​ដែល​អ្នក​បាន​រក​ឃើញ​ចេញពី យ៉ូហាន ២:១–១០ អាច​ស្រដៀង​នឹង​សេចក្តីពិត​ដូច​ទៅ​នេះ ៖ ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះចេស្ដា​លើ​វត្ថុ​សព្វសារពើ ។

សូម​អាន យ៉ូហាន ២:១១ដោយ​រកមើល​ឥទ្ធិពល​នៃ​អព្ភូត​ហេតុ​នេះ​ជះ​ឥទ្ធិពល​អ្វី​ខ្លះ​ដល់​កូនសិស្ស​របស់​ព្រះយេស៊ូវ ។

ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ​ថ្លែង​ថា « សេចក្តី​ជំនឿ​របស់​កូន​សិស្ស​ទ្រង់​ត្រូវបាន​ពង្រឹង​នៅក្នុង​ទ្រង់ » ( ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ យ៉ូហាន ២:១១ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ការយល់​ពី​អព្ភូតហេតុ និង ការយល់​ដឹង​ថា​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​អង្គ​បង្កបង្កើត​ឋានសួគ៌ និង ផែនដី ព្រមទាំង​មាន​ព្រះចេស្តា​លើ​វត្ថុ​សព្វសារពើ​ពង្រឹង​សេចក្តីជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្តេច ?

    2. តើ​មាន​ដំណើរ​រឿង​ផ្សេង​ណា​ទៀត​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ដែល​បង្ហាញ​ផងដែរ​ថា​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះចេស្តា​លើ​វត្ថុ​សព្វសារពើ​នោះ ?

យ៉ូហាន ២:១២-២៥

ព្រះយេស៊ូវគ្រីស្ទ​សម្អាត​ព្រះវិហារ​បរិសុទ្ធ

សូម​គិត​ពី​សកម្មភាព​នៃ​ល្បែង​កម្សាន្ត​មួយ​នៅ​ក្រៅផ្ទះ​ដែល​អ្នក​លេង​កាល​នៅតូច ។ ទោះបី​ជា​ល្បែង​កម្សាន្ត​នោះ​វា​មិន​អាក្រក់ ហើយ​សប្បាយ​រីករាយ តើ​អ្នក​មាន​អារម្មណ៍​សុខ​ស្រួល​ដើម្បី​លេង​វា​នៅលើ​ដី​ដ៏​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​ឬ​ទេ ? ហេតុអ្វីមិន​បាន ?

អំឡុង​​ឆ្នាំ​ដំបូង​នៃ​ការបម្រើ​របស់​ព្រះយេស៊ូវ នោះ​ទ្រង់​បាន​យាង​ទៅ​យេរូសាឡិម​ដើម្បី​ប្រារព្ធ​បុណ្យ​រំលង ។ សូម​អាន យ៉ូហាន ២:១២-១៧ដោយ​រកមើល​អ្វី​ដែល​បាន​កើត​ឡើង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នៅពេល​ព្រះយេស៊ូវ​បាន​មក​ដល់ ។

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ​សម្អាត​ព្រះវិហារ​បរិសុទ្ធ

ហេតុអ្វី​អ្នក​គិត​ថា ព្រះយេស៊ូវ​អន់ព្រះទ័យ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ? សូម​កត់ចំណាំ​មើល​អ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​ដើម្បី​កែតម្រូវ​បញ្ហា ។

ភ្ញៀវ​រាប់ពាន់​នាក់​ដែល​មក​ទីក្រុង​យេរូសាឡិម​ដើម្បី​ប្រារព្ធ​បុណ្យ​រំលង ត្រូវការ​ទិញ​សត្វ​ដើម្បី​ថ្វាយ​ជា​គ្រឿង​បូជា​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ដែល​ជា​ផ្នែក​មួយ​នៃ​ការថ្វាយ​បង្គំ​របស់​ពួកគេ ។ អ្នក​ប្តូរ​ប្រាក់​បាន​ដោះដូរ​រូបិយប័ណ្ណ​របស់​រ៉ូម និង រូបិយប័ណ្ណ​ផ្សេង​ទៀត​ជា​រូបិយប័ណ្ណ​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ទិញ​សត្វ​ធ្វើ​ជា​គ្រឿង​បូជា ហើយ​ពាណិជ្ជករ​ផ្សេង​ទៀត​បាន​លក់​សត្វ​ដែល​ពួកគេ​ត្រូវការ​នោះ ។ ទោះបី​ជា​ការទិញ​ដូរ​នេះ​ចាំបាច់​ក្តី ការ​ធ្វើ​កិច្ចការ​បែប​នេះ​នៅក្នុង​ផ្នែក​ខាង​ក្រោយ​ដំណាក់​ហ្លួង​នៃ​ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​ការមិន​គោរព និង គ្មាន​គារវភាព ។ ក្រៅពី​នោះ អ្នក​ប្តូរ​ប្រាក់​ទាំង​នេះ​បាន​យក​តម្លៃ​ថ្លៃ​ហួសហេតុ​ចំពោះ​សត្វ ស្វែងរក​ប្រាក់​ចំណេញ​យ៉ាង​ច្រើន ។

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃី

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពិពណ៌នា​ពី​វគ្គ​នេះ ៖ « នៅពេល​ព្រះយេស៊ូវ​បាន​យាង​ចូល​ទៅ​ខាង​ក្រៅ​ដំណាក់​ហ្លួង​នៃ​ព្រះវិហារ​បរិសុទ្ធ … ពីមុខ​ទ្រង់​មាន​ក្រោល​គោ ក្រោល​ចៀម ទ្រុង​សត្វ​ព្រាបស និង ព្រាប​នានា ជាមួយ​នឹង​ឈ្មួញ​លោភលន់ ​[ អ្នក​លក់ ] ដោយ​លក់​គ្រឿង​សម្រាប់​បូជា [ ថ្លៃ​យ៉ាង​ខ្លាំង ]​ ក្នុង​តម្លៃ​ថ្លៃ​ហួស​ប្រមាណ ។ តុ​អ្នក​ប្តូរ​ប្រាក់​នោះ​មាន​មនុស្ស​កកកុញ ដែល​ជា​អ្នក​ប្តូរ​ប្រាក់​ស្វែងរក​ប្រយោជន៍ ដោយ​ប្តូរ​ពី​ប្រាក់​កាក់​រ៉ូម និង ប្រាក់កាក់​ផ្សេង​ទៀត​ទៅ​ជា​ប្រាក់​កាក់​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ទិញ​សត្វ​ធ្វើ​ជា​គ្រឿង​បូជា » (Doctrinal New Testament Commentary ភាគ ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ១:១៣៧–៣៨ ) ។

តាមរយៈ​សកម្មភាព និង ព្រះបន្ទូល​របស់​ទ្រង់ នោះ​ព្រះយេស៊ូវ​បាន​បង្រៀន​ភាពពិសិដ្ឋ​នៃ​ព្រះដំណាក់​នៃ​ព្រះបិតា​ទ្រង់ ។

សូម​កត់សម្គាល់​នៅក្នុង យ៉ូហាន ២:១៦ ថា​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា​ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​ព្រះដំណាក់​នៃ​ព្រះវរបិតា​ទ្រង់ ។ ចេញ​ពី​ខគម្ពីរ​នេះ​យើង​រៀន​សេចក្តីពិត​ដូចតទៅ​នេះ ៖ ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​ដំណាក់​នៃ​ព្រះ ។

ព្រះវិហារបរិសុទ្ធ​គឺ​ជា​ដំណាក់​នៃ​ព្រះ​ដោយ​សារ​វា​គឺ​ជា​ទីកន្លែង​ដែល​ព្រះ​អាច​យាង​មក​គង់​នៅ ។ ពិធីបរិសុទ្ធ​ទាក់ទង​នឹង​សេចក្តី​សង្គ្រោះ​នៃ​កូនចៅ​របស់​ព្រះ ត្រូវ​ធ្វើ​ឡើង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​អស់​អ្នក​ដែល​ចូលរួម​ព្រះវិហារ​បរិសុទ្ធ​អាច​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​នៅ​ទីនោះ ។ ដោយ​សារតែ​ព្រះវិហារ​បរិសុទ្ធ​គឺ « ជា​ព្រះដំណាក់​នៃ​ព្រះអម្ចាស់ » ដូច​ដែល​បាន​សរសេរ​វា​នៅ​ខាង​ក្រៅ​នៃ​ព្រះវិហារ​បរិសុទ្ធ នោះ​ព្រះអម្ចាស់​ទ្រង់​ផ្ទាល់​អាច​មាន​វត្តមាន​នៅទីនោះ​ពេល​នោះ ។ ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​ទីកន្លែង​ដ៏​បរិសុទ្ធ​បំផុត​នៃ​ការថ្វាយ​បង្គំ​នៅលើ​ផែនដី​នេះ ។

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​ប្រធាន ហាវើដ ដបុលយូ ហឹនធើរ ដោយ​រកមើល​មូលហេតុ​ដែល​ព្រះយេស៊ូវ​បាន​បណ្តេញ​ពួក​អ្នក​ប្តូរ​ប្រាក់ និង ពាណិជ្ជករ​ចេញ​ពី​ព្រះវិហារ​បរិសុទ្ធ ៖

រូបភាព
ប្រធាន ហាវើដ ដបុលយូ ហឹនធើរ

« នៅក្នុង​ដំណើរការ​នៃ​ឱនភាព​ខាង​សីលធម៌ នោះ​គារវភាព​គឺ​ជា​គុណធម៌​ដំបូង​មួយ​ដែល​រលត់​បាត់បង់ ។ … ក្តី​ស្រឡាញ់​ចំពោះ​ប្រាក់​បាន​ក្ដោប​យក​ដួងចិត្ត​នៃ​មនុស្ស​ជាច្រើន​នៅ​ក្នុង​ស្រុក​របស់​ព្រះយេស៊ូវ ។ ពួកគេ​ខ្វល់ខ្វាយ​ចំពោះ​ទ្រព្យ​សម្បត្តិ​ជាជាង​ពួកគេ​ខ្វល់​ចំពោះ​ព្រះ ។ ដោយ​ពុំ​ខ្វល់ខ្វាយ​ចំពោះ​ព្រះ តើ​ពួកគេ​គួរតែ​ខ្វល់ខ្វាយ​ចំពោះ​ព្រះវិហារ​បរិសុទ្ធ​ធ្វើ​អ្វី ? ពួកគេ​បាន​ប្រែ​ក្លាយ​ដំណាក់​ហ្លួង​នៃ​ព្រះវិហារ​បរិសុទ្ធ​ឲ្យ​ទៅ​ជា​ទីផ្សារ ហើយ​បំពុល​ដល់​ការអធិស្ឋាន និង ការសរសើរ​តម្កើង​នៃ​ជន​ស្មោះត្រង់​ដោយ​ការប្តូរ​ប្រាក់​ដោយ​លោភលន់​ហួស​ប្រមាណ និង សម្រែក​នៃ​សត្វ​ចៀម​ដែល​ឥតទោស ។ ព្រះយេស៊ូវ​ពុំ​ធ្លាប់​បញ្ចេញ​ព្រះពិរោធ​យ៉ាង​ខ្លាំង​ដូច​នៅក្នុង​ការសម្អាត​ព្រះវិហារ​បរិសុទ្ធ​ឡើយ ។ …

« ហេតុផល​សម្រាប់​កំហឹង​នោះ​គឺ​គ្រាន់តែ​ព្រះបន្ទូល​ចំនួន​បី​ម៉ាត់ ៖ ‹ ព្រះដំណាក់​នៃ​ព្រះវរបិតា​របស់​ខ្ញុំ › ។ វា​ពុំ​មែន​ជា​ដំណាក់​សាមញ្ញ​ទេ វា​គឺ​ជា​ដំណាក់​នៃ​ព្រះ ។ វា​ត្រូវបាន​សាងសង់​ឡើង​សម្រាប់​ថ្វាយបង្គំ​ព្រះ ។ វា​គឺ​ជា​ដំណាក់​សម្រាប់​ដួងចិត្ត​ដ៏​មាន​គារវភាព ។ វា​ជា​កន្លែង​ដែល​មាន​បំណង​សម្រាប់​ធូរស្បើយ​ខាង​ផ្លូវ​ចិត្ត​នៃ​មនុស្ស​ដែល​មាន​ទុក្ខសោក និង កង្វល់​នានា គឺ​ជា​ទ្វារ​នៃ​ស្ថានសួគ៌ ។ ទ្រង់​មាន​បន្ទូល​ថា ‹ ចូរ​យក​របស់​ទាំង​នេះ​ចេញ​ទៅ កុំ​ឲ្យ​យក​ដំណាក់​នៃ​ព្រះវរបិតា​ខ្ញុំ ធ្វើ​ជា​ផ្ទះ​ជំនួញ​ឡើយ › ។ (យ៉ូហាន ២:១៦) ។ ភក្តីភាព​របស់​ទ្រង់​ចំពោះ​ព្រះដ៏​ខ្ពស់​បំផុត​បង្កាត់​ភ្លើង​នៅក្នុង​ព្រលឹង​ទ្រង់ ហើយ​ប្រទាន​ព្រះបន្ទូល​របស់​ទ្រង់​នូវ​កម្លាំង​ដែល​ចាក់​ទំលុះ​អ្នក​ប្រមាថ​ទាំង​នោះ​ដូច​ជា​កាំបិត​ស្នៀត » (« Hallowed Be Thy Name » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៧៧ ទំព័រ ៥២–៥៣ ) ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម​នេះ ៖ ខ្ញុំ​អាច​បង្ហាញ​គារវភាព​ចំពោះ ព្រះវិហារ​បរិសុទ្ធ​ដោយ… បន្ទាប់​មក​សូម​សរសេរ​នូវ​របៀប​ជា​ច្រើន​ដែល​សេចក្តី​ថ្លែងការណ៍​នេះ​អាច​ត្រូវបាន​បំពេញ តាម​ដែល​អ្នក​អាច​សរសេរ​បាន​ក្នុង​រយៈពេល​ពីរនាទី ។ សូម​ចាំ​ថា​អ្នក​អាច​បង្ហាញ​គារវភាព​ចំពោះ​ព្រះវិហារ​បរិសុទ្ធ ទោះបី​ជា​អ្នក​មិន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ក៏​ដោយ ។

សូម​ជ្រើសរើស​គំនិត​មួយ​ដែល​បាន​សរសេរ រួច​យក​វា​ដាក់​ជា​គោលដៅ​ដើម្បី​បង្ហាញ​គារវភាព​សម្រាប់​ព្រះវិហារ​បរិសុទ្ធ ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា យ៉ូហាន ២ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖