បណ្ណាល័យ
មេរៀន​ទី ២៩ ថ្ងៃ​ទី ៣ ៖ ពេត្រុសទី ១ ១-២


មេរៀន​ទី ២៩ ៖ ថ្ងៃទី ៣

ពេត្រុសទី ១ ១-២

សេចក្តីផ្ដើម

សាវក​ពេត្រុស​បាន​សរសេរ​សំបុត្រ​ដើម្បី​ពង្រឹង​សេចក្តីជំនឿ​ពួកបរិសុទ្ធ នៅពេល​ពួកគេ​កំពុង​រងទុក្ខ ដោយសារ​ការបៀតបៀន​យ៉ាង​ខ្លាំង​ពី​ចក្រភព​រ៉ូម ។ លោក​បាន​គូស​បញ្ជាក់​ថា ពួកគេ​ត្រូវបាន​ប្រោសលោះ​តាមរយៈ​ព្រះលោហិត​ដ៏​មាន​តម្លៃ​របស់​ព្រះយេស៊ូវគ្រីស្ទ និង​រំឭក​ពួកគេ​ពី​មរតក​នៃ​ភាព​ជា​ព្រះ​របស់​ពួកគេ ក្នុង​នាម​ជា​រាស្ត្រ​ដ៏​ជា​កេរ្តិ៍អាករ​នៃ​ព្រះ ។ លោក​បាន​បង្គាប់​ពួកបរិសុទ្ធ​ឲ្យ​សរសើរ​តម្កើង​ដល់​ព្រះ​នៅក្នុង​ចំណោម​មនុស្ស ហើយ​ស៊ូទ្រាំ​នឹង​ការរងទុក្ខ ដូច​ជា​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ ។

ពេត្រុសទី ១ ១

ពេត្រុស​បង្រៀន​ដល់​ពួក​បរិសុទ្ធ​អំពី​សក្តានុពល​នៃ​មរតក​របស់​ពួកគេ និង ភាព​ចាំបាច់​នៃ​ការសាកល្បង

រូបភាព
អែលឌើរ អិម រ័សុល បាឡឺដ

អែលឌើរ អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍​ថា « នៅពេល​ខ្ញុំ​ធ្វើ​ដំណើរ​ទូទាំង​សាសនាចក្រ នោះ​ខ្ញុំ​ឃើញ​ថា សមាជិក​បាន​ជួប​នូវ​ការសាកល្បង​នៅក្នុង​សេចក្តីទុក្ខ​វេទនា​របស់​ពួកគេ » ( « Hyrum Smith: ‘Firm As the Pillars of Heaven » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ៩ ) ។

រូបភាព
ប្រដាប់​ដុត​រំលាយ​លោហធាតុ​កំពុង​ចាក់​ដែក​ដែល​រលាយ

ប្រដាប់​ដុត​រំលាយ​លោហធាតុ​គឺ​ជា​ប្រអប់​មួយ សម្រាប់​ដាក់​ដែក ឬ លោហធាតុ​ផ្សេង​ទៀត​ដើម្បី​បន្សុទ្ធ​វា នោះ​មាន​ន័យ​ថា​ដែក ឬ លោហធាតុ​នោះ​ត្រូវ​បាន​ដុត ហើយ​រំលាយ​វា ដើម្បី​ដក​ចេញ​នូវ​ធាតុ​មិន​សុទ្ធ ហើយ​បង្កើន​ភាពរឹងមាំ​ដល់​ផលិតផល​ចុងក្រោយ ។ ដូចដែល​អែលឌើរ បាឡឺដ បាន​ប្រើ​ពាក្យ « ការសាកល្បង​នៅក្នុង​សេចក្តីទុក្ខ​វេទនា » អាច​សំដៅ​លើ​ឧបសគ្គ​នៃ​ការសាកល្បង​នានា​នៃ​ជីវិត​នេះ ។ តើ​មាន​ការសាកល្បង​ណា​ខ្លះ ឬ « ការសាកល្បង​នៅក្នុង​សេចក្តីទុក្ខ​វេទនា » ណា​ខ្លះ ដែល​អ្នក​បាន​ជួប ?

សាវក​ពេត្រុស​បាន​សរសេរ​សំបុត្រ​ដើម្បី​ពង្រឹង និង​លើក​ទឹកចិត្ត​ពួកបរិសុទ្ធ នៅពេល​ពួកគេ​ជួប​នូវ​ការសាកល្បង ។ រហូត​ដល់​ប្រហែល​ជា​ឆ្នាំ ៦៤​នៃ គ. ស. គឺ​ជា​គ្រា​ដែល​ពេត្រុស​បាន​សរសេរ​សំបុត្រ​នេះ នោះ​រដ្ឋាភិបាល​រ៉ូម​បាន​បង្ហាញ​ការអត់​ទ្រាំ​នឹង​ពួកគ្រីស្ទាន​នៅ​ឡើយ ។ នៅក្នុង​ខែ​កក្កដា​នា​ឆ្នាំ​ដដែល​នោះ មាន​ភ្លើង​មួយ​បាន​ឆេះ​បំផ្លាញ​ចក្រភព​រ៉ូម​យ៉ាង​ធ្ងន់ធ្ងរ ។ អ្នក​មាន​មុខមាត់​សាសន៍​រ៉ូម​មួយ​ចំនួន​បាន​ចោទប្រកាន់​ពួក​គ្រីស្ទាន​ថា ជា​អ្នក​ដុត​ភ្លើង​នោះ ។ ការណ៍​នេះ​បាន​នាំ​ឲ្យ​មាន​ការបៀតបៀន​យ៉ាង​ខ្លាំងក្លា​លើ​ពួកគ្រីស្ទាន​ទូទាំង​ចក្រភព​រ៉ូម ។ ពួកគ្រីស្ទាន​មួយ​ចំនួន​បាន​ជួប​នូវ​ការធ្វើបាប​មក​ពី​សំណាក់​មិត្តភក្តិ និង អ្នក​ជិតខាង​ពីមុនៗ​របស់​ពួកគេ ។

នៅពេល​អ្នក​សិក្សា ពេត្រុសទី ១ ១-២ សូម​រក​មើល​សេចក្តី​ពិត​ដែល​អាច​ជួយ​អ្នក ឲ្យ​បន្ត​ស្មោះត្រង់​នៅ​អំឡុង​ពេល​នៃ​ការសាកល្បង​របស់​អ្នក ។

នៅក្នុង ពេត្រុសទី ១ ១:១–២ ពេត្រុស​បាន​ទទួល​ស្វាគមន៍​ពួក​បរិសុទ្ធ​នៅក្នុង​បណ្តា​ខេត្ត​ចក្រភព​រ៉ូម​នៃ​អាស៊ីតូច ( ប្រទេស តួកគី​បច្ចុប្បន្ន​នេះ ) ហើយ​បាន​រំឭក​ថា ពួកគេ​គឺ​ជា​ប្រជាជន​ជម្រើស ។

សូម​អាន ពេត្រុសទី ១ ១:៣-៥ ​ដោយ​រកមើល​ពរជ័យ​នា​ពេល​ខាង​មុខ ដែល​បាន​សន្យា​ដល់​ពួកបរិសុទ្ធ ។ សូម​គិត​ពី​ការគូស​ចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។

នៅក្នុង​ព្រះគម្ពីរ​ពាក្យ សេចក្តីសង្គ្រោះ និង ភាពតម្កើងឡើង ជា​ញឹកញាប់​ត្រូវ​បាន​ប្រើ​ក្នុង​ន័យ​ដូច​គ្នា ។ នៅក្នុង ពេត្រុសទី ១ ១:៥ ពេត្រុស​កំពុង​និយាយ​អំពី​ភាព​លើក​តម្កើង ឬ ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច គឺ​ជា​ជីវិត​ដែល​រស់នៅ​ក្នុង​វត្តមាន​របស់​ព្រះ ហើយ​បន្ដ​ជា​ក្រុមគ្រួសារ ( សូមមើល គ. និង ស. ១៣២:១៩–២០ ) ។

សូម​អាន ពេត្រុសទី ១ ១:៦ ដោយ​រកមើល​របៀប​ដែល​ពួកបរិសុទ្ធ​បាន​ឆ្លើយ​តប​ចំពោះ​ការសន្យា​នៃ​ពរជ័យ​នា​ពេល​អនាគត​ទាំង​នោះ ។ សូម​កត់សម្គាល់​ថា​ពាក្យ សេចក្តីល្បួង គឺ​សំដៅ​លើ​ការសាកល្បង និង ទុក្ខវេទនា ( សូមមើល ពេត្រុសទី ១ ១:៦  ) ។

យើង​អាច​រៀន​សេចក្តីពិត​ដូចតទៅ​នេះ​មក​ពី ពេត្រុសទី ១ ១:៣–៦ ៖ ទោះបី​ជា​យើង​ជួប​ការ​សាកល្បង​ក្តី យើង​អាច​រីករាយ​នៅក្នុង​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ និង នៅក្នុង​ពរជ័យ​នាពេល​ខាង​មុខ​ដែល​ព្រះ​បាន​សន្យា​ថា​នឹង​ប្រទាន​ដល់​យើង ។

ពេត្រុស​បាន​បង្រៀន​ថា ទោះបី​ជា​មាន​ការលំបាក​ដែល​យើង​បាន​ហែល​ឆ្លង​កាត់​ក្តី ក៏​យើង​អាច​រីករាយ ដោយសារ​យើង​នឹង​មាន​ពរជ័យ​ដ៏​មហិមា តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ តើ​ការចងចាំ​ពី​ដង្វាយធួន​របស់​ព្រះគ្រីស្ទ ជួយ​អ្នក​ឲ្យ​រីករាយ​យ៉ាង​ដូចម្តេច ទោះបី​ជា​នៅពេល​អ្នក​កំពុង​ជួប​នូវ​ការសាកល្បង​នោះ ?

សូម​អាន ពេត្រុសទី ១ ១:៧-៩ ដោយ​រកមើល​អ្វី​ដែល​ប៉ុល​បាន​បង្រៀន​អំពី​ការសាកល្បង​នៃ​សេចក្តីជំនឿ​របស់​ពួកបរិសុទ្ធ ។ សូម​គិត​ពី​ការគូស​ចំណាំ​អ្វី​ដែល​លោក​បាន​ប្រៀបធៀប​ទៅនឹង​ការសាកល្បង​នៃ​សេចក្តីជំនឿ​របស់​ពួកបរិសុទ្ធ ។

សេចក្តី​ជំនឿ​ដូច​ជា​មាស​គឺ​មាន​តម្លៃ​ណាស់ ។ ប៉ុន្តែ សេចក្តីជំនឿ​គឺ​មាន​តម្លៃ​វិសេស​ជាង​មាស ទៅ​ទៀត​ដោយសារ​មាស​ចេះ « ខូច » ( ពេត្រុសទី ១ ១:៧ ) ប៉ុន្តែ​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​នាំ​ទៅ​រក​សេចក្តីសង្គ្រោះ ( សូមមើល ពេត្រុសទី ១ ១:៩ ) ដែល​វា​ជា​អ្វី​ដែល​អស់កល្ប ។ ក្រៅ​ពី​នោះ មាស​ត្រូវបាន​បន្សុទ្ធ​ដោយ​ត្រូវ​ប្រើ​កំដៅ​ភ្លើង​យ៉ាង​ខ្លាំង ហើយ​ស្រដៀង​នេះ​ផងដែរ​ពេលខ្លះ សេចក្តីជំនឿ និង ការជឿ​របស់​យើង បាន​ជួប​ឧបសគ្គ​ដោយ​ការរំខាន ចម្ងល់ និង ការសង្ស័យ ។ សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​ពី​ពាក្យ​របស់​ពេត្រុស​ចំពោះ​ពួកបរិសុទ្ធ​គឺ​ថា សេចក្តីជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​សាកល្បង ហើយ​បន្សុទ្ធ នៅពេល​យើង​ស៊ូទ្រាំ​នឹង​ការសាកល្បង​ដោយ​ស្មោះត្រង់ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​មាន​ការសាកល្បង​ណា​ខ្លះ ដែល​អ្នក ឬ មិត្ត​របស់​អ្នក​កំពុង​ជួប​ប្រទះ​ក្នុង​ពេល​ឥឡូវ​នេះ ?

    2. តើ​ការសាកល្បង​ទាំង​នេះ ល្បង​សេចក្តី​ជំនឿ​របស់​អ្នក ឬ របស់​ពួកគេ​តាម​របៀប​ណា​ខ្លះ ?

សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ហើយ​គូស​ចំណាំ​ពី​អ្វី ដែល​លោក​បាន​លើក​ទឹកចិត្ត​យើង​ឲ្យ​ធ្វើ នៅពេល​យើង​ជួប​នូវ​ការសាកល្បង​នៃ​សេចក្តី​ជំនឿ​របស់​យើង ៖

រូបភាព
អែលឌើរ នែល អិល អាន់ឌើរសិន

« តើ​អ្នក​អាច​នៅ​តែ ‹ ខ្ជាប់ខ្ជួន ហើយ​មុតមាំ › [ អាលម៉ា ១:២៥ ] អំឡុង​ពេល​នៃ​ការសាកល្បង​សេចក្តីជំនឿ​របស់​អ្នក​ដោយ​របៀប​ណា ? អ្នក​បាន​ជ្រមុជ​ខ្លួន​នៅក្នុង​គ្រប់​អ្វីៗ​ដែល​បាន​ជួយ​កសាង​ស្នូល​នៃ​សេចក្ដី​ជំនឿ​របស់​អ្នក [ នៅ​ចំពោះ​មុខ​នៃ​ការសាកល្បង ] ៖ អ្នក​អនុវត្ត​សេចក្ដី​ជំនឿ​ទៅលើ​ព្រះគ្រីស្ទ អ្នក​អធិស្ឋាន អ្នក​ពិចារណា​អំពី​ព្រះគម្ពីរ អ្នក​ប្រែចិត្ត អ្នក​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ហើយ​អ្នក​បម្រើ​អ្នក​ដទៃ ។

នៅពេល​អ្នក​ជួប​នឹង​ការសាក​ល្បង​នៃ​សេចក្ដី​ជំនឿ—ទោះជា​អ្នក​ធ្វើ​អ្វី​ក៏​ដោយ​អ្នក​មិន​ត្រូវ​ដើរ​ចេញ​ពី​សាសនាចក្រ​នេះ​ឡើយ ! ការឃ្លាត​ខ្លួន​អ្នក​ចេញ​ពី​នគរ​ព្រះ អំឡុងពេល​ការសាកល្បង​នៃ​សេចក្ដី​ជំនឿ​មួយ គឺ​ដូចជា​ការចាកចេញ​ពី​តំបន់​សុវត្ថិភាព​នៃ​ជម្រក​ផុត​ភ័យ​ពី​ព្យុះ ពេល​មាន​ព្យុះ​សង្ឃរា​មួយ​បាន​មក​ដល់​ដូច្នោះ​ដែរ » ( « Trial of Your Faith » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៤០ ) ។

ហេតុអ្វី​អ្នក​គិត​ថា វា​សំខាន់​ដើម្បី​ធ្វើ​តាម​អ្វីៗ​ដែល​អែលឌើរ អាន់ឌើរសិន​បាន​លើក​ទឹកចិត្ត​យើង​ឲ្យ​ធ្វើ នៅពេល​សេចក្តីជំនឿ​របស់​យើង​កំពុង​ត្រូវបាន​សាកល្បង ?

សូម​អាន ពេត្រុសទី ១ ១:១៣–១៧ ដោយ​រកមើល​អ្វី​ដែល​ពេត្រុស​បាន​លើក​ទឹកចិត្ត​ដល់​ពួកបរិសុទ្ធ​ឲ្យ​ធ្វើ ដើម្បី​បន្ត​ស៊ូទ្រាំ​នឹង​ការសាកល្បង​ដោយ​ស្មោះត្រង់ ។ សូម​គិត​ពី​ការគូស​ចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។ ឃ្លា​ថា « ចូរ​ក្រវាត់​គំនិត​អ្នក​រាល់​គ្នា​ឲ្យ​មាំមួន​ចុះ » នៅក្នុង ខ​ទី ១៣ មាន​ន័យ​ថា​ចូរ​រៀបចំ​ខ្លួន​របស់​អ្នក ។

សូម​អាន ពេត្រុសទី ១ ១:១៨-២១ ដោយ​រកមើល​សេចក្តី​ពិត​បន្ថែម​ទៀត ដែល​ពេត្រុស​បាន​បង្រៀន​ដល់​ពួកបរិសុទ្ធ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ស៊ូទ្រាំ​នឹង​ការសាកល្បង​របស់​ខ្លួន​ដោយ​ស្មោះត្រង់ ជាជាង​បោះបង់​សេចក្តីជំនឿ​របស់​ពួកគេ ។

ខាង​ក្រោម​នេះ​គឺ​ជា​សេចក្តី​ពិត​មួយ​ចំនួន​ដែល​ពេត្រុស បាន​បង្រៀន​ពួកបរិសុទ្ធ​នៅក្នុង​ខគម្ពីរ​ទាំង​នេះ ៖ យើង​ត្រូវបាន​ប្រោសលោះ​តាមរយៈ​ព្រះលោហិត​ដ៏​មាន​តម្លៃ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ​បាន​រស់នៅ​ក្នុង​ជីវិត​ដែល​គ្មាន​អំពើ​បាប នោះ​ទ្រង់​អាច​ថ្វាយ​ព្រះអង្គ​ទ្រង់​ជា​ការបូជា​ដ៏​ល្អ​ឥតខ្ចោះ​សម្រាប់​យើង ។ ព្រះ​យេស៊ូវគ្រីស្ទ​ត្រូវ​បាន​តែងតាំងពី​មុន​កំណើត​លោកិយ ដើម្បី​ឲ្យ​ក្លាយ​ជា​ព្រះប្រោសលោះ​របស់​យើង ។

ព្យាការី យ៉ូសែប ស៊្មីធ បាន​បង្រៀន​ថា « នៅក្នុង​ការរៀបចំ​ទីមួយ​នៅ​ស្ថានសួគ៌ យើង​ទាំងអស់​គ្នា​បាន​ចូលរួម ហើយ​បាន​ឃើញ​ព្រះអង្គ​សង្គ្រោះ​ដែល​ត្រូវបាន​ជ្រើសរើស និង​ចាត់តាំង ហើយ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​ត្រូវបាន​បង្កើត​ឡើង ហើយ​យើង​បាន​ឱប​ក្រសោប​គាំទ្រ​ការជ្រើសរើស​នោះ » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ២០៩ ) ។

តើ​ការ​ចងចាំ​ពី​សេចក្ដី​ពិត​ទាំងនេះ​អាច​ជួយ​ពួកបរិសុទ្ធ​ឲ្យ​ស៊ូទ្រាំ​នឹង​ការ​សាកល្បង​របស់​ពួកគេ​ដោយ​ស្មោះ​ត្រង់​តាម​របៀបណា ?

  1. សូម​គិត​ពី​គ្រា​មួយ​នៅ​ពេល​អ្នក ឬ នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​បាន​ស៊ូទ្រាំ​នឹង​ការសាកល្បង​ដោយ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ជាជាង​បោះបង់​សេចក្តី​ជំនឿ​លើ​ទ្រង់ ។ សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​បទពិសោធន៍ និង របៀប​នានា​ដែល​សេចក្តី​ជំនឿ​របស់​អ្នក ឬ របស់​បុគ្គល​នោះ លើ​ព្រះអង្គសង្គ្រោះ​ត្រូវបាន​ពង្រឹង​នៅក្នុង​ដំណើរ​ការ​នោះ ។

នៅក្នុង ពេត្រុសទី ១ ១:២២–២៥ ពេត្រុស​បាន​លើក​ទឹកចិត្ត​ពួកបរិសុទ្ធ ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ចងចាំ​ថា ពួកគេ​បាន​កើត​មក​ម្តង​ទៀត​តាម​រយៈ​ព្រះបន្ទូល​របស់​ព្រះ ដែល​ស៊ូទ្រាំ​ជា​រៀង​រហូត ។

ពេត្រុសទី ១ ២:១-១២

ពេត្រុស​គូស​បញ្ជាក់​ពី​ការទទួលខុសត្រូវ​របស់​ពួក​បរិសុទ្ធ

តើ​សមាជិក​សាសនាចក្រ មាន​ភាព​ខុស​ពី​អស់​អ្នក​ដែល​ធ្វើ​តាម​មាគ៌ា​របស់​លោកិយ​នេះ​តាម​របៀប​ណា​ខ្លះ ? តើ​មាន​ឧបសគ្គ​អ្វី​ខ្លះ ដែល​យើង​អាច​ជួប​ប្រទះ ដោយសារ​យើង​មាន​ភាព​ខុស​ប្លែក​ពី​ពួកគេ​នោះ ?

នៅពេល​អ្នក​សិក្សា ពេត្រុសទី ១ ២:១–១២ សូម​រកមើល​គោលការណ៍​មួយ ដែល​អាច​ជួយពង្រឹង​បំណង​ប្រាថ្នា​របស់​អ្នក ដើម្បី​ធ្វើ​ខុស​ប្លែក​ពី​លោកិយ​នេះ ។

ដូច​បាន​កត់​ត្រា​នៅក្នុង ពេត្រុសទី ១ ២:១–៨ ពេត្រុស​បាន​បង្រៀន​ថា ពួកបរិសុទ្ធ​ដែល​ស្មោះត្រង់ គឺ​ដូច​ជា​ថ្ម​រស់ ដែល​បាន​សាងសង់​ឡើង​នៅ​លើ​ថ្ម​ជ្រុង​យ៉ាង​ឯក​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ថា​អស់​អ្នក​ដែល​មិន​គោរព​ប្រតិបត្តិ នោះ​ធ្វើ​ឲ្យ​ទ្រង់​រវាត​ព្រះទ័យ ដោយសារ​ទ្រង់​ពុំ​គាំទ្រ​ដល់​ការមិន​គោរព​របស់​ពួកគេ​ឡើយ ។

សូម​អាន ពេត្រុសទី ១ ២:៩-១០ ដោយ​រកមើល​របៀប​ដែល​ពេត្រុស​បាន​ពិពណ៌នា​អំពី​ពួកបរិសុទ្ធ​ដ៏​ស្មោះត្រង់ ។ អ្នក​អាច​គូស​ចំណាំ​ឃ្លា​ទាំងឡាយ​ដែល​អ្នក​ចាប់​អារម្មណ៍ ។

តើ​ឈ្មោះ​ណា​មួយ​ដែល​ពេត្រុស​បាន​ដាក់​ឲ្យ​ពួក​បរិសុទ្ធ​ដែល​ធ្វើ​ឲ្យ​អ្នក​ពេញ​ចិត្ត ?

ដើម្បី​យល់​ពី​អត្ថន័យ​នៃ​ឃ្លា « រាស្ត្រ​ដ៏​ជា​កេរ្តិ៍អាករ​នៃ​ព្រះ » សូម​អាន ពេត្រុសទី ១ ២:៩  ។

តើ​ពាក្យ​ដែល​ពេត្រុស​បាន​ប្រើ ដើម្បី​ពិពណ៌នា​អំពី​ពួកបរិសុទ្ធ​នៅក្នុង ពេត្រុសទី ១ ២:៩–១០ បាន​ជួយ​ពួកគេ​មាន​ចិត្ត​ក្លាហាន​បែប​ណា នៅពេល​ពួកគេ​ជួប​នូវ​ការបៀតបៀន​ខាង​សាសនា​នោះ ?

សូម​អាន ពេត្រុសទី ១ ២:១១-១២ ដោយ​រកមើល​អ្វី​ដែល​ពេត្រុស​សូម​អង្វរ​ដល់​ពួកបរិសុទ្ធ​ឲ្យ​ធ្វើ ក្នុង​នាម​ជា​រាស្ត្រ​ដ៏​ជា​កេរ្តិ៍អាករ​របស់​ព្រះអម្ចាស់ ឬ ជា​រាស្ត្រ​នៃ​រតនៈ​សម្បត្តិ ។ សូម​កត់​សម្គាល់​ថា ពេត្រុស​អាច​ហៅ​ពួកបរិសុទ្ធ​ថា « ពួក​ប្រទេស​ក្រៅ » ឬ « អ្នក​គ្រាន់តែ​សំណាក់ » ដោយសារ​ពួកគេ​បាន​រស់នៅ​ក្នុង​ចំណោម​មនុស្ស ដែល​មាន​វប្បធម៌ និង សាសនា​ផ្សេង​ពី​ពួកបរិសុទ្ធ ឬ ដោយសារ​ពួកគេ​នៅ​ឆ្ងាយ​ពី​ផ្ទះ​សួគ៌ា​របស់​ពួកគេ ដោយ​រស់នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ​ជា​បណ្តោះអាសន្ន ។

ពេត្រុស​បាន​ប្រាប់​ពួកបរិសុទ្ធ​ថា ពួកគេ​អាច​ធ្វើ​ជា​គំរូ​ដល់​មនុស្ស​ដែល​នៅ​ជុំវិញ​ពួកគេ ហើយ​ជួយ​អ្នក​ដទៃ​ឲ្យ​សរសើរ​តម្កើង​ដល់​ព្រះ ( សូមមើល ពេត្រុសទី ១ ២:១២ ) ។ ចេញ​ពី ពេត្រុសទី ១ ២:១១–១២ យើង​រៀន​ថា ព្រះ​ហៅ​ពួកបរិសុទ្ធ​របស់​ទ្រង់ ឲ្យ​នៅ​ដាច់​ដោយ​ឡែក ហើយ​ខុស​ពី​លោកិយ ប្រយោជន៍​ឲ្យ​អ្នក​ដទៃ​អាច​ឃើញ​ពី​គំរូ​របស់​ពួកគេ ហើយ​សរសើរ​តម្កើង​ដល់​ទ្រង់ ។ សូម​គិត​ពី​ការសរសេរ ឬ កត់​ចំណាំ​គោលការណ៍​នេះ នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

រូបភាព
អេលែន អេស. ដាល់ថុន

ស៊ិស្ទើរ អេលែន អេស. ដាល់ថុន កាល​គាត់​ជា​ប្រធាន​យុវនារី​ទូទៅ​បាន​មាន​ប្រសាសន៍​ថា ៖ « ប្រសិនបើ​អ្នក​មាន​បំណង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​នៅក្នុង​ពិភពលោក​នេះ អ្នក​ត្រូវ​ធ្វើ​ខុស​ប្លែក​ពី​លោកិយ​នេះ » ( « Now Is the Time to Arise and Shine! » EnsignLiahona ខែ​ឧសភា ឆ្នាំ ២០១២ ទំព័រ ១២៤ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​យុវវ័យ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ត្រូវបាន​សុំ​ឲ្យ​នៅ​ដាច់​ដោយ​ឡែក និង ធ្វើ​ខុសប្លែក​ពី​លោកិយ​នេះ​តាមរបៀប​ណា​ខ្លះ ?

    2. តើ​ការជ្រើសរើស​របស់​អ្នក ដើម្បី​នៅ​ដាច់​ដោយ​ឡែក និង ធ្វើ​ខុសប្លែក​ពី​លោកិយ​នេះ ជះឥទ្ធិពល​ដល់​អ្នក​ដទៃ​សម្រាប់​សេចក្តី​ល្អ ឬ ជួយ​ដឹកនាំ​ពួកគេ​ឲ្យ​ទៅ​រក​ព្រះ​យ៉ាង​ដូចម្តេច ?

    3. តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដែល​ប្រសើរ​ជាង​មុន ដើម្បី​នៅ​ដាច់​ដោយ​ឡែក និង ធ្វើ​ខុសប្លែក​ពី​លោកិយ​នេះ ប្រយោជន៍​ឲ្យ​អ្នក​អាច​ក្លាយ​ជា​គំរូ​គេ​នោះ ? ( សូម​សរសេរ​គោលដៅ​អំពី​ផែនការ ដែល​អ្នក​បាន​ដាក់​ដើម្បី​ធ្វើ​ជា​គំរូ​ដល់​អ្នក​ដទៃ ) ។

ពេត្រុសទី ១ ២:១៣-២៥

ពេត្រុស​ទូន្មាន​ពួក​បរិសុទ្ធ​ឲ្យ​ស៊ូទ្រាំ​នឹង​ការរងទុក្ខ​ដូច​ដែល​ព្រះអង្គសង្គ្រោះ​បាន​រងទុក្ខ​ដែរ

នៅក្នុង ពេត្រុសទី ១ ២:១៣–១៨ ពេត្រុស​បាន​បង្រៀន​ពួកបរិសុទ្ធ​ឲ្យ​ចុះចូល​ខ្លួន​ពួកគេ​ទៅនឹង​ច្បាប់ និង អាជ្ញាធរ​រដ្ឋប្បវេណី ដែល​គ្រប់គ្រង​ពួកគេ ( រួម​ទាំង អធិរាជ​ចក្រពភ​រ៉ូម ដែល​ជំរុញ​ឲ្យ​មាន​ការបៀតបៀន​ប្រឆាំង​នឹង​ពួកគេ​ផងដែរ ) ។ លោក​បាន​លើក​ទឹកចិត្ត​ដល់​អស់​អ្នក​ដែល​រងទុក្ខ​ជា​ខ្លាំង ក្នុង​នាម​ជា​អ្នក​បម្រើ​ឲ្យ​ស៊ូទ្រាំ​នឹង​ការរងទុក្ខ​របស់​ខ្លួន ដោយ​ការអត់ធ្មត់ ហើយ​ចងចាំ​ថា​ព្រះ​ជ្រាប​ដឹង​ពី​ការរងទុក្ខ​ទាំង​នោះ ។

សូម​អាន ពេត្រុសទី ១ ២:១៩-២០ ដោយ​រកមើល​ការទូន្មាន​របស់​ពេត្រុស​ចំពោះ​ពួកបរិសុទ្ធ អំពី​របៀប​ដែល​ពួកគេ​គប្បី​ស៊ូទ្រាំ​នឹង​ការរងទុក្ខ ។

ពេត្រុស​បាន​លើក​ទឹកចិត្ត​ពួក​បរិសុទ្ធ​ឲ្យ​ស៊ូទ្រាំ​នឹង​ការរងទុក្ខ​ដោយ​ការអត់ធ្មត់ ។ សូម​អាន ពេត្រុសទី ១ ២:២១-២៥ ដោយ​រកមើល​ការពិពណ៌នា​របស់​ពេត្រុស អំពី​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ឆ្លើយ​តប​ចំពោះ​ការបៀតបៀន ។ សូម​គិត​ពី​ការគូស​ចំណាំ​នូវ​អ្វី​ដែល​អ្នក​រកឃើញ ។

យោង​តាម ពេត្រុសទី ១ ២:២១ តើ​ការរងទុក្ខ​របស់​ព្រះអង្គសង្គ្រោះ​អាច​ផ្ដល់​អ្វីខ្លះ​ដល់​យើង ?

យើង​អាច​រៀន​សេចក្តីពិត​ខាង​ក្រោម​ពី​ការបង្រៀន​របស់​ពេត្រុស​អំពី​ការស៊ូទ្រាំ​នឹង​ការសាកល្បង ៖ យើង​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ តាមរយៈ​ការស៊ូទ្រាំ​នឹង​ការសាកល្បង​ដោយ​ការអត់ធ្មត់ ។

សូម​ពិចារណា​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ប្រសើរ​ជាង​មុន ដើម្បី​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ការស៊ូទ្រាំ​នឹង​ការសាកល្បង​ដោយ​ការអត់ធ្មត់ ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា ពេត្រុសទី ១ ១–២ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖