បណ្ណាល័យ
មេរៀន​ទី ១៩ ថ្ងៃទី ២ ៖ កិច្ចការ ១៥


មេរៀន​ទី ១៩ ៖ ថ្ងៃ​ទី ២

កិច្ចការ ១៥

សេចក្ដីផ្ដើម

សមាជិក​សាសនាចក្រ​មក​ពី​ស្រុក​យូដា បាន​ធ្វើ​ដំណើរ​ទៅ អាន់ទីយ៉ូក ហើយ​បាន​បង្រៀន​ពួកសាសន៍​ដទៃ​ដែល​ជា​អ្នក​ប្រែចិត្ត​ជឿ​ថ្មី​ថា ពួកគេ​ត្រូវតែ​កាត់ស្បែក​ដើម្បី​បាន​សង្គ្រោះ ។ ប៉ុល និង​បាណាបាស​បាន​នាំ​យក​បញ្ហា​នោះ​ទៅ​ប្រាប់​ដល់​ពួក​សាវក​នៅ​ឯ​ក្រុង​យេរូសាឡិម ។ ព្រឹត្តិការណ៍​នេះ មាន​ពេលខ្លះ​ត្រូវបាន​ហៅ​ថា​ជា​សន្និសីទ​ក្រុង​យេរូសាឡិម​ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​ប្រមាណ​ជា​ឆ្នាំ ៤៩-៥០​នៃ គ. ស. ។ នៅ​ក្នុង​សន្និសីទ​នោះ ពេត្រុស​បាន​ថ្លែង​ទីបន្ទាល់​ថា ព្រះ​នឹង​សង្គ្រោះ​ដល់​ពួក​យូដា និង​ពួក​សាសន៍​ដទៃ​ដែល​ស្មោះត្រង់ មិន​ថា​ពួកគេ​បាន​កាត់ស្បែក ឬ​ក៏​អត់​នោះ​ទេ ។ យ៉ាកុប​បាន​គាំទ្រ​ដល់​ពាក្យ​សម្តី​របស់​ពេត្រុស ដោយ​ប្រើ​ពាក្យពេចន៍​ពី​ព្រះគម្ពីរ ។ ពួក​សាវក​បាន​ផ្ញើ​សំបុត្រ​ទៅ​សមាជិក​សាសនាចក្រ​នៅ អាន់ទីយ៉ូក ស៊ីរី គីលីគា ដោយ​ពន្យល់​ថា ការ​កាត់ស្បែក​ពុំ​មែន​ជា​រឿង​ចាំបាច់​សម្រាប់​សេចក្ដី​សង្គ្រោះ​នោះ​ទេ ។ ប៉ុល​បាន​ជ្រើស​យក​ស៊ីឡាស​ជា​ដៃ​គូ​ផ្សព្វផ្សាយ​សាសនា​របស់​លោក ហើយ​បាន​បម្រើ​បេសកកម្ម​ទីពីរ​របស់​លោក ។

កិច្ចការ ១៥:១-២៩

តាមរយៈ​ការ​ទូន្មាន​ដ៏​បំផុស​គំនិត ពេត្រុស និង​ពួក​សាវក​ផ្សេង​ទៀត​បាន​កំណត់​ថា ការ​កាត់ស្បែក​គឺ​ពុំ​តម្រូវ​ឲ្យ​ធ្វើ​ទៀត​ឡើយ

សូម​សរសេរ​ការសម្រេច​សំខាន់ៗ​យ៉ាង​ហោច​ណាស់​ចំនួន​ប្រាំ ដែល​អ្នក​នឹង​ត្រូវ​ធ្វើ​ក្នុង​ពេល​ឥឡូវ​នេះ និង​នៅ​នា​ពេល​អនាគត ៖

សូម​គិត​អំពី​របៀប​ដែល​អ្នក​នឹង​ឆ្លើយ​សំណួរ​ដូច​តទៅ​នេះ ៖

  • ហេតុអ្វី​វា​ជា​ការឈ្លាសវៃ​ដើម្បី​ស្វែង​រក​ជំនួយ​ពី​ព្រះ ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​សំខាន់ៗ​នោះ ?

  • តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ដឹង​ពី​ព្រះទ័យ​របស់​ព្រះ​មាន​ចំពោះ​យើង​នោះ ?

នៅពេល​អ្នក​សិក្សា កិច្ចការ ១៥ សូម​រកមើល​សេចក្តីពិត​នានា ដែល​អាច​ជួយ​ដឹកនាំ​អ្នក នៅពេល​អ្នក​ព្យាយាម​ដឹង​ពី​ព្រះហឫទ័យ​របស់​ព្រះ​ចំពោះ​អ្នក ។

ដើម្បី​យល់​កាន់តែ​ច្បាស់​ពី កិច្ចការ ១៥ វា​ជា​រឿង​សំខាន់​ដែល​ត្រូវ​ដឹង​ថា ប៉ុល និង​បាណាបាស​បាន​ទៅ​ជួប​នឹង​ពួក​បរិសុទ្ធ​នៅ​អាន់ទីយ៉ូក មាន​ពួក​សាសន៍​យូដា​មួយ​ចំនួន​មក​ពី​ស្រុក​យូដា​ដែល​បាន​ប្រែ​ចិត្ត​ជឿ​លើ​គ្រិស្តសាសនា​បាន​ធ្វើ​ការ​អះអាង​មួយ​ចំនួន​អំពី​អ្វី​ដែល​ពួក​សាសន៍​ដទៃ​ដែល​ប្រែ​ចិត្ត​ជឿ​ត្រូវ​ធ្វើ​ដើម្បី​បាន​សង្គ្រោះ ។ មនុស្ស​ទាំង​នេះ និង មនុស្ស​ដទៃ​ទៀត​ដូច​ជា​ពួកគេ បាន​ស្គាល់​ថា​ជា « អ្នក​កាន់​សាសនា​យូដា » ដោយសារ​ពួកគេ​ទទូច​ចង់​ឲ្យ​ពួក​សាសន៍​ដទៃ​ដែល​បាន​ប្រែចិត្ត ក៏​ត្រូវការ​ប្រែចិត្ត​ជឿ​លើ​សាសនា​យូដា​ដែរ ។

សូម​អាន កិច្ចការ ១៥:១ ដោយ​រក​មើល​អ្វី ដែល​មនុស្ស​ទាំងនេះ ដែល​ចុះ​ពី​ស្រុក​យូដា​បាន​ប្រកាស​ថា ពួក​សាសន៍​ដទៃ​ដែល​ប្រែចិត្ត​ជឿ​ទាំង​អស់​ត្រូវ​ធ្វើ​ដើម្បី​បាន​សង្គ្រោះ ។

ជា​ផ្នែក​មួយ​នៃ​សេចក្ដីសញ្ញា​ដែល​បាន​ធ្វើ​ជាមួយ​នឹង​អ័ប្រាហាំ ព្រះ​បាន​បង្គាប់​ថា បុរស​ទាំងអស់​ដែល​បាន​ចូល​ទៅ​ក្នុង​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ទ្រង់​ត្រូវ​តែ​កាត់​ស្បែក ។ ការ​កាត់​ស្បែក « គឺ​ធ្វើ​ដោយ​កាត់ ‹ ស្បែក​ស្រោម​ចុង​ស្វាស › ពី​ទារក និង​មនុស្ស​ប្រុស​ពេញ​វ័យ ។ អស់​អ្នក​ណា​ដែល​បាន​ទទួល​កាត់​ស្បែក នោះ​គេ​មាន​អំណរ​ចំពោះ​ឯកសិទ្ធិ ហើយ​បាន​ទទួល​ខុសត្រូវ​នៃ​សេចក្ដី​សញ្ញា » ( សូមមើល​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ការកាត់ស្បែក » scriptures.lds.org) ។ ការ​កាត់​ស្បែក​ក្លាយ​ជា​សញ្ញា ឬ​ការ​រំឭក​មួយ​អំពី​សេចក្ដីសញ្ញា​ដែល​មនុស្ស​បាន​ធ្វើ​ជាមួយ​នឹង​ព្រះ ។ ទំនៀមទម្លាប់​នេះ​បាន​ចាប់ផ្តើម​អនុវត្ត​ឡើង​វិញ​នៅ​ជំនាន់​ម៉ូសេ ហើយ​បាន​បន្ត​អនុវត្ត​វា​ក្នុង​ចំណោម​អ្នក​ជឿ​នៃ​វង្ស​អ៊ីស្រាអែល រហូត​ដល់​ជំនាន់​ព្រះអង្គ​សង្គ្រោះ ។

សូម​អាន កិច្ចការ ១៥:២–៣ ដោយ​រកមើល​អ្វី​បាន​កើត​ឡើង បន្ទាប់​ពី ប៉ុល និង​បាណាបាស​បាន​ស្ដាប់​ឮ​មនុស្ស​ទាំងនេះ​ប្រកាស​ថា ពួក​សាសន៍​ដទៃ​ដែល​ប្រែចិត្ត​ជឿ​ត្រូវ​តែ​កាត់​ស្បែក​នោះ ។ ឃ្លា​ថា « បាន​ជជែក​នឹង​គេ ហើយ​មាន​សេចក្តី​ដេញ​ដោល​គ្នា​ជា​ខ្លាំង » (កិច្ចការ ១៥:២) មាន​ន័យ​ថា សមាជិក​សាសនាចក្រ​ជជែក​វែកញែក​ជាមួយ ប៉ុល និង បាណាបាស​ដោយ​ប្រកាស​ថា ពួកសាសន៍​ដទៃ​ត្រូវតែ​កាត់ស្បែក ។

យោង​តាម ខ​ទី ២ តើ​ពួកគេ​សម្រេច​ថា​គួរតែ​ធ្វើ​ដូចម្តេច ?

សូម​អាន កិច្ចការ ១៥:៤-៦ ដោយ​រកមើល​អ្វី​ដែល​បាន​កើត​ឡើង នៅពេល​ប៉ុល និង មនុស្ស​ដទៃ​ទៀត​បាន​ទៅ​ដល់​ទីក្រុង​យេរូសាឡិម ។ ឃ្លាថា « ប្រឹក្សា​ពី​ដំណើរ​នោះ » នៅក្នុង ខ​ទី ៦ សំដៅ​លើ​ការប្រឹក្សា​គ្នា ។

សូម​អាន កិច្ចការ ១៥:៧-១១ ដោយ​រកមើល​អ្វី​ដែល ពេត្រុស​បាន​និយាយ​ទៅកាន់​ក្រុមប្រឹក្សា​នោះ ។ ឃ្លា​ថា « លុះ​បាន​ជជែក​គ្នា​ជា​យូរ​ទៅ » នៅ​ក្នុង ខទី ៧ មាន​ន័យ​ថា ពួក​សាវក​បាន​ពិភាក្សា​តទល់​គ្នា​យ៉ាង​ខ្លាំង​ពី​បញ្ហា​កាត់​ស្បែក ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​គិត​ថា ពេត្រុស​ចង់​មាន​ន័យ​ដូចម្ដេច នៅ​ពេល​លោក​បាន​ពោល​ថា ព្រះ « មិន​បាន​រាប់​ពួក​យើង [ ពួក​យូដា​ដែល​បាន​ប្រែចិត្ត ] និង ពួកគេ [ ពួក​សាសន៍​ដទៃ​ដែល​បាន​ប្រែចិត្ត ] ខុស​ពី​គ្នា​ទេ » ( កិច្ចការ ១៥:៩ ) ?

ពេត្រុស​គឺ​ជា សាវក ច្បង​គេ​នៅលើ​ផែនដី ហេតុដូច្នោះ​ហើយ​មាន​សិទ្ធិ​អំណាច​និយាយ​ជំនួស​ព្រះអម្ចាស់ ។ ការប្រកាស​ដ៏​បំផុស​គំនិត​របស់​ពេត្រុស​ដែល​ថា ពួកសាសន៍​ដទៃ​ពុំ​ត្រូវការ​ការកាត់ស្បែក​គឺ​ជា​គំរូ​មួយ​របស់​ព្រះអម្ចាស់ ក្នុង​ការដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​តាមរយៈ​ការបើក​សម្តែង​ព្រះឆន្ទៈ​ទ្រង់​ដល់​ពួកសាវក ( សូមមើល កិច្ចការ ១:២ ) ។

ចេញ​ពី​ខគម្ពីរ​ទាំងនេះ យើង​អាច​រៀន​សេចក្តីពិត​ដូចត​ទៅ​នេះ ៖ យើង​អាច​ស្គាល់​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់​តាមរយៈ​ពួក​ព្យាការី និង​ពួក​សាវក​ដែល​នៅ​រស់​របស់​ទ្រង់ ។ សូម​គិត​ពី​ការសរសេរ ឬ កត់ចំណាំ​សេចក្តីពិត​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ កិច្ចការ ១៥:៦-៧ ។

នៅក្នុង​ជំនាន់​យើង​នេះ តើ​ពួក​សាវក​នៅ​រស់​ជួយ​យើង​ឲ្យ​ស្គាល់​វិវរណៈ​ដែល​ពួក​លោក​បាន​ទទួល​តាម​របៀប​ណា​ខ្លះ ?

សូម​អាន កិច្ចការ ១៥:១២–១៥ ដោយ​រកមើល​ថា តើ​ហ្វូង​មនុស្ស​បាន​ឆ្លើយ​តប​យ៉ាង​ដូចម្ដេច​ទៅ​នឹង​ការ​ប្រកាស​របស់​ពេត្រុស​ថា ការ​កាត់ស្បែក​ពុំ​មែន​ជា​រឿង​ចាំបាច់​សម្រាប់​សេចក្ដីសង្គ្រោះ ។

ពេត្រុស​បាន​ធ្វើ​ជា​អធិបតី​នៅ​សន្និសីទ​នេះ ហើយ​យ៉ាកុប​បាន​ដឹកនាំ​ការប្រជុំ​នោះ ។ យ៉ាកុប​គឺ​ជា​ប្អូន​ពោះ​ម្តាយ​តែ​មួយ​នឹង​ព្រះយេស៊ូវគ្រីស្ទ ហើយ​ជា​ប៊ីស្សព​ដំបូង​គេ​របស់​ក្រុមជំនុំ​សាសនាចក្រ​នៅ​យេរូសាឡិម ។ ដូច​បាន​កត់ត្រា​នៅក្នុង កិច្ចការ ១៥:១៦–១៨ យ៉ាកុប​បាន​ដកស្រង់​ប្រសាសន៍​របស់​ព្យាការី​អេម៉ុស ( សូមមើល អេម៉ុស ៩:១១–១២) ដើម្បី​បង្ហាញ​ថា ការ​ប្រកាស​របស់​ពេត្រុស​ស្របគ្នា​ជាមួយ​នឹង​ប្រសាសន៍​របស់​ពួក​ព្យាការី ដែល​បាន​កត់ត្រា​នៅ​ក្នុង​ព្រះគម្ពីរ ។

យោង​តាម​អ្វី​ដែល​យ៉ាកុប​បាន​បង្រៀន យើង​រៀន​សេចក្តីពិត​ដូចតទៅ​នេះ ៖ យើង​អាច​ស្គាល់​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់​បាន​តាមរយៈ​ការ​សិក្សា​ព្រះគម្ពីរ ។ សូម​គិត​ពី​ការសរសេរ ឬ កត់ចំណាំ​សេចក្តីពិត​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ កិច្ចការ ១៥:១៥-១៨ ។

សូម​អាន កិច្ចការ ១៥:១៩-២០ ដោយ​រកមើល​អ្វី ដែល​យ៉ាកុប​បាន​ប្រឹក្សា​ជាមួយ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ឲ្យ​ធ្វើ ។

ពាក្យ គំនិត នៅ​ក្នុង ខ ទី​១៩ មាន​ន័យ​ថា ការស្នើសុំ ឬ ការផ្តល់​អនុសាសន៍ ។ យ៉ាកុប​បាន​ថ្លែង​គាំទ្រ​ដល់​គោល​នយោបាយ​ដែល​ពេត្រុស ជា​អធិបតី​លើ​សាសនាចក្រ បាន​ប្រកាស​នៅក្នុង កិច្ចការ ១៥:៧–១១ ( សូមមើល ប្រ៊ូស អ័រ ម៉ាក់ខន់ឃី Doctrinal New Testament Commentary ភាគ​ទី ៣. [ ឆ្នាំ ១៩៦៥–៧៣ ] ២:១៤៣ ) ។ នៅក្នុង កិច្ចការ ១៥:២០ សូម​កត់​ចំណាំ​ប្រការ​នានា​ក្នុង​ក្រឹត្យវិន័យ​លោក​ម៉ូសេ ដែល​យ៉ាកុប​បាន​មាន​ប្រសាសន៍​ថា​ពួក​អ្នក​ប្រែចិត្ត​ជឿ​នៅតែ​ត្រូវ​គោរព​តាម ។

សូម​អាន កិច្ចការ ១៥:២២-២៧ ដោយ​រកមើល​ការសម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សា ។

ក្រុមប្រឹក្សា​បាន​សម្រេច​ចិត្ត​ផ្ញើ​សំបុត្រ​នានា​ទៅ​កាន់​សមាជិក​សាសនាចក្រ ប្រកាស​ថា​ការកាត់ស្បែក​ពុំ​តម្រូវ​ឲ្យ​មាន​សម្រាប់​សេចក្តី​សង្គ្រោះ​ឡើយ ហើយ​ថា​នេះ​គឺ​ជា​ការសម្រេច​ចិត្ត​រួមគ្នា​ជា​ឯកច្ឆន្ទ​របស់​ពួកសាវក ។ គណៈប្រធានទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់​ធ្វើ​តាម​ទំនៀម​ទម្លាប់​ដូចគ្នា​នេះ​នៅ​ក្នុង​ជំនាន់​របស់​យើង ដើម្បី​ផ្ដល់​ការ​ណែនាំ​ដ៏​បំផុស​គំនិត​ដល់​សមាជិក​សាសនាចក្រ ។

ចេញ​ពី​ដំណើរ​រឿង​នៅក្នុង កិច្ចការ ១៥ យើង​រៀន​សេចក្តីពិត​ខាង​ក្រោម​នេះ ៖ តាម​រយៈ​ការ​ប្រឹក្សា​រួម​គ្នា និង​ការ​ស្វែង​រក​វិវរណៈ​ពី​ព្រះ ថ្នាក់​ដឹកនាំ​សាសនាចក្រ​ទទួល​បាន​ការ​បំផុសគំនិត​ចំពោះ​បញ្ហា​លំបាកៗ ។

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

ដើម្បី​យល់​ច្បាស់ ថា​តើ​សេចក្ដីពិត​នេះ​ទាក់ទង​នឹង​សាសនាចក្រ​នាពេល​សព្វថ្ងៃ​នេះ​តាម​របៀប​ណា សូម​ពិចារណា​ពី​សេចក្ដី​ថ្លែង​ការណ៍​ខាង​ក្រោម​នេះ​ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ ។ បន្ទាប់​ពី​លើកឡើង​នូវ​ឧទាហរណ៍​នៅក្នុង កិច្ចការ ១០ និង កិច្ចការ ១៥ ដើម្បី​បង្ហាញ​ពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ « អាច​ដឹកនាំ​ដោយ​ព្រះអង្គ​ទ្រង់​ចំពោះ​អ្នក​បម្រើ​ម្នាក់ៗ​របស់​ទ្រង់ ឬ របៀប​ប្រព្រឹត្ត​នៅក្នុង​ក្រុមប្រឹក្សា » អែលឌើរ គ្រីស្តូហ្វឺសិន​បាន​ថ្លែង ៖ « គំរូ​ដូចគ្នា​នេះ​ត្រូវ​បាន​ធ្វើ​តាម​នា​សព្វ​ថ្ងៃ​នេះ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ដែល​បាន​ស្ដារ​ឡើងវិញ ។ ប្រធាន​សាសនាចក្រ​អាច​ប្រកាស ឬ បកស្រាយ​គោលលទ្ធិ​ទាំងឡាយ ដោយ​ផ្អែក​លើ​វិវរណៈ​ដែល​ប្រទាន​ដល់​លោក ( សូមមើល ជា​ឧទាហរណ៍ គ. និង ស. ១៣៨ ) ។ ការ​ពិពណ៌នាអំពី​គោលលទ្ធិ​ក៏​អាច​បាន​មក​តាមរយៈ​ការប្រឹក្សា​រួមគ្នា​របស់​គណៈប្រធាន​ទីមួយ និង កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ផងដែរ ( សូមមើល ជា​ឧទាហរណ៍ សេចក្ដី​ប្រកាស​ជា​ផ្លូវការ​ទី​២ ) ។ ជារឿយៗ ការពិភាក្សា​ក្នុង​ក្រុម​ប្រឹក្សា​នឹង​រួម​បញ្ចូល​នូវ​បទដ្ឋាន​ព្រះគម្ពីរ ការបង្រៀន​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ និង អ្វី​ដែល​បាន​ធ្វើ​ហើយ​ពីមុន ។ ប៉ុន្ដែ នៅ​ទីបញ្ចប់​គឺ​ដូចជា​សាសនាចក្រ​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​ដែរ ដែល​ជា​ធម្មតា​គោលដៅ​របស់​វា​ពុំ​មែន​ជា​ការព្រមព្រៀង​គ្នា​នៅក្នុង​សមាជិក​ក្រុមប្រឹក្សា​នោះ​ទេ ប៉ុន្ដែ​វា​ជា​វិវរណៈ​មក​ពី​ព្រះ​វិញ ។ វា​គឺជា​ដំណើរការ​មួយ​ដែល​ត្រូវ​តែ​មាន​ទាំង​ហេតុផល និង​សេចក្ដីជំនឿ​ដើម្បី​ទទួល​បាន​ព្រះតម្រិះ និង​ព្រះទ័យ​របស់​ព្រះអម្ចាស់ » ( « The Doctrine of Christ » EnsignLiahona ខែ ឧសភា ឆ្នាំ​២០១២ ទំព័រ ៨៧–៨៨ ) ។

សូម​អាន កិច្ចការ ១៥:២៨-២៩ ដោយ​រកមើល​អ្វី​ដែល​ពួក​សាវក និង អែលឌើរ​បាន​សរសេរ​នៅក្នុង​សំបុត្រ​របស់​ពួកលោក​ទៅកាន់​សមាជិក​សាសនាចក្រ ។ ឃ្លា « ដាក់​បន្ទុក​អ្វី​ទៀត​លើ​អ្នក​រាល់​គ្នា ក្រៅ​ពី​សេចក្តី​ទាំង​នេះ​ដែល​ត្រូវ​តែ​កាន់​នោះ » នៅក្នុង ខ​ទី ២៨ មាន​ន័យ​ថា មនុស្ស​មិន​ត្រូវ​គោរព​តាម​តម្រូវការ​បន្ថែម​ទៀត​ដែល​កើត​មក​ពី​មនុស្ស និង ដែល​មិនមែន​មក​ពី​ព្រះ​ឡើយ ។

យោង​តាម កិច្ចការ ១៥:២៨ តើ​ពួក​សាវក​បាន​ស្គាល់​ព្រះទ័យ​របស់​ព្រះ​ស្ដីពី​តម្រូវការ​នានា​សម្រាប់​ពួក​សាសន៍​ដទៃ​ដែល​បាន​ប្រែចិត្ត​ជឿ​យ៉ាង​ដូចម្ដេច ?

មិនត្រឹម​តែ​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​បំផុស​គំនិត​ដល់​ពួកសាវក​នៅពេល​ពួក​លោក​ប្រឹក្សា​ជាមួយ​គ្នា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទ្រង់​ក៏​បាន​ប្រទាន​សាក្សី​បញ្ជាក់​ថា ការសម្រេច​ចិត្ត​របស់​ពួកលោក​គឺ​ជា​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ ។ ចេញ​ពី កិច្ចការ ១៥:២៨ យើង​រៀន​ថា របៀប​មួយ​ដែល​យើង​អាច​ស្គាល់​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់​បាន​នោះ​គឺ​តាមរយៈ​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  1. សូម​មើល​បញ្ជី​នៃ​ការសម្រេច​ចិត្ត​សំខាន់ៗ​របស់​អ្នក​ឡើង​វិញ​នៅ​ដើម​មេរៀន​នេះ ។ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ពន្យល់​ពី​របៀប​ដែល​អ្នក​នឹង​ប្រើប្រាស់​ប្រសាសន៍​របស់​ព្យាការី​សម័យ​ទំនើប​នេះ និង ព្រះគម្ពីរ​ដើម្បី​ទទួលបាន​ការណែនាំ​ពី​ព្រះអម្ចាស់​នៅក្នុង​កាលៈទេសៈ​បច្ចុប្បន្ន និង នា​ពេល​អនាគត ។

កិច្ចការ ១៥:៣០-៤១

ប៉ុល និង​អ្នក​ដទៃ​ទៀត​បាន​នាំ​យក​សំបុត្រ​របស់​ពួក​សាវក​ទៅ​ដល់​សមាជិក​នៅ​ក្រុង​អាន់ទីយ៉ូក

កិច្ចការ ១៥:៣០–៤១ ពន្យល់​ថា ថ្នាក់​ដឹកនាំ​មួយ​ចំនួន​នៃ​សាសនាចក្រ​បាន​នាំ​យក​សំបុត្រ​របស់​ពួក​សាវក​ទៅ​ដល់​សមាជិក​សាសនាចក្រ​នៅ​ក្រុង​អាន់ទីយ៉ូក ។ បន្ទាប់​ពី​ប្រកាស​ដំណឹងល្អ​នៅ​ក្រុង​អាន់ទីយ៉ូក​មក ប៉ុល​បាន​សុំ​ឲ្យ​បាណាបាស​ទៅ​ជាមួយ​លោក​ទៅ​កន្លែង​ដែល​ពួកលោក​ធ្លាប់​បាន​ប្រកាស​ដំណឹងល្អ អំឡុង​ពេល​បេសកកម្ម​ដំបូង​របស់​ពួកលោក ។ បាណាបាស​ចង់​យក​ម៉ាកុស​ទៅ​ជាមួយ​ដែរ ប៉ុន្តែ​ប៉ុល​បាន​បដិសេធ ដោយសារ​ម៉ាកុស​បាន​ទុក​ពួក​លោក​ចោល​អំឡុង​ពេល​បេសកកម្ម​លើក​ដំបូង​របស់​ពួកលោក ។ បន្ទាប់​ពី​មាន​ការទាស់ទែង​គ្នា​មួយ​ចំនួន​រវាង​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ដ៏​មាន​មុខ​មាត់​ទាំង​ពីរ​មក បាណាបាស​បាន​សម្រេច​ចិត្ត​នាំ​ម៉ាកុស​ទៅ​ជាមួយ​លោក​ទៅ​គីប្រុស ហើយ​ប៉ុល​បាន​ជ្រើស​យក​ស៊ីឡាស​ជា​ដៃ​គូ​បេសកកម្ម ហើយ​បាន​ចាប់ផ្ដើម​បេសកកម្ម​ទីពីរ​របស់​លោក ។

ការ​មិន​យល់​ស្រប​គ្នា​គឺ​ពុំ​មែន​ជា​អំពើបាប​ទេ ។ ដូច​ដំណើរ​រឿង​នេះ​បាន​បង្ហាញ ជំនួស​ឲ្យ​ការ​ទាស់​ទែង​គ្នា យើង​គួរ​ខិតខំ​ស្វែង​រក​ដំណោះស្រាយ​ចំពោះ​ការ​ខ្វែង​គំនិត​គ្នា​របស់​យើង ។

  1. សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា កិច្ចការ ១៥ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖