មេរៀនទី ២២ ៖ ថ្ងៃទី ២
កូរិនថូស ទី១ ៩-១០
សេចក្ដីផ្ដើម
សាវកប៉ុលបានថ្លែងកង្វល់ពីពួកបរិសុទ្ធកូរិនថូសម្នាក់ អំពីការប្រើប្រាស់ធនធានរបស់សាសនាចក្រទៅរកប្រាក់សម្រាប់ការចំណាយក្នុងការរស់នៅរបស់ខ្លួន ។ លោកបានពន្យល់ថា គោលបំណងនៃការប្រកាសដំណឹងល្អរបស់លោកគឺដើម្បីនាំឲ្យមានសេចក្ដីសង្គ្រោះដល់កូនចៅរបស់ព្រះ ។ លោកបានទូន្មានឲ្យពួកគេចៀសវាងពីការប្រព្រឹត្តបាប ក៏ដូចជាការធ្វើឲ្យមនុស្សដទៃរវាទចិត្តក្នុងជំនឿសាសនារបស់ពួកគេដែរ ។
កូរិនថូសទី ១ ៩
ប៉ុលប្រកាសដំណឹងល្អដើម្បីឲ្យខ្លួនលោក ព្រមទាំងអ្នកដែលស្ដាប់លោកផងបានសង្គ្រោះ
តើអ្នកធ្លាប់ពិបាកក្នុងភ្ញាក់ពីព្រលឹម ហើយជាលទ្ធផលអ្នកខកខានមិនបានធ្វើអ្វីមួយសំខាន់ដែរឬទេ ? តើអ្នកមានអារម្មណ៍ដូចម្ដេចនៅពេលអ្នកដឹងថាអ្នកបានខកខានធ្វើអ្វីមួយ ឬមិនសម្រេចបានអ្វីមួយដែលសំខាន់ព្រោះអ្នកមិនបានត្រៀមខ្លួនដែរឬទេ ?
រឿងសំខាន់បំផុតនៅក្នុងជីវិតនេះដែលយើងគួរតែខិតខំសម្រេចបាន គឺជាឱកាសដើម្បីបានសក្ដិសមនឹងជីវិតដ៏នៅអស់កល្បជានិច្ច ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក អំពីមូលហេតុដែលជីវិតដ៏នៅអស់កល្បជានិច្ចគឺជាអ្វីមួយដែលអ្នកចង់បាន ។
គឺដូចជាការពិបាកក្នុងការភ្ញាក់ពីព្រលឹមដែលអាចធ្វើឲ្យអ្នកខកខាន ឬមិនអាចសម្រេចបានរឿងដ៏សំខាន់ដែរ នោះឥរិយាបថមួយចំនួនអាចបណ្ដាលឲ្យយើងខកខានក្នុងការសម្រេចបានរឿងដ៏សំខាន់បំផុតជាងអ្វីៗទាំងអស់—ដែលជាជីវិតដ៏នៅអស់កល្បជានិច្ច ។ នៅពេលអ្នកសិក្សា កូរិនថូស ទី១ ៩ សូមស្វែងរកគោលការណ៍ដែលអាចជួយអ្នកដឹងអំពីរបៀបអះអាងថា អ្នកសម្រេចបានជីវិតដ៏នៅអស់កល្បជានិច្ច ។
នៅក្នុង កូរិនថូស ទី១ ៩:១–២១ ប៉ុលបានឆ្លើយសំណួរជាច្រើនមកពីពួកបរិសុទ្ធកូរិនថូស ។ លោកបានសរសេរថា ទោះជាលោកត្រូវបានគាំទ្រឲ្យផ្គត់ផ្គង់ដល់បញ្ហាខាងសាច់ឈាមពីសមាជិកសាសនាចក្រក្ដី ក៏លោកពុំបានពឹងផ្អែកទៅលើពួកគេសម្រាប់ការចំណាយក្នុងការរស់នៅរបស់លោកដែរ ។ លោកបានពន្យល់ថា ដោយការសម្របខ្លួនទៅនឹងកាលៈទេសៈខុសៗគ្នាដោយពុំបន្ទាបបទដ្ឋាននៃដំណឹងល្អនោះ លោកអាចជួយពួកសាសន៍យូដា ពួកសាសន៍ដទៃ និងមនុស្សឯទៀតដែលទន់ខ្សោយនៅក្នុងដំណឹងល្អឲ្យទទួលយកដំណឹងល្អបាន ។
សូមអាន កូរិនថូស ទី១ ៩:១៧ ដោយស្វែងរករបៀបដែលប៉ុលបានប្រកាសដំណឹងល្អ ។
សូមអាន កូរិនថូស ទី១ ៩:២២–២៣ ដោយស្វែងរកមូលហេតុដែលប៉ុលបានប្រកាសដំណឹងល្អដោយសុច្ឆន្ទៈ ។
សូមគិតអំពីពេលដែលអ្នកបានហ្វឹកហាត់ ឬបំពាក់បំប៉នសម្រាប់ព្រឹត្តិការណ៍មួយ ។ តើកាលវិភាគនៃកម្មវិធីការហ្វឹកហាត់ ឬ ការបំពាក់បំប៉នរបស់អ្នកមានរយៈពេលយូរប៉ុណ្ណាដែរ ? តើការខិតខំឆ្ពោះទៅរកគោលដៅមួយ បានជំរុញចិត្តអ្នកយ៉ាងដូចម្ដេច ?
ប៉ុលបានពន្យល់ថា អត្តពលិកអាចយកឈ្នះលើការល្បួងដែលរារាំងពួកគេពីការហ្វឹកហាត់បានតាមរយៈការផ្ដោតអារម្មណ៍ទៅលើគោលដៅរបស់ខ្លួន ។ សូមអាន កូរិនថូស ទី១ ៩:២៤–២៥ ដោយស្វែងរកការប្រកួតរបស់អត្តពលិកដែលប៉ុលបានប្រើ ដើម្បីបង្រៀនពួកបរិសុទ្ធកូរិនថូស ។
តើគុណសម្បត្តិ ឬលក្ខណៈសម្បត្តិណាខ្លះ ដែលប៉ុលបាននិយាយថាអ្នករត់ប្រណាំងត្រូវមានដើម្បីបានជោគជ័យ ?
ការខំអត់សង្កត់ចិត្តគ្រប់ជំពូកមានន័យថា ការអនុវត្តដាក់វិន័យ ឬការគ្រប់គ្រងលើខ្លួនឯង ។ មកុដដែលមិនចេះពុករលួយ ដែលប៉ុលបានលើកឡើងដែលនឹងនៅជាដរាប គឺជាជីវិតដ៏នៅអស់កល្បជានិច្ច ។
ចេញពី កូរិនថូស ទី១ ៩:២៥ យើងអាចរៀនគោលការណ៍ដូចខាងក្រោមនេះ ៖ ដើម្បីទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច យើងត្រូវតែរៀនអនុវត្តដាក់វិន័យលើខ្លួនឯងគ្រប់ជំពូក ។ ទោះជាយ៉ាងណាក៏ដោយ នៅទីបំផុត ជីវិតដ៏នៅអស់កល្បជានិច្ចកើតមានតែតាមរយៈ « បុណ្យគុណ និងសេចក្ដីមេត្តាករុណា និងព្រះគុណ » នៃព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ( នីហ្វៃទី២ ២:៨ ) មិនមែនតាមរយៈការដាក់វិន័យលើខ្លួនឯងនោះទេ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកគិតថាហេតុអ្វីបានជាការអនុវត្តដាក់វិន័យលើខ្លួនឯង ចាំបាច់ក្នុងការទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ?
-
តើទិដ្ឋភាពណាខ្លះនៅក្នុងជីវិតរបស់យើងដែលយើងទាំងអស់គ្នាត្រូវអនុវត្តដាក់វិន័យលើខ្លួនឯងដើម្បីយើងអាចទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ?
-
សូមអាន កូរិនថូស ទី១ ៩:២៦–២៧ ដោយស្វែងរករបៀបដែលប៉ុលបានពិពណ៌នាអំពីកិច្ចខិតខំរបស់លោកក្នុងការអនុវត្តដាក់វិន័យលើខ្លួនឯង ។ ឃ្លា « វាយដំ » នៅក្នុង ខទី ២៧ មានន័យថាការដាក់វិន័យដ៏សុចរិត ( សូមមើល កូរិនថូស ទី១ ៩:២៧ ) ។
តើអ្នកគិតថាប៉ុលចង់មានន័យដូចម្ដេចនៅក្នុង ខទី ២៧ នៅពេលលោកបានសរសេរថា « ខ្ញុំវាយដំរូបកាយខ្ញុំ ទាំងបង្ខំឲ្យចុះចូល ៖ ក្រែងក្រោយដែលខ្ញុំបានប្រដៅមនុស្សឯទៀតហើយ នោះខ្លួនខ្ញុំត្រូវចោលចេញវិញ » ?
សូមពិចារណាអំពីសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ព្រិកហាំ យ៉ង់ ៖
« អ្នកមិនអាចគ្រងជីវិតដ៏នៅអស់កល្បជានិច្ចបានឡើយ លើកលែងតែបំណងប្រាថ្នារបស់អ្នកត្រូវបាននាំទៅឯការចុះចូលនឹងវិញ្ញាណដែលសណ្ឋិតនៅក្នុងខ្លួនអ្នក ជាវិញ្ញាណដែលព្រះវរបិតាគង់នៅឯស្ថានសួគ៌បានប្រទានឲ្យអ្នក ។ ខ្ញុំចង់មានន័យថាជាព្រះវរបិតានៃវិញ្ញាណរបស់អ្នក នៃវិញ្ញាណដែលទ្រង់បានដាក់នៅក្នុងរោងឧបោសថទាំងនេះ [ រូបកាយ ] ។ រោងឧបោសថត្រូវតែបាននាំទៅឯការចុះចូលនឹងវិញ្ញាណយ៉ាងឥតខ្ចោះ បើមិនដូច្នោះទេ រូបកាយរបស់អ្នកពុំអាចលើកឡើងដើម្បីគ្រងជីវិតដ៏នៅអស់កល្បជានិច្ចបានឡើយ ។ … សូមខិតខំដោយឧស្សាហ៍ដរាបដល់អ្នកចុះចូលគ្រប់ជំពូកទៅនឹងក្រឹត្យវិន័យនៃព្រះគ្រីស្ទ » ( Teachings of Presidents of the Church: Brigham Young [ ឆ្នាំ ១៩៩៧ ] ទំព័រ ២០៤ ) ។
« ប្រសិនបើវិញ្ញាណបណ្ដោយខ្លួនទៅតាមរូបកាយវិញ នោះវា [ វិញ្ញាណ ] ក្លាយជាចេះពុករលួយហើយ ប៉ុន្តែប្រសិនបើរូបកាយបណ្ដោយខ្លួនទៅតាមវិញ្ញាណ នោះវា [ រូបកាយ ] ក្លាយជាស្អាតស្អំ និង បរិសុទ្ធហើយ » ( Teachings: Brigham Young ទំព័រ ២០៥ ) ។
-
សូមឆ្លើយសំណួរខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើមានអ្វីខ្លះដែលអ្នកអាចធ្វើ ដើម្បីជួយរូបកាយរបស់អ្នកបណ្ដោយខ្លួនទៅតាមវិញ្ញាណ ?
កូរិនថូសទី ១ ១០
ប៉ុលហាមប្រាមពួកបរិសុទ្ធកូរិនថូស ឲ្យចៀសវាងពីការប្រព្រឹត្តបាប និងការធ្វើឲ្យមនុស្សដទៃរវាទចិត្ត ។
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ក្នុងគណៈប្រធានទីមួយបានព្រមាន ៖ « ជំនឿខុសឆ្គងដ៏ធំមួយក្នុងជីវិត គឺនៅពេល [ បុគ្គលទាំងឡាយ ] គិតថាពួកគេមិនដែលបរាជ័យ ។ មានមនុស្សជាច្រើនគិតថា ពួកគេ [ ត្រូវបាន ] បង្កើតមកពីដែកថែប រឹងមាំគ្រប់គ្រាន់ដើម្បីតតាំងនឹងការល្បួង ។ ពួកគេបញ្ឆោតខ្លួនឯងឲ្យគិតថា ‹ វាមិនអាចកើតឡើងចំពោះខ្ញុំបាននោះទេ › » ( « It Can’t Happen to Me » Ensign ខែ ឧសភា ឆ្នាំ ២០០២ ទំព័រ ៤៦ ) ។
សូមគិតអំពីស្ថានភាពនានាដែលមនុស្សអាចបណ្ដោយឲ្យខ្លួនគេធ្លាក់ទៅក្នុងការល្បួង ដោយគិតថាពួកគេរឹងមាំល្មមនឹងតតាំងនឹងវាបាន ។
ដូចមានកត់ត្រានៅក្នុង កូរិនថូស ទី១ ១០:១–៥ ប៉ុលបានសំដៅទៅលើអ្វីមួយចំនួន ដែលពួកកូនចៅអ៊ីស្រាអែលបានជួបប្រទះនៅជំនាន់ម៉ូសេ ដែលបានធ្វើឲ្យពួកគេរឹងមាំខាងវិញ្ញាណ ។ ទោះជាពួកគេត្រូវបានប្រទានពរដោយព្រះអម្ចាស់នៅក្នុងវាលរហោស្ថាន ហើយបានឃើញអព្ភូតហេតុជាច្រើនក្ដី ក៏ព្រះអម្ចាស់ពុំសព្វព្រះទ័យនឹងពួកគេជាច្រើននាក់ដែរ ហើយពួកគេត្រូវបានដាក់ទោស ។
សូមអាន កូរិនថូស ទី១ ១០:៦–១១ ដោយស្វែងរកអ្វីដែលប៉ុលចង់ឲ្យពួកបរិសុទ្ធកូរិនថូសរៀន ចេញពីគំរូរបស់ពួកសាសន៍អ៊ីស្រាអែលពីបុរាណ ។
ទោះជាពួកសាសន៍អ៊ីស្រាអែលពីបុរាណបានទទួលពរជ័យមហិមាក្ដី ក៏ពួកគេជ្រើសរើសធ្លាក់ក្នុងការល្បួងដែរ ។ ប៉ុលចង់ព្រមានពួកបរិសុទ្ធកូរិនថូស ដើម្បីពួកគេចៀសវាងពីការប្រព្រឹត្តបាបដូចគ្នា ដែលពួកសាសន៍អ៊ីស្រាអែលពីបុរាណបានប្រព្រឹត្តដែរ ។
សូមអាន កូរិនថូស ទី១ ១០:១២ រួចសង្ខេបសារលិខិតរបស់ប៉ុលដោយប្រើពាក្យពេចន៍របស់អ្នក ៖
សូមអាន កូរិនថូស ទី១ ១០:១៣ ដោយស្វែងរកអ្វីដែលប៉ុលបានបង្រៀនអំពីការល្បួង ។ អ្នកអាចគូសចំណាំនូវអ្វីដែលអ្នករកឃើញ ។
តើយើងអាចរៀនអ្វីខ្លះអំពីការល្បួង ចេញមកពីខគម្ពីរនេះ ?
សូមពិចារណាសំណួរខាងក្រោមនេះ ៖ ប្រសិនបើព្រះពុំបណ្ដោយឲ្យយើងត្រូវបានល្បួងលើសពីសមត្ថភាពរបស់យើងដើម្បីតតាំងទេនោះ ហេតុអ្វីបានជាពួកសាសន៍អ៊ីស្រាអែលពីបុរាណបានធ្លាក់ទៅក្នុងការល្បួង ?
សូមអាន កូរិនថូស ទី១ ១០:១៤ ដោយស្វែងរកអ្វីដែលប៉ុលបានបង្រៀនឲ្យពួកបរិសុទ្ធកូរិនថូសធ្វើ ។ ការថ្វាយបង្គំរូបព្រះ គឺជាអំពើបាបទាំងពួកសាសន៍អ៊ីស្រាអែលពីបុរាណ និងពួកបរិសុទ្ធកូរិនថូសបានជួបនឹងការលំបាក ។
យើងអាចរៀនចេញពី កូរិនថូស ទី១ ១០:១៣–១៤ ថា ព្រះនឹងប្រទានផ្លូវមួយឲ្យយើងគេចពីការល្បួង ប៉ុន្តែយើងត្រូវតែជ្រើសរើសដើម្បីដកខ្លួនយើងចេញពីការល្បួងនោះ ។
សូមអាន អាលម៉ា ១៣:២៨ ដោយស្វែងរកអ្វីដែលយើងអាចធ្វើបាន ដើម្បីដកខ្លួនយើងចេញពីការល្បួង ។ សូមគិតដល់ការសរសេរបទគម្ពីរយោងនេះដាក់នៅក្នុងព្រះគម្ពីររបស់អ្នកក្បែរ កូរិនថូស ទី១ ១០:១៣–១៤ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
ចេញពីអ្វីដែលអ្នកបានរៀននៅក្នុង កូរិនថូស ទី១ ១០:១៣–១៤ និង អាលម៉ា ១៣:២៨ សូមសរសេរចំណងជើងកាសែត ឬឃ្លាលើបដាមួយ ដែលប្រាប់ដល់មនុស្សអំពីរបៀបដែលពួកគេអាចគេចពីការល្បួង ។
-
តើការបន្ទាបខ្លួន និងការឃ្លាំមើល ព្រមទាំងការអធិស្ឋានឥតឈប់ឈរ អាចជួយយើងដកខ្លួនចេញពីការល្បួងបានយ៉ាងដូចម្ដេច ?
-
អ្នកប្រហែលជាមិនអាចចៀសវាងពីការល្បួងបានជានិច្ចនោះទេ ។ ដោយហេតុនេះហើយ ទើបយើងត្រូវសម្រេចចិត្តនាពេលឥឡូវនេះថាតើយើងនឹងប្រព្រឹត្តយ៉ាងដូចម្ដេចនៅពេលយើងជួបនឹងការល្បួង ។ សូមពិចារណាអំពីសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ៖
« ការសម្រេចចិត្តត្រឹមត្រូវ គឺងាយធ្វើណាស់ នៅពេលយើងធ្វើវាបានយ៉ាងល្អទុកជាមុន ដោយមានគោលបំណងសំខាន់នៅក្នុងគំនិតហើយនោះ ការធ្វើដូចនេះវាជួយមិនឲ្យមានការថប់អារម្មណ៍ [ អំឡុងពេលត្រូវសម្រេចចិត្ត ] នៅពេលយើងធុញទ្រាន់ ឬត្រូវល្បួងយ៉ាងខ្លាំងនោះ ។ …
« …ពេលវេលាដើម្បីសម្រេចចិត្តថា យើងនឹងមិនទទួលយកអ្វីដែលតិចជាងឱកាសដើម្បីរស់នៅអស់កល្បជានិច្ចជាមួយនឹងព្រះវរបិតារបស់យើងនោះ គឺជាពេលឥឡូវនេះហើយ ដើម្បីឲ្យរាល់ជម្រើសដែលយើងធ្វើនឹងមានឥទ្ធិពលលើការប្ដេជ្ញាចិត្តថានឹងមិនឲ្យមានអ្វីណាមួយមកបង្អាក់ការសម្រេចបានគោលលដៅសំខាន់នោះបានឡើយ » ( Teachings of Presidents of the Church: Spencer W. Kimball,[ ឆ្នាំ ២០០៦ ] ទំព័រ ១០៨–៩ ) ។
« ចូរដាក់វិន័យខ្លួនឯងដើម្បីឲ្យអ្នកកាន់តែមិនត្រូវសម្រេចចិត្ត និងត្រូវសម្រេចចិត្តឡើងវិញអំពីអ្វីដែលអ្នកនឹងធ្វើ នៅពេលអ្នកជួបនឹងការល្បួងដដែលៗម្ដងហើយម្ដងទៀត ។ អ្នកត្រូវសម្រេចចិត្តធ្វើអ្វីមួយ តែម្ដងប៉ុណ្ណោះ !
« នោះជាពរជ័យដ៏មហិមាណាស់ហ្ន៎ដែលយើងពុំចាំបាច់សម្រេចចិត្តម្ដងហើយម្ដងទៀតចំពោះការល្បួងតែមួយនោះ ។ ការធ្វើដូច្នោះគឺជាការខ្ជះខ្ជាយពេលវេលា និងប្រកបដោយគ្រោះថ្នាក់ » ( Teachings: Spencer W. Kimball ទំព័រ ១០៩ ) ។
« ពេលវេលាដែលត្រូវចេញឲ្យឆ្ងាយពីផ្លូវរបស់អារក្សគឺពីមុនដែលផ្លូវនោះចាប់ផ្ដើម ។ អាថ៌កំបាំងនៃជីវិតដ៏រុងរឿងស្ថិតនៅក្នុងការការពារ និង ការបង្ការទុកជាមុន ។ ជនទាំងឡាយណាដែលបណ្ដោយខ្លួនទៅតាមអារក្ស ជាធម្មតាគឺជាជនដែលបានដាក់ខ្លួនឯងនៅក្នុងស្ថានភាពឈឺចាប់ » ( Teachings: Spencer W. Kimball ទំព័រ ១០៩ ) ។
សូមពិចារណាអំពីការល្បួងនានាដែលអ្នកមានការលំបាកបំផុត ។ តើការផ្លាស់ប្ដូរអ្វីខ្លះដែលអ្នកអាចធ្វើ ដើម្បីចៀសវាងពីការល្បួងពីមុនអ្នកជួបនឹងការល្បួងនោះ ?
សូមចំណាយពេលបន្តិចដើម្បីអានប្រធានបទមួយចេញពី ដើម្បីកម្លាំងនៃយុវជន ដែលអាចជួយអ្នកដឹងអំពីរបៀបដកខ្លួនចេញពីការល្បួង ។ យោងតាមអ្វីដែលអ្នកបានអាន សូមគិតដល់ការសរសេរគោលដៅមួយ រួចដាក់វាតាមខ្លួនមួយរយៈដើម្បីជួយរំឭកអ្នកឲ្យគេចពីការល្បួង ។
នៅក្នុង កូរិនថូស ទី១ ១០:១៥–៣៣ ប៉ុលបានទូន្មានពួកបរិសុទ្ធកូរិនថូសឲ្យផ្ដល់ការគោរពលើការប្រតិបត្តិសាសនារបស់មនុស្សដទៃដោយពុំចាំបាច់បន្ទាបបទដ្ឋានខ្លួនឡើយ ហើយលោកបានសរសេរម្ដងទៀតថា លោកប្រកាសដំណឹងល្អដើម្បីជួយមនុស្សជាច្រើនឲ្យបានសង្គ្រោះ ។
-
សូមសរសេរឃ្លាដែលនៅខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា កូរិនថូស ទី១ ៩-១០ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែមដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖