បណ្ណាល័យ
មេរៀន​ទី ១៧ ថ្ងៃទី ៣ ៖ កិច្ចការ ២


មេរៀន​ទី ១៧ ៖ ថ្ងៃទី ៣

កិច្ចការ ២

សេចក្ដីផ្ដើម

ពួក​សិស្ស​បាន​ពោរពេញ​ទៅ ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅ​ថ្ងៃ​បុណ្យ​ទី​ហាសិប ហើយ​ត្រូវបាន​ប្រទាន​ពរ​ឲ្យ​មាន​នូវ​អំណោយ​ទាន​នៃ​ភាសា នៅពេល​ពួកគេ​បាន​ផ្សាយ​ដំណឹង​ល្អ ។ ពេត្រុស​បាន​ប្រកាស​ថា ព្រះយេស៊ូវ​គឺ​ជា « ព្រះអម្ចាស់ ហើយ​ជា​ព្រះគ្រីស្ទ​ផង » ( កិច្ចការ ២:៣៦ ) ហើយ​បាន​អញ្ជើញ​មនុស្ស​ឲ្យ​ប្រែចិត្ត ទទួល​បុណ្យ​ជ្រមុជទឹក និង ទទួល​អំណោយ​ទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ។ មាន​មនុស្ស​ប្រហែល ៣០០០​នាក់​បាន​ប្រែចិត្ត​ជឿ និង ជ្រមុជទឹក​នៅ​ថ្ងៃ​នោះ ហើយ​ពួកគេ​បាន​បន្ត​នៅ​ស្មោះត្រង់​ក្នុង​សាសនាចក្រ ។

កិច្ចការ ២:១-១៣

ពួកសិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​បាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅ​បុណ្យ​ថ្ងៃ​ទី​ហាសិប

សូម​គិត​ពី​ឱកាស​ថ្មីៗ​នេះ​ដែល​អ្នក​អាច​មាន​ឱកាស​ដើម្បី​និយាយ​នៅក្នុង​ព្រះវិហារ បង្រៀន​មេរៀន ឬ ចែកចាយ​ដំណឹងល្អ​ជាមួយ​នរណា​ម្នាក់ ។ តើ​មាន​អ្វី​ជា​ឧបសគ្គ​ចំពោះ​អ្នក​ដើម្បី​និយាយ បង្រៀន ឬ​ថ្លែងទីបន្ទាល់​ដល់​មនុស្ស​ដទៃ​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ?

នៅពេល​អ្នក​សិក្សា កិច្ចការ ២:១–១៣ សូម​រកមើល​សេចក្តីពិត​ដែល​អាច​ជួយ​អ្នក នៅពេល​អ្នក​មាន​អារម្មណ៍​ភិតភ័យ ឬ ខ្លាច​ក្នុង​ការនិយាយ បង្រៀន និង ថ្លែង​ទីបន្ទាល់​ដល់​មនុស្ស​ដទៃ​អំពី​ដំណឹង​ល្អ​ដែល​បាន​ស្តារ​ឡើង​វិញ ។

ប្រហែល​ជាមួយ​សប្តាហ៍​ក្រោយ​ពី​ព្រះ​អង្គសង្គ្រោះ​បាន​យាង​ទៅ​ឋានសួគ៌​វិញ ពួក​សាសន៍​យូដា​មក​ពី​ប្រទេស​ជាច្រើន បាន​មក​កាន់​ទីក្រុង​យេរូសាឡិម ដើម្បី​ចូលរួម​ពិធី​ជប់លៀង​នៃ​បុណ្យ​ថ្ងៃ​ទី​ហាសិប និង ដើម្បី​ថ្វាយ​បង្គំ​នៅ​ព្រះវិហារ​បរិសុទ្ធ ព្រមទាំង​ថ្លែង​អំណរគុណ​ថ្វាយ​ដល់​ព្រះអម្ចាស់ ។ « ជា​ផ្នែក​នៃ​ក្រឹត្យវិន័យ​លោក​ម៉ូសេ គឺ​ការជប់លៀង​នៃ​បុណ្យ​ថ្ងៃ​ទី ៥០ ឬ​ការជប់លៀង​នៃ​ផល​ផ្លែ​មុនដំបូង​ប្រព្រឹត្ត​ឡើង ៥០ ថ្ងៃ​បន្ទាប់​ពី​ការជប់លៀង​នៃ​បុណ្យ​រំលង (លេវី. ២៣:១៦) ។ បុណ្យ​ថ្ងៃ​ទី ៥០ គឺ​សម្រាប់​ធ្វើ​បុណ្យ​ពិធី​ចម្រូត ហើយ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ គឺ​បាន​ហៅ​ថា ការជប់លៀង​រដូវ​ចម្រូត ឬ​ការជប់លៀង​នៃ​សប្ដាហ៍ » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « បុណ្យ​ថ្ងៃ​ទី ៥០ » scriptures.lds.org ) ។

សូម​អាន កិច្ចការ ២:១-៤ ដោយ​រកមើល​អ្វី​ដែល​ពួកសិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​បាន​មាន​បទពិសោធន៍​នៅ​បុណ្យ​ថ្ងៃ​ទីហាសិប ។

ឃ្លា​ថា « អណ្តាត​បែក​ចេញ​ពី​គ្នា » មាន​ន័យ​ពិត​ថា​ជា​អណ្តាត​បែក​ព្រែក​ជា​ពីរ ឬ ព្រែក​ជា​ជំពាម ឬ ថា​មាន​រូបរាង​ជា​អណ្តាត​ភ្លើង ។ នៅពេល​ព្រះវិញ្ញាណ​បរិសុទ្ធ​ត្រូវបាន​ចាក់ស្រោច​មក​លើ​ពួក​សិស្ស​នោះ « អណ្តាត​ដូចជា​អណ្តាត​ភ្លើង ដែល​បែក​ចេញ​ពី​គ្នា » (កិច្ចការ ២:៣) ក៏​បាន​បង្ហាញ​បែប​ជា​វត្តមាន​របស់​ព្រះវិញ្ញាណ ។

យ៉ូហាន បាទីស្ទ​បាន​ប្រដូច​ការទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​ទៅ​នឹង​បុណ្យ​ជ្រមុជ « ដោយ​ភ្លើង » ( ម៉ាថាយ ៣:១១, លូកា ៣:១៦ ) ។ នៅក្នុង​ប្រទេស​អ៊ីស្រាអែល​ពី​បុរាណ​ជានិច្ចកាល​ភ្លើង​គឺ​ជា​និមិត្តសញ្ញា​នៃ​វត្តមាន​របស់​ព្រះ ។ រូបភាព​នៃ « អណ្តាត​បែក​ចេញ​ពី​គ្នា » ត្រូវបាន​ប្រើ​ដើម្បី​ពិពណ៌នា​ពី​ភ្លើង​របស់​ព្រះ​នៅ​បុណ្យ​ថ្ងៃ​ទី​ហាសិប ជា​និមិត្តរូប​ថា​ពួកសិស្ស​បាន​ទទួល​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​បាន​សន្យា​ដោយ​ព្រះអង្គ​សង្គ្រោះ ( សូមមើល កិច្ចការ ១:៨) ។

សូម​អាន កិច្ចការ ២:៥-៨ ដោយ​រកមើល​អ្វី​ដែល​បាន​កើត​ឡើង នៅពេល​ពួកសិស្ស​បាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​ស្រមៃ​គិត​ថា​វា​មាន​សភាព​បែប​ណា​ដែល​បាន​ឃើញ​នូវ​ព្រឹត្តិការណ៍​នេះ ។

សូម​អាន កិច្ចការ ២:៩–១១ ដោយ​ផ្ចិតផ្ចង់ ហើយ​រាប់​ក្រុម​មនុស្ស ឬ សញ្ជាតិ​ផ្សេងៗ​គ្នា ដែល​បាន​ស្តាប់​ឮ​ពួក​សិស្ស​និយាយ​គ្នា​ជា​ភាសា​នានា​ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​កំណត់​ទីតាំង​មួយ​ចំនួន​ដែល​បាន​និយាយ​នោះ នៅលើ​ផែនទី​ដែល​មាន​ភ្ជាប់​ជាមួយ ។

រូបភាព
ផែនទី សមុទ្រ​មេឌីទេរ៉ាណេ​ភាគ​ខាង​កើត

សូម​កត់សម្គាល់​ថា មនុស្ស​នៃ​ក្រុម​នីមួយៗ​នេះ​បាន​ស្តាប់​ឮ « ការណ៍​អស្ចារ្យ​របស់​ព្រះ » ដោយ​ផ្សាយ​តាម​ភាសា​រៀងៗ​ខ្លួន ( កិច្ចការ ២:១១ ) ។ តើ​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​អាច​ស្តាប់​ឮ​សេចក្តី​ពិត​នៃ​ដំណឹង​ល្អ ដែល​បាន​ផ្សាយ​តាម​ភាសា​រៀងៗ​ខ្លួន​នៅក្នុង​ជំនាន់​របស់​យើង​នេះ​តាម​របៀប​ណា​ខ្លះ ?

ដោយសារ​តែ​លទ្ធផល​នៃ​ការពោរពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ពួកសិស្ស​អាច​ចែកចាយ​សេចក្តីពិត​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​មនុស្ស​ដទៃ​ទៀត ជា​ភាសា​កំណើត​នៃ​អស់​អ្នក​ដែល​ពួកគេ​កំពុង​បង្រៀន ។ សេចក្តីពិត​មួយ​ដែល​យើង អាច​រៀន​ចេញ​ពី​ដំណើររឿង​នេះ​គឺ នៅ​ពេល​យើង​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ទ្រង់​នឹង​ជួយ​យើង​បង្រៀន ហើយ​ថ្លែង​ទីបន្ទាល់​ដល់​មនុស្ស​ដទៃ ។

ការបង្ហាញ​មួយ​នៃ​សេចក្តី​ពិត​នេះ កើត​មាន នៅពេល​ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយ​យើង​បង្រៀន​ដំណឹង​ល្អ ដល់​អស់​អ្នក​ដែល​និយាយ​ភាសា​ផ្សេង​ក្រៅ​ពី​ភាសា​កំណើត​របស់​យើង ។

ដើម្បី​យល់​បាន​កាន់តែ​ប្រសើរ​ឡើង​ពី​អត្ថន័យ​នៃ​ការពោរពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​សូម​មើល​រូប​គំនូរ​ខាង​ក្រោម ហើយ​គិត​ស្រមៃ​ពី​ការព្យាយាម​ចាក់​ទឹក​ទៅក្នុង​ពែង​ទាំង​នោះ ។ សូម​កត់ចំណាំ​ពី​មូលហេតុ​ដែល​វា​ពិបាក​ដើម្បី​ចាក់​ទឹក​ឲ្យ​ពេញ​ពែង​ទាំង​នោះ ។

រូបភាព
រូប​គំនូរ​ពែង​ទឹក

សូម​ពិចារណា​ពី​របៀប​ដែល​ពែង​ទឹក​ទាំង​នេះ គឺ​ដូច​ជា​មនុស្ស​ទូទៅ ហើយ​ទឹក​នោះ​គឺ​ដូច​ទៅ​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ ។ តើ​ឧបសគ្គ​នានា​ចំពោះ​ការចាក់​ទឹក​ឲ្យ​ពេញ​ពែង​ទាំង​នោះ​អាច​តំណាង​ឲ្យ​អ្វី ? តើ​ឥរិយាបថ និង អាកប្បកិរិយា​អ្វីខ្លះ​ដែល​រារាំង​យើង​ពី​ការពោរពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះ ?

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​បាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ទ្រង់​អាច​ជួយ​អ្នក​ឲ្យ​បង្រៀន និង ថ្លែង​ទីបន្ទាល់​ដល់​មនុស្ស​ដទៃ ?

    2. តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​អ្នក​ឲ្យ​បង្រៀន​ដំណឹង​ល្អ ឬ ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ជាមួយ​មនុស្ស​ដទៃ​ទៀត​តាម​របៀប​ណា​ខ្លះ ?

    3. តើ​ការទទួលទាន​សាក្រាម៉ង់ ធ្វើ​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់​នៅ​ជាមួយ​នឹង​យើង​ដោយ​របៀប​ណា ?

នៅក្នុង កិច្ចការ ២:១២–១៣ យើង​អាន​ថា ពួក​សាសន៍​យូដា​មួយ​ចំនួន​មាន​ការណ៍​អស្ចារ្យ ចំពោះ​អ្វី​ដែល​ពួកគេ​បាន​ស្តាប់​ឮ នៅពេល​ពួកសិស្ស​បាន​និយាយ​ជា​ភាសា​នានា ខណៈ​ដែល​មនុស្ស​ដទៃ​បាន​សើច​ចំអក​ពួកសិស្ស ដោយ​ចោទប្រកាន់​ពួកគេ​ថា​ស្រវឹង​ស្រា ។

កិច្ចការ ២:១៤-៤៧

ពេត្រុស​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​បង្រៀន​មនុស្ស​ពី​របៀប​ដើម្បី​ទទួល​បាន​នូវ​សេចក្តីសង្គ្រោះ

សូម​អាន កិច្ចការ ២:១៤ ដោយ​រក​មើល​ថា​នរណា​បាន​ចាប់​ផ្តើម​បង្រៀន​ហ្វួង​មនុស្ស ។

សូម​គិតស្រមៃ​ពី​ខ្លួន​របស់​អ្នក​នៅក្នុង​ស្ថានភាព​របស់​សាវក​ពេត្រុស ដោយ​ឈរ​នៅ​ពី​មុខ​ហ្វូង​មនុស្ស ។ តើ​សេចក្តីពិត​នៃ​ដំណឹង​ល្អ​ណា​ខ្លះ​ដែល​អ្នក​នឹង​បង្រៀន ហើយ​ថ្លែង​ទីបន្ទាល់​អំពី​វា​នោះ ? ហេតុអ្វី ?

ដូច​បាន​កត់ត្រា​នៅក្នុង កិច្ចការ ២:១៥–៣៥ ពេត្រុស​បាន​ប្រកាស​ថា​អំណោយ​ទាន​នៃ​ភាសា និង ការបើក​បង្ហាញ​ដទៃ​ផ្សេង​ទៀត​នៃ​ព្រះវិញ្ញាណ​ក្នុង​ចំណោម​ពួក​សិស្ស យ៉ាង​ហោច​ណាស់​គឺ​ជា​ការបំពេញ​មួយ និង ជា​អត្ថន័យ​នៃ​ការព្យាករ​ដែល​បាន​ផ្តល់​ឲ្យ​ដោយ​ព្យាការី យ៉ូអែល ( សូមមើល យ៉ូអែល ២:២៨–៣២) ។ ក្រោយ​មក ពេត្រុស​បាន​បង្រៀន និង ថ្លែង​ទីបន្ទាល់​ដល់​មនុស្ស​ដោយ​ប្រើ​ព្រះបន្ទូល និង ទំនុកតម្កើង​របស់​ស្តេច​ដាវីឌ ។

អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា យ៉ូអែល ២:២៨–៣២ គឺ​ជា​គំរូ​មួយ​នៃ​ខគម្ពីរ​ដែល​អាច​មាន​អត្ថន័យ និង ការបំពេញ​ជា​ច្រើន ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« វគ្គ​បទគម្ពីរ​នៃ​ការព្យាករ និង គោលលទ្ធិ​ជា​ច្រើន​នៅក្នុង​ខគម្ពីរ​នេះ​មាន​អត្ថន័យ​ច្រើន​យ៉ាង ។ …

« គំរូ [ មួយ ] អំពី​អត្ថន័យ​ជាច្រើន​ទាក់ទង​នឹង​ការព្យាករ​នៅក្នុង​គម្ពីរ​យ៉ូអែល​ដែល​ថា​នៅក្នុង​ថ្ងៃ​ចុងក្រោយ ព្រះអម្ចាស់​នឹង​ចាត់​ព្រះវិញ្ញាណ​របស់​ទ្រង់​លើ​គ្រប់​ទាំង​មនុស្ស នោះ​កូន​ប្រុស​ស្រី​របស់​យើង​នឹង​ទាយ ( សូមមើល យ៉ូអែល ២:២៨ ) ។ នៅ​បុណ្យ​ថ្ងៃ​ទី​ហាសិប សាវក​ពេត្រុស​បាន​ប្រកាស​ថា​ព្រឹត្តិការណ៍​ដែល​ពួកគេ​បាន​ឃើញ​គឺ​ជា ‹ សេចក្តី​ទំនាយ​របស់​ហោរា​យ៉ូអែល › (កិច្ចការ ២:១៦) ។ មួយ​ពាន់​ប្រាំបី​រយឆ្នាំ​ក្រោយមក ទេវតា​មរ៉ូណៃ​បាន​ដកស្រង់​នូវ​ការព្យាករ​ដដែល​នេះ ហើយ​បាន​មាន​បន្ទូល​ថា ‹ ពាក្យ​ព្យាករ​នេះ​ពុំ​ទាន់​បាន​សម្រេច​នៅ​ឡើយ​ទេ ប៉ុន្តែ​នឹង​បាន​សម្រេច​នៅពេល​ឆាប់ៗ › [ យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:៤១ ] » (« Scripture Reading and Revelation » Ensign ខែ មករា ឆ្នាំ ១៩៩៥ ទំព័រ ៨ ) ។

ទាំង​ពេត្រុស និង មរ៉ូណៃ​បាន​ថ្លែង​ត្រូវ​គ្នា​ថា ការព្យាករ​នេះ​ដែល​បាន​ប្រទាន​ដល់​ព្យាការី​យ៉ូអែល​បាន​សម្រេច​ហើយ មាន​អត្ថន័យ និង អនុវត្ត​ចំពោះ​បុណ្យ​ថ្ងៃ​ទី​ហាសិប និង ថ្ងៃ​ចុងក្រោយ ។

  1. សូម​អាន កិច្ចការ ២:២២–២៤, ២៩–៣៣, ៣៦ ហើយ​បន្ទាប់​មក ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​សេចក្តីពិត​សំខាន់ៗ​អ្វីខ្លះ​ដែល​ពេត្រុស​បាន​បង្រៀន និង ថ្លែង​ទីបន្ទាល់ ?

    2. តើ​មាន​ទីបន្ទាល់​អ្វី​ខ្លះ​របស់​ពេត្រុស​ចំពោះ​សាសន៍​យូដា ដែល​អ្នក​ចាប់​អារម្មណ៍​ជាង​គេ ?

សូម​ពិចារណា​ពី​អ្វី​ដែល​ពេត្រុស​បាន​និយាយ និង ធ្វើ​នៅពេល​គេ​សួរ​អំពី​ទំនាក់ទំនង​របស់​លោក​ជាមួយ​ព្រះយេស៊ូវគ្រីស្ទ​នៅ​យប់​ដែល​ព្រះអង្គសង្គ្រោះ​ត្រូវ​គេ​ចាប់​ព្រះកាយ ( សូមមើល លូកា ២២:៥៤–៦២) ។

សូម​គិត​អំពី​ភាព​ផ្សេង​គ្នា​នៃ​ពាក្យ​សម្តី និង ទង្វើ​របស់​ពេត្រុស​នៅ​បុណ្យ​ថ្ងៃ​ទី​ហាសិប និង ព្រឹត្តិការណ៍​ដែល​លោក​បាន​បដិសេធ​បីដង​ថា​ពុំ​ស្គាល់​ព្រះយេស៊ូវ ។ តើ​អ្នក​គិត​ថា​អ្វី​ទៅ​ដែល​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​ពេត្រុស​មាន​ការផ្លាស់ប្តូរ​នេះ ?

សូម​អាន កិច្ចការ ២:៣៧ ដោយ​រក​មើល​របៀប​ដែល​ពាក្យសម្តី​របស់​ពេត្រុស​បាន​ជះឥទ្ធិពល​លើ​ហ្វូង​មនុស្ស ។ ( កិច្ចការ ២:៣៦-៣៨ គឺ​ជា​ចំណេះចំណាន​ខគម្ពីរ ។ អ្នក​អាច​គូស​ចំណាំ​វា​តាម​របៀប​ចំណាំ​មួយ ដើម្បី​ឲ្យ​អ្នក​អាច​ងាយ​នឹង​រក​វា​ឃើញ ) ។

សូម​កត់​សម្គាល់​ពី​ឃ្លា​ថា « មាន​សេចក្តី​ចាក់​ចុច​ក្នុង​ចិត្ត » នៅ​ក្នុង កិច្ចការ ២:៣៧ ។ ពាក្យ ចាក់ចុច នៅ​ខគម្ពីរ​នេះ​មាន​ន័យ​ថា ទម្លុះ ហើយ​ប្រាប់​ថា មនុស្ស​ទាំង​នោះ​មាន​អារម្មណ៍​សោកសៅ ហើយ​កើត​ទុក្ខ ដោយសារ​សាសន៍​យូដា ព្រោះ​ជា​ប្រជាជន និង ប្រជាជាតិ​មួយ​ដែល​បាន​ឆ្កាង​ព្រះអម្ចាស់​របស់​ខ្លួន​គឺ​ព្រះយេស៊ូវគ្រីស្ទ ។ ពេត្រុស​ពុំ​បាន​ថ្លែង​បញ្ចាក់​ថា ពួក​ក្រុម​សាសន៍​យូដា​មក​ពី​សញ្ជាតិ​នានា​ជា​ច្រើន ដែល​លោក​បាន​បង្រៀន​នៅ​បុណ្យ​ថ្ងៃ​ទី​ហាសិប​នោះ​គឺ​ជា​ក្រុម​ដែល​មាន​ការទទួលខុសត្រូវ​ចំពោះ​ការឆ្កាង​របស់​ព្រះអង្គ​សង្គ្រោះ​ឡើយ ។

យោង​តាម កិច្ចការ ២:៣៧ តើ​ប្រជាជន​បាន​សួរ​សំណួរ​អ្វី​ខ្លះ ? សូម​ពិចារណា​ថា​តើ​សំណួរ​នេះ​បើកសម្តែង​ថា មនុស្ស​បាន​ចាប់ផ្តើម​ផ្លាស់ប្ដូរ​ដួងចិត្ត​យ៉ាង​ដូចម្ដេច ។

សូម​អាន កិច្ចការ ២:៣៨–៤១ ដោយ​រកមើល​អ្វី​ដែល​ពេត្រុស​បាន​បង្គាប់​ឲ្យ​ប្រជាជន​ធ្វើ ។ ពាក្យ វៀច មាន​ន័យ​ថា បះបោរ អំពើ​ខូច​អាក្រក់ ឬ ទុច្ចរិត ។

យោងតាម កិច្ចការ ២:៤១ តើ​ប្រជាជន​នោះ​បាន​ឆ្លើយតប​ចំពោះ​ការបង្រៀន និង ការអញ្ជើញ​របស់​ពេត្រុស​ឲ្យ​ប្រែចិត្ត ហើយ ទទួល​បុណ្យ​ជ្រមុជទឹកដោយ​របៀប​ណា ?

រូបភាព
ហ្វូង​មនុស្ស​នៅ​បុណ្យ​ជ្រមុជ​ទឹក​នៅក្នុង​ទន្លេ

មាន​មនុស្ស​ជាច្រើន​បាន​ទទួល​សេចក្តីពិត ហើយ​ទទួល​បុណ្យ​ជ្រមុជទឹក ។

សូម​អាន កិច្ចការ ២:៤២–៤៧ ដោយ​រកមើល​អ្វី​ដែល​ពួក​អ្នក​ប្រែចិត្ត​ជឿ​ថ្មី​ចំពោះ​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ បន្ទាប់​ពី​ពួកគេ​បាន​ទទួល​សេចក្តីពិត​ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង បាន​ទទួល​បុណ្យ​ជ្រមុជទឹក​រួច ។

តើ​សកម្មភាព​របស់​ពួកគេ បាន​បង្ហាញ​ថា​ពួកគេ​ពិតជា​បាន​ប្រែចិត្ត​ជឿ​ដោយ​របៀប​ណា​ខ្លះ ?

ឃ្លា « កាច់​នំបុ័ង » ( កិច្ចការ ២:៤២ ) សំដៅ​លើ​ការចូលរួម​នៅក្នុង​ពិធី​បរិសុទ្ធ​នៃ​សាក្រាម៉ង់ ហើយ​ដើម្បី​មាន « របស់​ទាំង​អស់​នៅ​មូល​ព្រម​គ្នា » ( កិច្ចការ ២:៤៤ ) សំដៅ​លើ​ពួកបរិសុទ្ធ​រស់​នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ ដែល​រួម​មាន​ការមើល​ថែទាំ​ដល់​ជន​ក្រីក្រ និង ទុគ៌ត​ក្នុង​ចំណោម​ពួកគេ ។

សូម​ចាំ​ថា ពីមុន​ពួកគេ​បាន​ស្តាប់​ឮ និង បាន​អនុវត្ត​តាម​ពាក្យ​សម្តី​របស់​ពេត្រុស ពួក​សាសន៍​យូដា​ទាំង​នេះ​ពុំ​បាន​ទទួល​ស្គាល់​ព្រះយេស៊ូវ​ថា​ព្រះ​អង្គសង្គ្រោះ​របស់​ពួកគេ​ទេ ហើយ​ពួកគេ​ក៏​ពុំ​បាន​ធ្វើ​តាម​ការបង្រៀន​របស់​ទ្រង់​ឡើយ ។ សូម​ពិចារណា​ពី​ការផ្លាស់ប្តូរ​ដ៏​ធំធេង​ដែល​ប្រជាជន​ទាំង​នោះ​មាន ។

គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​ចេញ​ពី កិច្ចការ ២:៣៧–៤៧ គឺ​ថា នៅពេល​យើង​ទទួល​ព្រះបន្ទូល​នៃ​ព្រះ​តាមរយៈ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ដួងចិត្ត​របស់​យើង​នឹង​ផ្លាស់ប្តូរ ហើយ​យើង​នឹង​ប្រែចិត្ត​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ធ្វើ​ដូច​ខាងក្រោម​នេះ ៖

    1. សូម​សរសេរ​ពី​អ្វី​ដែល​មនុស្ស​ម្នាក់​អាច​ធ្វើ​ដើម្បី​ទទួល​បាន​នូវ​ព្រះបន្ទូល​របស់​ព្រះ​តាមរយៈ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

    2. សូម​សួរ​សំណួរ​ដូចតទៅ​នេះ​ដល់​សមាជិក​គ្រួសារ មិត្ត​ភក្ដិ ឬ អ្នក​ជិតខាង ហើយ​សរសេរ​ចម្លើយ​របស់​គាត់ ( អ្នក​ក៏​អាច​ចង់​សរសេរ​ចម្លើយ​ផ្ទាល់​ខ្លួន​របស់​អ្នក​ចំពោះ​សំណួរ​នេះ​ផងដែរ ) ៖ នៅពេល​អ្នក​បាន​ព្យាយាម​រៀន និង រស់នៅ​តាម​សេចក្តីពិត​នៃ​ដំណឹង​ល្អ តើ​ព្រះវិញ្ញាណ​បាន​ជួយ​អ្នក​ផ្លាស់ប្តូរ ហើយ​កាន់តែ​ប្រែចិត្ត​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

  2. សូម​ចំណាយ​ពេល​ពីរបី​នាទី​សញ្ជឹង​គិត​អំពី​អ្វី ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ទទួល​បាន​ព្រះបន្ទូល និង ការបង្រៀន​របស់​ព្រះ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង​តាមរយៈ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ តើ​អ្នក​អាច​ធ្វើ​ការផ្លាស់ប្តូរ​ជាក់លាក់​អ្វី​ខ្លះ នៅពេល​អ្នក​ព្យាយាម​ធ្វើ​តាម​ការបំផុសគំនិត​នានា​ដែល​អ្នក​បាន​ទទួល ? សូម​កត់ត្រា​គំនិត និង អារម្មណ៍​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ សូម​ដាក់​គោលដៅ​អំពី​អ្វី ដែល​អ្នក​នឹង​ធ្វើ​នៅ​សប្តាហ៍​នេះ ដើម្បី​ទទួល​បាន​ព្រះបន្ទូល និង ការបង្រៀន​របស់​ព្រះ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង​តាមរយៈ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

រូបភាព
រូបសញ្ញា​ចំណេះចំណាន​ខគម្ពីរ
ចំណេះចំណាន​ខគម្ពីរ—កិច្ចការ ២:៣៦-៣៨

សូម​អាន កិច្ចការ ២:៣៨ ម្តង​ទៀត ដោយ​រកមើល​ពរជ័យ​អ្វី​ដែល​ពេត្រុស​បាន​និយាយ​ថា​មនុស្ស​នឹង​បាន​ទទួល ដែល​ជា​លទ្ធផល​នៃ​ការប្រែចិត្ត​ពី​អំពើ​បាប​របស់​ខ្លួន ហើយ​ទទួល​បុណ្យ​ជ្រមុជទឹក​នោះ ។

ចេញ​ពី​ខគម្ពីរ​នោះ​យើង​រៀន​ថា នៅពេល​យើង​មាន​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ប្រែចិត្ត ហើយ​ទទួល​បុណ្យ​ជ្រមុជទឹក នោះ​យើង​ត្រូវបាន​រៀបចំ​ខ្លួន​ទទួល​អំណោយ​ទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ។ តើ​ការប្រែចិត្ត និង បុណ្យជ្រមុជទឹក​រៀបចំ​បុគ្គល​ម្នាក់​ឲ្យ​ទទួល​អំណោយទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​យ៉ាង​ដូចម្តេច​ខ្លះ ? ចេញ​មក​ពី​ព្រះគម្ពីរ​មរមន យើង​រៀន​ថា​យើង « បាន​ញែកចេញ​បរិសុទ្ធ ដោយ​ការទទួល​នូវ​ព្រះវិញ្ញាណ​បរិសុទ្ធ » (នីហ្វៃទី ៣ ២៧:២០) ហើយ​ថា​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​យើង​អាច​ទទួល​បាន​ការផ្តាច់​បាប​ពី​អំពើ​បាប​របស់​យើង ( សូមមើល នីហ្វៃទី ២ ៣១:១៧ ) ។

  1. សូម​ប្រៀបធៀប កិច្ចការ ២:៣៦–៣៨ ជាមួយ​នឹង​មាត្រា​នៃ​សេចក្តីជំនឿ​ទី​បួន ។ សូម​រកមើល​នៅក្នុង កិច្ចការ ២:៣៦–៣៨ នូវ​ពាក្យ និង ឃ្លា​នានា​ដែល​បង្ហាញ ឬ បង្រៀន​នូវ​គោលការណ៍ និង ពិធី​បរិសុទ្ធ​ដំបូង​នៃ​ដំណឹងល្អ ។ សូម​សរសេរ​តួអក្សរ​ដំបូង​នៃ​ពាក្យ​និមួយៗ​នៅក្នុង កិច្ចការ ២:៣៨ នៅក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក ( ឧទាហរណ៍ ព ឆ ច ប ហ ប ទ ដ ព … ) ។ ក្រោយ​មក​សូម​ប្រើ​អ្វី​ដែល​អ្នក​បាន​សរសេរ ដើម្បី​ជួយ​អ្នក​ឲ្យ​ទន្ទេញ​ចាំ​ខគម្ពីរ​នេះ​ចេញ​ពី​វគ្គ​ចំណេះចំណាន​ខគម្ពីរ ។ សូម​សូត្រ​ខគម្ពីរ​នេះ រហូត​ដល់​អ្នក​អាច​ចាំ​ស្ទាត់ ។ សូម​ស្រមៃ​ពី​ការអញ្ជើញ​នរណា​ម្នាក់​ឲ្យ​ជ្រមុជទឹក ប្រយោជន៍​ឲ្យ​គាត់ អាច​រីករាយ​នឹង​អំណោយ​ទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ជីវិត​របស់​គាត់ ។

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា កិច្ចការ ២ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖